ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 2 ៖ថ្ងៃ​ទី 1 នីហ្វៃ​ទី1 ជំពូកទី 1


មេរៀនទី 2 ៖ ថ្ងៃ​ទី 1

នីហ្វៃទី1 1

សេចក្តីផ្តើម

ព្រះ​គម្ពីរ​មរមន​ចាប់ផ្តើម​ជា​មួយ​ដំណើរ​រឿង​ស្តី​អំពី​ឪពុក​របស់​នីហ្វៃ គឺ​លោក​លីហៃ​ដែល​បំពេញ​តួនាទី​របស់​លោក​យ៉ាង​ស្មោះ​ត្រង់​ក្នុង​នាម​ជា​ព្យាការី​ម្នាក់ និង ​ជា​អ្នក​ដឹកនាំ​បព្វជិតភាព​ម្នាក់​នៅ​ក្នុង​គ្រួសារ​របស់​លោក ។ ការ​យល់​ដឹង​ពី​ការ​បម្រើ​របស់​លោក​លីហៃ អាច​ជួយ​អ្នក​ឲ្យ​យល់​កាន់​តែ​ច្បាស់​អំពី​តួនាទី​របស់​ពួក​ព្យាការី​នៅ​ក្នុង​សម័យ​របស់​យើង ។ លោក​គឺ​ជា​ព្យាការី​ម្នាក់​ក្នុង​ចំណោម « ព្យាការី​ទាំងឡាយ​ដែល​បាន​ព្យាករ​ដល់ [ ពួកសាសន៍​យូដា ] ថា ពួកគេ​ត្រូវ​តែ​ប្រែចិត្ត » (នីហ្វៃ​ទី 1 1:4) ។ ដោយសារ​តែ​លោក​លីហៃ​មាន​ការគោរព​ប្រតិបត្តិ​ចំពោះ​ព្រះ ហើយ​បាន​ព្យាករអំពី​កាបំផ្លាញ​ចោល​នៃ​ក្រុង​យេរូសាឡិម នោះ​ប្រជាជន​ទាំង​អស់​នោះ​បាន​ចំអកឡក​ឡើយ​ដល់​លោក និង ព្យាយាម​រក​សម្លាប់​លោក ។ ទោះជា​យ៉ាង​ណា​ក៏​ដោយ លីហៃ​បាន​អរសប្បាយ​នឹង​សេចក្តី​មេត្តា​ករុណា និង អំណាច​នៃ​ការ​ដោះលែង​របស់​ព្រះអម្ចាស់ ។ នៅពេល​អ្នក​សិក្សានីហ្វៃទី1 1 សូម​គិត​អំពី​របៀប​ដែល​សេចក្តី​មេត្តា​ករុណា និង ការចូល​រួម​ផ្ទាល់​របស់​ព្រះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​ជីវិត​របស់​អ្នក ។

នីហ្វៃទី1 1:1–3

នីហ្វៃ​ចាប់ផ្តើម​កត់ត្រា​បញ្ជី​ប្រវត្តិ​របស់​លោក

សូម​អាន នីហ្វៃទី 1 1:1 ហើយ​ស្វែងរក​ពាក្យ​គន្លឹះ និង ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ពី​ជីវិត​ដែល​នីហ្វៃ​មាន ។

  1. អ្វី​ដែល​អ្នក​បាន​អាន​ពី​ខទី1សូម​សរសេរ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក យ៉ាង​ហោច​ណាស់​ឲ្យ​បាន​លក្ខណៈ​មួយ​ដែល​អ្នក​ទទួល​អារម្មណ៍​ថា ជីវិត​របស់​អ្នក​គឺ​មាន​ភាព​ស្រដៀង​ទៅ​នឹង​ជីវិត​របស់​នីហ្វៃ ។

  2. សូម​ឆ្លើយ​នឹង​សំណួរ​ខាង​ក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖ តើ​អ្នក​គិត​បែប​ណា​ចំពោះ​អ្វី​ដែល​នីហ្វៃ​បាន « ជួប​ប្រទះ​នូវ​សេចក្តី​ទុក្ខ​វេទនា​ទាំងឡាយ » ប៉ុន្តែ​ក៏​មាន​ « ការ​ពេញ​ចិត្ត​ជា​ខ្លាំង​ពី​ព្រះអម្ចាស់​នៅ​គ្រប់​ថ្ងៃ​ទាំងឡាយ [ របស់​គាត់ ] ? »

នីហ្វៃទី1 1:4–20

លីហៃ​ទទួល​ការ​និមិត្ត​មួយ ហើយ​បាន​ព្រមាន​ដល់​ប្រជាជន​អំពី​ការ​បំផ្លាញ​ចោល​នៃ​ក្រុង​យេរូសាឡិម

សូម​គិត​អំពី​គ្រា​មួយ​ដែល​ឪពុក​ម្តាយ ឬ អ្នកដឹក​នាំ​ទាំងឡាយ​ក្នុង​សាសនា​ចក្រ​របស់​អ្នក​បាន​ព្រមាន​អ្នក​អំពី​រឿង​ដ៏​គ្រោះ​ថ្នាក់​ណាមួយ ។ ​តើ​ពួក​គេ​មាន​មូល​ហេតុ​អ្វី​ដែល​ជំរុញ​ឲ្យ​ព្រមាន​អ្នក ?

ព្រះ​វរបិតា​សួគ៌​ស្រលាញ់​យើង ហើយ​ចង់​ឲ្យ​យើង​ឃ្លាត​ឆ្ងាយ​ពី​អំពី​បាប​ដែល​យាយី​ដល់​យើង​ដោយ​សុវត្តិភាព ។ របៀប​មួយ​នៃ​របៀប​ទាំងឡាយ​ដែល​ព្រះ​ព្រមាន​កូន​ចៅ​របស់​ទ្រង់ គឺ​តាម​រយៈ​ពួក​ព្យាការី ។ ពួក​ព្យាការី​ព្រមាន​ប្រឆាំង​នឹង​អំពើ​បាប ហើយ​បង្រៀន​អំពី​សេចក្តី​សង្គ្រោះ​តាម​រយៈ​ព្រះ​យេស៊ូវគ្រីស្ទ ។ នៅ​ពេល​អ្នក​សិក្សា នីហ្វៃទី1 1 សូម​រក​មើល​ការ​បើក​បង្ហាញ​អំពី​គោល​លទ្ធិ​នេះ ។ នីហ្វៃ​បាន​ចាប់ផ្តើម​សរសេរ​បញ្ជី​ប្រវត្តិ​របស់​គាត់​ដោយ​ប្រាប់​យើង​​ថា ពួក​ព្យាការី​ជា​ច្រើន​បាន​ផ្សព្វ​ផ្សាយ និង ព្រមាន​ប្រជាជន​អំពី​អ្វី​ដែល​នឹង​កើត​ឡើង បើ​សិន​ជា​ពួកគេ​មិន​ប្រែ​ចិត្ត ( សូម​មើល នីហ្វៃទី1 1:4) ។ សូម​អាន នីហ្វៃទី1 1:5–7 ហើយ​គូស​ចំណាំ​នៅ​ក្នុង​ព្រះ​គម្ពីរ​របស់​អ្នក​អំពី​របៀប​ដែល​ លោក​លីហៃ​បាន​អធិស្ឋាន និង អំពី​អ្វី​ដែល​លោក​បាន​អធិស្ឋាន ។ ការ​អធិស្ឋាន​របស់​លោក​លីហៃ​ទៅ​កាន់​ព្រះ​អម្ចាស់​បង្ហាញ​ថា លោក​បាន​ជឿ​នូវ​អ្វីៗ​ដែល​ពួក​ព្យាការី​បាន​និយាយ ។

សូម​អាន នីហ្វៃ​ទី1–1:8–10 សូម​គូស​រង្វង់​អំពី​ការណ៍​ទាំង​អស់​​ដែល​លោក​លីហៃ​បាន​ឃើញ​នៅ​ក្នុង​ការ​និមិត្ត​នៅ​ខាង​ក្រោម​នេះ ។

  • ព្រះ

  • ព្រះយេស៊ូវគ្រីស្ទ

  • ពួកទេវតា

  • ពួក​ដប់ពីរ​ផ្សេង​ទៀត

រូបភាព
លីហៃ

សូម​អាននីហ្វៃ​1 1:11–12 សូម​កត់​សម្គាល់​នូវ​អ្វី​ដែល​បាន​កើត​ឡើង​ចំពោះ​លោក​លីហៃ នៅ​ពេល​ដែល​លោក​បាន​អានព្រះ​គម្ពី​រដែល​ត្រូវ​បាន​ប្រទាន​ដល់​លោក ។ តាម​រយៈ​ការ​និមិត្ត​នេះ ព្រះ​អម្ចាស់​បាន​រៀប​ចំ​លោក​លីហៃ​បន្ថែម​ទៀត ដើម្បី​បម្រើ​នៅ​ក្នុង​ចំណោម​ប្រជាជន​នៅ​ក្នុង​ក្រុង​យេរូសាឡិម ។ សូម​អាន នីហ្វៃទី 1 1:13 ហើយ​កត់ត្រា​នូវ​អ្វី​ដែល​លោក​លីហៃ​ត្រូវ​បាន​បង្រៀន​ដែល​ទាក់ទង​នឹង​ក្រុង​យេរូសាឡិម ។ ខណៈ​ដែល​អ្នក​អាន សូម​ដាក់​បញ្ចូល​ខ្លួន​អ្នក​ថា​ជា​លោក​លីហៃ ហើយ​ស្រមៃ​គិត​អំពី​របៀប​ដែល​អ្នក​នឹង​ទទួល​អារម្មណ៍ បើ​សិន​ជា​ព្រះ​អម្ចាស់​បាន​ប្រាប់​អ្នក​ថា រឿង​ទាំង​នេះ​នឹង​កើត​ឡើង​ចំពោះ​គេហដ្ឋាន និង ទីក្រុង​របស់​អ្នក ។

ដោយ​ការ​ព្រមាន​អំពី​ការបំផ្លិច​បំផ្លាញ​ចោល​នៃ​ប្រជាជន និង ទីក្រុង​របស់​លោក គឺ​ពិតជាការ​ពិបាក​ខ្លាំង​ណាស់​សម្រាប់​លោក​លីហៃ ។ ប៉ុន្តែ សូម​អាននីហ្វៃទី1 1:14–15 ហើយ​សូម​ស្វែង​រក​មូលហេតុ​ដែល​លោក​លីហៃ​អរ​រីករាយ បើ​ទោះ​ជា​លោក​បាន​ឃើញ​ថា ក្រុង​យេរូសាឡិម​នឹង​ត្រូវ​បាន​បំផ្លាញ​ចោល​ក៏​ដោយ ។

  1. សូម​សរសេរ​គំនិត​របស់​អ្នក​ចំពោះ​សំណួរ​នេះ​នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖ តើ​បទពិសោធន៍​របស់​លោក​លីហៃ​នៅ​ក្នុង នីហ្វៃទី1 1:5–15 អាច​ជម្រុញ​បំណង​ប្រាថ្នា​របស់​លោក​ដើម្បី​បង្រៀន​ប្រជាជន និង អញ្ជើញ​ពួកគេ​ឲ្យ​ប្រែ​ចិត្តដោយ​របៀប​ណា ?

ក្រោយពី​ការ​ព្រមាន​អំពី​ការ​បំផ្លាញ​ចោល​នៃ​ក្រុង​យេរូសាឡិម នោះលោក​លីហៃ​បាន​ប្រាប់​ដល់​ប្រជាជន​នៃក្រុង​យេរូសាឡិម​អំពី​អ្វី​ដែល​លោក​បានដឹង ។ លោក​បាន​ព្រមាន​ពួកគេ​ថា ពួកគេ​នឹង​ត្រូវ​បាន​បំផ្លាញ​ចោល​បើសិន​ពួកគេ​មិន​ប្រែចិត្ត ។ សូម​អាន នីហ្វៃទី1 1:18–20 ហើយ​សូម​ស្វែងរក​​របៀប​ដែល​ប្រជាជន​ក្នុងក្រុង​យេរូសាឡិម​មាន​ប្រតិកម្ម​តប​ត​វិញ ។ សូម​ស្រមៃ​គិត​ថា អ្នក​គឺ​ជា​អ្នក​បោះ​ពុម្ព​ផ្សាយ​ម្នាក់​ឲ្យ​ក្រុម​ហ៊ុន​កាសែត​មួយ ហើយ​អ្នក​ត្រូវ​តែ​សរសេរ​ចំណង​ជើង​មួយ​សម្រាប់​ នីហ្វៃ​ទី 1 1:18–20 ។ តើ​អ្នកនឹង​ដាក់ចំណង​ជើងឈ្មោះ​អ្វី ?

រូបភាព
លោក​លីហៃ​កំពុង​ព្យាករ​ទៅ​កាន់​ប្រជាជន​នៃ​ក្រុង​យេរូសាឡិម

សូម​ពិចារណា​ពី​សេចក្តី​ថ្លែង​ខាង​ក្រោម​នេះ ៖

« ព្យាការី​សម័យ​បច្ចុប្បន្ន ក៏​ដូច​ជា​ព្យាការី​ពី​បុរាណ​ដែរ គឺ​ថ្លែង​ទីបន្ទាល់​អំពី​ព្រះយេស៊ូវគ្រីស្ទ ហើយ​បង្រៀន​ដំណឹង​ល្អ​របស់​ទ្រង់ ។ ពួក​លោក​បង្ហាញ​ឲ្យ​ស្គាល់​នូវ​ព្រះហឫទ័យ និង ចរិត​លក្ខណៈពិត​របស់​ព្រះ ។ ពួក​លោក​មាន​ប្រសាសន៍​យ៉ាង​ក្លា​ហាន និង ច្បាស់លាស់ ដោយ​ថ្កោល​ទោស​ចំពោះ​អំពើ​បាប និង ព្រមាន​អំពី​ផលវិបាក​​ទាំងឡាយ​របស់​វា ។ ជួនកាល ពួក​លោក​អាច​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​ព្យាករ​អំពី​ព្រឹត្តិការណ៍​នា​ពេល​អនាគត​សម្រាប់​ជា​ប្រយោជន៍​ដល់​យើង » ( ពិត​ចំពោះ​សេចក្តី​ជំនឿ ៖ សេចក្តី​យោង​នៃ​ដំណឹង​ល្អ[ ឆ្នាំ 2004] ទំព័រ 129 ) ។

  1. សូម​សរសេរ​ប្រយោគ​មួយ​ជា​ពាក្រ​សម្តី​ផ្ទាល់​របស់​អ្នក នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក​ដែល​ពិពណ៌នា​អំពី​ទំនួល​ខុស​ត្រូវ​របស់​ព្យាការី ដោយ​មិន​គិត​ពី​ការ​ប្រឆាំង​ជំទាស់​ទាំងឡាយ​ណា​ដែល​គាត់​ប្រឈម​មុខ​នោះ​ទេ ។

នៅ​ពេល​ដែ​ល​នីហ្វៃ​បាន​សរសេរ​អំពី​បទ​ពិសោធន៍​ទាំងឡាយ​របស់​ឪពុក​លោក​នៅ​ក្នុង​ក្រុង​យេរូសាឡិម នោះ​គាត់​បាន​បន្ថែម​សារ​មួយ​ដល់​អ្នក​អាន​តាម​រយៈ​នីហ្វៃទី1 1:20 ដែល​ចាប់​ផ្តើម​ជាមួយ​នឹង​ឃ្លា « ប៉ុន្តែ​មើល​ចុះ​ខ្ញុំ នីហ្វៃ​នឹង​បង្ហាញ​ដល់​អ្នក​រាល់​គ្នា​ថា … » ខគម្ពីរនេះ​ណែនាំ​នូវ​ប្រធាន​បទ​មួយ ដែល​នីហ្វៃ​បាន​គូស​បញ្ជាក់​ទាំង​ស្រុង​នៅ​ក្នុង​ការ​សរសេរ​របស់​លោក ។ សូម​គូស​បន្ទាត់​ពី​ក្រោម​ប្រធាន​បទ​នេះ​នៅ​ក្នុង​នីហ្វៃទី1 1:20 ហើយ​បន្ទាប់​មក​សូម​អាន មរ៉ូណៃ 10:3 ដោយ​រក​មើល​ប្រធាន​បទ​ស្រដៀង​គ្នា​នេះ ។ ( មរ៉ូណៃ​គឺ​ជា​ព្យាការី​ចុង​ក្រោយនៃ​ពួក​ព្យាការី​ទាំងឡាយ​ក្នុង​ព្រះគម្ពីរ​មរមន ។ ពេល​វេលាចាប់​ពី​នីហ្វៃ ទៅ មរ៉ូណៃគឺ​មានរយៈពេល​ប្រហែល​ជា1000 ឆ្នាំ ) ។

សូម​យល់​ឃើញ​ថា នីហ្វៃ​បាន​ប្រកាស​នៅ​ក្នុង​ជំពូក​ទីមួយ​នៃ​ព្រះ​គម្ពីរ​មរមន​ថា គាត់​នឹង​បង្ហាញ​ដល់​យើង​នូវ « សេចក្តី​មេត្តា​ករុណា​ដ៏​ទន់​ភ្លន់​ទាំងឡាយ​នៃព្រះ​អម្ចាស់ » នៅក្នុង​ការសរសេរ​ទាំងឡាយ​របស់​គាត់ (នីហ្វៃ​ទី1 1:20) ។ នៅ​ក្នុង​ជំពូក​ចុងក្រោយ​នៃ​ព្រះគម្ពីរ​មរមន មរ៉ូណៃ​បាន​ប្រាប់​យើង​ឲ្យ​នឹក​ចាំ​ថា​​ « តើ​ព្រះ​អម្ចាស់​ទ្រង់មាន​សេចក្តី​មេត្តា​ករុណា​យ៉ាង​ណា » ( មរ៉ូណៃ 10:3 ) ។

រូបភាព
អែលឌើរ ដាវីឌ អេ. បែដណា

នីហ្វៃ​ចង់​ឲ្យ​យើង​យល់​ឃើញ​ត្រឹមត្រូវ​ចាប់តាំង​ពីការ​ចាប់​ផ្តើមនៃ​បញ្ជី​ប្រវត្តិ​របស់​គាត់​ដែល​ថា​​សេចក្តី​មេត្តា​ករុណា​ដ៏​ទន់​ភ្លន់​ទាំងឡាយ​របស់​ព្រះ​អម្ចាស់​បាន​លាត​សន្ធឹង​ទៅ​ដល់​អ្នក​ទាំងឡាយ​ណា​ដែល​អនុវត្ត​សេចក្តី​ជំនឿ​លើ​ទ្រង់ ។ អែលឌើរ ដាវីឌ អេ. បែដណា នៃ​កូរ៉ុម​នៃពួក​សាវក​ដប់​ពីរ​នាក់ បាន​ពន្យល់​ថា​តើ​អ្វីទៅ​​ដែលជា​សេចក្តី​មេត្តា​ករុណា​ដ៏​ទន់​ភ្លន់​ទាំង​ឡាយ​នៃ​ព្រះអម្ចាស់​មាន​នៅក្នុង​ជីវិត​របស់​យើង ។ សូម​គូស​រង្វង់​ជុំវិញពាក្យ និង ឃ្លា​ទាំង​ឡាយ​ដែលអែលឌើរ បែដណា ​បាន​ប្រើ​ដើម្បី​ពិពណ៌នា​អំពី​អ្វីដែល​ជា « សេចក្តី​មេត្តា​ករុណា​ដ៏​ទន់​ភ្លន់​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់ » នៅពេល​ដែល​អ្នក​អាន​ការ​ពន្យល់​របស់​គាត់ ៖

« សេចក្តី​មេត្តា​ករុណា​ដ៏​ទន់​ភ្លន់​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​គឺជា​ពរ​ជ័យ​ផ្ទាល់​ខ្លួន និង​សម្រាប់​បុគ្គលម្នាក់ ជាកម្លាំង ជា​ការ​ការពារ ជា​ការធានា​អះអាង ជា​ការដឹកនាំ ជាសេចក្តី​សប្បុរស​ដែល​ពោពេញ​ដោយ​ក្តី​ស្រលាញ់ ជាការ​លួង​លោម​ចិត្ត ជាការ​គាំ​ទ្រ និង ជា​អំណោយ​ទាន​ទាំង​ឡាយខាង​វិញ្ញាណ​ដែល​យើង​បាន​ទទួល​ និង​ក៏ដោយ​សារតែ​ តាម​រយៈ​ព្រះអម្ចាស់​ព្រះយេស៊ូវ​គ្រីស្ទ ។ …

«… សេចក្តី​មេត្តា​ករុណា​ដ៏​ទន់​ភ្លន់​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​​មិន​កើត​ឡើងជា​ការ​ចៃដន្យ​ ឬ គ្រាន់​តែជា​ការ​គាប់​ជួននោះទេ ។ ភាព​ស្មោះ​ត្រង់ ការគោរព​ប្រតិបត្តិ និង​ ការ​បន្ទាបខ្លួន​នាំមក​នូវសេចក្តី​មេត្តា​ករុណា​ដ៏​ទន់​ភ្លន់​ទាំង​ឡាយ​ចូល​មក​ក្នុង​ជីវិត​របស់​​យើង ហើយជាញឹកញាប់​ វា​កើតមាន​តាម​​កាលកំណត់​របស់​ព្រះ​អម្ចាស់​ដែល​អាច​ធ្វើ​ឲ្យ​យើង​ទទួល​ស្គាល់ និង​ ឲ្យ​​តម្លៃ​ខ្ពស់​ចំពោះ​ពរ​ជ័យ​សំ​ខាន់​ៗ​ទាំង​នេះ » ( The Tender Mercies of the Lord » Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2005 ទំព័រ 99–100 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖ តើ​អ្នក​បាន​ឃើញ​គំរូ​អ្វីខ្លះស្តី​អំពីការលាត​សន្ធឹង​នៃសេចក្តី​មេត្តា​ករុណា​ដ៏​ទន់​ភ្លន់​របស់​ព្រះ​អម្ចាស់​នៅ​ក្នុង​ជីវិត​របស់​អ្នក​ ឬ នៅ​ក្នុង​ជីវិត​របស់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ?

សូម​ចាប់ផ្តើម ឬ បន្ត​រក​មើល​ និង កត់​ត្រានៅ​ក្នុងសៀវភៅ​កំណត់​ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នកអំពី​សេចក្តី​មេត្តា​ករុណា​ដ៏ទន់​ភ្លន់​ទាំង​ឡាយ​ដែល​ព្រះ​អម្ចាស់​បាន​លាត​សន្ធឹង​មក​កាន់​អ្នក ។ ​​នៅពេល​អ្នក​ធ្វើ​ដូច្នេះ នោះ​អ្នក​នឹងចង់​ឃើញខ្លាំង​ថែម​ទៀត​ពី​ពរជ័យ​ទាំងឡាយ​ដែល​ព្រះ​បានប្រទាន​បន្ថែម​មក​ឲ្យ​អ្នក ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​ នីហ្វៃ​ទី1 1 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ​( កាលបរិច្ឆេទ ) ។

    សម្រាប់​សំណួរ គំនិត និង​ការ​យល់​ដឹង​បន្ថែមទៀត ខ្ញុំ​ចង់​ចែកចាយ​ជា​មួយ​គ្រូ​របស់​ខ្ញុំ ៖