ថ្នាក់​សិក្ខាសាលា
មេរៀន​ទី8 ៖ ថ្ងៃទី 3 នីហ្វៃទី2 29–30


មេរៀនទី 8 ៖ ថ្ងៃទី 3

នីហ្វៃទី 2 29–30

សេចក្តី​ផ្ដើម

សារលិខិត​របស់​នីហ្វៃ​អំពី​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​ការស្តារ​ឡើង​វិញ​នៃ​ដំណឹងល្អ​បន្ត​មាន​នៅ​ក្នុងនីហ្វៃទី 2 29–30 ។លោក​បាន​ធ្វើ​ទីបន្ទាល់​ថា នៅថ្ងៃ​ចុងក្រោយ ព្រះគម្ពីរ​ទាំងអស់​នឹង​ធ្វើ​ការ​រួមគ្នាដើម្បី​បង្ហាញ​គ្រប់​ទាំង​សាសន៍ ពូជ​មនុស្ស ភាសា និង ប្រជាជន​ថា​ព្រះអម្ចាស់​ចងចាំ​កូនចៅ​របស់​ទ្រង់ ។បញ្ជី​ប្រវត្តិ​ទាំងនេះ​គឺ​ជា​សាក្សី និង ទីបន្ទាល់​មួយ​ដែល​ថា ព្រះយេស៊ូវគ្រីស្ទ គឺ​ជា​ព្រះអង្គសង្គ្រោះ​របស់​យើង ។នីហ្វៃ​បាន​ព្យាករ​ថា មនុស្ស​ជា​ច្រើន​នឹង​បដិសេធ​ព្រះគម្ពីរ​មរមន ប៉ុន្តែ​អស់​អ្នក​ទាំងឡាយ​ដែល​ជឿ​នឹង​ត្រូវ​បាន​ប្រមូល​ចូល​ទៅ​ក្នុង​សាសនាចក្រ ។លើស​ពី​នេះ​ទៀត នីហ្វៃ​បាន​បង្រៀន​ថា រាស្ត្រ​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ​គឺ​ជា​អ្នក​ទាំងឡាយ​ណា​ដែល​ប្រែចិត្ត ហើយ​ជឿ​លើ​ព្រះរាជ​បុត្រា​នៃ​ព្រះ ។

រូបភាព
អឌ្ឍគោល​ប៉ែកខាងកើត​ជាមួយ​ព្រះគម្ពីរ​ប៊ីប ហើយ​ប៉ែក​ខាង​លិច​ជាមួយ​ព្រះគម្ពីរមរមន

នីហ្វៃទី 2 29:1–14

ព្រះអម្ចាស់​មាន​បន្ទូល​ប្រាប់​នីហ្វៃ​ថា នៅ​ថ្ងៃ​ចុងក្រោយ មនុស្ស​ជាច្រើន​នឹង​បដិសេធ​ព្រះគម្ពីរ​មរមន

នីហ្វៃ​បាន​ឃើញ​ថា មនុស្ស​ជា​ច្រើន​នៅ​ថ្ងៃ​ចុងក្រោយ​នឹង​ជឿ​លើ​ព្រះគម្ពីរ​ប៊ីប​ថា ជា​ព្រះគម្ពីរ​តែ​មួយ​គត់​ដែល​បាន​បើក​សម្តែង​ពី​ព្រះ ហើយ​នឹង​បដិសេធ​ព្រះគម្ពីរ​មរមន ។តើ​អ្នក​នឹង​ឆ្លើយ​តប​បែបណា បើសិន​មាន​មិត្ត​ម្នាក់​បាន​សួរ​អ្នក​ថា « ហេតុ​អ្វី​ពួកមរមន​មាន​ព្រះគម្ពីរ​មួយ​ទៀត ? »

នីហ្វៃ​បាន​ផ្តល់​ចម្លើយ​មួយ​ចំនួន​ចំពោះ​សំណួរ​នេះដោយ​បាន​កត់ត្រា​ជា​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​អំពី​តួនាទី​នៃ​ព្រះគម្ពីរ​មរមន​នៅ​ថ្ងៃ​ចុងក្រោយ​ថា ជា​ការស្តារ​ដំណឹងល្អ​ឡើង​វិញ​ដែល​ព្រះអម្ចាស់​បាន​ហៅ​ថា « ការណ៍​មួយ​ដ៏​អស្ចារ្យ » ( នីហ្វៃទី 2 29:1 ) ។សូម​អាននីហ្វៃទី 2 29:1–2ហើយ​រក​មើល ថា​តើ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះអម្ចាស់​នឹង​ធ្វើ​អ្វី​នៅ​ថ្ងៃ​ចុងក្រោយ ។( ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះអម្ចាស់​នឹង « ចេញទៅ » ពូជ ឬ កូនចៅ​របស់​នីហ្វៃ ហើយ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះអម្ចាស់​ក៏​នឹង « ហួចហៅ​ទៅដល់​ចុង​ផែនដី » ) ។ដើម្បី « ហួច​ហៅ » មានន័យថា « ហួច » ដែល​ណែនាំ​ជា​សញ្ញា​សម្រាប់​ការប្រមូល​ផ្តុំ ( សូមមើល អេសាយ 5:26 ) ។

ពាក្យទង់ជ័យក្នុងនីហ្វៃទី 2 29:2សំដៅ​លើ​វត្ថុ​មួយ​ដែល​ប្រើ​ដើម្បី​ប្រមូល និង រួបរួម​មនុស្ស ។ទង់ជាតិ​ជា​ញឹកញាប់​ត្រូវ​បាន​ហៅ​ថា ទង់ជ័យ ។យោង​ទៅ​តាមនីហ្វៃទី 2 29:2តើ​ទង់ជ័យ​នេះ​គឺ​ជា​អ្វី​ដែល​នឹង​ទៅ « ដល់​ចុង​ផែនដី » ដើម្បី​ប្រមូល​រាស្រ្ត​របស់​ព្រះអម្ចាស់ ?( អ្នក​អាច​ចង់​សរសេរ​អ្វី​មួយ​ដូច​ជាព្រះគម្ពីរ​មរមន—ពាក្យ​សម្តី​របស់​ពូជ ឬ ពូជពង្ស​នីហ្វៃនៅក្បែរ​នឹងនីហ្វៃទី 2 29:2 ) ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក យោង​ទៅ​តាមនីហ្វៃទី 2 29:1–2ថា តើ​គោលបំណង​របស់​ព្រះអម្ចាស់​គឺ​ជា​អ្វី ក្នុង​ការប្រទាន​ឲ្យ​នូវ​ព្រះគម្ពីរ​បន្ថែម​ទៀត​ដូចជា​ព្រះគម្ពីរ​មរមន​នោះ ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ចែកចាយ​ទស្សន​ដូច​តទៅ​នេះ​ទាក់ទង​នឹង​ព្រះគម្ពីរ​មរមន ៖ « ព្រះគម្ពីរ​មរមន​គឺ​ជា​សេចក្តី​ថ្លែងការណ៍​ដ៏​សំខាន់​បំផុត​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ និង នៃ​សេចក្តី​ស្រលាញ់​របស់​ទ្រង់​សម្រាប់​កូនចៅ​របស់​ទ្រង់​នៅ​លើ​ផែងដី​នេះ » ( Christ and the New Covenant: The Messianic Message of the Book of Mormon [ ឆ្នាំ 1997 ] ទំព័រ 4 ) ។

ក្នុងនីហ្វៃទី 2 29ពាក្យសាសន៍​ដទៃសំដៅ​លើ​ប្រជាជន​ដែល​មិនមែន​ជា​វង្ស​អ៊ីស្រាអែល ។ពាក្យសាសន៍​យូដាសំដៅ​លើ​មនុស្ស​ដែល​ជា​វង្ស​អ៊ីស្រាអែល ដែល​មាន​រួមទាំង​គ្រួសារ និង កូនចៅ​របស់លោក​លីហៃ ។សូម​អាននីហ្វៃទី 2 29:3–6រក​មើល​ប្រតិកម្ម​ដែល​ពួកសាសន៍​ដទៃ​មួយ​ចំនួន​នឹង​មាន​ចំពោះ​ព្រះគម្ពីរ​បន្ថែម​នេះ ។សូម​សរសេរ​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាងក្រោម​នេះ​ក្នុង​ចន្លោះ​ដែល​បាន​ផ្តល់​ឲ្យ ។

តើ​មនុស្ស​មួយ​ចំនួន​នឹង​មាន​ប្រតិកម្ម​យ៉ាងណា​ចំពោះ​ព្រះគម្ពីរ​បន្ថែម ?

តើ​ព្រះអម្ចាស់​បាន​មាន​បន្ទូល​យ៉ាងណា អំពី​មនុស្ស​ដែល​មាន​ប្រតិកម្ម​របៀប​នេះ ?

នីហ្វៃ​គឺ​ប្រកប​ដោយ​ការព្យាករណ៍​ក្នុង​ការពិពណ៌នា​របស់​លោក អំពី​ប្រតិកម្ម​របស់​មនុស្ស​ចំពោះ​ព្រះគម្ពីរ​មរមន ។ជា​ញឹកញាប់ មនុស្ស​នា​ពេល​បច្ចុប្បន្ន​នេះ បង្ហាញ​ការសង្ស័យ​ទាំងឡាយ​អំពី​ព្រះគម្ពីរ​មរមនពី​ព្រោះ​ពួកគេ​មាន​ព្រះគម្ពីរ​ប៊ីប​រួច​ទៅ​ហើយ ។ចូរ​គូស​ចំណាំពាក្យ ឬ ឃ្លាទាំងឡាយ​នៅ​ក្នុងនីហ្វៃទី 2 29:7–11ដែល​ពិពណ៌នា​អំពី​គោលបំណង​របស់​ព្រះអម្ចាស់ អំពី​ការ​ផ្ដល់​គម្ពីរ​បន្ថែម ។សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ពន្យល់​គោលបំណង​ទាំងនេះ​ទៅកាន់​នរណា​ម្នាក់​ដែល​មិន​យល់​ពី​សេចក្តី​ត្រូវការ ឬ តម្លៃ​នៃ​ការទទួល​បាន​វិវរណៈ​បន្ថែម​ទៀត​ពី​ព្រះ ។

  1. ដោយ​ប្រើ​អ្វី​ដែល​អ្នក​បានគូស​ចំណាំ​ក្នុងនីហ្វៃទី 2 29:7–11នោះ​សូម​សរសេរ​ចម្លើយ​មួយ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​ចំពោះ​សំណួរ​ដែល​បាន​បង្ហាញ​នៅ​ខាង​ដើម​នៃ​មេរៀន​នេះ ៖ « តើ​ហេតុអ្វី​ពួក​មរមន​មាន​ព្រះគម្ពីរ​មួយ​ទៀត ? »

ព្រះអម្ចាស់​ប្រទាន​ព្រះគម្ពីរ​ជា​សាក្សី​ទីពីរ ហើយ​ដើម្បី​ប្រមូល​មនុស្ស​ចូល​ក្នុង​សេចក្តី​សញ្ញា​របស់​ទ្រង់ ។សូម​អាននីហ្វៃទី 2 29:13–14ហើយ​រកមើល​ពរជ័យ​ដែល​ទទួល​បាន​មក​វិញនៅ​ពេល​ព្រះគម្ពីរ—« ពាក្យ​ទាំងឡាយ​របស់​ពួកសាសន៍​នីហ្វៃ » ( ព្រះគម្ពីរ​មរមន ) « ពាក្យ​ទាំងឡាយ​របស់​ពួកសាសន៍​យូដា » ( ព្រះគម្ពីរ​ប៊ីប ) និង « ពាក្យ​ទាំងឡាយ​របស់​ពួក​ពូជ​អំបូរ​អ៊ីស្រាអែល​ដែល​បាត់ »—មាន​ក្នុង​ចំណោម​មនុស្ស​ទាំងនេះ ។

នីហ្វៃទី 2 30:1–8

នីហ្វៃ​ព្យាករ​ពី​តួនាទី​នៃ​ព្រះគម្ពីរ​មរមន​នៅ​ថ្ងៃ​ចុងក្រោយ

រូបភាព
យុវជន​ពីរនាក់

បន្ទាប់​ពី​បង្រៀន​ថា ព្រះ​នឹង​ចងចាំ​វង្ស​អ៊ីស្រាអែល នោះ​នីហ្វៃ​បាន​ដាស់តឿន​ប្រជាជន​របស់​លោក​មិន​ឲ្យ​គិត​ថា ពួកគេ​សុចរិត​ជាង​ពួកសាសន៍​ដទៃ​នោះទេ ។លោក​ក៏​បាន​រំឭក​ពួកគេ​ដែរ​ថា មនុស្ស​ទាំងអស់​អាច​ក្លាយ​ជា​រាស្ត្រ​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ ។សូម​អាននីហ្វៃទី 2 30:2 ហើយ​សរសេរ​នៅ​ចន្លោះ​ដែល​បាន​ផ្តល់​ឲ្យ សូម​សរសេរ​ការណ៍​ពីរ​យ៉ាង​ដែល​ប្រជាជន​ចាំបាច់​ត្រូវ​តែ​ធ្វើ​ពីមុន​ព្រះអម្ចាស់​នឹង​ចូល​ទៅក្នុង​សេចក្តី​សញ្ញា​ជាមួយ​ពួកគេ ។

សូម​ចំណាយ​ពេល​មួយ​ភ្លែត ហើយ​សញ្ជឹងគិត​ពី​ឥទ្ធិពល​នៃ​ព្រះគម្ពីរ​មរមន​ដែល​មាន​មក​លើ​អ្នក ឬ នរណា​ម្នាក់​ដែល​ជិតស្និត​ជា​មួយ​អ្នក ។បន្ទាប់​មក សូម​អាននីហ្វៃទី 2 30:3–8ហើយ​បំពេញ​សកម្មភាព​ខាងក្រោម​នេះ​ជាមួយ​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​ឥទ្ធិពល​នៃ​ព្រះគម្ពីរ​មរមន ដែល​មាន​លើ​អ្នក​ទាំងឡាយ​ណា​ដែល​ទទួល​ព្រះគម្ពីរ​នេះ ។

ក្រុម​មនុស្ស

ឥទ្ធិពល​នៃ​ព្រះគម្ពីរ​មរមន

ពូជពង្ស​របស់​លោក​លីហៃ ( នីហ្វៃទី 2 30:3–6 )

ពួកសាសន៍​យូដា ( នីហ្វៃទី 2 30:7 )

ពួកសាសន៍​ដទៃ ឬ គ្រប់​ទាំង​សាសន៍ ( នីហ្វៃទី 2 30:8 )

សូម​អាន​សេចក្តី​ថ្លែងការណ៍​ខាងក្រោម​នេះ ដែល​ថ្លែង​ដោយ​ប្រធាន ហិនរី ប៊ី អាវរិង នៃ​គណៈប្រធាន​ទីមួយ ហើយ​គូស​ចំណាំ​មូលហេតុ​ទាំងឡាយ​ដែល​ព្រះគម្ពីរ​មរមន​គឺ​ជា​ឧបករណ៍​ដ៏​មាន​អំណាច​មួយ​របស់​អ្នក​ផ្សព្វផ្សាយ​សាសនា ៖

រូបភាព
ប្រធាន ហិនរី ប៊ី អាវរិង

« ព្រះគម្ពីរ​មរមន​បាន​ធ្វើ​ជា​ចំណុច​ស្នូល​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនាចាប់តាំង​ពី​ពេល​ដែល​ដំណឹងល្អ​ត្រូវ​បាន​ស្តារឡើង​វិញ​តាមរយៈ​ព្យាការី យ៉ូសែប មក​ម៉្លេះ ។យើង​ប្រើប្រាស់​ព្រះ​គម្ពីរ​មរមន​ក្នុង​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​ជា​រៀងរាល់​ថ្ងៃ ។ភាព​ពិត​មួយ​អំពី​ព្រះគម្ពីរ​មរមន​ដែល​ជា​គន្លឹះ​ទៅកាន់​អំណាច នៅ​ក្នុង​ផ្នែក​នីមួយៗ​នៃ​កិច្ចការ​ផ្សព្វផ្សាយ​សាសនា​គឺ ៖ ព្រះគម្ពីរ​មរមន​គឺ​ជាសក្ខីបទ​មួយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ។នៅ​ទំព័រ​ចំណង​ជើង​ប្រាប់​យើង​ដូច្នោះ ។ព្រះគម្ពីរ​មរមន​បាន​ថ្លែង​ថា គោលបំណង​នៃ​ព្រះគម្ពីរ​គឺ​ដើម្បី​បង្ហាញ​ថា ព្រះអម្ចាស់​បាន​ធ្វើ​ការណ៍​ដ៏​អស្ចារ្យ​ទាំងឡាយ​សម្រាប់​រាស្ត្រ​របស់​ទ្រង់ ដើម្បី​ជួយ​ពួកគេ​ដឹង​ថា សេចក្តី​សញ្ញា​ដែល​ព្រះអម្ចាស់​បាន​ធ្វើ​ជាមួយ​រាស្ត្រ​របស់​ទ្រង់​គឺ​នៅ​តែ​អនុវត្ត ហើយ​ដើម្បី​ជា​ការបរិវត្តន៍​ដល់​មនុស្ស​ទាំងអស់​ថា ព្រះយេស៊ូវ គឺ​ជា​ព្រះគ្រីស្ទ » ( « Why the Book of Mormon? »New Eraែ ឧសភា ឆ្នាំ 2008 ទំព័រ 6, 8 ) ។

ការសិក្សានីហ្វៃទី 2 30:1–8បង្ហាញ​យើង​ថាព្រះគម្ពីរ​មរមន​អាច​ជួយ​មនុស្ស​ទាំង​អស់​ឲ្យ​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ហើយ​រស់​តាម​ដំណឹង​ល្អ​របស់​ទ្រង់ ។

  1. សូម​ជ្រើសរើស​សំណួរ​មួយ​នៃ​សំណួរ​ខាងក្រោម​នេះដើម្បី​ធ្វើ​ការឆ្លើយ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ព្រះគម្ពីរ​មរមន​បាន​ជួយ​អ្នក​ឲ្យ​ស្គាល់​ព្រះអង្គសង្គ្រោះ​ដោយ​របៀបណា ?

    2. តើ​អ្នក​នឹង​ប្រើ​ព្រះគម្ពីរ​មរមនដើម្បី​ជួយ​អ្នក​ដទៃ​ឲ្យ​ស្គាល់​ព្រះអង្គ​សង្គ្រោះ​ដោយ​របៀប​ណា ?

នីហ្វៃទី 2 30:9–18

នីហ្វៃ​ព្យាករ​ពី​ស្ថានភាព​នៃ​ផែនដីនេះ​នៅ​អំឡុង​សម័យ​សហស្សវត្សរ៍

សូមអាននីហ្វៃទី 2 30:9–10ហើយ​រកមើល​អ្វី​ដែល​នឹង​កើតឡើង​ក្នុង​ចំណោម​ប្រជាជន​ពីមុន​សម័យ​សហស្សវត្សរ៍—ភាពសុចរិត និង សន្តិភាព​រយៈពេល1000​ឆ្នាំបន្ទាប់ពី​ការយាងមក​ជាលើក​ទីពីរ​របស់​ព្រះអង្គ​សង្គ្រោះ នៅពេល​ព្រះយេស៊ូវគ្រីស្ទ​នឹង « សោយរាជ្យ​នៅលើ​ផែនដី​ផ្ទាល់ » ( មាត្រា​នៃ​សេចក្តី​ជំនឿ 1:10 ) ។តើ​អ្នក​បាន​ឃើញ « ការបែកបាក់​ដ៏​ធំ » ( នីហ្វៃទី 2 30:10 ) ដែល​បំបែក​ពួក​សុចរិត​ចេញ​ពី​ពួកទុច្ចរិត​យ៉ាង​ដូចម្តេច​ដែរ ?តើ​អ្វី​នឹង​កើតឡើង​ចំពោះ​ពួកទុច្ចរិត​នៅ​ចុង​បញ្ចប់ ?

សូម​អាននីហ្វៃទី 2 30:12–18រក​មើល​ថា​តើ​ការ​រស់នៅ​មាន​លក្ខណៈ​បែបណា​អំឡុង​ពេល​សហស្សវត្សរ៍ ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ចំណង​ជើង​សារព័ត៌មាន​មួយ ( ជា​ចំណុច​សំខាន់ ឬ សេចក្តី​សង្ខេប មាន​ចំនួន​ពីរ ឬបី​ពាក្យ ) ដែល​ពិពណ៌នា​ពី​ស្ថានភាព​ក្នុង​សម័យ​សហស្សវត្សរ៍​ដែល​អ្នក​ទន្ទឹង​រង់ចាំថា​នឹងមកដល់ ។បន្ទាប់​ពី​អ្នក​បាន​សរសេរ​ចំណង​ជើង​មួយ​រួច សូម​ពន្យល់​ពី​របៀប​ដែល​ចំណង​នោះគឺ​ជា​ការចង្អុល​បង្ហាញ​ពី​សន្តិភាព​ដែល​នឹង​មានឡើង​នៅ​លើ​ផែនដី​នេះ នៅ​អំឡុងពេល​សម័យ​សហស្សវត្សរ៍ ។

សូម​ពិចារណា​ថា តើ​វា​នឹង​ទៅ​ជា​យ៉ាងណា នៅ​ពេល​ដែលសាតាំង​នឹង​គ្មាន​អំណាច​ទៅ​លើ​ចិត្ត​មនុស្ស នៅ​អំឡុងពេល​សហស្សវត្សរ៍ ហើយ​សេចក្តី​សុចរិត និង សន្តិភាព​នឹង​មាន​ឡើង ។ សូម​គិត ថាតើ​សាលា​រៀន ឬ សហគមន៍​របស់​អ្នកនឹង​មាន​លក្ខណៈ​ខុសប្លែក​គ្នា​យ៉ាងណា បើសិន​ស្ថានភាព​ទាំងអស់​នោះ​បាន​មាន​ឡើង​នៅ​ពេល​បច្ចុប្បន្ន​នេះ ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​អំពី​អ្វី​ដែល​អាច​ធ្វើដើម្បី​ជួយ​ខ្លួនឯង គ្រួសារ​របស់​អ្នក និង អ្នក​ដទៃ​ទៀត​រៀបចំ​សម្រាប់​អំឡុងពេល​នៃ​សន្តិភាព និង សេចក្តី​សុចរិត ។

វិចារណកថា និង ព័ត៌មាន​សាច់រឿង

តើ​បញ្ជី​ប្រវត្តិ​នៃ​ព្រះគម្ពីរ​បន្ថែម​នឹង​មាន​ឡើង​យ៉ាងដូចម្តេច ?

រូបភាព
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ជា​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ បាន​ផ្ដល់​យោបល់​ថា បញ្ជី​ប្រវត្តិ​ទាំងឡាយ​ដែល​បាន​និយាយ​ក្នុងនីហ្វៃទី 2 29:12–14នឹង « ចេញ​មក​ក្នុង​លក្ខណៈ​ដ៏​រុងរឿង តាម​ការ​ដឹកនាំ​របស់​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ដែល​ជា​អ្នក​ទទួល​វិវរណៈ​ម្នាក់ និង អ្នក​បកប្រែ​ម្នាក់ ហើយ​ដែល​កាន់​កូនសោ​ទាំងឡាយ​នៃ​នគរ​ព្រះ » ( The Millennial Messiah [ ឆ្នាំ 1982 ] ទំព័រ 217 ) ។យើង​ដឹង​ថា ព្រះអង្គសង្គ្រោះ​បាន​យាង​មក​ជួប​ពូជ​អំបូរ​អ៊ីស្រាអែល​ដែល​បាត់​មួយ​ចំនួន​បន្ទាប់​ពី​ការរស់​ឡើងវិញ​របស់​ទ្រង់ ហើយ​យាង​ទៅ​ជួប​ពួកសាសន៍​នីហ្វៃ ហើយ​ថា ពួកគេ​ក៏​នឹង​សរសេរ​ដំណើរ​រឿង​នៃ​ការងារ​បម្រើ​របស់​ទ្រង់​ក្នុង​ចំណោម​ពួកគេ​បន្ទាប់​ពី​ការរស់ឡើង​របស់​ទ្រង់​ផងដែរ ( សូមមើលនីហ្វៃទី 3 16:1–3, 17:4 ) ។

តើ « ពួកសាសន៍​យូដា​នឹង … ចាប់ផ្តើម​ជឿ​ដល់​ព្រះ​គ្រីស្ទ » នៅពេលណា ?

អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក៏​បាន​ពិភាក្សា​អំពី​ការប្រែ​ចិត្តជឿ​របស់​សាសន៍​យូដា​ដែល​ត្រូវ​បាន​ព្យាករ​ផង​ដែរ ៖

« ‹ ហើយ​ហេតុ​ការណ៍​នឹងកើត​ឡើង​ថា ពួកសាសន៍​យូដា​ដែល​ត្រូវ​ខ្ចាត់ព្រាត់ក៏​នឹង​ចាប់ផ្តើម​ជឿ​ដល់​ព្រះគ្រីស្ទ​ដែរ ហើយ​ពួកគេ​នឹង​ចាប់ផ្តើម​ប្រមូល​គ្នា​មក​នៅ​ពាសពេញ​លើ​ដែនដី › ។( 2 នីហ្វៃ 30:7 ) ។អារម្មណ៍​ល្វីញ​ជូរចត់​ជាច្រើន​របស់​ពួក​សាសន៍​យូដា​ពី​បុរាណ​ដែល​ទាស់​នឹង​ព្រះគ្រីស្ទ​បាន​លែង​មាន​តទៅ​ទៀត​ហើយ ពេល​បច្ចុប្បន្ន​នេះ មនុស្ស​ជា​ច្រើន​ទទួល​ស្គាល់​ទ្រង់​ថា ជា​គ្រូបង្រៀន​ដ៏​ឆ្នើម​ម្នាក់ បើ​ទោះ​ជា​មិន​ទទួល​ស្គាល់​ទ្រង់​ថា ជា​ព្រះរាជបុត្រា​នៃព្រះ​ក៏​ដោយ ។អ្នក​ខ្លះ​បាន​ទទួល​ស្គាល់​ទ្រង់​ទាំង​ស្រុង ដោយ​បាន​មក​ចូលរួម​ក្នុង​សាសនាចក្រ​ដ៏​ពិត ជាមួយ​នឹង​សំណល់​នៃ​ពួក​អេប្រាអិម​ដែល​ត្រូវ​បាន​ប្រមូល​ផ្ដុំ និង ពួក​សិស្ស​របស់​ទ្រង់ ។

« ប៉ុន្តែ​ការផ្លាស់​ប្រែចិត្ត​ជឿ​ដ៏​ធំ​របស់​ពួកសាសន៍​យូដា ការ​វិលត្រឡប់​របស់​ពួកគេ​មកកាន់​សេចក្តីពិត​ជា​ជា​តិសាសន៍​មួយ គឺ​ត្រូវ​បានរៀបចំ​ឡើង​ឲ្យ​ស្រប​ទៅតាម​ការយាងមក​ជា​លើកទីពីរ​នៃ​ព្រះមែស៊ី​របស់​ពួកគេ ។អ្នក​ទាំងឡាយ​ដែល​អាច​រស់នៅ​នៅ​ថ្ងៃ​នោះ នឹង​សួរ​ដោយ​ក្រៀមក្រំ និង ទ្រហោរ​យំ​ ៖ ‹ ចុះ​តើ​របួស​អ្វី​នុះ​នៅ​ដៃ​អ្នក និង នៅ​ជើង​អ្នក ?ខណៈ​នោះ ពួកគេ​នឹង​ដឹង​ថា យើង​ជា​ព្រះអម្ចាស់ ដ្បិត​យើង​នឹង​មាន​បន្ទូល​ទៅ​ពួកគេ​ ៖ របួស​ទាំងនេះ​គឺជា​របួស​ដែល​យើង​ត្រូវ​របួស នៅ​ក្នុង​ផ្ទះ​របស់​មិត្ត​សំឡាញ់​យើង ។យើង​ជា​អ្នក​ដែល​ត្រូវ​បាន​លើកឡើង ។យើង​ជា​ព្រះយេស៊ូវ​ដែល​ត្រូវ​គេ​ឆ្កាង ។យើង​ជា​ព្រះ​រាជបុត្រា​នៃ​ព្រះ › ។( គ. និង ស. 45:51–52; សាការី 12:8–14; 13:6 ) » ។( Mormon Doctrine កំណែ​លើកទី 2ឆ្នាំ [ 1966 ] ទំព័រ 722–23 ) ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សានីហ្វៃទី 2 29–30 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ )។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជា​មួយ​គ្រូ​របស់​ខ្ញុំ ៖