ព្រះគម្ពីរ
នីហ្វៃ ទី ២ 29
ពី​មុន បន្ទាប់​ទៀត

ជំពូក​ទី ២៩

ពួក​សាសន៍​ដទៃ​ជាច្រើន​នឹង​មិន​ទទួល​ស្គាល់​ព្រះ​គម្ពីរ​មរមន — ពួក​គេ​នឹង​និយាយ​ថា ៖ យើង​មិន​ត្រូវ​ការ​ព្រះ​គម្ពីរ​ទៀត​ទេ — ព្រះ​អម្ចាស់​ទ្រង់​មាន​បន្ទូល​ទៅ​រក​សាសន៍​ជាច្រើន — ទ្រង់​នឹង​ជំនុំ​ជំរះ​មនុស្ស​លោក​ចេញ​ពី​គម្ពីរ​ដែល​បាន​សរសេរ​មក​នេះ។ ប្រមាណ​ជា​ឆ្នាំ ៥៥៩–៥៤៥ ម.គ.ស.។

ប៉ុន្តែ​មើល​ចុះ នឹង​មាន​មនុស្ស​ជាច្រើន — នៅ​ថ្ងៃ​ដែល​យើង​នឹង​ចាប់​ផ្ដើម​ធ្វើ​ការណ៍​មួយ​ដ៏​អស្ចារ្យ​ក្នុង​ចំណោម​ពួក​គេ ដើម្បី​យើង​អាច​នឹក​ចាំ​នូវ​សេចក្ដី​សញ្ញា​ទាំង​ឡាយ​របស់​យើង ដែល​យើង​បាន​ធ្វើ​ចំពោះ​កូន​ចៅ​មនុស្ស ដើម្បី​យើង​អាច​លូកដៃ​ជា​លើក​ទី​ពីរ​ទៅ​សង្គ្រោះ​ប្រជាជន​យើង ដែល​ជា​វង្ស​នៃ​អ៊ីស្រាអែល

ហើយ​ម្យ៉ាង​ទៀត ដើម្បី​យើង​អាច​នឹក​ចាំ​នូវ​សេចក្ដី​សន្យា​ទាំង​ឡាយ ដែល​យើង​បាន​ធ្វើ​ចំពោះ​អ្នក នីហ្វៃ ហើយ​ព្រម​ទាំង​ចំពោះ​ឪពុក​អ្នក​ផង​ដែរ ដើម្បី​យើង​អាច​នឹក​ចាំ​ពូជ​អ្នក ហើយ​ដើម្បី​ឲ្យ​ពាក្យ​ទាំង​ឡាយ​នៃ​ពូជ​អ្នក នឹង​ចេញ​ពី​មាត់​យើង​ទៅ​ពូជ​អ្នក ហើយ​ពាក្យ​ទាំង​ឡាយ​របស់​យើង នឹង​ហួច​ហៅ​ទៅ​ដល់​ចុង​ផែនដី ទុកជា​ទង់ជ័យ​ដល់​រាស្ត្រ​យើង ដែល​ជា​វង្ស​នៃ​អ៊ីស្រាអែល

ហើយ​ពី​ព្រោះ​ពាក្យ​ទាំង​ឡាយ​របស់​យើង​នឹង​ហួច​ហៅ — ពួក​សាសន៍​ដទៃ​ជាច្រើន​នឹង​និយាយ​ថា ៖ ព្រះ​គម្ពីរ! ព្រះ​គម្ពីរ! យើង​មាន​ព្រះ​គម្ពីរ​មួយ​ហើយ ហើយ​នឹង​មិន​អាច​មាន​ព្រះ​គម្ពីរ​ឯណា​ទៀត​ទេ។

ប៉ុន្តែ ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​មាន​ព្រះ​បន្ទូល​ដូច្នេះ​ថា ៖ ឱ​ពួក​ល្ងង់​អើយ ពួក​គេ​នឹង​មាន​ព្រះ​គម្ពីរ​មួយ ហើយ​ព្រះ​គម្ពីរ​នោះ​នឹង​ចេញ​មក​ពី​ពួក​សាសន៍​យូដា គឺជា​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​យើង​តាំង​ពី​បុរាណ​មក។ ហើយ​តើ​ពួក​គេ​នឹង​ដឹង​គុណ​អ្វី​ដល់​ពួក​សាសន៍​យូដា ដែល​ខ្លួន​បាន​ទទួល​ព្រះ​គម្ពីរ​ពី​ពួក​នោះ? មែន​ហើយ តើ​ពួក​សាសន៍​ដទៃ​មាន​ន័យ​យ៉ាង​ណា? តើ​ពួក​គេ​នឹក​ចាំ​ពី​ការ​ឈឺ​ចាប់​ទាំង​ឡាយ និង​ការ​នឿយហត់​ទាំង​ឡាយ និង​ការ​លំបាក​ឈឺ​ចាប់​ទាំង​ឡាយ​របស់​ពួក​សាសន៍​យូដា និង​ការ​ព្យាយាម​របស់​ពួក​គេ​ចំពោះ​យើង ក្នុង​ការ​នាំ​សេចក្ដី​សង្គ្រោះ​មក​ដល់​ពួក​សាសន៍​ដទៃ​ឬ​អី?

ឱ​ពួក​សាសន៍​ដទៃ​អើយ តើ​អ្នក​រាល់​គ្នា​នៅ​ចាំ​ពួក​សាសន៍​យូដា គឺជា​រាស្ត្រ​ក្នុង​សេចក្ដី​សញ្ញា​របស់​យើង​តាំង​ពី​បុរាណ​ឬ​អី? ទេ ប៉ុន្តែ​អ្នក​រាល់​គ្នា​បាន​ដាក់​បណ្ដា​សា​ពួក​គេ ហើយ​បាន​ស្អប់​ពួក​គេ ហើយ​មិន​បាន​ស្វែងរក​ផ្លូវ​ដើម្បី​ជួយសង្គ្រោះ​ពួក​គេ​សោះ។ ប៉ុន្តែ​មើល​ចុះ យើង​នឹង​បង្វិល​ការណ៍​ទាំង​នេះ​មក​លើ​ក្បាល​អ្នក​រាល់​គ្នា​វិញ ត្បិត​យើង​ជា​ព្រះ​អម្ចាស់ មិនទាន់​ភ្លេច​រាស្ត្រ​របស់​យើង​នៅ​ឡើយ​ទេ។

ឱ​ពួក​ល្ងង់​អើយ ដែល​នឹង​និយាយ​ថា ៖ ព្រះ​គម្ពីរ យើង​បាន​ព្រះ​គម្ពីរ​មួយ​ហើយ ហើយ​យើង​មិន​ត្រូវ​ការ​ព្រះ​គម្ពីរ​ឯណា​ទៀត​ទេ។ តើ​អ្នក​បាន​ព្រះ​គម្ពីរ​ឯណា​មក ក្រៅពី​បាន​ព្រះ​គម្ពីរ មក​ពី​ពួក​សាសន៍​យូដា​នោះ?

តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ថា ក្រៅពី​សាសន៍​មួយ​នេះ នៅ​មាន​សាសន៍​ជាច្រើន​ទៀត? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ថា យើង​គឺជា​ព្រះ​អម្ចាស់​ដ៏​ជា​ព្រះ​របស់​អ្នក​បាន​បង្កើត​មនុស្ស​ទាំង​អស់ ហើយ​យើង​ចាំ​ពួក​អ្នក​ដែល​នៅ​លើ​កោះ​នានា​ក្នុង​សមុទ្រ ហើយ​គឺ​យើង​គ្រប់គ្រង​ស្ថានសួគ៌​ខាង​លើ និង​ផែនដី​ខាង​ក្រោម ហើយ​យើង​នាំ​ពាក្យ​របស់​យើង​ចេញ​មក​ដល់​កូន​ចៅ​មនុស្ស មែន​ហើយ គឺ​គ្រប់​ទាំង​សាសន៍​លើ​ផែនដី​នេះ​ឬ​អី?

ហេតុ​ដូច្នោះ​ហើយ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូរទាំ ពី​ព្រោះ​តែ​អ្នក​រាល់​គ្នា​នឹង​ទទួល​ពាក្យ​របស់​យើង​ថែម​ទៀត? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ថា សេចក្ដី​បន្ទាល់​នៃ​សាសន៍​ពីរ ជា​សាក្សី​ដល់​អ្នក​ថា យើង​ជា​ព្រះ ថា​យើង​ចាំ​សាសន៍​មួយ ក៏​ដូច​សាសន៍​មួយ​ទៀត​ដែរ​ឬ? ហេតុ​ដូច្នោះ​ហើយ យើង​និយាយ​ទៅ​សាសន៍​មួយ ក៏​ដូច​ជា​សាសន៍​មួយ​ទៀត​ដែរ។ ហើយ​ពេល​ណា​សាសន៍​ពីរ​រួម​គ្នា​ទៅ​ជា​មួយ នោះ​សេចក្ដី​បន្ទាល់​នៃ​សាសន៍​ទាំង​ពីរ​នោះ ក៏​នឹង​ចូល​គ្នា​ទៅ​ជា​មួយ​ដែរ។

ហើយ​យើង​ធ្វើ​យ៉ាង​នេះ គឺ​ដើម្បី​យើង​អាច​បញ្ជាក់​ដល់​មនុស្ស​ច្រើន​គ្នា​ថា យើង​នៅ​តែ​ដដែល ទោះ​ពី​ថ្ងៃ​ម្សិល ថ្ងៃ​នេះ និង​រហូត​ត​ទៅ ហើយ​ថា​យើង​ពោល​ពាក្យ​ទាំង​ឡាយ​របស់​យើង​ចេញ​ទៅ​ស្រប​តាម​បំណង​របស់​យើង។ ហើយ​ពី​ព្រោះ​យើង​បាន​ពោល​ពាក្យ​មួយ ចូរ​អ្នក​រាល់​គ្នា​កុំ​គិត​ស្មាន​ថា យើង​មិន​អាច​ពោល​ពាក្យ​មួយ​ទៀត​បាន​ឡើយ ត្បិត​កិច្ចការ​យើង​មិនទាន់​បាន​សម្រេច​នៅ​ឡើយ​ទេ ហើយ​នៅ​តែ​មិនទាន់​ចប់ រហូត​ដល់​ចុង​បំផុត​នៃ​មនុស្ស ហើយ​ចាប់​ពី​ពេល​នោះ​ត​ទៅ​មុខ និង​រៀង​រហូត​ត​ទៅ ក៏​នៅ​តែ​ពុំ​ទាន់​ចប់​ដែរ។

១០ហេតុ​ដូច្នោះ​ហើយ ដោយ​សារ​អ្នក​រាល់​គ្នា​មាន​ព្រះ​គម្ពីរ​មួយ​ហើយ ចូរ​អ្នក​រាល់​គ្នា​កុំ​គិត​ស្មាន​ថា ព្រះ​គម្ពីរ​នោះ​មាន​ពាក្យ​របស់​យើង​ទាំង​អស់​ឡើយ ហើយ​ចូរ​អ្នក​រាល់​គ្នា​កុំ​គិតស្មាន​ផង​ដែរ​ថា យើង​មិន​អាច​បញ្ជា​ឲ្យ​សរសេរ​ថែម​ទៀត​នោះ​ឡើយ។

១១ត្បិត​យើង​បញ្ជា​ដល់​មនុស្ស​ទាំង​អស់ ទាំង​ខាង​កើត និង​ខាង​លិច និង​ខាង​ជើង និង​ខាង​ត្បូង ហើយ​នៅ​លើ​កោះ​នានា​ក្នុង​សមុទ្រ ថា​ពួក​គេ​ត្រូវ​សរសេរ​នូវ​ពាក្យ​ទាំង​ឡាយ​ដែល​យើង​និយាយ​ទៅ​រក​ពួក​គេ ត្បិត​ចេញ​ពី​គម្ពីរ​ទាំង​ឡាយ ដែល​បាន​សរសេរ​ទុក នោះ​យើង​នឹង​ជំនុំ​ជំរះ​មនុស្ស​លោក គឺ​មនុស្ស​គ្រប់រូប​ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​របស់​ខ្លួន គឺ​ស្រប​តាម​អ្វី​ដែល​បាន​សរសេរ​ទុក។

១២ត្បិត​មើល​ចុះ យើង​នឹង​និយាយ​ទៅ​រក​ពួក​សាសន៍​យូដា ហើយ​ពួក​គេ​នឹង​សរសេរ​ទុក ហើយ​យើង​នឹង​និយាយ​ទៅ​រក​ពួក​សាសន៍​នីហ្វៃ​ផង​ដែរ ហើយ​ពួក​គេ​នឹង​សរសេរ​ទុក ហើយ​យើង​នឹង​និយាយ​ទៅ​រក​ពូជ​អំបូរ​ផ្សេង​ទៀត​នៃ​វង្ស​អ៊ីស្រាអែល​ដែរ ដែល​យើង​បាន​នាំ​ចេញ​ទៅ​ឆ្ងាយ ហើយ​ពួក​គេ​នឹង​សរសេរ​ទុក ហើយ​យើង​និយាយ​ទៅ​រក​អស់​ទាំង​សាសន៍​ផង ដែល​នៅ​លើ​ផែនដី​នេះ ហើយ​ពួក​គេ​នឹង​សរសេរ​ទុក។

១៣ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា ពួក​សាសន៍​យូដា​នឹង​បាន​ពាក្យ​ទាំង​ឡាយ​របស់​ពួក​សាសន៍​នីហ្វៃ ឯ​ពួក​សាសន៍​នីហ្វៃ នឹង​បាន​ពាក្យ​ទាំង​ឡាយ​របស់​ពួក​សាសន៍​យូដា ហើយ​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​យូដា នឹង​បាន​ពាក្យ​ទាំង​ឡាយ​របស់​ពួក​ពូជ​អំបូរ នៃ​សាសន៍​អ៊ីស្រាអែល​ដែល​បាត់ ឯ​ពួក​ពូជ​អំបូរ​នៃ​សាសន៍​អ៊ីស្រាអែល​ដែល​បាត់ នឹង​បាន​ពាក្យ​ទាំង​លាយ​របស់​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​យូដា។

១៤ហើយ​ហេតុការណ៍​នឹង​កើតឡើង​ថា រាស្ត្រ​យើង ដែល​ជា​វង្ស​អ៊ីស្រាអែល នឹង​ប្រមូល​គ្នា​មក​ស្រុកកំណើត​នៅ​លើ​ដែនដី​ទាំង​ឡាយ​ដែល​ជា​កេរ្តិ៍​អាករ​របស់​ពួក​គេ ហើយ​ពាក្យ​របស់​យើង ក៏​នឹង​ប្រមូល​មក​តែមួយ​ដែរ។ ហើយ​យើង​នឹង​បង្ហាញ​ដល់​ពួក​គេ ដែល​ទាស់​នឹង​ពាក្យ​យើង ហើយ​ទាស់​នឹង​រាស្ត្រ​ដែល​ជា​វង្ស​អ៊ីស្រាអែល​ថា យើង​ជា​ព្រះ ហើយ​ថា​យើង​បាន​ធ្វើ​សេចក្ដី​សញ្ញា​ជាមួយ​នឹង​អ័ប្រាហាំ ថា​យើង​នឹង​នឹក​ចាំ​ពូជ​របស់​លោក​រហូត​ត​ទៅ៕