ថ្នាក់​សិក្ខាសាលា
មេរៀនទី 24 ៖ ថ្ងៃទី 2 នីហ្វៃទី3 2–5


មេរៀនទី 24 ៖ ថ្ងៃទី 2

នីហ្វៃទី3 2–5

សេចក្តីផ្ដើម

ភ្លាមៗ​បន្ទាប់ពី​ប្រជាជន​បានឃើញ​ទីសម្គាល់​ទាំងឡាយ​ពី​ការប្រសូតរបស់​ព្រះយេស៊ូវគ្រីស្ទ ពួកគេ​បាន​ចាប់ផ្ដើម​ភ្លេច​ពី​សាក្សី​ទាំងឡាយ​ដែល​ពួកគេ​បាន​ទទួល ហើយ​ពួកគេ​បាន​ពង្រឹង​ចិត្ត​របស់​គេ ។ ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន​ជាច្រើន បាន​បដិសេធ​ទីសម្គាល់ និង ការអស្ចារ្យ​បន្ថែម​ទៀត ហើយ​បាន​រីកឡើង​ក្នុង​សេចក្ដី​ទុច្ចរិត ។ ជា​លទ្ធផល ពួក​ចោរ​កាឌីអានតុន​បាន​កើន​កម្លាំង​ឡើង ហើយ​បាន​គំរាម​កំហែង​ថា​នឹង​បំផ្លាញ​ពួក​សាសន៍​នីហ្វៃ ។ ឡាកូនីអូស​ជា​មេចៅក្រម​សាសន៍​នីហ្វៃ បាន​ប្រមូល​ផ្តុំ​អស់​ទាំង​ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន​ដែល​សុចរិត ហើយ​បាន​ហៅ​ដល់​ប្រជាជន​ឲ្យ​ប្រែចិត្ត និង រៀបចំ​សម្រាប់​ការធ្វើ​ចម្បាំង ។ ដោយសារតែ​សាមគ្គីភាព និង សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះ នោះ​ពួកគេ​បាន​ទទួល​ជោគជ័យ​លើ​ពួក​មារសត្រូវ​របស់​គេ ។ ក្រោយពី​ការរំដោះ​របស់​ពួកគេ ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន​ដែល​សុចរិត បាន​ទទួល​ស្គាល់​ព្រះចេស្តា​របស់​ព្រះ​នៅក្នុង​ការការពារ​ពួកគេ ។

នីហ្វៃទី3 2

ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន​ដែល​សុចរិត រួបរួម​គ្នា​ដើម្បី​ការពារ​ខ្លួនគេ ទាស់​នឹង​ពួក​ចោរ​កាឌីអានតុន

សូម​គិត​ពី​បទពិសោធន៍​ខាង​វិញ្ញាណ​ដ៏​មាន​អត្ថន័យ​ពីរបី ដែល​អ្នក​បាន​មាន​ក្នុង​ជីវិត​អ្នក ។ ( សូម​ចងចាំ​ថា បទពិសោធន៍​ខាង​វិញ្ញាណ​នោះ មិន​ចាំបាច់​តែ​ជា​អ្វី​ដែល​អស្ចារ្យ ឬ មិន​ធម្មតា ដើម្បី​ក្លាយជា​បទពិសោធន៍​ដែល​ប្រកប​ដោយ​អត្ថន័យ​នោះទេ ) ។ តើ​អ្នក​គិត​ថា ហេតុអ្វី​វា​អាច​ជា​ការសំខាន់ ដើម្បី​ចងចាំ​បទពិសោធន៍​ខាង​វិញ្ញាណ​ទាំងនេះ ?

សូមអាន នីហ្វៃទី3 2:1–3 រកមើល​អ្វី​ដែល​បាន​កើតឡើង​ក្នុង​ចំណោម​ប្រជាជន ពេលដែល​ពួកគេ​បាន​ចាប់ផ្ដើម​ភ្លេច​ទីសម្គាល់​ទាំងឡាយ​ដែល​ទាក់ទង​នឹង​ការប្រសូត្រ​របស់​ព្រះអង្គ​សង្គ្រោះ ។ តើ​អ្នក​អាច​រៀន​អ្វី ចេញពី​ដំណើរ​រឿង​នេះ ដែល​ស្ដី​អំពី​គ្រោះថ្នាក់​នៃ​ការភ្លេច​បទពិសោធន៍​ខាង​វិញ្ញាណ ?

គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ទាំងឡាយ​ដែល​យើង​អាច​រៀន ចេញពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​ពួក​សាសន៍​នីហ្វៃ គឺ​ថា បើ​យើង​ភ្លេច​បទពិសោធន៍​ដ៏​មាន​តម្លៃ​ទាំងឡាយ​ខាង​វិញ្ញាណ នោះ​យើង​កាន់តែ​រងគ្រោះ​ពី​ការល្បួង និង ការបោក​បញ្ឆោត​របស់​សាតាំង​ហើយ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក នៅក្បែរ នីហ្វៃទី3 2:1–3 ។ ពេល​អ្នក​ធ្វើ​ដូច្នោះ សូម​គិត​អំពី​មូលហេតុ​ដែល​ការភ្លេច​បទពិសោធន៍​ខាង​វិញ្ញាណ អាច​ធ្វើ​ឲ្យ​យើង​កាន់តែ​ទទួល​ការរងគ្រោះ​ពី​សាតាំង ។

សូម​សញ្ជឹងគិត​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ជួយ​អ្នក​ស្គាល់ និង ចងចាំ​ពី​បទពិសោធន៍​ខាង​វិញ្ញាណ ។ សូម​រាយ​គំនិត​ពីរបី ដែល​អ្នក​គិត​ថា នឹង​ជួយ​បាន​ច្រើន​បំផុត ៖

ប្រធាន ហិនរី ប៊ី. អាវរិង នៃ​គណៈប្រធាន​ទីមួយ បាន​រៀបរាប់​ពី​របៀប​ដែល​ការកត់ត្រា​ទុក​នូវ​បទពិសោធន៍​ខាង​វិញ្ញាណ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​បាន​ជួយ​លោក ។ ពេល​អ្នក​អាន​អំពី​បទពិសោធន៍​របស់​លោក សូម​គូស​បន្ទាត់​ពីក្រោម​ពរជ័យ​ទាំងឡាយ ដែល​អាច​បាន​មក​ពី​ការកត់ត្រា​ទុក​នូវ​បទពិសោធន៍​ខាង​វិញ្ញាណ ។

រូបភាព
ប្រធាន ហិនរី ប៊ី. អាវរិង

« ខ្ញុំ​បាន​សរសេរ​ពីរបី​បន្ទាត់​រាល់​ថ្ងៃ អស់​រាប់​ឆ្នាំ ។ ខ្ញុំ​មិន​ដែល​រំលង​មួយ​ថ្ងៃ​ណា​ឡើយ មិន​ថា​ខ្ញុំ​នឿយហត់​ប៉ុណ្ណា ឬ ថា​ខ្ញុំ​ត្រូវ​ចាប់ផ្ដើម​ថ្ងៃ​បន្ទាប់ ពី​ព្រលឹម​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ។ ពីមុន​ខ្ញុំ​សរសេរ ខ្ញុំ​សញ្ជឹង​គិត​ពី​សំណួរ​នេះ​សិន ៖ ‹ តើ​ខ្ញុំ​បាន​ឃើញ​ព្រះហស្ដ​របស់​ព្រះ ឈោង​មក​ជួយ​យើង ឬ កូនៗ​យើង ឬ គ្រួសារ​យើង​នៅ​ថ្ងៃ​នេះ​ទេ ? › នៅពេល​ដែល​ខ្ញុំ​ខំ​ព្យាយាម​ធ្វើ​ដូច្នេះ អ្វី​មួយ​បាន​ចាប់ផ្ដើម​កើតឡើង ។ កាលដែល​ខ្ញុំ​គិត​ពី​ថ្ងៃ​នោះ ខ្ញុំ​នឹង​ឃើញ​នូវ​ភស្ដុតាង​ពី​អ្វី​ដែល​ព្រះ​បាន​ធ្វើ​សម្រាប់​មនុស្ស​ម្នាក់​ក្នុង​ចំណោម​ពួកយើង ដែល​ខ្ញុំ​ពុំ​បាន​ដឹង​នៅក្នុង​ពេល​ដ៏​រវល់​នៅ​ថ្ងៃ​នោះ ។ កាលដែល​វា​បានកើតឡើង ហើយ​វា​កើតឡើង​ញឹកញាប់ ខ្ញុំ​បាន​ដឹង​ថា ការព្យាយាម​ដើម្បី​ចងចាំ បាន​អនុញ្ញាត​ឲ្យ​ព្រះ​បង្ហាញ​ខ្ញុំ​ពី​អ្វី​ដែល​ទ្រង់​បាន​ធ្វើ ។

« លើស​ពី​ការដឹងគុណ​ទៅទៀត បាន​ចាប់ផ្ដើម​លូតលាស់​ឡើង​នៅក្នុង​ដួងចិត្ត​ខ្ញុំ ។ ទីបន្ទាល់​លូតលាស់​ឡើង ។ ខ្ញុំ​កាន់តែ​ប្រាកដ​ថា ព្រះវរបិតាសួគ៌​របស់​យើង​ទ្រង់​ឮ និង ឆ្លើយតប​ការអធិស្ឋាន​ទាំងឡាយ ។ ខ្ញុំ​មាន​អារម្មណ៍​ដឹងគុណ​កាន់តែ​ខ្លាំង ចំពោះ​ការបន្ទន់ និង ការសម្រាំង​ដុសខាត់ ដែល​បានមក​ពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ព្រះយេស៊ូវគ្រីស្ទ ។ ហើយ​ខ្ញុំ​កាន់តែ​មាន​ទំនុក​ចិត្ត​ថា ព្រះវិញ្ញាណ​បរិសុទ្ធ​អាច​នាំ​គ្រប់​អ្វី​ទាំងអស់​មកកាន់​ការចងចាំ​របស់​យើង—សូម្បីតែ​អ្វីៗ​ដែល​យើង​មិនបាន​កត់សម្គាល់ ឬ យកចិត្ត​ទុកដាក់​ថា​វា​កើតឡើង​ពេលណា​ក៏ដោយ » ( “O Remember, Remember” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2007 ទំព័រ 67 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពិពណ៌នា​ថាតើ​ការចងចាំ​បទពិសោធន៍​ខាង​វិញ្ញាណ បាន​ជួយ​អ្នក​ឲ្យ​នៅ​ស្មោះត្រង់ ទោះជា​សាតាំង​ព្យាយាម​ល្បួង ឬ បោកបញ្ឆោត​អ្នក​ក៏​ដោយ​នោះ ។ ( វា​អាច​រួមមាន ចងចាំ​បទពិសោធន៍​ខាង​វិញ្ញាណ​ដោយ​ការកត់ត្រា​វា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ ) ។

ដូច​មាន​កត់ត្រា​នៅក្នុង នីហ្វៃទី3 2:4–19 ពួក​សាសន៍​នីហ្វៃ​ជាច្រើន​បន្ត​នៅក្នុង​ភាពទុច្ចរិត និង ក្រុម​ចោរ​កាឌីអានតុន​មាន​ចំនួន និង មាន​កម្លាំង​កើនឡើង ។ ពួកគេ​កាន់តែ​ឃោរឃៅ ដែល​នាំ​ឲ្យ​ពួក​សាសន៍​លេមិន​ដែល​បាន​ប្រែចិត្តជឿ​ចូលរួម​កម្លាំង​ជាមួយ​នឹង​ពួក​សាសន៍​នីហ្វៃ ដើម្បី​ប្រយុទ្ធ​តទល់​នឹង​ពួកគេ​វិញ ។ ថ្វីបើ​ពួកគេ​បាន​ទទួល​ជោគជ័យ​ខ្លះៗ ក្នុង​ការបណ្ដេញ​ពួក​ចោរ​កាឌីតានតុន​ចេញពី​ដែនដី​របស់​គេ​ក៏​ពិតមែន ក៏​ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន នៅតែ​ស្ថិត​នៅក្នុង​ស្ថានភាព​គ្រោះថ្នាក់​អស់​រយៈពេល 15 ឆ្នាំ បន្ទាប់ពី​ទីសម្គាល់​ពី​ការប្រសូត្រ​របស់​ព្រះយេស៊ូវគ្រីស្ទ​បាន​កើតឡើង ។

នីហ្វៃទី3 3:1–10

អ្នក​ដឹកនាំ​នៃ​ពួក​ចោរ​កាឌីអានតុន​ទាមទារ​ឲ្យ​ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន​ចុះចាញ់

នៅក្នុង នីហ្វៃទី3 3:1–10 យើង​ឃើញ​ពី​គំរូ​មួយ​អំពី​របៀប​ដែល​ពេលខ្លះ​អារក្ស​ធ្វើ​កិច្ចការ​វា​តាមរយៈ​អ្នក​ផ្សេងទៀត ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​របស់​យើង​ទន់ខ្សោយ និង ដឹកនាំ​យើង​ឲ្យ​វង្វេង ។ គីឌឌីអានហៃ ជា​អ្នក​ដឹកនាំ​របស់​ពួក​ចោរ​កាឌីអានតុន បាន​សរសេរ​សំបុត្រ​មួយ​ទៅ​ឡាកូនីអូស ជា​មេចៅក្រម និង ជា​អភិបាល​នៃ​ប្រជាជន​នីហ្វៃ និង លេមិន​រួម​គ្នា ដើម្បី​បញ្ចុះ​បញ្ចូល​លោក​ឲ្យ​ព្រម​ចុះចាញ់​ដល់​ពួក​ចោរ​កាឌីអានតុន ។ សូមអាន នីហ្វៃទី3 3:2–10 រកមើល​ពាក្យ ឬ ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ពី​កលល្បិច​ទាំងឡាយ​ដែល​គីឌឌីអានហៃ​បាន​ប្រើប្រាស់ ដើម្បី​ព្យាយាម​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​របស់​ឡាកូនីអូស​ចុះ​ទន់ខ្សោយ និង ដឹកនាំ​លោក​ឲ្យ​វង្វេង ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពាក្យ ឬ ឃ្លា​ទាំងនេះ ពេល​អ្នក​រក​វា​ឃើញ ។

ខ​ទាំងនេះ​បង្រៀន​ថា ជាញឹកញាប់ សាតាំង និង អ្នក​ដើរតាម​វា​ប្រើប្រាស់​ការបញ្ជោរ ការសន្យា​ក្លែងក្លាយ និង ការគំរាម​កំហែង ដើម្បី​ដឹកនាំ​មនុស្ស​ឲ្យ​វង្វេង ។ វា​សំខាន់​ក្នុង​ការដឹង​ថា កលល្បិច​របស់​សាតាំង ជាញឹកញាប់​គឺជា​កលល្បិច​ដ៏​ប៉ិនប្រសប់ ហើយ​វា​អាច​ប្រើប្រាស់​មិត្តភក្ដិ​របស់​យើង និង មនុស្ស​ដែល​យើង​ចូលចិត្ត ជាជាង​ប្រើប្រាស់​មារសត្រូវ​ដ៏​ជាក់ស្ដែង​ឲ្យ​មក​ល្បួង​យើង ។ តែ​យ៉ាងណា​ក៏​ដោយ មាន​នូវ​ភាពស្រដៀង​គ្នា​រវាង​ការជំរុញ​របស់​គីឌឌីអានហៃ និង កលយុទ្ធ និង របៀប​ដែល​សាតាំង​ប្រើប្រាស់​នៅ​សព្វថ្ងៃ​នេះ ដើម្បី​ដឹកនាំ​មនុស្ស​ឲ្យ​វង្វេង ។

  1. សូម​រើស​កលល្បិច​មួយ​ចេញពី​កលល្បិច​ទាំងឡាយ​របស់​គីឌឌីអានហៃ ហើយ​ពន្យល់​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​របៀប​ដែល​អារក្ស​អាច​នឹង​ប្រើប្រាស់​កលយុទ្ធ​ស្រដៀង​គ្នា​នេះ ទៅលើ​ពួក​យុវវ័យ​សព្វថ្ងៃ​នេះ ។ សូម​សរសេរ​ផងដែរ ពី​របៀប​ដែល​អ្នក​អាច​ទប់ទល់​នឹង​កលយុទ្ធ​នេះ ។

នីហ្វៃទី3 3:11–4:33

ប្រជាជន​របស់​ឡាកូនីអូស រៀបចំ​ដើម្បី​ការពារ​ខ្លួនគេ ហើយ​ពួកគេ​យកឈ្នះ​លើ​ពួកចោរ​កាឌីអានតុន

រូបភាព
ចម្លើយ​របស់​ឡាកូនីអូស

ឡាកូនីអូស​បាន​មាន​សេចក្ដី​អស្ចារ្យ​ដោយសារ​សំបុត្រ​របស់​គីឌឌីអានហៃ ហើយ​បាន​ប្ដេជ្ញា​ចិត្ត​រៀបចំ​ប្រជាជន​របស់​លោក​សម្រាប់​ការវាយ​ប្រហារ​ដែល​នឹង​កើតឡើង ។ សូម​អាន​វគ្គ​បទគម្ពីរ​ទាំងឡាយ​ខាងក្រោម​នេះ ហើយ​រកមើល​យ៉ាងហោច​ណាស់​បួន​វិធី ដែល​ឡាកូនីអូស​បានរៀបចំ​ប្រជាជន​របស់​លោក​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម ( ខាងរូបកាយ ) ដើម្បី​ទប់ទល់​នឹង​ការវាយ​ប្រហារ​ពី​ពួក​ចោរ​កាឌីអានតុន ។ ( តម្រុយ ៖ ពេលដែល​អ្នក​សិក្សា​ខ​ទាំងនេះ សូម​ប្រាកដ​ថា ញែក​ឲ្យ​ឃើញ​ពី​ភាពខុស​គ្នា រវាង​គីឌឌីអានហៃ ជា​អ្នកដឹកនាំ​ពួក​ចោរ​កាឌីអានតុន និង គីឌគីឌដូណៃ ជា​ព្យាការី​ដ៏​អស្ចារ្យ និង ជា​មេទ័ព​ឯក​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ) ។

  1. នៅលើ​ទំព័រ​ទទេ​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​បន្ទាត់​មួយ​ចំ​កណ្ដាល​ទំព័រ ។ សូម​សរសេរ​ឃ្លា​ថា ការរៀបចំ​របស់​ឡាកូនីអូស នៅ​ខាងលើ​ម្ខាង និង ឃ្លា​ថា ភាពស្រដៀង​គ្នា​នៅ​សម័យ​ទំនើប នៅ​ខាងលើ​ម្ខាង​ទៀត ។ នៅ​ខាងក្រោម​ចំណងជើង « ការរៀបចំ​របស់​ឡាកូនីអូស » សូម​សរសេរ ឬ គូរ​វិធី​បួន​យ៉ាង ដែល​អ្នក​បាន​រកឃើញ​ថា ឡាកូនីអូស និង ពួក​សាសន៍​នីហ្វៃ​បាន​រៀបចំ​ដើម្បី​ទប់ទល់​នឹង​ការវាយ​ប្រហារ ។ នៅ​ខាងក្រោម​ចំណងជើង « ភាពស្រដៀង​គ្នា​នៅ​សម័យ​ទំនើប » សូម​សរសេរ ឬ គូរ​នូវ​ឧទាហរណ៍​មួយ​ចំនួន​នៃ​ភាពស្រដៀង​គ្នា​នៅ​សម័យ​ទំនើប ដែល​ស្រដៀង​គ្នា​ទៅនឹង​អ្វី​ដែល​ឡាកូនីអូស​បាន​ធ្វើ ដើម្បី​រៀបចំ​ប្រជាជន ។ ភាពស្រដៀង​គ្នា​ទាំងនេះ គប្បី​ពណ៌នា​ពី​ការរៀបចំ​ខាង​វិញ្ញាណ និង ខាង​សាច់ឈាម ដែល​យើង​ត្រូវបាន​ទូន្មាន​ឲ្យ​ធ្វើ​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ។

  2. ដើម្បី​ជួយ​អ្នក​គិត​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​នូវ​អ្វី​ដែល​អ្នក​បាន​រៀន សូម​ឆ្លើយ​សំណួរ​ពីរ ឬ ច្រើន​ជាង​នោះ ចេញ​ពី​សំណួរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​អាច​ធ្វើ​ឲ្យ​ផ្ទះ​របស់​អ្នក​បាន​រឹងមាំ ដើម្បី​តទល់​នឹង​ការវាយ​ប្រហារ​របស់​មារសត្រូវ​បាន​យ៉ាង​ដូចម្ដេច ?

    2. តើ​ការប្រមូល​ផ្ដុំ​គ្នា​ជា​ក្រុមគ្រួសារ សាខា ឬ វួដ ផ្ដល់​ការការពារ​ដល់​យើង​យ៉ាងណា ?

    3. ហេតុអ្វី​ការសិក្សា​ព្រះគម្ពីរ​ប្រចាំ​ថ្ងៃ ជា​វិធី​មួយ​ដ៏​សំខាន់​ម្ល៉េះ ដើម្បី​ពង្រឹង​ខ្លួន​អ្នក ?

    4. តើ​ពេលណា ដែល​ការអធិស្ឋាន​បាន​ជួយ​អ្នក​ទទួល​បាន​កម្លាំង​ខាង​វិញ្ញាណ ដើម្បី​តទល់​នឹង​មារសត្រូវ ឬ គ្រោះថ្នាក់ ?

    5. តើ​ការប្រែចិត្ត​អាច​ជា​ទម្រង់​មួយ​នៃ​ការរៀបចំ​សម្រាប់​ពេល​អនាគត​ដោយ​របៀប​ណា ?

    6. តើ​អ្នក​គិត​ថា ហេតុអ្វី​ការជ្រើសរើស​ធ្វើតាម​អ្នក​ទាំងឡាយ​ដែល​មាន​វិញ្ញាណ​នៃ​ការព្យាករណ៍ និង វិវរណៈ គឺជា​ការសំខាន់​ជាពិសេស​នៅ​សព្វថ្ងៃ​នេះ ?

ដើម្បី​ឃើញ​ពី​អ្វី​ដែល​បាន​កើតឡើង ពេលដែល​ពួក​ចោរ​កាឌីអានតុន​បាន​វាយ​ប្រហារ​ឡាកូនីអូស និង ប្រជាជន​របស់​លោក សូម​អាន នីហ្វៃទី3 4:7–12 ។ ចេញពី​ដំណើរ​រឿង​នេះ យើង​រៀន​ថា ពេល​យើង​រៀបចំ​ខ្លួន​យើង​ខាង​វិញ្ញាណ និង ខាង​សាច់​ឈាម នោះ​យើង​អាច​យកឈ្នះ​ឧបសគ្គ​ទាំងឡាយ​តាមរយៈ​កម្លាំង​ពី​ព្រះអម្ចាស់ ។

ឡាកូនីអូស និង ប្រជាជន​របស់​លោក​អាច​យកឈ្នះ​លើ​ពួក​ចោរ​កាឌីអានតុន ហើយ​បំផ្លាញ​ពួក​អ្នក​ដឹកនាំ​នៃ​ក្រុម​ចោរ ។ ពួកគេ​បាន​ជោគជ័យ​ដោយសារ​ការជ្រើសរើស​របស់​ពួក​អ្នក​ដឹកនាំ​របស់​គេ ( សូមអាន នីហ្វៃទី3 3:19; 4:17) ការគោរព​ប្រតិបត្តិ​របស់​គេ ( សូមមើល នីហ្វៃទី3 3:21; 4:18 ) និង ការពឹង​ផ្អែក​លើ​ព្រះ​របស់​គេ ( សូមមើល នីហ្វៃទី3 4:30–31 ) ។ សូមអាន នីហ្វៃទី3 4:30–33 ហើយ​រកមើល​ពី​របៀប​ដែល​ប្រជាជន​បាន​ឆ្លើយតប បន្ទាប់ពី​ជ័យជំនះ​របស់​ពួកគេ​ទៅលើ​ពួក​ចោរ​កាឌីអានតុន ។ តើ​ប្រជាជន​បាន​ដឹង​ថា អ្វី​ជា​បុព្វហេតុ​ទាំងឡាយ​សម្រាប់​ការរំដោះ​រួច​របស់​ពួកគេ​ចេញពី​ពួក​ចោរ​កាឌីអានតុន ? គោលការណ៍​មួយ​ដែល​ខ​ទាំងនេះ​បង្ហាញ​គឺ ៖ ការដឹង​ពី​សេចក្ដី​ល្អ និង សេចក្ដី​មេត្តា​ករុណា​របស់​ព្រះ នៅក្នុង​ការរំដោះ​យើង​ចេញពី​ការលំបាក​ទាំងឡាយ ជួយ​យើង​ឲ្យ​នៅតែ​បន្ទាបខ្លួន ។

នីហ្វៃទី3 5

សេចក្ដី​សុខសាន្ត​បាន​មាន​ឡើងវិញ​ក្នុង​ចំណោម​ប្រជាជន មរមន​ពន្យល់​ពី​ការសង្ខេប​របស់​លោក​អំពី​បញ្ជី​ទាំងឡាយ

រូបភាព
មរមន​កំពុង​សង្ខេប​ផ្ទាំង​ទាំងឡាយ

សូម​គិត​ថាតើ​បទពិសោធន៍​ខាង​វិញ្ញាណ​ផ្ទាល់ខ្លួន​បាន​មាន​ឥទ្ធិពល​យ៉ាងណា ទៅលើ​សេចក្ដី​ជំនឿ​របស់​អ្នក បំណង​ប្រាថ្នា​របស់​អ្នក ឬ របៀប​ដែល​អ្នក​ប្រព្រឹត្ត​បន្ទាប់ពី​បទពិសោធន៍​ខាង​វិញ្ញាណ​នោះ ។ សូមអាន នីហ្វៃទី3 5:3–4 ហើយ​រកមើល​អ្វី​ដែល​ពួក​សាសន៍​នីហ្វៃ​បានធ្វើ ដែល​ជា​លទ្ធផល​មកពី​ជំនួយ និង ពរជ័យ​ទាំងឡាយ​ដែល​ពួកគេ​បាន​ទទួល​ពី​ព្រះអម្ចាស់ ។ សូម​កត់ចំណាំ​ថា របៀប​មួយ​ក្នុង​ចំណោម​របៀប​ទាំងឡាយ ដែល​ប្រជាជន​បាន​ឆ្លើយតប គឺ​ផ្សព្វផ្សាយ​ដំណឹងល្អ​ទៅ​ដល់​អ្នក​ផ្សេងទៀត ។

នៅក្នុង នីហ្វៃទី3 5:14–26 មរមន​បានពន្យល់​ពី​មូលហេតុ​ដែល​លោក​បាន​ធ្វើ​បញ្ជី​សង្ខេប​របស់​លោក ។ សូមអាន នីហ្វៃទី3 5:12–13 ហើយ​រកមើល​អ្វី​ដែល​មរមន​បាន​និយាយ អំពី​ការទទួល​ខុសត្រូវ​របស់​លោក ក្នុង​ការសរសេរ​ការសង្ខេប​នៃ​បញ្ជី​នីហ្វៃ ។

ចេញពី​ខ​ទាំងនេះ យើង​រៀន​ថា ក្នុង​នាម​ជា​សិស្ស​របស់​ព្រះយេស៊ូវគ្រីស្ទ យើង​មាន​ការទទួល​ខុស​ត្រូវ​មួយ​ក្នុង​ការបង្រៀន​ដល់​អ្នក​ផ្សេងទៀត​ពី​ផ្លូវ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។ របៀប​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ចំណោម​របៀប​ដ៏​សំខាន់​បំផុត​ទាំងឡាយ ដែល​យើង​អាច​បង្ហាញ​ពី​ការដឹងគុណ​របស់​យើង​ចំពោះ​ព្រះអម្ចាស់ សម្រាប់​អ្វី​ដែល​ទ្រង់​ធ្វើ​សម្រាប់​យើង គឺ​ដោយ​ការជួយ​អ្នក​ផ្សេងទៀត​មកកាន់​ទ្រង់ និង ទទួល​ពរជ័យ​ទាំងឡាយ​ដែល​ទ្រង់​មាន​សម្រាប់​ពួកគេ ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​របៀប​មួយ​ចំនួន​ដែល​អ្នក​អាច​បង្រៀន​ដល់​អ្នក​ផ្សេង​ទៀត​ពី​ផ្លូវ​ទៅកាន់​ជីវិត​អស់កល្ប ក្នុង​នាម​ជា​សិស្ស​ម្នាក់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ សូម​គិត​ផងដែរ​អំពី​ស្ថានភាព​មួយ​ចំនួន ពេលដែល​អ្នក​អាច​បង្រៀន​ការណ៍​នេះ​ដល់​អ្នក​ផ្សេង​ទៀត ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី3 2–5 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖