ជំពូកទី ២
អំពើទុច្ចរិត និងអំពើខ្ពើមឆ្អើមទាំងឡាយ កើនឡើងនៅក្នុងចំណោមប្រជាជន — ពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិនរួបរួមគ្នា ដើម្បីការពារខ្លួនប្រឆាំងនឹងពួកចោរកាឌីអានតុន — ពួកសាសន៍លេមិនដែលប្រែចិត្តជឿក្លាយទៅជាស ហើយត្រូវបានហៅថា សាសន៍នីហ្វៃ។ ប្រមាណជាឆ្នាំ ៥–១៦ គ.ស.។
១ហើយហេតុការណ៍បានកើតឡើងថា ឆ្នាំទីកៅសិបប្រាំបានកន្លងផុតទៅយ៉ាងនេះដែរ ហើយប្រជាជនបានចាប់ផ្ដើមភ្លេចទីសម្គាល់ និងការអស្ចារ្យទាំងឡាយ ដែលពួកគេបានឮនោះ ហើយបានចាប់ផ្ដើមមានសេចក្ដីអស្ចារ្យកាន់តែតិចទៅៗចំពោះទីសម្គាល់ ឬការអស្ចារ្យនីមួយៗអំពីស្ថានសួគ៌ ដរាបដល់ពួកគេបានចាប់ផ្ដើមរឹងរូសនៅក្នុងចិត្តរបស់គេ និងងងឹតងងល់នៅក្នុងគំនិតរបស់គេ ហើយបានចាប់ផ្ដើមមិនជឿអ្វីៗទាំងអស់ ដែលពួកគេបានឃើញហើយបានឮ —
២ដោយនឹកក្នុងចិត្តដល់ការឥតប្រយោជន៍ថា ការណ៍នោះត្រូវបានធ្វើឡើងដោយមនុស្ស និងដោយអំណាចរបស់អារក្ស ដើម្បីកបញ្ឆោត និងដឹកនាំចិត្តមនុស្សឲ្យវង្វេង ម្ល៉ោះហើយ អារក្សសាតាំងបានចាប់យកដួងចិត្តមនុស្សបានជាថ្មីទៀត ដរាបដល់វាបានធ្វើឲ្យគេខ្វាក់ភ្នែក ហើយនាំគេឲ្យវង្វេង ឲ្យជឿថា គោលលទ្ធិព្រះគ្រីស្ទ គឺជាការណ៍មួយដ៏ឆ្កួតលីលា ហើយឥតប្រយោជន៍ទៅវិញ។
៣ហើយហេតុការណ៍បានកើតឡើងថា ប្រជាជនបានចាប់ផ្ដើមមានកម្លាំងមុតមាំនៅក្នុងអំពើទុច្ចរិត និងអំពើខ្ពើមឆ្អើមទាំងឡាយ ហើយពួកគេមិនជឿថា នឹងមានទីសម្គាល់ ឬការអស្ចារ្យឯណាទៀតទេ ដែលនឹងត្រូវបានប្រទានមក ហើយអារក្សសាតាំង កបានចេញទៅដើម្បីនាំចិត្តមនុស្សឲ្យវង្វេង ល្បួងពួកគេ ហើយបណ្ដាលឲ្យពួកគេធ្វើអំពើទុច្ចរិតដ៏ធំនៅលើដែនដី។
៤ហើយឆ្នាំទីកៅសិបប្រាំមួយបានកន្លងផុតទៅយ៉ាងនេះ និងឆ្នាំទីកៅសិបប្រាំពីរផងដែរ និងឆ្នាំទីកៅសិបប្រាំបីផង និងឆ្នាំទីកៅសិបប្រាំបួនផង។
៥ហើយមួយរយឆ្នាំបានកន្លងទៅដែរ ចាប់ពីសម័យហ្លួងកម៉ូសាយ ដែលជាស្ដេចលើប្រជាជននៃសាសន៍នីហ្វៃ។
៦ហើយប្រាំមួយរយប្រាំបួនឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីកាលដែលលីហៃ បានចាកចេញពីក្រុងយេរូសាឡិមមក។
៧ហើយប្រាំបួនឆ្នាំបានកន្លងផុតទៅ ចាប់តាំងពីកាលដែលទីសម្គាល់ត្រូវបានប្រទានមក ដែលបាននិយាយដោយពួកព្យាការីថា ព្រះគ្រីស្ទនឹងយាងមកឯលោកិយ។
៨ឥឡូវនេះ ពួកសាសន៍នីហ្វៃបានចាប់ផ្ដើមរាប់ពេលវេលារបស់គេ ចាប់ពីរយៈពេលដែលទីសម្គាល់បានប្រទានមកនេះ ឬចាប់ពីការយាងមកនៃព្រះគ្រីស្ទ ហេតុដូច្នោះហើយ ប្រាំបួនឆ្នាំបានកន្លងផុតទៅ។
៩ហើយនីហ្វៃ ដែលត្រូវជាឪពុករបស់នីហ្វៃ ដែលជាអ្នកមានភារៈរក្សាបញ្ជីទាំងឡាយ កពុំបានត្រឡប់ទៅដែនដីសារ៉ាហិមឡាវិញទេ ហើយក៏មិនអាចរកឃើញនៅក្នុងអស់ទាំងដែនដីដែរ។
១០ហើយហេតុការណ៍បានកើតឡើងថា ប្រជាជននៅតែស្ថិតក្នុងអំពើទុច្ចរិត ទោះជាមានការផ្សាយ និងការព្យាករណ៍ជាច្រើន ដែលបានធ្វើឡើងនៅក្នុងចំណោមពួកគេក្ដី ហើយឆ្នាំទីដប់បានកន្លងផុតទៅដូច្នោះដែរ ហើយឆ្នាំទីដប់មួយក៏បានកន្លងផុតទៅនៅក្នុងអំពើទុច្ចរិតដែរ។
១១ហើយហេតុការណ៍បានកើតឡើងថា នៅក្នុងឆ្នាំទីដប់បី ចាប់ផ្ដើមមានសង្គ្រាមទាំងឡាយ និងការទាស់ទែងគ្នាទាំងឡាយទូទៅអស់ទាំងដែនដី ព្រោះពួកចោរកាឌីអានតុន បានក្លាយទៅជាមានចំនួនដ៏ច្រើនឥតគណនា ហើយបានសម្លាប់ប្រជាជនអស់ជាច្រើន ហើយបានធ្វើឲ្យទីក្រុងជាច្រើនគ្មានមនុស្សនៅ ហើយបានពង្រាលសេចក្ដីស្លាប់ និងការកាប់សម្លាប់ដ៏ច្រើនទូទៅទាំងដែនដី ដែលក្លាយទៅជាការចាំបាច់ថា ប្រជាជនទាំងអស់ ទាំងពួកសាសន៍នីហ្វៃ និងពួកសាសន៍លេមិន ត្រូវលើកអាវុធប្រឆាំងនឹងពួកវា។
១២ហេតុដូច្នេះហើយ សាសន៍លេមិនទាំងអស់ ដែលបានក្លាយទៅជាអ្នកប្រែចិត្តជឿដល់ព្រះអម្ចាស់ បានរួបរួមជាមួយគ្នានឹងបងប្អូនរបស់គេ គឺពួកសាសន៍នីហ្វៃ ហើយត្រូវបង្ខំចិត្តលើកអាវុធប្រឆាំងនឹងពួកចោរកាឌីអានតុនទាំងនោះ ដើម្បីការពារជីវិតរបស់គេ និងប្រពន្ធរបស់គេ និងកូនរបស់គេ មែនហើយ ហើយរក្សាសិទ្ធិទាំងឡាយរបស់គេផង និងឯកសិទ្ធិទាំងឡាយ នៃសាសនាចក្ររបស់គេ និងការថ្វាយបង្គំរបស់គេ និងកសេរីភាពរបស់គេ និងខឥស្សរភាពរបស់គេ។
១៣ហើយហេតុការណ៍បានកើតឡើងថា មុនឆ្នាំទីដប់បីនេះកន្លងផុតទៅ ពួកសាសន៍នីហ្វៃត្រូវគំរាមកំហែងឲ្យដល់នូវការបំផ្លិចបំផ្លាញទាំងស្រុងដោយសារសង្គ្រាមនេះ ដែលបានក្លាយទៅជាឃោរឃៅជាខ្លាំង។
១៤ហើយហេតុការណ៍បានកើតឡើងថា ពួកសាសន៍លេមិនទាំងនោះ ដែលបានរួបរួមជាមួយនឹងពួកសាសន៍នីហ្វៃ ត្រូវបានរាប់ក្នុងចំណោមពួកសាសន៍នីហ្វៃ។
១៥ហើយកបណ្ដាសារបស់គេត្រូវបានដកចេញ ហើយស្បែករបស់គេបានក្លាយមកជាខពណ៌ស ដូចពួកសាសន៍នីហ្វៃ។
១៦ហើយពួកកំលោះ និងពួកកូនក្រមុំរបស់គេ បានក្លាយទៅជាស្រស់ល្អដ៏លើសលប់ ហើយពួកគេត្រូវបានរាប់ក្នុងចំណោមពួកសាសន៍នីហ្វៃ ហើយត្រូវបានហៅថា សាសន៍នីហ្វៃ។ ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីដប់បីទៅ។
១៧ហើយហេតុការណ៍បានកើតឡើងថា នៅដើមឆ្នាំទីដប់បួន សង្គ្រាមរវាងពួកចោរនឹងប្រជាជននីហ្វៃ បានបន្តទៅមុខ ហើយបានក្លាយទៅជាឃោរឃៅយ៉ាងខ្លាំង ទោះជាយ៉ាងណាក៏ដោយ គង់តែប្រជាជននីហ្វៃបានយកប្រៀបលើពួកចោរបានដែរ ដរាបដល់ពួកគេបានរុញច្រានពួកវាឲ្យថយក្រោយចេញពីដែនដីគេទៅក្នុងភ្នំទាំងឡាយ និងក្នុងទីសម្ងាត់ទាំងឡាយរបស់ពួកវាវិញ។
១៨ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីដប់បួនទៅ។ ហើយនៅក្នុងឆ្នាំទីដប់ប្រាំ ពួកវាបានចេញមកតតាំងនឹងប្រជាជននីហ្វៃ ហើយមកពីអំពើទុច្ចរិតរបស់ប្រជាជននីហ្វៃ និងការទាស់ទែង និងការបែកបាក់គ្នាជាច្រើនរបស់គេ នោះពួកចោរកាឌីអានតុនយកប្រៀបលើគេបាន។
១៩ម្ល៉ោះហើយ ក៏ចប់ឆ្នាំទីដប់ប្រាំទៅ ម្ល៉ោះហើយ ប្រជាជនបាននៅក្នុងស្ថានភាពមួយ ដែលមានសេចក្ដីទុក្ខវេទនាដ៏ច្រើន ហើយផ្លែកដាវនៃការបំផ្លិចបំផ្លាញបានព្យួរនៅពីលើគេ ដរាបដល់គេជិតត្រូវវាយកាប់រំលំចោល ហើយនេះគឺមកពីអំពើទុច្ចរិតរបស់គេ៕