ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 8 ៖ ថ្ងៃទី 1 នីហ្វៃទី2 26–27


មេរៀនទី 8 ៖ ថ្ងៃទី 1

នីហ្វៃទី 2 26–27

សេចក្តី​ផ្ដើម

នីហ្វៃ​បាន​មើល​ឃើញ​ជា​មុន​អំពី​ការយាង​មក​កាន់​ទ្វីប​អាមេរិក​របស់​ព្រះយេស៊ូវគ្រីស្ទ និង ការ​បំផ្លិចបំផ្លាញ​ដែល​នឹង​មាន​មក​លើ​ប្រជាជន​លោក​នៅ​ពេល​ក្រោយ​មក​ទៀត​នោះ ។នីហ្វៃ​ក៏​បាន​មើល​ឃើញ​ជា​មុន​ផងដែរ អំពី​អ្នក​ទាំងឡាយ​ដែល​កំពុង​រស់នៅក្នុងថ្ងៃ​ចុងក្រោយ ហើយ​បាន​ព្រមាន​ពួកគេ​ទាស់​នឹង​ការឆ្មើងឆ្មៃ បក្សព័ន្ធ​សម្ងាត់ និង ឧបាយកល​ផ្នែកសង្ឃ ។ដើម្បី​ចង្អុលបង្ហាញ​ពី​របៀប​ដែល​ព្រះអម្ចាស់​នឹង​ផ្តល់​ផ្លូវ​មួយ​ដល់​យើង​ដើម្បី​យកឈ្នះលើ​ឥទ្ធិពល​នៃ​អំពើ​ទុច្ចរិត និង ការក្បត់សាសនា នោះ​នីហ្វៃ​បាន​ដាក់​បញ្ចូលនូវ​ការព្យាករណ៍​ទាំងឡាយ​របស់​លោក​អេសាយ​អំពី​ការស្តារ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ឡើងវិញ​នៅថ្ងៃ​ចុងក្រោយ ។

នីហ្វៃទី 2 26

នីហ្វៃ​ព្យាករ​ទាក់ទងនឹង​ថ្ងៃ​ចុងក្រោយ និង អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យមករក​ព្រះគ្រីស្ទ

តើ​អ្នក​ធ្លាប់​ជួបប្រទះ​ការរញ្ជួយដី ព្យុះរន្ទះ​ដ៏ខ្លាំង ឬ ហេតុការណ៍​ដែល​ទទួលរង​ការបំផ្លិចបំផ្លាញ​ផ្សេងៗ ឬ បានឃើញ​រូបភាព ឬ ខ្សែវីដេអូ​អំពី​ស្ថានភាព​ទាំងអស់នោះ​ដែរឬទេ ?នីហ្វៃ​បានឃើញ​ថា នៅ​ថ្ងៃ​ចុងក្រោយ អ្នក​រស់​នៅលើ​ផែនដី​នេះ« នឹង​ពិនិត្យពិច័យនឹង​ផ្គរលាន់ និង ផ្លេកបន្ទោរ និង ផែនដីរញ្ជួយ ព្រមទាំង​ការបំផ្លិចបំផ្លាញ​គ្រប់យ៉ាង » ( នីហ្វៃទី 2 26:6 ) ។តើមានអ្វី​ចូលមក​ក្នុង​គំនិត​អ្នក​នៅពេល​អ្នក​អាន​អំពី « សេចក្តីពិរោធ​នៃ​ព្រះអម្ចាស់ » ( នីហ្វៃទី2 26:6 )ឬ« សេចក្តីយុត្តិធម៌​ទាំងឡាយ​នៃ​ព្រះ » ( នីហ្វៃទី 2 25:3 ) ?សេចក្តីយុត្តិធម៌​ទាំងឡាយ​នៃ​ព្រះគឺ​មាន​បំណង​ដើម្បី​ប្រទានពរ​ដល់​កូនចៅ​របស់​ទ្រង់—ដើម្បី​នាំ​ពួកទុច្ចរិត​ឲ្យប្រែចិត្ត និង ការពារ​ពួកសុចរិត ។នៅក្នុងនីហ្វៃទី 2 26:1–11 នីហ្វៃ​បាន​ព្យាករ​ពី​ការបំផ្លិចបំផ្លាញ​ទាំងឡាយ​ដែល​នឹង​កើតឡើង​ពី​មុន​ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ​មក​កាន់​ទ្វីបអាមេរិក និង ពី​ការបំផ្លិចបំផ្លាញ​ចុងក្រោយ​របស់​ប្រជាជន​របស់​លោក​ដោយសារ​តែ​អំពើទុច្ចរិត​របស់​ពួកគេ ។សូម​អាននីហ្វៃទី 2 26:8–9ហើយ​រកមើល​ពរជ័យ​ទាំងឡាយ​ដែល​នីហ្វៃ​បាន​មាន​ប្រសាសន៍​ថា នឹង​មាន​មក​លើ​កូនចៅ​សុចរិត​របស់​លោក ។បន្ទាប់​មក សូម​អាននីហ្វៃទី 2 26:12–13 ហើយ​រកមើល​ថា តើអ្វី​ដែល​ត្រូវ​បាន​សន្យា​សម្រាប់​យើងនៅ​ពេល​យើង​អនុវត្ត​សេចក្តី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

  1. ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​រូប​អង្គទ្រង់​ដល់​អ្នក​ទាំង​ឡាយ​ដែល​អនុវត្ត​សេចក្តីជំនឿ​លើ​ទ្រង់ និង ស៊ូ​កាន់ខ្ជាប់​ក្នុង​សេចក្តីសុចរិត ។សូម​កត់ត្រា​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ព្រះយេស៊ូវគ្រីស្ទ​បង្ហាញ​រូប​អង្គ​ទ្រង់​ដល់​អ្នកទាំងឡាយ​ដែល​អនុវត្ត​សេចក្តី​ជំនឿ​លើ​ទ្រង់​ដោយ​របៀប​ណា ?( សូម​មើល នីហ្វៃទី 2 26:13 ) ។

    2. តើ​អ្នក​ធ្លាប់​បាន​ឃើញ ឬ មាន​បទពិសោធន៍​ពី​ការ​បើកសម្តែង​មួយ​ចំនួន​ទាំង​នេះ​របស់​ព្រះយេស៊ូវគ្រីស្ទ យ៉ាង​ដូចម្ដេច​ដែរ ?

នៅ​ក្នុងនីហ្វៃទី 2 26:14–19 នីហ្វៃ​បាន​ព្យាករ​ថា នៅថ្ងៃ​ចុងក្រោយ បន្ទាប់​ពី​ប្រជាជន​របស់​លោក និង ពូជ​បងៗ​របស់​លោក​ត្រូវ​បាន​ចុះ​អន់ថយ​ក្នុង​ការ​ឥតជំនឿ នោះ​ព្រះគម្ពីរ​មរមន​នឹង​ចេញ​មក ។នៅ​ក្នុងនីហ្វៃទី 2 26:20–22លោក​បាន​ពិពណ៌នា​ថា តើ​មាន​មនុស្ស​ច្រើន​ប៉ុណ្ណា​ក្នុង​ថ្ងៃ​ចុង​ក្រោយ​ដែល​នឹង​មាន​ពោរពេញ​ដោយ​ការឆ្មើងឆ្មៃ បដិសេធ​អព្ភូតហេតុ​នៃ​ព្រះ និង ពឹងផ្អែក​លើ​ប្រាជ្ញា និង ចំណេះវិជ្ជា​របស់​ពួកគេ​វិញ​នោះ ។តើ​អ្នក​បាន​ឃើញ​ថា ការ​ព្យាករណ៍របស់​នីហ្វៃ​ត្រូវ​បាន​បំពេញ តាម​របៀប​ណា​ខ្លះ ?

នីហ្វៃ​បាន​ព្រមាន​ដល់​យើង​ថា អារក្ស​ប្រើប្រាស់​ការឆ្មើងឆ្មៃ សេចក្តី​លោភលន់ និង កិច្ចការ​សម្ងាត់​ទាំងឡាយ​ដើម្បី​កំទេច ឬ បំផ្លាញ​យើង ។នៅ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក នៅ​ក្បែរនីហ្វៃទី 2 26:22 សូម​គូស​ចំណាំ​របៀប​ដែល​សាតាំង​ព្យាយាម​ចង​យើង ។ខ្សែបន្លា​គឺ​ជា​ខ្សែ​អំបោះ​ស្តើង​តូច​មួយ​ធ្វើ​ពី​កម្បាស​ដែល​ងាយ​នឹង​ដាច់​ខ្លាំង​ណាស់ ។ទោះជា​យ៉ាង នៅ​ពេល​ខ្សែ​អំបោះ​ជា​ច្រើន​ត្រូវ​បាន​វេញត្បាញ​បញ្ចូល​គ្នា នោះ​ខ្សែ​អំបោះ​ទាំងនោះ​នឹង​ក្លាយ​ជា​ខ្សែ​ដាប់​មួយ​យ៉ាង​មាំ ។សូម​អាននីហ្វៃទី 2 26:32ហើយ​អង្កេត​មើល​ឧទាហរណ៍​ទាំងឡាយ​ស្តី​ពី « អំពើ​ទាំងឡាយ​នៃ​សេចក្តី​ងងឹត » ដែល​ព្រះអម្ចាស់​បញ្ជា​យើង​ឲ្យ​ចៀសវាង ។សូម​សញ្ចឹង​គិត​ថា​តើ​ខ្សែ​អំបោះ​មួយ​អាច​ក្លាយ​ជា « ខ្សែដាប់ » ក្នុងនីហ្វៃទី 2 26:32ដោយ​របៀបណា ។

  1. សូម​ស្រម៉ៃ​ថា អ្នក​កំពុង​បង្រៀន​មិត្ត​ម្នាក់​ពី​របៀប​ដើម្បី​ចៀសវាង​ពី​អន្ទាក់​របស់​អារក្ស ( សាតាំង ) ។ដោយ​ប្រើនីហ្វៃទី 2 26:20–22, 32នោះ​សូម​សរសេរ​កថាខណ្ឌ​មួយ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដែល​ពន្យល់​ពី​វិធី​ដែល​អារក្ស​ព្យាយាម​ចង​យើង ។ជា​ពិសេស សូម​អង្កេត​មើល​ក្នុងនីហ្វៃទី 2 26:22ពី​របៀប​ដែល​មារសត្រូវ​ប្រើប្រាស់​ខ្សែ​បន្លា​រហូត​ដល់​ជនរងគ្រោះ​ត្រូវ​បាន​ចង​ដោយ​ខ្សែដាប់​ដ៏មាំ ហើយ​សូម​ផ្តល់​ជា​ឧទាហរណ៍​មួយ​ផង ។

នីហ្វៃ​បាន​ឃើញ​ពី​ការបំផ្លិចបំផ្លាញ​ដែល​បង្ក​មក​ពី​មារសត្រូវ និង បាន​ព្រមាន​ពី​អន្ទាក់ និង ឥទ្ធិពល​របស់​សាតាំង​នៅ​ថ្ងៃ​ចុងក្រោយ ។ផ្ទុយ​ពី​អំពើ​ទាំងឡាយ​នៃ​សេចក្តី​ងងឹត​របស់​សាតាំង នីហ្វៃ​បាន​បង្រៀន​ថា សេចក្តី​ស្រលាញ់​របស់​ព្រះ​លាត​សន្ធឹង​ទៅ​កាន់​មនុស្ស​ទាំងអស់ ហើយ​ថា គោលបំណង​របស់​ទ្រង់​គឺ​ត្រូវ​សង្គ្រោះ​មនុស្ស​ទាំង​ឡាយ​ណា​ដែល​មក​រក​ទ្រង់ ។សូម​អាននីហ្វៃទី 2 26:23–24ហើយ​គូស​ចំណាំ​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​របៀប​ដែល​ព្រះ​ធ្វើ​ការ​ជាមួយ​កូន​ចៅ​របស់​ទ្រង់ ។យោង​ទៅ​តាមនីហ្វៃទី 2 26:24តើ​គោលបំណង​របស់​ព្រះ​គឺ​ជា​អ្វីនៅ​ក្នុង​គ្រប់​ការណ៍​ទាំងអស់​ដែល​ទ្រង់​ធ្វើ ?អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ឃ្លា​ដែល​បង្រៀន​គោលលទ្ធិ​នេះ ៖ គ្រប់​ការណ៍​ដែល​ព្រះអម្ចាស់​ធ្វើ​គឺ​សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​ការយល់ដឹង​ថា គ្រប់​ការណ៍​ដែល​ព្រះអម្ចាស់​ធ្វើ គឺ​សម្រាប់​ជា​ប្រយោជន៍​ដល់​មនុស្ស​លោក ជួយ​អ្នក​ឲ្យ​បង្កើន​សេចក្តី​ជំនឿ​របស់​អ្នក​លើ​ព្រះវរបិតាសួគ៌ ហើយ​ផ្តល់​ឲ្យ​អ្នក​នូវ​សេចក្តី​សុខសាន្ត ហើយ​និង​ការការពារ​នៅ​ក្នុង​ជីវិត​នេះ យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​អាន​ត្រួសៗ​ក្នុងនីហ្វៃទី 2 26:25–28, 33ហើយ​គូសចំណាំ​រាល់​ពាក្យ អស់​អ្នក​រាល់​គ្នា/ទាំងអស់ អ្នក​ណា​ម្នាក់និងគ្មាន​អ្នក​ណា​ម្នាក់ដែល​មាន ។បន្ទាប់​មក សូម​ត្រឡប់​ទៅ​អាន​ខគម្ពីរ​ទាំងនេះ​ឡើងវិញ ដោយ​យក​ចិត្ត​ទុកដាក់​ជាពិសេស​ចំពោះ​ពាក្យ​ទាំងនេះ និង របៀប​ដែល​នីហ្វៃ​បានបង្រៀន​ថា ព្រះអម្ចាស់​ស្រឡាញ់​មនុស្ស​ទាំងអស់ ហើយ​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យមករក​ទ្រង់ ហើយ​ទទួលទាន​នូវ​សេចក្តីសង្គ្រោះ​របស់​ទ្រង់ ។សូម​សញ្ចឹង​គិត​ថា តើ​គោលការណ៍​នេះ​ជះ​ឥទ្ធិពល​យ៉ាង​ដូចម្តេចទៅលើ​របៀប​ដែល​អ្នក​គិត​ចំពោះ​បទបញ្ញាត្តិ បទដ្ឋាន និង មនុស្ស​ដទៃ ។

  1. សូមអាន នីហ្វៃទី 2 26:29–31 ។នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក សូម​រាយ​អំពី​លក្ខណៈ​នៃ​ឧបាយកល​ផ្នែក​សង្ឃ​ពីរ ឬ បី​ដែល​មាន​នៅក្នុង ខទី 29ហើយ​បន្ទាប់មក ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​ឧបាយកល​ផ្នែក​សង្ឃ​កំពុង​បំផ្លាញ​ដល់​សាសនាចក្រ ?

    2. យោងទៅ​តាមនីហ្វៃទី 2 26:30តើ​ឧបាយកល​ផ្នែក​សង្ឃ​ត្រូវបាន​រារាំង​តាម​របៀប​ណា ?

នីហ្វៃទី 2 27:1–23

នីហ្វៃ​ព្យាករ​អំពី​ការ​នាំមក​នូវ​ព្រះគម្ពីរ​មរមន

រូបភាព
ព្រះគម្ពីរ​ប៊ីប​ជាច្រើន​ភាសា
  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ៖ តើ​អ្នក​ដឹង​ដោយ​របៀបណា ( ឬ ហេតុអ្វី​អ្នក​ជឿ ) ថា ព្រះគម្ពីរ​មរមន​គឺជា​ព្រះបន្ទូល​របស់​ព្រះ ?

ព្រះអម្ចាស់​បាន​បើកសម្តែង​ដល់​ព្យាការី​អេសាយ​នូវ​សេចក្តី​ពិស្តារ​ទាក់ទងនឹង​ការលេច​ចេញមក​នូវ​ព្រះគម្ពីរ​មរមន ដែល​នីហ្វៃ​បានកត់ត្រា​ក្នុងនីហ្វៃទី 2 27 ។បន្ទាប់ពី​អេសាយ​បាន​ព្យាករ​ថា នៅ​ថ្ងៃ​ចុងក្រោយ​មាន​មនុស្ស​ជាច្រើន​ដែល​នឹងពោរពេញ​ទៅ​ដោយ​អំពើ​ទុច្ចរិត ហើយ​បដិសេធ​ពួកព្យារី នោះ​លោក​បានបង្រៀន​ថា ព្រះ​នឹង​បើកសម្តែង​នូវ​ព្រះគម្ពីរ​មួយ​ដែល​ជា​កំណត់ត្រា​ពីបុរាណ ( សូមមើលនីហ្វៃទី 2 27:1–7 ) ។សូមអាន នីហ្វៃទី 2 27:12–14ហើយ​រកមើល​អ្វី​ដែល​ខគម្ពីរ​ទាំងនេះ​បង្រៀន​ថា ព្រះអម្ចាស់​នឹង​ធ្វើដើម្បី​ស្ថាបនា​សេចក្តី​ពិត​របស់​ព្រះគម្ពីរដែល​នឹង​លេច​ចេញមក​នៅថ្ងៃ​ចុងក្រោយ ។

វិធី​មួយ​ដែល​ព្រះអម្ចាស់​បានស្ថាបនា​ភាពពេញលេញ​នៃ​សេចក្តីពិត​របស់​ព្រះគម្ពីរ​មរមនគឺ​ត្រូវ​អនុញ្ញាតិ​ឲ្យ​បុគ្គល​ផ្សេងទៀត​ធ្វើជា​សាក្សី​ពី​ផ្ទាំង​មាស​នេះ ។លោក អូលីវើរ ខៅឌើរី លោក ដាវីឌ វិតមើរ និង លោក ម៉ាទិន ហារីស ត្រូវបាន​ជ្រើសរើស​ធ្វើ​ជា​ពួកសាក្សី​បី​នាក់ ហើយ​ត្រូវបាន​ពោលដល់​នៅក្នុងនីហ្វៃទី 2 27:12 ។( សូមមើល « ទីបន្ទាល់​នៃ​ពួកសាក្សី​បីនាក់ » នៅឯ​ទំព័រ​ខាងមុខ​នៃ​ព្រះគម្ពីរ​មរមន ) ។

« មួយ​ចំនួន​តូច » ដែល​មាន​ពោលដល់​នៅក្នុងនីហ្វៃទី 2 27:13គឺ​មានរួម​ទាំង​ពួក​សាក្សី​ប្រាំបី​នាក់ ( សូមមើល « ទីបន្ទាល់​នៃ​ពួកសាក្សី​ប្រាំបីនាក់ » នៅ​ទំព័រ​ខាងមុខ​នៃ​ព្រះគម្ពីរ​មរមន ) ។សូម​ពិចារណា​ពី​ការគូស​ចំណាំ​ឃ្លា « ពួកសាក្សី​ទាំងប៉ុន្មាន​ដែល​ទ្រង់​យល់​ថាល្អ » នៅក្នុងនីហ្វៃទី 2 27:14 ។នៅពេល​អ្នក​ទទួល និង ចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន នោះ​អ្នក​ក៏​នឹង​ក្លាយជា​សាក្សី​ម្នាក់​សម្រាប់​សេចក្តីពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​នេះ​ផងដែរ ។អ្នក​អាច​នឹង​ចង់​សរសេរ​ឈ្មោះ​របស់​អ្នក​នៅក្បែរនីហ្វៃទី 2 27:14ជា​សាក្សី​ម្នាក់ទៀត​ក្នុង​ចំណោម​សាក្សី​ទាំងនេះសម្រាប់​សេចក្តី​ពិត​ដ៏ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ។

អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់បាន​មានប្រសាសន៍​ពី​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​លោក​អំពី​ព្រះគម្ពីរ​មរមន​ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

« ខ្ញុំ​ធ្វើ​ទីបន្ទាល់​ថា មនុស្ស​ម្នាក់​ពុំ​អាច​ចាប់ផ្តើម​មាន​សេចក្តី​ជំនឿ​ដ៏​ពេញលេញ​នៅក្នុង​កិច្ចការ​ថ្ងៃ​ចុងក្រោយ​នេះ​បានទេ—ហើយ​ដោយ​ហេតុ​នោះ គឺ​ពុំ​អាច​រកឃើញ​នូវ​រង្វាស់​នៃ​សន្តិភាព​ដ៏ពេញលេញព្រមទាំង​ការលួងលោម​នៅក្នុង​កិច្ចការ​នេះ នៅ​អំឡុងពេល​របស់យើង​បាន​ឡើយ—លើកលែង​តែ​គាត់​ឱបក្រសោប​នូវ​ទេវភាព​នៃ​ព្រះគម្ពីរ​មរមននិង ព្រះអម្ចាស់​យេស៊ូវគ្រីស្ទដែល​ព្រះគម្ពីរ​នេះ​ធ្វើ​បន្ទាល់​អំពី​ទ្រង់ ។ …

« ខ្ញុំ​រំពឹង​ថា ទីបន្ទាល់​របស់ខ្ញុំ​អំពី​ព្រះគម្ពីរ​មរមន និង គ្រប់​ការណ៍​ទាំងអស់​ដែល​វា​បញ្ជាក់ ដែល​ត្រូវ​បាន​ថ្លែង​នៅ​ថ្ងៃ​នេះ នៅ​ក្រោម​សម្បថ និង តំណែង​បព្វជិតភាព​របស់​ខ្ញុំ នឹង​ត្រូវ​បាន​កត់ត្រា​ដោយ​មនុស្ស​នៅ​លើ​ផែនដី និង ទេវតា​នៅ​ស្ថានសួគ៌ ។… ខ្ញុំ​ចង់​ឲ្យ​ទី​បន្ទាល់​របស់​ខ្ញុំ​សបញ្ជាក់​យ៉ាង​ច្បាស់ នៅ​ពេល​ខ្ញុំ​ឈរ​នៅខាងមុខ​វេទិកា​ជំនុំជម្រះ​នៃ​ព្រះថា​ខ្ញុំ​បានប្រកាស​ដល់​ពិភពលោក​នេះដោយ​សម្តី​ដ៏​ស្មោះ​ត្រង់​បំផុត ដែល​ខ្ញុំ​អាច​ប្រកាសថា​ព្រះគម្ពីរ​មរមន​គឺជា​ព្រះគម្ពីរ​ពិត ថា​ព្រះគម្ពីរ​នេះ​លេច​ចេញមក​តាមការណ៍​ដែល​យ៉ូស៊ែប បានមាន​ប្រសាសន៍ ហើយ​ត្រូវ​បាន​ប្រទានមក​ដើម្បី​នាំឲ្យមាន​សុភមង្គល និង សេចក្តី​សង្ឃឹម​ដល់​ជនស្មោះត្រង់​ដែល​បានរងទុក្ខ​នៅថ្ងៃ​ចុងក្រោយ » ( «Safety for the Soul» Ensignខែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ 89–90 ) ។

សូម​សញ្ជឹងគិត​អំពី​អ្វី​ដែល​អ្នក​អាច​ធ្វើដើម្បី​ពង្រឹង​ការផ្លាស់ប្រែ​ចិត្ត​ជឿ​របស់អ្នក​អំពី​សេចក្តីពិត​ដ៏ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូមសរសេរ​ចូល​នូវ​អ្វី​ដែល​អ្នក​នឹង​ធ្វើ​នៅ​ឆ្នាំនេះដើម្បី​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​សេចក្តីពិត​ដ៏ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ។

ដើម្បី​បំពេញ​សកម្មភាព​ខាងក្រោមនេះ អ្នក​នឹង​ត្រូវ​មើល យ៉ូសែប ស្ម៊ីធ—ប្រវត្តិ ដែល​មាន​នៅក្នុង​មុត្តា​ដ៏​មាន​តម្លៃ​មហិមា ។សូមមើលយ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:63–65ហើយ​រកមើល​បុគ្គល​ទាំងឡាយក្នុង​ដំណើរ​រឿង​នោះ ។បន្ទាប់មក សូម​អាន​វគ្គគម្ពីរ​ដែល​ដាក់ឲ្យ​ពីនីហ្វៃទី 2 27ក្នុង​តារាង​ខាងក្រោម ហើយ​ផ្គូផ្គង​ឈ្មោះ​មួយ​ទៅ​នឹង​បណ្តុំ​ខគម្ពីរ​នីមួយៗ ។

  1. ឆាល្ស អ័នថុន

  2. យ៉ូសែប ស្ម៊ីធ

  3. ម៉ាទិន ហារីស

រូបភាព
ព្រះគម្ពីរ​មរមន និង អក្សរ​ពីបុរាណ

ពាក្យអក្សរ​ទាំងឡាយក្នុងយ៉ូសែប ស្ម៊ីធ—ប្រវត្តិ 1:63–65សំដៅ​លើ​អក្សរ​អេស៊ីព្ទ​កែទម្រង់ដែលយ៉ូសែប ស្ម៊ីធបាន​ថតចម្លង និង បាន​បកប្រែ​ពី​ផ្ទាំងមាសដែល​លោក ម៉ាទិន ហារីសបាន​បង្ហាញ​ដល់​សាស្រ្តាចារ្យឆាល្ស អ័នថុន ។លោក ឆាល្ស អ័នថុន គឺ​ជា​គ្រូបង្រៀន​ម្នាក់​នៅ​សាកលវិទ្យាល័យ​កូឡុំប៊ី និង ជា​បុរស​ម្នាក់​ដែល​មាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​ការចេះ​ភាសា​បុរាណ​នានា ។បន្ទាប់​ពី​ថ្លែង និង បញ្ជាក់​ជា​លាយលក្ខណ៍​អក្សរ​ថា ការបកប្រែ​អក្សរ​ទាំងឡាយ​របស់​យ៉ូសែប ស្ម៊ីធ គឺ​ត្រឹមត្រូវ នោះ​សាស្ត្រាចារ្យ​បាន​ហែកចោល​លិខិត​បញ្ជាក់​នៃ​ការបកប្រែ​នោះ នៅ​ពេល​គាត់​ត្រូវ​បាន​ប្រាប់​ពី​លក្ខណៈ​អព្ភូតហេតុ​ក្នុង​ការទទួល​បាន​ផ្ទាំង​នេះ ។គាត់​បាន​ស្នើ​ផ្ដល់​ជំនួយ​ក្នុង​ការបកប្រែ​កំណត់ត្រា​នោះ​ដោយ​ខ្លួនគាត់​ផ្ទាល់ ។នៅពេល​លោក ម៉ាទិន ហារីស បាន​ពន្យល់​ថា ផ្ទាំង​ភាគ​ខ្លះ​ត្រូវ​បាន​បិទ​ត្រា​នោះ​សាស្ត្រាចារ្យ អ័នថុន បាន​មាន​ប្រសាសន៍​ថា គាត់​មិន​អាច​អាន​គម្ពីរ​ដែល​បិទត្រា​បាន​ទេ ។យោងទៅតាមនីហ្វៃទី 2 27:16តើ​យើង​រៀន​អ្វីអំពី​កត្ដា​ជំរុញ​របស់​លោក ឆាល្ស អ័នថុន​ក្នុង​ការចង់​បកប្រែ​ផ្ទាំង​ទាំងនេះ ?

សូម​អាននីហ្វៃទី 2 27:20–23ហើយ​គូសចំណាំ​ឃ្លា​ដែល​មាន​ដូច​គ្នា​ក្នុង​ខ​ទី 20 និង 21 ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នកពី​របៀប​អ្វី​ដែល​អ្នក​បាន​សិក្សា​មក​ដល់​ត្រឹម​ពេលនេះ​នៅក្នុងនីហ្វៃទី 2 27:1–23បញ្ជាក់​ថា ព្រះ​អាច​ធ្វើ​កិច្ចការ​របស់​ទ្រង់​បាន ។( បើសិន​អ្នក​ត្រូវ​ការ​ព័ត៌មាន​បន្ថែម​អំពី​ការ​លេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន សូម​មើលគ. និង ស. 20:8–12 ) ។

អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្តីពិត​ដូច​ទៅ​នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ៖ការ​លេច​ចេញ​មក​នៃ​ព្រះគម្ពី​រមរមន​គឺ​ជារបៀប​មួយ​នៃ​របៀប​ទាំងឡាយដែល​ព្រះ​នឹង​សម្រេច​កិច្ចការ​របស់ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ ។

  1. សូម​ឆ្លើយ​ដល់​សំណួរ​តទៅ​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ៖ តើ​ការបំពេញ​នៃ​ការព្យាករណ៍​ពី​បុរាណ​អំពី​ព្រះគម្ពីរ​មរមនពង្រឹង​ ទីបន្ទាល់​របស់​អ្នក​ពី​ព្រះគម្ពីរ និង តួនាទី​របស់​វា​ក្នុង​ការស្តារ​ឡើង​វិញ​នៃ​សាសនាចក្រ​របស់​ព្រះ អម្ចាស់​ដោយ​របៀបណា ?

នីហ្វៃទី 2 27:24–35

នីហ្វៃ​ព្យាករ​ពី​ឥទ្ធិពល​វិជ្ជមាន​នៃ​ការស្តារ​ឡើង​វិញ​នូវ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទ

រូបភាព
យ៉ូសែប ស្ម៊ីធ នៅ​ក្នុង​ព្រៃ​ពិសិដ្ឋ

ព្រះ​បាន​ជ្រើសរើស​បុរស​វ័យ​ក្មេង​ម្នាក់​ដែល​មាន​ឈ្មោះ​ថា យ៉ូសែប ស្ម៊ីធ ឲ្យ​ធ្វើ​ជា​ព្យាការី​នៃ​ការស្តារ​ឡើង​វិញ ហើយ​នាំ​មក​នូវ​កិច្ចការ​ដ៏​អស្ចារ្យ​របស់​ទ្រង់​នៅ​ថ្ងៃ​ចុងក្រោយ ។« ការណ៍​មួយ​យ៉ាង​អស្ចារ្យ » ដែល​មាន​និយាយ​ក្នុង​ព្រះគម្ពីរ គឺជា​ការស្តារ​ឡើងវិញ​នូវ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវគ្រីស្ទដែល​មានរួមទាំង​ការលេច​ចេញមក​នៃ​ព្រះគម្ពីរ​មរមន ។សូមអាននីហ្វៃទី 2 27:25–26គូស​ចំណាំ​ឃ្លា « ការណ៍​មួយ​យ៉ាង​អស្ចារ្យ​ហើយ​ចម្លែក » ហើយ​រកមើល​ស្ថានភាព​មួយ​ចំនួន​ដែល​នឹង​មាននៅពេល​ព្រះអម្ចាស់​បាន​ចាប់ផ្តើម​ការណ៍​ដ៏អស្ចារ្យ​នេះ ។សូម​សញ្ជឹងគិត​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន និង ការស្តារ​ឡើងវិញ​បាន​ជួយ​អ្នក​ឲ្យ​ចៀសវាង​ពី​ស្ថានភាព​ទាំងនោះ ។

សូមអាននីហ្វៃទី 2 27:29–30, 34–35ហើយ​គូស​ចំណាំ​ពរជ័យ​ទាំងឡាយ ដែល​មាន​ដោយសារ​ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន និង ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ ។ព្រះគម្ពីរ​មរមន និង ដំណឹង​ល្អ​ដែល​បានស្ដារ​ឡើងវិញនឹង​នាំមកនូវ​សេចក្តី​អំណរ និង ការយល់ដឹង​ដល់​អ្នកទាំងឡាយ​ដែល​សិក្សា និង ទទួលយក​ដំណឹងល្អ​ទាំង​នេះ ។

  1. សូម​កត់ត្រា​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​តទៅ​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ៖ តើ​ការស្ដារ​ឡើងវិញ​នៃ​ដំណឹងល្អ​ដែល​មាន​រួមទាំង​ការលេច​ចេញមក​នៃ​ព្រះគម្ពីរ​មរមន គឺជា « ការណ៍​មួយ​យ៉ាង​អស្ចារ្យ » ក្នុង​ជីវិត​របស់អ្នក​យ៉ាង​ដូចម្តេច​ដែរ ?

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សានីហ្វៃទី 2 26–27ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជា​មួយ​គ្រូ​របស់​ខ្ញុំ ៖