ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 29 ៖ ថ្ងៃ​ទី 4 អេធើរ 3


មេរៀនទី 29 ៖ ថ្ងៃ​ទី 4

អេធើរ 3

សេចក្តី​ផ្ដើម

ព្រះអម្ចាស់​បានសួរ​បង​របស់​យ៉ារេឌ​ថា « តើ​អ្នក​ចង់​ឲ្យ​យើង​ធ្វើ​អ្វី ដើម្បី​ឲ្យ​អ្នក​មាន​ពន្លឺ​នៅក្នុង​ភេត្រា​ទាំងឡាយ​របស់​អ្នក ? » ( អេធើរ 2:23 ) ។ នៅក្នុង​ការឆ្លើយ​តប​វិញ បង​របស់​យ៉ារេឌ​បាន​រៀបចំ​ក្រួស 16 ដុំ ដោយ​ប្រុង​ប្រយ័ត្ន ហើយ​បាន​អធិស្ឋាន​ដោយ​រាបទាប​ថា ព្រះអម្ចាស់​នឹង​ពាល់​វា « ឲ្យ​វា​អាច​បាន​ភ្លឺ​ចែងចាំង​ក្នុង​ទីងងឹត » ( អេធើរ 3:4 ) ។ ដោយសារ​សេចក្ដី​ជំនឿ​ដ៏​ធំធេង​នៃ​បង​របស់​យ៉ារេឌ នោះ​លោក​បាន​ឃើញ​ព្រះអង្គុលី​របស់​ព្រះអង្គ​សង្គ្រោះ ពេល​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ពាល់​ក្រួស​ទាំង​នោះ ។ បន្ទាប់មក ព្រះអម្ចាស់​បាន​បង្ហាញ​អង្គ​ទ្រង់​ដល់​បង​របស់​យ៉ារេឌ ហើយ​បាន​បញ្ជា​លោក​ឲ្យ​សរសេរ​នូវ​អ្វី​ដែល​លោក​បាន​ឃើញ និង ឮ ។

អេធើរ 3:1–20

ព្រះអម្ចាស់​ពាល់​ក្រួស ដើម្បី​ផ្ដល់​ពន្លឺ​ដល់​ភេត្រា​របស់​សាសន៍​យ៉ារេឌ ហើយ​ទ្រង់​បង្ហាញ​ព្រះអង្គ​ទ្រង់​ដល់​បង​របស់​យ៉ារេឌ

ជា​ឧទាហរណ៍ តើ​មាន​អ្វី​ខ្លះ​ដែល​អ្នក ឬ មនុស្ស​វ័យ​ក្មេង​ផ្សេង​ទៀត អធិស្ឋាន​សុំ​ដោយ​ស្មោះ​អស់​ពី​ចិត្ត ? ជ្រើសរើស​ចំណុច​មួយ​ចេញ​ពី​ចំណុច​ទាំងនេះ ហើយ​សរសេរ​វា​នៅ​ទីនេះ ៖

ពេល​អ្នក​សិក្សា​ពី​គំរូ​នៃ​បង​របស់​យ៉ារេឌ នៅក្នុង អេធើរ 3 សូម​រកមើល​ការយល់ដឹង​ជ្រាលជ្រៅ ដែល​នឹង​ជួយ​អ្នក ឬ មិត្ត​ម្នាក់​ឲ្យ​ទទួល​ជំនួយ​ពី​ព្រះអម្ចាស់ ។

ចូរ​គិត​អំពី​ការអធិស្ឋាន​នៃបង​របស់​យ៉ារេឌ​ចំពោះ​ព្រះអម្ចាស់ អំពី​ការផ្ដល់​ពន្លឺ​ដល់​ភេត្រា និង ពី​ចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​លោក ។ សូម​រំឭក អេធើរ 2:22–3:1 ។ បន្ទាប់មក សរសេរ​ចំណងជើង​ពិពណ៌នា​សម្រាប់​រូប​នីមួយៗ​ខាងក្រោម​នេះ ដែល​ពិពណ៌នា​ពី​អ្វី​ដែល​បង​របស់​យ៉ារេឌ​បាន​ធ្វើ ដែល​ជា​ផ្នែក​របស់​លោក ដើម្បី​ដោះស្រាយ​បញ្ហា​នៃ​ការអត់​មាន​ពន្លឺ ។

រូបភាព
បុរស​ជាមួយ​នឹង​ភ្លើង និង ឧបករណ៍

រូបភាព
បុរស​ឡើង​ភ្នំ

  1. សូម​សរសរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ងើច​សរសើរ អំពី​ការប្រឹងប្រែង​របស់​បង​របស់​យ៉ារេឌ ក្នុង​ការដោះស្រាយ​បញ្ហា​នៃ​ពន្លឺ​នៅក្នុង​ភេត្រា ។ ទោះបី​បង​របស់​យ៉ារេឌ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក៏​ពិត​មែន តែ​សូម​ពិចារណា ថាតើ​ក្រួស​ដែល​អាច​រលាយ​​របស់​លោក ​អាច​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​ក្នុង​ការផ្ដល់​ពន្លឺ បើ​អត់មាន​ជំនួយ​ពី​ព្រះអម្ចាស់​នោះ ។

សូម​អាន អេធើរ 3:2–5 ហើយ​ធ្វើ​ដូច​ខាងក្រោម​នេះ ៖

  • កំណត់ ឬ គូស​ចំណាំ​ឃ្លា​ទាំងឡាយ ដែល​បង្ហាញ​ថា បង​របស់​យ៉ារេឌ​បាន​បន្ទាប​ខ្លួន និង ទទួល​ស្គាល់​ពី​ការពឹង​ផ្អែក​របស់​លោក​ទៅលើ​ព្រះ ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការដឹង​ថា ឃ្លា « ធម្មជាតិ​នៃ​យើង​ខ្ញុំ​បាន​ក្លាយ​ទៅជា​អាក្រក់​ជានិច្ច » គឺ​សំដៅ​ដល់​ស្ថានភាព​ដ៏​ពោរពេញ​ដោយ​អំពើ​បាប​របស់​យើង​នៅ​លើ​ផែនដី ។ ដោយសារ​តែ​ការធ្លាក់​របស់​អ័ដាម នោះ​យើង​ត្រូវបាន​បែកចេញ​ពី​ព្រះ​ខាង​រូបកាយ ។ យើង​ក៏​រង​នូវ​អំពើ​បាប​ផងដែរ ។ បើ​គ្មាន​ជំនួយ​ដ៏​ទេវភាព​ទេ នោះ​យើង​មិន​អាច​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះ​វិញ​ឡើយ ។

  • ចូរ​រកមើល​ពី​អ្វី​ដែល​បង​របស់​យ៉ារេឌ​បាន​ទូល​សុំ​ដល់​ព្រះអម្ចាស់​ឲ្យ​ធ្វើ ។

  • ចូរ​រកមើល ឬ គូសចំណាំ​ពី​អ្វី​ដែល​បង​របស់​យ៉ារេឌ​បាន​ថ្លែង​ទីបន្ទាល់ ថា​លោក​បាន​ដឹង​អំពី​ព្រះ ។

រូបភាព
បង​របស់​យ៉ារេឌ​ឃើញ​ព្រះអង្គុលី​របស់​ព្រះអម្ចាស់
  1. សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មាន​ភស្ដុតាង​អ្វីខ្លះ ដែល​អ្នក​អាច​រកឃើញ​នៅក្នុង អេធើរ 3:1–5 ដែលថា បង​របស់​យ៉ារេឌ​មាន​សេចក្ដី​ជំនឿ​ថា ព្រះអម្ចាស់​អាច​ជួយ​លោក​ដោះស្រាយ​បញ្ហា​របស់​លោក​បាន ?

    2. តើ​គំរូ​របស់​លោក​អាច​ជួយ​អ្នក ឲ្យ​ដឹង​ពី​ការពឹង​ផ្អែក​របស់​អ្នក​លើ​ព្រះអម្ចាស់ ពេល​អ្នក​សុំ​ជំនួយ​ពី​ទ្រង់ យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​មកពី អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​សង្កត់​ធ្ងន់​លើ​សេចក្ដី​ជំនឿ​នៃ​បង​របស់​យ៉ារេឌ ៖ « ពិតណាស់ ព្រះ ក៏​ដូច​ជា​អ្នក​អាន​ផងដែរ មាន​អារម្មណ៍​ថា មាន​អ្វី​មួយ​ដែល​លេច​ធ្លោ​នៅក្នុង​ភាពឥត​ទោស​ដូច​ជា​កូនក្មេង និង នៅក្នុង​សេចក្ដី​ក្លៀវក្លា​នៃ​សេចក្ដី​ជំនឿ​របស់​បុរស​នេះ ។ ‹ មើលចុះ ព្រះអម្ចាស់​អើយ ទ្រង់​អាច​ធ្វើ​ការ​នេះ ›អេធើរ 3:5 ] ។ ប្រហែល​ជា​គ្មាន​សេចក្ដី​ជំនឿ​ណា​ដែល​ពោរពេញ​ដោយ​អំណាច ដែល​ត្រូវបាន​និយាយ​ដោយ​មនុស្ស​ណា​ទៀត​នៅក្នុង​ព្រះគម្ពីរ​នោះទេ ។ … ទោះ​ជា​មាន​ភាពមិន​ច្បាស់លាស់​យ៉ាង​ណា ចំពោះ​សមត្ថភាព​របស់​ខ្លួន​លោក​ផ្ទាល់​ក៏​ដោយ ក៏​លោក​គ្មាន​ការសង្ស័យ​សោះឡើយ​ចំពោះ​អំណាច​របស់​ព្រះ » ( «Rending the Veil of Unbelief» នៅក្នុង Nurturing Faith through the Book of Mormon: The 24th Annual Sidney B. Sperry Symposium [1995] ទំព័រ 12 ) ។

សូម​អាន អេធើរ 3:6 ហើយ​ស្រម៉ៃ​ថា វា​អាច​ជា​យ៉ាង​ណា ក្នុង​ការស្ថិត​នៅក្នុង​ស្ថានភាព​ដែល​បាន​ពិពណ៌នា​នៅក្នុង​ខ​នេះ ។

សូម​អាន អេធើរ 3:9 រកមើល​ពី​មូលហេតុ​ដែល​ព្រះអម្ចាស់​មាន​ព្រះទ័យ​នឹង​ប៉ះ​ក្រួស និង មូលហេតុ​ដែល​បង​របស់​យ៉ារេឌ​ អាច​ឃើញ​ព្រះអង្គុលី​របស់​ព្រះអម្ចាស់ ។

សូម​បញ្ចប់​សេចក្ដី​ថ្លែង​ពី​គោលការណ៍​តទៅ​នេះ ដោយ​យោង​ទៅលើ​អ្វី​ដែល​អ្នក​បាន​រៀន​មកដល់​ត្រឹម​នេះ នៅក្នុង អេធើរ 3 ៖ ពេល​យើង​អំពាវនាវ​ដោយ​រាបទាប​ដល់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ឆ្លើយតប​ដល់​យើង​ទៅ​តាមឆន្ទៈ របស់​យើង និង តាម​ព្រះហឫទ័យ​របស់​ទ្រង់ ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ ទាំងពីរ​ខាងក្រោម​នេះ​ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​មើល​អ្វី​ដែល​អ្នក​បាន​សរសេរ​នៅ​ខាងដើម​មេរៀន​នេះ អំពី​អ្វី​ដែល​អ្នក ឬ មនុស្ស​វ័យ​ក្មេង​ផ្សេង​ទៀត​អធិស្ឋាន​សុំ ។ តើ​មនុស្ស​ម្នាក់​អាច​បង្ហាញ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ ពេល​គាត់​ស្វែងរក​ជំនួយ និង ការដឹកនាំ​របស់​ទ្រង់​នៅក្នុង​ស្ថានភាព​នោះ​ដោយ​របៀប​ណា ?

    2. តើ​អ្នក​បាន​មាន​បទពិសោធន៍​អ្វី នៅក្នុង​ជីវិត​អ្នក ដែល​នាំ​អ្នក​ឲ្យ​ស្គាល់​ពី​ភាពពេញលេញ​នៃ​សេចក្ដី​ពិត​នៃ​គោលការណ៍​ដែល​ថា ពេល​យើង​អំពាវនាវ​ដោយ​រាបទាប​ដល់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ឆ្លើយតប​ដល់​យើង ទៅតាម​សេចក្ដី​ជំនឿ​របស់​យើង និង តាម​ព្រះហឫទ័យ​របស់​ទ្រង់ ?

សូម​យក​ពេល​មួយ​ស្របក់​ធ្វើ​ការវាយ​តម្លៃ​ដោយ​ស្ងៀមស្ងាត់ ថាតើ​អ្នក​ទុកចិត្ត​លើ​ព្រះអម្ចាស់​ប៉ុណ្ណា ។ សូម​អាន អេធើរ 3:9–12 ហើយ​រកមើល និង គូសចំណាំ​ភស្ដុតាង​នៃ​សេចក្ដី​ជំនឿ​ដែល​បង​របស់​យ៉ារេឌ​មាន​លើ​ព្រះអម្ចាស់ ។

សូម​រំឭក អេធើរ 3:11 ហើយ​គិត​ថា តើ​អ្នក​មាន​សេចក្ដី​ជំនឿ​គ្រប់គ្រាន់ ឬ អត់ ទៅលើ​ព្រះអម្ចាស់ ដើម្បី​តាំងចិត្ត​ជឿ និង ធ្វើតាម​អ្វី​ដែល​ទ្រង់​នឹង​បើក​សម្ដែង​ដល់អ្នក ពីមុន​ពេល​ដែល​ទ្រង់​បើក​សម្ដែង​ពី​វា​នោះ ។

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន

សូម​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​ពី អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន ហើយ​គូស​បន្ទាត់​ពីក្រោម​អ្វី​ដែល​អ្នក​ត្រូវតែ​ធ្វើ ដើម្បី​អនុវត្ត​សេចក្ដី​ជំនឿ ដូចជា​បង​របស់​យ៉ារេឌ ៖ « សេចក្ដី​ជំនឿ​ដែល​រៀបចំ​ជា​ស្រេច ត្រូវបាន​បង្កើត​ឡើង​ដោយ​ការអនុវត្តន៍​ជាមុន—ដោយ​ពួក​អ្នក​ដឹង ដែល​ផ្ដល់​នូវ​គ្រឹះ​មួយ​សម្រាប់​ការជឿ ។ ប៉ុន្តែ​សេចក្ដី​ជំនឿ​នៃ​ការប្រោសលោះ ជាញឹកញាប់ ចាំបាច់ត្រូវបាន​អនុវត្ត​ឆ្ពោះ​ទៅកាន់​បទពិសោធន៍​ទាំងឡាយ​ក្នុង​ពេល​អនាគត—ដោយ​អ្នក​មិនដឹង ដែល​ផ្ដល់​ឱកាស​ឲ្យ​អព្ភូតហេតុ​កើត​ឡើង ។ … សេចក្ដី​ជំនឿ​បែប​នោះ នៃបង​របស់​យ៉ារេឌ កើតឡើង​ពី​មុន​អព្ភូតហេតុ និង ការចេះដឹង ។ លោក​ត្រូវតែ​ជឿ ពីមុន​ពេល​ដែល​ព្រះ​បាន​មាន​បន្ទូល ។ លោក​ត្រូវតែ​ប្រព្រឹត្ត ពីមុន​ពេល​ដែល​ឃើញ​ច្បាស់​ថា​មាន​សមត្ថភាព​ក្នុង​ការបំពេញ​កិច្ចការ​នោះ ។ លោក​ត្រូវតែ​តាំងចិត្ត​ចំពោះ​បទពិសោធន៍​នោះ​ទាំងស្រុង​ជាមុន សូម្បី​តែ​ពីមុន​ពេល​ដែល​លោក​ដឹង​ថា​វា​ជា​អ្វី​ទៅ​ទៀត ។ សេចក្ដី​ជំនឿ គឺ​ត្រូវ​យល់ស្រប​ដោយ​គ្មាន​លក្ខខណ្ឌ—និង ធ្វើ​ឡើង​ជាមុន—ចំពោះ​លក្ខខណ្ឌ​ណា​ក៏​ដោយ ដែល​ព្រះ​តម្រូវ​ឲ្យ​ធ្វើ ទាំង​ក្នុង​ពេល​ឆាប់ៗ និង អនាគត » ( Christ and the New Covenant: The Messianic Message of the Book of Mormon [1997] ទំព័រ 18–19 ) ។

សូម​គិត​អំពី​បទពិសោធន៍​ទាំងឡាយ​នៃ​បង​របស់​យ៉ារេឌ ដោយ​ចាប់ផ្ដើម​ពី​នៅ​ប៉ម​នៃ​ក្រុង​បាបិល ។ តើ​បទពិសោធន៍​អ្វី​ខ្លះ ដែល​បាន​ជួយ​បង្កើន​សេចក្ដី​ជំនឿ​របស់​លោក​ទៅលើ​ព្រះអម្ចាស់ ? តើ​អ្នក​គិត​ថា បទពិសោធន៍​ទាំងនេះ​បាន​រៀបចំ​លោក​ឲ្យ​អនុវត្ត « សេចក្ដី​ជំនឿ​ដ៏​លើសលប់ » ( អេធើរ 3:9 ) យ៉ាង​ដូច​ម្ដេច​ដែរ នៅ​ពេល​នោះ ?

  1. សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្វី​ជា​បទពិសោធន៍​មួយ​នៅក្នុង​ជីវិត​អ្នក ដែល​បាន​បង្កើន​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះអម្ចាស់ ?

    2. តើ​បទពិសោធន៍​នោះ បាន​រៀបចំ​អ្នក​ឲ្យ​អនុវត្ត​សេចក្ដី​ជំនឿ​​កាន់តែ​ធំធេង នៅក្នុង​ពេល​អនាគត យ៉ាង​ដូច​ម្ដេច​ដែរ ?

សូម​អាន អេធើរ 3:13–20 ហើយ​រកមើល​ពរជ័យ​ដែល​បង​របស់​យ៉ារេឌ​បាន​ទទួល ដោយសារ​សេចក្ដី​ជំនឿ​របស់​លោក ។ តើ​បង​របស់​យ៉ារេឌ​បាន​រៀន​អ្វី អំពី​ព្រះអង្គ​សង្គ្រោះ ចេញពី​បទពិសោធន៍​ដ៏​អស្ចារ្យ​នេះ ? គោលការណ៍​ដ៏​សំខាន់​មួយ​ទៀត ដែល​អ្នក​អាច​រៀន​ចេញពី អេធើរ 3 គឺ ៖ ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ នោះ​យើង​នឹង​លូតលាស់​ទៅ​កាន់តែ​ជិត​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅក្បែរ អេធើរ 3:11–20 ។

អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន បាន​បញ្ចេញ​គំនិត​ទៅលើ អេធើរ 3:15–16 និង ការភាន់​ច្រឡំ​ដែល​អាច​កើតមាន មក​ពី​បទពិសោធន៍​នោះ​ថា ៖

« បញ្ហា [ មួយ ] ដែល​តម្រូវ​ឲ្យ​មាន​ការបញ្ចេញ​គំនិត​បន្ថែម​ជា​សង្ខេប គឺមក​ពី​ការប្រកាស​របស់​ព្រះអម្ចាស់​ដែល​ថា ‹ ពុំ​ដែល​មនុស្ស​ឯណា​មក​ចំពោះ​យើង ហើយ​មាន​សេចក្ដី​ជំនឿ​ដ៏​លើសលប់​ដូច​អ្នក​សោះ ដ្បិត​បើ​ពុំ​មែន​ដូច្នោះ​ទេ នោះ​អ្នក​ពុំ​អាច​មើល​ឃើញ​ម្រាមដៃ​របស់​យើង​បាន​ឡើយ › ។ ហើយ​ក្រោយមក ‹ យើង​មិន​ដែល​បង្ហាញ​រូប​យើង​ដល់​មនុស្ស​ដែល​យើង​បាន​បង្កើត​ឡើង​ទេ ដ្បិត​មិន​ដែល​មាន​មនុស្ស​ណា​ជឿ​ដល់​យើង ដូច​ជា​អ្នក​ជឿ​ឡើយ › ។ [ អេធើរ 3:9, 15 ] ។

« អ្វី​ដែល​អាច​នាំ​ឲ្យ​មាន​ការភាន់​ច្រឡំ​នៅ​ទីនេះ គឺ​មាន​ឡើង​ដោយ​ការដឹង​ថា ព្យាការី​សំខាន់ៗ​ជាច្រើន ( និង ប្រហែល​ជា​ទាំងអស់ ) ដែល​រស់នៅ​ពីមុន​បង​របស់​យ៉ារេឌ គឺ​បាន​ឃើញ​ព្រះ ។ អញ្ចឹង តើ​យើង​ទទួល​ខុសត្រូវ​ចំពោះ​ការប្រកាស​របស់​ព្រះអម្ចាស់​ដោយ​របៀប​ណា ? …

« បញ្ហា​នេះ​ត្រូវបាន​លើក​យក​មក​ពិភាក្សា​ជាច្រើន​ដោយ​ពួក​អ្នក​និពន្ធ​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ ហើយ​មាន​នូវ​ការពន្យល់​មួយ​ចំនួន​ដែល​ប្រហែលជា​​អាច​ទទួល​យកបាន ការ​ពន្យល់​ណា​មួយ​ក៏​ដោយ—ឬ ទាំងអស់—នៃ​ការពន្យល់​ទាំងនេះ អាច​ជួយ​ពន្យល់​ពី​សេចក្ដី​ពិត​នៃ​វគ្គ​នេះ​បាន​កាន់តែ​ទូលំ​ទូលាយ ។ ទោះ​យ៉ាង​ណា​ក៏​ដោយ បើ​គ្មាន​វិវរណៈ​បន្ថែម ឬ ការអធិប្បាយ​លើ​បញ្ហា​នេះ​ទេ នោះ​ការសន្មត់​ណា​ក៏​ដោយ គឺ​គ្រាន់តែ​បាន​ប៉ុណ្ណឹង បើ​ដូចនោះ​គឺ​មិន​គ្រប់គ្រាន់ និង មិន​ពេញលេញ​ទេ ។ …

« មនុស្ស​ខ្លះ​ជឿ​ថា ព្រះអម្ចាស់​មានន័យ​ថា ទ្រង់​មិនដែល​បង្ហាញ​អង្គ​ទ្រង់​ដល់​មនុស្ស​ណា​នៅក្នុង​កម្រិត​នោះ​ទេ ពីមុន​មក ។ ទ្រឹស្ដី​នេះ​ប្រាប់​ថា ការលេច​ចេញ​មក​ដ៏​ទេវភាព​ទាំងឡាយ ដល់​ពួក​ព្យាការី​ពីមុន គឺពុំ​មាន ‹ ភាពពេញលេញ › ដូចគ្នា​នេះ​ទេ ថា​ពុំដែល​មាន​ពី​មុន​មកទេ ដែល​វាំងនន​ត្រូវបាន​លើក​ឡើង ដើម្បី​ផ្ដល់​ឲ្យ​នូវ​វិវរណៈ​ដ៏​ពេញលេញ​បែប​នេះ អំពី​លក្ខណៈ និង តួអង្គ​របស់​ព្រះគ្រីស្ទ​នោះ ។ …

« ការពន្យល់​ចុងក្រោយ​មួយ—ហើយ​ក្នុង​ករណី​សេចក្ដី​ជំនឿ​របស់​បង​របស់​យ៉ារេឌ ដែល​ជា​រឿង​មួយ​ដ៏​អន្ទង​បំផុត​នោះ—គឺ​ថា ព្រះគ្រីស្ទ​បាន​មាន​បន្ទូល​ទៅកាន់​បង​របស់​យ៉ារេឌ​ថា ‹ យើង​មិន​ដែល​បង្ហាញ​រូប​យើង​ដល់​មនុស្ស នៅក្នុង​លក្ខណៈ​នេះ គឺ​ត្រូវបាន​ទាញ​មក​ទាំងស្រុង ដោយ​សេចក្ដី​ជំនឿ​របស់​អ្នក​ឃើញ ដោយ​មិន​មែន​ឆន្ទៈ​របស់​យើង​ទេ › ។ ដូចជា​ច្បាប់​មួយ ពួក​ព្យាការី​ត្រូវបាន​អញ្ជើញ​ឲ្យ​ចូល​ក្នុង​វត្តមាន​របស់​ព្រះអម្ចាស់ ត្រូវបាន​បង្គាប់​ឲ្យ​ចូល​ទៅក្នុង​វត្តមាន​របស់​ទ្រង់​ដោយ​ទ្រង់​ផ្ទាល់ និង មានតែ​ដោយ​ការអនុញ្ញាត​របស់​ទ្រង់​ប៉ុណ្ណោះ ។ តែ​បង​របស់​យ៉ារេឌ​ហាក់​ដូច​ជា​មាន​នូវ​ការរុញ​ច្រាន​ខ្លួន​លោក​ឲ្យ​ឆ្លងកាត់​វាំងនន មិនមែន​ជា​ភ្ញៀវ​ដែល​មិន​ត្រូវបាន​ស្វាគមន៍​នោះទេ ប៉ុន្តែ តាម​ន័យ​ពិត គឺ​ប្រហែល​ជា​ភ្ញៀវ​ដែល​មិន​បាន​អញ្ជើញ ។ ព្រះយេហូវ៉ា​មាន​មាន​បន្ទូល​ថា ‹ ពុំ​ដែល​មនុស្ស​ឯណា​មក​ចំពោះ​យើង ហើយ​មាន​សេចក្ដី​ជំនឿ​ដ៏​លើសលប់​ដូច​អ្នក​សោះ ត្បិត​បើ​ពុំ​មែន​ដូច្នោះ​ទេ នោះ​អ្នក​ពុំ​អាច​មើល​ឃើញ​ម្រាមដៃ​របស់​យើង​បាន​ឡើយ ។ … មិន​ដែល​មាន​មនុស្ស​ណា​ជឿ​ដល់​យើង ដូច​ជា​អ្នក​ជឿ​ឡើយ › ។ ជាក់ស្ដែង ព្រះអម្ចាស់​ទ្រង់​ផ្ទាល់ បាន​ភ្ជាប់​ទំនាក់ទំនង​នៃ​សេចក្ដី​ជំនឿ​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក ទៅនឹង​ការនិមិត្ត​ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​នេះ ។ ប្រសិនបើ​ការនិមិត្ត​នេះ​ពុំ​ពិសេស​ខុស​គេទេ នោះ​វា​ត្រូវតែ​ជា​សេចក្ដី​ជំនឿ និង របៀប​ដែល​ការនិមិត្ត​នោះ​ត្រូវបាន​ទទួល ដែល​គ្មាន​អ្វី​អាច​ប្រៀបធៀប​បាន ។ របៀប​តែ​មួយ​គត់ ដែល​សេចក្ដី​ជំនឿ​អាច​ជា​សេចក្ដី​ជំនឿ​ដ៏​អស្ចារ្យ​យ៉ាង​នេះ គឺ​សមត្ថភាព​របស់​វា​ក្នុង​ការនាំ​ព្យាការី ដោយ​មិន​បាន​អញ្ជើញ ទៅ​ដល់​កន្លែង​ដែល​អ្នក​ផ្សេងទៀត​អាច​ទៅដល់ មាន​តែ​ដោយ​ការបង្គាប់​របស់​ព្រះ​តែ​ប៉ុណ្ណោះនោះ » ( Christ and the New Covenant ទំព័រ 20–23 ) ។

អេធើរ 3:21–28

ព្រះអម្ចាស់​បញ្ជា​បង​របស់​យ៉ារេឌ ឲ្យ​សរសេរ​អ្វីៗ​ដែល​លោក​បាន​ឃើញ និង ឲ្យ​បិទ​ភ្ជាប់បញ្ជី​របស់​លោក​ទុក

សូម​អាន អេធើរ 3:25–26 ហើយ​រកមើល​អ្វី​ផ្សេងទៀត ដែល​ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​បង​របស់​យ៉ារេឌ ។ ដូច​មាន​កត់ត្រា​នៅក្នុង អេធើរ 3:21–24, 27–28 ព្រះអម្ចាស់​បាន​បញ្ជា​បង​របស់​យ៉ារេឌ ឲ្យ​សរសេរ​ការណ៍​ទាំងឡាយ​ដែល​ត្រូវបាន​បង្ហាញ​ដល់​លោក​ក្នុង​ការនិមិត្ត ហើយ​ឲ្យ​បិទ​ភ្ជាប់​វា​ទុក ។ ព្រះអម្ចាស់​ក៏​បាន​ពន្យល់​ផងដែរ​ថា ទ្រង់​នឹង​រៀបចំ​មធ្យោបាយ​មួយ ដើម្បី​ឲ្យ​ការសរសេរ​របស់​បង​របស់​យ៉ារេឌ ត្រូវបាន​បកប្រែ​នៅក្នុង​ពេល​អនាគត ។ របៀប​មួយ​ដែល​ការព្យាករណ៍​នេះ​ត្រូវបាន​បំពេញ គឺ​ពេល​ដែល​ព្យាការី យ៉ូសែប ស្ម៊ីធ បាន​បកប្រែ​គម្ពីរ​អេធើរ​ចេញពី​ផ្ទាំងមាស ជា​ផ្នែក​មួយ​នៃ​ព្រះគម្ពីរ​មរមន ហើយ​បាន​ធ្វើ​ឲ្យ​បញ្ជី​របស់​ពួក​សាសន៍​យ៉ារេឌ​មាន​ដល់​ប្រជាជន​ទាំងអស់​ដើម្បី​អាន ។

សូម​សញ្ជឹង​គិត ថាតើ​អ្នក​អាច​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន​នៅ​ថ្ងៃនេះ​​ដោយ​របៀប​ណា និង អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​បង្ហាញ​សេចក្ដី​ជំនឿ​របស់​អ្នក​ទៅលើ​ព្រះអម្ចាស់ ។ ពេល​អ្នក​អនុវត្ត​សេចក្ដី​ជំនឿ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ ព្រះ​នឹង​ចាក់​ព្រះពរ​មក​លើ​អ្នក ដូច​ដែល​ទ្រង់​បាន​ធ្វើ​ដល់​បង​របស់​យ៉ារេឌ​ដែរ ។

  1. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អេធើរ 3 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖