ថ្នាក់​សិក្ខាសាលា
មេរៀនទី 22 ៖ ថ្ងៃទី 3 ហេលេមិន 5


មេរៀនទី 22 ៖ ថ្ងៃទី 3

ហេលេមិន 5

សេចក្តីផ្ដើម

ពួក​សាសន៍​នីហ្វៃ​បានបន្ត​នៅក្នុង​សេចក្ដី​ទុច្ចរិត​រហូត​ដល់​ភាគច្រើន​នៃ​ពួកគេ បាន​ជ្រើសរើស​អ្វី​ដែល​អាក្រក់​ជាជាង​សេចក្ដី​សុចរិត ។ ដោយ​បាន​បំផុស​ដោយ​ពាក្យ​សម្ដី​របស់​ឪពុក​របស់​ពួកលោក នោះ​នីហ្វៃ និង លីហៃ បាន​ឧទ្ទិស​ខ្លួន​ដល់​ការផ្សព្វផ្សាយ​ដំណឹងល្អ ។ ហេលេមិន​ជា​ឪពុក​របស់​ពួកលោក បាន​បង្រៀន​ពួកលោក​អំពី​សារៈសំខាន់នៃ​ការស្ថាបនា​ជីវិត​ពួកលោក​លើ​គ្រឹះ​នៃ​ព្រះអង្គ​សង្គ្រោះ ។ បន្ទាប់ពី​បង្រៀន​ពួក​សាសន៍​នីហ្វៃ​ហើយ លីហៃ និង នីហ្វៃ បាន​ផ្សព្វផ្សាយ​ដល់​ពួក​សាសន៍​លេមិន ហើយ​ត្រូវបាន​បោះ​ចូល​ទៅក្នុង​គុក ។ បន្ទាប់ពី​ព្រះអម្ចាស់​បាន​ដោះលែង​នីហ្វៃ និង លីហៃ ចេញ​ពី​គុក​ដោយ​អព្ភូតហេតុ​រួចមក ភាគច្រើន​នៃ​ពួក​សាសន៍​នីហ្វៃ​បាន​ប្រែចិត្ត​ជឿ​ដល់​ដំណឹងល្អ ។

ហេលេមិន 5:1–13

ហេលេមិន​បានបង្រៀន​ដល់​នីហ្វៃ និង លីហៃ ជា​កូនប្រុស​លោក ឲ្យ​ចងចាំ​ពី​បទបញ្ញត្តិ​របស់​ព្រះ និង អំណាច​របស់​ព្រះយេស៊ូវគ្រីស្ទ​ក្នុង​ការជួយ​ដល់​ពួកលោក ។

សូមអាន​ពាក្យ និង ឃ្លា​ទាំង​ប្រាំមួយ​ខាងក្រោម​នេះ ។ ដើម្បី​ជួយ​អ្នក​បំពេញ​សកម្មភាព​បន្ទាប់​នេះ សូម​ព្យាយាម​ចងចាំ​ពាក្យ និង ឃ្លា​នីមួយៗ ។ អ្នក​នឹង​ត្រូវ​ស្នើ​ឲ្យ​សរសេរ​វា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​ចេញពី​ការចងចាំ ៖ ក្រុមគ្រួសារ ឪពុក​ម្ដាយ ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ ព្យាការី ការប្រែចិត្ត​នាំ​ទៅរក​សេចក្ដី​សង្គ្រោះ រក្សា​បទបញ្ញត្តិ ។

  1. សូម​បិទ​សៀវភៅ​ណែនាំ​ការសិក្សា​របស់​អ្នក ហើយ​សរសេរ​ពាក្យ និង ឃ្លា​ទាំង​ប្រាំមួយ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​ចេញពី​ការចងចាំ ។

ពិនិត្យមើល​ចម្លើយ​របស់​អ្នក ។ សូម​គិត​មួយ​ស្របក់ ថាបើ​វា​ងាយស្រួល ឬ ពិបាក​ក្នុង​ការចងចាំ​ឃ្លា​ទាំងឡាយ ។ តើ​អ្នក​គិត​ថា វា​មាន​ភាពខុសប្លែក​មួយ​ទេ ដែល​អ្នក​ត្រូវបាន​ប្រាប់​ថា អ្នក​នឹង​ត្រូវ​ស្នើ​ឲ្យ​សរសេរ​ពាក្យ និង ឃ្លា​ទាំងនោះ​ចេញពី​ការចងចាំ​នោះ ?

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល

សូម​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​មកពី ប្រធាន ស្ពែនស៊ើរ ដបុលយូ. ឃឹមបឹល ហើយ​គិត​ពី​មូលហេតុ​ដែល​ពាក្យ​ចងចាំ គឺជា​ពាក្យ​ដ៏​សំខាន់​ម៉្លេះ ពេលដែល​យើង​កំពុង​ព្យាយាម​រស់នៅ​តាម​ដំណឹងល្អ​នោះ ៖ « ពេល​អ្នក​មើល​ក្នុង​វចនានុក្រម​រកមើល​ពាក្យ​ដ៏​សំខាន់​បំផុត តើ​អ្នក​ដឹង​ថា​ជា​ពាក្យ​អ្វី​ទេ ? វា​អាច​ជា​ពាក្យ​ចងចាំ ។ ដោយសារ​អ្នក​ទាំងអស់​គ្នា​បាន​ធ្វើ​សេចក្ដី​សញ្ញា​ទាំងឡាយ—អ្នក​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ ហើយ​អ្នក​ដឹង​ពី​របៀប​ដើម្បី​ធ្វើ​វា—នោះ​សេចក្ដី​ត្រូវការ​ដ៏​ធំធេង​បំផុត​របស់​យើង គឺ​ត្រូវ​ចងចាំ » ( “Circles of Exaltation” [ ថ្លែង​ទៅកាន់​គ្រូ​អប់រំ​ខាង​សាសនា​របស់​ប្រព័ន្ធ​អប់រំ​សាសនាចក្រ ថ្ងៃទី 28 ខែ មិថុនា ឆ្នាំ 1968 ] ទំព័រ 5 ) ។

ថ្ងៃនេះ អ្នក​នឹង​សិក្សា​អំពី​មនុស្ស​ពីរ​នាក់ ដែល​បាន​ធ្វើ​ឲ្យ​មាន​ការផ្លាស់ប្ដូរ​ក្នុង​ជីវិត​របស់​ប្រជាជន​រាប់ពាន់​នាក់ ដោយសារ​ពួកលោក​បាន​ចងចាំ​ពី​សេចក្ដី​ពិត​ទាំងឡាយ​ដែល​ពួកលោក​ត្រូវបាន​បង្រៀន​ដោយ​ឪពុក​ពួកលោក ។ អំឡុងពេល​នៃ​វគ្គ​សិក្សា​មេរៀន​ថ្ងៃ​នេះ សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​គិត​ថា ព្រះអម្ចាស់​ទ្រង់​ចង់​ឲ្យ​អ្នក​ចងចាំ ។

ដូច​មាន​ពន្យល់​នៅក្នុង ហេលេមិន 5:1–4 នីហ្វៃ​បាន​លាលែង​ពី​តំណែង​ជា​មេចៅក្រម ដោយសារ​ប្រជាជន​បាន​ក្លាយ​ជា​ទុច្ចរិត​យ៉ាង​ខ្លាំង ។ លោក និង លីហៃ​ជា​ប្អូនប្រុស​លោក ចង់​បូជា​ពេលវេលា​ទាំងអស់​របស់​ពួកលោក​ចំពោះ​ការផ្សព្វផ្សាយ​ព្រះបន្ទូល​នៃ​ព្រះ ។ ពេល​ពួកលោក​បាន​ចាប់ផ្ដើម​ការបម្រើ​របស់​ពួកលោក នោះ​ពួកលោក​បាន​ចងចាំ​នូវ​ការបង្រៀន​ទាំងឡាយ​របស់​ហេលេមិន ជា​ឪពុក​ពួកលោក ។ សូម​អាន​ខ​ទាំងឡាយ​ខាងក្រោម​នេះ ហើយ​សង្ខេប​នៅក្នុង​ចន្លោះ​ដែល​ផ្ដល់​ឲ្យ នូវ​អ្វី​ដែល​ហេលេមិន​បាន​សុំ​ឲ្យ​កូនប្រុស​របស់​លោក​ចងចាំ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​ពាក្យ​ចងចាំ រាល់​ពេល​ដែល​ឃើញ​វា​នៅក្នុង​ខ​ទាំងនេះ​ផងដែរ ។

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​កាន់តែ​យល់​ច្បាស់​ពី​អ្វី​ដែល​អ្នក​ទើបនឹង​អាន សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការចងចាំ​ពី​គំរូ​សុចរិត​របស់​អ្នក​ផ្សេងទៀត អាច​ជួយ​អ្នក​ឲ្យ​ជ្រើសរើស « ធ្វើ​នូវ​អ្វីៗ​ដែល​ជា​ការ​ល្អ » ដូចម្ដេច​ដែរ ? ( ហេលេមិន 5:7 ) ។

    2. តើ​អ្នក​ធ្វើ​អ្វី ដើម្បី​ចងចាំ​ពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ?

សូមអាន​ឡើងវិញ​នូវ ហេលេមិន 5:12 រកមើល​ឃ្លា​ទាំងឡាយ​ដែល​គាំទ្រ​ដល់​គោលការណ៍​នេះ ៖ បើ​យើង​ស្ថាបនា​គ្រឹះ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​សាតាំង​នឹង​គ្មាន​អំណាច​មកលើ​យើង​ឡើយ ។ហេលេមិន 5:12 គឺជា​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញ​នៅពេល​ខាង​មុខ ) ។

រូបភាព
គ្រឹះ​នៃ​ជញ្ជាំង​ព្រះវិហារ​បរិសុទ្ធ​ណៅវូ

សូម​ស្រមៃ​ថា អ្នក​ត្រូវបាន​ស្នើ​ឲ្យ​រចនា​ម៉ូត​អគារ​មួយ​ដែល​នឹង​មិនដែល​រលំ​ឡើយ ។ សូម​គិត​ពី​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ៖

  • តើ​គ្រឹះ​ប្រភេទ​ណា​ដែល​អគារ​បែបនេះ​ត្រូវការ ?

  • តើ​គ្រឹះ​ដ៏​រឹងមាំ​មួយ ជួយ​ដល់​អគារ​ឲ្យ​ធន់​នឹង​អាកាសធាតុ គ្រោះ​ធម្មជាតិ ឬ កាលៈទេសៈ​លំបាក​ផ្សេងៗ​ទៀត​ដូចម្ដេច​ដែរ ?

  • តើ​ពាក្យ ឬ ឃ្លា​អ្វី​ខ្លះ នៅក្នុង ហេលេមិន 5:12 ដែល​ផ្ដល់​យោបល់​ថា ការកសាង​នៅលើ​គ្រឹះ​នៃ​ព្រះយេស៊ូវគ្រីស្ទ ជា​ព្រះ​ប្រោសលោះ​របស់​យើង នឹង​មិន​បង្ការ​នូវ​ការវាយ​ប្រហារ​របស់​មារសត្រូវ ឬ ភាពមិន​អនុគ្រោះ​នោះទេ តែ​នឹង​ផ្ដល់​កម្លាំង​ដល់​អ្នក​ដើម្បី​យកឈ្នះ​វា ?

  1. សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា សាង​គ្រឹះ​នៃ​ជីវិត​អ្នក​នៅលើ​សិលា​នៃ​ព្រះយេស៊ូវគ្រីស្ទ មានន័យ​ដូចម្ដេច ? តើ​អ្នក​កំពុង​ពុះពារ​ព្យាយាម​ធ្វើ​ការណ៍​នេះ​នៅក្នុង​ជីវិត​អ្នក​ដោយ​របៀប​ណា​ដែរ ?

    2. តើ​ពេលណា​ដែល​អ្នក​អាច​មាន​លទ្ធភាព​ទប់ទល់​នឹង​ការល្បួង ឬ ការសាកល្បង ដោយសារ​តែ​គ្រឹះ​នៃ​ជីវិត​អ្នក​គឺជា​ព្រះយេស៊ូវគ្រីស្ទ​នោះ ?

    3. តើ​អ្នក​អាច​អភិវឌ្ឍ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង នូវ​ការធ្វើ​ឲ្យ​ព្រះអង្គ​សង្គ្រោះ​ជា​គ្រឹះ​ក្នុង​ជីវិត​របស់​អ្នក​បាន​ដោយ​របៀប​ណា ?

ហេលេមិន 5:14–52

ព្រះអម្ចាស់​ការពារ​នីហ្វៃ និង លីហៃ នៅក្នុង​គុក ហើយ​កំចាត់​ចោល​នូវ​ភាពងងឹង​ចេញពី​ពួក​អ្នក​ចាប់ចង​ពួកលោក ពេល​ដែល​ពួកគេ​អំពាវនាវ​ដល់​ទ្រង់ ហើយ​ប្រែចិត្ត

ដូច​មាន​កត់ត្រា​នៅក្នុង ហេលេមិន 5:14–19 នីហ្វៃ និង លីហៃ បាន​ផ្សព្វផ្សាយ​ដំណឹង​ល្អ​ជាមួយ​នឹង​អំណាច​ដ៏​អស្ចារ្យ នៅក្នុង​ដែនដី​សារ៉ាហិមឡា ហើយ​បាន​ជ្រមុជទឹក​ប្រជាជន​រាប់ពាន់​នាក់​នៅ​ទីនោះ ។ បន្ទាប់មក ពួកលោក​បាន​ធ្វើ​ដំណើរ​ទៅ​ដែនដី​នីហ្វៃ ដែល​ជា​ដែនដី​របស់​ពួក​សាសន៍​លេមិន ។ សកម្មភាព​បន្ទាប់​នេះ គឺ​ត្រូវបាន​រៀបចំ​ឡើង ដើម្បី​ជួយ​អ្នក​ឲ្យ​យល់​ពី​បទពិសោធន៍​ដ៏​អស្ចារ្យ​របស់​នីហ្វៃ និង លីហៃ នៅក្នុង​ចំណោម​ពួក​សាសន៍​លេមិន ។

  1. សូម​គូរ​តារាង​ខាងក្រោម​នេះ ពេញ​មួយ​ទំព័រ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ បន្ទាប់មក សូម​អាន​ខ​ទាំងឡាយ​នៅក្នុង​ប្រអប់​នីមួយៗ ហើយ​គូរ​រូបភាព​សាមញ្ញ​មួយ ឬ សរសេរ​នូវ​ការសង្ខេប​ខ្លី​មួយ​ពី​អ្វី​ដែល​ក្រុមខ​នីមួយៗ​ពិពណ៌នា ។

    នីហ្វៃ និង លីហៃ នៅក្នុង​ចំណោម​ពួក​សាសន៍​លេមិន

    ហេលេមិន 5:20–21

    ហេលេមិន 5:22–25

    ហេលេមិន 5:26–28

    ហេលេមិន 5:29–34

    ហេលេមិន 5:35–39

    ហេលេមិន 5:40–44

នៅក្នុង​បទពិសោធន៍​នេះ ពពក​នៃ​សេចក្ដី​ងងឹត​អាច​តំណាង​ឲ្យ​អំពើ​បាប ហើយ​បង្គោល​ភ្លើង​ដែល​ហ៊ុំព័ទ្ធ​ជុំ​វិញ​មនុស្ស​ម្នាក់ៗ អាច​ជា​តំណាង​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

សូម​រំឭក​ឡើងវិញ​នូវ​ខ 28 និង 34 ហើយ​សរសេរ​ពី​របៀប​ដែល​ប្រជាជន​បាន​មាន​អារម្មណ៍ ពេលដែល​ពួកគេ​នៅក្នុង​ពពក​នៃ​សេចក្ដី​ងងឹត ៖

សូម​រំឭក​ឡើងវិញ​នូវ​ខ 43 និង 44 ហើយ​សរសេរ​ពី​របៀប​ដែល​ប្រជាជន​បាន​មាន​អារម្មណ៍ ពេលដែល​ពួកគេ​ត្រូវ​ហ៊ុំព័ទ្ធ​ដោយ​បង្គោល​ភ្លើង ៖

សូម​រំឭក​ឡើងវិញ​នូវ​ខ 41 និង 42 ហើយ​សរសេរ​ពី​អ្វី​ដែល​ប្រជាជន​បាន​ធ្វើ ដើម្បី​យក​ពពក​នៃ​សេចក្ដី​ងងឹត​ចេញ ឬ និយាយ​ម្យ៉ាង​ទៀត​ថា ដើម្បី​ប្រែចិត្ត​ពី​អំពើ​បាប​របស់​ពួកគេ ។

សូមអាន ហេលេមិន 5:45–47 ហើយ​សញ្ជឹង​គិត​ពី​សេចក្ដី​ពិត​អ្វី​ខ្លះ ដែល​អ្នក​រៀន​អំពី​ការប្រែចិត្ត ចេញពី​បទពិសោធន៍​នេះ ។ គោលការណ៍​មួយ​គឺ ៖ ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​របស់​យើង​លើ​ព្រះយេស៊ូវគ្រីស្ទ ហើយ​ប្រែចិត្ត​ពី​អំពើ​បាប​របស់​យើង នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​បំពេញ​ដួងចិត្ត​របស់​យើង​ជាមួយ​នឹង​សេចក្ដី​សុខសាន្ត និង សេចក្ដី​អំណរ ។

នៅក្នុង ហេលេមិន 5:48–52 យើង​រៀន​ថា ពួក​សាសន៍​លេមិន​ប្រហែល 300 នាក់ គឺជា​ផ្នែក​នៃ​អព្ភូតហេតុ​នេះ ហើយ​បាន​ប្រែចិត្ត​ជឿ​ទាំងស្រុង​លើ​ដំណឹង​ល្អ ។ ពួកគេ​បាន​ឆ្ពោះ​ទៅមុខ ហើយ​បាន​បម្រើ​ដល់​ប្រជាជន​របស់​ពួកគេ​រហូត​ដល់ « មាន​សាសន៍​លេមិន​ភាគច្រើន » បាន​ប្រែចិត្ត​ជឿ​ដែរ ( ហេលេមិន 5:50 ) ។ បន្ទាប់មក ពួក​អ្នក​ប្រែចិត្ត​ជឿ​ទាំងនេះ​បាន​ដាក់ « គ្រឿង​សាស្ត្រាវុធ​ពិជ័យ​សង្គ្រាម​របស់​ពួកគេ​ចុះ » ( ហេលេមិន 5:51 ) និង « បាន​ប្រគល់​ឲ្យ​ពួក​សាសន៍​នីហ្វៃ​វិញ​នូវ​ដែនដី​ទាំងឡាយ ដែល​ពួកគេ​យកបាន​មក » ( ហេលេមិន 5:52 ) ។ ក្នុង​ករណី​ច្រើន​បំផុត​នៅក្នុង​ព្រះគម្ពីរ​មរមន ប្រជាជន​ទទួល​បាន​នូវ​ដែនដី​របស់​ពួកគេ​មកវិញ​តាមរយៈ​ការធ្វើ​សង្គ្រាម ប៉ុន្តែ​នៅក្នុង​ករណី​នេះ ពួក​សាសន៍​នីហ្វៃ​ទទួល​បាន​នូវ​ដែនដី​របស់​ពួកគេ​មកវិញ ដោយសារ​តែ​សត្រូវ​របស់​ពួកគេ​បាន​ប្រែចិត្ត ហើយ​ទទួល​ដំណឹង​ល្អ ។

  1. សូម​គិត ថាបើ​អ្នក​កំពុង​មាន​អារម្មណ៍​នៃ​សេចក្ដី​សុខសាន្ត និង សេចក្ដី​អំណរ​នៅក្នុង​ជីវិត​អ្នក ឬ អត់ ។ សូម​គិត​អំពី​ពពក​នៃ​សេចក្ដី​ងងឹត​ណា​ក៏​ដោយ ដែល​អាច​មាន​នៅក្នុង​ជីវិត​អ្នក ដូចជា​អំពើ​បាប​ដែល​មិន​ទាន់​បាន​កែប្រែ​ចិត្ត ការទាស់ទែងគ្នា​ជាមួយ​សមាជិក​គ្រួសារ ឬ មិត្តភក្ដិ ឬ គ្រាន់តែ​ជា​ការបរាជ័យ​ក្នុង​ការធ្វើ​អ្វីៗ ដូចជា​ការអាន​ព្រះគម្ពីរ និង ការអធិស្ឋាន​ជា​ប្រចាំ ។ សូម​សរសេរ​នូវ​ការណ៍​ទាំងនេះ​មួយ ឬ ច្រើន​ជាង​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ សូម​សញ្ជឹង​គិត​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ធ្វើតាម​គំរូ​របស់​ពួក​សាសន៍​លេមិន​ដែល​នៅក្នុង ហេលេមិន 5 ហើយ​សរសេរ​ពី​អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​អញ្ជើញ​ព្រះអង្គ​សង្គ្រោះ​ឲ្យ​កំចាត់ចោល​នូវ​ភាពងងឹត​ដែល​អាច​គ្រប​ដណ្ដប់​អ្នក ។ តើ​ការប្រែចិត្ត​អាច​ជា​ផ្នែក​នៃ​ដំណោះស្រាយ​ដែល​អ្នក​កំពុង​ស្វែងរក​ដោយ​របៀបណា​ដែរ ? តើ​ការប្រែចិត្ត​នឹង​ជួយ​អ្នក​កសាង​លើ​គ្រឹះ​នៃ​ព្រះយេស៊ូវគ្រីស្ទ​ដូចម្ដេច​ដែរ ?

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—ហេលេមិន 5:12

សូម​អាន ហេលេមិន 5:12 ហើយ​រកមើល​ពាក្យ​ទាំងឡាយ​ដែល​ផ្ដល់​យោបល់​ថា​ជា​របស់​ដែល​មើលឃើញ​ដោយ​ភ្នែក​ចំពោះ​អ្នក ( ឧទាហរណ៍ ថ្ម គ្រឹះ ខ្យល់ ដុំ​ទឹកកក​ធ្លាក់ ព្យុះ ) ។ ដើម្បី​ជួយ​អ្នក​ទន្ទេញ​ចាំ​ខ​នេះ សូម​យក​ក្រដាស​មួយ​សន្លឹក ហើយ​សរសេរ​លើ​វា​នូវ​អក្សរ​ទីមួយ​នៃ​ពាក្យ​នីមួយៗ​នៅក្នុង​ខ​នេះ លើកលែង​តែ​ពាក្យ​មួយ​ផ្ដល់​យោបល់​ថាជា​របស់​ដែល​មើលឃើញ​ដោយ​ភ្នែក ។ បន្ទាប់មក សូម​គូរ​រូបភាព​សាមញ្ញ​មួយ​ដែល​តំណាង​ឲ្យ​ពាក្យ​នោះ នៅនឹង​កន្លែង​អក្សរ​មួយ​នោះ ។ សូម​អនុវត្ត​សូត្រ​ខ​នេះ ដោយ​ប្រើប្រាស់​តែ​ក្រដាស​របស់​អ្នក​ប៉ុណ្ណោះ ។ សូម​ដាក់​ក្រដាស​របស់​អ្នក​នៅ​កន្លែង​ណា ដែល​អ្នក​នឹង​ឃើញ​វា​ជា​ញឹកញាប់ ដើម្បី​ជួយ​អ្នក​ចងចាំ​ពី​សេចក្ដី​ពិត​ទាំងឡាយ​នៅក្នុង​ខ​នេះ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា ហេលេមិន 5 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖