ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 31 ៖ ថ្ងៃ​ទី 2 មរ៉ូណៃ 1–5


មេរៀនទី 31 ៖ ថ្ងៃ​ទី 2

មរ៉ូណៃ 1–5

សេចក្តី​ផ្ដើម

បន្ទាប់​ពី​​លោកបញ្ចប់​ការសង្ខេបអំ​ពី​ផ្ទាំង​ទាំងឡាយ​នៃ​អេធើរ​ហើយ មរ៉ូណៃ​បាន​ពន្យល់​ថា លោក « បាន​គិត​ស្មាន​ថា [ លោក ] មិនត្រូវ​សរសេរ​អ្វី​ទៀត​ទេ » ( មរ៉ូណៃ 1:1 ) ។ ទោះ​យ៉ាងណា លោក​ត្រូវបាន​រក្សា​ទុក​ឲ្យ​មាន​ជីវិត ដើម្បី « សរសេរ​នូវ​ការណ៍​ខ្លះ​ទៀត ដែល​ប្រហែល​ជា​អាច​មាន​ប្រយោជន៍ » ដល់​ពួក​អ្នក​ដែល​នៅក្នុង​ថ្ងៃ​ចុងក្រោយ ( មរ៉ូណៃ 1:4 ) ។ មរ៉ូណៃ 1–5 បញ្ជាក់​យ៉ាង​ច្បាស់អំ​ពី​ភាពស្មោះត្រង់​របស់​មរ៉ូណៃ​ចំពោះ​ព្រះយេស៊ូវគ្រីស្ទ ។ វា​ក៏​ពន្យល់​ ​អំពី​ការណែនាំ​ទាំងឡាយ​សម្រាប់​ពិធី​បរិសុទ្ធ​សំខាន់ៗ​នៃ​ដំណឹងល្អ រួមទាំង​ការបម្រើ​ពិធី​សាក្រាម៉ង់ផងដែរ ។

មរ៉ូណៃ 1

មរ៉ូណៃ ​គេច​ខ្លួន​ដើម្បី​សុវត្ថិភាព​ដល់​ជីវិត​លោក និង បន្ត​ការសរសេរ​របស់​លោក

អែលឌើរ ដេវីឌ អ៊ី. សរិនសិន ជា​សមាជិក​កិត្តិយស​មួយ​រូប​នៃ​ពួក​ចិតសិប​នាក់ បាន​ប្រាប់​ពី​រឿង​ដូច​តទៅ​នេះ អំពី​យុវនារី​ម្នាក់ ដែល​មាន​ភាពក្លាហាន​ក្រោក​ឈរ​ឡើង​ដើម្បី​សេចក្ដី​ជំនឿ​របស់​នាង ៖

« ចៅស្រី​របស់​ខ្ញុំ ជេនីហ្វើរ ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​ទៅ​ញ៉ាំ​អាហារ​ពេល​ល្ងាច និង មើល​កុន ជាមួយ​នឹង​មិត្តភក្ដិ​​នៅ​សាលា​របស់​នាងបួនប្រាំ​នាក់ ។ យុវនារី​ទាំងអស់ ​បាន​យល់ស្រប​ពី​រឿងកុន​ដែល​ពួកគេ​នឹង​ទៅ​មើល ហើយ​ ជេនីហ្វើរ​ មាន​អារម្មណ៍​ល្អ​ក្នុង​ការចូលរួម ។ តែ​យុវនារី​ដែល​បាន​ចាកចេញ​ពី​អាហារ​ពេលល្ងាច ដើម្បី​ទៅ​ទិញ​សំបុត្រ​កុន​សម្រាប់​ក្រុម បាន​ត្រឡប់​មកវិញ​ជាមួយ​នឹង​សំបុត្រ​កុន​ផ្សេង​ពី​កុន​ដែល​បាន​រៀប​ផែនការ​ថា​ទៅ​មើល​នោះ​ទៅវិញ ។ នាង​បាន​និយាយ​ថា ‹ វា​ជា​កុន​ដ៏​អស្ចារ្យ ហើយ​វា​ជា R-rated ( រឿង​ដែល​មិន​សមរម្យ ) › ។

« ជេនីហ្វើរ បាន​ភ្ញាក់​ផ្អើល មិន​នឹកស្មាន​​ពី​ស្ថានភាព​ដែល​បាន​ប្រែប្រួល​យ៉ាង​រហ័សនោះសោះ ។ ប៉ុន្តែ សំណាង​ល្អ នាង​បាន​កំណត់​ក្នុង​ចិត្ត​នាង​រួច​ទៅហើយ មុន​នឹង​នាង​​ស្ថិត​នៅក្នុង​ស្ថានភាព​នេះ ថា​នាង​នឹង​មិន​មើល​កុន R-rated ដែល​មិន​សមរម្យ​នោះទេ ។ នាង​អាច​ឈរ​យ៉ាង​រឹងមាំ ហើយ​និយាយ​ទៅកាន់​មិត្ត​របស់​នាង​ថា ‹ ខ្ញុំ​ពុំ​អាច​ទៅ​មើល​កុន R-rated ដែល​មិន​សមរម្យ​នោះ​ទេ ។ ឪពុក​ម្ដាយ​ខ្ញុំ​នឹង​មិន​អនុញ្ញាត​នោះទេ › ។ ​យុវនារី​ទាំងនោះ​បាន​តប​ថា ‹ អូ៎ វា​មិន​អី​ទេ ! ឪពុក​ម្ដាយ​ឯង​នឹង​មិន​ដឹង​ទេ ! › ដោយ​បាន​ប្រទះ​នឹង​រឿង​បែប​នេះ ជេនីហ្វើរ​ បាន​បន្ត​និយាយ​ទៀត​ថា ‹ តាមពិត​ទៅ មិន​ជា​បញ្ហា​ថា ឪពុក​ម្ដាយ​ខ្ញុំ​នឹង​ដឹង ឬ អត់​នោះទេ ។ ខ្ញុំ​មិន​ទៅ​មើល​កុន R-rated ដែល​មិន​សមរម្យ នោះទេ ! ›

« មិត្ត​របស់​នាង​មិន​សប្បាយ​ចិត្ត ហើយ​បាន​ព្យាយាម​ធ្វើ​ឲ្យ​នាង​យល់​ព្រម ។ ពួកគេ​បាន​ប្រាប់​ថា នាង ‹ បាន​ធ្វើ​ឲ្យ​អ្វី​គ្រប់​យ៉ាងអាប់អួរអស់ › ។ ពេល​ដែល​នាង​មិន​ធ្វើ​តាម នោះ​ពួកគេ​បាន​បោះ​សំបុត្រ និង លុយ​អាប់​លើ​មុខ​នាង ហើយ​បាន​ចាកចេញ​ពី​នាង ទៅមើល​រឿង​កុន R-rated ដែល​មិន​សមរម្យ​នោះ ។ វា​ក្លាយ​ជា​រាត្រី​ដ៏​ឯកោ​មួយ ពេញ​ដោយ​ការច្រានចោល​ពី​មិត្ត​នាង ។ ប៉ុន្តែ វា​ជា​គ្រា​មួយ​ដ៏​អស្ចារ្យ​សម្រាប់ ​ជេនីហ្វើរ និង គ្រួសារ​របស់​យើង ។ នាងទទួល​បាន​​​ទំនុក​ចិត្ត តម្លៃ​ខ្លួន និង អំណាច​ខាង​វិញ្ញាណ » ( “You Can’t Pet a Rattlesnake” Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 42 ) ។

សូមអាន មរ៉ូណៃ 1:1–3 ហើយ​រកមើល​ពី​របៀប​ដែល​មរ៉ូណៃ​បាន​ឈរ​តែ​ម្នាក់​ឯង​សម្រាប់​សេចក្ដី​ជំនឿ​របស់​លោក ។ ទាំង​មរ៉ូណៃ និង ចៅស្រី​របស់​អែលឌើរ សរិនសិន ផ្ដល់​ជា​គំរូ​ពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ អាច​ជ្រើសរើស​ឈរឡើង​សម្រាប់​អ្វី​ដែល​ពួកគេ​ដឹង​ថា​ត្រឹមត្រូវ ។ អ្នក​ក៏​អាច​ធ្វើ​នូវ​ការសម្រេច​ចិត្ត​ទាំងឡាយ​ ដែល​ហាក់បី​ដូច​ជា​តូចៗ​ជា​រៀង​រាល់​ថ្ងៃ ដើម្បី​បង្ហាញ​ពី​សេចក្ដី​ជំនឿ​ ការគោរព​ប្រតិបត្តិ និង បំណង​ប្រាថ្នា​របស់​អ្នកដើម្បី​ធ្វើ​តាម​ព្រះគ្រីស្ទផងដែរ ។

  1. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​ពេល​មួយ​ដែល​អ្នក​បាន​ជ្រើសរើស​ឈរ​ឡើង​សម្រាប់​ជំនឿ​របស់​អ្នក ឬ ​បង្ហាញ​ពី​សេចក្ដី​ជំនឿ​របស់​អ្នក​តាមរយៈ​ការគោរព​ប្រតិបត្តិ ។

ចូរ​គិត​អំពី​របៀប​ដែល​អ្នក​អាច​ឈរ​កាន់តែ​រឹងមាំ​ឡើង សម្រាប់​ជំនឿ​របស់​អ្នក​លើ​ព្រះយេស៊ូវគ្រីស្ទ ។ សូម​អាន មរ៉ូណៃ 1:4 ដើម្បី​រកមើល​ពី​មូលហេតុ​ដែល​មរ៉ូណៃ​បាន​ជ្រើសរើស​ដើម្បី​សរសេរ​បន្ថែម​ទៀត ។ តើ​យើង​អាច​រៀន​អ្វីចេញមក​ពី​គំរូ និង ការជំរុញ​ទឹកចិត្ត​របស់​មរ៉ូណៃ​ក្នុង​ការសរសេរ​បន្ថែម​ទៀត ទៅកាន់​កូនចៅ​នៃ​ពួក​អ្នក​ទាំងឡាយ​ដែល​ព្យាយាម​បំផ្លាញ​ជីវិត​លោក ? តើ​អ្នក​អាច​សរសេរ​ចំនុច​ខ្លះ ទៅកាន់​កូនចៅ​របស់​អ្នក​ផ្ទាល់ ដែល​នឹង​ជា​ពរជ័យ​មួយ​ដល់​ពួកគេនោះ ? ពេល​អ្នក​សិក្សា មរ៉ូណៃ 2–5 សូម​ពិចារណា ថាតើ​ការណ៍​ទាំងឡាយ​ដែល​មរ៉ូណៃ​បាន​ជ្រើសរើស​សរសេរ « មាន​ប្រយោជន៍ » ដល់​អ្នក​ដោយ​របៀប​ណា ( មរ៉ូណៃ 1:4 ) ។

មរ៉ូណៃ 2

មរ៉ូណៃ​កត់ត្រា​ការណែនាំ​ទាំងឡាយ អំពី​ការប្រគល់​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ

សូម​គិត​អំពី​បទពិសោធន៍​របស់​អ្នក ពេល​បាន​បញ្ជាក់​ជា​សមាជិក​មួយ​រូប​នៃ​សាសនាចក្រ ហើយ​ត្រូវបាន​ដាក់​ដៃ​លើ​ក្បាល ដើម្បី​អ្នក​អាច​ទទួល​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ ។ តើ​អ្នក​ចងចាំ​អ្វី​ខ្លះ ពី​ពិធី​បរិសុទ្ធ​នេះ ? សូម​អាន មរ៉ូណៃ 2:1–3 ហើយ​ពិចារណា ថាតើ​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​គឺជា​ពរជ័យ​មួយ​នៅក្នុង​ជីវិត​អ្នក​ដោយ​របៀប​ណា ?

សេចក្ដី​ពិត​មួយ​ដែល​មាន​បង្រៀន​នៅក្នុង​ខ​ទាំងនេះ​គឺ ៖ សមាជិក​ដែល​មាន​ភាពសក្ដិសម ដែល​កាន់​សិទ្ធិ​អំណាច​បព្វជិត​ដ៏​ត្រឹមត្រូវ អាច​ប្រគល់​អំណោយទាន​ព្រះវិញ្ញាណ​បរិសុទ្ធ​ដល់​សមាជិក​ដែល​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ហើយ ដោយ​ការដាក់​ដៃ​លើ​ក្បាល ។

មរ៉ូណៃ 3

មរ៉ូណៃ​កត់ត្រា​ការណែនាំ​ទាំងឡាយ​ពី​ការតែងតាំង​បុគ្គល​ម្នាក់ៗ​នូវ​មុខ​តំណែង​បព្វជិតភាព​នានា

តើ​អ្នក​ធ្លាប់​ឃើញ​បញ្ជី​ខ្សែ​ស្រឡាយ​សិទ្ធិ​អំណាច​បព្វជិតភាព​របស់​នរណា​ម្នាក់​ដែរ​ឬ​ទេ ? បញ្ជី​នេះ​បង្ហាញ​ពី​នរណា​ដែល​បាន​តែងតាំង​​បុគ្គលនូវ​បព្វជិតភាព​​នោះ ​ និង នរណា​ដែល​បាន​តែងតាំង​មនុស្ស​នោះ បន្ត​រហូត​ដល់​ព្រះយេស៊ូវគ្រីស្ទ ។ ប្រហែល​ជា​អ្នក​មាន​បញ្ជី​ខ្សែ​ស្រឡាយ​សិទ្ធិ​អំណាច​បព្វជិតភាព​មួយ​ច្បាប់​របស់​អ្នក​ផ្ទាល់ ឬ បាន​ឃើញ​ខ្សែ​ស្រឡាយ​បព្វជិតភាព​​របស់​បងប្រុស ឬ របស់​ឪពុក​ម្នាក់ ។ សូម​គិត​អំពី​សារៈសំខាន់​នៃ​ការ​អាច​រកឃើញ​ប្រភព​ដើម​នៃ​ខ្សែ​ស្រឡាយ​សិទ្ធិ​អំណាច ត្រឡប់​រហូត​ដល់​ព្រះយេស៊ូវគ្រីស្ទ​ផ្ទាល់ ពេល​ដែល​អ្នក​អាន​សេចក្ដី​ថ្លែង​ការណ៍​ខាងក្រោម​នេះ​ពី អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ. ហូឡិន

« ច្បាស់​ណាស់ ការធ្វើ​កិច្ចការ​ដោយ​សិទ្ធិ​អំណាច​ដ៏​ទេវភាព តម្រូវឲ្យមាន​ច្រើន​ជាង​គ្រាន់តែ​កិច្ច​សន្យា​ខាង​សង្គម ។ វា​មិន​អាច​ត្រូវបាន​បង្កើត​ឡើង​ដោយ​ការហ្វឹកហ្វឺន​ខាង​សាសនា​វិទ្យា ឬ ដោយ​គណៈកម្មការ​មួយ​ចេញ​ពី​ក្រុម​ជំនុំ​នោះ​ទេ ។ ទេ នៅក្នុង​កិច្ចការ​នៃ​ព្រះ​ដែលមាន​​សិទ្ធិ​អំណាច​ គឺ​ត្រូវតែ​មាន​​អំណាច​ដ៏​ធំ​ជាង ដែល​មនុស្ស​មាន​រួច​ទៅ​ហើយ នៅ​កៅអ៊ី​នៅ​ព្រះវិហារ ឬ នៅតាម​ផ្លូវ ឬ នៅក្នុង​ថ្នាក់​សិក្ខាសាលា—ជា​ការពិតមួយ ​ដែល​អ្នក​ស្វែងរក​សាសនា​ដ៏​ស្មោះត្រង់​ជា​ច្រើន បាន​ដឹង ហើយ​ទទួល​ស្គាល់​យ៉ាង​បើក​ចំហរ​អស់​ជាច្រើន​ជំនាន់ ​នាំ​ទៅ​រក​​ការស្ដារ​ឡើងវិញ ។ …

« … យើង ដែល​នៅក្នុង​សាសនាចក្រ​ដែល​បាន​ស្ដារ​ឡើង​វិញ​របស់​ព្រះយេស៊ូវគ្រីស្ទ អាច​រកឃើញ​ប្រភព​ដើម​នៃ​ខ្សែ​ស្រឡាយ​សិទ្ធិ​អំណាច​បព្វជិតភាព ដែល​អនុវត្ត​ដោយ​ឌីកុន​ដ៏​ថ្មី​បំផុត​ម្នាក់​នៅក្នុង​វួដ ដែល​មាន​ប៊ីស្សព​​ជា​អធិបតី​លើ​គាត់ និង ព្យាការី​​ជា​អធិបតី​លើ​យើង​ទាំងអស់​គ្នា ។ ខ្សែ​ស្រឡាយ​នោះ​ត្រឡប់​ទៅ​ក្រោយប្រទាក់គ្នា​​ជាប់​​មិន​ដាច់ ទៅ​ដល់​អ្នក​បម្រើ​នៃពួក​​ទេវតា ដែល​មក​ពី​ព្រះរាជ​បុត្រា​នៃ​ព្រះ​​ផ្ទាល់ ដែល​មាន​អំណោយ​ទាន​ដ៏​មិន​អាច​ប្រៀបផ្ទឹម​បាននេះ ​មកពី​ស្ថានសួគ៌ » ( “Our Most Distinguishing Feature” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2005 ទំព័រ 44 ) ។

មនុស្ស​ម្នាក់ៗ​ដែល​ទទួល​បព្វជិតភាព​អើរ៉ុន ឬ មិលគីស្សាដែក ក៏​ត្រូវបាន​តែងតាំង​នូវ​មុខ​តំណែង​បព្វជិតភាព​ ដែល​រួមទាំង​​កាតព្វកិច្ច​ជាក់លាក់​ទាំងឡាយផងដែរ ។ សូមអាន មរ៉ូណៃ 3:1–4 ហើយ​រកមើល​ពី​របៀប​ដែល​បុគ្គល​ម្នាក់ៗ​ត្រូវបាន​តែងតាំង​នូវ​​មុខ​តំណែង​បព្វជិតភាព ​រួម​មានទាំង ​មុខ​តំណែង​សង្ឃ និង គ្រូ ។

អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដី​ពិត​តទៅ​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក នៅក្បែរ​ខ​ទាំង​នេះ ៖ បុគ្គល​ទាំងឡាយ​ ត្រូវបាន​តែងតាំង​នូវមុខ​តំណែង​បព្វជិតភាព ដោយ​ការដាក់​ដៃ​លើ​ក្បាល​ដោយ​អ្នក​ដែល​មាន​សិទ្ធិ​អំណាច ។

  1. សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ហេតុអ្វី​វា​ចាំបាច់​សម្រាប់​បុគ្គល​ម្នាក់ ត្រូវទទួល​បានការ​តែងតាំង​នូវ​មុខ​តំណែង​បព្វជិតភាព​មួយ ដោយ​មនុស្ស​ម្នាក់​ដែល​កាន់​បព្វជិតភាព​រួចហើយ​នោះ ?

    2. តើ​ការមាន​សិទ្ធិ​អំណាច​បព្វជិតភាព​នៅក្នុង​សាសនាចក្រ ឬ ក្នុង​ក្រុមគ្រួសារ​របស់​អ្នក មាន​ប្រយោជន៍​ដល់​អ្នក​យ៉ាងណា​ដែរ ?

មរ៉ូណៃ 4–5

មរ៉ូណៃ​ ពន្យល់​ពី​របៀប​ចាត់ចែងពិធី​​សាក្រាម៉ង់

រូបភាព
នំប៉័ង និង ទឹក​នៅលើ​តុ​សាក្រាម៉ង់
  1. ចូរ​គិត​អំពី​តំណាង​នៃពិធី​សាក្រាម៉ង់ និង ​បទពិសោធន៍​របស់​អ្នក មក​ពី​ការទទួលទាន​សាក្រាម៉ង់ ។ បន្ទាប់​មក សូម​ធ្វើ​ដូច​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. ដោយ​ការចងចាំ​ល្អ​បំផុត​ តាម​ដែល​អ្នក​អាច​ធ្វើ​បាន សូម​សរសេរ​ការអធិស្ឋាន​ពិធី​សាក្រាម៉ង់​មួយ សម្រាប់​នំប៉័ង​ក៏បាន ឬសម្រាប់​ទឹក​ក៏​បាន ។

    2. បន្ទាប់​ពី​រំឭក​នូវ​ការអធិស្ឋាន​ដ៏​ពិសិដ្ឋ​ទាំងនេះ ( សូមមើល មរ៉ូណៃ 4:3; 5:2 ) និង ពិនិត្យ​មើល​នូវ​អ្វី​ដែល​អ្នក​បាន​សរសេរ​នៅ​ផ្នែក​ទីមួយ​នៃ​កិច្ចការ​នេះ​រួច​ហើយ នោះ​សូម​សរសេរ​អំពី​ផ្នែក​មួយ​នៃ​ការអធិស្ឋាន​នៃពិធី​សាក្រាម៉ង់មួយ ដែល​លេចធ្លោ​ចំពោះ​អ្នក ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​ផ្នែក​នៃ​ការអធិស្ឋាន​នោះ​ ពោរពេញ​ដោយ​អត្ថន័យ​ចំពោះ​អ្នក ។

មរ៉ូណៃ​ បាន​បញ្ចូល​ការអធិស្ឋាន​សម្រាប់​ការបម្រើ​ពិធី​សាក្រាម៉ង់​នៅក្នុង​បញ្ជី​របស់​លោក ពីព្រោះ​លោក​បាន​មាន​អារម្មណ៍​ថា វា​នឹង « មាន​ប្រយោជន៍ » ដល់​មនុស្ស « នៅ​ថ្ងៃ​ណា​មួយ​ក្នុង​អនាគត » ( មរ៉ូណៃ 1:4 ) ។ សូមអាន មរ៉ូណៃ 4:1–3 និង 5:1–2 ហើយ​រកមើល​ឃ្លា​ទាំងឡាយ​ដែល​ពន្យល់​ពី​អ្វី​ដែល​នំប៉័ង និង ទឹក​នៃ​ពិធីសាក្រាម៉ង់​តំណាង​ឲ្យ ។ ពេល​អ្នក​អាន វា​អាច​ជា​ប្រយោជន៍​ក្នុង​ការចងចាំ​ថា សព្វថ្ងៃ​នេះ សាសនាចក្រ​ប្រើប្រាស់​ទឹក​នៅក្នុង​ពិធី​សាក្រាម៉ង់​ជំនួស​ឲ្យ​ស្រា ដែល​ចេញ​មក​​​ពី​វិវរណៈ​ ដែល​ត្រូវបាន​ប្រទាន​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ( សូមមើល គ. និង ស. 27:2 ) ។

សូម​សង្ខេប​អំពី​គោលបំណង​នៃ​ពិធី​សាក្រាម៉ង់ ដោយ​បំពេញ​សេចក្ដី​ថ្លែង​​នេះ ៖ ការ​តំណាង​នៃពិធី​​សាក្រាម៉ង់​ជួយ​យើង​ឲ្យ​ចងចាំ  ។

សូម​សញ្ជឹង​គិត​ពី​មូលហេតុ​ដែល​ព្រះកាយ និង ព្រះលោហិត​របស់​ព្រះអង្គ​សង្គ្រោះ​សំខាន់​ដល់​អ្នក​ខ្លាំង​ម៉្លេះ ។

ការរងទុក្ខ​ខាង​រូបកាយ សេចក្ដី​ស្លាប់ និង ដំណើរ​រស់​ឡើង​វិញ​នៃ​ព្រះកាយ​របស់​ព្រះអង្គ​សង្គ្រោះ និង ការរងទុក្ខ​ខាង​វិញ្ញាណ​យ៉ាង​ខ្លាំង​របស់​ទ្រង់ ជា​ភស្ដុតាង​បង្ហាញ​យ៉ាង​​ច្បាស់​តាមរយៈ​ការហូរ​ព្រះលោហិត​របស់​ទ្រង់ ដែល​នាំ​ឲ្យ​មាន​​នូវ​ការផ្ដាច់​បាប​ដល់​មនុស្ស​ទាំងអស់ ដែល​អនុវត្ត​សេចក្ដី​ជំនឿ​នៅក្នុង​ទ្រង់ ហើយ​ប្រែចិត្ត ។ ការតំណាង​នៃពិធី​​សាក្រាម៉ង់​ជួយ​យើង​ឲ្យ​ចងចាំ​ពី​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ ទាំងពីរ​ខាងក្រោម​នេះ​ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ការសញ្ជឹង​គិត​ពី​ដង្វាយធួន​របស់​ព្រះអង្គ​សង្គ្រោះ​ដោយ​ស្មោះ​អស់​ពី​ចិត្ត នៅ​អំឡុង​ពេលពិធី​​សាក្រាម៉ង់ បាន​ជួយ ឬ ពង្រឹង​ខាង​វិញ្ញាណ​​អ្នក​យ៉ាង​ណា​ដែរ ?

    2. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ ដើម្បី​ផ្ដោត​ចងចាំ​ដល់​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង នៅ​អំឡុង​ពេលពិធី​សាក្រាម៉ង់ ?

ដើម្បី​ជួយ​អ្នក​យល់​ពី​អ្វី​ដែល​អ្នក​សន្យា​ថា​នឹង​ធ្វើ ពេល​អ្នក​ទទួលទាន​ពិធី​សាក្រាម៉ង់ នោះ​សូម​រំឭក មរ៉ូណៃ 4:3 ហើយ​បំពេញក្នុង​​តារាង​ខាងក្រោម​នេះ ៖

អ្វី​ដែល​ខ្ញុំ​ធ្វើ​សេចក្ដី​សញ្ញា​ថា​នឹង​ធ្វើ

អ្វី​ដែល​ខ្ញុំ​គិត​ពី​អត្ថន័យ​នៃ​ការរក្សា​ផ្នែក​នេះ​នៃ​សេចក្ដី​សញ្ញា

អ្វី​ដែល​ខ្ញុំ​អាច​ធ្វើ ដើម្បី​រក្សា​ផ្នែក​នេះ​នៃ​សេចក្ដី​សញ្ញា​ឲ្យ​បាន​កាន់តែ​ប្រសើរ

1.

2.

3.

យើង​ក៏​រៀន​ចេញពី មរ៉ូណៃ 4:3 ផងដែរ​ថា ពេល​យើង​រក្សា​ផ្នែក​នៃ​សេចក្ដី​សញ្ញា​ពិធី​សាក្រាម៉ង់​របស់​យើង​ដោយ​ស្មោះត្រង់ នោះ​យើង​អាច​មាន​ព្រះវិញ្ញាណ​របស់​ព្រះអម្ចាស់​ជាមួយ​យើង​ជានិច្ច ។

ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​ពី អែលឌើរ ដាវីឌ អេ. បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ សូម​គិត​ថា តើ​អ្នក​ធ្លាប់​មាន​បទពិសោធន៍​នៃ​អំណោយទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ តាម​របៀប​ដែល​លោក​បាន​លើកឡើង​យ៉ាងណា​ដែរ ៖ « ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់​ អាច​ជា​មគ្គុទេសក៍​របស់​យើង ហើយ​នឹង​ប្រទាន​ពរ​ដល់​យើងដោយ​​នូវ​ការដឹកនាំ ការណែនាំ និង ការការពារ​ខាង​វិញ្ញាណ​ នៅ​ក្នុង​ដំណើរ​នៃ​ជីវិត​រមែង​ស្លាប់​របស់​យើង » ( “That We May Always Have His Spirit to Be with Us” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2006 ទំព័រ 31 ) ។

សូមពិចារណា​ពី​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ នៅ​ពេល​អ្នក​ទទួលទានពិធី​​សាក្រាម៉ង់​នៅ​ថ្ងៃ​អាទិត្យ ។ ចូរ​ព្យាយាម​រក្សា​ផ្នែក​នៃ​សេចក្ដី​សញ្ញា ដែល​អ្នក​បាន​ស្គាល់​នៅក្នុង​តារាង ដើម្បី​អ្នក​អាច​មាន​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់គង់​នៅ​​ជាមួយ​អ្នក​ជានិច្ច ។

  1. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា មរ៉ូណៃ 1–5 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖