ថ្នាក់​សិក្ខាសាលា
យ៉ាកុប


សេចក្តី​ណែនាំ​មក​កាន់គម្ពីរ​យ៉ាកុប

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

តាម​រយៈការសិក្សា​ព្រះគម្ពីរ​យ៉ាកុប អ្នក​អាច​រៀន​មេរៀន​សំខាន់ៗ​ពី​បុរស​ម្នាក់​ដែល​មាន​សេចក្តី​ជំនឿ​ដ៏រឹងមាំ​លើ​ព្រះយេស៊ូវ​គ្រីស្ទ ។យ៉ាកុប​បាន​ធ្វើទីបន្ទាល់​ម្តង​ហើយ​ម្ដង​ទៀត​អំពី​ព្រះអង្គ​សង្គ្រោះ ហើយ​បាន​អញ្ជើញ​ប្រជាជន​របស់​លោក និង អ្នក​ទាំងឡាយ​ដែល​អាន​ពាក្យ​សម្ដី​របស់លោក​ឲ្យ​ប្រែចិត្ត ។លោក​បានបង្រៀន និង បានចង្អុល​បង្ហាញ​ពី​សារៈសំខាន់​នៃ​ការបំពេញ​ការហៅ​បម្រើ​ពី​ព្រះអម្ចាស់​ដោយ​ឧស្សាហ៍​ព្យាយាម ។លោក​បានដាស់តឿន​ប្រជាជន​របស់លោក​ទាស់​នឹង​គ្រោះថ្នាក់​នៃ​ភាព​ឆ្មើងឆ្មៃ ទ្រព្យសម្បត្តិ និង ភាពអសីលធម៌ ។យ៉ាកុប​ក៏បាន​ដកស្រង់ និង បានបរិយាយ​អំពី​រូបាធិដ្ឋាន​របស់​លោក​ស៊ីណូស​ផងដែរ ស្តី​អំពី​ដើម​អូលីវ​ដែល​បង្ហាញឲ្យ​ឃើញ​ពី​កិច្ចខិតខំ​ដោយ​ឥត​នឿយហត់​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ការ​នាំមក​នូវ​សេចក្តី​សង្គ្រោះ​ដល់​កូនចៅ​ទាំងអស់​របស់​ព្រះ ។នៅក្នុង​ការប្រឈម​មុខ​ជាមួយ​សេរេម ជា​អ្នកប្រឆាំង​នឹង​ព្រះគ្រីស្ទ យ៉ាកុប​បានបង្ហាញ​ពី​របៀប​ឆ្លើយតប​ដោយ​សុចរិត​ចំពោះ​អ្នកទាំងឡាយ​ដែល​សួរសំណួរ ឬ រិះគន់​ពី​សេចក្តី​ជំនឿ​របស់​យើង ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

យ៉ាកុប​ជា​កូន​ប្រុស​ទីប្រាំ​របស់​នាងសារ៉ាយ និង លោក​លីហៃ បានសរសេរ​ព្រះគម្ពីរ​នេះ ។លោក​បានកើត​ក្នុង​ទីរហោស្ថាន​អំឡុង​ការធ្វើដំណើរ​របស់​គ្រួសារ​លោក​ទៅកាន់​ដែនដី​សន្យា ។ក្នុង​យុវវ័យ​របស់​លោក យ៉ាកុប « បាន​រងទុក្ខ​វេទនា និង ការសោកសៅ​ដ៏ច្រើន​ដោយព្រោះ​ការទ្រគោះ​របស់បងៗ [ លោក ] » ( នីហ្វៃទី 2 2:1 ) ។ទោះជាយ៉ាងណា លោក​លីហៃ​បានសន្យា​នឹង​លោក​ថា ព្រះ​នឹង « ធ្វើឲ្យ​សេចក្តី​វេទនា​ទាំងឡាយ [ របស់​យ៉ាកុប ] ក្លាយទៅ​ជា​ផលប្រយោជន៍​ដល់ [ លោក ] វិញ » ហើយថា លោក​នឹង​ចំណាយ​ជីវិត​របស់លោក « ក្នុង​ការបម្រើ​ព្រះ [ របស់​លោក ] » ( នីហ្វៃទី 2 2:2–3 ) ។ក្នុង​យុវវ័យ​របស់​លោក យ៉ាកុប​បានឃើញ​សិរីល្អ​របស់​ព្រះអង្គ​សង្រ្គោះ ( សូមមើល នីហ្វៃទី 2 2:3–4 ) ។នីហ្វៃ​បាន​តែងតាំង​យ៉ាកុប ជា​សង្ឃ និង ជា​គ្រូ​របស់​ពួកសាសន៍​នីហ្វៃ ( សូមមើល នីហ្វៃទី 2 5:26 ) ហើយ​ក្រោយមក​បានដាក់​ទីទុកចិត្ត​លើ​លោក​ដោយ​ប្រគល់​ដល់​លោក​នូវ​ផ្ទាំងតូច​របស់​នីហ្វៃ ( សូមមើល យ៉ាកុប 1:1–4 ) ។ក្នុង​នាម​ជា​អ្នកដឹកនាំ​បព្វជិតភាព និង ជា​គ្រូ​ម្នាក់ យ៉ាកុប​បាន​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​បញ្ចុះបញ្ចូល​ប្រជាជន​របស់​លោក​ឲ្យជឿ​លើ​ព្រះគ្រីស្ទ ( សូមមើល យ៉ាកុប 1:7 ) ។លោក​បានទទួល​វិវរណៈ​ទាំងឡាយ​ទាក់ទងនឹង​ព្រះអង្គ​សង្គ្រោះ បានមាន​បទពិសោធន៍​ជាមួយ​នឹង​ការបម្រើ​របស់​ពួកទេវតា និង បានឮ​សំឡេង​របស់​ព្រះអម្ចាស់ ( សូមមើល យ៉ាកុប 7:5 ) និង បានឃើញ​ព្រះអង្គ​ប្រោសលោះ​របស់​លោក ( សូមមើល នីហ្វៃទី 2 11:2–3 ) ។យ៉ាកុប​គឺជា​ឪពុក​របស់​អេណុស​ដែល​លោក​បានទុកចិត្ត​ប្រគល់​ផ្ទាំង​ទាំងឡាយ​ឲ្យ​ពីមុនពេល​លោកស្លាប់ ។

តើ​នៅពេល​ណា ហើយ​នៅកន្លែង​ណា​ដែល​គម្ពីរនេះ​ត្រូវ​បាន​សរសេរ​ឡើង ?

ព្រះគម្ពីរ​របស់​យ៉ាកុប​ចាប់ផ្តើម​នៅ​ប្រមាណជា​ឆ្នាំ 544 មុន.គ.ស. ជាពេល​ដែល​នីហ្វៃ​បានទុកចិត្ត​លើ​យ៉ាកុប​ដោយ​ឲ្យ​លោក​នូវ​ផ្ទាំង​តូច ។ព្រះគម្ពីរ​នោះ​ក៏​មាន​និយាយ​ពី​ជិត​ចុងបញ្ចប់​នៃ​ជីវិត​របស់​យ៉ាកុប នៅគ្រា​ដែល​លោក​បាន​ប្រគល់​ផ្ទាំង​ទាំងឡាយ​ឲ្យទៅ​កូនប្រុស​របស់លោក​គឺ​អេណុស ។យ៉ាកុប​បានសរសេរ​កំណត់ត្រា​នេះ​ខណៈដែល​កំពុង​រស់នៅ​ក្នុង​ដែនដី​នីហ្វៃ ។