ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 30 ៖ ថ្ងៃ​ទី 4 អេធើរ 12


មេរៀនទី 30 ៖ ថ្ងៃ​ទី 4

អេធើរ 12

សេចក្តី​ផ្ដើម

បន្ទាប់ពី​រៀបរ៉ាប់​ពី​ប្រវត្តិសាស្ត្រ​ជា​ច្រើន​ឆ្នាំ​របស់​ពួក​សាសន៍​យ៉ារេឌ មរ៉ូណៃ​បាន​ចាប់ផ្ដើម​ប្រាប់​ពី​ការបម្រើ​របស់​ព្យាការី​អេធើរ ។ បន្ទាប់មក មរ៉ូណៃ​បាន​ផ្អាក​ពី​ដំណើរ​រឿង​ខាង​ប្រវត្តិសាស្ត្រ ហើយ​បាន​កត់ត្រា​ពរជ័យ​មួយ​ចំនួន​ដែល​មាន​ដល់​ពួក​អ្នក​ដែល​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។ លោក​ក៏​បាន​សារភាព​ពី​កង្វល់​មួយ​ផងដែរ ។ លោក​ព្រួយ​បារម្ភ​ថា ពួក​អ្នក​ដែល​នឹង​អាន​ព្រះគម្ពីរ​មរមន​នៅ​ថ្ងៃ​ចុងក្រោយ នឹង​មិន​ទទួល​វា ដោយសារ​ភាពទន់ខ្សោយ​នៅក្នុង​ការសរសេរ​របស់​លោក និង អ្នក​សរសេរ​ផ្សេងៗ​ទៀត ។ ព្រះអម្ចាស់​បាន​សន្យា​ដល់​មរ៉ូណៃ​ថា ទ្រង់​ពង្រឹង​ភាពទន់ខ្សោយ​របស់​អស់​អ្នក​ណា​ដែល​បន្ទាប​ខ្លួន​គេ​ចំពោះ​ទ្រង់ ហើយ​មាន​សេចក្ដី​ជំនឿ ។

អេធើរ 12:1–4

អេធើរ ​ប្រកាស​ពី​ការប្រែចិត្ត​ដល់​ពួក​សាសន៍​យ៉ារេឌ

រូបភាព
ទូក​បោះ​យុថ្កា​ទៅ​មាត់​សមុទ្រ

ហេតុអ្វី​វា​សំខាន់​ដែល​ទូក​ត្រូវមាន​យុថ្កា​មួយ ? តើ​គ្រោះថ្នាក់ និង ការលំបាក​អ្វី​ខ្លះ ដែល​ទូក​អាច​ជួប​ប្រទះ បើ​វា​អត់​មាន​យុថ្កា​នោះ ? សូម​ដាក់​ស្លាក​ទៅលើ​ទូក​នៅក្នុង​រូបភាព​ថា ជីវិត​ខ្ញុំ ។ ចូរ​គិត​អំពី​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ ៖

  • បើ​ទូក​តំណាង​ឲ្យ​ជីវិត​អ្នក តើ​រលក​អាច​ប្រដូច​ទៅ​នឹង​អ្វី ?

  • បើ​យើង​ប្រៀបធៀប​រលក​ទៅនឹង​ការលំបាក និង សេចក្ដី​ទុច្ចរិត តើ​ជីវិត​មនុស្ស​ម្នាក់​អាច​នឹង​ទៅ​ជា​យ៉ាង​ណា ប្រសិន​បើ​គាត់​ពុំ​មាន​យុថ្កា​នោះ ? ( សូម​មើល មរមន 5:18 ) ។

  • តើ​ព្រះអម្ចាស់​បាន​ប្រទាន​អ្វី​ដល់​អ្នក ដើម្បី​ជួយ​ទប់​អ្នក​ឲ្យ​មាន​សុវត្ថិភាព​នៅនឹង​កន្លែង ដូច​ជា​យុថ្កា​មួយ​នោះ ?

ពេល​អ្នក​សិក្សា អេធើរ 12 រកមើល​ពី​អ្វី​ដែល​អ្នក​ត្រូវតែ​ធ្វើ ដើម្បី​ឲ្យ​ដូច​ជា​ទូក​មួយ​ដែល​មាន​យុថ្កា—មាំ ហើយ​មាន​សុវត្ថិភាព ថ្វី​បើ​មាន​រលក និង សម្ពាធ​​ប្រឈមមុខ​អ្នក​ក៏​ដោយ ។ អេធើរ 12 ចាប់ផ្ដើម​ជាមួយ​នឹង​មរ៉ូណៃ​ណែនាំ​ពី​ព្យាការី​អេធើរ ដែល​បាន​រស់នៅ​ក្នុង​ពេល​មួយ ដែល​ប្រជាជន​បាន​បដិសេធ​ពួក​ព្យាការី និង បាន​រស់នៅ​ក្នុង​សេចក្ដី​ទុច្ចរិត ។ សូម​អាន អេធើរ 12:1–3 ហើយ​រកមើល​អ្វី​ក៏​ដោយ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ងើច​សរសើរ​អំពី​សកម្មភាព​របស់​ អេធើរ អំឡុង​ពេល​ដ៏​លំបាក​ទាំងនេះ ។

ខណៈ​ដែល​កំពុង​ទូន្មាន​ដល់​ប្រជាជន​ឲ្យ​ប្រែចិត្ត អេធើរ​ បាន​បង្រៀន​ពី​​អ្វីដែល​មនុស្ស​​​ជឿ​លើ​ព្រះម្នាក់ អាច​មាន​ក្ដី​សង្ឃឹម ទោះ​ជា​ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​ការលំបាក និង សេចក្ដី​ទុច្ចរិត​ក៏​ដោយ ។ សូម​អាន អេធើរ 12:4 ហើយ​គូស​ចំណាំ​អ្វី​ដែល​ជា​សេចក្ដី​សង្ឃឹម​នោះ ។ ( ពេល​អ្នក​អាន វា​អាច​ជា​ប្រយោជន៍​ក្នុង​ការដឹង​ថា « កន្លែង​មួយ​ដែល​នៅ​ខាង​ស្ដាំ​ព្រះហស្ដ​នៃ​ព្រះ » មានន័យ​ថា ត្រឡប់​ទៅ​កាន់​វត្តមាន​របស់​ព្រះ​វិញ ហើយ​ទទួល​បាន​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ) ។

  1. សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ការមាន​សេចក្ដី​សង្ឃឹម « ជា​ប្រាកដ » ខុស​គ្នា​ពី​ការគ្រាន់តែ​ប្រាថ្នា​អ្វី​មួយ យ៉ាង​ដូច​ម្ដេច​ដែរ ?

    2. តើ​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ជួយ​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម « ប្រាកដ » ថា​នឹង​បាន​កន្លែង​មួយ​នៅ​ខាង​ស្ដាំ​ព្រះហស្ដ​នៃ​ព្រះ យ៉ាង​ដូច​ម្ដេច​ដែរ ?

    3. តើ​ឃ្លា​អ្វី​ខ្លះ នៅក្នុង អេធើរ 12:4 ដែល​ពិពណ៌នា​ពី​សកម្មភាព​ទាំងឡាយ​របស់​មនុស្ស​ម្នាក់ ដែល​មាន​សេចក្ដី​សង្ឃឹម និង ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទនោះ ?

នៅលើ​រូបភាព​ទូក​នៅ​ខាងដើម​មេរៀន​នេះ សូម​ដាក់​ស្លាក​ឲ្យ​យុថ្កា​ជាមួយ​នឹង​ពាក្យ​ថា សេចក្ដី​ជំនឿ និង សេចក្ដី​សង្ឃឹម ។

អេធើរ 12:4 បង្រៀន​ពី​គោលការណ៍​ថា ពេល​យើង​មាន​សេចក្ដី​សង្ឃឹម និង ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​នឹង​ទទួល​បាន​កម្លាំង​ដើម្បី​មាន​ភាពខ្ជាប់ខ្ជួន​ ហើយ​នៅជាប់​ក្នុង​កិច្ចការ​ល្អ​ដ៏​បរិបូរ ។

ចូរ​សញ្ជឹង​គិត​ពី​ពេល​វេលា​ទាំងឡាយ ដែល​​ជា​ការពិបាក​សម្រាប់​អ្នក ដើម្បី​មាន​ភាពខ្ជាប់ខ្ជួន ( មិន​ងាករេ ) និង នៅជាប់​ក្នុង​កិច្ចការ​ល្អ​ដ៏​បរិបូរណ៍នោះ ។ ដើម្បី​ជួយ​អ្នក​នៅក្នុង​ស្ថានភាព​ទាំងនេះ និង ឆ្លងកាត់​ជីវិត​អ្នក សូម​រកមើល​របៀប​ទាំងឡាយ ដែល​អ្នក​អាច​ពង្រីក​សេចក្ដី​ជំនឿ​របស់​អ្នក​លើ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ពេលដែល​អ្នក​បន្ត​សិក្សា អេធើរ 12 ។

អេធើរ 12:5–22

មរ៉ូណៃ​រៀបរាប់​ពី​អព្ភូតហេតុ និង កិច្ចការ​ដ៏​អស្ចារ្យ​ទាំងឡាយ ដែល​បានមក​តាម​សេចក្ដី​ជំនឿ

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​បញ្ចប់​ប្រយោគ​តទៅ​នេះ ជាមួយ​នឹង​សេចក្ដី​ពិត​នៃ​ដំណឹងល្អ​ណា​ ដែល​អ្នក​កំពុង​ស្វែងរក​សាក្សី​ខាង​វិញ្ញាណ​ពី​សេចក្ដី​ពិត​នោះ ៖ ខ្ញុំ​ចង់​ទទួល​បាន​សាក្សី​ខាង​វិញ្ញាណ​មួយ​ពី …

មនុស្ស​មួយ​ចំនួន​មាន​អារម្មណ៍​ថា ពួកគេ​ត្រូវតែ​ឃើញ​ភស្ដុតាង​ពី​សេចក្ដី​ពិត​មួយ​ជាមុន ហើយ​ឲ្យ​សេចក្ដី​ពិត​នោះ​បង្ហាញ​ច្បាស់​ដល់​គេ​សិន មុន​ពេល​ដែល​ពួកគេ​នឹង​រស់នៅ​តាម​សេចក្ដី​ពិត​នោះ ។ អេធើរ ​បាន​និយាយ​ពី​អាកប្បកិរិយា​នោះ​ដែល​នៅក្នុង អេធើរ 12:5–6 ។ សូម​អាន​ខ​ទាំងនេះ ហើយ​គូស​ចំណាំ​ផ្នែក​ទាំងនោះ នៃ​ដំបូន្មាន​របស់​លោក ដែល​លេចធ្លោ​ចំពោះ​អ្នក ។ ( អេធើរ 12:6 ជា​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ) ។

យោង​តាម អេធើរ 12:6 តើ​យើង​ត្រូវតែ​មាន​អ្វី​ជាមុន​សិន មុន​នឹង​ទទួល​បាន​សាក្សី​មួយ​ពី​ព្រះអម្ចាស់ ? តើ​អ្វី​ដែល​លេចឡើង​ក្នុង​គំនិត​អ្នក ពេល​គិត​អំពី « ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក » ?

រូបភាព
អែលឌើរ រីឆាដ ជី. ស្កត

មនុស្ស​មួយ​ចំនួន​បកស្រាយ​ដោយ​ខុស​ឆ្គង​ថា « ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក » គឺ​តែងតែ​សំដៅ​លើ​ការលំបាក ។ អែលឌើរ រីឆាដ ជី. ស្កត នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ផ្ដល់​នូវ​ការយល់​ជ្រាលជ្រៅ​ពី​អត្ថន័យ​នៃ « ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក » ៖ « អ្នក​អាច​រៀន​ប្រើ​សេចក្ដី​ជំនឿ​ឲ្យ​បាន​កាន់តែ​មាន​ប្រសិទ្ធភាព ដោយ​ការអនុវត្តន៍​គោលការណ៍​នេះ ដែល​បង្រៀន​ដោយ​មរ៉ូណៃ​ថា ៖ ‹ … អ្នក​រាល់​គ្នា​ពុំ​ទទួល​សាក្សី​ឡើយ លុះ​ដល់​ពេល​ក្រោយ​ពី​ការសាកល្បង​នៃ​សេចក្ដី​ជំនឿ​របស់​អ្នក​សិន › [ អេធើរ 12:6 អក្សរ​ទ្រេត​ត្រូវបាន​បន្ថែម ] ។ ដូចនោះ គ្រប់ពេល​ដែល​អ្នក​សាកល្បង​សេចក្ដី​ជំនឿ​របស់​អ្នក ដែល​អនុវត្ត​ដោយ​ភាពសក្ដិសម​ទៅលើ​ការបំផុស​មួយ នោះ​អ្នក​នឹង​ទទួល​បាន​ភស្ដុតាង​នៃ​ការបញ្ជាក់​ពី​ព្រះវិញ្ញាណ ។ អារម្មណ៍​ទាំងនោះ​ នឹង​ធ្វើ​ឲ្យ​សេចក្ដី​ជំនឿ​របស់​អ្នក​បាន​រឹងមាំ ។ ពេល​អ្នក​ធ្វើ​តាម​គំរូ​នោះ​ជា​ដដែលៗ នោះ​សេចក្ដី​ជំនឿ​របស់​អ្នក​នឹង​កាន់តែ​រឹងមាំ » ( “The Sustaining Power of Faith in Times of Uncertainty and Testing” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2003 ទំព័រ 76 ) ។

សូម​អាន​វគ្គ​បទគម្ពីរ​ខាងក្រោម​នេះ ហើយ​រកមើល​ពរជ័យ​ទាំងឡាយ​ដែល​បានមក បន្ទាប់​ប្រជាជន​បាន​អនុវត្ត​សេចក្ដី​ជំនឿ ៖

  • អេធើរ 12:11 ។ តើ​អ្វី​ជា​ពរជ័យ​នោះ ?

  • អេធើរ 12:12–13 ។ តើ​ពរជ័យ​អ្វី ដែល​មានដល់​អាលម៉ា និង អាម៉ូលេក ?

  • អេធើរ 12:19–22, 30–31 ។ តើ​ពរជ័យ​អ្វី ដែល​មានដល់​បង​របស់​យ៉ារេឌ តាមរយៈ​សេចក្ដី​ជំនឿ ?

វា​អាច​ជា​ប្រយោជន៍​ក្នុង​ការកត់​ចំណាំ​ពី​ការប្រើប្រាស់​នៃ​ពាក្យ បន្ទាប់ពី/ក្រោយពី នៅក្នុង អេធើរ 12:7, 12, 17, 18, និង 31 ។

  1. ដោយ​ផ្អែក​លើ​អ្វី​ដែល​អ្នក​បាន​សិក្សា​នៅក្នុង អេធើរ 12 នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ជា​ពាក្យ​សម្ដី​របស់​អ្នក​ផ្ទាល់ អំពី​អ្វី​ដែល​អ្នក​មាន​អារម្មណ៍​ថា មរ៉ូណៃ​បាន​បង្រៀន អំពី​ការទទួល​សាក្សី​ខាង​វិញ្ញាណ​ពី​ព្រះអម្ចាស់ ។

គោលការណ៍​មួយ​ក្នុង​ចំណោម​គោលការណ៍​ទាំងឡាយ​ ដែល​មរ៉ូណៃ​បាន​បង្រៀន​គឺថា ៖ បើ​យើង​ប្រាថ្នា​ចង់​បាន​សាក្សី​មួយ នោះ​យើង​ត្រូវតែ​អនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះយេស៊ូវគ្រីស្ទ​ជាមុន​សិន ។

  1. សូម​អាន​សាច់រឿង​ខាងក្រោម​នេះ ហើយ​បន្ទាប់មក សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថាតើ​មនុស្ស​ម្នាក់​ដែល​នៅក្នុង​ស្ថានភាព​ពីរ ឬ ច្រើន​នោះ អាច​បង្ហាញ​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់​យ៉ាង​ដូច​ម្ដេច ៖

    1. យុវនារី​ម្នាក់ ​ចង់​ទទួល​សាក្សី​មួយ​ពី​សេចក្ដី​ពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន ។

    2. យុវជន​ម្នាក់​ មាន​បំណង​ប្រាថ្នា​ដ៏​ខ្លាំង ដើម្បី​ជួយ​ដល់​មនុស្ស​ជា​ទី​ស្រឡាញ​របស់​គាត់ ទទួល​ដំណឹងល្អ ។

    3. យុវនារី​ម្នាក់ ​ស្វែងរក​ព្រះអម្ចាស់ ដើម្បី​ប្រទានពរ​ដល់​ឪពុក​នាង​ដែល​ឈឺ ។

  2. សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​គ្រាមួយ​ដែល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ បាន​ទទួល​សាក្សី ឬ អព្ភូតហេតុ​មួយ ក្រោយពី​បាន​បង្ហាញ​សេចក្ដី​ជំនឿ​ហើយនោះ ។

ចូរ​បែរ​ទៅ​គិតអំពីគោលការណ៍ ឬ គោលលទ្ធិ ដែល​អ្នក​ចង់​ទទួល​បាន​សាក្សី​ខាង​វិញ្ញាណ​មួយ ( សូម​មើល កិច្ចការ 2 នៅក្នុង​មេរៀន​នេះ ) ។ តើ​អ្នក​អាច​ធ្វើ​អ្វីខ្លះ ដើម្បី​បង្ហាញ​សេចក្ដី​ជំនឿ​របស់​អ្នក​ មុនពេល​​ទទួលបាន​សាក្សី ?

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—អេធើរ 12:6

  1. ដើម្បី​ជួយ​អ្នក​ទន្ទេញ​ចាំ អេធើរ 12:6 សូម​អាន​វា​ជា​ច្រើន​ដង បន្ទាប់មក​សរសេរ​ខ​នេះ​ឲ្យ​បាន​ច្រើន ​តាម​ដែល​អ្នក​អាច​ចាំ​បាន នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ ក្រោយ​មក​ទៀត សូម​ប្រៀបធៀប​អ្វី​ដែល​អ្នក​បាន​សរសេរ​ជាមួយ​នឹង​ខ​ជាក់​លាក់នៅ​ក្នុង​គម្ពីរ ។ ចូរ​សិក្សា​ខ​នោះ​ម្ដងទៀត ហើយ​សរសេរ​វា​ជា​លើក​ទីពីរ នៅ​ក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

អេធើរ 12:23–41

មរ៉ូណៃ បង្ហាញ​កង្វល់​អំពី​របៀប​ដែល​ពួក​សាសន៍​ដទៃ​នឹង​ឆ្លើយតប​ចំពោះ​ព្រះគម្ពីរ​មរមន

ដូច​មាន​កត់ត្រា​នៅ​ក្នុង អេធើរ 12:23–41 មរ៉ូណៃ​បាន​បង្ហាញ​ពី​កង្វល់​របស់​លោក​ថា ពួក​អ្នក​ដែល​នឹង​ទទួល​ព្រះគម្ពីរ​មរមន​នៅ​ថ្ងៃ​ចុងក្រោយ នឹង​មិន​ទទួល​ស្គាល់​វា​នោះ​ទេ ដោយសារ​តែ​ភាពទន់ខ្សោយ​ក្នុង​ការសរសេរ​របស់​លោក និង របស់​អ្នក​សរសេរ​ផ្សេងៗ​ទៀត ។ ពេល​អ្នក​អាន​អំពី​ការឆ្លើយ​តប​របស់​ព្រះអម្ចាស់​ចំពោះ​កង្វល់​របស់​មរ៉ូណៃ នៅ​ក្នុង អេធើរ 12:26–27 សូម​រកមើល​របៀប​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា អ្វី​ដែល​ទន់ខ្សោយ​អាច​ក្លាយ​ជា​រឹងមាំ​បាន ។ ( អេធើរ 12:27 ជា​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ​មួយ ) ។

ពេលខ្លះ បទគម្ពីរ​ចង្អុល​បង្ហាញ​ពី​គោលការណ៍​នៃ​ដំណឹង​ល្អ​មួយ ដោយ​ការប្រើ​ពាក្យ បើសិន និង នោះ ។ ពាក្យ​បើសិន ពិពណ៌នា​ពី​អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ហើយ​ពាក្យ​នោះ ពន្យល់​ពី​អ្វី​ដែល​នឹង​កើតឡើង ដែល​ជា​លទ្ធផល​នៃ​ទង្វើ​របស់​យើង ។ សូម​អាន អេធើរ 12:27 រកមើល​គោលការណ៍ បើសិន–នោះ មួយ ហើយ​សរសេរ​វា​នៅ​ខាង​ក្រោម ។

បើសិន​យើង នោះ​ព្រះអម្ចាស់​នឹង  ។

អ្នក​នឹង​ពិភាក្សា​ពី​ខ​ទាំងនេះ​កាន់តែ​ជ្រាលជ្រៅ​ថែមទៀត​នៅ​ក្នុង​មេរៀន ជាមួយ​គ្រូ​របស់​អ្នក នៅ​សប្ដាហ៍​នេះ ។ អ្នក​នឹង​សិក្សា និង រៀនចេះ​បន្ថែម​ទៀត​ផងដែរ អំពី​ការពិភាក្សា​របស់​មរ៉ូណៃ​អំពី​សេចក្ដី​ជំនឿ សេចក្ដី​សង្ឃឹម និង សេចក្ដី​សប្បុរស ដែល​មាន​នៅ​ក្នុង អេធើរ 12:28–41 ។

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—អេធើរ 12:27

ដើម្បី​ជួយ​អ្នក​ចងចាំ​គំនិត​ទាំងឡាយ​នៅ​ក្នុង អេធើរ 12:27 សូម​ចម្លង​អ្វី​តទៅ​នេះ​នៅ​ក្នុង​ក្រដាស​មួយ ៖ បើសិន … មករក … បង្ហាញ … ភាពទន់ខ្សោយ ។ … ឲ្យ … ភាពទន់ខ្សោយ … រាបទាប … គុណ … មនុស្ស​ទាំងអស់ … បន្ទាបខ្លួន … បើសិន … បន្ទាបខ្លួន … សេចក្ដី​ជំនឿ … ទន់ខ្សោយ … ខ្លាំងពូកែ ។

សូម​អាន អេធើរ 12:27 ម្ដងទៀត ដោយ​កត់ចំណាំ​ដល់​ពាក្យ​ទាំងនេះ ។ ចូរ​ថ្លែង​ខ​នេះ​ឡើង​វិញ​ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​ធ្វើ​បាន ដោយ​មើល​ទៅ​លើ​តែ​ពាក្យ​ទាំងឡាយ​ដែល​នៅ​ក្នុង​ក្រដាស​របស់​អ្នក​ប៉ុណ្ណោះ ។ សូម​ដាក់​ក្រដាស​នោះ​នៅ​កន្លែង​ដែល​អ្នក​នឹង​ឃើញ​វា​នៅ​ពេល​ក្រោយ នៅ​ថ្ងៃ​នេះ ឬ ថ្ងៃ​ស្អែក ( ឧទាហរណ៍ នៅ​ក្នុង​ហោប៉ៅ ឬ ក្នុង​ព្រះគម្ពីរ​របស់​អ្នក ) ។ រំឭក អេធើរ 12:27 ឡើងវិញ រាល់​ពេល​ដែល​អ្នក​ឃើញ​ក្រដាស​នោះ រហូត​ទាល់តែ​អ្នក​ទន្ទេញ​ចាំ​វគ្គ​បទគម្ពីរ​នេះ ។

  1. សូម​សរសេរ​ចំណុចដែល​នៅ​ខាង​ក្រោម​នេះ ពី​ខាង​ក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អេធើរ 12 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖