ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 7 ៖ ថ្ងៃទី 2 នីហ្វៃទី2 17–20


មេរៀនទី 7 ៖ថ្ងៃទី 2

នីហ្វៃទី 2 17–20

សេចក្តី​ផ្ដើម

នៅក្នុងនីហ្វៃ​ទី 2 17–20 នីហ្វៃ​បាន​កត់ត្រា​ថា អេសាយ​បាន​ព្យាយាម​បញ្ចុះបញ្ចូល​ស្តេច​នៃ​ស្រុក​យូដា និង រាស្ត្រ​របស់​ទ្រង់​ឲ្យ​ដាក់​ទីទុកចិត្ត​លើ​ព្រះអម្ចាស់​ជា​ជាង​ការជាប់​ទាក់ទង​ខាង​លោកិយ​នេះ ។ដោយ​ប្រើប្រាស់​និមិត្តរូប និង ស្រមោល​ជា​ច្រើន—និមិត្តរូប ឬ វត្ថុ​តំណាង​ទាំងឡាយ​ដែល​បង្រៀន និង ធ្វើ​ទីបន្ទាល់​ពី​សេចក្តី​ពិត​ដ៏​មហិមា—នោះ​អេសាយ​បាន​ព្យាករ​ទាក់ទង​នឹង​ព្រឹត្តិការណ៍​ពី​សម័យ​របស់​លោក​នូវ​ការប្រសូត្រ​របស់​ព្រះយេស៊ូវគ្រីស្ទ និង ការបំផ្លិចបំផ្លាញ​នៃ​ពួកទុច្ចរិត​នៅ​ពេល​ការយាងមក​ជា​លើក​ទីពីរ​របស់​ព្រះអម្ចាស់ ។

នីហ្វៃទី 2 17–18

នគរ​របស់​ស្រុក​យូដា​ត្រូវ​បាន​ប្រទានពរ​នៅ​ពេល​ពួកគេ​ដាក់​ទីទុកចិត្ត​លើ​ព្រះយេស៊ូវគ្រីស្ទ

ដើម្បី​ជួយ​រៀបចំ​អ្នក​សម្រាប់​មេរៀន​ថ្ងៃនេះ សូមគិត​ពី​គ្រាមួយ​ដែល​អ្នក​បាន​ប្រឈមនឹង​ស្ថានភាព​ភ័យខ្លាច​មួយ ។តើ​អ្នក​នឹក​ឃើញ​ពី​ប្រតិកម្ម​តបត​លើក​ដំបូង​របស់​អ្នក​ដែរ​ឬ​ទេ ?នៅ​ពេល​អ្នក​សិក្សានីហ្វៃទី 2 17–18សូម​ព្យាយាម​រកមើល​ដំបូន្មាន​របស់​អេសាយ​ចំពោះ​អ្នក​ទាំងឡាយ​ដែល​ឃើញ​ថា ខ្លួន​ពួក​គេ​ថិត​នៅ​ក្នុង​ស្ថានភាព​ដ៏​លំបាក ឬ គួរ​ឲ្យ​ភ័យខ្លាច ។

សម្រាប់​ការសិក្សា​របស់​អ្នក​ពីនីហ្វៃទី 2 17–18អ្នក​នឹង​ត្រូវតែ​ដឹង​អំពី​សាសន៍​តូចៗ​បី​គឺ សាសន៍​ស៊ីរី សាសន៍​អ៊ីស្រាអែលនិង សាសន៍​យូដា រួមទាំង​អាណាចក្រ​អាសស៊ើរ​ដ៏ធំ​ក្រៃលែង​ជាងដែល​ព្យាយាម​ច្បាំង​ដណ្តើម​យក​សាសន៍​តូចជាង​ទាំងនេះ ។សូម​ពិនិត្យមើល​ផែនទី និង តារាង​ដែល​មាន​ភ្ជាប់​មក​ខាងក្រោម​នេះ ។

រូបភាព
ផែនទី​នៃ​សាសន៍​អ៊ីស្រាអែល និង សាសន៍​យូដា

សាសន៍

ស៊ីរី

អ៊ីស្រាអែល ( អេប្រាអិម )

យូដា

ស្តេច

រេស៊ីន

ពេកា

អេហាស

រាជធានី

ដាម៉ាស

សាម៉ារី

យេរូសាទ្បិម

សូមអាន នីហ្វៃទី 2 17:1–2ហើយ​មើល​ផែនទី ។« សាសន៍​ស៊ីរី​បាន​ចូលដៃ​នឹង​ពួក​អេប្រាអិម​ហើយ » មាន​ន័យ​ថា ស្រុក​ទាំងពីរ​នេះ​បាន​បង្កើត​សម្ពន្ធមិត្ត ឬ កិច្ចព្រមព្រាង​មួយ ។សូម​ព្យាយាម​កំណត់​ថា តើ​នរណា​វាយ​ប្រហារ​ទៅ​លើ​អ្នកណា ។សូម​ដឹង​ថាឃ្លា « ពួកវង្ស​ដេវីឌ » ក្នុង​ខ​ទី 2 សំដៅ​លើ​អេហាស និង ប្រជាជន​ស្រុក​យូដា ។

នគរ​នៃ​សាសន៍​អ៊ីស្រាអែល និង សាសន៍​ស៊ីរី​ចង់​ច្បាំង​យក​នគរ​នៃ​សាសន៍​យូដា ហើយ​បង្ខំ​ឲ្យ​សាសន៍​យូដា​ចុះ​សម្ពន្ធមិត្ត​ជាមួយ​នឹង​ពួកគេដើម្បី​ប្រឆាំង​នឹង​អាណាចក្រ​អាសស៊ើរ​ដ៏​មាន​អំណាច ។អាសស៊ើរ​កំពុង​គំរាមកំហែង​ដើម្បី​ច្បាំង​យក​តំបន់​ទាំងមូល​នៃ​ពិភពលោកនៅ​គ្រា​នោះ ។សាសន៍​អ៊ីស្រាអែល និង សាសន៍​ស៊ីរី​បាន​ជឿ​ថា ដោយ​ការច្បាំង​យក​ឈ្នះ​ពួក​យូដានោះ​ពួកគេ​អាច​មាន​មនុស្ស និង ធនធាន​កាន់តែ​ច្រើនដើម្បី​ប្រយុទ្ធ​ចូល​ដល់​អាសស៊ើរ ( សូមមើល នីហ្វៃទី 2 17:5–6 ) ។ស្តេច​អេហាស​បាន​សញ្ចឹងគិត​ដោយ​យកចិត្ត​ទុកដាក់​ពី​ការធ្វើ​សម្ពន្ធមិត្ត​ជាមួយ​សាសន៍​អ៊ីស្រាអែល និង សាសន៍​ស៊ីរី ។

សូម​ពិចារណា​ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ បើសិន​អ្នក​ធ្វើ​ជា​ស្តេច​អេហាស​វិញ​នោះ ។ភាគី​ម្ខាង​គឺ អាសស៊ើរ​កំពុង​គំរាម​កំហែង​វាយ​ប្រហារ​ប្រជាជន​របស់​អ្នក ។ឯ​ភាគី​ម្ខាង​ទៀត​គឺ ស៊ីរី និង អ៊ីស្រាអែល​កំពុងតែ​គំរាមកំហែង​ធ្វើការ​វាយប្រហារ បើសិន​អ្នក​មិន​ចូលរួម​សម្ពន្ធភាព​ជាមួយ​ពួកគេ​ដើម្បី​វាយប្រហារ​លើ​អាសស៊ើរ ។អេសាយ បាន​រស់នៅ​ក្នុង​នគរ​នៃ​ស្រុក​យូដា ហើយ​ព្រះអម្ចាស់​បាន​បញ្ជូន​លោក​ជាមួយ​នឹង​សារ​មួយ​ឲ្យ​ទៅ​ជួប​អេហាស ។តើ​អ្នក​គិត​ថា អ្នក​នឹង​មាន​អារម្មណ៍​បែបណា​ចំពោះ​សារ​ពី​ព្យាការី​នេះបើសិន​អ្នក​ជា​ស្តេច​អេហាស​នោះ ?

  1. សូម​អាននីហ្វៃទី 2 17:3–8ហើយ​គូស​បន្ទាត់​ពីក្រោម​សារ​របស់​ព្រះអម្ចាស់​ទៅ​កាន់​អេហាស និង ប្រជាជន​របស់​ទ្រង់ ដែល​ប្រទាន​តាមរយៈ​ព្យាការី​អេសាយ ។( ពាក្យ « ឧស​ដែល​ហុយផ្សែង » ក្នុង​ខទី 4 សំដៅ​លើ​ចន្លុះ​ដែល​អណ្តាត​ភ្លើង​របស់​វា​ឆេះ​ឡើង ដែល​តំណាង​ឲ្យ​នគរ​ទាំងពីរ​នេះ​ដែល​ត្រូវ​បែកបាក់ និង ត្រូវ​គេ​ដណ្តើម​យក​បាន ) ។សូម​ស្រម៉ៃ​គិត​ថា អ្នក​បាន​ឮ​អេសាយ​និយាយ​ការណ៍​នេះ​ទៅ​កាន់​អេហាស ។ក្រោយ​មកមិត្ត​ម្នាក់​បាន​សួរ​អ្នក​ថា តើ​អេសាយ​បាន​និយាយ​អ្វីខ្លះ ។សូម​សរសេរ​ប្រយោគ​ពីរ ឬ បី​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នកដោយ​ពិពណ៌នា​ពី​របៀប​ដែល​អ្នក​នឹង​ឆ្លើយតប​ចំពោះ​មិត្ត​អ្នក ។

អេសាយ​បាន​ព្យាយាម​ជួយ​ដល់​ស្តេច និង រាស្រ្ត​របស់​ទ្រង់ឲ្យ​ពឹងផ្អែក​រក​ជំនួយ​ពី​ព្រះអម្ចាស់ ជាជាង​ការដាក់​ទីទុកចិត្ត​លើ​សម្ពន្ធមិត្ត​ផ្នែកខាង​នយោបាយ​ដែល​មិន​ឋិតឋេរ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោមនេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សារ​ព្រះគម្ពីរ​របស់អ្នក ៖

    1. ហេតុអ្វី​វាសំខាន់​សម្រាប់​យើង​ដើម្បី​បែរ​ទៅ​រក​ព្រះអម្ចាស់​នៅ​ពេល​យើង​ត្រូវការ​ជំនួយ​ជាជាង​ការ​ពឹងផ្អែក​លើ​មនុស្ស​ដទៃ​ដើម្បី​ជួយ​យើង ?

    2. តើ​មាន​របៀប​ណា​ខ្លះ​ដែល​យុវវ័យ​អាច​ត្រូវ​បាន​ល្បួង​ឲ្យ​ដាក់​ទំនាក់ទំនង​របស់​គេ​ជា​មួយ​មនុស្ស​ដទៃពីមុន​ការដាក់​ទំនាក់​ទំនង​របស់​គេ​ជា​មួយ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ?

ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា ទ្រង់​នឹង​ប្រទាន​ដល់​អេហាស និង នគរ​នៃ​ស្រុក​យូដា​នូវ​ទីសម្គាល់​មួយ​ដែល​ថា ទ្រង់​នឹង​ការពារ​ពួកគេ ហើយ​ថា ពួកគេ​នឹង​មិន​ត្រូវការ​ពឹងផ្អែក​លើ​សម្ពន្ធមិត្ត​ខាង​លោកិយ​នោះ​ទេ ។សូម​អាននីហ្វៃទី 2 17:14ដើម្បី​រកមើល​ទីសំគាល់​នោះ ។សូម​គូស​រង្វង់​ពាក្យអេម៉ាញូអែល ក្នុង​ខ​នេះ ។សូម​សរសេរ « ម៉ាថាយ1:22–23 » នៅ​ក្បែរ​ខ​នេះ » ។សូមអានម៉ាថាយ1:22–23ដើម្បី​ស្វែងរក​អត្ថន័យ​នៃ​ឈ្មោះ អេម៉ាញូអែល ។

តើ​ទីសំគាល់​ដែល​មាន​ន័យ​ថា « ព្រះអង្គ​ទ្រង់​គង់​ជាមួយ​នឹង​យើង​ខ្ញុំ » នឹង​ជួយ​អេហាស​នៅគ្រា​នេះ​យ៉ាង​ណា​ដែរ ?តើ​ការព្យាករណ៍​របស់​អេសាយ​បែប​នេះក៏​អាច​សំដៅ​លើ​ការប្រសូតរបស់​ព្រះយេស៊ូវគ្រីស្ទ​ជាច្រើន​សតវត្សរ៍​ក្រោយ​មក​នោះ​បែប​ណា​ដែរ ?

រូបភាព
អែលឌើរ ជែហ្វ្រី អ័រ ហូឡិន

សម្រាប់​ជា​ការយល់ដឹង​បន្ថែម​ពី​ទី​សម្គាល់​អំពី​បុត្រ​ម្នាក់​ដែល​នឹង​ប្រសូត​មក សូម​សញ្ចឹង​គិត​ពី​ការពន្យល់​បកស្រាយ​ដោយ​អែលឌើរ ជែហ្វ្រី អ័រ ហូឡិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់​ពីរ​នាក់ ដូច​តទៅ​នេះ ៖ « មាន​គោល​គ្រឹះ​ចំរុះ ឬ ជា​ការប្រៀបធៀប​ទាំងឡាយ​ចំពោះ​ការព្យាករណ៍​នេះ ដែល​ដូចគ្នា​ខ្លាំង​ណាស់​ទៅ​នឹង​ការសរសេរ​របស់​អេសាយ ។អត្ថន័យ​ចំ​បំផុត​គឺ​ប្រហែល​ត្រូវ​បាន​ផ្តោត​ទៅ​លើ​ភរិយា​របស់​អេសាយ​ជា​ស្រ្តី​បរិសុទ្ធ​ល្អ​ម្នាក់ ដែល​បាន​ផ្តល់​កំណើត​ដល់​បុត្រា​ម្នាក់​នៅ​ពេល​នេះ [ សូមមើលនីហ្វៃទី 2 18:3 កូនប្រុស​នេះ​ក្លាយ​ជា​និមិត្តរូប និង ស្រមោល​មួយ​នៃ​ការបំពេញ​ការព្យាករណ៍​នៅ​ពេល​ក្រោយ​មក​ទៀត ដែល​ធំធេង​ជាង ដែល​នឹង​ត្រូវ​បានសម្រេច​តាម​រយៈ​ការប្រសូត្រ​របស់​ព្រះយេស៊ូវគ្រីស្ទ » ( Christ and the New Covenant [1997] ទំព័រ 79 ) ។

រូបភាព
អេសាយ​សរសេរ​អំពី​ការប្រសូត​របស់​ព្រះគ្រីស្ទ

អេសាយ​បាន​ព្យាករ​ថា ពីមុន​បុត្រ​នេះ​ធំ​ដឹងក្តី​ឡើង អាសស៊ើរ​នឹង​ឈ្នះ​លើ​កងទ័ព​នៃ​សាសន៍​អ៊ីស្រាអែល ( អេប្រាអិម ) និង សាសន៍​ស៊ីរី( សូមមើលនីហ្វៃទី 2 17:15–25 ) ។ទី​សំគាល់​ដែល​មានន័យ​ថា « អង្គ​ទ្រង់​គង់​ជាមួយ​នឹង​យើងខ្ញុំ » មាន​បំណង​ដើម្បី​បញ្ជាក់​ដល់​ស្តេច​អេហាស​ថា ព្រះ​នឹង​នៅ​ជា​មួយ​យើង​នៅ​ពេល​យើង​ដាក់​ទីទុកចិត្ត​លើ​ទ្រង់ បើ​ទោះ​ជា​ឋិត​នៅ​ក្នុង​អំឡុង​ពេល​លំបាក និង ភ័យខ្លាច​ក៏​ដោយ ។ សូម​ពិចារណា​ក្នុង​ការសរសេរ​គោលការណ៍​នេះ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

សូមអាន នីហ្វៃទី 2 18:6–8ហើយ​គូស​បន្ទាត់​ពីក្រោម​ឃ្លា « ទឹក​ស៊ីឡោម » ។ទឹក​ស៊ីឡោម តំណាង​ឲ្យ​អេសាយ ជា​ឥទិ្ធពល និង ព្រះចេស្តា​នៃ​ការគាំទ្រ​របស់​ព្រះ​ដែលនៅ​ឋិតថេរ ហើយ​ស្ងប់ស្ងាត់ដែល​ចាំបាច់​ដល់​ផ្នែក​មួយ​នៃ​ជីវិត​នយោបាយ​របស់​ជាតិ ( សូមមើលនីហ្វៃទី 2 18:6 ) ។ អេសាយ​បាន​ប្រើប្រាស់​ការយោង​ទៅ​ទឹក​ស៊ីឡោម​ជា​ភាពផ្ទុយគ្នា​មួយ ពីព្រោះ​មនុស្ស​នៅស្រុក​អ៊ីស្រាអែល និង មនុស្ស​នៅ​ស្រុក​យូដា​បាន​បដិសេធ​ព្រះមែស៊ី—« ទឹកស៊ីឡោម » ឬ ព្រះ​ចេស្តា​នៃ​ការគាំទ្រ​របស់​ព្រះ​ដែល​នៅ​ឋិតថេរ ទន់ភ្លន់ និង ស្ងប់ស្ងាត់ ។ហេតុ​ដូច្នេះ​ហើយ ដូច​ដែល​អេសាយ​បាន​ព្យាករ ស្តេច​ស្រុក​អាសស៊ើរ និង ឥទ្ធិពល​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​ហើយ​និង អំណាច​ដ៏​សាហាវ​នៃ​ការលុកលុយ​ចូល​ពី​សំណាក់​កងទ័ព​របស់​ទ្រង់—តំណាង​ដោយ « ទឹក​ទន្លេ​ដែល​ហូរ​ខ្លាំង ហើយ​ច្រើន​មកលើ​គេ »— បានឈ្នះ​លើ​សាសន៍​ស៊ីរី និង សាសន៍​អ៊ីស្រាអែល ។

អេសាយ​ជា​កវី​និពន្ធ​ម្នាក់ បាន​ប្រើប្រាស់​លំហូរ​ខ្សែ​ទឹក​ពីរ ប៉ុន្តែ​មាន​លក្ខណៈ​ខុសប្លែក​ពី​គ្នា​ដោយ​ឡែកដើម្បី​ពន្យល់​ពី​អ្វី​ដែល​នឹង​កើត​ឡើង​ចំពោះ​ស្រុក​យូដា ។ក្រោយ​មក កងទ័ព​អាសស៊ើរ​បាន​មក​ដល់​ពាសពេញ​ស្រុក​យូដា—តំណាង​ដោយ​ពាក្យ​ថាស្រុក ។ប៉ុន្តែ​កងទ័ព​នេះ​មិន​បាន​វាយ​ឈ្នះ​លើ​ក្រុង​យេរ៉ូសាឡិម—តំណាង​ដោយ​សេចក្តី​ថ្លែង​ថា « ព្រម​ទាំង​លិចហូរ​កាត់ស្រុក​ឡើង​ត្រឹម​ក » ។

សូមអាននីហ្វៃទី 2 18:9–12ហើយ​ចំណាំ​មើល​ថា​តើ​ព្រះអម្ចាស់​បាន​ទូន្មាន​ប៉ុន្មាន​ដង ដល់​សាសន៍​យូដា​មិន​ឲ្យ​ចូលរួម​នឹង​សាសន៍​ស៊ីរី និង សាសន៍​អ៊ីស្រាអែល ។ដូច​មាន​កត់ត្រា​ក្នុងនីហ្វៃទី 2 18:13 តើ​ព្រះអម្ចាស់​បាន​ទូន្មាន​ដល់​សាសន៍​យូដា តាម​រយៈ​អេសាយ ឲ្យ​ទៅ​ស្វែងរក​ជំនួយ​នៅ​កន្លែង​ណា​វិញ ?

នៅពេល​ដែល​ពួកសាសន៍​អាសស៊ើរ​បាន​លុក​លុយ​ចូល​ស្រុក​យូដា ហើយ​គំរាមកំហែង​ដល់​ស្រុក​យេរ៉ូសាឡិម នោះ​នគរ​នៃ​ស្រុក​យូដា​បាន​មាន​ស្តេច​ថ្មី​មួយ ។ព្រះ​នាម​របស់​ទ្រង់​គឺ​ហេសេគា ។ទ្រង់​បាន​ដាក់​ទីទុក​ចិត្ត​លើ​ព្រះអម្ចាស់ និង ព្យាការី អេសាយ ។នៅទី​បំផុតទាហាន​អាសស៊ើរ​ចំនួន 185,000នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ជំរុំ​របស់​ពួកគេ​ដោយ​ទេវតា​មួយ​អង្គ​របស់​ព្រះអម្ចាស់ ( សូមមើលពង្សាវតារក្សត្រទី 2 19:35;អេសាយ 37:36 ) ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ ច្រើន​ជាង​នោះ​ខាងក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្គីរ​របស់​អ្នក ៖

    1. តើ​អ្វី​ខ្លះ​ជា​គ្រោះថ្នាក់​នៃ​ការដាក់​ទីទុកចិត្ត​របស់​អ្នក​លើ​ការណ៍ និង ឥទ្ធិពល​ខាង​លោកិយ​នេះជា​ជាង​ការដាក់​ទីទុកចិត្ត​លើ​ព្រះអម្ចាស់​នោះ ?( អ្នក​អាច​នឹង​ចង់​គិត​ពី​ស្ថានភាព​ទាំងឡាយ​ដែល​អាច​នឹង​ល្បួង​អ្នក​ឲ្យ​ធ្វើ​ការសម្រេច​ចិត្ត​ដោយ​ផ្អែកលើ​ភាពភ័យខ្លាច ) ។

    2. តើ​នៅ​ពេល​ណា ដែល​អ្នក​បាន​បែរ​ទៅ​រក​ព្រះអម្ចាស់​ដើម្បី​ទទួល​កម្លាំងនៅ​ពេល​អ្នក​ទើប​តែ​ត្រូវ​បាន​ល្បួង​ឲ្យ​បែរ​ទៅ​រក​ប្រភព​ផ្សេង​ទៀត ?តើ​អ្នក​រៀន​បាន​អ្វី​ខ្លះ​ពី​បទពិសោធន៍​នេះ ?

    3. ក្រោម​ការដឹកនាំ​របស់​ស្តេច​ហេសេគា នោះ​រាស្ត្រ​ក្នុង​ស្រុក​យូដា​ត្រូវ​បាន​ប្រោសប្រណី​ពី​ការបំផ្លិចបំផ្លាញ​ដោយសារ​តែ​ពួក​គេ​ធ្វើ​តាម​ពាក្យទូន្មាន​របស់​អេសាយ​ដែល​មក​បាន​ពី​ព្រះអម្ចាស់ ។តើ​ការធ្វើ​តាម​ពួកព្យាការី​សម័យ​ទំនើប​អាច​ការពារ​អ្នក​ពី​គ្រោះថ្នាក់​ខាង​វិញ្ញាណ​តាម​យ៉ាង​ណា​ដែរ ?

នីហ្វៃទី 2 19:1–7

អេសាយ​និយាយ​ប្រៀប​ដូច​ជា​ព្រះមែស៊ី

តើ​អ្នក​ធ្លាប់​ឆ្លងកាត់​រយៈពេល​ដ៏​យូរ​ដោយ​មិន​បាន​ឃើញ​ព្រះអាទិត្យ ឬ ទទួល​អារម្មណ៍​កក់ក្តៅ​ពី​ព្រះអាទិត្យ​ដែរ​ឬទេ ?បើ​សិន​អ្នក​មិន​ធ្លាប់​ទេ សូម​ស្រម៉ៃ​ថា អ្នក​ឋិត​នៅ​ក្រោម​ម្លប់​ជា​ប្រចាំ​ដោយ​មិន​អាច​ទៅ​រក​ពន្លឺ និង កម្ដៅ​ពី​ព្រះអាទិត្យ​បាន ( ដូច​ឋិត​នៅក្នុង​បន្ទប់​ងងឹត​គ្រប់ពេល ) ។អេសាយ​បាន​ប្រើប្រាស់​គំនិត​ស្រដៀង​គ្នា​នេះ​ដើម្បី​ចង្អុល​បង្ហាញ​ពី​ស្ថានភាព​ខាង​វិញ្ញាណ​របស់​ប្រជាជន​ដែល​រស់នៅ​ដោយ​គ្មាន​ពន្លឺ​នៃ​ព្រះគ្រីស្ទ ។

មាន​ស្រុក​ពីរ​ដែល​ពិពណ៌នា​ក្នុងនីហ្វៃទី 2 19:1–2 ។សូម​អាន​ខ​ទាំង​នេះ ហើយ​គូសចំណាំ​ឈ្មោះ​របស់​ស្រុក​ទាំងពីរ​នេះ ។

ជា​ច្រើន​សតវត្សរ៍​ពីមុន​ពេល​អេសាយ​បាន​សរសេរ​ខ​ទាំង​នេះ មាន​សង្រ្គាម​ជា​ច្រើន​ត្រូវ​បាន​ប្រយុទ្ធ​ក្នុង​គោល​បំណង​ដើម្បី​គ្រប់គ្រង​តំបន់​នេះដែល​ឥឡូវ​នេះ ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ដែនដី​បរិសុទ្ធ ។មនុស្សមួយ​ចំនួន​បាន​ពោល​សំដៅ​ដល់​តំបន់​នេះ​ថា​ជា « ស្រុក​នៃ​ម្លប់​សេចក្តីស្លាប់ »ដោយសារ​មាន​មនុស្ស​ជា​ច្រើន​បាន​បាត់​បង់​ជីវិត​របស់​ពួកគេ​ក្នុង​សង្រ្គាម​នៅ​ទី​នោះ ។អំឡុង​សម័យ​ព្រះគម្ពីរ​សញ្ញា​ថ្មី ភូមិណាសារ៉ែត ទីក្រុងកាពើណិម ក្រុងណាអ៊ីន ភូមិកាណា បាន​តាំង​នៅក្នុង​តំបន់​ទាំងឡាយ​ដែល​គេ​បានស្គាល់​ជា​ផ្លូវការ​ថា ស្រុក​សាប់យូល៉ូន និង ស្រុក​ណែបថាលី ។ទីក្រុង​ទាំង​នេះ​ហើយ​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​ចំណាយ​ពេល​របស់​ទ្រង់​យ៉ាង​ច្រើន​ក្នុង​ការបម្រើ​ដល់​ប្រជាជន​កាល​ពី​ជាង 500ឆ្នាំ​ក្រោយ​មក ។នៅ​ពេល​បច្ចុប្បន្ន​នេះ គេ​បាន​ស្គាល់​ថា​ជា​តំបន់​កាលីឡេ ។

សូម​គូសចំណាំ​នៅក្នុងនីហ្វៃទី 2 19:2ពី​អ្វី​ដែល​អេសាយ​បាន​មាន​ប្រសាសន៍​ថា ប្រជាជន​ក្នុង​តំបន់​នេះ​នឹង​មើល​ឃើញ​នៅ​ទី​បំផុត ។

សេចក្ដី​ថ្លែង​របស់​អេសាយ​ដែល​ថា អ្នក​ទាំងឡាយ​ដែល « ដើរ​ក្នុង​សេចក្តី​ងងឹត » ហើយ​អាស្រ័យ​នៅ​ក្នុង « ស្រុក​នៃ​ម្លប់​សេចក្តី​ស្លាប់​នោះ » បាន « ឃើញ​ពន្លឺ​យ៉ាង​ធំ » គឺ​ជា​ការព្យាករណ៍​មួយ​អំពី​បេសកកម្ម​ក្នុង​ជីវិត​រមែង​ស្លាប់​របស់​ព្រះយេស៊ូវគ្រីស្ទ ។ប្រជាជន​ដែល​បាន​រស់នៅ​ក្នុង​តំបន់​កាលីឡេ​កំពុង​ដើរ​ក្នុង​សេចក្តី​ងងឹត​ខាង​វិញ្ញាណ ប៉ុន្តែ​នៅ​ពេល​ព្រះយេស៊ូវគ្រីស្ទ​បាន​រស់​នៅ និង បម្រើ​ក្នុងចំណោម​ពួកគេ ពួកគេ​បាន​ឃើញ « ពន្លឺ​យ៉ាងធំ » ។

  1. សូម​អាននីហ្វៃទី 2 19:6–7 ហើយ​គិតថា តើ​ព្រះនាម​ព្រះគ្រីស្ទ​មួយ​ណា​ក្នុង​ខទី 6 ដែល​អាច​នឹង​មាន​អត្ថន័យ​ជា​ពិសេស​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​យូដា ដោយ​ត្រូវ​បាន​ប្រាប់​ពី​កាលៈទេសៈ​របស់​ពួកគេ​ហើយ​នោះ ។នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​របៀប​ដែល​ព្រះនាម​មួយ ឬ ច្រើន​ដង​ដែល​ពិពណ៌នា​ពី​របៀប​ដែល​អ្នក​មាន​អារម្មណ៍​ចំពោះ​ព្រះអង្គ​សង្រ្គោះ ។

នីហ្វៃទី 2 19–20

អេសាយ​ពិពណ៌នា​អំពី​ការបំផ្លិចបំផ្លាញ​របស់​ពួកទុច្ចរិត​នៅ​ឯ​ការយាង​មក​ជាលើក​ទីពីរ

ការព្យាករណ៍​របស់​អេសាយ​អំពី​ការបំផ្លិចបំផ្លាញ​នៃ​ស្រុក​អាសស៊ើរមាន​កត់ត្រា​ក្នុងនីហ្វៃទី 2 20គឺជា​ការ​ព្យាករណ៍អំពី​ការបំផ្លិចបំផ្លាញ​នៃ​ពួកទុច្ចរិត​នៅពេល​ការយាង​មក​ជា​លើក​ទីពីរ​ផងដែរ ។នៅពេល​អ្នកអាន​ជំពូកនេះ សូមចងចាំ​ថា គឺដូចជា​ហេសេគា​ដែល​បាន​ទុកចិត្ត​លើ​ពាក្យទូន្មាន​របស់​អេសាយ​ដែល​ទទួល​បាន​ពី​ព្រះអម្ចាស់ ហើយ​ត្រូវ​បាន​ប្រទានពរ​ដែរ បើសិន​អ្នក​ដាក់​ទីទុកចិត្ត​របស់​អ្នក​លើ​ព្រះអម្ចាស់ នោះ​អ្នក​មិន​ត្រូវ​ភ័យខ្លាច​ពី​ការជំនុំ​ជម្រះ​ដែល​នឹង​មាន​មក​លើ​បណ្ដាជន​នៅ​លើ​ផែនដី​នេះក្នុង​ពេល​ដែល​នាំ​ទៅ​ការយាង​មក​ជា​លើក​ទីពីរ​នោះ​ឡើយ ។

តើ​មាន​ប្រយោគ​អ្វី​ខ្លះ​ដែល​ត្រូវ​បាន​សរសេរ​ដដែលៗ​នៅ​ក្នុងនីហ្វៃទី 2 19:12, 17, 21និងនីហ្វៃទី 2 20:4 ?អ្នក​អាច​នឹង​ចង់​គូសចំណាំ​ប្រយោគ​នេះ​ក្នុង​ព្រះគម្ពីរ​របស់អ្នក ។សូម​សរសេរ​ប្រយោគនេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​របស់អ្នក ហើយ​គូសបន្ទាត់​ពីក្រោម​ពាក្យសេចក្តីខ្ញាល់និងពាក្យព្រះហស្ត ។ពីក្រោមពាក្យសេចក្តីខ្ញាល់សរសេរសេចក្តី​ជំនុំជម្រះនៅខាងក្រោម​ពាក្យព្រះហស្តសរសេរសេចក្តី​មេត្តា​ករុណា ។សូមអាន​ប្រយោគ​នេះ​ឲ្យឮៗ ដោយ​ដាក់​ជំនួស​ពាក្យ​សេចក្តី​ជំនុំជម្រះនិងសេចក្តី​មេត្តា​ករុណា ។ ( « ទោះបើ​ធ្វើ​ទោស​ជា​ច្រើនដល់​ម្ល៉េះក៏​ដោយ គង់​តែ [ សេចក្តី​ជំនុំ​ជម្រះ ] របស់​ទ្រង់​មិនទាន់​បែរ​ចេញ​នៅ​ឡើយ គឺ [ សេចក្តី​មេត្តា​ករុណា ] ទ្រង់​នៅ​តែ​លូក​មក​ទៀត » ) ។

  1. សូម​ឆ្លើយ​សំណួរ​ដូច​ខាង​ក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ប្រយោគ​ក្នុង​លំហាត់​សិក្សា​ខាង​លើ​នេះពិពណ៌នា​ពី​របៀប​ដែល​ព្រះអម្ចាស់​ឆ្លើយ​តប​ចំពោះ​ជាតិ​សាសន៍ ក្រុមគ្រួសារ ឬ បុគ្គល​ម្នាក់ៗ​ដែល​បដិសេធ​ទ្រង់​យ៉ាង​ដូចម្តេច ?

    2. តើ​អ្នក​អាច​អនុវត្ត​សេចក្តីពិត​តទៅ​នេះ​ក្នុង​ជីវិត​អ្នក​យ៉ាង​ដូច​ម្តេច ?ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះ​នៃ​សេចក្តី​ជំនុំ​ជម្រះ និង សេចក្តី​មេត្តា​ករុណា ។សេចក្តី​មេត្តា​ករុណា​របស់​ទ្រង់​ត្រូវ​បាន​លាត​សន្ធឹង​ទៅ​ពួក​អ្នក​ទាំងឡាយ​ដែល​ប្រែចិត្ត ហើយ​រក្សា​បទបញ្ញាតិ​របស់​ទ្រង់ ។

  2. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​គ្រា​មួយ​ដែល​អ្នក​គោរព​ប្រតិបត្តិ​តាម​បទដទៃជាក់លាក់​មួយ ហើយ​ទទួល​អារម្មណ៍​នៃ​សេចក្តី​មេត្តា​ករុណា​របស់​ព្រះ ។

  3. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពីក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សានីហ្វៃទី 2 17–20ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម​ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖