ថ្នាក់​សិក្ខាសាលា
មេរៀនទី 4 ៖ ថ្ងៃ​ទី 3 នីហ្វៃ1 17


មេរៀនទី 4 ៖ ថ្ងៃ​ទី 3

នីហ្វៃទី1 17

សេចក្តីផ្តើម

បន្ទាប់​ពី​ការ​ធ្វើ​ដំណើរ​អស់​រយៈ​ប្រាំ​បី​ឆ្នាំ​នៅក្នុង​ទីរហោស្ថាន គ្រួសារ​របស់​លីហៃ​បាន​មក​ដល់​កន្លែង​មួយ​ក្បែរ​ឆ្នេរសមុទ្រ ។ ពួកគេ​បាន​ហៅ​ដែនដី​នោះថា បរិបូរណ៍ ។ នីហ្វៃ​បាន​គោរព​តាម​ការ​បញ្ជា​របស់​ព្រះ​អម្ចាស់​ដើម្បី​សង់​សំពៅមួយ ។ លោក​​ក៏​បាន​ស្តី​បន្ទោស​ដល់​បង​​ប្រុស​របស់​លោកចំពោះ​អំពើ​ទុច្ចរិត​ដែល​រារាំង​ពួកគេ​ពី​ការ​ទទួល​បាន​នូវ​ការ​បំផុស​គំនិត​ពី​ព្រះ​អម្ចាស់ ។ នៅពេល​អ្នកសិក្សា នីហ្វៃ​ទី1 17 និង គំរូ​របស់​នីហ្វៃ នោះ​អ្នក​នឹង​យល់​ថា តាមរយៈ​ការ​គោរព​ប្រតិបត្តិ អ្នកអាច​សម្រេច​បាន​នូវ​អ្វី​ៗ​ទាំង​អស់​ដែល​ព្រះបាន​ចេញ​បញ្ជា ។ អ្នក​ក៏​នឹង​រៀន​ដើម្បី​ស្គាល់​ព្រះ​អម្ចាស់​ប្រសើរ​ជាង​មុន​ក្នុង​ការ​និយាយ​ទៅ​កាន់​អ្នក​តាម​រយៈ​សំឡេង​តូច​រហៀងៗ ។

នីហ្វៃទី1 17:1–51

គ្រួសារ​របស់​លីហៃ​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ដែន​ដី​បរិបូរណ៍ ជា​កន្លែង​ដែល​នីហ្វៃ​ត្រូវ​បាន​បញ្ជា​ឲ្យ​សង់​សំពៅ

តើ​អ្នក​នឹង​រៀប​រាប់​ប្រាប់​អំពី​ជីវិត​អ្នក​ថា​ជា​ការងាយ​ស្រួល ឬ ជា​ការ​ពិបាក ? ហេតុអ្វី? សូម​អាន នីហ្វៃទី1 17:1,4 6 ហើយ​សូម​គូស​រង្វង់​ជុំវិញ​ពាក្យ​ទាំង​ឡាយ​ដែល​បង្ហាញ​ថា​បើសិន​ជា​នីហ្វៃ និង គ្រួសារ​របស់​លោក​បាន​នៅក្នុង​ទីរហោស្ថាន​ជា​ការ​ងាយ​ស្រួល ឬ ជា​ការពិបាក ។

សូម​អាន នីហ្វៃ​ទី1 17:3 ហើយ​សូម​រកមើល​​ពី​មូល​ហេតុ​ដែល​នីហ្វៃ​រៀប​រាប់​ប្រាប់​ពី​​ហេតុ​ផល​ដែល​គ្រួសារ​របស់​លោក​ត្រូវ​បាន​ប្រទាន​ពរ​អំឡុង​ពេល​ពិបាក​នេះ—វា​ចាប់​ផ្តើម​ជាមួយ​ពាក្យ​ថា បើសិន ។សូម​គូស​ចំណាំ​គោលការណ៍​នេះ​នៅក្នុង​ព្រះ​គម្ពីរ​របស់​អ្នក ។

ជា​ញឹក​ញាប់ គោលការណ៍​ទាំង​ឡាយ​នៃ​ដំណឹង​ល្អ​ត្រូវ​បាន​ថ្លែង​នៅ​ក្នុង​ព្រះគម្ពីរ​​ជា​ទម្រង់​ពាក្យ « បើសិននោះ » ។ ទម្រង់​ពាក្យ « បើសិន-នោះ » នេះ​អាច​ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ការ​ដឹក​នាំ​នៃ​ជីវិត​រស់​នៅ​របស់​បុគ្គល​ម្នាក់​ៗថែម​ទាំង​ក្រុម​គ្រួសារ និង ជាតិ​ទាំងមូល​ផងដែរ ។ ពាក្យ បើសិន ពិពណ៌​នា​អំពី​សកម្ម​ភាព​របស់​យើង និង នោះ ពន្យល់​ពី​ផល​វិបាក ឬ ពរជ័យ​ដែល​យើង​នឹង​ទទួល​សម្រាប់​ទង្វើ​របស់​យើង ។ ខណៈ​ដែល​នីហ្វៃ​ទី1 17:3 មិន​មាន​ពាក្យ​នោះ​វាពិពណ៌​នា​អំពី​សកម្ម​ភាព​ និង ពរជ័យ​ដែល​នឹង​មក​តាម​ក្រោយ​នោះ ។ តើ​អ្នក​នឹង​និយាយ​បែបណា​នូវ​គោលការណ៍​ដែល​នីហ្វៃ​កំពុង​ថ្លែង​ទី​បន្ទាល់​ចេញ​ពី​ពាក្យ​សម្តី​ផ្ទាល់​របស់​អ្នក ? បើ​សិន នោះ  ។

សូម​កត់​ស្គាល់​អំពី​របៀប​ដែល​គោល​ការណ៍​នេះ​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​នីហ្វៃ​ទី1 17:2, 12–13 ។ នៅពេល​អ្នក​អាន​ខ​ទាំង​នេះ សូម​​គូស​ចំណាំ​នូវ​វិធី​មួយ​ចំនួន​ដែល​ព្រះ​អម្ចាស់​បាន​ពង្រឹង និង ប្រទាន​ពរ​ដល់​នីហ្វៃ និង គ្រួសារ​របស់​លោក​នៅពេល​ពួកគេ​បាន​គោរព​រាល់​​ព្រះបញ្ញត្តិ ។ សូម​រក​មើល​ភស្តុតាង​បន្ថែម​ទៀត​នៃ​សេចក្តីពិត​ពី​គោល​ការណ៍​នេះ នៅពេល​អ្នក​បន្ត​សិក្សា​បទ​ពិសោធន៍​របស់​នីហ្វៃ ។

  1. សូម​ចំណាយ​ពេល​ដើម្បី​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះ​ប្រកប​ដោយ​អត្ថន័យ​នៅ​ក្នុង​សៀវ​ភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ។ លំហាត់​នេះ​នឹង​ជួយ​អ្នក​យល់​ថា នីហ្វៃ​បាន​បន្ត​រស់​នៅ​តាម​គោល​ការណ៍​ដែល​លោកបាន​ថ្លែង​នៅក្នុង​នីហ្វៃ​ទី1 17:3 ខណៈ​ដែល​សមាជិក​គ្រួសារ​ដទៃ​ទៀត​បាន​ខក​ខាន​មិន​បាន​រស់​នៅ​តាម​គោលការណ៍​នោះ ។ សូម​ចង​ចាំ​ដើម្បី​គិត​អំពី​របៀប​ដែល​គោលការណ៍​នេះ​អនុវត្ត​នៅ​ក្នុង​ជីវិត​អ្នក ។

    1. តើ​ព្រះ​អម្ចាស់​បាន​បញ្ជា​នីហ្វៃ​ឲ្យ​ធ្វើ​អ្វី ? ( សូម​មើល​នីហ្វៃទី1 17:7–8 ) ។ តើ​អ្វី​ទៅ​ជា​ការ​លំបាក​ចំពោះ​ការ​គោរព​តាម​ព្រះ​បញ្ញត្តិនេះ ?

    2. តើ​អ្វី​ទៅ​ធ្វើ​ឲ្យ​អ្នក​ស្ងើច​សសើរ​ចំពោះ​ការ​ឆ្លើយ​តប​របស់​នីហ្វៃ​ទៅ​នឹង​ព្រះ​បញ្ញត្តិ​នេះ ? ( សូម​មើល​នីហ្វៃ​ទី 1 17:9–11, 15–16 ) ។ តើ​ពួក​បងប្រុសៗ​របស់​លោក​ឆ្លើយ​តប​ដោយ​របៀប​ណា ? ( សូម​មើលនីហ្វៃទី1 17:17–21 ) ។ តើ​អ្នក​អាច​រៀន​អ្វី​ពី​ការ​ឆ្លើយ​តប​នេះ ?

    3. នីហ្វៃ​បាន​ឆ្លើយ​តប​នឹង​បង​ប្រុស​ទាំងឡាយ​របស់​លោក​តាម​រយៈ​ការ​រំឭក​ឡើង​វិញ​ពី​បទពិសោធន៍​របស់​ម៉ូសេ ។ តើ​ព្រះ​អម្ចាស់​បាន​ជួយ​ម៉ូសេ​ឲ្យ​សម្រេច​កិច្ច​ការ​ដែល​គាត់​ត្រូវ​បាន​បញ្ជា​ឲ្យ​ធ្វើ​ដោយ​របៀប​ណា ? ( សូមមើល នីហ្វៃទី1 17:23–29 ) ។ តើ​បង​ប្រុស​របស់​នីហ្វៃ​គឺ​ដូច​ទៅ​​នឹង​កូន​ចៅ​នៃ​អ៊ី​ស្រា​អែល​ដោយ​របៀប​ណា ? ( សូម​មើល នីហ្វៃទី1 17:30, 42 ) ។

    4. តើ​មាន​បទ​បញ្ញត្តិ​ណា​ខ្លះ​ដែល​លំបាក​សម្រាប់​អ្នក ? តើ​អ្នក​អាច​ឆ្លើយ​តប​ចំពោះ​កិច្ចការ ឬ ព្រះ​បញ្ញត្តិ​លំបាក​មក​ពី​ព្រះ​ដោយ​របៀបណា​នៅពេល​ដែល​នីហ្វៃ និង ម៉ូសេ​បាន​ធ្វើ​វា​នោះ ?

នៅពេល​អ្នក​បាន​បញ្ចប់​កិច្ចការ​ខាង​លើ​ហើយ សូម​អាន​ឃ្លា​មួយ​របស់​នីហ្វៃ​អំពី​ការ​បញ្ចាក់​ពី​សេចក្តីជំនឿ​នៅ​ក្នុង នីហ្វៃ​ទី1 17:50 ។

សូម​អាន នីហ្វៃ​ទី1 17:51ហើយ​សូម​អនុវត្ត​ខ​នេះ​ជាមួយ​នឹង​ខ្លួន​អ្នក​ផ្ទាល់​ដោយ​បន្ថែម​ឈ្មោះ​អ្នក​ពី​ក្រោយ​ពាក្យ​ « ខ្ញុំ » ដោយ​ដាក់​ជំនួស​ឃ្លា « សង់​សំពៅ » ជា​មួយ​នឹង​ព្រះ​បញ្ញត្តិមួយ​ដែល​អ្នក​បាន​កត់​ត្រា​ទុក​ក្នុង​សំណួរ  ខាង​លើ ។

  1. នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​ការសិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​បទពិសោធន៍មួយ​ ( របស់​អ្នក​ផ្ទាល់ ឬ​ របស់​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ) ដែល​ជួយ​អ្នក​ដឹង​ថា បើ​សិន​អ្នក​ស្មោះ​ត្រង់​ចំពោះ​ព្រះ​ នោះ​ទ្រង់​នឹង​ជួយ​អ្នក​សម្រេច​អ្វី​ៗ​ដែល​ទ្រង់​ស្នើរ​ឲ្យ​អ្នក​ធ្វើ ។

គោល​ការណ៍​ដែល​នីហ្វៃ​បាន​បង្ហាញ​ជា​គំរូ​នៅក្នុង​នីហ្វៃទី1 17 និង​ពេញ​មួយ​ជីវិត​លោក​គឺ​ថា បើ​សិន​យើង​កាន់​តាម​ព្រះបញ្ញត្តិទាំងឡាយ នោះ​ព្រះ​អម្ចាស់​នឹង​ពង្រឹង​យើង ហើយ​ផ្តល់​​ជា​មធ្យោ​បាយ​ដល់​យើង​ដើម្បី​សម្រេច​ការណ៍​នោះ​ដែល​ទ្រង់​បាន​បញ្ជា ។

នីហ្វៃទី1 17:45–55

នីហ្វៃ​បាន​ស្តី​បន្ទោស​បងប្រុស​របស់​លោក​ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​ពួកគេ

សូម​អាន នីហ្វៃ​ទី1 17:48, 53–54 ហើយ​សូមរកមើល​ពី​មូល​ហេតុ​ដែល​នីហ្វៃ « ហុច​ដៃ [ រប​ស់​លោក ] ទៅ​ឲ្យ​បងប្រុស [ របស់​លោក ] » ។

យោង​ទៅ​តាម នីហ្វៃទី1 17:53 តើ​ព្រះអម្ចាស់​បាន​ធ្វើ​អ្វី​ជា​មួយ​បង​​ប្រុស​របស់​នីហ្វៃ ? ហេតុអ្វី?

រូបភាព
នីហ្វៃ​បង្ក្រាប​បងប្រុស​ទាំងឡាយ​របស់​លោក​ដែល​បះ​បោរ​

ការ​ភ្លឹក​ភ្លាំង​ស្មារតី​ដែល​មាន​លើ​បង​ប្រុស​របស់​នីហ្វៃ​គឺ​ជា​វិធី​មួយ​ក្នុង​ចំណោម​វិធី​ទាំងឡាយ​ដែល​ព្រះ​អម្ចាស់​ព្យាយាម​ទំនាក់ទំនង​ជា​មួយ​ពួកគេ ។ សូម​អាន ​នីហ្វៃ​ទី1 17:45 ហើយរកមើលពី​វិធី​ផ្សេង​មួយ​ចំនួន​ទៀត​ដែល​ព្រះអម្ចាស់​បាន​ព្យាយាម​ដើម្បី​ធ្វើ​ទំនាក់​ទំនង​ជាមួយ​គេ ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ. ផាកកឺ

សូម​ពិចារណា​ចំពោះ​ពាក្យ​សម្តី​ដែល​បាន​ដក​ស្រង់​ខាង​ក្រោម​​ពី​ប្រធាន ប៊យដ៏ ឃេ. ផាកកឺ នៃ​កូរ៉ុម​នៃ​ពួកសាវ័ក​ដប់​ពី​នាក់ ៖ « ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថ្លែង​ជា​សំឡេង​មួយ​ដែល​អ្នកទទួល​អារម្មណ៍​ដឹងច្រើន​ជាងឭ ។ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ត្រូវ​បាន​ពិពណ៌​នា​ថា​ជា ‹សំឡេង​តូច​រហៀង› [គ. និង ស. 85:6] ។ ហើយ​ខណៈ​ដែល​យើង​និយាយ​ដល់​ ‹ កា​រ​ស្តាប់ › ពីកា​រខ្សឹប​ប្រាប់​ពី​ព្រះ​វិញ្ញាណ ជា​ញឹក​ញយ​ មនុស្ស​ម្នាក់​ពិពណ៌​នា​ការ​បំផុស​គំនិត​ខាង​ព្រះ​វិញ្ញាណ​ដោយ​និយាយ​ថា ‹ ខ្ញុំ​បាន​ទទួលអារម្មណ៍​មួយ …›» ( “Personal Revelation: The Gift, the Test, and the Promise,” Ensign, ខែ វិច្ឆកា ឆ្នាំ 1994, ទំព័រ 60 ) ។

អ្នក​អាច​ចង់​គូស​ចំណាំ​នៅក្នុងនីហ្វៃ1 17:45 ហើយ​សរសេរ​​គោល​ការណ៍​ខាង​ក្រោម​នេះ​នៅ​ក្បែរ​ខគម្ពីរ​នេះ ៖ ព្រះ​វិញ្ញាណ​បរិសុទ្ធ​ថ្លែង​ជាសំឡេង​​តូច​រហៀង​ដែល​យើង​ទទួល​អារម្មណ៍​ច្រើន​ជាង​យើង​ឭ ។

  1. សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាងក្រោម​នៅក្នុង​សៀវ​ភៅ​​កំណត់ហេតុ​​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​បាន ទទួល​អារម្មណ៍ ថា​ព្រះ​អម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​អ្នក​តាម​រយៈ​សំឡេង​តូច​រហៀង​នៅពេល​ណា ?

    2. តើ​អ្នក​អាច​ធ្វើ​អ្វី​ខ្លះ​ដើម្បី​ទទួល​អារម្មណ៍ និង ស្គាល់​សំឡេង​តូច​រហៀង ?

សូម​គូស​ចំណាំ​ឃ្លា​ខាង​ក្រោម​នៅក្នុង​នីហ្វៃ​ទី1 17:45 ៖ « ទ្រង់​មាន​ព្រះ​បន្ទូល​ជា​មួយ​នឹង​បង​រាល់​គ្នា​ដោយ​សំឡេង​តូច​រហៀងៗ ប៉ុន្តែ​បង​រាល់​គ្នា​មាន​ចិត្ត​វក់​វិញ ទើប​មិន​អាច​ចាប់​អារម្មណ៍ពី​ព្រះ​បន្ទូលរបស់​ព្រះ​អង្គ​ឡើយ » ។ សូម​អាន​ម្តង​ទៀត​នៅ​ប្រយោគ​ដំបូង​នៃ នីហ្វៃ​ទី1 17:45 ហើយ​សូម​​​រកមើល​ពី​មូល​ហេតុ​មួយ​ដែល​ពួក​បងៗ​របស់​នីហ្វៃ​បាន​បែរ​ជា​មាន « អារម្មណ៍​វក់​វិញ » ។

តើ​អំពើ​បាប​អាច​រារាំង​យើង​ពី​ការ​ទទួល​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ដោយ​របៀប​ណា ? តើ​មាន​អ្វី​ផ្សេង​ៗ​ទៀត​ដែល​អាច​បំបែក​អារម្មណ៍​យើង​ពី​ការ​មាន​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ?​

ប្រធាន ជែមស៍ អ៊ី. ហ្វោស្ត នៃ​គណៈ​ប្រ​ធាន​ទី​មួយ​បាន​ប្រើ​រឿង​ប្រៀប​ធៀប​ដើម្បី​បង្ហាញ​នូវ​វិធី​មួយ​ចំនួន​ដែល​អំពើ​បាប​អាច​រារាំង​យើង​ពី​ការ​ទទួល​អារម្មណ៍​ពី​ព្រះ​វិញ្ញាណ​បរិសុទ្ធ ៖​

រូបភាព
ប្រធាន ជែមស៍ អ៊ី. ហ្វោស្ត

« ទូរសព្ទដៃ​ត្រូវ​បាន​គេ​ប្រើ​យ៉ាង​ច្រើន​ក្នុង​ការ​ទំនាក់​ទំនង​នៅ​ក្នុង​សម័យ​របស់​យើង ។ ទោះ​ជា​យ៉ាង​ណា​ យើង​ឃើញ​ថា យូរ​ៗ​ម្តង​កន្លែង​ឥត​សេវា​គឺ​ជា​កន្លែង​ដែល​បណ្តាញ​សេវា​ទូរសព្ទមិន​អាច​ភ្ជាប់ដល់ ។ ការ​ណ៍​នេះ​អាច​កើត​ឡើង​នៅ​ពេល​ដែល​អ្នក​ប្រើ​ទូរសព្ទដៃ​កំពុង​ថិត​នៅ​ក្នុង​រូង​ក្រោម​ដី ឬ នៅ​តាម​ជ្រលង​ភ្នំ ឬ នៅ​ពេល​ដែល​មាន​ការ​រារាំង​ណា​មួយ ។

« ចំពោះ​ការ​ទំនាក់​ទំនង​ដ៏​ទេវភាព​វិញ​វា​ក៏​ដូច​គ្នា​ផង​ដែរ ។ …. ជា​ញឹក​ញាប់ យើង​ដាក់​ខ្លួន​យើង​នៅ​ចំណុច​ស្លាប់​ខាង​វិញ្ញាណ—ដែល​ជា​កន្លែង និង ស្ថាន​ភាព​ទាំងឡាយ​ណា​ដែល​រា​រាំង​យើង​ពី​ការ​ទទួល​សារ​ដ៏​ទេវភាព ។ ចំណុច​ស្លាប់​មួយ​ចំនួន​មាន​រួម​ទាំង កំហឹង រូបអាស​គ្រាម អំពើ​រំលង​ច្បាប់ ភាព​អាត្មា​និយម និង ស្ថាន​ភាព​ដទៃ​ទៀត​ដែល​ធ្វើ​ឲ្យ​ព្រះវិញ្ញាណ​ថប់​អារម្មណ៍ » ( « Did You Get the Right Message? » Ensignលីអាហូណា, ខែ ឧសភា ឆ្នាំ 2004 ទំព័រ 67 ) ។

  1. សូម​ពិចារណា​ថា តើ​អ្នក​បាន​ស្តាប់​សារលិខិត​ដែល​ព្រះអម្ចាស់​បាន​ព្យាយាម​ទំនាក់​ទំនង​ជា​មួយ​អ្នក​ថ្មី​ៗនេះ​បាន​ល្អ​ប៉ុណ្ណា ។ សូម​ធ្វើ​បញ្ជី​មួយនៅក្នុង​សៀវភៅកំណត់ហេតុ​សិក្សា​ព្រះគម្ពីរ​របស់​អ្នក​​ស្តី​អំពី« ចំណុច​ស្លាប់​ខាង​វិញ្ញាណ »—ស្ថាន​ភាព និង ទីកន្លែង​ទាំងឡាយ​ដែល​អាច​រារាំង​អ្នក​ពី​ការ​ទទួល​បាន​នូវ​សំឡេង​​តូច​រហៀង—ហើយ​ថា​តើ​អ្វី​ទៅដែល​អ្នក​នឹង​ធ្វើ​ដើម្បី​ជៀស​វាង​ពី​ចំណុច​ទាំង​នោះ ។

អ្នក​អាច​ទទួល​បាន​ទំនាក់​ទំនង​ពី​ព្រះអម្ចាស់​តាម​រយៈ​សំឡេង​​តូច​រហៀង​នៅពេល​អ្នក​ព្យាយាម​ឲ្យ​មាន​ភាព​សក្តិសម និង យកចិត្ត​ទុក​ដាក់​ចំពោះ​ការ​បំផុស​គំនិតដ៏​ផ្អែម​ល្ហែម​ទាំង​នេះ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា​នីហ្វៃ​ទី1 17 ហើយ​បាន​បញ្ចប់​​មេរៀន​នេះ​នៅ​​ ( កាល​បរិច្ឆេទ ) ។

    សម្រាប់​សំណួរ គំនិត និង ការ​យល់ដឹង​បន្ថែម​ទៀត ខ្ញុំ​ចង់​ចែកចាយ​ជាមួយគ្រូ​របស់​ខ្ញុំ ៖