ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 2 ៖ ថ្ងៃ​ទី 3 នីហ្វៃ​ទី1 3–4


មេរៀន​ទី 2 ៖ ថ្ងៃ​ទី 3

នីហ្វៃទី1 3–4

សេចក្តីផ្តើម

ព្រះ​អម្ចាស់​បាន​បញ្ជា​លោក​លីហៃ​ឲ្យ​បញ្ជូន​កូន​ប្រុស​ៗ របស់​គាត់​ឲ្យ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​ដើម្បី​ទៅ​យក​ផ្ទាំង​លង្ហិន​ពី​ឡាបាន់ ។ ខណៈដែល​លេមិន និង លេមយួល​មិន​បាន​យល់​អំពី​របៀប​ដែល​ពួកគេ​នឹង​បំពេញ​តាម​ការ​បញ្ជា​នេះ នោះ​នីហ្វៃ​មាន​សេចក្តី​ជំនឿ​ថា ព្រះ​អម្ចាស់​នឹង​រៀប​ចំ​ផ្លូវ​មួយ​​ដើម្បី​ឲ្យ​សម្រេច​​នូវ​អ្វីៗដែល​ទ្រង់​បាន​ស្នើឲ្យ​ធ្វើ ។ បើ​ទោះ​ជា​មាន​ការ​លំបាក​ម្តងហើយ​ម្តង​ទៀត ក៏​នីហ្វៃ​នៅតែ​តស៊ូ​ដោយ​ស្មោះត្រង់​ក្នុង​ការ​ធ្វើ​​នូវ​អ្វីៗ​ដែល​ព្រះអម្ចាស់​បាន​ស្នើ​ឲ្យ​ធ្វើ ។ ជា​លទ្ធផល លោក​ត្រូវបាន​ដឹក​នាំ​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ និង យក​បាន​ផ្ទាំង​ប្រវត្តិ​ទាំងឡាយ​ដោយ​ជោគជ័យ ។​ បទពិសោធន៍​របស់​នីហ្វៃ​បង្ហាញ​ថា ការគោរព​ប្រតិប្រត្តិ​ខ្ជាប់​ខ្ជួន​បាន​ធ្វើ​ឲ្យ​មាន​ភាព​សក្តិសម​ទទួលជំនួយ​របស់​ព្រះ​អម្ចាស់​នៅ​ក្នុង​ស្ថានភាព​ពិបាក​ទាំងឡាយ ។

នីហ្វៃ​ទី1 3:1–9,19–20

កូន​ប្រុស​ទាំង​ឡាយ​របស់​លីហៃ​បាន​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ

តើអ្នក​ធ្លាប់​បាន​ប្រឈម​មុខ​នឹង​ស្ថានភាព​ពិបាក ហើយ​បាន​ឆ្ងល់​ថា តើ​ត្រូវ​ដោះស្រាយ​វា​ដោយ​របៀប​ណា​ដែរ​ឬ​ទេ ? មេរៀននៅថ្ងៃ​នេះ​អាច​ជួយ​អ្នក​ឲ្យ​ពង្រឹង​​សេចក្តី​ជំនឿ​របស់អ្នក និង​ ការតាំងចិត្ត​ដើម្បី​គោរព​តាម​នៅពេល​អ្នក​ប្រឈម​មុខ​នឹង​ស្ថានភាព​ពិបាកទាំងឡាយ ។ សូម​ចាប់​ផ្តើម​អាន​នីហ្វៃ​ទី1 3:1–6 ហើយ​គូស​ចំណាំ​ខគម្ពីរ​របស់​អ្នក​អំពី​ការ​បញ្ជា​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ​​លោក​លីហៃ​សម្រាប់​ឲ្យ​កូន​ប្រុស​ទាំង​ឡាយ​របស់​លោក​បំពេញ ។ សូម​កត់​សម្គាល់​នូវ​ភាព​ខុស​គ្នា​អំពី​របៀប​ដែល​លេមិន និង លេមយួល​បាន​ប្រព្រឹត្តិ​តប​ត​នឹង​ការ​បញ្ជា​របស់​ព្រះ​អម្ចាស់​ដែល​ផ្ទុយ​គ្នា​ទៅ​នឹង​ការប្រព្រឹត្តិ​របស់​នីហ្វៃ ។

ដើម្បី​យល់ដឹងពី​ការលំបាកចំពោះ​អ្វីៗ​ដែល​ព្រះអម្ចាស់​បាន​បញ្ជា នោះ​វា​មាន​ប្រយោជន៍​ដើម្បីដឹង​ថា ចម្ងាយ​ពីក្រុង​យេរូសាឡិម​ទៅ​កាន់​សមុទ្រ​ក្រហម( ឈូង​សមុទ្រ​អាខ្វា​ប៉ា ) គឺ​មាន​ចម្ងាយ 180ម៉ាយ( ចម្ងាយ​ប្រវែង 290​គ.ម.)ដែល​ជា​តំបន់​ក្តៅ​ខ្លាំង ​ជា​ប្រទេសសំបូរ​ទៅដោយ​ចោរ​ប្លន់ ។ លីហៃ និង គ្រួសារ​របស់​លោក​បាន​ធ្វើដំណើរ​អស់​រយៈពេល​បី​ថ្ងៃ​ដើម្បី​ឆ្លងកាត់​តំបន់​នេះ ( សូម​មើល​នីហ្វៃ​ទី1 2:5–6) ហើយ​នៅពេល​នេះព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា កូន​ទាំងឡាយ​របស់​លោក​ត្រូវ​តែ​ត្រឡប់​ទៅ​ក្រុង​យេរូសាឡិម​វិញ ។ សូមអាន​នីហ្វៃទី1 3:7–8ហើយ​សូម​ស្វែង​រក​មូលហេតុ​ដែល​នីហ្វៃ​បាន​ធ្វើ​តាម​ឆន្ទៈ​របស់​គាត់​ដើម្បី​គោរព​តាម​ការ​បញ្ជា​របស់​ព្រះ​អម្ចាស់ ។

នីហ្វៃ​បាន​ធ្វើ​ទីបន្ទាល់​ចំពោះ​គោលការណ៍​នោះ​ថា បើសិន​យើង​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​បញ្ជា នោះ​ទ្រង់​នឹង​រៀបចំ​ផ្លូវមួយ​ដើម្បី​ឲ្យ​យើង​អាច​សម្រេច​តាម​ការ​ណ៍​ទាំង​នោះ ។ នៅ​ពេល​អ្នក​​បន្ត​សិក្សា នីហ្វៃទី1 3 សូមគិត​​អំពី​គំរូ​ដ៏​ក្លាហាន និង ការ​ប្តេជ្ញា​ចិត្ត​របស់​នីហ្វៃដែល​អាច​បំផុស​គំនិត​អ្នកឲ្យ​កាន់តែ​គោរព​ប្រតិបត្តិតាម និង​ បង្ហាញ​សេចក្តីជំនឿ​កាន់​តែមុតមាំ​ទៅលើ​ព្រះអម្ចាស់ ។ សូម​យកចិត្ត​ទុក​ដាក់​ជា​ពិសេស​ចំពោះ​របៀប​ដែល​នីហ្វៃ​បាន​ឆ្លើយតប​ចំពោះ​ការ​លំបាក​ទាំងឡាយ ។​បើ​ទោះ​ជា​នីហ្វៃ​​ប្រឈមមុខ​នឹងសេចក្តីវេទនា​​នៅពេល​ដែល​លោក និង បង​ប្រុស​​របស់លោក​បាន​ព្យាយាម​ទៅ​យក​ផ្ទាំង​លង្ហិន​ក៏ដោយ ក៏​លោក​បាន​​ជ្រើសរើស​មិន​រអ៊ូររ​ទាំ​ឡើយ (  សូម​មើលនីហ្វៃ​ទី 1 3:6 ) ។

ផ្ទាំង​លង្ហិន​នេះមានសរសេរ​អំពី « បញ្ជី​ប្រវត្តិ​នៃ​ពួកសាសន៍​យូដា » ( នីហ្វៃ​ទី1 3:3 ) ដែលនោះជា​ព្រះគម្ពីរ​របស់ពួកគេ ។ ព្រះគម្ពីរ​​ទាំង​នេះ​មាន​ការសរសេរ និង ពត៌មាន​មួយ​ចំនួន​ដែល​បាន​រកឃើញ​ថ្មីៗ​នេះ​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ចាស់ ព្រម​ទាំង​នៅ​ក្នុង​ការ​សរសេរ​ដទៃ​ៗ​ទៀត​របស់​ពួក​ព្យាការី ។ សូមអាន​នីហ្វៃទី1 3:19–20 ហើយ​សូម​គូស​បន្ទាត់​ពី​ក្រោម​អ្វី​ដែល​ផ្ទាំង​លង្ហិន​​បាន​សរសេរ​ដែល​ធ្វើ​ឲ្យ​ផ្ទាំង​ទាំង​នោះ​មាន​សារៈសំខាន់​ចំពោះ​គ្រួសារ​លោក​លីហៃ និង ពូជពង្ស​ទាំងឡាយ ។​ ​

រូបភាព
រូបភាពចំណេះចំណានខគម្ពីរ
ចំណេះចំណានខគម្ពីរ—នីហ្វៃ​ទី1 3:7

សូម​អាន នីហ្វៃ1 3:7 ឲ្យ​បាន​បី​ដង ( អ្នក​អាច​​ផ្លាស់​ប្តូរ​​របៀបដែល​អ្នក​អាន​វា​បាន ៖ អាន​ឮៗ ឬ អានខ្សឹបៗ ) ។ សូម​បិទ​ព្រះ​គម្ពីរ​​របស់​អ្នក ហើយ​ព្យាយាម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ខាង​ក្រោម​ដោយ​ពុំ​មើល​ខគម្ពីរ ៖

  • តើ​នីហ្វៃ​កំពុង​និយាយ​ទៅ​កាន់​នរណា ?

  • តើ​នីហ្វៃ​បាន​តាំង​ចិត្ត​ធ្វើ​អ្វី ?

  • តើ​នីហ្វៃ​បាន​ដឹងថា​ព្រះ​នឹង​ធ្វើ​អ្វី​ខ្លះ ?

សូម​បើក​ព្រះគម្ពីរ​របស់​អ្នក ហើយ​ពិនិត្យ​មើល នីហ្វៃ​ទី1 3:7 ឡើង​វិញ ហើយ​ផ្ទៀង​ជាមួយ​នឹង​ចម្លើយ​របស់​អ្នក ។

ព្យាការី យ៉ូសែប​ ស្ម៊ីធ ​បាន​មាន​ប្រសាសន៍​ថា « ខ្ញុំ​បាន​ធ្វើ​​ឲ្យ​ខគម្ពីរ​នេះក្លាយ​ជា​ច្បាប់​របស់​ខ្ញុំ ៖  នៅពេល​ព្រះអម្ចាស់​បញ្ជា ចូរ​ធ្វើ​វា » ( នៅក្នុង History of the Church 2:170 )។ សូម​សរសេរ​សេចក្តីថ្លែង​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក​នៅ​ក្បែរ​នឹង នីហ្វៃ​ទី1 3:7 ។

នីហ្វៃទី1 3:10–31

ឡាបាន់​បានលួច​យក​ទ្រព្យ​សម្បត្តិ​របស់​លោក​លីហៃ និង ព្យាយាម​រក​សម្លាប់​នីហ្វៃ និង បង​ប្រុស​ទាំងឡាយ​របស់​លោក

ព្រះ​ប្រទាន​ពរ​ដល់​យើងតាម​របៀប​ផ្សេង​ពី​គ្នា នៅពេល​យើង​គោរព​តាម​ព្រះបញ្ញត្តិទាំងឡាយរបស់​ទ្រង់ ។ បទពិសោធន៍​របស់​នីហ្វៃ​ក្នុង​ការ​ទទួល​បាន​ផ្ទាំង​លង្ហិន​មក​វិញ​ បាន​ជួយ​ពង្រឹង​ទីបន្ទាល់​របស់​លោក​ដែល​ថា ព្រះ​ពិត​ជា​រៀបចំ​ផ្លូវ​មួយ​សម្រាប់​កូន​ចៅ​របស់​ទ្រង់ ដើម្បី​សម្រេច​បាន​តាម​ព្រះ​បញ្ញត្តិរបស់​ទ្រង់ ( សូម​មើល​នីហ្វៃ​ទី 1 3:7 ) ។ សូម​ប្រើ​ប្រាស់​តារាង​ខាងក្រោម​នេះ​ដើម្បី​សិក្សា​អំពី​ការ​ប៉ុន​ប៉ង​ចំនួន​ពីរ​លើក​ដំបូង​របស់​កូន​ប្រុស​ទាំងឡាយ​របស់​លោក​លីហ្វៃ​ដើម្បី​ទៅ​យកផ្ទាំង​លង្ហិន ។ សូម​សរសេរ​ចម្លើយចំពោះ​​សំណួរ​​ទាំងឡាយ​នៅក្នុងតារាង​សម្រាប់​ការប្រឹងប្រែង​និមួយៗ ឬ អ្នកអាច​បំពេញ​វា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ។

កំណត់​សំគាល់ ៖ នៅក្នុង​សម័យកាល​របស់​នីហ្វៃ ការ​ចាប់​ឆ្នោត ( សូមមើលនីហ្វៃ​ទី1 3:11 ) គឺ​ជា​វិធីតាម​ទម្លាប់​មួយ​ក្នុង​ការសម្រេច​ចិត្ត ។ ពីមុន​ការចាប់​ឆ្នោត នីហ្វៃ និង បងប្រុស​របស់​លោក​បាន​ស្វែង​រក​ការ​ណែនាំ​ពី​ព្រះអម្ចាស់​ក្នុង​ការ​បំពេញ​តាម​ព្រះបញ្ញត្តិដើម្បី​ទៅ​យក​ផ្ទាំង​លង្ហិន ( សូម​មើល សុភាសិត 16:33 Bible Dictionary « ឆ្នោត, ការ​ចាប់​ឆ្នោត​នៃ » ) ។

សំណួរ​

ការប្រឹងប្រែង​លើក​ទី​មួយ
នីហ្វៃ​ទី 1 3:10–18

ការ​ប្រឹងប្រែង​លើក​ទីពីរ
នីហ្វៃទី1 3:21–31

  1. តើ​នរណា​បាន​ទៅ ?

  1. តើ​ពួកគេ​បាន​ធ្វើ​អ្វី​ខ្លះ ?

  1. តើ​ពួក​បងប្រុសបាន​មាន​ប្រតិកម្ម​បែប​ណា​បន្ទាប់​ពី​ការ​ប្រឹងប្រែង​នោះ​ទទួលបរាជ័យ ?

  1. បន្ទាប់​ពីការប្រឹងប្រែង​លើក​ទី​មួយ​របស់​ពួកគេ​ដើម្បី​ទទួល​ផ្ទាំង​លង្ហិន​ត្រូវ​បាន​ទទួល​បរាជ័យ នោះ​នីហ្វៃ និង ពួក​បងប្រុសរបស់​លោក « មាន​ចិត្ត​ទុក្ខ​ព្រួយ​ជាខ្លាំង » ( នីហ្វៃ​ទី1 3:14) ។ សូម​ពិនិត្យ​មើល​នីហ្វៃ​ទី1 3:15–16 ឡើង​វិញ ហើយ​សូម​ពិពណ៌នា​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក​ពី​របៀប​ដែល​នីហ្វៃ​ឆ្លើយ​តប​ចំពោះការ​បរាជ័យ​ ជា​លើក​ដំបូង ដែល​ខុស​ពីការឆ្លើយ​តប​របស់​​បងប្រុស​ទាំងឡាយ​របស់​លោក ។

  2. បន្ទាប់​ពី​ការពិចារណា​អំពី​ ការប្រឹងប្រែង​ជា​លើក​ទីពីរ ( សូម​មើលនីហ្វៃ​ទី1 3:21–31) សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នេះនៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖ តើ​កំហឹង ការ​រអ៊ូររទាំ និង ការ​ឥត​ជំនឿ​បាន​រារាំង​យើង​ពីការ​ស្តាប់​តាម​ព្រះ​តាម​របៀប​ណា​ខ្លះ ?

នីហ្វៃ​ទី1 4:1–26

នីហ្វៃ​យក​បាន​ផ្ទាំង​លង្ហិន

សូម​ស្វែង​រក​សំណួរ​ទាំងឡាយ​ដែល​លេមិន និង លេមយួល​បាន​សួរ​នៅ​ក្នុង​នីហ្វៃ​ទី1 3:31 ។ បើសិន​អ្នក​ជា​នីហ្វៃ​វិញ តើ​អ្នក​នឹង​ឆ្លើយ​តប​ចំពោះ​សំណួរ​ទាំងឡាយ​របស់​ពួកគេ​យ៉ាង​ដូចម្តេច ?​ សូម​អាន នីហ្វៃ​ទី 1 4:1–3 សូម​រកមើល​ចម្លើយ​របស់​នីហ្វៃ​ចំពោះ​សំណួរ​ទាំងឡាយ​របស់​បងប្រុស​លោក ។ តើ​អ្នក​គិត​ថា ហេតុអ្វីនីហ្វៃ​បាន​លើក​ឡើង​នូវ​គំរូ​របស់​ម៉ូសេ និង សមុទ្រ​ក្រហម​​ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​សំណួរ​របស់​ពួកគេ ? សូម​សរសេរ​ឃ្លា​មួយ​ពីការ​ឆ្លើយ​តប​របស់នីហ្វៃ​ទៅកាន់​បង​ប្រុស​ទាំងឡាយ​របស់​លោក​ដែល​ធ្វើ​ឲ្យ​ អ្នក​ទទួល​បាន​ការ​លើកទឹក​ចិត្ត ៖

ម៉ូសេ​បាន​ប្រឈម​មុខ​នឹង​កិច្ចការ​មួយ​ដែល​មើល​ទៅ​ហាក់​ដូច​ជា​មិន​អាច​ធ្វើ​ទៅរួច​ទេ នៅពេល​ដែល​គាត់​ត្រូវ​បាន​ប្រាប់​ឲ្យ​នាំ​កូ​នចៅ​អ៊ីស្រាអែល​ចេញ​ពី​ស្រុក​អេស៊ីព្ទ ។ បើ​ទោះ​ជា​មាន​ការប្រឹងប្រែង​ម្តង​ហើយ​ម្តង​ទៀត​ក៏ដោយ ក៏​លោក​មិន​អាច​បញ្ចុះ​បញ្ចូល​ ផារ៉ោន ឲ្យ​ដោះលែង​ពួក​សាសន៍អ៊ីស្រាអែល​បាន​ឡើយ ។ ទោះយ៉ាង​ណា​ក៏​ដោយ ម៉ូសេ​បាន​ព្យាយាម​ធ្វើ​នូវ​អ្វីៗ​ដែល​ព្រះ​អម្ចាស់​បាន​បញ្ជា​ដល់​លោក ហើយ​ព្រះអម្ចាស់​បាន​រៀបចំ​ផ្លូវ​សម្រាប់​លោក​ដើម្បី​ដោះលែង​ពួក​អ៊ី​ស្រាអែល ។

រូបភាព
ការ​ឆ្លង​កាត់​សមុទ្រ​ក្រហម

នីហ្វៃ​បាន​អនុវត្ត​តាម​គំរូ​របស់​លោក​ម៉ូសេ​សម្រាប់​កាលៈទេសៈ​ផ្ទាល់​ខ្លួន​របស់​លោក ហើយ​លោក​ក៏​បាន​ទុកចិត្ត​ផងដែរ​ថា ព្រះ​នឹង​រៀប​ចំផ្លូវ​សម្រាប់​លោក​ដើម្បី​ទទួល​បាន​ផ្ទាំង​លង្ហិន បើ​ទោះ​ជា​តាម​របៀប​ណា​ក៏​ដោយ ។ នៅ​ពេល​អ្នក​សិក្សា​ដំណើរ​រឿង​ដែល​នៅ​សល់​ សូម​រក​មើល​លទ្ធផល​ទាំងឡាយ​ដែល​ទទួល​បាន​មក​ពី​ការតស៊ូ និង ការ​ប្តេជ្ញា​ចិត្ត​របស់​នីហ្វៃ​ដើម្បី​​គោរព​ប្រតិបត្តិ​តាម ​បើ​ទោះជា​បរាជ័យ​នៅ​ពេល​ដំបូង​ក៏ដោយ ។

តើ​អ្នក​ធ្លាប់​ចង់​ធ្វើ​អ្វី​មួយ ឬ ទទួល​អារម្មណ៍​បំផុស​គំនិត​ឲ្យ​ធ្វើ​អ្វី​មួយ ដោយ​មិន​ទាន់​បាន​ដឹង​ជា​មុន​នូវ​មូលហេតុ ពេលណា ឬ របៀបណា​ឬទេ ? ប្រធាន ហារ៉ូល ប៊ី. លី​ បាន​សង្កេត​ឃើញ​ថា ជា​រឿយៗ នៅក្នុង​ស្ថានភាព​ទាំងនេះយើង « ចង់​ឃើញ​ចុង​បញ្ចប់​ពី​មុនការ​ចាប់​ផ្តើម » ពីមុន​ពេល​យើង​នឹង​ធ្វើតាម​ការ​ដឹកនាំ​របស់​ព្រះ​អម្ចាស់ ហើយលោក​បាន​ផ្តល់​ដំបូន្មាន​ខាង​ក្រោម​នេះ ៖ « អ្នក​ត្រូវ​តែ​រៀន​ដើរ​ឆ្ពោះ​ទៅរក​ពន្លឺ ហើយ​ឈាន​ពីរបីជំហាន​ចូល​ក្នុង​ទីងងឹត បន្ទាប់​មក​ពន្លឺ​រះ​ឡើង និង​ បង្ហាញផ្លូវនៅពីមុខ​អ្នក »​ ( ការដកស្រង់​ពី​ប្រសាសន៍ ​ប៊យដ៍ ឃេ ផាកកឺ « The Edge of the Light » BYU Today ខែ មិនា ឆ្នាំ 1991 ទំព័រ​ 23 ) ។

សូម​អាន​ នីហ្វៃ​ទី1 4:4–7 ហើយ​សូម​ស្វែង​រក​របៀប​ដែល​នីហ្វៃ​ឈាន​ឆ្ពោះ​ទៅរក​ទី​ងងឹត ( ជា​ទីដែល​មិនស្គាល់ ) ដោយ​សេចក្តី​ជំនឿ ។

តើ​មាន​អ្វី​សំខាន់​ចំពោះ​ឃ្លា​ថា « ទោះជា​យ៉ាងក៏ដោយ គង់​តែ​ខ្ញុំ​ដើរ​តម្រង់​ទៅ​មុខ » ( នីហ្វៃ​ទី1 4:7) ?

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូមពិពណ៌នា​អំពី​ស្ថានភាព​មួយ​ដែល​យុវជន ឬ​ យុវនារី​ម្នាក់​អាច​សុំ​ឲ្យ​ធ្វើ​អ្វី​មួយ ឬ ​អាច​ដឹក​នាំ​ដោយ​ព្រះវិញ្ញាណបរិសុទ្ធ​ដើម្បី​ធ្វើ​អ្វី​មួយ ដោយ​មិន​បាន​ដឹង​ជា​មុន​ថា តើ​នឹង​មាន​លទ្ធ​ផល​អ្វី​កើត​ឡើង​នោះទេ ។ ប្រហែល​ជាមាន​ពេលមួយ​​ ដែល​អ្នកបាន​ដើរ​តម្រង់​ឆ្ពោះ​ទៅមុខ​ដោយ​​សេចក្តីជំនឿ ​ដោយ​ពុំ​បាន​ដឹង​ជាមុនពីរបៀប ឬ​ពេល​ណាដែល​ព្រះ​នឹង​ជួយ ។ បើ​ដូច្នេះ​មែន សូម​កត់​ទុក​បទពិសោធន៍​នេះ​នៅ​ក្នុង​សៀរភៅ​កំណត់​ហេតុ​របស់​អ្នក ។ អ្នកក៏​អាច​ចង់​ចែកចាយ​វា​នៅក្នុង​ថ្នាក់​រៀន​ផងដែរ ។

នីហ្វៃ​បាន​រៀន​ពី​មូល​ហេតុ ពេល​វេលា និង របៀប​ដែល​ព្រះអម្ចាស់​នឹង​ជួយ​គាត់​ឲ្យ​សម្រេច​បាន​តាម​ព្រះបញ្ញាត្តិ​ដើម្បី​យក​បាន​នូវ​ផ្ទាំង​ទាំងឡាយ គឺ​មាន​តែ​តាម​រយៈ​ បន្ទាប់​ពី លោកបាន​អនុញ្ញាត​ឲ្យ​ព្រះវិញ្ញាណ​បរិសុទ្ធ​ដឹកនាំ​លោក ហើយ​បន្ទាប់​មក​លោក​បាន​សម្រេច​ចិត្ត​ដើម្បី​ដើរ​តម្រង់​ទៅមុខ​ដោយ​សេចក្តីជំនឿ​ប៉ុណ្ណោះ ។ សូម​អាន​នីហ្វៃ​ទី 1 4:8–26 ហើយ​សូម​កត់​សម្គាល់​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ជួយ​នីហ្វៃ​ឲ្យ​យក​បាន​ផ្ទាំង​លង្ហិន ។

  1. នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​ធ្វើ​បញ្ជី​អំពី​មូល​ហេតុ​ទាំងឡាយ​ដែល​ព្រះវិញ្ញាណ​ជំរុញ​ឲ្យ​នីហ្វៃ​ប្រហារ​ឡាបាន់ ( សូមមើលនីហ្វៃ​ទី1 4:8–13 ) ។

  2. សូម​ឆ្លើយ​សំណួរ​ខាង​ក្រោម​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក ៖ តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​ចុង​ក្រោយ​របស់​នីហ្វៃ​ដើម្បី​ទៅ​យក​ផ្ទាំង​លង្ហិន ដែល​អាច​ជួយ​អ្នក​ឲ្យ​ទទួល​ជោគជ័យ​ពី​ឧបសគ្គ​ទាំងឡាយ​ដែល​អ្នក​ប្រឈម​មុខ ឬ នឹង​ប្រឈម​មុខ​នៅ​ក្នុង​ជីវិត​របស់​អ្នក ?

នៅ​ពេល​អ្នក​ត្រូវ​បាន​ប្រឈម​មុខ​នៅ​គ្រា​ណា​មួយ​នៅ​ក្នុង​ជីវិត​របស់​អ្នក ដោយ​ពុំ​ដឹង​ថា កើត​ឡើង​តាម​របៀប​ណា មូលហេតុ​អ្វី ឬ នៅ​ពេល​ណា​នោះ សូម​ចង​ចាំ​នូវ​គោលការណ៍​មួយ​ពី​បទពិសោធន៍​​របស់​នីហ្វៃ​ដែល​បាន​បង្ហាញ​ ៖ នៅពេល​អ្នក​អនុវត្ត​សេចក្តី​ជំនឿ​ទៅ​លើ​ព្រះ និង ព្យាយាម​ធ្វើ​នូវ​អ្វីៗ​ដែល​ទ្រង់​សុំ​ឲ្យ​ធ្វើ សូម្បី​តែនៅពេល​យើង​មិន​អាចឃើញ​លទ្ធ​ផល​​ក៏​ដោយ នោះ​ទ្រង់​នឹង​ដឹក​នាំ​យើង​ដោយ​ព្រះចេស្តា​នៃព្រះ​វិញ្ញាណបរិសុទ្ធ ។

រូបភាព
នីហ្វៃ និង ឡាបាន់

សេចក្តីអត្ថាធិប្បាយ និង ព័ត៌​មានអំពី​ប្រវត្តិ

ការ​បញ្ជា​ឲ្យ​ប្រហារ​ឡាបាន់

ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា នោះគឺជា​ព្រះ​អម្ចាស់​ដែល​បង្កើត​មាត្រដ្ឋាននៃភាព​ត្រូវ និង ខុស ៖ « ព្រះ​បាន​មាន​បន្ទូល​ថា ‹ កុំឲ្យ​សម្លាប់​មនុ​ស្ស​ឲ្យ​សោះ ›[ និក្ខមនំ 20:13] ទ្រង់​ក៏​មាន​បន្ទូល​នៅ​គ្រា​ផ្សេង​ទៀត​ថា ‹ ត្រូវ​ឲ្យ​បំផ្លាញ​គេ​ឲ្យ​អស់​រលីង​វិញ › [ចោទិយកថា 20:17] ។ នេះ​គឺ​ជា​គោលការណ៍​ដែល​ការ​ត្រួតត្រា​នៃ​ស្ថានសួគ៌​ត្រូវ​បាន​​ដឹក​នាំ​—ដោយ​វិវរណៈដើម្បី​ឲ្យ​ដើរ​ស្រប​​តាម​កាលៈទេសៈ ដែលកូនចៅ​នៃ​នរគ​ត្រូវ​បាន​រស់​នៅ​តាម ។ អ្វី​ក៏​ដោយ​ដែល​ព្រះ​តម្រូវ​ឲ្យ​ធ្វើ គឺ​ជា​ការ​ត្រឹមត្រូវ មិន​ថា​ការណ៍​អ្វី​នោះ​ទេ បើ​ទោះ​ជា​យើង​មិន​អាច​យល់​អំពី​មូល​ហេតុនោះ លុះ​ត្រា​ក្រោយ​ពី​ព្រឹត្តិ​ការណ៍​ត្រូវ​បាន​លាត​ត្រដាង​ក៏​ដោយ ។ បើ​សិន​យើង​ស្វែង​រក​នរគ​នៃ​ព្រះ​ជា​មុន នោះ​គ្រប់​ការណ៍​ទាំង​អស់​នឹង​ត្រូវ​បាន​បន្ថែម » ( នៅក្នុង​ History of the Church 5:135 ) ។

វា​អាច​ជួយ​យើង​ឲ្យ​យល់​អំពី​មូលហេតុ​ ដែល​ព្រះអម្ចាស់​តម្រូវ​ឲ្យ​នីហ្វៃ​ប្រហារ​ឡាបាន់​​នៅពេល​យើង​ពិចារណា​សេចក្តី​ខាង​ក្រោម​នេះ ៖ យ៉ាង​ហោច​ណាស់ ព្រះ​អម្ចាស់​បាន​ប្រទាន​​ឲ្យ​ឡាបាន់​នូវ​ឱកាស​ពីរ ដើម្បី​ប្រគល់​ផ្ទាំង​លង្ហិន​ដោយ​ស្ម័គ្រ​ចិត្ត ប៉ុន្តែ​ឡាបាន់ « មិន​ព្រម​ស្តាប់​តាម​ព្រះបញ្ញត្តិទាំងឡាយ​នៃ​ព្រះអម្ចាស់​ទេ » ( នីហ្វៃទី1 4:11 ) ។ ឡាបាន់​គឺ​ជា​មនុស្ស​កុហក​ និង ជា​ចោរ​ប្លន់​ម្នាក់ ហើយ​គាត់​បាន​ព្យាយាម​សម្លាប់​លេមិន ហើយ​ក៏​ចង់​ឲ្យ​គេ​សម្លាប់​កូន​ប្រុស​ទាំង​បួន​នាក់​របស់​លោក​លីហ្វៃ​ផងដែរ​បើ​តាម​ច្បាប់​លោក​ម៉ូសេ​គឺ​អាច​មាន​ទោស​ដល់​ស្លាប់ ( សូម​មើលនិក្ខមនំ 21:14 ) ។ ព្រះ​អម្ចាស់​​បាន​ជ្រាប​ថា​ វា​គឺ​ជា​ការ​ចាំបាច់​ណាស់​សម្រាប់​លោក​លីហៃ និង ពូជពង្ស​របស់​លោក​ដើម្បី​មាន​បញ្ជីប្រ​វត្តិ​ព្រះគម្ពីរ ទោះ​បី​ « មនុស្ស​ម្នាក់​គួរ​តែ​វិនាស​ទៅ » (  នីហ្វៃ​ទី1 4:13 ) សម្រាប់​អ្វីដែល​កើត​ឡើង ។

ផ្ទាំង​លង្ហិន​មិន​ត្រឹម​តែ​បាន​ប្រទាន​ពរជ័យ​ដល់​មនុស្ស និង ជាតិ​ទាំងឡាយ​ពី​ព្រះគម្ពីរ​មរមន​តែប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​រក្សា​ទុក និង ផ្តល់​នូវ​ការ​បង្រៀន​ទាំងឡាយ​របស់​ពួក​ព្យាការីបុរាណ​សម្រាប់​សម័យ​របស់​យើង នៅពេល​ដែល​សេចក្តី​សរសេរ​មួយ​ចំនួន​ត្រូវ​បាន​ចម្លង​ចូល​ផ្ទាំង​មាស​ដែល​សេចក្តីទាំង​នេះ​ត្រូវ​បាន​បកប្រែ​ជា​ព្រះគម្ពីរ​មរមន ( ដូច​ជា​ពាក្យ​ដកស្រង់​ពី​ អេសាយ និង រូបបាធិដ្ឋាន​របស់​ស៊ីណូស ) ។ តាម​រយៈ​ព្រះគម្ពីរ​មរមន នោះ​ការបង្រៀន​ទាំងឡាយ​ពី​ផ្ទាំង​លង្ហិន​ត្រូវ​បាន​ប្រទាន​ពរ និង បន្ត​ប្រទានពរ​ដល់​ជីវិត​មនុស្ស​រាប់លាន​នាក់ និង ជាតិ​ទាំងឡាយ​នៅ​លើ​ពិភព​លោក​នេះ ។ នៅ​ចុង​បញ្ចប់ គ្រប់​ការ​ទាំង​នេះ​ថិត​នៅ​ក្នុង​ភាព​គ្រោះ​ថ្នាក់ នៅ​ពេល​ដែល​នីហ្វៃ​បាន​ឈរ​នៅ​ចំពោះ​មុខ​ឡាបាន់ ហើយ​បាន​ធ្វើ​តាម​សម្លេង​នៃ​ព្រះ​វិញ្ញាណ ។

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​ផ្តល់​យោបល់​ថា « ការសាកល្បងខ្លីៗ​ចំនួនបី » ​ដើម្បី​ជួយ​យើង​​ជៀស​វាង​ពី​ការ​បោក​បញ្ឆោត​នៅអំឡុង​ពេលស្ថានភាព​​ពិបាក​ទាំងឡាយ ៖

« 1. តើ​បទដ្ឋាន​ព្រះគម្ពីរ​បាន​និយាយ​អ្វី​ខ្លះ​អំពី​ការ​បោក​បញ្ឆោត​នោះ ? អេសាយ​បាន​មាន​ប្រសាសន៍​ថា ‹ ចូរ​ទៅ​បើក​គម្ពីរ​បញ្ញត្តិ និង សេចក្តី​បន្ទាល់​មើល ៖ បើ​គេ​និយាយ​មិន​ត្រូវ​នឹង​ព្រះ​បន្ទូល​នោះ នោះគ្មាន​ពន្លឺ​រះឡើង​នៅក្នុង​ខ្លួន​ទេ › ។ ( អេសាយ ​8:20 ) ។ …

« យើង​ត្រូវ​តែ​ឧស្សាហ៍​ព្យាយាម​សិក្សា​ព្រះគម្ពីរ ។ ក្នុង​ចំណោម​ការ​សិក្សា​ដ៏​មាន​សារៈសំខាន់​ពិសេស​ចំពោះ​យើង​នោះ ​គឺ ការសិក្សា​ព្រះគម្ពីរ​មរមន និង គោលលទ្ធិ ​និង សេចក្តីសញ្ញា ។ …

« 2. ការ​ណែ​នាំ​ទីពីរ​គឺ​ ៖ តើ​ប្រធាន​សាសនាចក្រ​ទាំងឡាយ​នៅ​ថ្ងៃ​ចុង​ក្រោយ​នេះ​ត្រូវ​តែ​និយាយ​អ្វី​ខ្លះ​ស្តី​ប្រធាន​បទ​នោះ—ជា​ពិសេស​ប្រធាន​សាសនាចក្រ​ដែល​រស់​នៅ ? …

« សព្វ​ថ្ងៃ​នេះ​គឺ​មាន​តែ​បុរស​ម្នាក់​គត់​នៅ​លើ​ផែនដីដែល​និយាយ​តំណាង​ឲ្យ​សាសនាចក្រ ។ ( សូមមើល គ. និង ស. 132:7; 21:4 ) ។ បុរស​ម្នាក់​នោះ​គឺ [ ជា ] ប្រធាន [ នៃ​សាសនាចក្រ ] ។ ដោយសារ​លោក​និយាយ​ប្រាប់​អំពី​ព្រះ​បន្ទូល​នៃ​ព្រះអម្ចាស់​​ដល់​យើង​នៅ​សព្វ​ថ្ងៃ​នេះ ពាក្យ​សម្តី​​របស់​លោក គឺ​មាន​សារៈសំខាន់​ច្រើន​ជាង​ពួក​ព្យាការី​ដែល​បាន​ស្លាប់​ទៅ ។ កាល​ណា​និយាយ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ នោះ​ពាក្យ​សម្តី​របស់​លោក​នឹង​ក្លាយ​ទៅ​ជា​ព្រះគម្ពីរ ។ ( សូមមើលគ. និង ស. 68:4 ) ។

« ប្រធាន​អាច​និយាយ​ពី​ប្រធានបទ​ណា​មួយ​ដែល​លោក​ទទួល​អារម្មណ៍​ថា ចាំបាច់​សម្រាប់​ពួក​បរិសុទ្ធ ។ …

« 3. ការសាកល្បង​ទី​បី និង ​ចុង​ក្រោយ​នោះ គឺ​ជា​ព្រះវិញ្ញាណ​បរិសុទ្ធ—ការ​សាកល្បង​នៃ​ព្រះ​វិញ្ញាណ ។ ដោយ​ព្រះ​វិញ្ញាណ​នេះ​ហើយ​ដែល​យើង ‹ … អាច​ស្គាល់​សេចក្តីពិត​នៃគ្រប់ការ​ណ៍ទាំងអស់ › ។ ( មរ៉ូណៃ 10:5 ) ។ ការសាកល្បង​នេះ​អាច​មាន​ប្រសិទ្ធិភាព​ពេញលេញ បើ​សិន​សមត្ថភាព​ទំនាក់​ទំនង​របស់​អ្នកណា​ម្នាក់​ជាមួយព្រះគឺ​មាន​ភាព​ស្អាត​ស្អំ និង គុណធម៌ និង​ មិន​ប្រឡូក​ប្រឡាក់ជាមួយ​នឹង​អំពើ​បាប » ( នៅក្នុង​ Conference Report ខែ តុលា ឆ្នាំ 1963 ទំព័រ​ 16—17 ) ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃ​ទី1 3–4 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖