ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 20 ៖ ថ្ងៃទី 4 អាលម៉ា 43–44


មេរៀនទី 20 ៖ ថ្ងៃទី 4

អាលម៉ា 43–44

សេចក្តីផ្ដើម

នៅក្នុង អាលម៉ា 43–44 មរមន​បាន​ចាប់ផ្ដើម​សរសេរ​អំពី​សង្គ្រាម​រវាង​ពួក​សាសន៍​លេមិន និង សាសន៍នីហ្វៃ ។ កាលដែល​អាលម៉ា និង កូនប្រុស​ទាំងឡាយ​របស់​លោក​បន្ត​បម្រើ​ដល់​ប្រជាជន នោះពួក​សាសន៍​សូរាំ​បាន​ចូលរួម​នឹង​ពលទ័ព​សាសន៍​លេមិន​ក្នុង​ការវាយ​ប្រហារ​ដល់​ពួក​សាសន៍​នីហ្វៃ ។ មេទ័ព​មរ៉ូណៃ​បានបង្ហាញ​ពី​សេចក្ដី​ជំនឿ និង ប្រាជ្ញា នៅក្នុង​ការការពារ​ពួក​សាសន៍​នីហ្វៃ ទាស់​នឹង​ពួក​ទ័ព​សាសន៍​លេមិន ។ ទោះបី​ពួកគេ​មាន​ចំនួន​ច្រើន​ក្ដី ក៏​ការរៀបចំ​របស់​ពួក​ទ័ព​សាសន៍​នីហ្វៃ និង សេចក្ដី​ជំនឿ​របស់​ពួកគេ​ទៅលើ​ព្រះយេស៊ូវគ្រីស្ទ បាន​ធ្វើ​ឲ្យ​ពួកគេ​មាន​ប្រៀបក្នុង​ចម្បាំង​នោះ ។ ពេល​ពួកគេ​បានដឹង​ថា ពួកគេ​នឹង​ត្រូវ​ធ្វើ​ឲ្យ​ចុះចាញ់ នោះ​ពួក​សាសន៍​លេមិន​បាន​ធ្វើ​សេចក្ដី​សញ្ញា​នៃសន្តិភាព​មួយ ហើយ​បាន​ចាកចេញ​ពី​ដែនដី​មួយ​រយៈ ។

អាលម៉ា 43

ការរៀបចំ និង យុទ្ធសាស្ត្រ​របស់​មេទ័ព​មរ៉ូណៃ ជួយ​រំខាន​ដល់​ការរៀបចំ​របស់​ទ័ព​សាសន៍លេមិន ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​នូវ​បញ្ជី​មួយ​ដែល​រាយ​ពី​ផែនការ គោលដៅ និង បំណង​មួយ​ចំនួន​របស់​អ្នក សម្រាប់​អនាគត​អ្នក ។ ពេល​អ្នក​សរសេរ សូម​ពិចារណា​ក្នុង​ការបញ្ចូល​នូវ​គោលដៅ និង បំណង​ប្រាថ្នា​ខាង​វិញ្ញាណ ដូចជា​បេសកកម្ម អាពាហ៍ពិពាហ៍​ក្នុង​ព្រះវិហារ​បរិសុទ្ធ និង ក្រុមគ្រួសារ ។

រូបភាព
គូស្វាមី​ភរិយា​វ័យក្មេង​នៅក្បែរ​ព្រះវិហារ​បរិសុទ្ធ

បន្ទាប់ពី​អ្នក​សរសេរ​បញ្ជី​របស់​អ្នក​រួច​ហើយ សូម​កំណត់​ពី​បំណង​ប្រាថ្នា និង គោលដៅ​ទាំងឡាយ ដែល​អ្នក​មាន​អារម្មណ៍​ថា​ សាតាំង​មិន​ចង់​ឲ្យ​អ្នក​សម្រេច​បាន ។ នៅ​ពេល​ដែល​អ្នក​សិក្សា អាលម៉ា 43–44 សូម​រកមើល​គោលការណ៍​ទាំងឡាយ​ដែល​នឹង​ជួយ​អ្នក​សម្រេច​បាន​នូវ​គោលដៅ​សុចរិត​របស់​អ្នក ទោះបើ​មាន​​មារសត្រូវខំ​ប្រឹងប្រែង​ក្នុង​ការរារាំង​ភាពជោគជ័យ​របស់​អ្នក​ក៏​ដោយ​នោះ ។

នៅក្នុង អាលម៉ា 43:1–4 ទោះបី​មាន​ការប្រឹងប្រែង​របស់​អាលម៉ា ក្នុង​ការនាំ​ពួក​សាសន៍​សូរាំ​ឲ្យ​ត្រឡប់​មក​ក្នុង​សាសនាចក្រ​វិញ​ក៏​ដោយ ក៏​មាន​ពួកគេ​ជាច្រើន​បាន​ចូលរួម​នឹង​ពួក​សាសន៍​លេមិន​នៅក្នុង​ការរៀបចំ​ដើម្បី​វាយប្រហារ​មកលើ​ពួក​សាសន៍​នីហ្វៃដែរ ។ សូមអាន អាលម៉ា 43:5–8 ហើយ​រកមើល « គោលបំណង » ( ផែនការ ) របស់​សេរ៉ាហិមណា ​ជា​អ្នក​ដឹកនាំ​ពួក​សាសន៍​លេមិន ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពី​គោលបំណង​ទាំងឡាយ​របស់​សេរ៉ាហិមណា ពេល​អ្នក​រក​វា​ឃើញ ។ សូម​សញ្ជឹង​គិត ថាតើ​គោលបំណង ឬ បំណងប្រាថ្នា​របស់​សេរ៉ាហិមណា​ចំពោះ​ពួក​សាសន៍​នីហ្វៃ អាច​ដូចគ្នា​ទៅនឹង​គោលបំណង​របស់​សាតាំង​មាន​ចំពោះ​អ្នក​យ៉ាងណាដែរ ។

បន្ទាប់មក​សូម​អាន អាលម៉ា 43:9–11 ហើយ​រកមើល​គោលបំណង ឬ បំណង​ប្រាថ្នា​របស់​ពួក​សាសន៍​នីហ្វៃ ។ ឥឡូវ​នេះ​សូម​សញ្ជឹង​គិត ថាតើ​បំណង​ប្រាថ្នា​ទាំងនេះ អាច​ដូច​គ្នា​ទៅ​នឹង​បំណង​ប្រាថ្នា​ដ៏​សុចរិត​ដែល​អ្នក​មាន​យ៉ាងណា ។

មេទ័ព​មរ៉ូណៃ ជា​មេទ័ព​ឯក​របស់​ពលទ័ព​សាសន៍​នីហ្វៃ បាន​រៀបចំ​ប្រជាជន​របស់​លោក​ឲ្យ​ការពារ​ដែនដី និង ក្រុមគ្រួសារ​របស់​ពួកគេ ពី​គោលបំណង​អាក្រក់​របស់​សេរ៉ាហិមណា ។ សូមអាន អាលម៉ា 43:16–19 ដោយ​រកមើល​ថា​ការរៀបចំ​អ្វី​ខ្លះ ដែល​មេទ័ព​មរ៉ូណៃ និង ពួក​សាសន៍​នីហ្វៃ​បាន​រៀបចំ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​គូរ​នូវ​របស់​ពីរ​យ៉ាង​ដែល​មរ៉ូណៃ​បាន​ឲ្យ​ទៅ​ពួក​បុរសៗ​របស់​លោក ដើម្បី​រៀបចំ​ពួកគេ​ក្នុង​ការធ្វើ​សង្គ្រាម ។

ឥឡូវ​នេះ សូមអាន អាលម៉ា 43:20–22 ដើម្បី​រកមើល​ពី​របៀប​ដែល​ពួក​សាសន៍​លេមិន​បាន​មាន​ប្រតិកម្ម​ចំពោះ​ការរៀបចំ​របស់​ពួក​សាសន៍​នីហ្វៃ ។ សូម​សញ្ជឹង​គិត​ពី​មូលហេតុ​ដែល​ពួក​សាសន៍​លេមិន​បាន​ដកថយ​ការវាយ​ប្រហារ​របស់​ពួកគេ សូម្បី​តែ​ពួកគេ​មាន​គ្នា​ច្រើន​ជាង​ពួក​សាសន៍​នីហ្វៃ​ក៏​ដោយ​នោះ ។

ពេល​យើង​សិក្សា​ពី​ដំណើរ​រឿង​នៃ​ចម្បាំង​ខាង​រូបកាយ​នៅក្នុង​ព្រះគម្ពីរ​មរមន នោះ​យើង​អាច​ប្រដូច​វា​ទៅនឹង​ចម្បាំង​ខាង​វិញ្ញាណ​ដែល​យើង​ប្រឈម​មុខ​ជាមួយ​ផងដែរ ។

  1. សូម​ឆ្លើយ​សំណួរ​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ តើ​អ្វី​ខ្លះ ដែល​អ្នក​អាច​រៀន​ចេញពី​ការរៀបចំ​សម្រាប់​សង្គ្រាម​របស់​មរ៉ូណៃ អំពី​ការការពារ​ខ្លួន​អ្នក​ពី​ការវាយ​ប្រហារ និង ការល្បួង​របស់​សាតាំង ?

បន្ទាប់ពី​ពួក​សាសន៍​លេមិន​បានដកថយ​ហើយ មរ៉ូណៃ​ពុំ​បាន​ដឹង​ពី​កន្លែង​ដែល​សត្រូវ​របស់​លោក​នឹង​ធ្វើ​ការវាយ​ប្រហារ​បន្ទាប់​ទៀត​នោះទេ ។ ប្រសិនបើ​អ្នក​ជា​មរ៉ូណៃ តើ​អ្នក​អាច​នឹង​ធ្វើ​អ្វី ដើម្បី​ព្យាយាម​រៀបចំ​ទប់ទល់​នឹង​ការវាយ​ប្រហារ​មួយ​ទៀត​នោះ ?

សូមអាន អាលម៉ា 43:23–24 ដើម្បី​រកមើល​ពី​អ្វី​ដែល​មរ៉ូណៃបានធ្វើ ។

ចេញ​ពី​គំរូ​របស់​មរ៉ូណៃ យើង​រៀន​ថា ៖ បើ​យើង​ស្វែងរក ហើយ​ធ្វើតាម​ដំបូន្មាន​ដែល​ប្រកប​ដោយ​ការព្យាករណ៍ នោះ​យើង​នឹង​ការពារ​ខ្លួន​យើង​ពី​មារសត្រូវ​កាន់តែ​បាន​ល្អ ។ ដូចជា​ព្យាការី​អាលម៉ា​អាច​ប្រាប់​ដល់​មរ៉ូណៃ​ពី​របៀប​ការពារ​ពួក​សាសន៍​នីហ្វៃ​ពី​ពួក​មារសត្រូវ​របស់​ពួកគេ​ដែរ នោះ​ព្យាការី​របស់​ព្រះអម្ចាស់​នៅ​សព្វថ្ងៃ​នេះ ក៏​បង្រៀន​យើង​ពី​របៀប​ការពារ​ខ្លួន​យើង​ពី​ការវាយ​ប្រហារ​ខាង​វិញ្ញាណ​របស់​ពួក​មារសត្រូវ​ដែរ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ប្រយោគ​ពីរបី​អំពី​ដំបូន្មាន​ដែល​ប្រកប​ដោយ​ការព្យាករណ៍​ ដែល​បាន​ផ្ដល់​នៅ​ថ្ងៃ​ចុងក្រោយ​នេះ ដែលអាច​ជួយ​អ្នក​ឲ្យ​ការពារ​ខ្លួន​អ្នក​ពី​គោលបំណង ឬ ការល្បួង​របស់​សាតាំង បើ​អ្នក​ស្ដាប់​តាម​នោះ ។

ដូច​ដែល​មាន​កត់ត្រា​នៅក្នុង អាលម៉ា 43:25–43 មរ៉ូណៃ​បាន​ប្រព្រឹត្ត​តាម​ការចេះដឹង​ដែល​លោក​បាន​ទទួល​ពី​ព្យាការី ដោយ​បាន​បែងចែក​ពលទ័ព​របស់​លោក ហើយ​លាក់​បំពួន​ពួកគេ​នៅតាម​ផ្លូវ​ដែល​ពួកសាសន៍​​លេមិន​នឹង​ចូលមក ។ កាលដែល​ពួកសាសន៍​​លេមិន​ចូលមក​ដល់ នោះ​ពាក់​កណ្ដាល​នៃ​ពលទ័ព​នីហ្វៃ​បាន​វាយ​ប្រហារ ហើយ​រុញច្រាន​ពួក​លេមិន​ទៅ​ទន្លេ​ស៊ីដូន ។ បន្ទាប់ពី​ពួកសាសន៍​​លេមិន​បាន​ឆ្លងកាត់​ទន្លេ​ហើយ ពួកទ័ព​សាសន៍​នីហ្វៃ​ពាក់​កណ្ដាល​ទៀត​បាន​ធ្វើ​ការវាយ​ប្រហារ ។ ពេល​ពួកសាសន៍​​លេមិន​បានឃើញ​ថា ពួកគេ​ត្រូវ​ហ៊ុំព័ទ្ធ នោះ​ពួកគេ​បាន​ប្រយុទ្ធ​យ៉ាង​សាហាវរហូត​ដល់​ពួកសាសន៍​​នីហ្វៃ​ចាប់ផ្ដើម​រុញរា ។

អ្នក​អាច​រៀន​ពី​គោលការណ៍​ទាំងឡាយ ​អំពី​របៀប​ដើម្បី​សម្រេច​បាន​នូវ​គោលបំណង និង បំណង​ប្រាថ្នា​សុចរិត​របស់​អ្នក ចេញពី​ការសិក្សា​អ្វី​ដែល​នៅសេស​​សល់​ក្នុង អាលម៉ា 43 ។ សូមអាន អាលម៉ា 43:43–54 ហើយ​ទាញ​នូវ​ភាព​ផ្ទុយ​គ្នា​ពី​ប្រភព​នៃ​កម្លាំង​របស់​ពួក​សាសន៍​លេមិន និង ប្រភព​នៃ​កម្លាំង​របស់​ពួកសាសន៍​​នីហ្វៃ ។

សូម​សញ្ជឹង​គិត​អំពី​បុព្វ​ហេតុ​អ្វីខ្លះ ​ដែល​ពួក​សាសន៍នីហ្វៃ​ធ្វើ​ការប្រយុទ្ធ ដែល​ល្អ​ជាងបុព្វ​ហេតុ​របស់​ពួក​សាសន៍​លេមិន ។ ពេល​យើង​ធ្វើ​ការប្រៀបធៀប​មរ៉ូណៃ និង ពលទ័ព​ដ៏​ស្មោះត្រង់​របស់​លោក ទៅនឹង​ចម្បាំង​របស់​យើង​ជាមួយ​នឹង​ពួក​មារសត្រូវ នោះ​យើង​រៀន​ថា ពេល​យើង​អធិស្ឋាន​ដើម្បី​សុំ​ជំនួយ​ដើម្បី​សម្រេច​បាន​នូវ​ផែនការ និង បំណង​ប្រាថ្នា​សុចរិត​របស់​យើង នោះ​ព្រះ​នឹង​ជួយ​យើង​ឲ្យ​ធ្វើ​វា​បាន​សម្រេច ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​គ្រា​​មួយ​ដែល​អ្នកមាន​​បទពិសោធន៍​ ទទួល​បាន​​ជំនួយ​របស់​ព្រះអម្ចាស់​ជួយ​ឲ្យ​សម្រេច​បាន​នូវ​គោលបំណង​សុចរិត​របស់​អ្នក ។

អាលម៉ា 44

បន្ទាប់ពី​ជ័យជំនះ​របស់​ពួកសាសន៍​​នីហ្វៃ​ហើយ នោះ​មេទ័ព​មរ៉ូណៃ​បញ្ជា​ពួកសាសន៍​​លេមិន​ឲ្យ​ធ្វើ​សេចក្ដី​សញ្ញា​នៃ​សន្តិភាព​មួយ

សូម​រំឭក​ឡើងវិញ​ថា នៅក្នុង អាលម៉ា 43 ពេលដែល​មេទ័ព​មរ៉ូណៃ​បានឃើញ​ថា ពួក​សាសន៍​លេមិន​ត្រូវបាន​ឡោមព័ទ្ធ និង តក់ស្លុត នោះ​លោក​បាន​បញ្ជា​ពួក​បុរសៗ​របស់​លោក​ឲ្យ​ឈប់​វាយ​ប្រហារ ។ សូម​អាន​ពាក្យ​របស់​មរ៉ូណៃ​នៅក្នុង អាលម៉ា 44:1–6 ហើយ​រកមើល​ថា​ តើនរណា​ដែល​មរ៉ូណៃ​បាន​ផ្ដល់​កិត្តិយស​ឲ្យ សម្រាប់​ជ័យ​ជំនះ​របស់​ពួក​សាសន៍​នីហ្វៃ ។

  1. ផ្អែក​លើ​ទីបន្ទាល់​របស់​មរ៉ូណៃ​នៅក្នុង អាលម៉ា 44:4–6 សូម​សរសេរ​សេចក្ដី​ពិត​មួយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដែល​អាច​ជួយ​អ្នក​ប្រឈម​នឹង​ចម្បាំង​ខាង​វិញ្ញាណ ។

រូបភាព
យុវជន​កំពុង​អធិស្ឋាន

ប្រធាន ប៊យដ៍ ឃេ. ផាកកឺ ប្រធាន​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​សន្យា​ដល់​ពួក​យុវវ័យ​ថា ព្រះអម្ចាស់​នឹង​ការពារ​ពួកគេ ពេល​ពួកគេ​រក្សា​ការស្មោះត្រង់ ។ ពេល​អ្នក​អាន​ពាក្យ​សម្ដី​របស់​លោក សូម​គូស​ចំណាំ​ផ្នែក​ទាំងនោះ ដែល​លួងលោម​ដល់​អ្នក និង ដែល​អ្នក​មាន​អារម្មណ៍​ថា​ ​ត្រូវនឹង​អ្នក ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ. ផាកកឺ

« ពួក​យុវវ័យ​សព្វថ្ងៃ​នេះ កំពុង​ត្រូវបាន​ចិញ្ចឹម​បីបាច់​នៅក្នុង​ទឹកដី​របស់​មារសត្រូវ ជាមួយ​នឹង​បទដ្ឋាន​សីលធម៌​ដ៏​អន់ថយ ។ ប៉ុន្តែ​ក្នុង​នាម​ជា​អ្នក​បម្រើ​ម្នាក់​របស់​ព្រះអម្ចាស់ ខ្ញុំ​សន្យា​ថា អ្នក​នឹង​ត្រូវបាន​ការពារ​ពី​ការវាយ​ប្រហារ​របស់​មារសត្រូវ ប្រសិនបើ​អ្នក​នឹង​ស្ដាប់​ដល់​ការបំផុស​ដែល​បាន​មក​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ។

« ចូរ​ស្លៀកពាក់​រមទម្យ និយាយ​ដោយ​គារវភាព ស្ដាប់​តន្ត្រី​ដែល​លើក​ទឹកចិត្ត ។ ចៀសវាង​ពី​ភាពអសីលធម៌​ទាំងអស់ និង ពី​ការអនុវត្ត​ដែល​បន្ទាប​បន្ថោក​ខ្លួន ។ ចូរ​គ្រប់គ្រង​ជីវិត​អ្នក និង បញ្ជា​ខ្លួនឯង​ឲ្យ​ក្លាហាន ។ ដោយសារ​ពួកយើង​ពឹងផ្អែក​ជាខ្លាំង​លើ​អ្នក នោះ​អ្នក​នឹង​ទទួល​ពរជ័យ​យ៉ាង​អស្ចារ្យ ។ អ្នក​មិនដែល​នៅ​ឆ្ងាយពេក​ពី​ព្រះនេត្រ​របស់​ព្រះវរបិតាសួគ៌​របស់​អ្នក​ដែល​ពោរពេញ​ដោយ​សេចក្ដី​ស្រឡាញ់​នោះ​ទេ » ( “Counsel to Youth” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 18 ) ។

នៅក្នុង អាលម៉ា 44:7–10 សេរ៉ាហិមណា​បានប្រកាស​ថា គាត់​មិន​ជឿ​ថា ព្រះ​ជា​ប្រភព​នៃ​កម្លាំង​របស់​ពួក​សាសន៍​នីហ្វៃ​នោះទេ ។ គាត់​បាន​ឲ្យ​ពួក​លេមិន​លះបង់​អាវុធ​របស់​ពួកគេ ប៉ុន្តែ​គាត់​បដិសេធ​នឹង​ការ​ធ្វើ​សេចក្ដី​សញ្ញា​សន្តិភាព ។ សូមអាន​ការឆ្លើយ​តប​របស់​មរ៉ូណៃ​នៅក្នុង អាលម៉ា 44:11 ។ សូម​ពិចារណា​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា វា​សំខាន់​ចំពោះ​មរ៉ូណៃ​ក្នុង​ការធ្វើ​ឲ្យ​ពួកសាសន៍​​លេមិន​ធ្វើ​សេចក្ដី​សញ្ញា​សន្តិភាព ?

ខណៈដែល​មាន​ពួកសាសន៍​​លេមិន​ជាច្រើន​បាន​ធ្វើ​សេចក្ដី​សញ្ញា​សន្តិភាព នោះ​សេរ៉ាហិមណា​បាន​ប្រមូល​ផ្ដុំ​ពួក​បុរសៗ​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​របស់​គាត់ ដើម្បី​ប្រយុទ្ធ​នឹង​ពលទ័ព​មរ៉ូណៃ ។ នៅពេល​ដែល​ពួក​សាសន៍​នីហ្វៃ​បាន​ប្រទះ​នឹង​ពួក​សាសន៍​លេមិន ហើយ​បាន​ចាប់ផ្ដើម​សម្លាប់​ពួកគេ នោះ​សេរ៉ាហិមណា​បានឃើញ​ថា ពលទ័ព​របស់​គាត់​ជិត​ត្រូវ​វិនាស​ហើយ នោះ​ក៏​បាន​សន្យា​ចូល​ទៅក្នុង​សេចក្ដី​សញ្ញា​សន្តិភាព ( សូមមើល អាលម៉ា 44:12–20 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ពី​របៀប​ដែល​អ្នក​នឹង​អនុវត្ត​នូវ​គោលការណ៍ និង សេចក្ដី​ពិត​មួយ​ចំនួន ដែល​អ្នក​បាន​រៀន​នៅក្នុង​មេរៀន​នេះ ដើម្បី​ការពារ​ខ្លួន​អ្នក​ពី​ការល្បួង និង ការវាយ​ប្រហារ​របស់​មារសត្រូវ និង ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​បំណង​ប្រាថ្នា និង គោលបំណង​ដ៏​សុចរិត​របស់​អ្នក ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 43–44 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖