ថ្នាក់​សិក្ខាសាលា
មេរៀនទី 9 ៖ ថ្ងៃទី 1 នីហ្វៃទី2 32


មេរៀនទី 9 ៖ ថ្ងៃទី 1

នីហ្វៃទី 2 32

សេចក្តីផ្ដើម

បន្ទាប់​ពី​ការបង្រៀន​អំពី « ផ្លូវ​តូច ហើយ​ចង្អៀត​នោះ​ដែល​នាំ​ទៅឯ​ជីវិត​ដ៏នៅ​អស់កល្ប​ជានិច្ច » ( នីហ្វៃទី 2 31:18 ) នីហ្វៃ​បានឃើញ​ថា ប្រជាជន​របស់លោក​ឆ្ងល់​ថា តើ​ពួកគេ​គួរ​តែ​ធ្វើ​អ្វី​បន្ទាប់​ពី​ការចាប់​ផ្តើម​នៅលើ​ផ្លូវ​នោះ ។លោក​បានឆ្លើយ​សំណួរ​របស់​ពួកគេ​ដោយ​ការលើកទឹកចិត្ត​ពួកគេ​ឲ្យ « ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ » ហើយ « អធិស្ឋាន​ជានិច្ច » ( នីហ្វៃទី 2 32:3, 9 ) ។លោក​បានបញ្ជាក់​ដល់​ពួកគេ​ថា បើសិន​ពួកគេ​នឹង​ធ្វើ​នូវ​រឿង​ទាំងនេះ នោះ​ព្រះវិញ្ញាណ​បរិសុទ្ធ​នឹង​ជួយ​ពួកគេ​ឲ្យ​ដឹង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ ។

នីហ្វៃទី 2 32:1–7

នីហ្វៃ​ទូន្មាន​យើង​ឲ្យ​ស្វែងរក​ទិសដៅ​ដ៏ទេវភាព​តាមរយៈ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ

សូម​គិត​ដល់​គ្រា​មួយ នៅពេល​អ្នកណា​ម្នាក់​បាន​ផ្តល់​ទិសដៅ​ដល់​អ្នក ដើម្បី​ទៅ​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​ទៀត ។តើ​វា​ងាយស្រួល ឬ ពិបាក​ដើម្បី​យល់​ទិសដៅ​ទាំងនោះ ?តើ​ហេតុអ្វី​វា​សំខាន់​ដើម្បី​មាន​អ្នកណា​ម្នាក់​ផ្តល់​ឲ្យ​អ្នក​នូវ​ទិសដៅ​ដ៏​ច្បាស់លាស់ ?

កាល​ពី​មេរៀន​មុន អ្នក​បានសិក្សា​ទិសដៅ​មួយ​ចំនួន​ដែល​នីហ្វៃ​បានផ្តល់​ឲ្យ​ប្រជាជន​របស់​លោក ។បន្ទាប់​ពី​ការចែកចាយ​ទិសដៅ​ទាំងនេះ​ហើយ លោក​បានមាន​ប្រសាសន៍​ថា « នេះ​គឺជា​ផ្លូវ » ( នីហ្វៃទី 2 31:21 ) ។សូម​ពិនិត្យ​មើល​មួយ​ភ្លែត​ក្នុង នីហ្វៃទី 2 31:17–18 ហើយ​ពិនិត្យ​មើល​របៀប​ដែល​មនុស្ស​ម្នាក់​ចាប់ផ្តើម​ដើរ​នៅលើ​ផ្លូវ​ទៅកាន់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច ។បន្ទាប់មក​សូមអាន នីហ្វៃទី 2 32:1 ហើយ​រកមើល​សំណួរ​មួយ​ដែល​មាន​នៅក្នុង​ចិត្ត​ប្រជាជន ដែល​ទាក់ទង​នឹង​អ្វី​ដែល​នីហ្វៃ​បាន​បង្រៀន​ទៅកាន់​ពួកគេ ។សូម​ពិពណ៌នា​ពី​សំណួរ​របស់​ប្រជាជន ជា​ពាក្យ​សម្ដី​របស់​អ្នក​ផ្ទាល់ ៖

សូមអាន នីហ្វៃទី 2 32:2–3 ហើយ​រកមើល​អ្វី​ដែល​នីហ្វៃ​បានមាន​ប្រសាសន៍​ថា យើង​ត្រូវ​ធ្វើ​បន្ទាប់ពី​យើង​បានចូល​ទៅតាម​ផ្លូវ​នោះ​ហើយ ។វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា ការនិយាយ​ដោយ​ភាសា​នៃ​ពួកទេវតា យោង​តាម ប្រធាន ប៊យដ៍ ឃេ ផាកកឺ ប្រធាន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ គឺ « ជា​ធម្មតា​មានន័យ​ថា អ្នក​អាច​និយាយ​ដោយ​ព្រះចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ » ( «The Gift of the Holy Ghost: What Every Member Should Know» Ensign ខែ សីហា ឆ្នាំ 2006 ទំព័រ 50 ) ។

អ្នក​អាច​ចង់​គូស​ចំណាំ​ឃ្លា « ទទួល​ទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ » ក្នុង នីហ្វៃទី 2 32:3 ( ខនេះ​គឺជា​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ ) ។នីហ្វៃ​បានប្រើប្រាស់​ឃ្លា « ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ » ដើម្បី​ពិពណ៌នា​ពី​ការបង្រៀន​ទាំងឡាយ​ដែល​បាន​បំផុស​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។សូម​សរសេរ​វិធី ឬ ទីកន្លែង​មួយ​ចំនួន​ដែល​អ្នក​អាច​អាន ឮៗ ឬ ទទួល​ការបង្រៀន​ទាំងឡាយ​ដែល​បាន​បំផុស​ដោយ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​រួមទាំង​ព្រះគម្ពីរ និង ពាក្យ​សម្ដី​របស់​ពួកព្យាការី​សម័យ​បច្ចុប្បន្ន ។ដើម្បី​ជួយ​អ្នក​សញ្ជឹងគិត​ពី​អ្វី​ដែល​ឃ្លា « ទទួលទាន​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ » អាច​មានន័យ​យ៉ាង​ណា នោះ​សូម​អាន​កាដកស្រង់​ខាងក្រោម​នេះ ៖

រូបភាព
អែលឌើរ រ័សុល អិម. ណិលសុន

អែលឌើរ រ័សុល អិម ណិលសុន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានបង្រៀន​ ៖ « ទទួលទាន មានន័យ​ខ្លាំង​ជាង ​ភ្លក់ ។ទទួលទាន មានន័យថា ក្រេប​ឱជារស ។យើង​ក្រេបឱជារស​នៃ​ព្រះគម្ពីរ​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​នោះ ក្នុង​វិញ្ញាណ​នៃ​ការរកមើល​ដោយ​អំណរអរ និង ការគោរព​ប្រតិបត្តិ​ដ៏ស្មោះត្រង់ ។នៅពេល​យើង​ទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នោះ​ព្រះបន្ទូល​ទាំងនោះ … ក្លាយ​ជា​ផ្នែក​ទាំងមូល​មួយ​នៃ​លក្ខណៈ​សម្បត្តិ​របស់​យើង » ( «Living by Scriptural Guidance,» Ensign ខែ វិច្ឆិកា ឆ្នាំ 2000 ទំព័រ 17 ) ។

អែលឌើរ រ៉ូបឺត ឌី ហែល នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​បានមាន​ប្រសាសន៍​ ៖ « បើសិន​អ្នក និង ខ្ញុំ​ត្រូវ​ទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នោះ​យើង​ត្រូវតែ​សិក្សា​ព្រះគម្ពីរ និង ក្រេប​ជញ្ជក់​ព្រះបន្ទូល​របស់​ទ្រង់ តាមរយៈ​ការសញ្ចឹង​គិត​ព្រះបន្ទូល​ទាំងនោះ ហើយ​ធ្វើ​ឲ្យ​ព្រះបន្ទូល​ទាំងនោះ​ក្លាយជា​ផ្នែកមួយ​នៃ​រាល់​ការគិត និង សកម្មភាព​ទាំងអស់ » ( «Healing Soul and Body» Ensign ខែ វិច្ឆិកា ឆ្នាំ 1998 ទំព័រ 15 ) ។

  1. ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូមសរសេរ​ជា​ពាក្ស​សម្ដី​អ្នក​ផ្ទាល់​ថា​អ្នក​គិត​ថា ទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ មានន័យ​យ៉ាងណា ។

សូមពិចារណា​នូវ​ភាពខុសគ្នា​រវាង​ពាក្យ ទទួលទាន អាហារ​សម្រន់ និង ស្រេកឃ្លាន ។ សូមគិត​មួយ​ភ្លែត​អំពី​របៀប​ដែល​វិធី​គ្មាន​ប្រសិទ្ធិភាព​មួយ​ចំនួន​នៃ​ការសិក្សា​ព្រះបន្ទូល​នៃ​ព្រះគ្រីស្ទ អាច​ប្រៀបធៀប​ទៅនឹង​ការទទួលទានអាហារ​សម្រន់ ឬ ក៏​ការស្រេកឃ្លាន ។

សូម​បំពេញ​គោលការណ៍​ដែល​នៅ​សេសសល់​តទៅ​នេះ​យោង​ទៅតាម នីហ្វៃទី 2 32:3 ៖ នៅពេល​យើង​ទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ នោះ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​នឹង  ។

  1. ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​គ្រា​មួយ​នៅពេល​ដែល​ការទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​បានជួយ​អ្នក​ដឹង​ពី​អ្វី​ដែល​ត្រូវ​ធ្វើ​ក្នុង​ជីវិត​របស់​អ្នក ឬ ពិពណ៌នា​ពី​ស្ថានភាព​មួយ​ដែល​អ្នក​ប្រឈម​មុខ​ឥឡូវ​នេះ ដែល​ការទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ អាច​ជួយ​ដល់អ្នក ។

សូម​បំពេញ​នៅ​កន្លែង​ចន្លោះ​ខាងក្រោម ដើម្បី​វាយតម្លៃ​ថាតើ​អ្នក​កំពុង​ទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​បានល្អ​ប៉ុណ្ណា ហើយ​ថាតើ​អ្នក​អាច​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​យ៉ាង​ដូចម្តេច ។នៅក្នុង​ឧទាហរណ៍​នីមួយ​ខាងក្រោម សូម​សរសេរពាក្យ—ទទួលទាន អាហារ​សម្រន់ស្រេកឃ្លាន—ដែល​ពិពណ៌នា​យ៉ាង​ល្អបំផុត ថាតើ​អ្នក​ព្យាយាម​បាន​ល្អ​យ៉ាងណា ដើម្បី​ដឹង​ពី​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ ។ឧទាហរណ៍ អ្នក​អាច​ទទួលទាន​ព្រះគម្ពីរ​នៅក្នុង​ការសិក្សា​ផ្ទាល់ខ្លួន​របស់​អ្នក ប៉ុន្តែ​គ្រាន់តែ​ទទួលទានអាហារ​សម្រន់​នូវ​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​ក្នុង​សន្និសីទ​ទូទៅ ។

ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន ៖

ការប្រជុំ​សាក្រាម៉ង់ ៖

សន្និសីទ​ទូទៅ ៖

ការសិក្សា​ព្រះគម្ពីរ​ជា​គ្រួសារ ៖

ថ្នាក់​សិក្ខាសាលា ៖

រាត្រី​ជួបជុំ​ក្រុមគ្រួសារ ៖

ការប្រជុំ​កូរ៉ុម​បព្វជិតភាព​អើរ៉ុន ឬ ថ្នាក់​យុវនារី ៖

សាលា​ថ្ងៃ​អាទិត្យ ៖

ការ​អធិស្ឋាន​ផ្ទាល់​ខ្លួន ៖

  1. សូម​ចំណាយ​ពេល​មួយ​ភ្លែត​ដើម្បី​ជ្រើសរើស​សកម្មភាព​មួយ​ពី​សកម្មភាព​ទាំងឡាយ​ដែល​អ្នក​បាន​សរសេរ​ថា អ្នក « ទទួលទានអាហារ​សម្រន់ » ឬ « ស្រេកឃ្លាន » នៅពេល​ថ្មីៗ​នេះ ។នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូមសរសេរ​ថាតើ​អ្នក​នឹង​ទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​កាន់តែ​ល្អឡើង​ក្នុង​ស្ថានភាព​នោះ​យ៉ាងដូចម្តេច ។បន្ទាប់មក អាន ហើយ​ធ្វើ​តាម​សេចក្តី​នោះ ។

សូមអាន នីហ្វៃទី 2 32:4–7 ហើយ​សញ្ជឹងគិត​ចម្លើយ​ទាំងឡាយ​ចំពោះ​សំណួរ​ខាងក្រោម​នេះ ( អ្នក​នឹង​សរសេរ​ចម្លើយ​របស់​អ្នក​ពី​សំណួរ​មួយ​នៃ​សំណួរ​ទាំងឡាយ​សម្រាប់​កិច្ចការ​លេខ 4 ) ៖

  • ក្នុង​ខទី 4 តើ​អ្នក​គិត​ថា វា​មាន​ន័យ​បែបណា​ចំពោះ​ពាក្យ « សូម » ឬ « គោះ » ?តើ​ការអធិស្ឋាន​អាច​ជា​គំរូ​ល្អ​មួយអំពី​ការសូម ឬ ការគោះ​ដោយ​របៀបណា ?

  • នៅ​ក្នុង​ខ​ទី 4 នេះ​ផងដែរ តើ​នីហ្វៃ​បាន​និយាយ​ថា អ្វី​ដែល​ជា​លទ្ធផល​ទាំងឡាយ​សម្រាប់​ពួក​អ្នក​ដែល​នឹង​មិនសូម ឬ មិន​គោះ​នោះ ?

  • ក្នុង​ខទី 5 តើ​នីហ្វៃ​បានសន្យា​ថា អ្វី​ដែល​យើង​អាច​មាន​នៅពេល​យើង​ទទួល​ព្រះវិញ្ញាណ​បរិសុទ្ធ ?

  • ក្នុង​ខទី 7 តើ​ប្រជាជន​របស់​នីហ្វៃ​បានមាន​អាកប្បកិរិយា​បែបណា ដែល​បានធ្វើ​ឲ្យ​លោក​សោកសៅ​ជំនួស​ពួកគេ​នោះ ?តើ​អ្នក​គិត​ថា ហេតុអ្វី​បានជា​អាកប្បកិរិយា​ទាំងនេះ​រារាំង​ពួកគេ​ពី​ការស្វែងរក និង ការយល់​នូវ « ការចេះ​ដឹង​ដ៏ធំ ? »

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក​នូវសេចក្តី​ពិត​មួយ​ដែល​អ្នក​បានរៀន​ពី នីហ្វៃទី 2 32:4–7 ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​សេចក្តី​ពិត​នេះ​សំខាន់​ក្នុង​ជីវិត​របស់​អ្នក ។

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ—នីហ្វៃទី 2 32:3

  1. តើ​អ្នក​គិត​ថា អ្នក​ត្រូវការ​ពេល​វេលា​យូរ​ប៉ុណ្ណា​ដើម្បី​ទន្ទេញ នីហ្វៃទី 2 32:3 បើសិន​អ្នក​សូត្រ​វា​នៅរាល់​ពេល​អ្នក​ទទួលទានអាហារ​នោះ ?សូម​សរសេរ​ខនេះ​នៅលើ​កាត មួយ ឬកូន​ក្រដាស​មួយ​សន្លឹក ហើយ​យក​វា​តាម​ខ្លួន ។សម្រាប់​ពេល​ពីរឬ​បី​ថ្ងៃ​ក្រោយ​មក​ទៀត សូម​ទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​នៃ​ព្រះគ្រីស្ទ​ដោយ​ការព្យាយាម​ទន្ទេញ នីហ្វៃទី 2 32:3 ពីមុន និង បន្ទាប់ពី​រាល់ពេល​អ្នក​ទទួលទានអាហារ​គ្រប់​ពេល ។នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​រាយការណ៍​ថា តើ​អ្នក​ត្រូវ​ទទួលទានប៉ុន្មាន​ដង​ដើម្បី​ទន្ទេញ​ចាំ​បទ​គម្ពីរ​នោះ ។

នីហ្វៃទី 2 32:8–9

នីហ្វៃ​ទូន្មាន​យើង​ឲ្យ​អធិស្ឋាន​ជានិច្ច

មនុស្ស​ជាច្រើន​និយាយ​ថា បន្ទាប់​ពី​ពួកគេ​បាន​ធ្វើ​អំពើ​បាប​ហើយ នោះ​ពួកគេ​មិន​ចង់​អធិស្ឋាន​ទៅកាន់​ព្រះវរបិតា​សួគ៌​ទេ ។សូម​គិត​មួយ​ភ្លែត​អំពី​មូលហេតុ​ដែល​ការណ៍​នេះ​អាច​ជាការ​ដូច្នោះ ។តើ​អ្នក​ណា​ដែល​មិន​ចង់​ឲ្យ​អ្នក​អធិស្ឋាន​គ្រប់​ពេល ជាពិសេស បន្ទាប់​ពី​អ្នក​បាន​ធ្វើ​អំពើ​បាប​ហើយ​នោះ ?ហេតុអ្វី ?សូម​រកមើល​ក្នុង នីហ្វៃទី 2 32:8 ពី​អ្វី​ដែល​ព្រះវិញ្ញាណ​បរិសុទ្ធ​បង្រៀន​យើង​ឲ្យ​ធ្វើ ទាក់ទង​នឹង​ការអធិស្ឋាន ។សូម​សញ្ជឹងគិត​សំណួរ​តទៅ​នេះ ៖ តើ​អ្នក​គិត​ថា ហេតុអ្វី​ព្រះអម្ចាស់​ចង់​ឲ្យ​អ្នក​អធិស្ឋាន ?តើ​អ្នក​គិត​ថា ហេតុអ្វី​សាតាំង​មិន​ចង់​ឲ្យ​អ្នក​អធិស្ឋាន ?

សូមអាន នីហ្វៃ​ទី 2 32:9 ហើយ​រកមើលថា តើ​យើង​គួរ​អធិស្ឋាន​ញឹកញាប់​ប៉ុណ្ណា ហើយ​តើ​ព្រះអម្ចាស់​សន្យា​ពរជ័យ​អ្វី​ខ្លះ​ដល់​យើង​បើសិន​យើង​អធិស្ឋាន ។នៅពេល​អ្នក​អាន​ខនេះ វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា ញែក​ចេញជា​បរិសុទ្ធ មានន័យថា ថ្វាយ​ការបម្រើ​ដល់​ព្រះ ឬ ធ្វើ​ឲ្យ​បរិសុទ្ធ ។

ចេញពី នីហ្វៃទី 2 32:9 យើង​រៀន​ពី​គោលការណ៍​នេះ ៖ នៅពេល​យើង​អធិស្ឋាន​ជានិច្ច នោះ​យើង​នឹង​អាច​ធ្វើ​នូវ​អ្វីៗ​ទាំងអស់​ដែល​ព្រះអម្ចាស់​ចង់​ឲ្យ​យើង​ធ្វើ​សម្រាប់​សុខុមាភាព​ដល់​ព្រលឹង​របស់​យើង ។ ( សូម​កត់សម្គាល់​ថា នីហ្វៃទី2 32:8–9 គឺជា​វគ្គ​ចំណេះ​ចំណាន​ខគម្ពីរ ។អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​វា​នៅក្នុង​របៀប​មួយ​ដែល​ងាយ​សម្គាល់ ដើម្បី​អ្នក​អាច​ងាយ​រក​វា​ឃើញនៅពេល​ខាងមុខ ) ។

រូបភាព
យុវនារី​កំពុង​អធិស្ឋាន

សូម​សញ្ជឹងគិត ថាតើ​អធិស្ឋាន​ជានិច្ច មានន័យ​បែបណា ។នៅពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​ដោយ អែលឌើរ ដេវីឌ អេ បែដណា នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ សូម​គូសបន្ទាត់​ពីក្រោម​វិធី​មួយ ឬ ច្រើន​ជាង​នោះ​ដែល​យើង​អាច​ធ្វើ​តាម​ការបញ្ជា​ដែល​ឲ្យ « អធិស្ឋាន​ជានិច្ច » ៖

រូបភាព
អែលឌើរ ដាវីឌអេ បែដណា

« អាចមាន​រឿង​ទាំងឡាយ​ក្នុង​ចរិក​លក្ខណៈ​របស់​យើង ក្នុង​អាកប្បកិរិយា​របស់​យើង ឬ ទាក់ទង​នឹង​ការរីក​ចម្រើន​ខាង​វិញ្ញាណ​របស់​យើង ដែល​យើង​ត្រូវការ​ពិគ្រោះ​ជាមួយ​ព្រះវរបិតា​សួគ៌​នៅក្នុង​ការអធិស្ឋាន​ពេល​ព្រឹក ។បន្ទាប់ពី​បង្ហាញ​អំណរគុណ​ដ៏ត្រឹមត្រូវ​សម្រាប់​ពរជ័យ​ដែល​បានទទួល​រួច​ហើយ យើង​ទូល​សុំ​ការយល់ដឹង ការដឹកនាំ និង ជំនួយ ដើម្បី​ធ្វើ​រឿង​ទាំងឡាយ​ដែល​យើង​មិន​អាច​ធ្វើ​បាន នៅក្នុង​កម្លាំង​យើង​ផ្ទាល់​តែ​ម្នាក់ឯង ។ …

« អំឡុង​ថ្ងៃ​នោះ យើង​រក្សា​ការអធិស្ឋាន​មួយ​នៅក្នុង​ចិត្ត​របស់​យើង​ដើម្បី​បាន​ជំនួយ និង ការដឹកនាំ​ដែល​យើង​នៅតែ​ត្រូវការ ។ …

« យើង​កត់សម្គាល់​ក្នុង​អំឡុង​ថ្ងៃ​ដ៏ពិសេស​នេះ​ថា មាន​ឱកាស​ជាច្រើន ដែល​ជា​ធម្មតា យើង​នឹង​ទំនងជា​ចង់​និយាយ​អ្វី​ដែល​មិន​ពិរោះ​ស្តាប់ ហើយ​យើង​មិន​និយាយ​ទេ ឬ យើង​អាច​នឹង​ឆាប់​ខឹង ប៉ុន្តែ​យើង​មិន​បាន​ខឹង​ទេ ។យើង​មើលឃើញ​ពី​ជំនួយ និង កម្លាំង​ពី​ស្ថានសួគ៌ ហើយ​បន្ទាប​ខ្លួន​ទទួលស្គាល់​ចម្លើយ​ទាំងឡាយ​ដែល​ត្រូវបាន​ប្រទាន​ដល់​ការអធិស្ឋាន​របស់​យើង ។បើទោះជា​ស្ថិត​នៅក្នុង​ពេល​នៃ​ការទទួល​ស្គាល់​នោះ​ក៏ដោយ ក៏​យើង​ធ្វើ​ការអធិស្ឋាន​ដោយ​អំណរគុណ​យ៉ាង​ស្ងៀមស្ងាត់ ។

« នៅចុង​បញ្ចប់​នៃ​ថ្ងៃ​របស់យើង យើង​លុត​ជង្គង់​ម្តងទៀត ហើយ​រាយការណ៍​ទៅកាន់​ព្រះវរបិតា​របស់​យើង ។យើង​រំឭក​ឡើងវិញ​ពី​ព្រឹត្តិការណ៍​ទាំងឡាយ​នៅ​ថ្ងៃ​នោះ ហើយ​បង្ហាញ​អំណរគុណ​ដោយ​អស់ពីចិត្ត​សម្រាប់​ពរជ័យ​ទាំងឡាយ និង ជំនួយ​ដែល​យើង​បានទទួល ។យើង​ប្រែចិត្ត ហើយ​ដោយ​មាន​ជំនួយ​ពី​ព្រះវិញ្ញាណ​នៃ​ព្រះអម្ចាស់ យើង​ស្គាល់​របៀប​ដែល​យើង​អាច​ធ្វើ ហើយ​ប្រែ​ក្លាយ​ល្អឡើង​នៅថ្ងៃ​ស្អែក ។ហើយ​ដោយ​បែប​នោះ​ហើយ ដែល​ការអធិស្ឋាន​នៅពេល​ល្ងាច​របស់​យើង​ត្រូវ​ផ្អែក​លើ ហើយ​ជា​ការបន្ត​នៃ​ការអធិស្ឋាន​ពេល​ព្រឹក​របស់​យើង​ទៀត ។ហើយ​ការអធិស្ឋាន​ពេល​ល្ងាច​របស់យើង​ក៏​ជា​ការរៀបចំ​សម្រាប់​ការអធិស្ឋាន​ពេល​ព្រឹក​ដែល​ប្រកប​ដោយ​អត្ថន័យ ។

« ការអធិស្ឋាន​ទាំងឡាយ​នៅពេល​ព្រឹក និង ពេលល្ងាច—ហើយ​និង​ការអធិស្ឋាន​ទាំងអស់​នៅពេល​ចន្លោះ​នោះ—គឺ​ជា​ព្រឹត្តិការណ៍​ដែល​ពាក់ព័ន្ធ​គ្នា មិន​មែន​ដាច់​ដោយ​ឡែក​ពី​គ្នា​នោះឡើយ ការអធិស្ឋាន​ទាំងអស់​នោះ​គឺ​ជាប់​ទាក់ទង​គ្នា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ពី​មួយ​សប្ដាហ៍​ទៅ​មួយ​សប្តាហ៍ ពី​មួយ​ខែ​ទៅ​មួយ​ខែ និង សូម្បី​តែ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ​ផង ។ការណ៍​នេះ​គឺ​នៅក្នុង​ផ្នែក​នៃ​របៀប​ដែល​យើង​បំពេញ​តាម​ពាក្យ​ទូន្មាន​នៃ​បទគម្ពីរ​ដែល​ឲ្យ ‹ អធិស្ឋាន​ជានិច្ច › ( លូកា 21:36; នីហ្វៃទី 3 18:15, 18 គ. និង ស. 31:12 ) ។ការអធិស្ឋាន​ដែល​ប្រកប​ដោយ​អត្ថន័យ​បែបនេះ គឺជា​ឧបករណ៍​ក្នុង​ការទទួល​បាន​ពរជ័យ​ទាំងឡាយ​ដ៏​ខ្ពង់ខ្ពស់​បំផុត ដែល​ព្រះ​រក្សាទុក​នៅក្នុង​ឃ្លាំង​សម្រាប់​កូនចៅ​ដ៏ស្មោះត្រង់​របស់​ទ្រង់ » ( «Pray Always» EnsignLiahona ខែ វិច្ឆិកា ឆ្នាំ 2008 ទំព័រ 41–42 ) ។

  1. សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ថាតើ​អ្នក​គិត​ថា ការធ្វើតាម​សេចក្តី​ណែនាំ​របស់​អែលឌើរ បែដណា តទៅ​នេះ ស្ដី​ពី​របៀប​ដែល « អធិស្ឋាន​ជានិច្ច » អាច​ជួយ​អ្នក​ក្នុង​ជីវិត​របស់​អ្នក​យ៉ាង​ណា​ដែរ ។

ដើម្បី​បញ្ចប់​មេរៀននេះ សូមអាន​ទីបន្ទាល់​តទៅ​នេះ​ពី អែលឌើរ ស្ពែនស៊ើរ ជេ ខនឌី ដែល​ពេល​នោះ​បានបម្រើ​ជា​សមាជិក​ម្នាក់​នៃ​ពួកចិតសិប​នាក់ ទាក់ទង​នឹង​ការទទួលទាន​ព្រះបន្ទូល​ទាំងឡាយ​របស់​ព្រះគ្រីស្ទ ៖ « អ្នក​អាច​ប្រឈម​នឹង​ការធ្វើ​ការសម្រេចចិត្ត​ទាក់ទងនឹង​បេសកកម្ម អាជីព​របស់​អ្នក​នា​ពេល​អនាគត ហើយ​នៅ​ទីបំផុត​ជា​ការរៀបការ ។នៅពេល​អ្នក​អាន​ព្រះគម្ពីរ ហើយ​អធិស្ឋាន​ដើម្បី​បាន​ការដឹកនាំ តាមពិត​ទៅ អ្នក​អាច​នឹង​មិន​មើលឃើញ​ចម្លើយ​នៅក្នុង​ទម្រង់ជា​អក្សរ​ដែល​បោះពុម្ព​នៅលើ​ទំព័រ​ក្រដាស​នោះទេ ប៉ុន្តែ​នៅពេល​អ្នក​អាន នោះ​អ្នក​នឹង​ទទួល​បាន​ចំណាប់​អារម្មណ៍​ជាក់​ច្បាស់ និង ការបំផុស​គំនិត​ទាំងឡាយ ហើយ​ដូច​ដែល​បានសន្យា ព្រះវិញ្ញាណ​បរិសុទ្ធ ‹ នឹង​បង្ហាញ​ដល់​អ្នក​នូវ​គ្រប់អ្វី​ទាំងអស់​ដែល​យើង​ត្រូវ​ធ្វើ › [ នីហ្វៃទី 2 32:5 ] » ( «Becoming a Great Benefit to Our Fellow Beings» Ensign ខែ ឧសភា ឆ្នាំ 2002 ទំព័រ 45 ) ។

រូបភាព
រូប​សញ្ញា​ចំណេះ​ចំណាន​ខគម្ពីរ
ចំណេះ​ចំណាន​ខគម្ពីរ— នីហ្វៃទី 2 32:8–9

  1. អំឡុង​ពេល 24 ម៉ោង​ខាង​មុខ​នេះ សូម​ព្យាយាម​ដាក់​បញ្ចូល​អ្វីដែល​អ្នក​បានរៀន​អំពី​របៀប « អធិស្ឋាន​ជានិច្ច » ទៅក្នុង​ជីវិត​របស់​អ្នក ។នៅ​ខាង​ដើម​នៃ​មេរៀន​បន្ទាប់ អ្នក​នឹង​ត្រូវបាន​អញ្ជើញ​ឲ្យ​រាយការណ៍​នូវ​គំនិត និង អារម្មណ៍​របស់​អ្នក​អំពី​បទពិសោធន៍​នេះ ។សូម​សរសេរ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​របៀប​ដែល​ការខិតខំ​ប្រឹងប្រែង « អធិស្ឋាន​ជានិច្ច » អាច​ធ្វើឲ្យ​មាន​ភាពខុសប្លែក​គ្នា​យ៉ាង​ណា​នៅក្នុង​ការអធិស្ឋាន​ទាំងឡាយ​របស់​អ្នក ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នៅហ្វៃទី 2 32 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖