ថ្នាក់​សិក្ខាសាលា
មេរៀនទី 4 ៖ ថ្ងៃ​ទី 4 នីហ្វៃ​ទី1 18–19


មេរៀនទី 4 ៖ ថ្ងៃ​ទី 4

នីហ្វៃ​ទី1 18–19

សេចក្តីផ្តើម

ដោយ​ធ្វើ​តាម​ការ​ដឹកនាំ​ពីព្រះ​អម្ចាស់ នោះ​នីហ្វៃ​ និង គ្រួសារ​របស់​លោកបាន​បញ្ចប់​ការ​សង់​សំពៅ និង ចេញ​សំពៅ​ទៅ​កាន់​ដែន​ដីសន្យា ។ អំឡុង​ពេល​ធ្វើ​ដំណើរ​ដ៏​ឆ្ងាយ​នេះ មាន​មនុស្ស​ប៉ះបោរ​ជា​ច្រើន​ដែល​ដឹកនាំ​ដោយ លេមិន និង លេមយួល ។ ជា​ហេតុ​ដែល​ធ្វើ​ឲ្យ​លីអាហូណា​ឈប់​ដំណើរ​ការ ហើយ​មាន​ព្យុះ​ដ៏​ធំមួយ​បាន​គំរាម​គំហែង​ដល់​ជីវិត​ពួកគេ​រាល់​គ្នា​នៅលើ​សំពៅ​នោះ ។ បន្ទាប់​ពី​ពួក​អ្នក​ប៉ះ​បោរ​បាន​ប្រែចិត្ត ហើយ​នីហ្វៃ​បាន​អធិស្ឋាន​ដោយ​សេចក្តី​ជំនឿ នោះ​លី​អាហូណា​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ឡើង​វិញ ហើយ​ព្រះអម្ចាស់​បាន​ធ្វើ​ឲ្យ​ព្យុះ​ស្ងប់​ទៅ​វិញ ហើយ​ដឹកនាំ​ការ​ធ្វើ​ដំណើរ​របស់​ពួកគេ​ម្តង​ទៀត ។ បន្ទាប់​ពី​មក​ដល់​ដែន​ដី​សន្យា នោះ​នីហ្វៃ​ទូន្មាន​គ្រួសារ​របស់​លោក​ឲ្យ​នឹក​ចាំ​ពី​ព្រះ​អង្គ​សង្គ្រោះ និង ប្រៀប​ប្រដូច​ខ្លួន​ពួកគេ​ទៅ​នឹង​បទគម្ពីរ ។ នៅពេល​អ្នក​សិក្សា​នីហ្វៃ​ទី1 18–19 សូម​ប្រដូច​បទពិសោធន៍​របស់​នីហ្វៃ​ដែល​បាន​ប្រឈម​មុខ​នឹង​ការ​សាកល្បង​ទាំងឡាយ​ទៅ​នឹង​ឧបសគ្គ​ទាំងឡាយ​នៃ​ការ​សាកល្បង​ដែល​អ្នក​ប្រឈម​មុខ ។ សូម​ព្យយាម​​ធ្វើ​តាម​គំរូ​របស់​នីហ្វៃ ។

នីហ្វៃ​ទី 1 18: 1–8

គ្រួសារ​របស់​លីហៃ​រៀប​ចំ​ចេញ​សំពៅ​ទៅ​កាន់​ដែន​ដី​សន្យា

តើ​ហេតុ​អ្វី​បាន​ជា​វា​សំខាន់​ដើម្បី​ធ្វើ​ការ​ដោយឧ​ស្សាហ៍ព្យាយាម និង ស្វែង​រក​ការណែនាំ​ពី​ព្រះ​អម្ចាស់ ? តើ​នីហ្វៃ​បាន​បង្ហាញ​គុណសម្បត្តិ​ទាំងពីរ​នេះ​នៅពេល​សង់​សំពៅ​ដោយ​របៀបណា ? សូមអាន នីហ្វៃទី1 18:1–8 ។

  1. នៅក្នុង​សៀវភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក សូម​ធ្វើ​បញ្ជី​ពាក្យ និង ឃ្លាទាំងឡាយ​ពី នីហ្វៃ​ទី1 18:1–8 ដែល​ពិពណ៌​នាអំពី​កិច្ច​ប្រឹង​ប្រែងដែល​នីហ្វៃ និង គ្រួសារ​រប​ស់​គាត់​បាន​ធ្វើ ។ បន្ទាប់​មក សូម​រកមើល​ពាក្យ និង ឃ្លា​ទាំងឡាយ​ដែល​បង្ហាញ​ពី​របៀប​ដែល​ព្រះ​អម្ចាស់​បាន​ដឹក​នាំ និង បាន​ជួយ​ដល់​ពួកគេ ។ តើ​អ្នក​ឃើញ​ទំនាក់​ទំនង​បែបណា​ដែរ​រវាង​កិច្ច​ខិត​ខំ​របស់​នីហ្វៃ និង ជំនួយ​ដែល​លោកបាន​ទទួល​ពី​ព្រះ​អម្ចាស់ ?

បទពិសោធន៍​របស់​នីហ្វៃ​បាន​បង្ហាញ​យើង​ថា ដើម្បី​សម្រេច​នូវ​អ្វី​ៗ​ដែល​ព្រះ​អម្ចាស់​ចេញ​បញ្ជា យើង​ត្រូវ​តែ​ស្វែង​រក​ជំនួយ​របស់​ទ្រង់ និង បញ្ចេញ​ការ​ប្រឹង​ប្រែងដោយ​ខ្លួន​យើង​ផ្ទាល់ ។

  1. សូម​គិត​ដល់​ស្ថានភាព​មួយ​របស់​អ្នក​នៅ​ពេល​នេះ​ដែល​អ្នក​ត្រូវការ​​ជំនួយ​ពី​ព្រះ​អម្ចាស់ ។ សូម​សរសេរ​នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​សិក្សា​ព្រះគម្ពី​រ​របស់​អ្នក​នូវ​អ្វី​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ស្វែង​រក​ការ​ដឹកនាំ​ពី​ព្រះអម្ចាស់ និង កិច្ច​ប្រឹង​ប្រែង​អ្វី​ខ្លះ​ដែល​អ្នក​អាច​ធ្វើ ។

នីហ្វៃ​ទី1 18:8–25

លេមិន និង លេម​យួល​បាន​នាំ​ឲ្យ​មាន​ការ​ប៉ះបោរ​នៅ​លើ​សំពៅ​ដែល​រារាំង​ការ​ធ្វើ​ដំណើរ​ទៅកាន់​ដែន​ដី​សន្យា

នៅពេល​យើង​ទទួល​ការ​សាកល្បង ឬ មាន​ទុក្ខលំបាក​នៅក្នុង​ជីវិត ជា​ធម្ម​តា​យើង​ឆ្ងល់​ថា​ តើ​ហេតុ​អ្វី​យើង​ជួប​នឹងការ​លំបាក​បែប​នេះ​ទៅ​វិញ ។ ប្រហែលអ្នក ឬ នរណា​ម្នាក់​ដែល​អ្នកស្គាល់​បានសួរ​ថា « តើ​ហេតុ​អ្វី ? » អំឡុង​ពេល​ពិបាក​មួយ ។

អែល​ឌើរ អិល. វិតនី ក្លេតុន នៃ​គណៈ​ប្រធាន​នៃ​ពួកចិតសិប​នាក់​បាន​បង្ហាញ​ប្រភព​បី​យ៉ាង​សម្រាប់​ផល​លំបាក​ដែល​យើង​ជួប ។ នៅពេល​អ្នក​អាន សូម​គូស​បន្ទាប់​ពី​ក្រោម​ប្រភព​ទាំងឡាយ​ដែល​លោកពិពណ៌នា ។

រូបភាព
អែលឌើរ អិល. វិតនី ក្លេតុន

« នៅក្នុង​ទស្សន​ទូទៅ​មួយ បន្ទុក​របស់​យើង​កើត​ឡើង​ពី​ប្រភព​បី​យ៉ាង ។ បន្ទុក​មួយ​ចំនួន​គឺ​ជា​ការ​កើតឡើង​ពីធម្មជាតិ ពី​ស្ថាន​ភាព​ទាំងឡាយ​នៃ​ពិភព​លោក​ដែល​យើង​រស់​នៅ ។ ជម្ងឺ ពិការភាព ខ្យល់​ព្យុះ និង រញ្ជួយផែនដី កើតឡើង​ពី​សម័យ​មួយ​ទៅសម័យ​មួយ​ដែល​មិន​មែន​ជា​កំហុស​របស់​យើង​នោះ​ទេ ។​ …

« បន្ទុក​ដទៃ​ទៀត​ត្រូវ​បាន​ជម្រុញ​ឲ្យ​កើត​ឡើង​មក​លើ​យើង​ដោយ​សារ​តែ​ការ​ប្រព្រឹត្តមិន​ត្រឹម​ត្រូវ​របស់​អ្នក​ដទៃ ។ ការ​រំលោភបំពាន និង ការ​ញៀន​ទាំងឡាយ​អាច​ធ្វើ​ឲ្យ​គេហដ្ឋាន​ក្លាយ​ជា​ទីកន្លែង​មួយ​ដែល​មិន​មែន​ជា​ឋានសួគ៌​នៅលើ​ផែន​ដី​នេះ​សម្រាប់​សមាជិក​គ្រួសារ​ដែល​ស្លូត​ត្រង់ ។ អំពើ​បាប ប្រពៃ​ណី​មិន​ត្រឹម​ត្រូវ​ ការ​គាបសង្កត់ និង បទឧ​ក្រិដ្ឋ​ រីក​រាល​ដាល​លើ​ជនរង​គ្រោះ​ដែល​មាន​បន្ទុក​ធ្ងន់​ក្នុង​ដំណើរ​ជីវិត​រស់​នៅ ។ ទោះ​បីជា ការប្រព្រឹត្តខុស​ទាំង​អស់​នេះ​មិន​ជា​ធ្ងន់​ធ្ងរ​ក៏​ដោយ​ដូច​ជា ការ​និយាយ​ដើមគេ ភាពកាចសាហាវ​អាច​បណ្តាល​ឲ្យ​មនុស្ស​ស្លូត​ត្រង់​ដទៃ​ទៀតទទួល​រង​ទុក្ខដែរ ។

« កំហុស និងចំណុចខ្វះខាតរបស់​យើង​ផ្ទាល់ បង្កើត​ឲ្យ​យើង​មាន​បញ្ហា​ជា​ច្រើន និង អាច​ដាក់​បន្ទុក​ដ៏​ធ្ងន់​ទៅ​លើ​ស្មា​របស់​យើង​ផ្ទាល់ ។ បន្ទុក​ដ៏​ស្មុគ​ស្មាញបំផុត [ ការពិបាក ] ដែល​យើង​ដាក់​លើ​ខ្លួន​យើង​ផ្ទាល់​គឺជា​បន្ទុក​នៃ​អំពើ​បាប ។ យើង​ទាំងអស់គ្នា​បាន​ស្គាល់​ភាព​សោកស្តាយ និង ការ​ឈឺ​ចាប់​ដែល​មាន​មក​ដោយ​មិន​អាច​ចៀស​រួច​ដោយ​សារ​តែ​ការ​ខក​ខាន​មិន​បាន​កាន់​តាម​ព្រះ​បញ្ញាត្តិ » ( “That Your Burdens May Be Light,” Ensignលីអាហូណា,ខែ វិច្ឆិកា ឆ្នាំ 2009 ទំព័រ 12–13 ) ។

រូបភាព
នីហ្វៃ​បាន​ចង​ជាប់​ទៅ​នឹង​ដង​ក្តោង​សំពៅ

បន្ទាប់​ពី​នីហ្វៃ និង គ្រួសារ​របស់​លោក​បាន​ចាប់​ផ្តើម​ចេញ​សំពៅ​ទៅកាន់​ដែន​ដីសន្យា នោះ​ពួកគេ​បាន​មាន​បទពិសោធន៍​ទុក្ខ​លំ​បាក​ជាច្រើន ។ នៅពេល​អ្នក​សិក្សា នីហ្វៃ​ទី1 18 សូម​រក​មើល​ទុក្ខ​លំបាក​មួយនៃ​ទុក្ខ​លំបាក​ទាំងឡាយ​ដែល​អែល​ឌើរ ក្លេតុន បាន​ពិភាក្សា ។ សូម​អាន ​នីហ្វៃ​ទី1 18:9–11 ហើយ​សូមរកមើល​ពី​គំរូទាំង​ឡាយ​មក​ពី​ការ​ជ្រើស​រើស​ខុស​ដែល​ត្រូវ​បាន​ប្រព្រឹត្តិ​ដោយ​មនុស្ស​ទាំង​ឡាយ​នៅ​លើ​សំពៅ ។

បើ​ទោះ​ជា​វា​មិន​ខុស​ក៏​ដោយ​ចំពោះ​ការ​រាំលេង ស្តាប់​តន្ត្រី ឬ ការ​មាន​ពេល​សប្បាយ នីហ្វៃ​ទី1 18:9 បង្ហាញ​ថា ពួកគេ​បាន​ធ្វើ​នូវ​រឿង​ទាំង​អស់​នេះ « ដោយ​ពាក្យ​ទ្រគោះ​ជាច្រើន » ។ ពាក្យ​ទ្រគោះមានន័យ​ថា មិន​ពិរោះ​ស្តាប់ គ្រោត​គ្រាត ឬ គំរោះគំរើយ ។ សាតាំង​អាច​ប្រើ​ការ​រាំរែក តន្ត្រី ឬ របៀប​ដែល​យើង​និយាយ ដើម្បី​បង្ខូច​ដល់​ដួច​ចិត្ត និង គំនិត​របស់​យើង ដែល​ធ្វើ​ឲ្យ​យើង​បាត់​បង់​ភាព​ជាដៃ​គូ​ជាមួយ​នឹង​ព្រះ​វិញ្ញាណ​បរិសុទ្ធ ។

យោង​ទៅ​តាម​​នីហ្វៃ​ទី1 18:10 តើ​នីហ្វៃ​បាន​ភ័យ​ខ្លាច​ថា នឹង​មាន​អ្វី​កើត​ឡើង​បើសិន​អ្នក​ទាំងឡាយ​ដែល​កំពុង​ប៉ះ​បោរ​នោះ​មិន​បាន​ប្រែ​ចិត្ត ? .

តើ​នីហ្វៃ​បាន​ធ្វើ​អ្វី​ជាមួយនឹង​ការ​ប៉ះ​បោរ​នេះ ? តើ​អ្នក​នឹង​ឆ្លើយ​តប​បែបណា​បើសិន​ឪពុក​ ឬ ​ម្តាយ ឬ​ អ្នក​ដឹក​នាំ​សាសនាចក្រ​បាន​សុំ​ឲ្យ​អ្នក​ផ្លាស់​ប្តូរតន្ត្រី​ដែល​អ្នក​ស្តាប់ របៀប​ដែល​យើង​រាំ ឬ ចៀស​វាង​ពី​ការ​ប្រើ​ភាសាស្មោគគ្រោក ? តើ​អ្នក​នឹង​មាន​ឆន្ទៈ​ដើម្បី​ស្តាប់​តាម ហើយ​ផ្លាស់​ប្តូរ​ដែរ​ឬ​ទេ ?

សូម​អាន​នីហ្វៃ​ទី1 18:12–14, 17–19 ហើយ​សូម​រក​មើល​ផល​វិបាក​ទាំងឡាយ​នៃ​ការ​ប៉ះ​បោរ​របស់​ពួកគេ ។ តើ​នីហ្វៃ និង សមាជិក​គ្រួសារ​ដទៃទៀត​ទទួល​រង​ទុក្ខ​វេទនា​ដោយ​សារ​តែ​ទង្វើ​របស់​អ្នក​ដទៃ​ដោយ​របៀប​ណា ? សូម​កត់​សម្គាល់​នូវ​របៀប​​ដែល​សកម្ម​ភាព​ប៉ះ​បោរ​របស់​មនុស្ស​មួយ​ចំនួន​មាន​ឥទ្ធិពល​ដល់​សមត្ថភាព​នៃ​ក្រុម​ទាំងមូល​ដើម្បី​ទទួល​បាន​នូវ​ការដឹកនាំ​ពី​ព្រះ ។

សកម្មភាព​នៃ​អ្នក​ទាំងឡាយ​ណា​ដែល​បាន​ប៉ះ​បោរ បង្ហាញ​ដល់​យើង​ថា អំពើ​បាប​នាំ​ទៅរក​ការ​រង​ទុក្ខ​ដល់​ខ្លួន​យើង​ផ្ទាល់ ហើយ​ជួន​កាល​ដល់​អ្នក​ដទៃ​ផង​ដែរ ។

  1. ការ​ល្បួង​សាមញ្ញ​ៗ​មួយ​ចំនួន ​ដែល​ក្មេង​ជំទង់​ជួបប្រទះនា​ពេល​បច្ចុប្បន្ន​នេះ​មាន​រួម ​ទាំង​ការ​មិន​គោរព​ឪពុក​ម្តាយ និង ពួក​អ្នក​ដឹកនាំ ការ​លួច​ចម្លង​ឯកសារ​ក្នុង​សាលា ការ​និយាយ​ដើមគេ ការ​ស្លៀក​ពាក់​មិន​សមរម្យ ការ​បំពានច្បាប់​ព្រហ្ម​ចារីយ​ភាព ការ​បំពាន​ច្បាប់​សុខភាព ( បារី ស្រា និង ឱសថ​ញៀនគ្រប់​ប្រភេទ )​ និង ការ​មើល​រូប​អាស​អាភាស ។ សូម​​ជ្រើស​រើស​ការ​ល្បួង​ពីរ ឬ ច្រើន​ជាង​នេះ ហើយ​សូម​សរសេរ​នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​​របស់​អ្នក​អំពី​របៀប​ ដែល​ការ​ល្បួង​និមួយ​ៗអាច​មាន​ឥ​ទ្ធិពល​​លើ​គ្រួ​សារ​ និង មិត្ត​ភក្តិ​របស់​នរណា​ម្នាក់​ដែល​ចុះ​ចាញ់​នឹង​ការ​ល្បួង ។

សេចក្តី​នៅ​សល់​ផ្សេងទៀត​នៃ នីហ្វៃ​ទី1 18បង្រៀន​យើង​​ពី​របៀប​ដើម្បី​ឆ្លើយ​តប​នៅពេល​ការ​លំបាក​មក​ដល់ ថា​តើ​ការ​លំបាក​ទាំង​នោះ​មក​ពី​ការ​ជ្រើស​រើស​ធ្វើខុស ឬ មិនមែន​មក​ពីកំហុស​របស់​យើង ។ សូម​​អាន​នីហ្វៃ​ទី1 18:15–16, 20–23 ហើយ​គូស​ចំណាំ​ឃ្លា​ទាំងឡាយ​ដែល​បង្រៀន​នូវអ្វី​មួយ​ដែល​ត្រូវធ្វើ​នៅ​ក្នុង​ស្ថាន​ភាព​មួយណា​ក៏​បាន ។

មាន​គោល​លទ្ធិ និង គោល​ការណ៍មួយ​ចំនួន​​ដែល​ត្រូវ​បាន​បង្ហាញ​នៅក្នុង​ខគម្ពីរ​ទាំង​នេះ ។ នៅ​បន្ទាប់​ពី​ប្រយោគ​និមួយ​ៗ​ខាង​ក្រោម សូម​សរសេរ​លេខ​ខគម្ពីរ​មួយ​ ឬ លេខ​ខគម្ពីរ​ទាំងឡាយ​មក​ពី​នីហ្វៃ​ទី1 18:15–16, 20–23 ​ដែល​អ្នក​ទទួល​​អារម្មណ៍​ថា បង្ហាញ​នូវ​គំរូ​មួយពី​សេចក្តី​ពិត​នោះ ៖

  • យើង​អាច​មើល​ទៅ​កាន់​ព្រះ ហើយ​បន្ត​មាន​ភាព​ស្មោះ​ត្រង់​អំឡុង​ការ​សាកល្បង​របស់​យើង ។

  • ការ​អធិស្ឋាន​អាច​ជួយ​យើង​ឲ្យ​រក​ឃើញ​ភាព​សុខសាន្ត​អំឡុង​ការ​សាកល្បង​របស់​យើង ។

  1. សូម​ជ្រើស​រើស​ខមួយ​នៃខ​គម្ពីរ​ទាំង​នោះ​ដែល​អ្នក​ប្រើ​នៅក្នុង​លំហាត់ពីមុន​ដែល​មាន​ន័យ​ជាពិសេស​ចំពោះអ្នក ហើយ​ពន្យល់​អំពី​មូល​ហេតុ​ដែល​អ្នក​ចូល​ចិត្ត​នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​​សិក្សា​ព្រះគម្ពីរ​របស់​អ្នក ។ រួម​ទាំង​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ខ​​នោះ និង អ្វី​ដែលខគម្ពីរ​​នោះ​បាន​បង្រៀន​អ្នកអំពី​ការ​ឆ្លើយ​តប​ទៅ​នឹង​ទុក្ខ​វេទនា​ទាំងឡាយ ។ បើសិន​អ្នក​បាន​ឃើញ​គំរូ​មួយ​ពី​អ្វី​ដែល​ខនេះ​បង្រៀន​នៅក្នុង​ជីវិត​រស់​នៅផ្ទាល់​​ខ្លួន​អ្នក ឬ របស់​នរណា​ម្នាក់​ផ្សេង​ទៀត សូម​សរសេរ​នូវ​គំរូ​នោះ​ផង​ដែរ ។

រូបភាព
លោក​លីហៃ និង ប្រជា​ជន​របស់​គាត់​បាន​មក​ដល់​ដែន​ដី​សន្យា

បើ​ទោះ​ជា​មាន​ការ​លំបាក​ទាំង​ឡាយ​ដែល​ពួកគេ​បាន​ជួប​ប្រទះ​ក៏​ដោយ នៅទី​បញ្ចប់ នីហ្វៃ​ និង គ្រួសារ​របស់​គាត់​បាន​ទៅដល់​ដែន​ដី​សន្យា ។ នៅពេល​អ្នក​ស្វែងរក​ការដឹកនាំ​ពី​ព្រះ​អម្ចាស់ ហើយ​ធ្វើការ​ដោយ​ឧស្សាហ៍​ព្យាយាម​ដើម្បី​ធ្វើ​តាម​ការ​ដឹកនាំ​នោះ នោះ​អ្ន​ក​អាច​បញ្ចប់​ការ​ធ្វើ​ដំណើរ​ដោយ​ជោគជ័យ​ដែល​ព្រះ​អម្ចាស់​បាន​បញ្ជូន​អ្នក​ឲ្យមក​កាន់​ផែន​ដី​នេះ​ដើម្បី​ជា​ការសម្រេច ។

អែល​ឌើរ អិល. វិតនី ក្លេតុនបាន​ផ្តល់​នូវ​ទីបន្ទាល់​នេះ ៖

« មិនថា​បន្ទុក​ដែល​យើង​បាន​ប្រឈម​មុខនៅក្នុង​ជីវិត​នេះ ជា​ផល​វិបាកមួយ​នៃ​ស្ថាន​ភាព​ធម្ម​ជាតិ ការ​ប្រព្រឹត្តិ​ខុស​របស់អ្នក​ដទៃ ឬ កំហុស និងចំណុចខ្វះ​ខាត​ផ្ទាល់​ខ្លួន​យើងនោះទេ យើង​ទាំង​អស់​គ្នា​គឺជា​កូន​របស់​ព្រះ​វរបិតា​សួគ៌ជា​ទី​ស្រលាញ់ដែល​បាន​បញ្ចូន​យើង​ឲ្យមក​កាន់​ផែនដី​នេះ ​ដែល​ជា​ផ្នែក​មួយ​នៃ​ផែន​ការ​ដ៏​អស់​កល្ប​ជានិច្ចរបស់​ទ្រង់ សម្រាប់​ការ​លូត​លាស់ និង ការ​រីក​ចម្រើន​របស់​យើង ។ បទ​ពិសោធន៍​និមួយៗ​ផ្ទាល់​ខ្លួន​របស់​យើង អាច​ជួយ​យើង​រៀប​ចំខ្លួន​ត្រឡប់​ទៅ​ជួប​ទ្រង់​វិញ ។ ទោះ​បី​ជា​ពិបាក​ដើម្បី​ទ្រាំ នោះ​សេចក្តី​ទំនាស់ និង សេចក្តី​ទុក្ខ​លំបាក​ដែល​ជា​បទពិសោធន៍​របស់​យើង បន្ត​មាន​នៅ មក​ពីទស្សនៈវិស័យ​របស់​ឋាន​សួគ៌​ក៏​ដោយ ‹ គឺ​គ្រាន់​តែ​មួយ​ភ្លែត​ប៉ុណ្ណោះ​ទេ ហើយ​ខណៈ​នោះ​បើសិន​ជា [ យើង ] ស៊ូ​ទ្រាំ​ការ​ណ៍​នោះ​ដោយ​ហ្មត់​ចត់ នោះ​ព្រះ​ទ្រង់​នឹង​តម្កើង [ យើង ] ឡើង​នៅ​ស្ថាន​ខ្ពស់ › [គ. និង ស.121:7–8 ] ។ យើង​ត្រូវ​តែ​ធ្វើ​នូវអ្វី​ៗ​គ្រប់​យ៉ាង​ដែល​យើង​អាច​ធ្វើ ដើម្បី​ទ្រាំទ្រ​បន្ទុក​​របស់​យើង​ឲ្យ ‹ស្រួល › ត្បិត​ទោះ​បី​ជា​ ‹គ្រាលំបាក › របស់​យើងនៅ​ជាប់​បន្ទុក​នោះ​នៅ​យូរ​អង្វែង​ក៏​ដោយ ។ …

« … ខ្ញុំ​ដឹង​ថា នៅ​ពេល​យើង​កាន់​តាម​ព្រះ​បញ្ញត្តិទាំងឡាយ​របស់​ព្រះ និង គោរព​សេចក្តី​សញ្ញា​ទាំងឡាយ​​របស់​យើង នោះ​ទ្រង់​ជួយ​ដល់​បន្ទុក​ទាំងឡាយ​របស់យើង ។ ទ្រង់​ពង្រឹង​យើង ។ នៅពេល​យើង​ប្រែ​ចិត្ត​ ទ្រង់​អភ័យ​ទោស​ដល់​យើង ហើយ​ប្រទានពរ​នៃ​សេចក្តី​សុខសាន្ត​ខាង​សតិ​អារម្មណ៍​ និង សេចក្តី​អំណរ​ដល់​យើង » ( “That Your Burdens May Be Light,” ទំព័រ 13–14 ) ។

នីហ្វៃទី1 19

នីហ្វៃ​បាន​កត់​ត្រា​ទុក​ការ​ព្យា​ករណ៍​ទាំងឡាយដែល​ទាក់​ទង​នឹង​ព្រះយេស៊ូវ​គ្រីស្ទ​ដើម្បី​បញ្ចុះ​បញ្ចូល​យើង​ឲ្យ​នឹក​ចាំដល់​ទ្រង់

បន្ទាប់​ពី​ការ​មក​ដល់​ដែន​ដី​សន្យា នីហ្វៃ​បាន​ព្យាករ​អំពី​ការ​យាង​មក​នៃ​ព្រះ​អង្គ​សង្គ្រោះ និង អំពី​របៀប​ដែល​រាស្ត្រ​របស់​ទ្រង់​នឹង​ទទួល​ទ្រង់ ។ សូម​អាន​នីហ្វៃ​ទី 1 19:8–10 ហើយ​សូម​រកមើល​នូវ​ឃ្លា​ទាំងឡាយ​​ដែល​បង្រៀន​អំពី​និស្ស័យ និង លក្ខណៈ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ ។

  1. សូម​កត់​ត្រា​នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​សិក្សា​ព្រះ​គម្ពីរ​​របស់​អ្នក​នូវ​របៀប​អ្វី​ដែល​អ្នក​បាន​រៀន​នៅក្នុង​នីហ្វៃ​ទី1 19:8–10 បង្កើន​សេចក្តី​ស្រលាញ់​របស់​អ្នក​ចំពោះ​ព្រះ​អង្គ​សង្គ្រោះ ។

បញ្ចប់​មេរៀន​នៅ​ថ្ងៃ​នេះ​ ដោយការ​អាន​នីហ្វៃ​ទី1 19:18–19, 23 ហើយ​គូស​បន្ទាត់​ពី​ក្រោម​អ្វី​ដែល​នីហ្វៃ​បាន​មាន​បំណង​បញ្ចុះ​បញ្ចូល​ប្រជា​ជន​របស់​គាត់​ និង អស់​អ្នក​ទាំងឡាយ​ណា​ដែល​អាន​ព្រះ​គម្ពីរ​មរមនឲ្យ​ធ្វើ​តាម ។​សូម​រក​មើល​ឱ​កាស​មួយ​នៅ​ថ្ងៃ​នេះ​ដើម្បី​ចែក​ចាយ​ទីបន្ទាល់​របស់​អ្នកអំពី​ព្រះ​យេស៊ូវគ្រីស្ទ ជាមួយ​នឹង​មិត្តភក្តិ ឬ សមាជិក​គ្រួសារ​ម្នាក់ ឬ ​ថ្លែង​ទីបន្ទាល់​ររបស់​អ្នក​អំពី​ការ​រៀបចំ​សាសនា​ចក្រ ។ ដោយ​ការ​ធ្វើ​ដូច្នេះ នោះ​អ្នក​អាច​ជួយ​ពួកគេ​ឲ្យ​ចង​ចាំ និង ជឿ​លើ​ព្រះ​អង្គ​ប្រោស​លោះ​របស់​ពួកគេ ។

  1. សូម​កត់​ត្រា​នៅក្នុង​សៀវ​ភៅ​កំណត់ហេតុ​​សិក្សា​ព្រះ​គម្ពីរ​របស់​អ្នក​នូវវិធី​ទាំង​ឡាយ​ដែល​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​នីហ្វៃ​នៅក្នុង​ជីវិត​របស់​អ្នក ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃ​ទី1 18–19 ហើយ​បានបញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សម្រាប់​សំណួរ គំនិត និង ការ​យល់ដឹង​បន្ថែម​ទៀត ខ្ញុំ​ចង់​ចែកចាយ​ជាមួយគ្រូ​របស់​ខ្ញុំ ៖