ថ្នាក់​សិក្ខាសាលា
មេរៀនទី 15 ៖ ថ្ងៃទី 2 អាលម៉ា 5:37–62


មេរៀនទី 15 ៖ ថ្ងៃទី 2

អាលម៉ា 5:37–62

សេចក្តីផ្ដើម

នៅពេល​ដែល​អាលម៉ា​បានបន្ត​ការផ្សព្វផ្សាយ​នៅក្នុង​ទីក្រុង​សារ៉ាហិមឡា លោក​បាន​ព្រមាន​ដល់​ប្រជាជន​ថា ការសម្រេចចិត្ត​របស់​ពួកគេ​ដើម្បី​ស្តាប់ ឬ បដិសេធ​ដល់​ពាក្យពេចន៍​របស់​លោក គឺ​មាន​នូវ​ពរជ័យ ឬ លទ្ធផល​ជាក់លាក់ ។ លោក​បាន​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ឆ្លើយ​តប​ចំពោះ​សំឡេង​នៃ​អ្នក​គង្វាល​ល្អ គឺ​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ ជា​អង្គ​ដែល​បាន​តាមហៅ​ពួកគេ និង មាន​ព្រះបំណង​នាំ​ពួកគេ​ត្រឡប់​ចូលក្នុង​ក្រោល​របស់​ទ្រង់​វិញ ។ ពេល​អ្នក​សិក្សា​មេរៀន​នេះ សូម​ពិចារណា​ពី​របៀប​ដែល​សំឡេង​នៃ​អ្នក​គង្វាល​ល្អ​ខាងក្រោម​នេះ នឹង​ជួយ​អ្នក​ឲ្យ​ចៀសវាង​ពី​អ្វីៗ​នៃ​ពិភពលោក​ដែល​គ្មាន​ភាព​ច្បាស់លាស់ និង ត្រឡប់​ទៅនៅ​ជាមួយ​ព្រះ​វិញ ។

អាលម៉ា 5:37–42, 53–62

អាលម៉ា​អញ្ជើញ​មនុស្ស​ទាំងអស់​ឲ្យ​ធ្វើតាម​អ្នក​គង្វាល​ល្អ គឺ​ជា​ព្រះអង្គ​សង្គ្រោះ

នៅក្នុង​ព្រះគម្ពីរ ពេលខ្លះ ព្រះយេស៊ូវគ្រីស្ទ​គឺ​ត្រូវបាន​គេ​ហៅ​ថា​ជា « អ្នក​គង្វាល​ល្អ » ( សូមមើល យ៉ូហាន 10:11–15 ) ។ តើ​អ្នក​គិត​ថា ហេតុអ្វី​អ្នក​គង្វាល​គឺ​ជា​និមិត្តរូប​ដ៏​ល្អ​មួយ​អំពី​ព្រះអង្គ​សង្គ្រោះ ? ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បានផ្ដល់​នូវ​ការពិពណ៌នា​អំពី​អ្នក​គង្វាល​ពី​បុរាណ ដូច​ខាងក្រោម​នេះ​ថា ៖

« នៅក្នុង​ជំនាន់​របស់​ព្រះយេស៊ូវ អ្នក​គង្វាល​ជនជាតិ​ប៉ាលេស្ទីន​ត្រូវបាន​គេ​កត់សម្គាល់​ថា ជា​អ្នក​ការពារ​ចៀម​របស់​ខ្លួន ។ មិន​ដូច​ជា​អ្នក​គង្វាល​សម័យ​ទំនើប​ទេ អ្នក​គង្វាល​នោះ​តែងតែ​ដើរ​ពី​មុខ​ហ្វូង​ចៀម​របស់​ខ្លួន ។ គាត់​បានដឹកនាំ​ពួកវា ។ អ្នក​គង្វាល​បានស្គាល់​ចៀម​នីមួយៗ ហើយ​ជា​ធម្មតា​មាន​ឈ្មោះ​ឲ្យ​ពួកវា​នីមួយៗ ។ ចៀម​នោះ​ស្គាល់​សំឡេង​របស់​គាត់ និង ទុកចិត្ត​គាត់ ហើយ​នឹង​មិន​ដើរតាម​មនុស្ស​ចម្លែក​ឡើយ ។ ហេតុ​ដូច្នេះ​ហើយ ពេល​គាត់​ហៅ នោះ​ចៀម​នឹង​មករក​គាត់ ។ ( សូមមើល យ៉ូហាន 10:14, 16 ) ។

« នៅពេល​យប់ អ្នក​គង្វាល​នឹង​នាំ​ចៀម​របស់​ខ្លួន​ទៅ​ក្រោល​មួយ​ដែល​ហៅ​ថា ក្រោលចៀម ។ មាន​ជញ្ជាំង​យ៉ាងខ្ពស់​ហ៊ុំព័ទ្ធ​ជុំ​វិញ​ក្រោលចៀម ហើយ​មាន​ដាក់​បន្លា​ព័ទ្ធ​លើ​ជញ្ជាំង​ទាំងនេះ ដើម្បី​ការពារ​កុំ​ឲ្យ​សត្វ​ព្រៃ​សាហាវ ឬ ចោរ​ឡើង​ចូល​ក្នុង​ក្រោល ។

រូបភាព
កុំ​បាត់​ទៀតឡើយ

« ទោះយ៉ាងណា មាន​ពេលខ្លះ ដោយសារ​ការឃ្លាន សត្វ​ព្រៃ​សាហាវ​នឹង​លោត​ផ្លោះ​ជញ្ជាំង​ចូលទៅ​ក្នុង​កណ្តាលហ្វូង​ចៀម ធ្វើ​ឲ្យ​ពួកវា​ភ័យ​តក់ស្លុត ។ ស្ថានភាព​បែបនោះ​បាន​ញែក​ដាច់​រវាង​អ្នក​គង្វាល​ពិត—គឺ​ជា​ម្នាក់​ដែល​ស្រឡាញ់​ចៀម​របស់​គាត់—ពី​អ្នក​ស៊ី​ឈ្នួល—ជា​ម្នាក់​ដែល​ធ្វើការ​សម្រាប់​តែ​ប្រាក់​ឈ្នួល និង តួនាទី​នោះ ។

« អ្នក​គង្វាល​ពិត​គឺ​មាន​ឆន្ទៈ​នឹង​លះបង់​ជីវិត​គាត់​ដើម្បី​ចៀម ។ គាត់​នឹង​ទៅក្នុង​ចំណោម​ចៀម​គាត់ ហើយ​តស៊ូ​ប្រយុទ្ធ​ដើម្បី​សុខុមាលភាព​របស់​ពួកវា ។ ផ្ទុយ​ទៅ​វិញ អ្នក​ស៊ី​ឈ្នួល​ឲ្យ​តម្លៃ​ទៅលើ​សុវត្ថិភាព​ផ្ទាល់​ខ្លួន​គាត់​ផ្ទាល់ ជាជាង​សុវត្ថិភាព​របស់​ចៀម ហើយ​ជាធម្មតា​នឹង​រត់គេច​ពី​គ្រោះថ្នាក់ ។

« ព្រះយេស៊ូវ​បានប្រើប្រាស់​ការបង្ហាញ​ដ៏​សាមញ្ញ​នៅក្នុង​ជំនាន់​របស់​ទ្រង់​នេះ ដើម្បី​ប្រកាស​ថា ទ្រង់​ជា​អ្នក​គង្វាល​ល្អ ជា​អ្នក​គង្វាល​ពិត ។ ដោយសារ​សេចក្ដី​ស្រឡាញ់​របស់​ទ្រង់ ចំពោះ​បងប្អូន​ប្រុសស្រី​របស់​ទ្រង់ នោះ​ទ្រង់​ដាក់​ចុះ​នូវ​ព្រះជន្ម​របស់​ទ្រង់​ដោយ​ស្ម័គ្រ​ព្រះទ័យ ។ ( សូមមើល យ៉ូហាន 10:17–18 ) » ។ ( “A Call to the Priesthood: ‘Feed My Sheep,’” Ensign ខែ ឧសភា ឆ្នាំ 1983 ទំព័រ 43 ) ។

សូម​សរសេរ​ចម្លើយ​ខ្លីៗ​សម្រាប់​សំណួរ​ក្នុង​សៀវភៅ​ណែនាំ​ការសិក្សា​ខាងក្រោម​នេះ ៖

  • តើ​អ្វី​អាច​កើតឡើង​ចំពោះ​ចៀម ប្រសិនបើ​ពួកវា​ពុំ​ស្ដាប់​តាម​អ្នក​គង្វាល ?

  • តើ​យើង​ដូច​ជា​ចៀម​យ៉ាងណា​ដែរ ហើយ​តើ​ព្រះអង្គ​សង្គ្រោះ​ដូច​ជា​អ្នក​គង្វាល​របស់​យើង​យ៉ាងណា​ដែរ ?

  • តើ​ការដែល​ត្រូវបាន​នាំ​ចូល​ទៅក្នុង​ក្រោល​របស់​ទ្រង់​មានន័យ​យ៉ាងណា ? ( សូមមើល អាលម៉ា 5:60 ) ។

នៅក្នុង អាលម៉ា 5:37 អាលម៉​បាន​ពិពណ៌នា​ពី​ប្រជាជន​សារ៉ាហិមឡា ថា​ជា​ចៀម​ដែល​បាន « ដើរ​វង្វេង » ។ សូមអាន អាលម៉ា 5:37–42 ហើយ​រកមើល​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​អំពី​ការស្ដាប់​តាម​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ ។

  1. សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សិក្សា អាលម៉ា 5:37–38 ហើយ​ពន្យល់​ជា​ពាក្យ​សម្ដី​ផ្ទាល់​របស់​អ្នក នូវ​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​អំពី​ការប្រឹងប្រែង​របស់​ព្រះអង្គ​សង្គ្រោះ ក្នុង​ការហៅ​យើង​ឲ្យ​ធ្វើ​តាម​ទ្រង់ ។

    2. នៅក្នុង អាលម៉ា 5:41 តើ​អាលម៉​បាន​បង្រៀន​អ្វី អំពី​របៀប​ដែល​យើង​អាច​ប្រាប់​បាន បើសិន​ជា​យើង​កំពុង​ស្ដាប់​ដល់​សំឡេង​នៃ​អ្នក​គង្វាល​ល្អ ឬ អត់​នោះ ? តើ « កិច្ចការ​ល្អ » អ្វី​ខ្លះ ដែល​អាច​ចង្អុល​បង្ហាញ​ថា យុវវ័យ​នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​ម្នាក់​កំពុង​ដើរតាម​អ្នក​គង្វាល​ល្អ​នោះ ?

ការទទួល​ស្គាល់ និង ការធ្វើតាម​សំឡេង​ព្រះអង្គ​សង្គ្រោះ​គឺ​មិន​ងាយស្រួល​ជានិច្ច​នោះទេ ។ សូម​ពិចារណា​ពី​ការដកស្រង់​តទៅ​នេះ ដែល​ថ្លែង​ដោយ អែលឌើរ ដាល្លិន អេក. អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖ « ចេញពី​ចំណោម​បទបន្ទរ​នៃ​សំឡេង​ទាំងឡាយ ដែល​យើង​ឮ​នៅក្នុង​ភាពរមែង​ស្លាប់​នេះ យើង​ត្រូវតែ​ស្គាល់​សំឡេងនៃ​អ្នក​គង្វាល​ល្អ ជា​អង្គ​ដែល​ហៅ​យើង​ឲ្យ​ដើរតាម​ទ្រង់ ទៅកាន់​ផ្ទះ​នៅ​ឋានសួគ៌​របស់​យើង » ( “Alternate Voices” Ensign ខែ ឧសភា ឆ្នាំ 1989 ទំព័រ 27 ) ។

សូមអាន អាលម៉ា 5:53–56 ហើយ​គូស​ចំណាំ​ពី​អាកប្បកិរិយា និង សកម្មភាព​ទាំងឡាយ ដែល​អាច​ធ្វើ​ឲ្យ​ពិបាក​សម្រាប់​នរណា​ម្នាក់​ក្នុង​ការស្ដាប់​ដល់​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ ។

សូម​គិត​ពី​អាកប្បកិរិយា និង សកម្មភាព​ផ្សេងទៀត​ណា​ក៏​ដោយ ដែល​នៅក្នុង​ពិភពលោក​សព្វថ្ងៃ​នេះ ដែល​ធ្វើ​ឲ្យ​ពិបាក​សម្រាប់​មនុស្ស​ក្នុង​ការស្ដាប់​តាម​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ ។ សូម​ពន្យល់​ដោយ​សង្ខេប ថាតើ​អ្នក​គិត​ថា ហេតុអ្វី​អាកប្បកិរិយា និង សកម្មភាព​ទាំងនេះ​ធ្វើ​ឲ្យ​ពិបាក​សម្រាប់​នរណា​ម្នាក់​ក្នុង​ការស្ដាប់​តាម​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ ៖

នៅក្នុង អាលម៉ា 5:57 សូម​គូស​ចំណាំ​នូវ​ឃ្លា « អស់​អ្នក​ណា​ដែល​ប្រាថ្នា​ចង់​ធ្វើ​តាម​សំឡេង​នៃ​អ្នក​គង្វាល​ល្អ » ។ បន្ទាប់មក សូម​គូស​ចំណាំ​ឃ្លា​បី​ផ្សេង​ទៀត​នៅក្នុង​ខ 57 ដែល​ប្រាប់​ពី​អ្វីៗ​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ធ្វើ​តាម​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ឧទាហរណ៍​មួយ​សម្រាប់​សេចក្ដី​ថ្លែងការណ៍​នីមួយៗ​នៃ​សេចក្ដី​ថ្លែងការណ៍​ទាំងបី​តទៅ​នេះ ដោយ​បង្ហាញ​ពី​អ្វី​ដែល​យុវវ័យ​នៃ​ពួក​បរិសុទ្ធ​ចុងក្រោយ​ម្នាក់​នៅក្នុង​សាលា ឬ សហគមន៍​របស់​អ្នក​អាច​ធ្វើ ដើម្បី ៖ ( ក ) ចាកចេញ​ពី​ពួក​ទុច្ចរិត ( ខ ) បែកចេញ​ដោយ​ឡែក និង ( គ ) មិន​ប៉ះពាល់​អ្វីៗ​ដែល​មិន​ស្អាតស្អំ ។ បន្ទាប់មក សូម​គិត​ពី​សកម្មភាព ឬ ទម្លាប់​សុចរិត​ពីរ ដែល​នឹង​ជួយ​យុវវ័យ​ឲ្យ​ស្ដាប់​បាន​កាន់តែ​ប្រសើរ ដល់​សំឡេង​នៃ​អ្នក​គង្វាល​ល្អ ។ ប្រសិនបើ​សកម្មភាព ឬ ទម្លាប់​ណាមួយ​បានជួយ​អ្នក​ឲ្យ​ស្ដាប់​តាម​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ សូម​ពិចារណា​ក្នុង​ការសរសេរ​អំពី​វា​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដើម្បី​ចែកចាយ​ជាមួយ​គ្រូ និង សិស្ស​ក្នុង​ថ្នាក់​របស់​អ្នក​នៅពេល​ក្រោយ ។

ដូច​ដែល​មាន​កត់ត្រា​នៅក្នុង អាលម៉ា 5:58–60 អាលម៉ា​បានបង្រៀន​ពី​សេចក្ដី​ពិត​នេះ ៖ បើ​យើង​ធ្វើតាម​សំឡេង​របស់​ព្រះអម្ចាស់ ( អ្នក​គង្វាល​ល្អ ) នោះ​យើង​នឹង​ត្រូវបាន​ប្រមូល​ចូល​ទៅក្នុង​នគរ​របស់​ទ្រង់ ។ សូម​គូស​ចំណាំ​នូវ​ការសន្យា ឬ ពរជ័យ​ទាំងឡាយ​នៅក្នុង អាលម៉ា 5:58–60 ដែល​ពួក​អ្នក​ទាំងឡាយ​ដែល​បាន​ទទួល​មរតក​ឲ្យ​នៅ​ខាងស្ដាំ​ព្រះហស្ដ​របស់​ព្រះ នឹង​ទទួល ។

  1. សូម​ពិចារណា ថាតើ​ការសន្យា ឬ ពរជ័យ​នីមួយៗ​ដែល​អ្នក​បាន​គូស​ចំណាំ មានន័យ​យ៉ាងណា​ចំពោះ​អ្នក ។ បន្ទាប់មក សូម​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា ការបែកចេញ​ពី​អ្វីៗ​ដែល​ទុច្ចរិត សម​នឹង​តម្លៃ​នៃ​ពរជ័យ​ទាំងនេះ​យ៉ាងណា ។

ពេល​អ្នក​ធ្វើ​តាម​សំឡេង​របស់​ព្រះអង្គ​សង្គ្រោះ នោះ​អ្នក​នឹង​ទទួល​ពរជ័យ​ទាំងនេះ ហើយ​នៅ​ទីបំផុត​ទទួល​បាន​នូវ​ពរជ័យ​នៃ​ភាពលើក​តម្កើង​ឡើង ។

អាលម៉ា 5:43–52

អាលម៉ា​ប្រាប់​ពី​របៀប​ដែល​លោក​ទទួល​បាន​នូវ​ទីបន្ទាល់​មួយ ហើយ​បង្រៀន​អំពី​ការប្រែចិត្ត

សូម​គិត​អំពី​អ្វី​មួយ ដែល​អ្នក​បាន​រៀន​តាមរយៈ​ញាណ​នីមួយៗ​នៃ​ញាណ​ទាំង​ប្រាំ​ខាង​សាច់ឈាម​របស់​អ្នក ៖ ចក្ខុ​វិញ្ញាណ សោត​វិញ្ញាណ កាយ​វិញ្ញាណ ឃាន​វិញ្ញាណ និង ជីវ្ហា​វិញ្ញាណ ។ តើ​មាន​របៀប​ណា​មួយ ដែល​អ្នក​អាច​ដឹង​ពី​អ្វី​មួយ ដោយ​មិន​ប្រើ​ញាណ​មួយ​នៃ​ញាណ​ទាំងឡាយ​ខាង​សាច់ឈាម​របស់​អ្នក​ឬ​ទេ ? សូម​អាន អាលម៉ា 5:45–48 ហើយ​រកមើល​ពី​អ្វី​ដែល​អាលម៉ា​បាន​និយាយ​ថា លោក​បានដឹង និង របៀប​ដែល​លោក​បាន​ដឹង ។

សូម​គូស​ចំណាំ​នៅក្នុង អាលម៉ា 5:48 ពី​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​អំពី​ព្រះយេស៊ូវគ្រីស្ទ ។ សារលិខិត​នៃ អាលម៉ា 5:45–48 អាច​ត្រូវបាន​សង្ខេប​នៅក្នុង​របៀបនេះ​ថា ៖ យើង​អាច​ដឹង​ដោយ​ខ្លួនយើង​ផ្ទាល់ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ ថា​ព្រះយេស៊ូវគ្រីស្ទ​គឺ​ជា​ព្រះអង្គ​ប្រោសលោះ​នៃ​មនុស្សលោក ។

មនុស្ស​គ្រប់​គ្នា​ប្រឈម​នឹង​ឧបសគ្គ​ចំពោះ​សេចក្ដី​ជំនឿ និង ទីបន្ទាល់​របស់​ពួកគេ ។ ការមាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អ្នក អំពី​ភាពពេញលេញ​នៃ​ដំណឹងល្អ ដោយ​ព្រះចេស្ដា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អាច​ពង្រឹង​អ្នក អំឡុងពេល​នៃ​ឧបសគ្គ​ទាំងនោះ ។ ការចងចាំ​នូវ​ទីបន្ទាល់​ផ្ទាល់​ខ្លួន​អ្នក​អំពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដូចជា​អាលម៉ា អាច​ជួយ​អ្នក​ឈរ​យ៉ាង​រឹងមាំ​នៅ​កណ្តាល​នៃ​ឧបសគ្គ ។ ចេញពី​គំរូ​របស់​អលម៉ា យើង​ក៏​អាច​រៀន​បាន​ផងដែរ​ថា ការតម​អាហារ និង ការអធិស្ឋាន​អាច​ជួយ​យើង​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ ដែល​បញ្ញាក់​បន្ថែម​ពី​សេចក្ដី​ពិត​ទាំងឡាយ និង គាំទ្រ​ដល់​ទីបន្ទាល់​របស់​យើង ពេល​ទីបន្ទាល់​យើង​នោះ​ត្រូវការ​ពង្រឹង ។

រូបភាព
អែលឌើរ អិម. រ័សុល បាឡឺដ

សូម​ពិចារណា​ពី​ទីបន្ទាល់​ផ្ទាល់ខ្លួន​របស់​អ្នក ពេល​អ្នក​អាន​ការដកស្រង់​ខាងក្រោម​នេះ​ពី អែលឌើរ អិម. រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដែល​លើកទឹកចិត្ត​យើង​ឲ្យ​ស្វែងរក​ទីបន្ទាល់​ផ្ទាល់​ខ្លួន​របស់​យើង​អំពី​ព្រះយេស៊ូវគ្រីស្ទ ៖ « ទីបន្ទាល់​ផ្ទាល់ខ្លួន​អំពី​សេចក្ដី​ពិត​នៃ​ដំណឹងល្អ ជា​ពិសេស​ពី​ជីវិត និង បេសកកម្ម​ដ៏​ទេវភាព​របស់​ព្រះអម្ចាស់​យេស៊ូវគ្រីស្ទ គឺ​ជា​ការចាំបាច់​ដល់​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​របស់​យើង ។ ព្រអង្គ​សង្គ្រោះ​បាន​មាន​ព្រះបន្ទូល​ថា ‹ នេះ​ជា​ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺ​ឲ្យ​គេ​បានស្គាល់​ដល់​ទ្រង់​ដ៏​ជា​ព្រះពិត​តែ​មួយ និង ព្រះយេស៊ូវគ្រីស្ទ ដែល​ទ្រង់​បានចាត់​ឲ្យ​មក​ផង › [ យ៉ូហាន 17:3 ] ។ និយាយ​ម្យ៉ាង​ទៀត​គឺថា ជីវិត​ដ៏​នៅ​អស់កល្ប​ជានិច្ច​គឺ​ផ្អែក​ទៅលើ​ការចេះដឹង​ផ្ទាល់ខ្លួន​ដោយ​ឡែកៗ​របស់​យើង​ផ្ទាល់ អំពី​ព្រះវរបិតា​នៅ​ស្ថានសួគ៌ និង ព្រះរាជបុត្រា​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ។ ការគ្រាន់តែ​ដឹង​ធម្មតាៗ អំពី​ពួកទ្រង់​គឺ​មិន​គ្រប់គ្រាន់​ទេ ។ យើង​ត្រូវតែ​មាន​បទពិសោធន៍​ផ្ទាល់ខ្លួន​ខាង​វិញ្ញាណ ដើម្បី​ធ្វើជា​យុថ្កា​យើង » ( “Feasting at the Lord’s Table” Ensign ខែ ឧសភា ឆ្នាំ 1996 ទំព័រ 80 ) ។

  1. សូម​បំពេញ​សកម្មភាព​មួយ ឬ ច្រើន​ជាង​មួយ​នៃ​សកម្មភាព​ទាំងឡាយ​ដូច​ខាងក្រោម នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​សរសេរ​អំពី​ពេល​មួយ ដែល​អ្នក​បានឮ​នរណា​ម្នាក់​ថ្លែង​ទីបន្ទាល់​ដ៏​មាន​ឥទ្ធិពល ដោយ​ព្រះ​ចេស្តា​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ថា​ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គ​ប្រោសលោះ​នៃ​មនុស្សលោក ។ សូម​សរសេរ​ថាតើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​ពេល​ស្ដាប់​ដល់​ទីបន្ទាល់​នេះ ។

    2. សូមអាន អាលម៉ា 5:46 ហើយ​បន្ទាប់មក សូម​សរសេរ​នៅក្នុង​ពាក្យ​សម្ដី​របស់​អ្នក​ផ្ទាល់ ថាតើ​អាលម៉ា​បាន​ទទួល​ទី​បន្ទាល់​របស់​លោក​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដោយ​របៀប​ណា ។ សូម​គិត​អំពី​របៀប​ដែល​អ្នក​អាច​ធ្វើ​តាម​គំរូ​របស់​អាលម៉ា ដើម្បី​ជួយ​ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ហើយ​សរសេរ​ពី​គំនិត​របស់​អ្នក ។

    3. សូម​សរសេរ​អំពី​ពេល​មួយ ដែល​អ្នក​បាន​ទទួល​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ថ្លែង​ទីបន្ទាល់​ដល់​អ្នក​ថា ព្រះយេស៊ូវគ្រីស្ទ​ជា​ព្រះអង្គ​ប្រោសលោះ​នៃ​ពិភពលោក ។ សូម​សរសេរ​ពី​គោលដៅ​ជាក់លាក់​មួយ ដែល​នឹង​ជួយ​អ្នក​ទទួល ឬ ពង្រឹង​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះអង្គ​សង្គ្រោះ ដូចជា​ការតម​អាហារ ឬ ការអធិស្ឋាន​ឲ្យ​កាន់តែ​ស្មោះស្ម័គ្រ ឬ ការសិក្សា​ព្រះគម្ពីរ​ឲ្យ​កាន់តែ​យកចិត្ត​ទុកដាក់ ។ សូម​ធ្វើ​កិច្ចការ​ដើម្បី​សម្រេច​គោលដៅ​នេះ សូម្បី​តែ​ត្រូវ​ធ្វើ​អស់ « ជាច្រើន​ថ្ងៃ » ក៏​ដោយ ( អាលម៉ា 5:46 ) ។ ( ការបំពេញ​សកម្មភាព​នេះ អាច​ជួយអ្នក​ឲ្យ​បំពេញ​កម្មវិធី​ការអភិវឌ្ឍន៍​ផ្ទាល់ខ្លួន ឬ កាតព្វកិច្ច​ចំពោះ​ព្រះ​ផងដែរ ) ។

សូមអាន អាលម៉ា 5:49–52 ហើយ​រកមើល​ពី​អ្វី​ដែល​អាលម៉ា​បាន​បង្រៀន​ប្រជាជន​អំពី​ការប្រែចិត្ត ។ នៅលើ​បន្ទាត់​ដែល​ផ្ដល់​ឲ្យ​នេះ សូម​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា មនុស្ស​ទាំងអស់​ត្រូវតែ​ប្រែចិត្ត ដើម្បី​រស់នៅ​អស់កល្ប​ជានិច្ច​ជាមួយ​ព្រះវរបិតាសួគ៌ និង ព្រះយេស៊ូវគ្រីស្ទ ៖

អែលឌើរ ដាល្លិន អេក. អូក បាន​អញ្ជើញ​យើង​ឲ្យ​ពិចារណា​លើ​សំណួរ​មួយ​ចំនួន ដែល​អាច​ជួយ​យើង​ឲ្យ​អនុវត្ត​នូវ​អ្វី​ដែល​អាលម៉ា​បង្រៀន អំពី​ការប្រែចិត្ត និង ការរៀបចំ​ខ្លួន​ដើម្បី​ចូល​ក្នុង​នគរ​ព្រះ ៖

រូបភាព
អែលឌើរ ដាល្លិន អេក. អូក

« ចុះបើ​ថ្ងៃ​នៃ​ការយាង​មក​របស់​ទ្រង់​គឺជា​ថ្ងៃ​ស្អែក ? បើ​យើង​ដឹង​ថា យើង​នឹង​ជួប​ព្រះអម្ចាស់​នៅ​ថ្ងៃ​ស្អែក—តាម​ការស្លាប់​ដែល​មិនបាន​ប្រុងទុក ឬ តាម​ដែល​ទ្រង់​យាង​មក​ដោយ​មិន​បាន​រំពឹង​ទុក—តើ​យើង​នឹង​ធ្វើ​អ្វី​នៅ​ថ្ងៃ​នេះ ? តើ​ការសារភាព​អ្វី​ខ្លះ​ដែល​យើង​នឹង​សារភាព ? តើ​ការអនុវត្តន៏​អ្វី​ខ្លះ ដែល​យើង​នឹង​មិន​បន្ត​ធ្វើ​ទៀត ? តើ​បញ្ហា​អ្វី​ខ្លះ​ដែល​យើង​នឹង​ដោះស្រាយ ? តើ​ការអត់ទោស​ណា​ខ្លះ​ដែល​យើង​នឹង​អត់ទោស ? តើ​ទីបន្ទាល់​អ្វី​ខ្លះ​ដែល​យើង​ត្រូវ​ថ្លែង ?

« ចុះ​បើ​យើង​នឹង​ត្រូវ​ធ្វើ​ការណ៍​ទាំងនោះ​នៅ​ពេល​នោះ ហេតុអ្វី​យើង​មិន​ធ្វើ​ឥឡូវ​នេះ ? ហេតុអ្វី​មិន​ស្វែងរក​សេចក្ដី​សុខសាន្ត ពេលដែល​សេចក្ដី​សុខសាន្ត​អាច​រកបាន ? » ( “Preparation for the Second Coming” Ensignលីអាហូណា ខែ ឧសភា ឆ្នាំ 2004 ទំព័រ 9 ) ។

  1. សូម​គិត​អំពី​សំណួរ​មួយ​នៃ​សំណួរ​ទាំងឡាយ​របស់ អែលឌើរ អូក ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​អំពី​មូលហេតុ​ដែល​អ្នក​គិត​ថា សំខាន់​ក្នុង​ការរស់នៅ​ជា​រៀងរាល់​ថ្ងៃ​ឲ្យ​ដូច​ជា​អ្នក​កំពុង​រៀបចំ​ដើម្បី​ជួប​នឹង​ព្រះអម្ចាស់ ។

សូម​ពិចារណា​ប្រកប​ដោយ​ការអធិស្ឋាន​ពី​របៀប​ដែល​អ្នក​អាច​អនុវត្ត​អ្វី​ដែល​អ្នក​បាន​រៀន​ថ្ងៃ​នេះ ដើម្បី​អ្នក​អាច​រៀបចំ​ជា​ស្រេច​ដើម្បី​ជួប​ព្រះអង្គ​សង្គ្រោះ និង ចូល​ក្នុង​នគរ​របស់​ទ្រង់ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អាលម៉ា 5:37–62 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖