ថ្នាក់​សិក្ខាសាលា
នីហ្វៃទី 2


សេចក្ដី​ណែនាំ​មក​កាន់គម្ពីរ​នីហ្វៃទី2

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

គម្ពីរ នីហ្វៃទី2 នឹង​ជួយ​អ្នក​ឲ្យ​យល់​គោលលទ្ឋិ​មូលដ្ឋាន​គ្រឹះ​ទាំងឡាយ​នៃ​ដំណឹង​ល្អ ដូច​ជា​ការធ្លាក់​របស់​លោក​អ័ដាម និង នាងអេវ៉ា ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង សិទ្ធិជ្រើសរើស ។ លើស​ពី​នេះទៅទៀត គម្ពីរ​នេះ​មាននូវការ​ព្យាករជាច្រើន​ពីនីហ្វៃ យ៉ាកុប និង អេសាយ ដែល​ជា​សាក្សី​ពិសេស​របស់​ព្រះអង្គ​សង្គ្រោះ ។ ពួកលោក​បានព្យាករ​អំពី​ការស្តារ​ឡើងវិញ​នៃ​ដំណឹងល្អ​នៅ​ថ្ងៃ​ចុងក្រោយ ការ​ប្រមូល​រាស្ត្រ​នៃ​សេចក្តី​សញ្ញា​របស់​ព្រះ ការយាង​មកលើក​ទីពីរ​នៃ​ព្រះយេស៊ូវគ្រីស្ទ និងសហស្សវត្ស ។ គម្ពីរ នីហ្វៃទី2 ក៏​មាន​នូវ​ការពន្យល់​របស់​នីហ្វៃ​អំពី​គោលលទ្ឋិ​នៃ​ព្រះគ្រីស្ទ ហើយ​បាន​បញ្ចប់ដោយ​ទីបន្ទាល់​របស់​នីហ្វៃ​អំពី​ព្រះអង្គ​សង្គ្រោះផងដែរ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

នីហ្វៃ ជា​កូន​ប្រុស​របស់​លីហៃបាន​សរសេរ នីហ្វៃទី2 ។ នីហ្វៃ​គឺ​ជា​ព្យាការី​ម្នាក់ និង ជា​អ្នក​ដឹកនាំ​ដ៏​អស្ចារ្យ​ដំបូង​គេរបស់​ប្រជាជន​សាសន៏​នីហ្វៃ ។ ការ​សរសេរ​របស់​លោក​បានបង្ហាញ​ថា លោក​បាន​ទទួល​បទពិសោធន៍ពី​ព្រះចេស្តា​នៃ​ការ​ប្រោសលោះ​របស់​ព្រះអម្ចាស់ ( សូមមើល នីហ្វៃទី 2 4:15–35, 33:6 ) ហើយ​ព្រលឹង​ទាំងមូល​របស់​លោក​មាន​បំណង​ប្រាថ្នា​ដើម្បី​នាំ​សេចក្តី​សង្គ្រោះ​ដល់​ប្រជាជន​របស់​លោក ( សូម​មើល នីហ្វៃទី 2 33:3–4 ) ។ ដើម្បី​សម្រេច​គោលបំណង​នេះ លោក​បានកសាង​ព្រះវិហារ​បរិសុទ្ឋ ហើយ​បាន​បង្រៀន​ប្រជាជន​របស់​លោក​ឲ្យ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ ។

តើ​គម្ពីរ​នេះ​ត្រូវ​បាន​សរសេរ​ឡើង​នៅ​ពេល​ណា ហើយ​នៅកន្លែង​ណា ?

នីហ្វៃ​បាន​ចាប់​ផ្តើម​សរសេរ​ដំណើរឿង​ដែល​ក្លាយ​ជា​គម្ពីរនីហ្វៃទី 2 ប្រហែល​ជាឆ្នាំ 570 មុន គ. ស.—គឺ 30 ឆ្នាំ​ក្រោយ​ពី​លោក និង គ្រួសារ​លោក​បាន​ចាក​ចេញ​ពី​ទីក្រុង​យេរូសាឡិម ( សូម​មើល នីហ្វៃទី 2 5:28–31 ) ។លោក​បាន​សរសេរ​ដំណើរ​រឿង​នេះ នៅពេល​លោក​នៅក្នុង​ដែនដី​នីហ្វៃ ( សូមមើល នីហ្វៃទី 2 5:8,28–34 ) ។