ថ្នាក់​សិក្ខាសាលា
មេរៀនទី 9 ៖ ថ្ងៃទី 4 យ៉ាកុប 3–4


មេរៀនទី 9 ៖ ថ្ងៃទី 4

យ៉ាកុប 3–4

សេចក្តីផ្ដើម

យ៉ាកុប 3 មាន​សេចក្តី​បញ្ចប់​នៃ​ទេសនកថា​មួយ​ដែល​យ៉ាកុប​និយាយ​ទៅកាន់​ប្រជាជន​របស់​លោក ។នៅក្នុង​សេចក្តី​បញ្ចប់​នេះ យ៉ាកុប​បានផ្តល់​ពាក្យ​លួងលោម និង ការសន្យា​ដោយ​សង្ខេប​ទៅកាន់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ។លោក​ក៏​បានស្តីបន្ទោស​ដល់​ពួកអ្នក​ឆ្មើងឆ្មៃ និង អ្នក​មានចិត្ត​មិន​បរិសុទ្ធ​ក្នុង​ចំណោម​ប្រជាជន​របស់​លោក ដោយ​ព្រមាន​ពួកគេ​ពី​លទ្ធផល​នានា​បើសិន​ពួកគេ​នឹង​មិន​ប្រែចិត្ត​ទេ​នោះ ។យ៉ាកុប 4 មាន​ពាក្យ​សម្តី​ទាំងឡាយ​ដែល​យ៉ាកុប​ត្រូវ​បាន​បំផុស​គំនិត​ឲ្យ​សរសេរ​សម្រាប់​មនុស្ស​ដែល​នឹង​អាន​កំណត់ត្រា​របស់លោក​នៅ​ថ្ងៃ​ណាមួយ ។លោក​បានធ្វើ​ទីបន្ទាល់​ពី​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ និង បានទូន្មាន​អ្នកអាន​របស់​លោក​ឲ្យ​ស្រុះស្រួល ( ធ្វើ​ឲ្យ​ស្រប​វិញ ) ជាមួយ​នឹង​ព្រះ ជាព្រះវរបិតា​តាមរយៈ​ដង្វាយធួន ។លោក​បាន​ប្រាប់​ដោយ​សម្លេង​ព្រមាន​ដល់​ពួកសាសន៍​យូដា​ដែល​នឹង​បដិសេធ​ព្រះយេស៊ូវគ្រីស្ទ និង ភាពដ៏ច្បាស់លាស់​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។

យ៉ាកុប 3

លោក​យ៉ាកុប​បានលើក​ទឹកចិត្ត​ដល់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ ហើយ​លោក​ជំរុញ​អ្នកដទៃ​ឲ្យ​ប្រែចិត្ត

សូម​គិត​ថាតើ​ពាក្យទូន្មាន​អ្វី ដែល​អ្នក​អាច​ផ្តល់​ឲ្យ​យុវជន និង យុវនារី​ក្នុង​ស្ថានភាព​ខាងក្រោម​នេះ ៖

  • យុវនារី​ម្នាក់​ដែល​កំពុង​ព្យាយាម​រស់នៅ​ដោយ​សុចរិត បានទទួល​រងទុក្ខ​ដោយសារ​ឪពុក​របស់​នាង​ញៀននឹង​ស្រា ។

  • យុវជន​ម្នាក់​ដែល​ធ្វើ​អស់​ពី​សមត្ថភាព​របស់​គាត់​ដើម្បី​រស់នៅ​តាម​ដំណឹងល្អ ជួប​ការលំបាក​ដោយសារ​ឪពុកម្តាយ​របស់​គាត់​លែងលះគ្នា ។

  • យុវនារី​ម្នាក់​ខិតខំ​ព្យាយាម​ស្រលាញ់​គ្រួសារ​របស់​នាង ប៉ុន្តែ​នាង​មាន​ភាពលំបាក​នៅក្នុង​ផ្ទះ​ពីព្រោះ​តែ​ភាព​អាត្មានិយម និង សកម្មភាព​ឥតពិចារណា​របស់​បងស្រី​នាង ។

សូម​សញ្ជឹងគិត​ពី​គ្រា​មួយ​ដែល​អ្នក​បានទទួល​ការសាកល្បង បើទោះ​ជា​អ្នក​កំពុង​ព្យាយាម​រស់នៅ​ដោយ​សុចរិត​ដ៏ដោយ ។លោក​យ៉ាកុប​បានបង្រៀន​យើង​នូវ​អ្វី​ដែល​ត្រូវ​ធ្វើ​ក្នុង​ស្ថានភាព​ដូចនេះ ។សូម​អាន​ប្រយោគ​ដំបូងគេ​ក្នុង យ៉ាកុប 3:1 ហើយ​រកមើល​ថាតើ​លោក​យ៉ាកុប​ថ្លែង​ទៅកាន់​អ្នក​ណា​មុនគេ នៅ​ក្នុង​ជំពូក 3 ។

យ៉ាកុប​បាន​មានប្រសាសន៍ថា ពីព្រោះតែ​ភាពឆ្មើងឆ្មៃ និង ភាពអសីលធម៌របស់​អ្នកដទៃ ( ដែល​លោក​បានព្រមាន​ជំទាស់​ពីមុន​មក ដូច​ដែល​បានកត់ត្រា​ក្នុង យ៉ាកុប 2 ) នោះ​អ្នក​ដែល​មានចិត្ត​បរិសុទ្ធ​បានទទួល​រងទុក្ខ ។សូម​អាន យ៉ាកុប 3:1–2 ហើយ​បំពេញ​ក្នុង​តារាង​ខាងក្រោម​នេះ ៖

តើ​យ៉ាកុប​បានទូន្មានដល់​អ្នក​ដែល​មាន​ចិត្តបរិសុទ្ធ​ឲ្យ​ធ្វើ​អ្វី ?

តើ​ព្រះ​សន្យា​អ្វី​ដល់​អ្នក​ដែល​មានចិត្ត​បរិសុទ្ធ ?

  1. សូម​ពិនិត្យមើល​ចម្លើយ​ក្នុង​គូឡោន​ដំបូងគេ ។ដើម្បី​ជួយ​អ្នក​ពិចារណា​បន្ថែមទៀត​លើ​គោលការណ៍​នេះ សូម​ឆ្លើយ​សំណួរ​ពីរ​ចេញ​ពី​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា មនុស្ស​វ័យ​ក្មេង​ម្នាក់អាច « មើល​ទៅ​ព្រះ​ដោយ​មាន​គំនិត​រឹងប៉ឹង » តាម​របៀប​ណា ?

    2. តើ​អ្នក​គិត​ថា ការអធិស្ឋាន​ដល់​ព្រះ « ដោយ​មាន​សេចក្តី​ជំនឿ​ដ៏លើសលប់ » អំឡុង​ពេល​នៃ​ការ​សាកល្បង​មានន័យ​ដួចម្តេច ?

    3. តើ​អ្នក​គិត​ថា មនុស្ស​វ័យ​ក្មេង​ម្នាក់​អាច​ធ្វើ​អ្វី​ដើម្បី « ទទួល​ព្រះបន្ទូល​ដ៏ផ្អែមល្អែម​នៃ​ព្រះ » ?

  2. សូម​ពិនិត្យមើល​ចម្លើយ​របស់​អ្នក​ក្នុង​គូឡោន​ទីពីរ ។ខ​ទាំងនេះ​បង្រៀន​ថា ព្រះ​នឹង​លួងលោម​ដល់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​ក្នុង​គ្រា​លំបាក​របស់​ពួកគេ ។ ដើម្បី​ជួយ​អ្នក​បន្ថែមទៀត​ក្នុង​ការពិចារណា​គោលការណ៍​នេះ ចូរ​ឆ្លើយ​សំណួរ​មួយ ឬ ច្រើន​ជាង​នោះ ខាងក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ព្រះ​បាន​លួងលោម​ដល់​អ្នក​ដោយ​របៀប​ណា ក្នុង​គ្រា​ដែល​អ្នក​មាន​ទុក្ខលំបាក​ខណៈ​ដែល​អ្នក​បាន​ព្យាយាម​ធ្វើតាម​ទ្រង់ ?

    2. តើ​ការធិស្ឋាន « ដោយ​មាន​សេចក្តី​ជំនឿ​ដ៏លើសលុប » បានជួយ​អ្នក​អំឡុង​គ្រា​សាកល្បង​ដោយ​របៀបណា ?

    3. តើ​នៅ​ពេល​ណា ដែល​ការទទួល​ព្រះបន្ទូល​របស់​ព្រះ​បាន​ជួយ​អ្នក​មានអារម្មណ៍​ពី​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ?

បន្ទាប់ពី​មាន​ប្រសាសន៍​ទៅកាន់​អ្នក​ដែល​មាន​ចិត្ត​បរិសុទ្ធ​ហើយ លោក​យ៉ាកុប​បាន​ថ្លែង​ទៅកាន់​អ្នក​ទាំងឡាយ​ដែល​មិន​មាន​ចិត្ត​បរិសុទ្ធ ។សូម​អាន យ៉ាកុប 3:3–4, 10–12 ហើយ​រកមើល​ថាតើ​យ៉ាកុប​បានជំរុញ​មនុស្ស​ទាំងនេះ​ឲ្យធ្វើ​អ្វី ។វា​អាច​មាន​ប្រយោជន៍​ដើម្បី​ដឹង​ថា ឃ្លា « ដាស់​សមត្ថភាព​ទាំងឡាយ​ឲ្យ​ភ្ញាក់ឡើង » មានន័យថា ដាស់​សមត្ថភាព និង អារម្មណ៍​ឲ្យ​ភ្ញាក់ឡើង ហើយ​ពាក្យ ការកំផិត និង ការអាសអាភាស សំដៅ​លើ​អំពើ​បាប​ខាង​ផ្លូវភេទ និង តណ្ហា ។

ក្នុង យ៉ាកុប 3:3–4, 10–12 យើង​ក៏​អាន​ផង​ដែរ ពី​ការព្រមាន​របស់​លោក​យ៉ាកុប​អំពី​អ្វី​ដែល​នឹង​កើតឡើង​បើសិន​ប្រជាជន​របស់លោក​មិន​ប្រែចិត្ត ។បន្ទាប់ពី​សិក្សា​ខ​ទាំងនេះ​ហើយ សូម​គូស​រង្វង់​ឃ្លា​ទាំងឡាយ​ដែល​ពិពណ៌នា​ពី​លទ្ធផល​តទៅ​នេះ ៖ ( ក ) ពួកសាសន៍​លេមិន​នឹង​បំផ្លាញ​ពួកគេ ។( ខ ) គំរូ​របស់​ពូកគេ​នឹង​ដឹកនាំ​កូនចៅ​របស់​ពួកគេ​ទៅរក​ការបំផ្លិចបំផ្លាញ ។( គ ) ពួកគេ​នឹងទទួល​បទពិសោធន៍​ពី​សេចក្តី​ស្លាប់​ទីពីរ ឬ និយាយ​ម៉្យាងទៀត គឺ​ការបែកចេញ​ពី​ព្រះ ។

សូម​ពិចារណា​មួយ​ភ្លែត ថាតើ​ការព្រមាន​របស់​លោក​យ៉ាកុប​អាច​ចាត់ទុក​ជា​ពរជ័យ​ដ៏មហិមា​បែបណា​ចំពោះ​ប្រជាជន​របស់​លោក ។

ដូច​ដែល​បាន​កត់ត្រា​ក្នុង យ៉ាកុប 3:5–7 យ៉ាកុប​បានថ្លែង​ដោយ​ក្លាហាន​ថា ពួកសាសន៍​លេមិន « សុចរិត​លើស » ពួកសាសន៍​នីហ្វៃ​ដោយសារ « ពួក​ប្តីៗ​របស់​គេ​ស្រឡាញ់​ប្រពន្ធ​របស់​ខ្លួន ឯ​ពួកប្រពន្ធៗ​របស់​គេ​ស្រឡាញ់​ប្តី​របស់​ខ្លួន ហើយ​ប្តី​ប្រពន្ធ​របស់​គេ​ស្រលាញ់​កូនៗ​របស់​ខ្លួន » ។ពួកសាសន៍​នីហ្វៃ​ត្រូវការ​ប្រែចិត្ត​ពី​អំពើ​បាប​ទាំងអស់​របស់​គេ ជាពិសេស អំពើ​បាប​ទាំងឡាយ​ណា​ដែល​ដឹកនាំ​ឲ្យ​ថយចុះ​នូវ​សេចក្តី​ស្រឡាញ់ និង សេចក្តី​ទុកចិត្ត​ក្នុង​គ្រួសារ​របស់​គេ ។

សូម​សញ្ជឹងគិត យ៉ាកុប 3:11–12 ហើយ​សង្ខេប​សេចក្តី​ទាំងនេះ​ជា​ពាក្យសម្ដី​របស់​អ្នកផ្ទាល់ ។

សូម​ចំណាយ​ពេល​មួយភ្លែត​ដើម្បី​គិត​អំពី​សេចក្តី​ល្បួង​ទាំងឡាយ​ដែល​អ្នក​ប្រឈមមុខ ហើយ​ថា តើ​លទ្ធផល​គួរឲ្យ​ខ្លាច​អ្វី​ខ្លះ​ដែល​អ្នក​ចៀសផុត​ពេលដែល​អ្នក​ប្រែចិត្ត​ពី​កំហុស​របស់​អ្នក ។

យ៉ាកុប 4

យ៉ាកុប​ទូន្មាន​ប្រជាជន​របស់លោក​ឲ្យមាន​ក្តីសង្ឃឹម​ថា ពួកគេ​អាច​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះ​វិញ​បាន

ដើម្បី​រៀបចំ​ក្នុង​ការសិក្សា យ៉ាកុប 4 សូម​លើក​ប៊ិច ឬ ខ្មៅដៃ​អ្នក​ឡើង​កម្ពស់​យ៉ាងហោចណាស់​មួយ​ម៉ែត្រ​ពីលើ​សៀវភៅ​សិក្សា​របស់​អ្នក ហើយ​ព្យាយាម​ទម្លាក់​មុខប៊ិច ឬ ខ្មៅដៃ​នោះ​ដើម្បី​ឲ្យ​មុខប៊ិច ឬ ខ្មៅដៃ​នោះ​ឲ្យធ្លាក់​ចំ​ចំណុច​កណ្តាល​នៃ​ផ្ទាំងស៊ីប​នោះ—« ទីដៅ » ។អ្នក​អាច​ចង់​ព្យាយាម​ធ្វើ​របៀប​នេះ​បួន​ប្រាំ​ដង ។សូម​គិត ថាតើ​កិច្ច​ប្រឹងប្រែង​របស់​អ្នក​នឹងគ្មាន​ប្រសិទ្ធិភាព​ប៉ុណ្ណា បើសិន​អ្នក​សម្លឹង​មើល​កន្លែង​ផ្សេងទៀត​ជាង​ចំណុច​គោលដៅ​នោះ ។តើ​អ្នក​គិត​ថា មនុស្ស​នឹង​លេង​កីឡា​បាញ់ធ្នូរ​បានល្អប៉ុណ្ណា​បើសិន​ពួកគេ​មិន​សម្លឹង​ទៅកាន់​ផ្ទាំងស៊ីប ឬ ទីដៅ​សោះ ខណៈ​ដែល​ពួកគេ​កំពុង​តម្រង់​បាញ់ ឬ បើសិន​ពួកគេ​សម្លឹង​មើល​អ្វី​ដែល​ក្រៅពី​ទីដៅ​នោះ ?សូម​អាន យ៉ាកុប 4:14 ហើយ​រកមើល​ចរិក​លក្ខណៈ​របស់​មនុស្ស​ដែល​យ៉ាកុប​បានព្យាករថា នឹង​មើល « ហួស​ទីដៅ » ។

រូបភាព
រង្វង់មូល​នៃ​ផ្ទាំងស៊ីប

អ្នក​អាច​ចង់​សរសេរ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក​ក្បែរនឹង យ៉ាកុប 4:14 ថា « ទីដៅ​គឺជា​ព្រះគ្រីស្ទ » ( នែល អេ ម៉ាក់ស្វែល «Jesus of Nazareth, Savior and King» Ensign ខែ ឧសភា ឆ្នាំ 1976 ទំព័រ 26 ) ។ប៉ុល បានបង្រៀន​ស្រដៀងគ្នា​នេះ​ដែរ​ថា « ទាំង​រត់ដំរង់​ទៅ​ឯទី ដើម្បី​ឲ្យ​បាន​រង្វាន់​នៃ​ការងារ​ដ៏ខ្ពស់​របស់​ព្រះ​ក្នុង​ព្រះគ្រីស្ទ​យេស៊ូវ » ( ភីលីព 3:14 ) ។

ព្យាការី យ៉ាកុប​កំពុង​ពោលសំដៅ​លើ​ពួកសាសន៍​យូដា​ដែល​យល់ច្រលំ​នឹង​ច្បាប់​របស់​ម៉ូសេ និង បំណងនៃ​ច្បាប់​នោះ​ក្នុង​ការ​ដឹកនាំ​ពួកគេ​ទៅរក​ព្រះអង្គសង្គ្រោះ ។ពួកសាសន៍​យូដា​ជាច្រើន​កំពុង​រកមើល​ប្រភេទ​នៃ​សេចក្តី​រំដោះឲ្យ​រួច​ផ្សេងទៀត ជា​ជាង​ប្រភេទ​ដែល​ព្រះយេស៊ូវ ជា​ព្រះមែស៊ី បានប្រទាន​ដល់​ពួកគេ—ពួកគេ​កំពុង​រកមើល​សេចក្តី​រំដោះឲ្យ​រួច​ចេញពី​ច្បាប់ និង ការគាប់សង្កត់​ពី​ខាងក្រៅ ។

  1. សូម​ឆ្លើយ​សំណួរ​ខាងក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា ​មើល​ហួស​ទីដៅ ( ព្រះយេស៊ូវគ្រីស្ទ ) មានន័យ​យ៉ាង​ណា ?

    2. តើ​អាកប្បកិរិយា និង សកម្មភាព​អ្វី​ខ្លះ​ក្នុង យ៉ាកុប 4:14 ដែល​បានធ្វើ​ឲ្យ​ពួកសាសន៍​យូដា​ខ្វាក់ និង បាន​រារាំង​ពួកគេ​ពី​ការទទួល​ស្គាល់​ព្រះយេស៊ូវគ្រីស្ទ ?

    3. តើ​មាន​គំរូ​អ្វី​ខ្លះ​អំពី​ការមើលហួស​ទីដៅ ឬ ការ​មិន​បាន​ផ្តោតលើ​ព្រះអង្គ​សង្គ្រោះ នា​ពេល​បច្ចុប្បន្ន​នេះ ?

យ៉ាកុប​ចង់ឲ្យ​អ្នក​ទាំងឡាយ​ដែល​នឹង​អាន​កំណត់ត្រា​របស់​លោក ឲ្យ​មាន​ឥរិយាបទ​មួយ​ដែល​ខុសគ្នា​ទាំងស្រុង​ពី​ឥរិយាបទ​របស់​ពួកសាសន៍​យូដា​ដែល​បានដើរ​ខុស​ពី​ទីដៅ ។សូម​អាន យ៉ាកុប 4:4 ហើយ​រកមើល​អ្វី​ដែល​យ៉ាកុប​ចង់ឲ្យ​មនុស្ស​ទាំងអស់​ដែល​នឹង​អាន​កំណត់ត្រា​របស់លោក​ដឹង ។សូម​អាន យ៉ាកុប 4:12 ផងដែរ ហើយ​គូស​ចំណាំ​ឃ្លា « ហេតុ​អ្វី​បាន​ជា​មិន​និយាយ​អំពី​ដង្វាយធួន​នៃ​ព្រះគ្រីស្ទ » ។ដូចដែល​បាន​កត់ត្រា​ក្នុង យ៉ាកុប 4:4–12 យ៉ាកុប​បាន​ផ្តល់ឲ្យ​នូវ​មូលហេតុ​មួយ​ចំនួន​ដែល​លោក​បានជឿ​លើ​ព្រះយេស៊ូវ​គ្រីស្ទ និង មូលហេតុ​ដែល​លោក​មានអារម្មណ៍​ថា វា​ជា​ការសំខាន់​ដើម្បី​ឲ្យ​អ្នកដទៃ​ដឹង​អំពី​ដង្វាយធួន ។

  1. សូម​សរសេរ​ខគម្ពីរ​យោង​ខាងក្រោម​នេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ហើយ​សរសេរ​សេចក្តី​សង្ខេប​ខ្លី​ពី​អ្វី​ដែល​យ៉ាកុប​បាន​បង្រៀន​អំពី​ព្រះយេស៊ូវ​គ្រីស្ទ ឬ ដង្វាយធួន​ក្នុង​ខគម្ពីរ​យោង​នីមួយៗ ៖

    1. យ៉ាកុប 4:4–6

    2. យ៉ាកុប 4:7–8

    3. យ៉ាកុប 4:9–10

    4. យ៉ាកុប 4:11

តើ​មាន​ពាក្យ ឬ ឃ្លា​អ្វី​ខ្លះ​ក្នុង យ៉ាកុប 4:4–6 ដែល​ចង្អុលបង្ហាញ​ថា ប្រជាជន​របស់​លោក​យ៉ាកុប​យល់​ពី​លក្ខណៈ​នៃ​ក្រុមព្រះ ?

វា​អាច​ជា​ប្រយោជន៍​ក្នុង​ការដឹង​ថា « ត្រូវ​ថ្វាយ​ដល់​ព្រះ​ជា ផល​ដំបូង​នៃ​ព្រះគ្រីស្ទ » ( យ៉ាកុប 4:11 ) សំដៅលើ​ការឈរនៅ​ចំពោះ​ព្រះភ័ក្ត្រ​ព្រះ​ដោយមាន​ភាព​សក្តិសម​ក្នុង​ការ​ចូល​ក្នុង​នគរ​សេឡេស្ទាល ។ម្យ៉ាងទៀត វា​គឺជា​ការសំខាន់​ដើម្បី​យល់ដឹង​ថា បើសិន​យើង​ត្រូវ​មាន « សង្ឃឹម​ដល់សិរីល្អ [ របស់​ព្រះអង្គសង្គ្រោះ ] » ( យ៉ាកុប 4:4 ) នោះ​យើង​ត្រូវ​ជឿ​ថា ព្រះយេស៊ូវគ្រីស្ទ​បានផ្តល់​ផ្លូវ​មួយ​ដើម្បី​ប្រោសលោះ​យើង​ពី​អំពើ​បាប​របស់​យើង ហើយ​រស់ឡើង​វិញ ដើម្បី​យើង​អាច​ត្រឡប់​ទៅកាន់​វត្តមាន​របស់​ព្រះវរបិតា​សួគ៌​វិញ ។

សេចក្តីពិត​មួយ​ដែល​យើង​អាច​រៀន​ក្នុង យ៉ាកុប 4 គឺ​ថា ៖ តាមរយៈ​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ យើង​អាច​ពោរពេញ​ដោយ​ក្តីសង្ឃឹម ហើយ​ស្រុះស្រួល​នឹង​ព្រះ ។

  1. សូម​សរសេរ​ចម្លើយ​ខ្លី​ចំពោះ​សេចក្តី​ដូចត​ទៅនេះ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ៖

    1. សូម​រកមើល​សេចក្តីពិត​អំពី​ព្រះយេស៊ូវគ្រីស្ទ​ដែល​អ្នក​បានសិក្សា​ក្នុង យ៉ាកុប 4:4–12 ហើយ​ជ្រើសរើស​អ្វី​មួយ​ដែល​លើកទឹកចិត្ត​អ្នក​ជាពិសេស​ឲ្យ​ចង់​និយាយ​អំពី​ដង្វាយធួន ។សូម​សរសេរ​សេចក្តីពិត​នោះ ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​បានជ្រើសរើស​វា ។

    2. តើ​មាន​មូលហេតុ​ផ្ទាល់ខ្លួន​អ្វី​ផ្សេងទៀត​ដែល​លើកទឹកចិត្ត​អ្នក​ឲ្យ​ចង់​និយាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ និង ដង្វាយធួន ?

នៅពេល​អ្នក​បញ្ចប់​មេរៀន​នេះ សូម​សញ្ជឹងគិត​ពី​មូលហេតុ​ដែល​អ្នក​មាន​អំណរគុណ​ចំពោះ​ព្រះអង្គសង្រ្គោះ ។សូម​ពិចារណា​ក្នុង​ការចែកចាយ​មូលហេតុ​ទាំងឡាយ​ទៅកាន់​សមាជិក​គ្រួសារ ឬ មិត្ត​ជិតស្និត​ម្នាក់ ។

  1. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា យ៉ាកុប 3–4 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖