ថ្នាក់​សិក្ខាសាលា
នីហ្វៃទី3


សេចក្ដី​ណែនាំ​មក​កាន់គម្ពីរ​នីហ្វៃទី3

ហេតុអ្វី​សិក្សា​គម្ពីរ​នេះ ?

ពេល​អ្នក​សិក្សា នីហ្វៃទី3 អ្នក​នឹង​រៀន​អំពី​ព្រះបន្ទូល និង សកម្មភាព​ទាំងឡាយ​របស់​ព្រះអង្គ​សង្គ្រោះ អំឡុងពេល​នៃ​ការបម្រើ​របស់​ទ្រង់​នៅក្នុង​ចំណោម​ប្រជាជន​នៃ​ព្រះគម្ពីរ​មរមន ។ ពួក​អ្នក​ដឹកនាំ​សាសនាចក្រ​បាន​មាន​ប្រសាសន៍​ថា នីហ្វៃទី3 ជា « ដំណឹង​ល្អ​ទី​ប្រាំ » នៃ​ព្រះអម្ចាស់​របស់​យើង ដោយសារ​តែ​ដូច​ដំណឹងល្អ​ទាំងបួន​នៅក្នុង​ព្រះគម្ពីរ​សញ្ញា​ថ្មី​ដែរ វា​ផ្ដោត​លើ​ការបង្រៀន និង ការបម្រើ​ផ្ទាល់​របស់​ព្រះយេស៊ូវគ្រីស្ទ​តែម្ដង ( សូម​មើល Gordon B. Hinckley “The Cornerstones of Our Faith” Ensign ខែ វិច្ឆិកា ឆ្នាំ 1984 ទំព័រ 52 ) ។ ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​ថា « នីហ្វៃទី3 រួមមាន​នូវ​វគ្គ​បទគម្ពីរ​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​រំជួល​ចិត្ត និង ប្រកប​ដោយ​ព្រះចេស្ដា​បំផុត នៅក្នុង​ព្រះគម្ពីរ​ទាំងអស់ ។ វា​ថ្លែង​ទីបន្ទាល់​ពី​ព្រះយេស៊ូវគ្រីស្ទ ពួក​ព្យាការី​របស់​ទ្រង់ និង ពី​គោលលទ្ធិ​ទាំងឡាយ​នៃ​សេចក្ដី​សង្គ្រោះ » ( “The Savior’s Visit to America” Ensign ខែ ឧសភា ឆ្នាំ 1987 ទំព័រ 6 ) ។ ដោយ​ការឃើញ​ពី​របៀប​ដែល​ព្រះយេស៊ូវគ្រីស្ទ​បាន​បង្ហាញ​សេចក្ដី​អាណិត​អាសូរ​ដល់​ប្រជាជន « ម្ដង​ម្នាក់ៗ » ( នីហ្វៃទី3 11:15; 17:21 ) នោះ​អ្នក​អាច​យល់​កាន់តែ​ច្បាស់​ថា ការខ្វល់ខ្វាយ​របស់​ទ្រង់​សម្រាប់​អ្នក​គឺ​ចំពោះ​បុគ្គល​ម្នាក់ៗ​រៀងៗ​ខ្លួន ។ អ្នក​អាច​រៀន​ផងដែរ​ពី​មេរៀន​សំខាន់ៗ ដោយ​ការកត់​សម្គាល់​ពី​របៀប​ដែល​ប្រជាជន​មួយ​ចំនួន​បានរៀបចំ​ខ្លួន​គេ ដើម្បី​ជួប​នឹង​ព្រះអង្គ​សង្គ្រោះ ខណៈដែល​អ្នក​ផ្សេងទៀត​រារាំង​ខ្លួន​ពួកគេ​ពី​ការទទួល​បទពិសោធន៍​នៃ​ពរជ័យ​ដ៏​រុងរឿង​ទាំងឡាយ ។

តើ​នរណា​បាន​សរសេរ​គម្ពីរ​នេះ ?

មរមន​បាន​សង្ខេប​បញ្ជី​ទាំងឡាយ​ពី​ផ្ទាំងធំ​របស់​នីហ្វៃ ដើម្បី​បង្កើត​ជា​គម្ពីរ នីហ្វៃទី3 ឡើង ។ គម្ពីរ​នេះ​ត្រូវបាន​ដាក់ឈ្មោះ​តាម​នីហ្វៃ ជា​កូនប្រុស​របស់​នីហ្វៃ ដែល​ការបម្រើ​របស់​លោក​មាន​ចាប់តាំង​ពីមុន អំឡុងពេល និង បន្ទាប់​ពី​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ​មកដល់​ពួក​សាសន៍​នីហ្វៃ ។ អំឡុង​ពេល​នៃ​ភាពទុច្ចរិត​ដ៏​ធំធេង​ដែល​កើតឡើង​ពីមុន​ការយាង​មក​របស់​ព្រះយេស៊ូវគ្រីស្ទ នីហ្វៃ​បាន​បម្រើ « ដោយ​អានុភាព និង សិទ្ធិ​អំណាច​ដ៏​ធំ » ( នីហ្វៃទី3 7:17 ) ។ ប៉ុន្តែ ការបម្រើ​របស់​នីហ្វៃ​គឺ​គ្រាន់តែ​ជា​ការនាំ​ផ្លូវ​មុន​ការបម្រើ​របស់​ព្រះយេស៊ូវគ្រីស្ទ​ប៉ុណ្ណោះ ដែល​ព្រះបន្ទូល និង កិច្ចការ​របស់​ទ្រង់​បង្កើត​ជា​ការផ្ដោត​ដ៏​សំខាន់​បំផុត​នៅក្នុង នីហ្វៃទី3 ។ ខណៈពេល​ធ្វើ​ការសង្ខេប​របស់​លោក​អំពី នីហ្វៃទី3 មរមន​ក៏​បាន​បន្ថែម​នូវ​ការអធិប្បាយ និង ទីបន្ទាល់​របស់​លោក​ផងដែរ​ទៅក្នុង​គម្ពីរ​នេះ ( សូមមើល នីហ្វៃទី3 5:8–26; 26:6–12; 29–30 ) ។

តើ​នៅពេល​ណា ហើយ​នៅកន្លែង​ណា​ដែល​គម្ពីរនេះ​ត្រូវ​បាន​សរសេរ​ឡើង ?

បញ្ជី​ដើម​ដែល​ត្រូវបាន​ប្រើប្រាស់​ជា​ប្រភព​សម្រាប់​គម្ពីរ នីហ្វៃទី3 ទំនង​ជា​ត្រូវបាន​សរសេរ​រវាង​ឆ្នាំ 1 ម.គ.ស. និង 34 ម.គ.ស. ។ មរមន​បាន​សង្ខេប​បញ្ជី​ទាំងនោះ​នៅ​រវាង​ឆ្នាំ 345 គ.ស. និង 385 គ.ស. ។ មរមន​ពុំបាន​កត់ត្រា​ថា​លោក​នៅ​កន្លែង​ណា​ទេ ពេល​លោក​ចងក្រង​គម្ពីរ​នេះ ។