ថ្នាក់​សិក្ខាសាលា
មេរៀនទី 6 ៖ ថ្ងៃទី 3 នីហ្វៃទី2 9


មេរៀនទី 6 ៖ ថ្ងៃទី 3

នីហ្វៃទី 2 9

សេចក្ដីផ្ដើម

ការ​សិក្សា​របស់​អ្នក​ពី​ទេសនកថា​របស់​យ៉ាកុប ដែល​បាន​ចាប់​នៅក្នុង នីហ្វៃទី 2 6–8 បន្ត​រហូត​ដល់ នីហ្វៃទី 2 9 ។ នៅក្នុង នីហ្វៃទី 2 6–8 អ្នក​បានសិក្សា​ពី​ការ​បង្រៀន​ទាំងឡាយ​របស់​យ៉ាកុប អំពី​សេចក្តី​មេត្តា​ករុណា​របស់​ព្រះអង្គ​សង្គ្រោះ និង ព្រះចេស្តា​របស់​ទ្រង់​ក្នុង​ការរំដោះ​វង្ស​អ៊ីស្រាអែល​ពី​ស្ថានភាព​វង្វេង និង ខ្ចាត់ព្រាត់​របស់​ពួកគេ ។នៅ​ក្នុង​ជំពូក 9 អ្នក​នឹង​សិក្សា​ពី​ទីបន្ទាល់​របស់​យ៉ាកុប ស្តី​ពី​អំណាច​នៃ​ដង្វាយធួន​របស់​ព្រះអង្គ​សង្រ្គោះ ក្នុង​ការដោះ​យើង​ឲ្យ​រួច​ពី​លទ្ធផល​នៃ​ការធ្លាក់ ដែល​រួមមាន​ទាំង​សេចក្តី​ស្លាប់​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ ព្រមទាំង​លទ្ធផល​នៃ​អំពើ​បាប​របស់​យើងផងដែរ ។ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ បាន​បង្រៀន​ថា នីហ្វៃទី 2 9 គឺ​ជា « ទេសនកថា​ស្រាយ​បំភ្លឺ​ដ៏​ច្បាស់លាស់​បំផុត​មួយ​ក្នុង​ចំណោម​ការស្រាយ​បំភ្លឺ​ដ៏​ច្បាស់លាស់​ទាំងឡាយ ដែល​ធ្លាប់​បាន​ថ្លែង​ដែល​ពាក់ព័ន្ធ​នឹង​ដង្វាយធួន ។… អ្នក​ទាំងឡាយ​ណា​ដែល​កំពុង​ស្វែងរក​សេចក្តី​សង្គ្រោះ គប្បី​អាន​ជំពូក​នេះ​ដោយ​យកចិត្ត​ទុកដាក់ » ( Answers to Gospel Questions និពន្ធដោយ Joseph Fielding Smith Jr. វ៉ុល 5[1957–66], 4:57 ) ។

នីហ្វៃទី 2 9:1–9

យ៉ាកុប​បង្រៀនថា ការ​ធ្លាក់​បាន​នាំមក​នូវ​សេចក្តីស្លាប់​ខាង​សាច់ឈាម និង ខាង​វិញ្ញាណ​ដល់​មនុស្ស​លោក​ទាំងអស់

តើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា​នៅពេល​អ្នក​គិត​ដល់​ពាក្យ វិរូប ?

ពាក្យ វិរូប ជាទូទៅ​សំដៅ​ដល់​អ្វី​ដែលគួរ​ឲ្យ​ភ័យខ្លាច ហើយ​វាមាន​សមត្ថភាព​ធ្វើ​ឲ្យ​មាន​ទុក្ខទោស​ដ៏​ធ្ងន់ធ្ងរ ។ បើ​ទោះ​ជា​មនុស្ស​ជាច្រើនបាន​ទៅដល់​ពួក​សត្វចម្លែកនៃភាពស្រមើស្រម៉ៃ នៅពេល​ពួកគេ​គិត​ដល់​វិរូប​មួយ​ក៏​ដោយ តែ​សូម​ពិចារណាថា បើពិតជា​មាន​អ្វី​មួយ​ដែលមាន​សមត្ថភាព​អាច​នាំ​មក​នូវ​ទុក្ខទោស​យូរ​អង្វែង​ដល់​អ្នកមែន នោះហើយ​គឺ​ជា​ការ​ភ័យ​ខ្លាច​យ៉ាង​ពិតប្រាកដ ។ យ៉ាកុប​បាន​ប្រើប្រាស់​រូបភាព​ជា​វិរូប​មួយ ដើម្បី​តំណាង​ឲ្យ​ស្ថានភាព​គួរ​ឲ្យ​ស្ញែងខ្លាច​ដែល​យើង​ទាំងអស់​គ្នា​ប្រឈមមុខ​ក្នុង​ជីវិត​រមែង​ស្លាប់ ។សូមអាន នីហ្វៃទី 2 9:10 ហើយ​រកមើលចំណុចពីរយ៉ាងរបស់​វិរូប​ដែល​យ៉ាកុប​បាន​ពិពណ៌នា ។បន្ទាប់​មក សូម​បំពេញ​ក្នុង​តារាង​ខាងក្រោម ។

វិរូប​ដ៏គួរ​ឲ្យ​ស្ញែងខ្លាច

« ស នៃ​រ »

« ស នៃ​វ »

វា​សំខាន់​ដើម្បី​យល់​ថា នៅពេល​យ៉ាកុប​បាន​បង្រៀន​អំពី « សេចក្តី​ស្លាប់​នៃ​វិញ្ញាណ » លោក​មិនបាន​មានន័យ​ថា វិញ្ញាណ​របស់​យើង​នឹង​ស្លាប់​នោះទេ ប៉ុន្តែ​មានន័យ​ថា យើង​ត្រូវ​បានបែក​ចេញ ឬ កាត់ចេញ​ខាង​វិញ្ញាណពី​វត្តមាន​នៃ​ព្រះ​ ( សូម​មើល នីហ្វៃទី 2 9:6 ) ។ជាញឹកញាប់ ការបែកចេញ​នេះ​សំដៅ​ដល់​សេចក្តី​ស្លាប់​ខាង​វិញ្ញាណ​នៅក្នុង​ព្រះគម្ពីរ ។អ្នក​អាច​នឹង​ចង់​សរសេរ​ឃ្លា​ថា កាត់​ចេញ​ពី​វត្តមាន​នៃ​ព្រះ នៅ​គែម​ព្រះគម្ពីរ​អ្នក​ក្បែរ​នឹង « សេចក្តី​ស្លាប់​នៃ​វិញ្ញាណ » ក្នុង នីហ្វៃទី 2 9:10 ។

សូម​អាន នីហ្វៃទី 2 9:6 ហើយ​កត់សម្គាល់​ថា យ៉ាកុប​បាន​ចាប់ផ្តើម​ដោយ​ការ​និយាយ​អំពី​សេចក្តី​ស្លាប់​នៃ​រូបកាយ ហើយ​បញ្ចប់​ដោយ​ការ​ពិភាក្សា​ពី​ការកាត់ចេញ​ពី​វត្តមាន​នៃ​ព្រះ ។ សូម​ពិនិត្យ​មើល​ខគម្ពីរ​ដោយ​យកចិត្ត​ទុកដាក់ ។តើ​ព្រឹត្តិការណ៍​អ្វី ដែល​បាន​នាំ​ឲ្យមាន​ទាំង​សេចក្តី​ស្លាប់​ខាង​រូប កាយ និងសេចក្តី​ស្លាប់​ខាង​វិញ្ញាណ​ដល់​មនុស្ស​លោក ?

សូម​អាន នីហ្វៃទី 2 9:7–9 ហើយ​រកមើល​អ្វី​ដែល​យ៉ាកុប​បាន​បង្រៀន​ថា នឹង​កើត​ឡើង​ដល់​រាងកាយ និង វិញ្ញាណ​របស់​យើង បើសិន​ជា​គ្មាន​ដង្វាយធួន ហើយ​សេចក្តី​ស្លាប់​នៃ​រូបកាយ និង សេចក្តី​ស្លាប់​នៃ​វិញ្ញាណ​នៅ​បន្តមាន​ជារៀង​រហូត​នោះ ។ពីមុន​អ្នក​អាន វា​នឹង​ជួយ​អ្នក ក្នុង​ការដឹង​ពី​អត្ថន័យ​នៃ​ពាក្យ​ទាំងឡាយ​ដូច​តទៅ​នេះ ដែល​យ៉ាកុប​ប្រើបា្រស់​ក្នុង​ខ​ទី 7 ៖ ឃ្លា « សេចក្តី​ជំនុំ​ជម្រះ​ទីមួយ​ដែល​ធ្លាក់​មក​លើ​មនុស្ស » ( នីហ្វៃទី 2 9:7 ) សំដៅលើ​លទ្ធផល​ទាំងឡាយ​នៃ​ការ​ធ្លាក់​របស់​លោក អ័ដាម និង នាង អេវ៉ា ។ពាក្យ ពុករលួយ សំដៅ​លើ​រូបកាយ​រមែង​ស្លាប់ ដោយសារ​រូបកាយ​នេះ​មិន​ល្អ​ឥតខ្ចោះ ហើយនៅ​បំផុត​នឹងត្រូវ​ស្លាប់ ។ ពាក្យ មិន​ពុក​រលួយ សំដៅ​លើ​រូបកាយ​ដែល​រស់ឡើង​វិញ ដែល​នឹង​រស់​នៅ​ជា​រៀង​រហូត ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក សូម​ធ្វើ​បញ្ជី​ឃ្លា​ពីរ ឬ បី ដែល​អ្នក​រកឃើញ​ក្នុង នីហ្វៃទី 2 9:7–9 ដែល​ពិពណ៌នា​ពី​អ្វី​ដែល​នឹង​កើតឡើង​ចំពោះ​រូបកាយ និង វិញ្ញាណ​របស់​យើង បើសិន​ជា​គ្មាន​ដង្វាយធួន​ទេ​នោះ ។

រូបភាព
ព្រះយេស៊ូវ​កំពុង​អធិស្ឋាន​ក្នុង​សួនច្បារ​គែតសេម៉ានី

សូម​អាន​សេចក្ដី​ថ្លែងការណ៍​ដូច​តទៅ​នេះ​ដោយ អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ដើម្បី​បញ្ជាក់​ថា តើ​ជោគវាសនា​របស់​យើង​នឹង​ទៅ​ជា​យ៉ាងណា​បើ​គ្មាន​ដង្វាយធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​ទេ​នោះ ៖ « បើសិន​ការបែកចេញ​ពីព្រះ និង សេចក្តី​ស្លាប់​នៃ​រូបកាយ​របស់​យើង​នៅជា​និរន្តរ៍ នោះ​សិទ្ធិជ្រើសរើស​ខាង​សីលធម៌​នឹង​គ្មាន​ន័យ​ទាល់តែ​សោះ ។ មែនហើយ យើង​នឹង​មាន​សិទ្ធិ​សេរីភាព​ដើម្បី​ធ្វើការ​ជ្រើសរើស ប៉ុន្តែ​តើ​នឹង​មាន​ប្រយោជន៍​អ្វី ? លទ្ធផល​ចុង​បញ្ចប់​នឹង​នៅ​ដដែល​ជានិរន្តរ៍ មិនថា​សកម្មភាព​យើង​បែបណា​នោះទេ ៖ សេចក្តី​ស្លាប់​ដែល​គ្មាន​សេចក្តី​សង្ឃឹម​លើ​ការ​រស់​ឡើង​វិញ និង គ្មាន​សេចក្តី​សង្ឃឹម​លើ​ស្ថានសួគ៌ ។ ល្អ ឬ អាក្រក់​យ៉ាងណា​ដែល​យើង​អាច​នឹង​ជ្រើសរើស​ដើម្បី​ ក្លាយ​ជា នោះ​យើង​ទាំងអស់​គ្នា​នឹង​ទៅ​ជា ‹ ពួក​ទេវតា​នៃ​អារក្ស › » ( «Moral Agency» Ensign ខែ មិថុនា ឆ្នាំ 2009 ទំព័រ 50 ) ។

  1. សូម​សរសេរ​ប្រយោគ​មួយ​នៅ​ក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ដោយ​ពន្យល់​ជា​ពាក្យ​សម្តី​អ្នក​ផ្ទាល់​ពី​អ្វី​ដែល​អ្នក​គិត​ថា អែលឌើរ គ្រីស្តូហ្វឺសិន បាន​និយាយ​អំពី​ស្ថានភាព​នៃ​ការ​ធ្លាក់​របស់​យើង ។ សូម​បន្ថែម​ការ​ពន្យល់​សង្ខេប​មួយ ដែល​អ្នក​គិត​ថា​ជា​មូលហេតុ​ដែល​យ៉ាកុប​បាន​ប្រៀបធៀប​សេចក្តី​ស្លាប់​នៃ​រូបកាយ និង ការ​បែកចេញ​ពីព្រះ​ទៅនឹង « វិរូប​ដ៏​គួរ​ឲ្យ​ស្ញែងខ្លាច​មួយ » ។

នីហ្វៃទី2 9:10–27

យ៉ាកុប​បង្រៀន​ពី​របៀប​ដែល​ការ​រងទុក្ខ​វេទនា​របស់​ព្រះអង្គ​សង្រ្គោះ រំដោះ​យើង​ពី​លទ្ធផល​នៃ​ការធ្លាក់ និង លទ្ធផល​ទាំងឡាយ​នៃ​អំពើបាប ។

ព្រះ​មិន​បាន​ទុក​យើង​ចោល​ឲ្យ​រងទុក្ខ​នូវ​លទ្ធផល​ទាំងអស់​នៃ « វិរូប​ដ៏​គួរ​ឲ្យ​ស្ញែង​ខ្លាច​នេះ គឺ​ជា​សេចក្តី​ស្លាប់ និង ស្ថាន​នរក » ឡើយ ។ សូមអាន នីហ្វៃទី 2 9:10 ហើយ​គូស​ចំណាំ​នូវ​អ្វី​ដែល​ព្រះ​បាន​រៀបចំ​សម្រាប់​យើង ។

សូម​អាន​រឿង​ប្រៀបធៀប​ខាងក្រោម​នេះ​ពី​ប្រធាន យ៉ូសែប ហ៉្វីលឌីង ស៊្មីធ ដែល​ចង្អុល​បង្ហាញ​ថា យើង​ត្រូវការ​ព្រះអង្គ​សង្រ្គោះ​មួយ​អង្គ ៖

« មាន​បុរស​ម្នាក់​កំពុងតែ​ដើរ​នៅតាម​ផ្លូវ ស្រាប់តែ​ធ្លាក់​ចូល​ក្នុង​រណ្តៅ​ដ៏​ជ្រៅមួយ ហើយ​ងងឹត​ឈឹង ដែល​គាត់​មិនអាច​ឡើង​ខាងលើ និង ទទួល​បាន​សេរីភាព​របស់​គាត់​វិញ​នោះទេ ។ តើ​គាត់​អាច​សង្គ្រោះ​ខ្លួន​គាត់​ពី​ស្ថានភាព​ដ៏​អាក្រក់​របស់​គាត់​បាន​យ៉ាង​ដូច​ម្តេច ? មិនមែន​តាមរយៈ​កិច្ចខិតខំ​នៃ​ចំណែក​របស់​គាត់​នោះទេ ត្បិត​គ្មាន​មធ្យោបាយ​ណា​ដែល​គេច​ផុត​ពី​រណ្តៅ​នេះឡើយ ។ គាត់​បាន​ស្រែក​រក​ជំនួយ និង រកមនុស្ស​ដែល​មាន​ឆន្ទៈ​ជួយ​ដោយ​ក្តី​សប្បុរស ដែល​ឮ​ដល់​ការ​ស្រែក​ហៅ​ដើម្បី​បានរួច​ទុក្ខ​របស់​គាត់ ដែល​ប្រញាប់​ជួយដល់​គាត់ ហើយ​ដាក់​ជណ្តើរ​ចុះទៅ ហើយ​ផ្តល់​នូវ​មធ្យោយបាយ​មួយ​ដល់គាត់ ដើម្បី​គាត់​អាច​ឡើង​មកលើ​ផ្ទៃ​ដី​ខាងលើ​ម្តង​ទៀត ។

« ច្បាស់ណាស់ នេះ​គឺជា​ស្ថានភាព​ដែល​លោក អ័ដាម បានដាក់​ខ្លួន​គាត់​ផ្ទាល់ និង ពូជពង្ស​របស់​គាត់​នៅក្នុង​ស្ថានភាពដូច​នេះ នៅពេល​គាត់​ទទួលទាន​ផ្លែ​ដែល​ហាមឃាត់ ។យើង​ទាំងអស់គ្នាកំពុង​ស្ថិត​នៅក្នុង​រណ្តៅ គ្មាន​នរណាម្នាក់​អាច​ឡើង​មកកាន់​ផ្ទៃខាងលើ ហើយ​ជួយ​សង្រ្គោះ​ដល់​អ្នក​ផ្សេងទៀត​បាន​នោះទេ ។ រណ្តៅនេះ​គឺ​ជា​ការ​បណ្តេញចេញ​ពី​វត្តមាននៃ​ព្រះអម្ចាស់ និង ជា​សេចក្តីស្លាប់​ខាងសាច់ឈាម ដែល​ជា​ការរលាយ​នៃ​រាងកាយ ។ ហើយ​យើង​ទាំងអស់គ្នា​ទទួលរង​នូវ​សេចក្តីស្លាប់ គ្មាន​នរណា​ម្នាក់​អាច​ផ្តល់​ជា​មធ្យោយបាយ​សម្រាប់​គេច​ខ្លួន​ចេញ​នោះទេ ។

« ហេតុដូច្នេះហើយ នៅក្នុង​សេចក្តី​មេត្តា​ករុណា​ដ៏​ធំធេង​របស់​ទ្រង់ នោះ​ព្រះវរបិតា​បាន​ឮ​នូវ​ការ​ដង្ហោយ​ហៅ​របស់​កូនចៅ​ទ្រង់ ហើយ​បាន​បញ្ជូន​ព្រះវាជបុត្រា​ជា​ទីស្រលាញ់​ទ្រង់​តែ​មួយ ដែល​មិន​ទទួលរង​នូវ​សេចក្តីស្លាប់ និង អំពើបាប ដើម្បី​ផ្តល់​ជា​មធ្យោបាយនៃ​ការ​រំដោះខ្លួន​នេះ ។ កិច្ចការ​ដែល​ទ្រង់​បាន​ធ្វើ​នេះ គឺ​តាមរយៈ​ដង្វាយ​ធួន​ដ៏​និរន្តរ៍​ និង ដំណឹងល្អ​ដ៏នៅ​អស់កល្ប​ជានិច្ចរបស់ទ្រង់ » ( Doctrines of Salvation ed. Bruce R. McConkie, វ៉ុល 3[1954–56], 1:126–27 ) ។

សារលិខិត​ភាគច្រើន​របស់​យ៉ាកុប នៅក្នុង​ជំពូកទី 9 ផ្តោត​លើ​របៀប​ដែល​ព្រះអម្ចាស់​បានរៀបចំ​យើង​ឲ្យចៀសផុត​ពី​ក្រញាំ​នៃ​សេចក្តី​ស្លាប់​នៃ​រូបកាយ និង សេចក្ដី​ស្លាប់​នៃ​វិញ្ញាណ ហើយ​ជំពូក​នេះ​ក៏​ធានា​អះអាង​ដល់​យើង​ថា ពួកយើង​អាចនឹង​ត្រូវ​បាន​រំដោះ ។

  1. សូម​ពិនិត្យ​មើល នីហ្វៃទី 2 9:5, 19–21 ហើយ​ឆ្លើយ​សំណួរ​ដូចតទៅ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. យោង​ទៅតាម នីហ្វៃទី 2 9:5, 21 តើ​ព្រះអង្គ​សង្គ្រោះ​បាន​ឆ្លង​កាត់​អ្វី​ខ្លះ ដើម្បី​យើង​អាច​ត្រូវ​បាន​រំដោះ​ចេញ​ពី​សេចក្តីស្លាប់ និង ស្ថាននរក ?

    2. តើ​ព្រះអង្គ​សង្គ្រោះ​បាន​រងទុក្ខ​សម្រាប់​នរណា​ខ្លះ យោង​ទៅតាម នីហ្វៃទី 2 9:21 ?

សូម​គិត​ថា តើ​មាន​មនុស្ស​ប៉ុន្មាន​នាក់ « ដែល​ជា​គ្រួសារ​នៃ​លោក​អ័ដាម » ( នីហ្វៃទី 2 9:21 ) ។ ការ​សួរ​នេះ​បូករួម​អស់ទាំង​អ្នក​ទាំងឡាយ​ណា​ដែល​បាន​រស់នៅ កំពុង​រស់នៅ​ពេល​បច្ចុប្បន្ន និង អ្នក​ដែល​នឹង​មករស់​នៅលើ​ផែនដី​នេះ—រួមទាំង​អ្នក​ផងដែរ ។អ្នកគួរ​សរសេរ​ឈ្មោះ​របស់អ្នក​នៅក្បែរ នីហ្វៃទី 2 9:21 ដើម្បី​ចងចាំ​ពី​ការលះបង់​របស់​ព្រះអង្គ​សង្គ្រោះ ដែល​បាន​ធ្វើឡើង​សម្រាប់​អ្នក ។

រូបភាព
ការឆ្កាង

យ៉ាកុប​បានបង្រៀន​ថា ការ​រងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​នឹង​ជួយ​យើង​រួចផុត​ពី​វិរូប​ដ៏​គួរ​ស្ងែងខ្លាច—ជា​សេចក្តី​ស្លាប់​នៃ​រូបកាយ និង ការ​កាត់ចេញ​ពី​វត្តមាន​នៃ​ព្រះ​ជារៀង​រហូត ។សូម​អាន នីហ្វៃទី 2 9:22 ហើយ​រកមើល​ឃ្លា​មួយ​ដែល​ថ្លែង​ថា យើង​នឹង​អាច​យក​ឈ្នះ​លើ​សេចក្តី​ស្លាប់​នៃ​រូបកាយ និង ឃ្លា​មួយ​ដែល​បង្ហាញថា យើង​នឹង​បាន​នៅ​ក្នុង​វត្តមាន​នៃ​ព្រះ​ម្តងទៀត ។សូម​សរសេរ​អ្វី​ដែល​អ្នក​រកឃើញ​ក្នុង​ប្រយោគ​ទាំងឡាយ​ខាង​ក្រោម​នេះ ៖

ដោយសារ​តែ​ការធ្លាក់ នោះ​រូបកាយ​របស់​យើង​នឹង​ស្លាប់ ប៉ុន្តែ​ដោយសារតែ​ការ​រងទុក្ខ​របស់​ព្រះគ្រីស្ទ នោះ​រូបកាយ​របស់​យើង​នឹង  ។

ដោយ​សារតែ​ការធ្លាក់ នោះ​យើង​ត្រូវ​បាន​កាត់ចេញពី​វត្តមាន​នៃ​ព្រះ ប៉ុន្តែ​ដោយ​សារតែ​ការ​រងទុក្ខ​របស់​ព្រះគ្រីស្ទ នោះ​មនុស្ស​ទាំងអស់​នឹង​ឈរឡើង​ម្តងទៀត  ។

ចេញពី​ការ​បង្រៀន​របស់​យ៉ាកុប នោះ​យើង​រៀន​ពី​គោលលទ្ធិ​នេះ ៖ ដង្វាយ​ធួន​នៃ​ព្រះយេស៊ូវគ្រីស្ទ​រំដោះ​មនុស្ស​លោក​ទាំង​អស់​ពី​សេចក្តី​ស្លាប់​នៃ​រូបកាយ និង សេចក្ដី​ស្លាប់​នៃ​វិញ្ញាណ​ដែល​បណ្តាល​មកពី​ការ​ធ្លាក់ ។

ថែមពីលើ​សារលិខិត​ស្តី​ពី​ក្តីសង្ឃឹម​នេះ នោះ​យ៉ាកុប​បានបង្រៀន​ថា ការរងទុក្ខ​របស់​ព្រះអង្គ​សង្គ្រោះ​អាច​រំដោះ​យើង​ពី​សេចក្តី​ស្លាប់​ខាង​វិញ្ញាណ ដែល​បណ្តាល​មកពី​អំពើបាប​របស់​យើង​ផ្ទាល់ ។សូម​អាន នីហ្វៃទី2 9: 27 ហើយ​រកមើល​របៀប​ដែល​យ៉ាកុប​បានពិពណ៌នា​អំពី​ស្ថានភាព​នៃ​អ្នក​ទាំងឡាយ​ដែល​ប្រព្រឹត្ត​រំលង ឬ ធ្វើ​អំពើ​បាប ។សូមអាន នីហ្វៃទី2 9:15–16 ហើយ​គូសចំណាំ​នូវ​សេចក្តី​តានតឹង ឬ ការរងទុក្ខ​វេទនា​ខាងវិញ្ញាណ ដែល​កើតមាន​ឡើង​មកពី​អំពើ​បាប​របស់យើង បើសិន​យើង​មិនប្រែចិត្ត ។

បន្ថែម​ទៅលើ​ការរងទុក្ខ​វេទនា​នេះ សូម​កត់សម្គាល់​ឃ្លា « ពួកគេ​នឹង​រសាត់​ទៅឆ្ងាយ » ក្នុង នីហ្វៃទី 2 9:16 ។ពី​ព្រោះ​តែ​ដង្វាយធួន នោះ​មនុស្ស​លោក​ទាំងអស់​នឹង​ត្រឡប់​ទៅ​កាន់​វត្តមាន​នៃ​ព្រះ​ដើម្បី​ទទួល​ការជំនុំ​ជម្រះ ។ទោះ​ជា​យ៉ាងណា បើសិន​យើង​មិន​បាន​ប្រែចិត្ត​ពី​អំពើ​បាប​របស់យើង​ទេ នោះ​យើង​នឹង​ត្រូវ​បែកចេញ​ពី​វត្តមាន​នៃ​ព្រះ​ម្តងទៀត ។ខណៈដែល​ការ​រំដោះ​ចេញ​ពី​ការធ្លាក់ គឺ​ជា​អំណោយ​ទាន​មួយ​សម្រាប់​មនុស្ស​លោក​ទាំងអស់ នោះ​ការ​រំដោះ​ចេញពី​លទ្ធផល​ទាំងឡាយ​នៃ​អំពើ​បាប​របស់ខ្លួន​យើងផ្ទាល់ គឺ​ផ្អែក​ទៅលើ​បំណង​ប្រាថ្នា និង សកម្មភាព​ទាំងឡាយ​របស់​យើង ។សូម​អាន នីហ្វៃទី 2 9:21, 23–24 ។ដោយសារ​ដង្វាយធួន តើ​យើង​អាច​ធ្វើ​អ្វីខ្លះដើម្បី​ត្រូវបាន​សង្រ្គោះ​ពី​លទ្ធផល​ដ៏​អស់កល្ប​ជានិច្ច​នៃ​អំពើបាប​របស់​យើង ?

បន្ទាប់ពី​អាន​ពាក្យសម្ដី​របស់​យ៉ាកុប​ហើយ សូម​បំពេញ​គោលការណ៍ដូចតទៅនេះ ៖ តាមរយៈ​ដង្វាយធួន​របស់​ព្រះយេស៊ូវគ្រីស្ទ នោះ​យើង​អាច​ឈ្នះ​លើ​លទ្ធផល​ទាំងឡាយ​នៃ​អំពើ​បាប​របស់​យើង បើសិន​យើង ។

សូម​ចំណាយ​ពេល​មួយភ្លែត ហើយ​សញ្ចឹង​គិត​ដល់អ្វី​ដែល​អ្នក​អាច​ធ្វើ ដើម្បី​ទទួល​អារម្មណ៍​កាន់តែ​ពេញលេញ​ពី​អំណាច​នៃ​ការ​លាងជម្រះ​នៃ​ដង្វាយ​ធួន​របស់​ព្រះអង្គ​សង្គ្រោះ ។តើ​មាន​រឿង​អ្វី​ខ្លះដែល​ព្រះអម្ចាស់​នឹង​ឲ្យ​អ្នក​ប្រែចិត្ត ?សូម​សញ្ជឹង​គិត​ពី​របៀប​ដែល​អ្នក​អាច​ប្រែចិត្ត​ពី​រឿង​ទាំងអស់​នេះ ។តើ​អ្នក​អាច​ប្រុងស្តាប់​តាម​សំឡេង​របស់​ទ្រង់​ឲ្យ​កាន់តែ​ល្អ​ជាង​មុន​យ៉ាង​ដូចម្តេច​ដែរ ?

  1. សូម​សរសេរ​កថាខណ្ឌ​ខ្លី​មួយ នៅក្នុង​សៀវភៅ​កំណត់ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់អ្នក ដែល​បង្ហាញ​ថាតើ​អ្នក​មាន​អារម្មណ៍​យ៉ាងណា ពី​ការលះបង់​ដ៏​ធួន​របស់​ព្រះអង្គ​សង្គ្រោះ​សម្រាប់​អ្នក ។

  2. សូម​សរសេរ​អ្វី​ដែល​នៅ​ខាងក្រោម​នេះ នៅក្រោមផ្នែកកិច្ចការសម្រាប់ថ្ងៃនេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី2 9 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការ​យល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖