ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 30 ៖ ថ្ងៃ​ទី 1 អេធើរ 4–5


មេរៀនទី 30 ៖ ថ្ងៃ​ទី 1

អេធើរ 4–5

សេចក្តី​ផ្ដើម

ព្រះអម្ចាស់​បាន​បញ្ជា​មរ៉ូណៃ​ឲ្យ​សរសេរ ហើយ​បន្ទាប់​មក​ឲ្យ​បិទ​បញ្ជី​របស់​លោក អំពី​ការនិមិត្ត​របស់​បង​របស់​យ៉ារេឌ ។ មរ៉ូណៃ​បាន​ពន្យល់​ថា ការសរសេរ​ទាំងនេះ​នឹង​ត្រូវបាន​បើក​សម្ដែង ពេលដែល​មនុស្ស​មាន​សេចក្ដី​ជំនឿ​ច្រើន​ដូច​ជា​បង​របស់​យ៉ារេឌ​ដែរ ។ ជាងនោះ​ទៀត មរ៉ូណៃ​បាន​ព្យាករ​ថា មាន​សាក្សី​បី​នាក់​នឹង​ថ្លែង​ទីបន្ទាល់​ពី​ភាពពេញលេញ​នៃ​សេចក្ដី​ពិត​របស់​ព្រះគម្ពីរ​មរមន នៅ​ថ្ងៃ​ចុងក្រោយ ។

អេធើរ 4:1–7

មរ៉ូណៃ​កត់ត្រា និង បិទ​ទុក​នូវ​ដំណើរ​រឿង​ពេញលេញ​នៃ​ការនិមិត្ត​របស់​បង​របស់​យ៉ារេឌ

សូម​គិត​អំពី​វត្ថុ​មួយ​ដែល​មាន​តម្លៃ​ជា​ពិសេស​ដល់​អ្នក ឬ គ្រួសារ​អ្នក ដែល​អ្នក​អាច​នឹង​ចង់​រក្សា​ទុក​ឲ្យ​ផុត​ពី​ដៃ​របស់​ក្មេង​តូចៗ ។ តើ​កូនក្មេង​ម្នាក់​ត្រូវ​រៀន​ពី​អ្វី ឬ ត្រូវ​ធ្វើ​អ្វី មុនពេល​ដែល​អ្នក​ទុកចិត្ត​គេ​ឲ្យ​ប៉ះ​វត្ថុ​នោះ ?

ស្រដៀង​គ្នា​នេះ​ដែរ ព្រះអម្ចាស់​មាន​នូវ​សេចក្ដី​ពិត​ដ៏​មាន​តម្លៃ​ទាំងឡាយ ដែល​ទ្រង់​ចង់​ចែកចាយ​ជាមួយ​យើង ប៉ុន្តែ​ទ្រង់​រង់ចាំ​រហូត​ដល់​យើង​រៀបចំ​រួចរាល់​នឹង​ទទួល​វា ។ ពេល​អ្នក​សិក្សា អេធើរ 4 សូម​រកមើល​អ្វី​ដែល​មរ៉ូណៃ​បាន​បង្រៀន ដែល​អាច​ជួយ​អ្នក​ឲ្យ​រៀបចំ​ក្នុង​ការទទួល​នូវ​សេចក្ដី​ពិត និង ការដឹកនាំ​ដែល​កាន់តែ​ធំធេង​ពី​ព្រះអម្ចាស់ ។

ដូច​ដែល​អ្នក​បាន​អាន​នៅក្នុង អេធើរ 3 ព្រះអម្ចាស់​បាន​បង្ហាញ​ដល់​បង​របស់​យ៉ារេឌ​នូវ​ការនិមិត្ត​មួយ ពី​បណ្ដាជន​ទាំងអស់​នៅលើ​ផែនដី—ពី​អតីតកាល បច្ចុប្បន្ន និង អនាគត—និង ការណ៍​ទាំងអស់​ដែល​ទាក់ទង​នឹង​ផែនដី ។ ពេលនោះ បង​របស់​យ៉ារេឌ​ត្រូវបាន​បញ្ជា ឲ្យ​សរសេរ​នូវ​អ្វី​ដែល​លោក​បាន​ឃើញ និង ឲ្យ​បិទទុក​នូវ​ការសរសេរ​របស់​លោក ។ សូម​អាន អេធើរ 4:4–5 ហើយ​រកមើល​ការពិពណ៌នា​របស់​មរ៉ូណៃ អំពី​អ្វី​ដែល​បង​របស់​យ៉ារេឌ​បាន​ឃើញ ។ មរ៉ូណៃ​បាន​សរសេរ​អំពី​អ្វី​ដែល​បង​របស់​យ៉ារេឌ​បាន​ឃើញ ហើយ​ដូច​គ្នា​ដែរ ត្រូវបាន​បញ្ជា​ដោយ​ព្រះអម្ចាស់ ឲ្យ​បិទ​នូវ​ការនិមិត្ត​នោះ​ទុក ដើម្បី​ឲ្យ​បាន​លេច​មក​នៅក្នុង​ពេល​វេលា​របស់​ព្រះអម្ចាស់ ។ ការនិមិត្ត​ដែល​ខ​ទាំងនេះ​សំដៅ​ដល់ គឺ​ត្រូវបាន​បញ្ចូល​ទៅក្នុង​អ្វី​ ដែលជាធម្មតា​ត្រូវបាន​ហៅ​ថា ផ្នែក​ដែល​បិទ​ទុក​របស់​ព្រះគម្ពីរ​មរមន ។

មរ៉ូណៃ​បាន​ព្យាករ​ពី​លក្ខខណ្ឌ​ទាំងឡាយ​ដែល​ត្រូវ​មាន មុនពេល​ដែល​វិវរណៈ ​ដែល​បាន​ប្រទាន​ដល់​បង​របស់​យ៉ារេឌ នឹង​ត្រូវ​ធ្វើ​ឲ្យ​ដឹង ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​លក្ខខណ្ឌ​ទាំងនេះ នៅក្នុង អេធើរ 4:6–7 ។

  1. ដើម្បី​ជួយ​អ្នក​ឲ្យ​សញ្ជឹង​គិត​ថា វា​មានន័យ​យ៉ាង​ណា​ក្នុង​ការ « អនុវត្តសេចក្ដី​ជំនឿ​ជឿ​ដល់ [ ព្រះអម្ចាស់ ] … គឺ​ដូច​ដែល​បង​របស់​យ៉ារេឌ​បាន​ធ្វើ » ( អេធើរ 4:7 ) នោះ​សូម​រំឭក អេធើរ 1–3 ហើយ​រាយ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក នូវ​របៀប​ទាំងឡាយ​ដែល​បង​របស់​យ៉ារេឌ​បាន​បង្ហាញ​ពី​សេចក្ដី​ជំនឿ និង ការទុកចិត្ត​លើ​ព្រះអម្ចាស់ ។ សូម​ជ្រើសរើស និង ពិពណ៌នាពី​គំរូ​មួយ​ចេញ​ពី​គំរូ​ទាំងនេះ ដែល​ធ្វើ​ឲ្យ​អ្នក​ស្ងើច​សរសើរ​បំផុត ហើយ​ពន្យល់​ពី​មូលហេតុ​ផងដែរ ។

ដូច​ជា​អ្នក​នឹង​ទុកចិត្ត​កូនក្មេង​ម្នាក់​ជាមួយ​នឹង​វត្ថុ​ដ៏​មាន​តម្លៃ​មួយ លុះត្រា​តែ​មាន​លក្ខខណ្ឌ​ជាក់លាក់ នោះ​ព្រះអម្ចាស់​ចែកចាយ​នូវ​សេចក្ដី​ពិត​បន្ថែម​ទៀត​ជាមួយ​កូនចៅ​របស់​ទ្រង់ លុះត្រា​តែ​យើង​បង្ហាញ​ពី​ការរៀបចំ​ខាង​វិញ្ញាណ​របស់​យើង ជឿ​លើ​សេចក្ដី​ពិត​ពីមុនៗ ដែល​ទ្រង់​បាន​បើក​សម្ដែង​រួច​មក​ហើយ និង អនុវត្ត​សេចក្ដី​ជំនឿ​លើ​ទ្រង់ ។

អេធើរ 4:8–19

មរ៉ូណៃ​បង្រៀន​ពី​អ្វី​ដែល​យើង​ត្រូវ​ធ្វើ ដើម្បី​ទទួល​បាន​វិវរណៈ​បន្ថែម​ទៀត

ក្រឡេក​មើល​ទៅ​បង្អួច​ដែល​មាន​វាំងនន​បាំង នៅក្នុង​បន្ទប់​ដែល​អ្នក​នៅ ។ សូម​គិត​ថា តើ​បង្អួច​ដែល​មាន​វាំងនន​ បាំង​អ្វី​​ដែល​អ្នក​អាច​មើល​ឃើញ​យ៉ាង​ដូច​ម្ដេច​ដែរ ។

មរ៉ូណៃ​បាន​ប្រើប្រាស់​និមិត្តរូប​នៃ​វាំងនន ដែល​ស្រដៀង​គ្នា​ទៅនឹង​បង្អួច​ដែល​មាន​វាំងនន​បាំង​ដែរ ដើម្បី​បង្រៀន​ពី​គោលការណ៍​ទាំងឡាយ ដែល​ជះ​ឥទ្ធិពល​លើ​របៀប​ដែល​យើង​ម្នាក់ៗ​អាច​ទទួល​វិវរណៈ ។ សូម​អាន អេធើរ 4:15 ហើយ​រកមើល​ឃ្លា​ដែល​មាន​ពាក្យ​វាំងនន ។ កត់​ចំណាំ​ថា មរ៉ូណៃ​បាន​ប្រៀបធៀប​ការឥត​ជំនឿ​ទៅ​នឹង​វាំងនន​មួយ ។ តើ​នៅក្នុង​របៀប​ណា​ខ្លះ ដែល​ការឥត​ជំនឿ​ប្រៀប​ដូច​ទៅ​នឹង​វាំងនន​មួយ ?

វា​អាច​ជា​ប្រយោជន៍​ក្នុង​ការយល់​ថា ពាក្យ​ហែក នៅក្នុង អេធើរ 4:15 គឺ​មានន័យ​ថា ធ្វើ​ឲ្យ​រហែក ។ សូម​ស្រម៉ៃ​ថា ​វា​នឹង​​ទៅ​ជា​យ៉ាងណា ប្រសិនបើ​អ្នក​អាច​ហែក​វាំងនន​ដែល​ខណ្ឌ​ចែក​រវាង​អ្នក និង ការចេះដឹង​ពី​ព្រះអម្ចាស់ចេញ​នោះ ។

រូបភាព
វាំងនន​រហែក​ចំ​ពាក់​កណ្ដាល

មរ៉ូណៃ​បាន​ពិពណ៌នា​ការណ៍​ទាំងនោះ ដែល​ជួយ « ហែក​វាំងនន​នៃ​ការឥត​ជំនឿ » និង ដែល​អនុញ្ញាត​ឲ្យ​យើង​ទទួល​បាន​វិវរណៈ​បន្ថែម​ទៀត ។ លោក​បាន​ចាប់ផ្ដើម​ដោយ​ការព្រមាន​ពី​អាកប្បកិរិយា​មួយ ដែល​រារាំង​យើង​ពី​ការទទួល​បាន​វិវរណៈ​បន្ថែម​ទៀត ។ សូម​អាន អេធើរ 4:8 ហើយ​គូស​ចំណាំ​អ្វី​ដែល​នឹង​បណ្ដាល​ឲ្យ​ព្រះអម្ចាស់​ទប់​វិវរណៈទុក និង « ពុំ​បង្ហាញ​អ្វី​ដែល​ធំ​ជាង​នេះ » ។

  1. សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​អ្នក​គិត​ថា វា​មានន័យ​យ៉ាងណា ក្នុង​ការ « តតាំង​ទាស់​នឹង​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ » ? ( អេធើរ 4:8 ) ។

    2. តើ​​មនុស្ស​វ័យ​ក្មេង​ម្នាក់​នៅ​សព្វ​ថ្ងៃ​នេះ​អាច « តតាំង​ទាស់​នឹង​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ » តាម​របៀប​ណា​​ខ្លះ ?

មរ៉ូណៃ​បាន​បញ្ចូល​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ផ្ទាល់ ដើម្បី​ពិពណ៌នា​ពី​របៀប​ក្នុង​ការទទួល​វិវរណៈ​បន្ថែម​ទៀត​ពី​ទ្រង់ ។ សូម​ពិនិត្យ​មើល អេធើរ 4:11, 13–15 ហើយ​គូស​ចំណាំ​ឃ្លា​ទាំងឡាយ ដែល​បង្រៀន​ពី អ្វី​ដែល​យើង​ត្រូវតែ​ធ្វើ ដើម្បី​អញ្ជើញ​​វិវរណៈ​របស់​ព្រះអម្ចាស់ និង របៀប​ដែល​ទ្រង់​នឹង​ឆ្លើយតប ប្រសិន​បើ​យើង​ធ្វើ​ការណ៍​ទាំងនេះ ។

តើ​គោលការណ៍​ទាក់ទង​នឹង​វិវរណៈ និង របៀប​ដើម្បី​អញ្ជើញ​វិវរណៈ​ឲ្យ​ចូល​ក្នុង​ជីវិត​អ្នក​អ្វី​ខ្លះ ដែល​អ្នក​រៀន​ចេញពី​ខ​ទាំងនេះ ? អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​មួយ ដែល​អ្នក​រៀន​ចេញ​ពី​ខ​ទាំងនេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក នៅក្បែរ អេធើរ 4:11 ។

គោលការណ៍​សំខាន់​មួយ ដែល​យើង​អាច​រៀន​ចេញ​ពី​ដំបូន្មាន​របស់​ព្រះអម្ចាស់​គឺ ពេល​យើង​អនុវត្ត​សេចក្ដី​ជំនឿ​ដ៏​ធំធេង​ទៅលើ​ព្រះបន្ទូល​របស់​ព្រះអម្ចាស់ នោះ​ទ្រង់​នឹង​ប្រទាន​ពរ​ដល់​យើង​ជាមួយ​នឹង​វិវរណៈ​បន្ថែម​ទៀត ទៅតាម​ពេល​វេលា​របស់​ទ្រង់​ផ្ទាល់ ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​គិត​ថា អ្នក​ត្រូវ​បង្ហាញ​សេចក្ដី​ជំនឿ​ទៅលើ​ព្រះបន្ទូល​របស់​ព្រះ ដែល​អ្នក​បាន​ទទួល​រួច​មក​ហើយ​នោះ​ជាមុន​សិន មុនពេល​ដែល​ព្រះអម្ចាស់​នឹង​បើកសម្ដែង​បន្ថែម​ទៀត​ដល់​អ្នក ។ បន្ទាប់​មក​វាយ​តម្លៃ​​ខ្លួន​អ្នក​នៅលើ​ក្រិត​មួយ​ពី​លេខ 1 ដល់លេខ 10 ( លេខ​ 10 គឺ « មាន​ប្រសិទ្ធភាព​បំផុត » ) ថា​តើ​អ្នក​មាន​អារម្មណ៍​ល្អ​ប៉ុណ្ណា ចំពោះ​ការអនុវត្តន៍​សេចក្ដី​ជំនឿ​លើ​ព្រះអម្ចាស់ ដោយ​ការស្វែងរក និង ធ្វើ​តាម​ព្រះបន្ទូល​របស់​ទ្រង់ នៅក្នុង​ចំណុច​នីមួយៗ​ខាងក្រោម​នេះ ៖

    1. ការអធិស្ឋាន​ប្រចាំ​ថ្ងៃ

    2. ការធ្វើ​តាម​ការបំផុស ​ដែល​អ្នក​ទទួល​បាន តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ

    3. ការគាំទ្រ និង ធ្វើតាម​ពួក​អ្នក​ដឹកនាំ​នៅក្នុង​សាខា វួដ មណ្ឌល ឬ ស្តេក​របស់​អ្នក

    4. ការសិក្សា​ព្រះបន្ទូល​នៃ​ព្រះ​នៅក្នុង​ព្រះវិហារ ឬ ថ្នាក់​សិក្ខាសាលា

    5. ការសិក្សា​ព្រះគម្ពីរ​ផ្ទាល់​ខ្លួន

    6. ការធ្វើ​តាម​ពាក្យ​សម្ដី​របស់​ពួក​ព្យាការី និង ការរស់នៅ​តាម​បទបញ្ញត្តិ

  2. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​ពិពណ៌នា ថាតើ​ការគោរព​ប្រតិបត្តិ​ដល់​ព្រះ នៅក្នុង​ចំណុច​មួយ​នៃ​ចំណុច​ទាំងឡាយ​ដែល​បាន​លើកឡើង​ខាងលើ បាន​ជួយ​អ្នក​ឲ្យ​ទទួល​វិវរណៈ​បន្ថែម​ទៀត​ពី​ព្រះ យ៉ាង​ដូច​ម្ដេច​ដែរ ។

សូម​សញ្ជឹង​គិត ថាតើ​អ្នក​អាច​បញ្ចូល​គោលការណ៍​នៃ​ការអនុវត្ត​សេចក្ដី​ជំនឿ​លើ​ព្រះបន្ទូល​នៃ​ព្រះអម្ចាស់ ទៅក្នុង​ការប្រឹងប្រែង​របស់​អ្នក​ដើម្បី​អញ្ជើញ​វិវរណៈ និង ការដឹកនាំ​បន្ថែម​ពី​ព្រះអម្ចាស់ យ៉ាង​ដូច​ម្ដេច​ដែរ ។

អេធើរ 5

មរ៉ូណៃ​ប្រកាស​ថា មាន​សាក្សី​បី​នាក់​នឹង​ឃើញ ហើយ​ថ្លែង​ទីបន្ទាល់​ពី​ផ្ទាំង​ទាំងឡាយ

រូបភាព
ទេវតា​បង្ហាញ​ផ្ទាំង​មាស​ដល់ យ៉ូសែប ស្ម៊ីធ, អូលីវើរ ខៅឌើរី, ដាវីឌ វិតមើរ

សូម​អាន អេធើរ 5:1–3 ។ តើ​មរ៉ូណៃ​បាន​សរសេរ​អ្វី នៅក្នុង​ខ​ទាំងនេះ ដែល​និយាយ​ដល់ ព្យាការី យ៉ូសែប ស្ម៊ីធ—ជា​អ្នក​ដែល​នឹង​បកប្រែ​បញ្ជី​នៅលើ​ផ្ទាំង​ទាំងឡាយ នៅ​ថ្ងៃ​មួយ​នោះ ? សូម​ស្រម៉ៃ​ថា វា​យ៉ាង​ម៉េច​ដែរ ពេល យ៉ូសែប ស្ម៊ីធ ជួប​ខ​ទាំងនេះ​ពេល​លោក​កំពុង​បកប្រែ​ព្រះគម្ពីរ​មរមន ។

រូបភាព
ប្រធាន ហិនរី ប៊ី. អាវរិង

សូម​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​មកពី ប្រធាន ហិនរី ប៊ី. អាវរិង នៃ​គណៈប្រធាន​ទី​មួយ ហើយ​រកមើល​ឃ្លា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ស្ងើច​សរសើរ អំពី​ទីបន្ទាល់​នៃ​ពួក​សាក្សី​បី​នាក់ ៖ « ពួក​សាក្សី​បី​នាក់ ពុំ​ដែល​បដិសេធ​ទីបន្ទាល់​របស់​ពួកលោក​អំពី​ព្រះគម្ពីរ​មរមន​ឡើយ ។ ពួកលោក​ពុំ​អាច​បដិសេធ​ទេ ព្រោះ​ពួកលោក​បាន​ដឹង​ថា​វា​ពិត ។ ពួកលោក​បាន​ធ្វើ​ការលះបង់ និង បាន​ប្រឈម​នឹង​ការលំបាក លើស​ពី​អ្វី ​ដែល​មនុស្ស​ភាគច្រើន​បាន​ដឹង ។ អូលីវើរ ខៅឌើរី បាន​ផ្ដល់​នូវ​ទីបន្ទាល់​ដដែល អំពី​លក្ខណៈដើម​ដ៏​ទេវភាព​នៃ​ព្រះគម្ពីរ​មរមន ពេល​លោក​ហៀប​នឹង​ស្លាប់​ទៅ ។ … ពួកលោក​បាន​បន្ត​អះអាង​ពី​អ្វី​ដែល​ពួកលោក​បាន​ឃើញ និង បាន​ឮ​នៅក្នុង​បទពិសោធន៍​ដ៏​អស្ចារ្យ​នោះ នៅ​អំឡុង​ពេលនៃ​ការឃ្លាត​ឆ្ងាយ​ពី​សាសនាចក្រ និង យ៉ូសែប ក្នុង​រយៈពេល​​យ៉ាង​យូរមក​នោះ​ ដែល​ធ្វើ​ឲ្យ​ទីបន្ទាល់​របស់​ពួកលោក​កាន់តែ​ពោរពេញ​ដោយ​អំណាច » ( “An Enduring Testimony of the Mission of the Prophet Joseph” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2003 ទំព័រ 90 ) ។

យោង​តាម អេធើរ 5:2–3 តើ​អ្វី​ដែល ព្យាការី យ៉ូសែប ស្ម៊ីធ ត្រូវបាន​ផ្ដល់​ឯកសិទ្ធិ​ឲ្យ​ធ្វើ​ជាមួយ​នឹង​ផ្ទាំង​ទាំងឡាយ ?

  1. ក៏ដូច​ជា​បុរស​បីនាក់ ដែល​ត្រូវបាន​ផ្ដល់​ឯកសិទ្ធិ​ឲ្យ​ធ្វើ​ទីបន្ទាល់​ពី​ភាពពិត​នៃ​ផ្ទាំង​មាស​ដែរ អ្នក​ក៏​អាច​ជា​សាក្សី​ម្នាក់​ចំពោះ​សេចក្ដី​ពិត​ដ៏​ពេញលេញ​នៃ​ព្រះគម្ពីរ​មរមន​ផងដែរ ។ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​របៀប​ពីរបី ដែល​អ្នក​អាច​ធ្វើ​ជា​សាក្សី​ម្នាក់​អំពី​ព្រះគម្ពីរ​មរមន ។ បន្ថែម​ពី​លើ​នោះ សូម​សរសេរ ថាតើ​ទីបន្ទាល់​របស់​អ្នក​អំពី​ព្រះគម្ពីរ​មរមន​ អាច​ជះ​ឥទ្ធិពល​ដល់​មនុស្ស​ផ្សេង​ទៀត​យ៉ាង​ណា​ដែរ ។

អធិស្ឋាន​ស្វែងរក​ឱកាស​នានា ដើម្បី​ចែកចាយ​ទីបន្ទាល់​របស់​អ្នក អំពី​ព្រះគម្ពីរ​មរមន ជាមួយ​នរណា​ម្នាក់​នៅក្នុង​សប្ដាហ៍​នេះ ។

  1. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពី​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា អេធើរ 4–5 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖