ថ្នាក់​សិក្ខាសាលា
មេរៀនទី 27 ៖ ថ្ងៃទី 4 នីហ្វៃទី3 28–30


មេរៀនទី 27 ៖ ថ្ងៃទី 4

នីហ្វៃទី3 28–30

សេចក្តីផ្ដើម

មុនពេល​ការយាង​ចាកចេញ​របស់​ទ្រង់ ព្រះយេស៊ូវគ្រីស្ទ​បាន​សួរ​ពួក​សិស្ស​ទាំង​ដប់ពីរ​នាក់​របស់​ទ្រង់ ថាតើ​អ្វី​ដែល​ពួកគេ​ប្រាថ្នា​ចង់បាន​ពី​ទ្រង់ ។ ពួកគេ​ប្រាំបួន​នាក់​បាន​ស្មើសុំ​ត្រឡប់​ទៅ​ទ្រង់​វិញ​ភ្លាមៗ ពេលដែល​ការបម្រើ​របស់​ពួកគេ​នៅលើ​ផែនដី​បាន​បញ្ចប់ ។ មាន​បី​នាក់​បាន​សុំ​បន្ត​នៅលើ​ផែនដី ដើម្បី​បន្ត​ធ្វើ​កិច្ចការ​ក្នុង​ការនាំ​ព្រលឹង​ទាំងឡាយ​មកកាន់​ព្រះគ្រីស្ទ រហូត​ទាល់​តែ​ទ្រង់​ត្រឡប់​មកវិញ ។ ព្រះអម្ចាស់​បាន​គោរព​ដល់​បំណង​ប្រាថ្នា​ដ៏​សុចរិត​ទាំងពីរ​នេះ ។ មរមន​បាន​ផ្ដល់​នូវ​ព័ត៌មាន​មួយ​ចំនួន​ទាក់ទង​នឹង​ការបម្រើ​របស់​សាសន៍​នីហ្វៃ​ទាំងបី​នាក់​នៅលើ​ផែនដី ។

ពេលដែល​មរមន​បាន​បញ្ចប់​បញ្ជី​របស់​លោក​អំពី​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ នោះ​លោក​បាន​ពន្យល់​ថា ការលេច​ចេញ​មក​នៃ​ព្រះគម្ពីរ​មរមន នឹង​ជា​ទីសម្គាល់​មួយ​ថា ព្រះអម្ចាស់​កំពុង​បំពេញ​នូវ​សេចក្ដី​សញ្ញា​របស់​ទ្រង់​ជាមួយ​វង្ស​អ៊ីស្រាអែល​ហើយ ។ ចុង​បញ្ចប់​នៃ នីហ្វៃទី3 មរមន​បាន​កត់ត្រា​នូវ​ព្រះបន្ទូល​របស់​ព្រះយេស៊ូវគ្រីស្ទ ដែល​អញ្ជើញ​មនុស្ស​ទាំងអស់​គ្នា​ឲ្យ​ប្រែចិត្ត ហើយ​ត្រូវបាន​រាប់​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល ។

នីហ្វៃទី3 28:1–11

ព្រះយេស៊ូវគ្រីស្ទ​ប្រទាន​ទៅតាម​បំណង​ប្រាថ្នា​របស់​ពួក​សិស្ស​ទាំង​ដប់ពីរ​នាក់​របស់​ទ្រង់

សូម​សញ្ជឹង​គិត ថាតើ​អ្នក​នឹង​ឆ្លើយតប​ដោយ​របៀប​ណា ប្រសិន​បើ​ព្រះយេស៊ូវគ្រីស្ទ​លេច​អង្គ​ទ្រង់​មក​ចំពោះ​អ្នក ហើយ​សួរ​ថា « តើ​អ្នក​រាល់គ្នា​ប្រាថ្នា​អ្វី​ពី​យើង ? »

សូម​សរសេរ​ដោយ​សង្ខេប​ពី​បំណង​ប្រាថ្នា​សុចរិត​របស់​អ្នក ដែល​អ្នក​នឹង​ចែកចាយ​ជាមួយ​ទ្រង់ ។

សូមអាន នីហ្វៃទី3 28:1–3 ហើយ​រកមើល ថាតើ​ពួក​សិស្ស​សាសន៍​នីហ្វៃ​ទាំង​ប្រាំបួន​នាក់ បាន​ឆ្លើយតប​យ៉ាងណា ពេល​ព្រះអម្ចាស់​បាន​សួរ​ពួកគេ​ថា « តើ​អ្នក​រាល់គ្នា​ប្រាថ្នា​អ្វី​ពី​យើង ? » កត់ចំណាំ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះទ័យ​ដឹង​ពី​បំណង​ប្រាថ្នា​របស់​ពួកគេ ។

សូមអាន នីហ្វៃទី3 28:4–7 ហើយ​រកមើល​អ្វី​ដែល​ពួក​សិស្ស​បីនាក់​ទៀត ប្រាថ្នា​ពី​ព្រះអង្គ​សង្គ្រោះ ។ កត់ចំណាំ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​មាន​ព្រះទ័យ​ដឹង​ពី​បំណង​ប្រាថ្នា​របស់​ពួក​សិស្ស​ទាំង​បី​នាក់​នេះ ។ សូម​សញ្ជឹង​គិត​ពី​មូលហេតុ​ដែល​អ្នក​គិតថា ព្រះអម្ចាស់​បាន​មាន​បន្ទូល​ថា « មានពរ​ដល់​អ្នក​រាល់គ្នា​ជាង​នេះ​ទៅទៀត » ដោយសារ​តែ​បំណង​ប្រាថ្នា​របស់​ពួកគេ ។

សូមអាន នីហ្វៃទី3 28:8–10 ដើម្បី​ឃើញ​ពី​របៀប​ដែល​ព្រះអង្គ​សង្គ្រោះ​បាន​ពិពណ៌នា ពី​ពរជ័យ​ទាំងឡាយ​ដែល​ពួក​សាសន៍​នីហ្វៃ​ទាំងបី​នាក់​នឹង​ទទួល ដោយសារ​តែ​បំណង​ប្រាថ្នា​របស់​គេ ក្នុង​ការបម្រើ​ក្នុង​ចំណោម​ពួក​មនុស្ស​រមែង​ស្លាប់ ។ សូម​ពិចារណា​ក្នុង​ការសរសេរ​សេចក្ដី​ពិត​តទៅ​នេះ នៅ​គែម​ព្រះគម្ពីរ​របស់​អ្នក ឬ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ព្រះអម្ចាស់​ប្រទាន​ពរ​យើង ទៅតាម​បំណង​ប្រាថ្នា​សុចរិត​របស់​យើង ។ សូម​អាន​សេចក្ដី​ថ្លែងការណ៍​ខាងក្រោម​នេះ​មកពី អែលឌើរ ណែល អេ. ម៉ាកស្វែល នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ដើម្បី​ឃើញ​ពី​សារៈសំខាន់​នៃ​បំណង​ប្រាថ្នា​ដ៏​សុចរិត ៖

រូបភាព
អែលឌើរ ណែល អេ. ម៉ាកស្វែល

« អ្វី​ដែល​យើង​ប្រាថ្នា​ចង់បាន​ឥតឈប់ ជាច្រើន​ដង គឺជា​អ្វី​ដែល​យើង​នឹង​ក្លាយជា​នៅ​ទីបំផុត ហើយ​ជា​អ្វី​ដែល​យើង​នឹង​ទទួល​នៅក្នុង​ភាពអស់កល្ប​ជានិច្ច ។ …

« ហេតុ​ដូច្នោះ​ហើយ បំណង​ប្រាថ្នា​សុចរិត​ត្រូវតែ​មាន​ឥត​ឈប់ឈរ ប្រធាន ព្រិកហាំ យ៉ង់ បាន​មាន​ប្រសាសន៍​ថា ដោយសារ​តែ ‹ បុរស និង ស្ត្រី ដែល​ប្រាថ្នា​ចង់​ទទួល​បាន​នូវ​កន្លែង​នៅក្នុង​នគរ​សេឡេស្ទាល នឹង​ឃើញ​ថា ពួកគេ​ត្រូវតែ​ប្រយុទ្ធ​ជា​រៀង​រាល់​ថ្ងៃ › ( នៅក្នុង Journal of Discourses 11:14 ) » ( “According to the Desire of [Our] Hearts” Ensign ខែ វិច្ឆិកា ឆ្នាំ 1996 ទំព័រ 21–22 ) ។

  1. សូម​ឆ្លើយ​សំណួរ​មួយ ឬ ទាំងពីរ​ខាងក្រោម​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​ពេលណា ដែល​អ្នក​បាន​មាន​អារម្មណ៍​ថា ត្រូវបាន​ប្រទានពរ​ដោយ​ព្រះអម្ចាស់ ពេលដែល​អ្នក​បាន​ប្រព្រឹត្ត​ទៅតាម​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​អ្នក ?

    2. តើ​អ្នក​នឹង​ចាប់ផ្ដើម​ធ្វើ​អ្វី​ថ្ងៃ​នេះ ដើម្បី​បីបាច់​ដល់​បំណង​ប្រាថ្នា​សុចរិត​នៅក្នុង​ជីវិត ដើម្បី​អ្នក​អាច​មាន​លក្ខណៈ​សក្ដិសម​នឹង​ពរជ័យ​ទាំងឡាយ​របស់​ព្រះអម្ចាស់ ?

នីហ្វៃទី3 28:12–35

មរមន​ពិពណ៌នា​ពី​ការបម្រើ​របស់​សាសន៍​នីហ្វៃ​ទាំងបី​នាក់

មនុស្ស​ជាច្រើន​បាន​ឮ​ពី​រឿង​ព្រេង រឿង​ទេវកថា និង រឿង​ចចាមអារាម អំពី​ការមកជួយ​របស់​សាសន៍​នីហ្វៃ​ទាំងបី​នាក់ ។ ជាជាង​ផ្អែកលើ​រឿង​មិនពិត នោះ​ចូរ​ស្វែងរក​មើល​ពី​អ្វី​ដែល​ព្រះគម្ពីរ​និយាយ​ពី​បេសកកម្ម​របស់​ពួកគេ និង របៀប​ដែល​ពួកគេ​អាច​ធ្វើ​ការបម្រើ​ដោយ​អំណាច « ដូចជា​ទេវតា​នៃ​ព្រះ » ( នីហ្វៃទី3 28:30 ) ។

សូមអាន នីហ្វៃទី3 28:12–17 ដើម្បី​រៀន​ពី​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​សាសន៍​នីហ្វៃ​ទាំងបី​នាក់ ។ យោងតាម នីហ្វៃទី3 28:15 តើ​អ្វី​ជា​មូលហេតុ​មួយ ដែល​ពួក​សិស្ស​ត្រូវ​ឆ្លងកាត់​ការផ្លាស់​ប្ដូរ​នេះ ?

សូមអាន នីហ្វៃទី3 28:18–23 រកមើល​ពី​របៀប​ដែល​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​សាសន៍​នីហ្វៃ​ទាំងបី​នាក់ ដើម្បី​ពួកគេ​អាច​អនុវត្ត​នូវ​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​ពួកគេ ។ គិត​អំពី​អ្វី​ដែល​ខ​ទាំងនេះ​បង្រៀន​យើង អំពី​ព្រះហឫទ័យ​របស់​ព្រះអម្ចាស់​ក្នុង​ការប្រទាន​ពរ​ដល់​យើង ពេលដែល​យើង​រស់នៅ​ទៅតាម​បំណង​ប្រាថ្នា​ដ៏​សុចរិត​របស់​យើង ។

សូម​សិក្សា នីហ្វៃទី3 28:25–31 ហើយ​រកមើល​នរណា​ដែល​បាន​ទទួល​អត្ថប្រយោជន៍ ហើយ​នឹង​នៅតែ​ទទួល​អត្ថប្រយោជន៍​ពី​ការបម្រើ​របស់​សាសន៍​នីហ្វៃ​ទាំងបី​នាក់ ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​នូវ​អ្វី​ដែល​អ្នក​រកឃើញ ។

នីហ្វៃទី3 28:36–40

មរមន​រៀន​អំពី​លក្ខណៈ​នៃ​រូបកាយ​ដែល​ត្រូវបាន​ផ្លាស់​ប្ដូរ

សូម​គិត​អំពី​ពេល​មួយ ដែល​អ្នក​មាន​សំណួរ​មួយ​អំពី​ដំណឹងល្អ ឬ មាន​ឧបសគ្គ​មួយ​ដែល​អ្នក​កំពុង​ប្រឈម ។ សូមអាន នីហ្វៃទី3 28:36 ហើយ​រកមើល​អ្វី​ដែល​មរមន​ពុំ​បាន​យល់ អំពី​ស្ថានភាព​ខាង​រូបកាយ​របស់​សាសន៍​នីហ្វៃ​ទាំងបី​នាក់ បន្ទាប់ពី​ការផ្លាស់​ប្ដូរ​ដែល​ពួកគេ​បាន​មាន ។ សញ្ជឹង​គិត​ពី​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​តទៅ​នេះ ៖ ជាធម្មតា តើ​អ្នក​បែរ​ទៅរក​នរណា ពេល​អ្នក​មាន​សំណួរ​មួយ​អំពី​ដំណឹងល្អ ។ សូមអាន នីហ្វៃទី3 28:36–37 ដើម្បី​រៀន​ពី​អ្វី​ដែល​មរមន​បាន​ធ្វើ ដើម្បី​រកមើល​ចម្លើយ​ចំពោះ​សំណួរ​របស់​លោក ។

សិក្សា នីហ្វៃទី3 28:37–40 ហើយ​រកមើល​អ្វី​ដែល​មរមន​បាន​រៀន អំពី​ការផ្លាស់ប្ដូរ ដែល​កើត​មាន​ឡើង​ចំពោះ​រូបកាយ​របស់​សាសន៍​នីហ្វៃ​ទាំង​បី​នាក់ ។ ស្ថានភាព​ដែល​សាសន៍​នីហ្វៃ​ទាំង​បី​នាក់​មាន​សេចក្ដី​រីករាយ​ជាមួយ ត្រូវបាន​ហៅ​ថា « ការផ្លាស់​ប្ដូរ​រូប » ដែល​ដូចជា​ការប្រែរូប ( សូមមើល នីហ្វៃទី3 28:17 ) គ្រាន់តែ​វា​មាន​រយៈពេល​វែង​ជាង ។ រូបកាយ​ដែល​ត្រូវបាន​ផ្លាស់​ប្ដូរ គឺ​នៅតែ​ជា​រូបកាយ​រមែង​ស្លាប់ ប៉ុន្តែ ដូច​ព្យាការី យ៉ូសែប ស៊្មីធ បាន​បង្រៀន​ថា រូបកាយ​ខាង​សាច់ឈាម​របស់​ពួកគេ ត្រូវបាន​ផ្លាស់​ប្ដូរ​ពី​ស្ថានភាព​ទេឡេស្ទាល ទៅជា​ស្ថានភាព​ទេរេសស្ទ្រាល ពួកគេ​បាន​រួច​ពី​សេចក្ដី​វេទនា​ខាង​រូបកាយ​នៃ​រូបកាយ​រមែង​ស្លាប់​របស់​ពួកគេ ( សូមមើល History of the Church 4:210 ) ។ រូបកាយ​ដែល​ត្រូវបាន​ផ្លាស់​ប្ដូរ អាច​លេចមក ឬ អាច​បាត់​ទៅ តាម​ដែល​ពួកគេ​ជ្រើសរើស និង តាម​ព្រះហឫទ័យ​របស់​ព្រះ ( សូមមើល នីហ្វៃទី3 28:27–30 ) ។ ពួកគេ​ជួយ​ក្នុង​ការនាំ​ព្រលឹង​ទាំងឡាយ​មកកាន់​សេចក្ដី​សង្គ្រោះ ហើយ​ពួកគេ​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដែល​បាន​ផ្លាស់ប្ដូរ រហូត​ដល់​ការយាង​មក​ជា​លើក​ទីពីរ​របស់​ព្រះយេស៊ូវគ្រីស្ទ ជា​ពេល​ដែល​ពួកគេ​នឹង​ទទួល​ការផ្លាស់​ប្ដូរ​មួយ​ទៀត ដើម្បី​ក្លាយ​ជា​តួអង្គ​ដែល​រស់ឡើង​វិញ មាន​សិរី​រុងរឿង ( សូមមើល នីហ្វៃទី3 28:7–8, 39–40 ) ។

ចេញពី​បទពិសោធន៍​របស់​មរមន យើង​រៀន​ថា បើ​យើង​សួរ​ព្រះអម្ចាស់​ដើម្បី​បាន​យល់ នោះ​យើង​នឹង​ទទួល​វិវរណៈ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ ឬ សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​នូវ​បទពិសោធន៍​មួយ ដែល​អ្នក ឬ នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ បាន​ស្វែងរក​ចម្លើយ​ពី​ព្រះអម្ចាស់​តាមរយៈ​ការអធិស្ឋាន​ដ៏​អស់​ពី​ចិត្ត ។

នីហ្វៃទី3 29

មរមន​ថ្លែង​ទីបន្ទាល់​ថា ព្រះអម្ចាស់​នឹង​បំពេញ​សេចក្ដី​សញ្ញា​របស់​ទ្រង់​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល នៅ​ថ្ងៃ​ចុងក្រោយ

បន្ទាប់ពី​មរមន​បាន​សរសេរ​អំពី​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ​ចំពោះ​ប្រជាជន​ក្នុង​ព្រះគម្ពីរ​មរមន​ហើយ លោក​បាន​ព្យាករ​ពី​ការបំពេញ​ការសន្យា​របស់​ព្រះអម្ចាស់​នៅ​ថ្ងៃ​ចុងក្រោយ ។ សូម​សញ្ជឹង​គិត​ពី​ចម្លើយ​របស់​អ្នក​ចំពោះ​សំណួរ​តទៅ​នេះ ៖ តើ​ពេលណា ដែល​អ្នក​បាន​រៀន ឬ បាន​ឃើញ​ពី​ការបំពេញ​នូវ​ការសន្យា​មួយ​ក្នុង​ចំណោម​ការសន្យា​ទាំងឡាយ​របស់​ព្រះ ?

ពិចារណា​ក្នុង​ការគូស​ចំណាំ​ពាក្យ​កាលណា និង ពាក្យ​នោះ ពេល​អ្នក​សិក្សា នីហ្វៃទី3 29:1–3 ។ ពាក្យ​ទាំងនេះ​នឹង​ជួយ​អ្នក​រកឃើញ​ព្រឹត្តិការណ៍​មួយ ដែល​ប្រាប់​ថា ព្រះអម្ចាស់​កំពុង​រក្សា​ការសន្យា​ទាំងឡាយ​របស់​ទ្រង់​ចំពោះ​វង្ស​អ៊ីស្រាអែល នៅ​ថ្ងៃ​ចុងក្រោយ ។ ( ឃ្លា​ថា « ពាក្យ​ទាំងឡាយ​នេះ » នៅក្នុង នីហ្វៃទី3 29:1 សំដៅ​ដល់​ការសរសេរ​ទាំងឡាយ​នៅក្នុង​ព្រះគម្ពីរ​មរមន ) ។

យើង​រៀន​ចេញពី នីហ្វៃទី3 29:1–3 ថា ការលេច​ចេញមក​នៃ​ព្រះគម្ពីរ​មរមន គឺជា​ទីសម្គាល់​មួយ​ថា ព្រះអម្ចាស់​កំពុង​បំពេញ​សេចក្ដី​សញ្ញា​របស់​ទ្រង់​ជាមួយ​នឹង​វង្ស​អ៊ីស្រាអែល ។

រូបភាព
ព្រះគម្ពីរ​មរមន

ព្រះគម្ពីរ​មរមន​អះអាង​ដល់​យើង​ថា ព្រះអម្ចាស់​កំពុង​រៀបចំ​រាស្ត្រ​របស់​ទ្រង់ សម្រាប់​ការយាង​មក​របស់​ទ្រង់ ( សូមមើល នីហ្វៃទី3 29:2 ) ។ ពេល​អ្នក​អាន​សេចក្ដី​ថ្លែងការណ៍​តទៅ​នេះ​មកពី អែលឌើរ រ័សុល អិម. ណិលសុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ សូម​គូស​ចំណាំ​ពី​របៀប​ដែល​ព្រះគម្ពីរ​មរមន​ជួយ​យើង​រៀបចំ​សម្រាប់​ការយាង​មក​របស់​ព្រះអង្គ​សង្គ្រោះ ៖

« ព្រះគម្ពីរ​មរមន​គឺជា​ទីសម្គាល់​ដ៏​ជាក់ស្ដែង​ថា ព្រះអម្ចាស់​បាន​ចាប់ផ្ដើម​ប្រមូល​កូនចៅ​អ៊ីស្រាអែល​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់ ។ …

« ពិតណាស់ ព្រះអម្ចាស់​ពុំ​បាន​ភ្លេច​ទេ ! ទ្រង់​បាន​ប្រទានពរ​ដល់​យើង និង អ្នក​ផ្សេងទៀត​ទូទាំង​ពិភពលោក​នេះ ជាមួយ​នឹង​ព្រះគម្ពីរ​មរមន ។ … វា​ជួយ​យើង​ដើម្បី​ធ្វើ​សេចក្ដី​សញ្ញា​ទាំងឡាយ​ជាមួយ​នឹង​ព្រះ ។ វា​អញ្ជើញ​យើង ឲ្យ​ចងចាំ​ទ្រង់ និង ឲ្យ​ស្គាល់​ព្រះរាជបុត្រា​សំណប់​របស់​ទ្រង់ ។ វា​ជា​សក្ខីបទ​មួយ​ទៀត​អំពី​ព្រះយេស៊ូវគ្រីស្ទ » ( “Covenants” Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 88 ) ។

  1. សូមអាន នីហ្វៃទី3 29:4–6 ហើយ​ធ្វើ​សកម្មភាព​មួយ ឬ ទាំងពីរ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. សូម​រកមើល​វគ្គ​បទគម្ពីរ​ជាក់លាក់​ក្នុង​ព្រះគម្ពីរ​មរមន​ចំនួន​បី ដែល​អ្នក​គិត​ថា អាច​ជួយ​នរណា​ម្នាក់​ឲ្យ​មករក​ព្រះយេស៊ូវគ្រីស្ទ ។ សម្រាប់​វគ្គ​នីមួយៗ សូម​សរសេរ​មួយ ឬ ពីរ​ប្រយោគ ដែល​ពន្យល់​ពី​មូលហេតុ​ដែល​អ្នក​ជ្រើសរើស​វគ្គ​បទគម្ពីរ​នោះ ។

    2. សូម​សរសេរ​កថាខណ្ឌ​មួយ ពី​របៀប​ដែលអ្នក​គិត​ថា ព្រះគម្ពីរ​មរមន​អាច​ជួយ​មនុស្ស​ម្នាក់​ឲ្យ​យល់ និង ទទួល​អំណោយទាន​នៃ​វិវរណៈ ការព្យាករណ៍ និង ភាសា ឬ អំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ ។

នីហ្វៃទី3 30

ព្រះអម្ចាស់​ដាស់តឿន​ពួក​សាសន៍​ដទៃ​ឲ្យ​ប្រែចិត្ត និង មករក​ទ្រង់

មរមន​បាន​បញ្ចប់​បញ្ជី​របស់​លោក​ពី​ការបម្រើ​របស់​ព្រះអង្គ​សង្គ្រោះ ដោយ​សរសេរ​នូវ​ការណែនាំ​ជាក់លាក់​មួយ​ចំនួន ដែល​លោក​បាន​ទទួល​ពី​ព្រះយេស៊ូវគ្រីស្ទ ទាក់ទង​នឹង​ពួក​សាសន៍​ដទៃ ។ សូមអាន នីហ្វៃទី3 30:1–2 ហើយ​ពិចារណា​ក្នុង​ការគូស​ចំណាំ​សេចក្ដី​ណែនាំ​របស់​ព្រះអង្គ​សង្គ្រោះ​ទៅកាន់​ពួក​សាសន៍​ដទៃ ឲ្យ​បាន​ច្រើន​តាម​ដែល​អ្នក​អាច​រកឃើញ ។ ពិចារណា​ក្នុង​ការគូស​ចំណាំ​ផងដែរ នូវ​ពរជ័យ​ទាំងឡាយ​ដែល​មាន​ដល់​ពួក​សាសន៍​ដទៃ ប្រសិនបើ​ពួកគេ​នឹង​មករក​ព្រះគ្រីស្ទ ។ ថ្វីបើ នីហ្វៃទី3 30:2 គឺ​ថ្លែង​ទៅកាន់​ពួក​អ្នក​ដែល​នៅ​ក្រៅ​សាសនាចក្រ​ក៏​ដោយ ក៏​យើង​អាច​ប្រើប្រាស់​នូវ​ការអញ្ជើញ​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី​វាស់វែង​នូវ​ឆន្ទៈ​របស់​យើង​ផ្ទាល់ ក្នុង​ការរស់នៅ​ទៅតាម​ការតម្រូវ​ទាំងឡាយ​នៃ​សេចក្ដី​សញ្ញា​របស់​ទ្រង់​បាន​ផងដែរ ។

  1. សូម​សរសេរ​គោលការណ៍​តទៅ​នេះ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖ ប្រសិនបើ​យើង​មករក​ព្រះគ្រីស្ទ នោះ​យើង​អាច​ត្រូវបាន​រាប់​ក្នុង​ចំណោម​រាស្ត្រ​ទ្រង់ ។ សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ពី​មូលហេតុ​ដែល​វា​ជា​ពរជ័យ​មួយ​របស់​ព្រះអម្ចាស់ ក្នុង​ការបាន « រាប់​ជាមួយ​នឹង​រាស្ត្រ [ របស់​ទ្រង់ ] គឺជា​វង្ស​អ៊ីស្រាអែល » ( នីហ្វៃទី3 30:2 ) ។

  2. សូម​សរសេរ​កំណត់​ចំណាំ​ដែល​នៅ​ខាងក្រោម​នេះ នៅ​ខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា នីហ្វៃទី3 28–30 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖