ថ្នាក់​សិក្ខាសាលា
មេរៀន​ទី 28 ៖ ថ្ងៃ​ទី 4 មរមន 7:1–8:11


មេរៀនទី 28 ៖ ថ្ងៃ​ទី 4

មរមន 7:1–8:11

សេចក្តី​ផ្ដើម

បន្ទាប់​ពី​ចម្បាំង​ចុងក្រោយ​រវាង​ពួក​សាសន៍​នីហ្វៃ និង ពួក​សាសន៍​លេមិន​រួចមក មរមន​បាន​សរសេរ​ទៅកាន់​ពួក​កូនចៅ​របស់​មនុស្ស​ក្នុង​ព្រះគម្ពីរ​មរមន នា​ពេល​អនាគត អំពី​សារៈសំខាន់​នៃ​ការស្គាល់​ថា​ពួកគេ​ជា​នរណា ហើយ​អ្វី​ដែល​ពួកគេ​ត្រូវ​ធ្វើ ដើម្បី​បាន​សង្គ្រោះ ។ ដោយ​មាន​សេចក្ដី​ស្រឡាញ់​យ៉ាង​ធំធេង​ចំពោះ​កូនចៅ​ដែល​រស់នៅ​ក្នុង​ពេល​អនាគត​របស់​សត្រូវ​លោក នោះ​មរមន​បាន​បង្រៀន​ពី​សារៈសំខាន់​នៃ​ការធ្វើ​តាម​ដំណឹងល្អ​របស់​ព្រះយេស៊ូវគ្រីស្ទ ដើម្បី « នឹង​បាន​ស្រួល​ដល់​អ្នក​រាល់​គ្នា​ហើយ នៅក្នុង​ថ្ងៃ​ជំនុំ​ជម្រះ » ( មរមន 7:10 ) ។ បន្ទាប់ពី​មរមន​បាន​ស្លាប់​ទៅ មរ៉ូណៃ​ត្រូវទុក​ឲ្យ​នៅ​ម្នាក់ឯង ដើម្បី​សរសេរ​អំពី​ការបំផ្លិច​បំផ្លាញ​នៃ​ប្រជាជន​របស់​លោក ។

មរមន 7

នៅក្នុង​ទីបន្ទាល់​ចុងក្រោយ​របស់​មរមន លោក​ទូន្មាន​ដល់​សំណល់​នៃ​ពួក​សាសន៍​លេមិន ឲ្យ​ជឿ​លើ​ព្រះយេស៊ូវគ្រីស្ទ និង ធ្វើ​តាម​ដំណឹងល្អ​របស់​ទ្រង់

រូបភាព
មរមន​លា​ដល់​ជាតិ​សាសន៍​មួយ​ដែល​ធ្លាប់​អស្ចារ្យ

នៅក្នុង មរមន 6 អ្នក​បាន​រៀន​ថា មាន​ពួក​សាសន៍​នីហ្វៃ 230,000 នាក់ ដែល​មាន​របួស និង ស្លាប់ នៅក្នុង​ចម្បាំង​លើក​ចុងក្រោយ​ជាមួយ​ពួក​សាសន៍​លេមិន ។ សូម​ស្រម៉ៃ​ថា អ្នក​បាន​រស់​ជីវិត​ពី​ចម្បាំង​ដ៏​ធំ​បែប​នេះ ប៉ុន្តែ​មិត្តភក្ដិ និង គ្រួសារ​របស់​អ្នក​មិន​បាន​រស់​ទេ ។ តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាងណា ចំពោះ​កូនចៅ​របស់​មនុស្ស​​ដែល​បាន​សម្លាប់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​អ្នក និង បាន​ច្បាំង​យក​ជាតិ​សាសន៍​របស់​អ្នក​នោះ ? សូម​អាន មរមន 7:1–4 ហើយ​រកមើល​ថា មរមន​បាន​សរសេរ​អ្វី​ទៅកាន់​កូនចៅ​របស់​ពួក​សាសន៍​លេមិន ។

  1. សូម​ឆ្លើយ​សំណួរ​ទាំងឡាយ​ខាងក្រោម​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    1. តើ​មរមន​ចង់​ឲ្យ​ពួក​សាសន៍​លេមិន និង កូនចៅ​របស់​គេ​ដឹង​អំពី​អ្វី ?

    2. តើ​ការណ៍​នេះ​ខុសគ្នា ឬ ដូច​គ្នា​យ៉ាង​ដូច​ម្ដេច​ដែរ ទៅ​នឹង​របៀប​ដែល​អ្នក​បាន​គិត​ថា អ្នក​អាច​នឹង​មាន​អារម្មណ៍​ចំពោះ​កូនចៅ​របស់​មនុស្ស​ដែល​បាន​សម្លាប់​មិត្តភក្ដិ និង គ្រួសារ​អ្នក នៅក្នុង​ស្ថានភាព​ដែល​បាន​ស្រមើ​ស្រម៉ៃ​នេះ ?

    3. តើអ្នក​មើល​ឃើញ​​លក្ខណៈ​​របស់​ព្រះអង្គ​សង្គ្រោះ ​នៅក្នុង​ការឆ្លើយ​តប​របស់​មរមន​ចំពោះ​សត្រូវ​របស់​លោកយ៉ា​ង​ណា​ខ្លះ ?

មរមន​បន្ត​សរសេរ​ទៅកាន់​កូនចៅ​របស់​ពួក​សាសន៍​លេមិន ។ សូម​អាន មរមន 7:5–7 ហើយ​គូស​ចំណាំ​សេចក្ដី​ពិត​យ៉ាង​ហោច​ណាស់​បី ដែល​មរមន​បាន​ទូន្មាន​ដល់​កូនចៅ​នៃ​ពួក​សាសន៍​លេមិន ឲ្យ​ជឿ​អំពី​ព្រះអង្គ​សង្គ្រោះ គឺ​ព្រះយេស៊ូវគ្រីស្ទ ។

  1. ចូរ​ជ្រើសរើស​សេចក្ដី​ពិត​មួយ​ចេញពី​សេចក្ដី​ពិត​ទាំងឡាយ​អំពី​ព្រះយេស៊ូវគ្រីស្ទ ដែល​អ្នក​បាន​រកឃើញ ហើយ​សរសេរ​នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ថាតើ​ការជឿ​លើ​គោលលទ្ធិ​នោះ បាន​ជះ​ឥទ្ធិពល​លើ​ជីវិត​អ្នក​យ៉ាង​ដូច​ម្ដេចខ្លះ ។

មរមន​អាច​មាន​អារម្មណ៍​ថា​ត្រឹមត្រូវ​ក្នុង​ការសរសេរ​ពាក្យពេចន៍​នៃ​ការផ្ដន្ទា​ទោស​ដល់​ពួក​សាសន៍​លេមិន ដែល​បាន​សម្លាប់​ប្រជាជន​លោក​អស់​ជាច្រើន ប៉ុន្តែ ដោយសារ​ការចេះដឹង​ពី​សេចក្ដី​ពិត នោះ​លោក​បាន​សរសេរ​ដើម្បី​បង្រៀន​ពួកគេ​ពី​អ្វី​ដែល​ពួកគេ ( និង យើង ) ត្រូវតែ​ធ្វើ ដើម្បី​ក្លាយ​ជា​គ្មាន​ទោស​នៅ​ចំពោះ​មុខ​ព្រះ នៅ​វេទិកា​ជំនុំ​ជម្រះ ។ សូម​អាន មរមន 7:8–10 ហើយ​រកមើល​ថា មរមន​បាន​ថ្លែង​ទីបន្ទាល់​ថា មនុស្ស​ម្នាក់​ត្រូវតែ​ធ្វើ​អ្វី ? អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពី​អ្វី​ដែល​អ្នក​រកឃើញ​ក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

ខ​ទាំងនេះ​បង្រៀន​ថា ព្រះអម្ចាស់​ប្រទាន​សេចក្ដី​សង្គ្រោះ​ដល់​មនុស្ស​ទាំងអស់ ហើយ​នឹង​ប្រោសលោះ​ពួក​អ្នក​ទាំងឡាយ​ណា​ដែល​ទទួល​គោលការណ៍ និង ពិធី​បរិសុទ្ធ​ទាំងឡាយ​នៃ​ដំណឹងល្អ​របស់​ទ្រង់ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។ សូម​កត់​ចំណាំ មរមន​បាន​បង្រៀន​ថា របៀប​ដែល​យើង​បាន​ដឹង​ពី​របៀប​រស់នៅ​តាម​គោលការណ៍​នេះ គឺ​តាមរយៈ​ការសិក្សា​ព្រះគម្ពីរ​របស់​យើង ( សូម​មើល មរមន 7:8 ) ។ វា​អាច​ជា​ប្រយោជន៍​ក្នុង​ការយល់​ថា ឃ្លា « បញ្ជី​នេះ » គឺ​សំដៅ​ដល់​ព្រះគម្ពីរ​មរមន ហើយ « បញ្ជី​ដែល​នឹង​ឲ្យ​ដល់​ពួក​សាសន៍​ដទៃ ពី​ពួក​សាសន៍​យូដា » គឺ​សំដៅ​ដល់​ព្រះគម្ពីរ​ប៊ីប ។ ស្រដៀង​គ្នា​នេះ​ដែរពាក្យ « នេះ » នៅក្នុង មរមន 7:9 គឺ​សំដៅ​ដល់​ព្រះគម្ពីរ​មរមន ហើយ ពាក្យ « នោះ » គឺ​សំដៅ​ដល់​ព្រះគម្ពីរ​ប៊ីប ។ អ្នក​អាច​នឹង​ចង់​គូស​ចំណាំ​ពាក្យ​សម្គាល់​ទាំងនេះ នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

កាល​ដែល​អ្នក​បញ្ចប់ មរមន 7 សូម​យក​ពេល​មួយ​ស្របក់ សញ្ជឹង​គិត​ពី​គំរូ​របស់​មរមន អំពី​សេចក្ដី​សប្បុរស និង សេចក្ដី​អាណិត​អាសូរ​ ដូច​ជា​លក្ខណៈ​នៃ​ព្រះគ្រីស្ទ នៅក្នុង​ការសរសេរ​សារដំណឹង​នៃ​សេចក្ដី​សង្ឃឹម និង ការលើក​ទឹកចិត្ត​បែប​នេះ ទៅដល់​កូនចៅ​របស់​ពួក​អ្នក​ដែល​ជា​សត្រូវ​ដ៏​ល្វីង​ជូរចត់​របស់​លោក ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​កត់ត្រា​នូវ​គំនិត​របស់​អ្នក អំពី​សំណួរ​តទៅ​នេះ ៖ តើ​ខ្ញុំ​អាច​ធ្វើ​តាម​គំរូ​របស់​មរមន ហើយ​ប្រព្រឹត្ត​ចំពោះ​អ្នក​ផ្សេងទៀត រួមទាំង​ពួក​អ្នក​ដែល​ប្រព្រឹត្ត​មិន​ល្អ​ចំពោះ​ខ្ញុំ នៅក្នុង​របៀប​មួយ​ដែល​ឆ្លុះ​បញ្ចាំង​ពី​តម្លៃ​ដ៏​អស់កល្ប​របស់​ពួកគេ បាន​ដោយ​របៀប​ណា ?

មរមន 8:1–11

មរ៉ូណៃ​សរសេរ​ពី​មរណភាព​របស់​ឪពុក​លោក ពី​សេចក្ដី​បំផ្លិច​បំផ្លាញ​របស់​ប្រជាជន​លោក និង ​ការ​រស់​នៅ​តែ​ម្នាក់ឯងរបស់​លោក

សូម​គិត​អំពី​គ្រា​មួយ ពេលដែល​អ្នក​នៅ​តែ​ម្នាក់​ឯង ។ តើ​អ្នក​មាន​អារម្មណ៍​បែប​ណា អំពី​ការនៅ​តែ​ម្នាក់​ឯង ? សូម​ស្រម៉ៃ​ពី​ការរស់​នៅ​តែ​ម្នាក់​ឯង​អស់រយៈ​ពេល​​ជា​ច្រើន​ឆ្នាំ ។

សូម​កត់​ចំណាំ​ពី​កាលបរិច្ឆេទ​នៅក្នុង​សេចក្ដី​សង្ខេប​ជំពូក ឬ នៅ​ផ្នែក​ខាងក្រោម​ទំព័រ​នៅក្នុង មរមន 7 និង 8 ។ តើ​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ ក្នុង​រវាង​ពេល​ដែល​មរមន​បាន​សរសេរ​ពាក្យ​ចុងក្រោយ​របស់​លោក​នៅក្នុង​ជំពូក 7 និង ពេល​ដែល​មរ៉ូណៃ​បាន​ចាប់ផ្ដើម​សរសេរ​នៅលើ​ផ្ទាំង​ទាំងឡាយ​នៅក្នុង​ជំពូក 8 ?

រូបភាព
មរ៉ូណៃ​ទួញសោក​ចំពោះ​មរមន

សូម​អាន មរមន 8:1–2 ហើយ​រកមើល​អ្វី​ដែល​បាន​កើតឡើង បន្ទាប់ពី​ចម្បាំង​ដ៏​ធំ​នៅ​គូម៉ូរ៉ា ។ បន្ទាប់មក សូម​អាន មរមន 8:3–9 ហើយ​គូស​ចំណាំ​ឃ្លា​ទាំងឡាយ ដែល​ពិពណ៌នា​ពី​កាលៈទេសៈ​ទាំងឡាយ​របស់​មរ៉ូណៃ បន្ទាប់ពី​ការបំផ្លិច​បំផ្លាញ​នៃ​ប្រជាជន​របស់​លោក ។ សញ្ជឹងគិត​ថា​តើ​អ្នក​នឹង​មាន​អារម្មណ៍​យ៉ាង​ណា ប្រសិន​បើ​អ្នក​ស្ថិត​នៅក្នុង​កាលៈទេសៈ​ស្រដៀង​នោះ ។

សូម​គិត​ពី​គ្រា​មួយ ពេលដែល​អ្នក​មាន​អារម្មណ៍​ឯកោ​នៅក្នុង​ការជឿ ឬ បទដ្ឋាន​របស់​អ្នក ។ តើ​ការប្ដេជ្ញា​ចិត្ត​របស់​អ្នក ក្នុង​ការធ្វើ​តាម​ព្រះអង្គ​សង្គ្រោះ និង រក្សា​បទបញ្ញត្តិ​របស់​ទ្រង់ អំឡុង​ពេល​នោះ កើន​ឡើង នៅ​ដដែល ឬ ថយ​ចុះ ? ហេតុ​អ្វី ?

សូម​មើល មរមន 8:1, 3 ម្ដង​ទៀត ដើម្បី​រកមើល​ពី​អ្វី​ដែល​មរ៉ូណៃ​បាន​សម្រេច​ថា​ធ្វើ ដោយ​មិន​គិត​ពី​កាលៈទេសៈ​របស់​លោក ។ គំរូ​របស់​មរ៉ូណៃ​បង្ហាញ​ថា សូម្បី​តែ​ពេល​អ្នក​នៅតែ​ម្នាក់​ឯងក្ដី ក៏​អ្នក​អាច​ជ្រើសរើស​ដើម្បី​នៅ​ស្មោះត្រង់ដែរ ។ អ្នក​អាច​នឹង​ចង់​សរសេរ​សេចក្ដី​ពិត​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​អ្នក ។

មាន​មនុស្ស​ផ្សេងទៀត​នៅក្នុង​ព្រះគម្ពីរ​មរមន​ដែល​ដូច​ជា​មរ៉ូណៃ​ដែរ គឺ​នៅតែ​ស្មោះត្រង់​ សូម្បី​តែ​ពេល​នៅតែ​ម្នាក់​ឯងក្ដី ។ អ័ប៊ីណាដៃ​បាន​ឈរ ហើយ​ថ្លែង​ទីបន្ទាល់​តែ​ម្នាក់ឯង នៅ​ចំពោះ​ស្ដេច​ណូអេ និង ពួក​សង្ឃ​របស់​ទ្រង់ ( សូម​មើល ម៉ូសាយ 12–17 ) ។ អាលម៉ា​ជា​សង្ឃតែ​ម្នាក់​គត់ ដែល​បាន​ជឿ​ដល់​ពាក្យ​របស់​អ័ប៊ីណាដៃ ហើយ​បាន​ព្យាយាម​ការពារ​លោក ( សូម​មើល ម៉ូសាយ 17:1–4 ) ។

អែលឌើរ រីឆាដ ជី. ស្កត បាន​ចែកចាយ​រឿង​ដូច​តទៅ​នេះ អំពី​យុវជន​ម្នាក់​ដែល​បាន​ជ្រើសរើស​ដើម្បី​មាន​ភាពស្មោះត្រង់ សូម្បី​តែ​ពេលគាត់​​ឈរ​តែ​ម្នាក់​ឯង​ក្ដី ៖

រូបភាព
អែលឌើរ រីឆាដ ជី. ស្កត

« សូម​ពិចារណា​ពី​គំរូ​របស់​យុវជន [ នេះ ] ។ អស់​ជាច្រើន​ឆ្នាំ ខ្ញុំ​បាន​មើល​ពី​របៀប​ដែល​ឪពុក​ម្ដាយ​របស់​គេ បាន​បង្រៀន​គេ​តាំង​ពី​នៅ​ជា​ទារក ឲ្យ​រស់នៅ​តាម​បទបញ្ញត្តិ​របស់​ព្រះ​ដោយ​ឥត​ងាករេ ។ ពួកគេ​បាន​ចិញ្ចឹម​គាត់ ជាមួយ​នឹង​កូនៗ​ផ្សេងទៀត តាម​រយៈ​គំរូ និង សិក្ខាបទ នៅក្នុង​សេចក្ដី​ពិត ។ ពួកគេ​បាន​ជំរុញ​ឲ្យ​មាន​ការអភិវឌ្ឍន៍​នូវ​ការកាន់​វិន័យ និង ការលះបង់ ដើម្បី​សម្រេច​នូវ​គោលដៅ​ដ៏​សក្ដិសម​ទាំងឡាយ ។ យុវជន​នេះ​បាន​ជ្រើសរើស​ការហែល​ទឹក ដើម្បី​បំពាក់​បំប៉ន​គុណសម្បត្តិ​ទាំងនោះ នៅក្នុង​ចរិត​លក្ខណៈ​របស់​គាត់ ។ ការហាត់​នៅ​ព្រឹក​ព្រលឹម​តម្រូវ​ឲ្យ​មាន​ការលត់ដំ និង ការលះបង់ ។ យូរៗ​ទៅ​គាត់ធ្វើ​បាន​យ៉ាងល្អ​នៅក្នុង​កីឡា​នោះ ។

« ពេល​នោះ​ឧបសគ្គ​បាន​មក​ដល់—ឧទាហរណ៍ ការប្រកួត​ជើងឯក​ហែលទឹក​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ ។ តើ​គាត់នឹង​ចូលរួម​ទេ ? តើ​គាត់នឹង​ទាញ​ហេតុផល ដោយ​លើកលែង​ពី​ច្បាប់​​មិន​ហែល​ទឹក​នៅ​ថ្ងៃ​អាទិត្យរបស់គាត់ ដើម្បី​ជួយ​ក្រុម​របស់​គេ​ឲ្យ​ឈ្នះ​ជើង​ឯក​ឬ​ទេ ? ទេ គាត់​នឹង​មិន​បន្ទន់​ទៅតាម​នោះទេ សូម្បី​តែ​ស្ថិត​នៅក្រោម​សម្ពាធ​ដ៏​ខ្លាំង​ពី​មិត្តភក្ដិ​ក៏​ដោយ ។ គាត់​ត្រូវបាន​ចំអក​ដោយ​ហៅ​ឈ្មោះ​ផ្សេងៗ ទាំងត្រូវ​គេ​បំពាន​ខាង​រាងកាយ​ផង ។ ប៉ុន្តែ គាត់​មិន​បន្ទន់​ទៅតាម​នោះទេ ។ ការព្រងើយ​កន្ដើយ​ពី​មិត្តភក្ដិ ភាពឯកោ និង សម្ពាធ បាន​នាំ​មក​នូវ​ពេលវេលា​នៃ​ភាពសោកសៅ និង ទឹក​ភ្នែក ។ ប៉ុន្តែ គាត់​មិន​បន្ទន់​ទៅ​តាម​នោះ​ទេ ។ គាត់បាន​រៀន​ដោយ​ផ្ទាល់ ពី​អ្វី​ដែល​យើង​ម្នាក់ៗ​ត្រូវតែ​ដឹង គឺជា​ភាពពិត​នៃ​ដំបូន្មាន​របស់​ប៉ុល ទៅកាន់​ធីម៉ូថេ ថា ‹ អស់​អ្នក​ណា​ដែល​ចង់​រស់​ដោយ​គោរព​ប្រតិបត្តិ​ដល់​ព្រះគ្រីស្ទ​យេស៊ូវ នោះ​នឹង​ត្រូវ​មាន​សេចក្ដី​បៀតបៀន​ដែរ › ( ធីម៉ូថេ ទី2 3:12 ) ។ អស់​ជា​ច្រើន​ឆ្នាំ គំរូ​ដ៏​ខ្ជាប់ខ្ជួន​នៃ​ការរស់នៅ​ដោយ​សុចរិត​នេះ—ដែល​ត្រូវបាន​ត្បាញ​បញ្ចូល​ដោយ​ការសម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​រាប់​រយ ហើយ​ការសម្រេច​ចិត្តមួយចំនួន​ដែល​​​ប្រឈម​នឹង​ឧបសគ្គ​យ៉ាង​ធំធេង—បាន​បង្កើតជា​​ចរិត​លក្ខណៈ​នៃ​ភាព​រឹងមាំ និង សមត្ថភាព ។ ឥឡូវ​នេះ ក្នុង​នាម​ជា​អ្នក​ផ្សព្វផ្សាយ​សាសនា​ម្នាក់ គាត់​​ត្រូវបាន​ស្ងើច​សរសើរ​ដោយ​ពួក​អ្នក​ផ្សព្វផ្សាយ​សាសនា​ផ្សេងទៀត ចំពោះ​សមត្ថភាព​ក្នុង​ការធ្វើ​ការ ចំពោះ​ការចេះ​ដឹង​របស់​គាត់​ពី​សេចក្ដី​ពិត ចំពោះ​ភក្ដីភាព​ដ៏​ឥត​ងាករេ​របស់​គាត់ និង ចំពោះ​ការប្ដេជ្ញា​ចិត្ត​ក្នុង​ការចែកចាយ​ដំណឹង​ល្អ ។ មនុស្ស​ម្នាក់​ដែល​ត្រូវបាន​មិត្តភក្ដិ​គាត់​​មិន​អើពើ​ជាមួយ​ពីមុន​នោះ ឥឡូវ​នេះ​បាន​ក្លាយ​ជា​អ្នក​ដឹកនាំ​ដ៏​គួរ​ឲ្យ​គោរព​ពី​មិត្តភក្ដិ​គាត់វិញ » ( “First Things First” Ensign ខែ ឧសភា ឆ្នាំ 2001 ទំព័រ 8 ) ។

សូម​អាន មរមន 8:10–11 ហើយ​រកមើល​របៀប​មួយ ដែល​ព្រះអម្ចាស់​បាន​គាំទ្រ​ដល់​មរ៉ូណៃ និង មរមន ( មុន​ការស្លាប់​របស់​លោក ) អំឡុង​កាលៈទេសៈ​ដ៏​លំបាក​ទាំងឡាយ​ ដែល​ពួកលោក​បាន​ប្រឈមមុខ​​ជាមួយនោះ ) ។ ការលើក​ទឹក​ចិត្ត​ខាងក្រោម​នេះ​ដោយ ប្រធាន ថូម៉ាស អេស. ម៉នសុន អាច​ជួយ​អ្នក​នៅក្នុង​ការសម្រេច​ចិត្ត​​ក្នុង​ការបន្ត​ស្មោះត្រង់​របស់​អ្នក សូម្បី​តែ​អ្នក​នៅ​តែម្នាក់​ឯង​ក្ដី ៖

រូបភាព
ប្រធាន ថូម៉ាស អេស. ម៉នសុន

« វា​ស្ទើរតែ​មិន​អាច​ចៀស​រួច ពេល​យើង​បន្ត​រស់នៅ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ នោះ​​សេចក្ដី​ជំនឿ​របស់​យើង​ នឹង​ត្រូវ​ជួប​ឧបសគ្គ ។ ពេល​ខ្លះ យើង​អាច​ឃើញ​ថា ខ្លួន​យើង​ត្រូវបាន​ហ៊ុំព័ទ្ធ​ដោយ​មនុស្ស​ផ្សេង​ទៀត ប៉ុន្តែ​បែរជា​ឈរ​នៅក្នុង​ចំណោម​មនុស្ស​ភាគ​តិច​បំផុត ឬ ​ឈរ​តែ​ម្នាក់​ឯង ​ខ្វល់ខ្វាយ​ថា តើ​អ្វីខ្លះ​ដែល​អាច​ទទួល​យក​បាន ហើយ​អ្វី​ខ្លះ​ដែល​មិន​អាច​ទទួល​យក​បាន ។ តើ​យើង​មាន​ភាពក្លាហាន​ខាង​សីលធម៌ ដើម្បី​ឈរ​ដោយ​រឹងមាំ​សម្រាប់​ការជឿ​របស់​យើង​ដែរ​ឬ​ទេ ទោះជា​​យើង​ត្រូវ​ឈរ​តែ​ឯង ពេល​ធ្វើ​ដូច្នោះ​នោះ ? …

« … ចូរ​យើង​មាន​ភាពក្លាហាន​ឡើង ហើយ​ប្រុងជំហរ​​​ឈរ​សម្រាប់​អ្វី​ដែល​យើង​ជឿ ហើយ​បើ​យើង​ត្រូវតែ​ឈរ​តែ​ឯង​នៅក្នុង​ដំណើរការ​នោះ ក៏​យើង​ធ្វើ​ដូច្នោះ​ដោយ​ក្លាហានដែរ ដែល​យើង​ត្រូវបាន​ពង្រឹង​ ដោយចំណេះដឹង​ថា តាម​​ភាពពិត ​គឺយើង​​មិននៅ​តែ​ឯង​នោះ​ទេ ពេល​យើង​ឈរ​ជាមួយ​នឹង​ព្រះវរបិតា​របស់​យើង​ដែល​គង់​នៅ​ស្ថានសួគ៌នោះ » ( “Dare to Stand Alone” Ensign និង លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2011 ទំព័រ 60, 67 ) ។

  1. នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក សូម​សរសេរ​ចម្លើយ​ចំពោះ​សំណួរ​ខាង​ក្រោម​នេះ ៖

    1. តើ​នរណា​ផ្សេង​ទៀត ដែល​អ្នក​ស្គាល់ ដែល​ជា​គំរូ​នៃ​ការឈរ​ដោយ​ស្មោះត្រង់ សូម្បី​តែ​ពេលគាត់​​ឈរ​តែឯង​នោះ ?

    2. តើ​សេចក្ដី​ថ្លែងការណ៍​របស់​ប្រធាន ម៉នសុន ជួយ​អ្នក​ឲ្យ​សម្រេច​ចិត្ត​ក្នុង​ការបន្ត​ស្មោះត្រង់ សូម្បី​តែពេល​អ្នក​ឈរ​តែ​ឯង យ៉ាង​ដូច​ម្ដេច​ដែរ ?

  2. សូម​សរសេរ​ចំណុចដែល​នៅ​ខាងក្រោម​នេះ ពីខាងក្រោម​កិច្ចការ​ថ្ងៃ​នេះ នៅក្នុង​សៀវភៅ​កំណត់​ហេតុ​ការសិក្សា​ព្រះគម្ពីរ​របស់​អ្នក ៖

    ខ្ញុំ​បាន​សិក្សា មរមន 7:1–8:11 ហើយ​បាន​បញ្ចប់​មេរៀន​នេះ​នៅ ( កាលបរិច្ឆេទ ) ។

    សំណួរ គំនិត និង ការយល់ដឹង​បន្ថែម ដែល​ខ្ញុំ​ចង់​ចែកចាយ​ជាមួយ​គ្រូ​របស់​ខ្ញុំ ៖