មរមន 7
    Footnotes

    ជំពូក​ទី ៧

    មរមន​អញ្ជើញ​ពួក​សាសន៍​លេមិន​នៅ​ថ្ងៃ​ចុង​ក្រោយ​ឲ្យ​ជឿ​ដល់​ព្រះ​គ្រីស្ទ ទទួល​ដំណឹង​ល្អ​របស់​ទ្រង់ ហើយ​បាន​សង្គ្រោះ — អស់​អ្នក​ណា​ដែល​ជឿ​ដល់​ព្រះ​គម្ពីរ​ប៊ី​ប នោះ​នឹង​ជឿ​ដល់​ព្រះ​គម្ពីរ​មរមន​ដែរ។ ប្រមាណ​ជា​ឆ្នាំ ៣៨៥ គ.ស.។

    ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​ចង់​និយាយ​ខ្លះ​ដល់​សំណល់​នៃ​ប្រជាជន​នេះ ដែល​បាន​រួច​ជីវិត ប្រសិន​បើ​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​ពាក្យ​របស់​ខ្ញុំ​បាន​ទៅ​ដល់​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ដឹង​នូវ​កិច្ចការ​ទាំង​ឡាយ​របស់​ពួក​អយ្យកោ​ពួក​គេ មែន​ហើយ ខ្ញុំ​និយាយ​ទៅ​កាន់​អ្នក​រាល់​គ្នា ដែល ជា​សំណល់​នៃ​វង្ស​អ៊ីស្រាអែល ហើយ​នេះ​គឺជា​ពាក្យ​ដែល​ខ្ញុំ​និយាយ​ថា ៖

    ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ជា​វង្ស​អ៊ីស្រាអែល។

    ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​តែ​ប្រែ​ចិត្ត បើ​ពុំ​នោះ​សោត​ទេ អ្នក​នឹង​ពុំ​អាច​បាន​សង្គ្រោះ​ឡើយ។

    ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ដាក់​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​ចុះ ក៏​ពុំ​ត្រូវ​សប្បាយ​នៅ​ក្នុង​ការ​ខ្ចាយ​ឈាម ហើយ​ពុំ​ត្រូវ​កាន់​អាវុធ​ឡើង​វិញ​ឡើយ លើក​លែងតែ​កាលណា​ព្រះ​ទ្រង់​បញ្ជា​ដល់​អ្នក​រាល់​គ្នា​ប៉ុណ្ណោះ។

    ចូរ​អ្នក​រាល់​គ្នា​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​តែ​ស្គាល់​ពួក​អយ្យកោ​របស់​អ្នក ហើយ​ប្រែ​ចិត្ត​ពី​អស់​ទាំង​អំពើ​បាប និង​អំពើ​ទុច្ចរិត​របស់​អ្នក ហើយ​ជឿ​ដល់​ព្រះ​យេស៊ូវ​គ្រីស្ទ ថា​ទ្រង់​ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ ហើយ​ថា​ទ្រង់​ត្រូវ​ពួក​សាសន៍​យូដា​ធ្វើ​គត ហើយ​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​វរបិតា នោះ​ទ្រង់​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដោយ​ហេតុ​នេះ​ហើយ ទ្រង់​មាន​ជ័យ​ជម្នះ​លើ​ផ្នូរ ហើយ​គឺ​នៅ​ក្នុង​ទ្រង់​ផង ដែល​ទ្រនិច​នៃ​សេចក្ដី​ស្លាប់​បាន​លេប​ចូល។

    ហើយ​ទ្រង់​បាន​នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ស្លាប់ ដោយ​ហេតុ​នេះ មនុស្ស​ត្រូវ​បាន​ប្រោស​ឲ្យ​មាន​ជីវិត​ឡើង​វិញ ដើម្បី​ឈរ​នៅ​ចំពោះ​វេទិកា​ជំនុំ​ជំរះ​របស់​ទ្រង់។

    ហើយ​ទ្រង់​បាន​នាំ​មក​នូវ​សេចក្ដី​ប្រោស​លោះ​ដល់​ពិភពលោក ដោយ​ហេតុ​នេះ អ្នក​ណា​ដែល​ឃើញ​ថា ឥត​ទោស​នៅ​ចំពោះ​ទ្រង់​នៅ​ក្នុង​ថ្ងៃ​ជំនុំ​ជំរះ អ្នក​នោះ​ហើយ​ដែល​នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​រស់នៅ​ក្នុង​វត្ត​មាន​នៃ​ព្រះ​នៅ​ក្នុង​នគរ​របស់​ទ្រង់ ដើម្បី​ច្រៀង​ដោយ​មិន​ឈប់​ឈរ ជាមួយ​នឹង​ក្រុម​ចម្រៀង​នៅ​ស្ថាន​លើ សរសើរ​តម្កើង​ដល់​ព្រះ​វរបិតា និង​ព្រះ​រាជ​បុត្រា និង​ព្រះ​វិញ្ញាណ​បរិសុទ្ធ ដែល​ជា​ព្រះ​តែមួយ​នៅ​ក្នុង​ស្ថានភាព​មួយ​ដ៏​សប្បាយរីករាយ ហើយ​គ្មាន​ទីបំផុត។

    ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត ហើយ​ទទួល​បុណ្យ​ជ្រមុជ​ទឹក​ដោយ​នូវ​ព្រះ​នាម​ព្រះ​យេស៊ូវ​ចុះ ហើយ​កាន់ខ្ជាប់​នូវ​ដំណឹង​ល្អ​នៃ​ព្រះ​គ្រីស្ទ ដែល​នឹង​បាន​បង្ហាញ​នៅ​ចំពោះ​មុខ​អ្នក ពុំ​មែន​តែ​នៅ​ក្នុង​បញ្ជី​នេះ​ទេ តែ​នៅ​ក្នុង​បញ្ជី​ដែល​នឹង​ឲ្យ​ដល់​ពួក​សាសន៍​ដទៃ ពី​ពួក​សាសន៍​យូដា ហើយ​បញ្ជី​នោះ​នឹង​ចេញ​មក​ពី​ពួក​សាសន៍​ដទៃ​មក​ដល់​អ្នក​រាល់​គ្នា។

    ត្បិត​មើល​ចុះ បញ្ជី​នេះ​បាន​ត្រូវ​សរសេរ​ឡើង​ក្នុង​គោលបំណង ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ជឿ​ដល់​ការណ៍​នោះ ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់​បញ្ជី​នោះ នោះ​អ្នក​រាល់​គ្នា​នឹង​ជឿ​ដល់​បញ្ជី​នេះ​ដែរ ហើយ​បើ​សិន​ជា​អ្នក​ជឿ​ដល់​បញ្ជី​នេះ នោះ​អ្នក​នឹង​ដឹង​អំពី​ពួក​អយ្យកោ​របស់​អ្នក ព្រម​ទាំង​កិច្ចការ​ដ៏​អស្ចារ្យ​ទាំង​ឡាយ ដែល​បាន​កើត​ឡើង​ដោយ​ព្រះ​ចេស្ដា​នៃ​ព្រះ​នៅ​ក្នុង​ចំណោម​ពួក​គេ។

    ១០ហើយ​អ្នក​រាល់​គ្នា​ក៏​នឹង​ដឹង​ថា អ្នក​រាល់​គ្នា​គឺជា​សំណល់​មួយ​នៃ​ពូជ​យ៉ាកុប ហេតុ​ដូច្នេះ​ហើយ អ្នក​រាល់​គ្នា​នឹង​ត្រូវ​បាន​រាប់​ក្នុង​ចំណោម​ប្រជាជន​នៅ​ក្នុង​សេចក្ដី​សញ្ញា​ដំបូង ហើយ​បើ​សិន​ជា​អ្នក​រាល់​គ្នា​ជឿ​ដល់​ព្រះ​គ្រីស្ទ​យ៉ាង​នោះ​មែន ហើយ​បាន​ទទួល​បុណ្យ​ជ្រមុជ ដំបូង​ដោយ​ទឹក ហើយ​បន្ទាប់​មក ដោយ​ភ្លើង និង​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ គឺ​ធ្វើ​តាម​គំរូ​នៃ​ព្រះ​អង្គ​សង្គ្រោះ​របស់​យើង តាម​អ្វី​ដែល​ទ្រង់​បាន​បញ្ជា​ដល់​យើង នោះ​នឹង​បាន​ស្រួល​ដល់​អ្នក​រាល់​គ្នា​ហើយ​នៅ​ក្នុង​ថ្ងៃ​ជំនុំ​ជំរះ។ អាម៉ែន៕