មរមន 6
    Footnotes

    ជំពូក​ទី ៦

    ពួក​សាសន៍​នីហ្វៃ​ប្រមូល​គ្នា​មក​ក្នុង​ដែនដី​គូម៉ូរ៉ា ដើម្បី​ធ្វើ​ការ​ប្រយុទ្ធ​ទាំង​ឡាយ​ជា​ចុង​ក្រោយ​បំផុត — មរមន​លាក់​បញ្ជី​ពិសិដ្ឋ​ទាំង​ឡាយ​នៅ​ក្នុង​ភ្នំ​គូម៉ូរ៉ា — ពួក​សាសន៍​លេមិន​មាន​ជ័យ​ជម្នះ ហើយ​សាសន៍​នីហ្វៃ​ត្រូវ​បំផ្លាញ​ចោល — មនុស្ស​រាប់​រយ​ពាន់​នាក់ ត្រូវ​ប្រហារ​ចោល​ដោយ​ដាវ។ ប្រមាណ​ជា​ឆ្នាំ ៣៨៥ គ.ស.។

    ហើយ​ឥឡូវ​នេះ ខ្ញុំ​បង្ហើយ​បញ្ជី​របស់​ខ្ញុំ អំពី​ការ​បំផ្លិចបំផ្លាញ​ប្រជាជន​ខ្ញុំ គឺ​សាសន៍​នីហ្វៃ។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​បាន​ចេញ​ទៅ​ប្រយុទ្ធ​នឹង​ពួក​សាសន៍​លេមិន។

    ហើយ​ខ្ញុំ​មរមន​បាន​សរសេរ​សំបុត្រ​មួយ​ច្បាប់​ទៅ​ស្ដេច​របស់​ពួក​សាសន៍​លេមិន សូម​ឲ្យ​ទ្រង់​អនុញ្ញាត​ឲ្យ​ពួក​យើង​អាច​ប្រមូល​គ្នា​មក​ឯ​ដែនដី​គូម៉ូរ៉ា​នៅ​ត្រង់​ភ្នំ​មួយ ដែល​ហៅ​ថា ភ្នំ​គូម៉ូរ៉ា ហើយ​នៅ​ទី​នោះ យើង​អាច​ច្បាំង​នឹង​ពួក​គេ។

    ហេតុការណ៍​បាន​កើត​ឡើង​ថា ស្ដេច​របស់​ពួក​សាសន៍​លេមិន បាន​យល់​ព្រម​តាម​សំណូមពរ​របស់​ខ្ញុំ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​បាន​ដើរ​ទៅ​ដល់​ដែនដី​គូម៉ូរ៉ា ហើយ​យើង​បាន​បោះ​ត្រសាល​នៅ​ជុំវិញ​ភ្នំ​គូម៉ូរ៉ា គឺជា​ទី​ដី​មួយ​ដែល​មាន​ទឹកជា​ច្រើន ទន្លេ​ទាំង​ឡាយ និង​ជ្រោះ​ទាំង​ឡាយ ហើយ​នៅ​ទី​នេះ ពួក​យើង​មាន​សង្ឃឹម​ថា នឹង​មាន​ប្រៀប​ទៅ​លើ​ពួក​សាសន៍​លេមិន។

    ហើយ​កាល​បី​រយ​ប៉ែតសិប​បួន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ នោះ​ពួក​យើង​បាន​ប្រមូល​ប្រជាជន ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​មក​កាន់​ដែនដី គូម៉ូរ៉ា។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​យើង​បាន​ប្រមូល​ប្រជាជន​យើង​ទាំង​អស់​ចូល​គ្នា​មក​កាន់​ដែនដី​គូម៉ូរ៉ា​ហើយ មើល​ចុះ ខ្ញុំ​មរមន​បាន​ចាប់​ផ្ដើម​មាន​វ័យ​ចាស់ ហើយ​ដោយ​ដឹង​ថា នេះ​ជា​ការ​តស៊ូ​ចុង​ក្រោយ​បំផុត​របស់​ប្រជាជន​ខ្ញុំ ហើយ​ដោយ​បាន​ទទួល​បញ្ជា​ពី​ព្រះ​អម្ចាស់​ថា ខ្ញុំ​ពុំ​ត្រូវ​ទុក​ឲ្យ​បញ្ជី​ដ៏​ពិសិដ្ឋ​ទាំង​ឡាយ ហើយ​ដែល​បាន​ទុក​បន្ត​មក​តាំង​ពី​ជំនាន់​ពួក​អយ្យកោ​យើង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​នៃ​ពួក​សាសន៍​លេមិន​ឡើយ (ព្រោះ​ពួក​សាសន៍​លេមិន​នឹង​បំផ្លាញ​វត្ថុ​ទាំង​នោះ​ចោល) ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​បាន​ធ្វើ​បញ្ជី​នេះ​ចេញ​ពី​ផ្ទាំង​នីហ្វៃ ហើយ​បាន​លាក់​នៅ​ក្នុង​ភ្នំ​គូម៉ូរ៉ា​នូវ​បញ្ជី​ទាំង​អស់ ដែល​បាន​ប្រគល់​មក​ដល់​ខ្ញុំ​ដោយ​ព្រះ​ហស្ត​នៃ​ព្រះ​អម្ចាស់ លើក​លែងតែ​ផ្ទាំង​ទាំង​ប៉ុន្មាន​នេះ ដែល​ខ្ញុំ​ឲ្យ​ទៅ​កូន​ប្រុស​ខ្ញុំ គឺ​មរ៉ូណៃ

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ប្រជាជន​របស់​ខ្ញុំ​ជាមួយ​នឹង​ប្រពន្ធ​របស់​គេ និង​កូន​ចៅ​របស់​គេ ឥឡូវ​នេះ បាន​ឈរ​មើល​ពល​ទ័ព​របស់​ពួក​សាសន៍​លេមិន ដើរ​សំដៅ​មក​រក​គេ ហើយ​ដោយ​សេចក្ដី​ភិតភ័យ​ចំពោះ​សេចក្ដី​ស្លាប់​ដែល​មាន​ពោរ​ពេញ​នៅ​ក្នុង​ទ្រូង​នៃ​ពួក​ទុច្ចរិត​ទាំង​អស់ នោះ​ពួក​គេ​បាន​រង់ចាំ​ពួក​លេមិន។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​មក​ច្បាំង​នឹង​ពួក​យើង ហើយ​មនុស្ស​គ្រប់​រូប​បាន​ពោរ​ពេញ​ទៅ​ដោយ​ការ​តក់​ស្លុត ពី​ព្រោះ​មក​ពី​ពួក​លេមិន​មាន​ចំនួន​ច្រើន​លើសលប់។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​វាយ​សម្រុក​មក​លើ​ប្រជាជន​ខ្ញុំ​ដោយ​ដាវ និង​ដោយ​ធ្នូ និង​ដោយ​ព្រួញ និង​ដោយ​ពូថៅ និង​ដោយ​អស់​ទាំង​គ្រឿង​សស្ត្រាវុធ​ពិជ័យ​សង្គ្រាម​គ្រប់​បែប​យ៉ាង។

    ១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ទ័ព​របស់​ខ្ញុំ​ត្រូវ​កាប់​រំលំ មែន​ហើយ ទាំង​មនុស្ស​ចំនួន​មួយ​ម៉ឺន​នាក់​ដែល​នៅ​ជាមួយ​នឹង​ខ្ញុំ ហើយ​ខ្ញុំ​ត្រូវ​របួស​ដួល​ចុះ​នៅ​កណ្ដាល​ហ្វូង​មនុស្ស ហើយ​ពួក​គេ​បាន​ដើរ​បង្ហួស​ខ្ញុំ​ទៅ​ដោយ​ពុំ​បាន​ផ្ដាច់​ជីវិត​ខ្ញុំ​ឡើយ។

    ១១ហើយ​កាល​ពួក​គេ​បាន​ទៅ​ហួស ហើយ​បាន​កាប់​រំលំ​ប្រជាជន​របស់​ខ្ញុំ​ទាំង​អស់ លើក​លែងតែ​ពួក​យើង​ម្ភៃ​បួន​នាក់​ប៉ុណ្ណោះ (នៅ​ក្នុង​ចំណោម​នោះ មាន​កូន​ប្រុស​ខ្ញុំ​ឈ្មោះ មរ៉ូណៃ) ហើយ​ដោយ​យើង​បាន​រស់​ក្នុង​ចំណោម​សាកសព​នៃ​ប្រជាជន​យើង​ដល់​ស្អែក​ឡើង ក្នុង​កាល​ពួក​លេមិន​បាន​ត្រឡប់​មក​ជំរំ​ពួក​គេ​វិញ​ពីលើ​កំពូល​ភ្នំ​គូម៉ូរ៉ា នោះ​យើង​បាន​ឃើញ​ប្រជាជន​ខ្ញុំ​ចំនួន​មួយ​ម៉ឺន​នាក់ ដែល​ត្រូវ​កាប់​សម្លាប់​ដួល​សន្ធឹង​នៅ​ពីមុខ​ខ្ញុំ។

    ១២ហើយ​យើង​ក៏​បាន​ឃើញ​ប្រជាជន​ខ្ញុំ​មួយ​ម៉ឺន​នាក់ ដែល​បាន​ដឹកនាំ​ដោយ​កូន​ប្រុស​ខ្ញុំ គឺ​មរ៉ូណៃ។

    ១៣ហើយ​មើល​ចុះ ទ័ព​មួយ​ម៉ឺន​នាក់​របស់​គីឌគីឌដូណា​បាន​ដួល​ស្លាប់ រីឯ​ខ្លួន​លោក​ក៏​ដួល​ស្លាប់​នៅ​កណ្ដាល​ពួក​នោះ​ដែរ។

    ១៤ហើយ​ឡាម៉ា​បាន​ដួល​ស្លាប់​ជាមួយ​នឹង​ទ័ព​មួយ​ម៉ឺន​នាក់​របស់​លោក ហើយ​គីលកាល​បាន​ដួល​ស្លាប់​ជាមួយ​នឹង​ទ័ព​មួយ​ម៉ឺន​នាក់​របស់​លោក ហើយ​លិមហា​បាន​ដួល​ស្លាប់​ជាមួយ​នឹង​ទ័ព​មួយ​ម៉ឺន​នាក់​របស់​លោក ហើយ​យេនេអ៊ុម​បាន​ដួល​ស្លាប់​ជាមួយ​នឹង​ទ័ព​មួយ​ម៉ឺន​នាក់​របស់​លោក ហើយ​គូមេណៃ​ហា និង​មរ៉ូណៃហា និង​អាន់ទីអូនុម និង​ស៊ិបឡោម និង​សិម និង​យ៉ូស ទាំង​អស់​នេះ​បាន​ដួល​ស្លាប់​ជាមួយ​នឹង​ទ័ព​មួយ​ម៉ឺន​នាក់​រៀងៗ​ខ្លួន។

    ១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា មាន​មនុស្ស​ដប់​នាក់​ទៀត ដែល​ត្រូវ​ដួល​ស្លាប់​ដោយ​មុខ​ដាវ​ជាមួយ​នឹង​ទ័ព​មួយ​ម៉ឺន​នាក់​រៀងៗ​ខ្លួន មែន​ហើយ ប្រជាជន​យើង​ទាំង​អស់​ត្រូវ​បាន​ដួល​ស្លាប់ លើក​លែងតែ​មនុស្ស​ម្ភៃ​បួន​នាក់​ដែល​នៅ​ជាមួយ​នឹង​ខ្ញុំ និង​មួយ​ចំនួន​តូច​ដែល​បាន​រត់​ភៀស​ខ្លួន​ទៅ​ស្រុក​ទាំង​ឡាយ​ខាង​ត្បូង និង​មួយ​ចំនួន​តូច​ដែល​បាន​សុំ​ចុះ​ចូល​ពួក​លេមិន ហើយ​សាច់ និង​ឆ្អឹង និង​ឈាម​របស់​ពួក​គេ ក្រាល​នៅ​លើ​ផ្ទៃ​ផែនដី ត្រូវ​ពួក​ដែល​សម្លាប់​គេ​ទុក​ចោល​ឲ្យ​រលួយ​នៅ​លើ​ដី ហើយ​ឲ្យ​បែក​ធ្លាយ ហើយ​ឲ្យ​ត្រឡប់​ទៅ​ឯ​ព្រះ​ធរណី​វិញ។

    ១៦ហើយ​ព្រលឹង​ខ្ញុំ​ប្រេះ​បែក​ដោយ​ឈឺ​ចាប់ ព្រោះ​ការ​កាប់​សម្លាប់​នៃ​ប្រជាជន​ខ្ញុំ ហើយ​ខ្ញុំ​ទួញ​ថា ៖

    ១៧ឱ​ពួក​អ្នក​ដ៏​ស្រស់​ល្អ​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​បង្វែរ​ចេញ​ពី​ផ្លូវ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​ដូច្នេះ! ឱ​ពួក​អ្នក​ដ៏​ស្រស់​ល្អ​អើយ ហេតុ​អ្វី​បាន​ជា​អ្នក​បដិសេធ​ព្រះ​យេស៊ូវ ដែល​ទ្រង់​បាន​ឈរ​លាត​ព្រះ​ពាហុ​ចាំ​ទទួល​អ្នក​ដូច្នេះ?

    ១៨មើល​ចុះ បើ​សិន​ជា​អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​ដូច្នេះ​ទេ នោះ​អ្នក​រាល់​គ្នា​នឹង​ពុំ​បាន​ដួល​ស្លាប់​ឡើយ។ ប៉ុន្តែ​មើល​ចុះ អ្នក​រាល់​គ្នា​បាន​ដួល​ស្លាប់ ហើយ​ខ្ញុំ​ទួញ​សោក​ដោយ​បាត់បង់​អ្នក​រាល់​គ្នា។

    ១៩ឱ​អ្នក​រាល់​គ្នា ដែល​ជា​កូន​ប្រុស​កូន​ស្រី​ដ៏​ស្រស់​ល្អ​អើយ អ្នក​រាល់​គ្នា​ដែល​ជា​ឪពុក​ម្ដាយ អ្នក​រាល់​គ្នា​ដែល​ជា​ប្ដី​ប្រពន្ធ អ្នក​រាល់​គ្នា​ដ៏​ស្រស់​ល្អ​អើយ ហេតុ​អ្វី​ក៏​អ្នក​រាល់​គ្នា​ត្រូវ​ដួល​ស្លាប់​យ៉ាង​នេះ​ហ្ន៎!

    ២០ប៉ុន្តែ​មើល​ចុះ អ្នក​រាល់​គ្នា​បាន​ចាក​ចេញ​ទៅ​ហើយ ឯ​សេចក្ដី​ទុក្ខ​សោក​របស់​ខ្ញុំ ពុំ​អាច​នាំ​អ្នក​មក​វិញ​បាន​ទេ។

    ២១ហើយ​ថ្ងៃ​នោះ​ជិត​មក​ដល់ ក្នុង​កាល​ប្រាណ​ដែល​រមែង​ស្លាប់​របស់​អ្នក នឹង​ត្រូវ​ប្រដាប់​ដោយ​អមតភាព​វិញ ហើយ​រូប​កាយ​ទាំង​នេះ ដែល​ឥឡូវ​នេះ​កំពុង​ពុករលួយ មិន​យូរប៉ុន្មាន​ទេ នឹង​ក្លាយ​ទៅ​ជា​រូប​កាយ​ទាំង​ឡាយ ដែល​មិន​ពុករលួយ​វិញ ហើយ​នៅ​ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ត្រូវ​ឈរ​នៅ​ចំពោះ​វេទិកា​ជំនុំ​ជំរះ​នៃ​ព្រះ​គ្រីស្ទ ដើម្បី​ទទួល​ការ​ជំនុំ​ជំរះ ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​របស់​អ្នក ហើយ​ប្រសិន​បើ​អ្នក​រាល់​គ្នា​ជា​មនុស្ស​សុចរិត ពេល​នោះ អ្នក​នឹង​បាន​ពរ​ជាមួយ​នឹង​ពួក​អយ្យកោ​របស់​អ្នក ដែល​បាន​ចាក​ចេញ​ទៅ​មុន​អ្នក។

    ២២ឱ​គួរតែ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​មុន​ការ​បំផ្លិចបំផ្លាញ​ដ៏​ធំ​នេះ​កើត​ឡើង​ដល់​អ្នក។ ប៉ុន្តែ​មើល​ចុះ អ្នក​រាល់​គ្នា​បាន​ចាក​ចេញ​ទៅ​ហើយ ហើយ​ព្រះ​វរបិតា មែន​ហើយ ព្រះ​វរបិតា​ដ៏​នៅ​អស់​កល្ប​ជានិច្ច​នៃ​ស្ថានសួគ៌ ទ្រង់​ជ្រាប​នូវ​ស្ថានភាព​របស់​អ្នក ហើយ​ទ្រង់​នឹង​វិនិច្ឆ័យ​អ្នក ស្រប​តាម​សេចក្ដី​យុត្តិធម៌ និង​សេចក្ដី​មេត្តាករុណា​របស់​ទ្រង់៕