មរមន 2
    Footnotes

    ជំពូក​ទី ២

    មរមន​ដឹកនាំ​ពល​ទ័ព​សាសន៍​នីហ្វៃ — ការ​ខ្ចាយ​ឈាម និង​ការ​កាប់​សម្លាប់​មាន​ពាស​ពេញ​ទូ​ទៅ​ទាំង​ដែនដី — ពួក​សាសន៍​នីហ្វៃ​ទួញ​យំសោក​ដោយ​សេចក្ដី​ទុក្ខ​នៃ​ជន​ដែល​ជាប់​ទោស — ថ្ងៃ​នៃ​ព្រះ​គុណ​បាន​កន្លង​ផុត​ទៅ​ហើយ — មរមន​យក​ផ្ទាំង​នីហ្វៃ — សង្គ្រាម​ទាំង​ឡាយ​បន្ត​ទៅ។ ប្រមាណ​ជា​ឆ្នាំ ៣២៧–៣៥០ គ.ស.។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ដដែល​នោះ មាន​សង្គ្រាម​មួយ​បាន​ចាប់​ផ្ដើម​ឡើង​ជា​ថ្មី​ទៀត​រវាង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន។ ហើយ​ទោះ​ជា​ខ្ញុំ​នៅ​ក្មេង​ក៏​ដោយ គង់តែ​ខ្ញុំ​មាន​មាឌ​ធំ​ដែរ ហេតុ​ដូច្នេះ​ហើយ ប្រជាជន​នីហ្វៃ​បាន​តែងតាំង​ខ្ញុំ​ឲ្យ​ធ្វើ​ជា​មេដឹកនាំ​របស់​ពួក​គេ ឬ​ក៏​ជា​មេដឹកនាំ​នៃ​ពល​ទ័ព​របស់​ពួក​គេ។

    ហេតុ​ដូច្នេះ​ហើយ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ពេល​ខ្ញុំ​មាន​អាយុ​ដប់​ប្រាំមួយ​ឆ្នាំ ខ្ញុំ​បាន​ដឹកនាំ​ពួក​នីហ្វៃ​មួយ​កង​ប្រឆាំង​នឹង​ទ័ព​លេមិន ហេតុ​ដូច្នេះ​ហើយ បី​រយ​ម្ភៃ​ប្រាំមួយ​ឆ្នាំ​បាន​កន្លង​ផុត​ទៅ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​បី​រយ​ម្ភៃ​ប្រាំពីរ នោះ​ពួក​លេមិន​បាន​មក​វាយប្រហារ​ពួក​យើង ដោយ​កម្លាំង​ដ៏​ខ្លាំង​លើសលប់ ដរាប​ដល់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ពល​ទ័ព​របស់​ខ្ញុំ​ភិតភ័យ ហេតុ​ដូច្នេះ​ហើយ ពួក​គេ​មិន​ព្រម​ប្រយុទ្ធ ហើយ​ពួក​គេ​បាន​ចាប់​ផ្ដើម​ដកថយ​ឆ្ពោះ​ទៅ​ដែនដី​ខាង​ជើង​ទាំង​ឡាយ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​បាន​មក​ដល់​ទី​ក្រុង​អង់កូឡា ហើយ​ពួក​យើង​យក​បាន​ទី​ក្រុង​នោះ ហើយ​ធ្វើ​ការ​រៀបចំ​ការ​ពារ​ខ្លួន​ប្រឆាំង​នឹង​ទ័ព​លេមិន។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​បាន​ពង្រឹង​ទី​ក្រុង​នោះ ដោយ​សមត្ថ​ភាព​របស់​យើង ប៉ុន្តែ​ទោះ​ជា​មាន​ការ​ពង្រឹង​របស់​យើង​អស់​ទាំង​នេះ​ក្ដី គង់តែ​ទ័ព​លេមិន​បាន​មក​វាយប្រហារ​យើង ហើយ​បាន​រុញច្រាន​ពួក​យើង​ចេញ​ពី​ទី​ក្រុង​ដែរ។

    ហើយ​ពួក​គេ​ថែម​ទាំង​បាន​រុញច្រាន​ពួក​យើង​ផុត​ពី​ដែនដី​ដាវីឌ​ទៀត។

    ហើយ​ពួក​យើង​បាន​ដើរ​ឆ្ពោះ​ទៅ​មុខ ហើយ​បាន​មក​ដល់​ដែនដី​យ៉ូស្វេ ដែល​នៅ​ក្នុង​ព្រំប្រទល់​ខាង​លិច​ជិត​ឆ្នេរសមុទ្រ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​បាន​ប្រមូល​ប្រជាជន​យើង​យ៉ាង​ឆាប់​រហ័ស ដែល​អាច​ធ្វើ​បាន​ប្រយោជន៍​ឲ្យ​ពួក​យើង​អាច ប្រមូល​ពួក​គេ​មក​ជា​ក្រុម​មួយ។

    ប៉ុន្តែ​មើល​ចុះ ដែនដី​នោះ​ពោរ​ពេញ​ទៅ​ដោយ​ពួក​ចោរ និង​ពួក​សាសន៍​លេមិន ហើយ​ទោះ​ជា​មាន​ការ​បំផ្លិចបំផ្លាញ​ដ៏​មហិមា ព្យួរ​នៅ​ខាង​លើ​ប្រជាជន​ខ្ញុំ​ក្ដី គង់តែ​ពួក​គេ​ពុំ​ប្រែ​ចិត្ត​អំពី​អំពើ​អាក្រក់​របស់​ពួក​គេ​ទេ ហេតុ​ដូច្នេះ​ហើយ ទើប​មាន​ការ​ខ្ចាយ​ឈាម និង​ការ​កាប់​សម្លាប់​ពាស​ពេញ​ទូ​ទៅ​ទាំង​ផ្ទៃ​ដែនដី ទាំង​ខាង​ពួក​សាសន៍​នីហ្វៃ និង​ខាង​ពួក​សាសន៍​លេមិន​ផង ហើយ​នោះ​គឺជា​ការ​ច្របូកច្របល់​ដ៏​ពេញ​ទំហឹង​មួយ​ទូ​ទៅ​លើ​ផ្ទៃ​ដែនដី​ទាំង​មូល។

    ហើយ​ឥឡូវ​នេះ ពួក​សាសន៍​លេមិន​មាន​ស្ដេច​មួយ ហើយ​នាម​របស់​ទ្រង់​គឺ អើរ៉ុន ហើយ​ទ្រង់​បាន​មក​ច្បាំង​នឹង​ពួក​យើង​ដោយ​មាន​កង​ទ័ព​មួយ ដែល​មាន​គ្នា​ចំនួន​បួន​ម៉ឺន​បួន​ពាន់​នាក់។ ហើយ​មើល​ចុះ ខ្ញុំ​តតាំង​នឹង​ទ្រង់​ជាមួយ​នឹង​ទ័ព​បួន​ម៉ឺន​ពីរ​ពាន់​នាក់។ ហើយ​ហេតុការណ៍ បាន​កើត​ឡើង​ថា ខ្ញុំ​មាន​ជ័យ​ជម្នះ​លើ​ទ្រង់​ជាមួយ​នឹង​កង​ទ័ព​របស់​ខ្ញុំ ធ្វើ​ឲ្យ​ទ្រង់​រត់គេច​ចេញ​ពី​ខ្ញុំ​ទៅ។ ហើយ​មើល​ចុះ ការណ៍​អស់​ទាំង​នេះ​បាន​កើត​ឡើង ហើយ​បី​រយ​សាមសិប​ឆ្នាំ​បាន​កន្លង​ផុត​ទៅ។

    ១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​នីហ្វៃ​បាន​ចាប់​ផ្ដើម​ប្រែ​ចិត្ត អំពី​អំពើ​ទុច្ចរិត​របស់​ខ្លួន ហើយ​បាន​ចាប់​ផ្ដើម​យំ​ត្អូញ​ដូចដែល​សាំយូអែល ដែល​ជា​ព្យាការី​បាន​ព្យាករ​មក​ដូច្នោះ ត្បិត​មើល​ចុះ គ្មាន​អ្នក​ណា​ម្នាក់​អាច​រក្សាទុក​នូវ​អ្វី​ដែល​ជា​របស់​ផង​ខ្លួន​បាន​ឡើយ ព្រោះ​តែ​ពួក​ចោរ​លួច និង​ចោរប្លន់ និង​ពួក​ឃាតករ និង​មន្តអាគម និង​អំពើ​ដែល​នៅ​ក្នុង​ដែនដី។

    ១១ម្ល៉ោះ​ហើយ ក៏​ចាប់​ផ្ដើម​មាន​ការ​ទួញ​សោក និង​ទុក្ខ​ព្រួយ​នៅ​លើ​ដែនដី​ទាំង​មូល ដោយ​សារ​ការណ៍​ទាំង​នេះ ហើយ​ជា​ពិសេស​ទៅ​ទៀត គឺ​នៅ​ក្នុង​ចំណោម​ប្រជាជន​នីហ្វៃ។

    ១២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ខ្ញុំ​មរមន បាន​ឃើញ​សេចក្ដី​ទុក្ខ​ព្រួយ និង​សេចក្ដី​ទួញ​សោក និង​សេចក្ដី​ព្រួយ​របស់​ពួក​គេ​នៅ​ចំពោះ​ព្រះ​អម្ចាស់​ដូច្នោះ ខ្ញុំ​ក៏​ចាប់​ផ្ដើម​អរ​រីករាយ​នៅ​ក្នុង​ចិត្ត​ដោយ​ដឹង​នូវ​សេចក្ដី​មេត្តាករុណា​ទាំង​ឡាយ និង​សេចក្ដី​អត់ធ្មត់​នៃ​ព្រះ​អម្ចាស់ ហេតុ​ដូច្នេះ​ហើយ ដោយ​សន្និដ្ឋាន​ថា ទ្រង់​នឹង​មេត្តា​ដល់​ពួក​គេ​ប្រយោជន៍​ឲ្យ​ពួក​គេ​ក្លាយ​ទៅ​ជា​ប្រជាជន​សុចរិត​វិញ។

    ១៣ប៉ុន្តែ​មើល​ចុះ សេចក្ដី​អំណរ​របស់​ខ្ញុំ​នេះ​បែរ​ទៅ​ជា​អសារ​ឥត​ការ​ទៅ​វិញ ត្បិត​សេចក្ដី​ទុក្ខ​សោក​របស់​ពួក​គេ​ពុំ​នាំ​ទៅ​រក​សេចក្ដី​ប្រែ​ចិត្ត ដោយ​សារ​សេចក្ដី​ល្អ​សប្បុរស​នៃ​ព្រះ​នោះ​ឡើយ ប៉ុន្តែ​វា​ជា​សេចក្ដី​ទុក្ខ​ព្រួយ​របស់​អ្នក​ជាប់​ទោស ពី​ព្រោះ​ព្រះ​អម្ចាស់​ទ្រង់​ពុំ​ទ្រាំ​ឲ្យ​ពួក​គេ​មាន​សុភមង្គល​ក្នុង​អំពើ​បាប​សោះ។

    ១៤ហើយ​ពួក​គេ​ពុំ​មក​រក​ព្រះ​យេស៊ូវ ដោយ​មាន​ចិត្ត​សង្រេង និង​វិញ្ញាណ​ទន់​ទាប​ឡើយ ប៉ុន្តែ​ពួក​គេ​បាន​ប្រទេច​ផ្ដាសា​ដល់​ព្រះ ហើយ​ចង់​ស្លាប់​ទៅ​វិញ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ពួក​គេ​ប្រយុទ្ធ​ដោយ​ដាវ​ដើម្បី​ជីវិត​ពួក​គេ​ដែរ។

    ១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា សេចក្ដី​ព្រួយ​របស់​ខ្ញុំ វិល​មក​កាន់​ខ្ញុំ​វិញ ហើយ​ខ្ញុំ​បាន​ឃើញ​ថា ថ្ងៃ​នៃ​ព្រះ​គុណ​សម្រាប់​ពួក​គេ បាន​កន្លង​ផុត​ហើយ ទាំង​ខាង​ឯ​សាច់ឈាម និង​ទាំង​ខាង​ឯ​វិញ្ញាណ​ផង ត្បិត​ខ្ញុំ​បាន​ឃើញ​ពួក​គេ​រាប់​ពាន់​នាក់ ត្រូវ​កាប់​រំលំ​នៅ​ក្នុង​កា​របះ​បោរ​យ៉ាង​ចេញ​មុខ​ទាស់​នឹង​ព្រះ​របស់​ពួក​គេ ហើយ​គរ​ដូច​ជា​អាចម៍​សត្វ​នៅ​លើ​ផ្ទៃ​ដែនដី។ ម្ល៉ោះ​ហើយ បី​រយ​សែសិប​បួន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ។

    ១៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​បី​រយ​សែសិប​ប្រាំ នោះ​ពួក​សាសន៍​នីហ្វៃ​បាន​ចាប់​ផ្ដើម​រត់គេច​ពី​ពួក​សាសន៍​លេមិន ហើយ​ពួក​គេ​ត្រូវ​ដេញ​តាម​រហូត​ដល់​ពួក​គេ​មក​ដល់​ដែនដី​យ៉ាសុន ទើប​អាច​បញ្ឈប់​ការ​ដកថយ​របស់​ពួក​គេ​បាន។

    ១៧ហើយ​ឥឡូវ​នេះ ទី​ក្រុង​យ៉ាសុន​នៅ​ជិត​ដែនដី ដែល​អាំម៉ារ៉ុន​បាន​កប់​បញ្ជី​ទាំង​ឡាយ​ថ្វាយ​ព្រះ​អម្ចាស់​ដើម្បី​កុំ​ឲ្យ​ត្រូវ​បំផ្លាញ​ចោល។ ហើយ​មើល​ចុះ ខ្ញុំ​បាន​ទៅ​តាម​ពាក្យ​របស់​អាំម៉ារ៉ុន ហើយ​យក​ផ្ទាំង​នីហ្វៃ ហើយ​បាន​ធ្វើ​បញ្ជី​មួយ ស្រប​តាម​ពាក្យ​របស់​អាំម៉ារ៉ុន។

    ១៨ហើយ​នៅ​លើ​ផ្ទាំង​នីហ្វៃ នោះ​ខ្ញុំ​បាន​ធ្វើ​ការ​រៀប​រាប់​នូវ​ដំណើរ​រឿង​ដ៏​ពោរ​ពេញ អំពី​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​អស់ ប៉ុន្តែ​នៅ​លើ​ផ្ទាំង​ទាំង​នេះ ខ្ញុំ​ពុំ​រៀប​រាប់​នូវ​ដំណើរ​រឿង​ដ៏​ពោរ​ពេញ​អំពី​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​ពួក​គេ​ទេ ត្បិត​មើល​ចុះ ឆាក​អំពី​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​កើត​ឡើង​ចំពោះ​ភ្នែក​ខ្ញុំ​មិន​ឈប់​ឈរ ចាប់​តាំង​ពី​ខ្ញុំ​ដឹង​ក្ដី​ល្មម ហើយ​មើល​ឃើញ​អំពើ​ទាំង​ឡាយ​របស់​មនុស្ស។

    ១៩ហើយ​វេទនា​ដល់​ខ្ញុំ ពី​ព្រោះ​មក​ពី​អំពើ​ទុច្ចរិត​របស់​ពួក​គេ ត្បិត​ដួង​ចិត្ត​ខ្ញុំ​ត្រូវ​ពោរ​ពេញ​ទៅ​ដោយ​សេចក្ដី​ព្រួយ ពីព្រោះ​មក​ពី​អំពើ​ទុច្ចរិត​របស់​ពួក​គេ​អស់​មួយ​ជីវិត​ខ្ញុំ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រូវ​បាន​តម្កើង​ឡើង​នៅ​ថ្ងៃ​ចុង​ក្រោយ​បង្អស់​ដែរ។

    ២០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​នេះ ប្រជាជន​នីហ្វៃ​ត្រូវ​គេ​ដេញ ហើយ​ត្រូវ​រុញច្រាន​ជា​ថ្មី​ទៀត។ ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​ត្រូវ​គេ​រុញច្រាន រហូត​ដល់​ពួក​យើង​មក​ខាង​ជើង​ដល់​ដែនដី​ដែល​គេ​ហៅ​ថា សិម។

    ២១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​បាន​ពង្រឹង​ទី​ក្រុង​សិម ហើយ​ពួក​យើង​បាន​ប្រមូល​ប្រជាជន​យើង​ជា​ច្រើន ដែល​អាច​ធ្វើ​បាន​ដើម្បី​ក្រែង​ពួក​យើង​អាច​សង្គ្រោះ​ពួក​គេ ពី​សេចក្ដី​បំផ្លិចបំផ្លាញ​បាន។

    ២២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​បី​រយ​សែសិប​ប្រាំមួយ នោះ​ពួក​គេ​បាន​ចាប់​ផ្ដើម​មក​វាយប្រហារ​ពួក​យើង​ទៀត។

    ២៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​និយាយ​ទៅ​កាន់​ប្រជាជន​ខ្ញុំ ហើយ​បាន​ដាស់តឿន​ពួក​គេ​យ៉ាង​ខ្លាំង​ថា ពួក​គេ​ត្រូវ​ឈរ​យ៉ាង​ក្លាហាន​ប្រឆាំង​នឹង​ពួក​សាសន៍​លេមិន ហើយ​ប្រយុទ្ធ ដើម្បី​ការ​ពារ​ប្រពន្ធ​របស់​គេ និង​កូន​ចៅ​របស់​គេ និង​គ្រួសារ​របស់​គេ និង​ផ្ទះ សំបែង​របស់​គេ។

    ២៤ហើយ​ពាក្យ​ពេចន៍​របស់​ខ្ញុំ បាន​ដាស់​ឲ្យ​ពួក​គេ​មាន​សេចក្ដី​ក្លាហាន​បន្តិច​ឡើង ដរាប​ដល់​ធ្វើ​ឲ្យ​ពួក​គេ​ពុំ​រត់គេច​ចេញ​ពី​ទ័ព​លេមិន​ឡើយ តែ​បាន​ឈរ​យ៉ាង​ក្លាហាន​ប្រឆាំង​នឹង​ពួក​គេ​វិញ។

    ២៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​បាន​យក​ទ័ព​ចំនួន​បី​ម៉ឺន​នាក់​ទៅ​ប្រយុទ្ធ​នឹង​កងទ័ព​ចំនួន​ប្រាំ​ម៉ឺន​នាក់។ ហើយ​ហេតុ​ការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​បាន​តតាំង​នឹង​ពួក​គេ​យ៉ាង​ម៉ឺងម៉ាត់ រហូត​ដល់​ធ្វើ​ឲ្យ​ពួក​គេ​បាន​រត់គេច​ចេញ​ពី​ពួក​យើង​ទៅ។

    ២៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា កាល​ពួក​គេ​បាន​រត់គេច​ចេញ​ទៅ នោះ​ពួក​យើង​បាន​ដេញ​តាម​គេ​ដោយ​ពល​ទ័ព​របស់​យើង ហើយ​បាន​ជួប​ពួក​គេ​ទៀត ហើយ​បាន​វាយ​ឈ្នះ​ពួក​គេ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​កម្លាំង​នៃ​ព្រះ​អម្ចាស់ ពុំ​បាន​នៅ​ជាមួយ​នឹង​ពួក​យើង ទេ មែន​ហើយ ពួក​យើង​ត្រូវ​បាន​ទុក​ឲ្យ​នៅ​តែ​ឯង គឺ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ មិន​បាន​ស្ថិតនៅ​ក្នុង​យើង​ឡើយ ហេតុ​ដូច្នេះ​ហើយ ពួក​យើង​បាន​ក្លាយ​ទៅ​ជា​ខ្សោយ ដូច​ពួក​បង​ប្អូន​ទាំង​ឡាយ​របស់​យើង​ដែរ។

    ២៧ហើយ​ចិត្ត​ខ្ញុំ​ព្រួយ ពី​ព្រោះ​មក​ពី​គ្រោះអាសន្ន​ដ៏​ធំ​នេះ​នៃ​ប្រជាជន​ខ្ញុំ គឺ​ពី​ព្រោះ​មក​ពី​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​ទាំង​ឡាយ​របស់​គេ។ ប៉ុន្តែ​មើល​ចុះ ពួក​យើង​បាន​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​លេមិន និង​ពួក​ចោរ​កាឌីអានតុន រហូត​ដល់​ពួក​យើង​យក​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​យើង​បាន​មក​វិញ។

    ២៨ហើយ​ឆ្នាំ​ទី​បី​រយ​សែសិប​ប្រាំបួន​បាន​កន្លង​ផុត​ទៅ។ ហើយ​នៅ​ក្នុង​ឆ្នាំ​ទី​បី​រយ​ហាសិប នោះ​ពួក​យើង​បាន​ចុះ​មេត្រី​ភាព​មួយ​ជាមួយ​នឹង​ពួក​សាសន៍​លេមិន និង​ពួក​ចោរ​កាឌីអានតុន នៅ​ក្នុង​នោះ ពួក​យើង​បាន​យក​ដែនដី​កេរ្តិ៍​អាករ​មក​ចែក។

    ២៩ហើយ​ពួក​សាសន៍​លេមិន បាន​ឲ្យ​យើង​ដែនដី​ខាង​ជើង មែន​ហើយ ទៅ​ដល់​ចន្លោះ​តូច ដែល​នាំ​ទៅ​ឯ​ដែនដី​ខាង​ត្បូង។ ហើយ​ពួក​យើង​បាន​ឲ្យ​ទៅ​ពួក​សាសន៍​លេមិន ដែនដី​ខាង​ត្បូង​ទាំង​អស់៕