មរមន 5
    Footnotes

    ជំពូក​ទី ៥

    មរមន​ដឹកនាំ​ពល​ទ័ព​សាសន៍​នីហ្វៃ​ម្ដង​ទៀត​នៅ​ក្នុង​ចម្បាំង​ទាំង​ឡាយ ដែល​ពោរ​ពេញ​ទៅ​ដោយ​ការ​ខ្ចាយ​ឈាម និង​ការ​កាប់​សម្លាប់ — ព្រះ​គម្ពីរ​មរមន​នឹង​លេច​ចេញ​មក​ដើម្បី​បរិវត្ត​ពួក​អ៊ីស្រាអែល​ទាំង​អស់​ថា ព្រះ​យេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ — ពី​ព្រោះ​មក​ពី​ការ​ឥត​ជំនឿ​របស់​គេ នោះ​ពួក​សាសន៍​លេមិន នឹង​ត្រូវ​កម្ចាត់​កំចាយ​ចេញ ហើយ​ព្រះ​វិញ្ញាណ ទ្រង់​នឹង​ឈប់​តស៊ូ​នៅ​ជាមួយ​នឹង​ពួក​គេ​ហើយ — ពួក​គេ​នឹង​ទទួល​ដំណឹង​ល្អ​ពី​ពួក​សាសន៍​ដទៃ​នៅ​ថ្ងៃ​ចុង​ក្រោយ។ ប្រមាណ​ជា​ឆ្នាំ ៣៧៥–៣៨៤ គ.ស.។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ទៅ​ក្នុង​ចំណោម​ពួក​សាសន៍​នីហ្វៃ ហើយ​បាន​ប្រែ​ចិត្ត​ពី​ពាក្យ​សម្បថ​ដែល​ខ្ញុំ​បាន​ធ្វើ​ថា ខ្ញុំ​នឹង​ពុំ​ជួយ​ពួក​គេ​ទៀត​ទេ ហើយ​ពួក​គេ​បាន​ឲ្យ​ខ្ញុំ​បញ្ជា​ពល​ទ័ព​របស់​គេ​ទៀត ត្បិត​ពួក​គេ​មើល​មក​ខ្ញុំ បី​ដូច​ជា​ខ្ញុំ​អាច​ដោះ​លែង​ពួក​គេ​ឲ្យ​រួច​ផុត​ពី​សេចក្ដី​ទុក្ខ​វេទនា​ទាំង​ឡាយ​របស់​គេ។

    ប៉ុន្តែ​មើល​ចុះ ខ្ញុំ​គ្មាន​សង្ឃឹម​ឡើយ ត្បិត​ខ្ញុំ​បាន​ដឹង​ថា សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ​នៃ​ព្រះ​អម្ចាស់​នឹង​ធ្លាក់​មក​លើ​ពួក​គេ ត្បិត​ពួក​គេ​ពុំ​ប្រែ​ចិត្ត​ចេញ​ពី​អំពើ​ទុច្ចរិត​ទាំង​ឡាយ​របស់​គេ​ទេ ប៉ុន្តែ​បាន​តស៊ូ​ដើម្បី​ជីវិត​របស់​គេ ដោយ​ពុំ​អំពាវនាវ​ដល់​តួអង្គ ដែល​បាន​បង្កើត​ពួក​គេ​ឡើយ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​លេមិន​បាន​មក​ច្បាំង​នឹង​យើង នៅ​ពេល​ពួក​យើង​រត់​ទៅ​ទី​ក្រុង​យ័រដាន់ ប៉ុន្តែ​មើល​ចុះ ពួក​គេ​ត្រូវ​បាន​រុញច្រាន​ឲ្យ​ថយ​ក្រោយ​វិញ ដែល​ពួក​គេ​ពុំ​បាន​យក​ទី​ក្រុង​នោះ នៅ​ក្នុង​ពេល​នោះ​ឡើយ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​បាន​មក​ច្បាំង​នឹង​ពួក​យើង​ទៀត ហើយ​ពួក​យើង​បាន​រក្សា​ទី​ក្រុង​នោះ​ទុក។ ហើយ​មាន​ទី​ក្រុង​ទាំង​ឡាយ​ឯ​ទៀត​ផង ដែល​ត្រូវ​បាន​រក្សាទុក ដោយ​ពួក​សាសន៍​នីហ្វៃ ដែល​មាន​ទីតាំង​ការ​ពារ​ទាំង​ឡាយ ដែល​បាន​ផ្ដាច់​ផ្លូវ​ពួក​គេ ដើម្បី​កុំ​ឲ្យ​ពួក​គេ​អាច​ចូល​ទៅ​ក្នុង​ស្រុក ដែល​នៅ​ខាង​មុខ​ពួក​យើង ដើម្បី​មក​បំផ្លាញ​ប្រជាជន​នៃ​ដែនដី​យើង​ចោល។

    ប៉ុន្តែ​ហេតុការណ៍​បាន​កើត​ឡើង​ថា ដែនដី​ទាំង​ឡាយ​ណា​ដែល​យើង​បាន​ឆ្លងកាត់ ហើយ​បណ្ដាជន​នៅ​ទី​នោះ​ពុំ​ប្រមូល​គ្នា​មក គឺ​ត្រូវ​បំផ្លាញ​ចោល​ដោយ​ពួក​សាសន៍​លេមិន ហើយ​ទីផ្សារ​ទាំង​ឡាយ និង​ភូមិ​ទាំង​ឡាយ និង​ទី​ក្រុង​ទាំង​ឡាយ​របស់​ពួក​គេ ត្រូវ​ដុត​ឆេះ​ដោយ​ភ្លើង ម្ល៉ោះ​ហើយ បី​រយ​ចិតសិប​ប្រាំបួន​ឆ្នាំ​បាន​កន្លង​ផុត​ទៅ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​បី​រយ​ប៉ែតសិប នោះ​ពួក​សាសន៍​លេមិន​បាន​មក​ច្បាំង​នឹង​ពួក​យើង​ទៀត ហើយ​ពួក​យើង​បាន​តទល់​នឹង​ពួក​គេ​យ៉ាង​ក្លាហាន ប៉ុន្តែ​គឺជា​ការ​ឥត​ប្រយោជន៍​ទៅ​វិញ ត្បិត​ពួក​គេ​មាន​ចំនួន​ច្រើន​ណាស់​ដែល​នាំ​ឲ្យ​ពួក​គេ​ជាន់​ឈ្លី​ប្រជាជន​នៃ​សាសន៍​នីហ្វៃ​នៅ​ក្រោម​ជើង​គេ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​យើង​បាន​រត់គេច​ទៀត ហើយ​អស់​អ្នក​ណា​ដែល​រត់​លឿន​ជាង​ពួក​សាសន៍​លេមិន​ក៏​បាន​រត់​រួច ហើយ​អស់​អ្នក​ណា​ដែល​រត់​មិន​លឿន​ជាង​ពួក​សាសន៍​លេមិន​ក៏​ត្រូវ​បោស​ចេញ ហើយ​បំផ្លាញ​ចោល។

    ហើយ​ឥឡូវ​នេះ មើល​ចុះ ខ្ញុំ​មរមន ពុំ​មាន​បំណង​ធ្វើ​ឲ្យ​មនុស្ស​កើតទុក្ខ​ក្នុង​ដួង​ព្រលឹង ដោយ​លាតត្រដាង​នៅ​ចំពោះ​មុខ​គេ​នូវ​ឆាក​មួយ​ដ៏​គួរ​ស្ញែង​ខ្លាច​នៃ​ការ​ខ្ចាយ​ឈាម និង​ការ​កាប់​សម្លាប់ ដូចដែល​បាន​បង្ហាញ​ចំពោះ​ភ្នែក​ខ្ញុំ​ទេ ប៉ុន្តែ​ដោយ​ខ្ញុំ​ដឹង​ថា ការណ៍​ទាំង​នេះ​ត្រូវ តែ​ឲ្យ​គេ​ដឹង​ជា​ប្រាកដ ហើយ​ថា អស់​ទាំង​ការណ៍​ដែល​លាក់​កំបាំង ត្រូវ​តែ​បើក​សម្ដែង​នៅ​ខាង​លើ​ដំបូល​ផ្ទះ —

    ហើយ​ម្យ៉ាង​ទៀត​ថា ដំណឹង​អំពី​ហេតុការណ៍​ទាំង​នេះ ត្រូវ​តែ​មាន​ដល់​សំណល់​នៃ​ប្រជាជន​ទាំង​នេះ និង​ដល់​ពួក​សាសន៍​ដទៃ​ផង ដែល​ព្រះ​អម្ចាស់​ទ្រង់​មាន​ព្រះ​បន្ទូល​ថា នឹង​បំបែក​ប្រជាជន​នេះ ហើយ​ប្រជាជន​នេះ​នឹង​ត្រូវ​រាប់​ជា​ឥត​ប្រយោជន៍​នៅ​ក្នុង​ចំណោម​ពួក​គេ — ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​សរសេរ​នូវ​សេចក្ដី​សង្ខេប​ដ៏​ខ្លី​មួយ ដោយ​ពុំ​ហ៊ាន​រៀប​រាប់​អំពី​ដំណើរ​រឿង​ដ៏​ពោរ​ពេញ​នៃ​ការណ៍​ទាំង​ឡាយ​ដែល​ខ្ញុំ​បាន​ឃើញ ពី​ព្រោះ​មក​ពី​បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល ហើយ​ម្យ៉ាង​ទៀត គឺ​ដើម្បី​កុំ​ឲ្យ​អ្នក​រាល់​គ្នា​មាន​ទុក្ខ​សោក​ខ្លាំង​ពេក​ពី​ព្រោះ​មក​ពី​អំពើ​ទុច្ចរិត​របស់​ប្រជាជន​នេះ។

    ១០ហើយ​ឥឡូវ​នេះ មើល​ចុះ ការណ៍​នេះ​គឺ​ខ្ញុំ​និយាយ​ទៅ​កាន់​ពូជ​របស់​ពួក​គេ និង​ទៅ​កាន់​ពួក​សាសន៍​ដទៃ​ផង ដែល​ថែរក្សា​វង្ស​អ៊ីស្រាអែល​ឲ្យ​ដឹង ហើយ​យល់​ថា តើ​ព្រះ​ពរ​ទាំង​ឡាយ​របស់​ពួក​គេ​បាន​មក​ពីណា។

    ១១ត្បិត​ខ្ញុំ​ដឹង​ថា ពួក​គេ​ទាំង​នេះ​ហើយ​ដែល​នឹង​កើតទុក្ខ​ចំពោះ​គ្រោះកាច​នៃ​វង្ស​អ៊ីស្រាអែល មែន​ហើយ ពួក​គេ​នឹង​កើតទុក្ខ​ចំពោះ​ការ​បំផ្លិចបំផ្លាញ​នៃ​ប្រជាជន​នេះ ពួក​គេ​នឹង​កើតទុក្ខ​ដោយ​ព្រោះ​ប្រជាជន​នេះ​ពុំ​បាន​ប្រែ​ចិត្ត ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​ឱប​ខ្ជាប់​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ​យេស៊ូវ។

    ១២ឥឡូវ​នេះ ការណ៍​ទាំង​នេះ​ត្រូវ​បាន​សរសេរ​ទុក​សម្រាប់​សំណល់​នៃ​វង្ស​យ៉ាកុប ហើយ​ការណ៍​ទាំង​នេះ ត្រូវ​បាន​សរសេរ​តាម​របៀប​នេះ ពី​ព្រោះ​ព្រះ​ទ្រង់​ជ្រាប​ថា អំពើ​ទុច្ចរិត​នឹង​មិន​នាំ​ឲ្យ​ពួក​គេ​ដឹង​នូវ​ការណ៍​ទាំង​នេះ​ឡើយ ហើយ​ការណ៍​ទាំង​នេះ​នឹង​ត្រូវ​បាន​លាក់​ថ្វាយ​ព្រះ​អម្ចាស់​ដើម្បី​ឲ្យ​បាន​ចេញ​មក តាម​ពេល​កំណត់​របស់​ទ្រង់​ផ្ទាល់។

    ១៣ហើយ​នេះ​គឺជា​បញ្ជា​ដែល​ខ្ញុំ​បាន​ទទួល ហើយ​មើល​ចុះ ការណ៍​ទាំង​នេះ​នឹង​ចេញ​មក ស្រប​តាម​បញ្ជា​នៃ​ព្រះ​អម្ចាស់ នៅ​ពេល​ដែល​ទ្រង់​នឹង​ទត​ឃើញ​ថា​សម​ល្មម​តាម​ប្រាជ្ញា​របស់​ទ្រង់។

    ១៤ហើយ​មើល​ចុះ ការណ៍​ទាំង​នេះ​នឹង​ទៅ​ដល់​ពួក​អ្នក​ដែល​មិន​ជឿ​ក្នុង​ពួក​សាសន៍​យូដា ហើយ​ដោយ​គោលបំណង​នេះ​ហើយ ដែល​ការណ៍​ទាំង​នេះ​នឹង​ចេញ​ទៅ — គឺ​ដើម្បី​ឲ្យ​ពួក​គេ​អាច​បាន​បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ​ថា ព្រះ​យេស៊ូវ​គឺជា​ព្រះ​គ្រីស្ទ ជា​ព្រះ​រាជ​បុត្រា​នៃ​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់នៅ ថា​ព្រះ​វរបិតា​អាច​ធ្វើ​ឡើង តាម​រយៈ​ព្រះ​រាជ​បុត្រា​ដ៏​សំណប់​បំផុត​របស់​ទ្រង់​នូវ​គោលបំណង​ដ៏​មហិមា និង​អស់​កល្ប​ជានិច្ច​ក្នុង​ការ​សាង​ឡើង​វិញ​នូវ​ពួក​សាសន៍​យូដា ឬ​វង្ស​អ៊ីស្រាអែល​ទាំង​អស់ ឲ្យ​មក​កាន់​ដែនដី​ជា​កេរ្តិ៍​អាករ​របស់​ពួក​គេ ដែល​ព្រះ​អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ​បាន​ប្រទាន​ឲ្យ​ពួក​គេ តាម​ការ​បំពេញ​សេចក្ដី​សញ្ញា​របស់​ទ្រង់

    ១៥ហើយ​ដើម្បី​ឲ្យ​ពូជ​របស់​ប្រជាជន​នេះ​ផង អាច​ជឿ​ដ៏​ពេញ​លេញ​ថែម​ទៀត​ដល់​ដំណឹង​ល្អ​របស់​ទ្រង់​ដែល​នឹង​ទៅ​ដល់​ពួក​គេ​ពី​ពួក​សាសន៍​ដទៃ ត្បិត​ប្រជាជន​នេះ​នឹង​ត្រូវ​បែកខ្ញែក ហើយ​នឹង​ក្លាយ​ទៅ​ជា​ប្រជាជន​មួយ​ដែល​មាន​សម្បុរ​ខ្មៅ ស្មោក​គ្រោក ហើយ​គួរ​ខ្ពើម​ឆ្អើម ហួស​ពី​ការ​អធិប្បាយ​នូវ​អ្វីៗ ដែល​ធ្លាប់​មាន​នៅ​ក្នុង​ចំណោម​ពួក​យើង​រាល់​គ្នា មែន​ហើយ ទាំង​អ្វី​ដែល​ធ្លាប់​មាន​នៅ​ក្នុង​ចំណោម​ពួក​សាសន៍​លេមិន ហើយ​នេះ​គឺ​ដោយ​សារ​ការ​ឥត​ជំនឿ និង​ការ​គោរព​រូប​ព្រះ​របស់​ពួក​គេ។

    ១៦ត្បិត​មើល​ចុះ ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់ ឈប់​តស៊ូ​នៅ​ជាមួយ​នឹង​ពួក​អយ្យកោ​របស់​ពួក​គេ​ហើយ ហើយ​ពួក​គេ​គ្មាន​ព្រះ​គ្រីស្ទ និង​ព្រះ​នៅ​ក្នុង​លោកិយ ហើយ​ពួក​គេ​ត្រូវ​រុញច្រាន ដូច​ជា​អង្កាម​ដែល​ខ្យល់​ផាត់។

    ១៧ពួក​គេ​ធ្លាប់​ជា​ប្រជាជន​មួយ​ដ៏​គួរ​ឲ្យ​ចូល​ចិត្ត ហើយ​ពួក​គេ​មាន​ព្រះ​គ្រីស្ទ​ជា​អ្នក​គង្វាល​របស់​ពួក​គេ មែន​ហើយ ពួក​គេ​ត្រូវ​បាន​ដឹកនាំ​ដោយ​ព្រះ​វរបិតា​ផង។

    ១៨ប៉ុន្តែ​ឥឡូវ​នេះ មើល​ចុះ ពួក​គេ​ត្រូវ​បាន​ដឹកនាំ​ដោយ​អារក្ស​សាតាំង ដូច​ជា​អង្កាម​ដែល​ខ្យល់​ផាត់ ឬ​ដូច​ជា​ភេត្រា​មួយ​បោះបោក​នៅ​លើ​រលក​គ្មាន​ក្ដោង ឬ​យុថ្កា ឬ​គ្មាន​អ្វី​សម្រាប់​កាច់ចង្កូត​វា ហើយ​គឺ​ពួក​គេ​ក៏​បី​ដូច​ជា​ភេត្រា​នេះ​ដូច្នេះ​ដែរ។

    ១៩ហើយ​មើល​ចុះ ព្រះ​អម្ចាស់​ទ្រង់​បាន​ទុក​ព្រះ​ពរ​ទាំង​ឡាយ​របស់​ពួក​គេ ដែល​គួរណា​តែ​ពួក​គេ​បាន​ទទួល​នៅ​ដែនដី ព្រោះ​ពួក​សាសន៍​ដទៃ ដែល​នឹង​យក​ដែនដី​នេះ។

    ២០ប៉ុន្តែ​មើល​ចុះ ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​នឹង​ត្រូវ​រុញច្រាន ហើយ​បំបែក​ខ្ញែក ដោយ​ពួក​សាសន៍​ដទៃ ហើយ​ក្រោយ​ពី​ពួក​គេ​ត្រូវ​រុញច្រាន និង​ត្រូវ​បំបែក​ខ្ញែក​ដោយ​ពួក​សាសន៍​ដទៃ​ហើយ មើល​ចុះ ពេល​នោះ​ព្រះ​អម្ចាស់​ទ្រង់​នឹង​នឹក​ចាំ​ដល់​សេចក្ដី​សញ្ញា ដែល​ទ្រង់​បាន​ធ្វើ​ដល់​លោក​អ័ប្រាហាំ និង​ដល់​វង្ស​អ៊ីស្រាអែល​ទាំង​អស់។

    ២១ហើយ​ព្រះ​អម្ចាស់​ទ្រង់​នឹង​នឹក​ចាំ​ដល់​សេចក្ដី​អធិស្ឋាន​ទាំង​ឡាយ​នៃ​ពួក​សុចរិត ដែល​ត្រូវ​បាន​ថ្វាយ​ដល់​ទ្រង់​ដើម្បី​ពួក​គេ។

    ២២ហើយ​នៅ​ពេល​នោះ ឱ​ពួក​សាសន៍​ដទៃ​អើយ តើ​ធ្វើ​ម្ដេច​ទៅ​អ្នក​រាល់​គ្នា​នឹង​អាច​ឈរ​នៅ​ចំពោះ​ព្រះ​ចេស្ដា​នៃ​ព្រះ​បាន លើក​លែងតែ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត ហើយ​បែរ​ចេញ​ពី​ផ្លូវ​អាក្រក់​ទាំង​ឡាយ​របស់​អ្នក?

    ២៣តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា អ្នក​រាល់​គ្នា​នៅ​ក្នុង​ព្រះ​ហស្ត​នៃ​ព្រះ? តើ​អ្នក​រាល់​គ្នា​មិន​ដឹង​ទេ​ឬ​ថា ទ្រង់​មាន​អស់​ទាំង​ព្រះ​ចេស្ដា ហើយ​នៅ​ក្រោម​បញ្ជា​ដ៏​មហិមា​របស់​ទ្រង់ ផែនដី​នឹង​ត្រូវ​មូរ​ចូល​គ្នា​ជា​រមូរ​ក្រដាស​មួយ?

    ២៤ហេតុ​ដូច្នេះ​ហើយ ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត ហើយ​ធ្វើ​ខ្លួន​រាបទាប​នៅ​ចំពោះ​ទ្រង់​ចុះ ក្រែង​ទ្រង់​នឹង​យក​សេចក្ដី​យុត្តិធម៌​មក​ទាស់​នឹង​អ្នក​រាល់​គ្នា — ក្រែង​សំណល់​មួយ​នៃ​ពូជ​យ៉ាកុប​នឹង​មក​ក្នុង​ចំណោម​អ្នក ដូច​ជា​សត្វ​សិង្ហ​មួយ ហើយ​នឹង​ហែក​អ្នក​រាល់​គ្នា​ទៅ​ជា​ដុំៗ ហើយ​នឹង​គ្មាន​អ្នក​ណា​ម្នាក់​អាច​ជួយ​ដោះ​លែង​អ្នក​បាន​ឡើយ៕