មរមន 3
    Footnotes

    ជំពូក​ទី ៣

    មរមន​ស្រែក​ប្រាប់​អំពី​ការ​ប្រែ​ចិត្ត​ដល់​ពួក​សាសន៍​នីហ្វៃ — ពួក​គេ​យក​បាន​ជ័យ​ជម្នះ​ដ៏​ធំ​មួយ ហើយ​បាន​សរសើរ​កម្លាំង​របស់​ខ្លួន — មរមន​ប្រកែក​មិន​ព្រម​ដឹក​នាំ​ពួក​គេ ហើយ​សេចក្ដី​អធិស្ឋាន​របស់​លោក​ដើម្បី​ពួក​គេ គឺ​គ្មាន​សេចក្ដី​ជំនឿ — ព្រះ​គម្ពីរ​មរមន​អញ្ជើញ​ពូជ​អំបូរ​ទាំង​ដប់​ពីរ​ពូជ​របស់​អ៊ីស្រាអែល​ឲ្យ​ជឿ​ដល់​ដំណឹង​ល្អ។ ប្រមាណ​ជា​ឆ្នាំ ៣៦០–៣៦២ គ.ស.។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​លេមិន​ពុំ​បាន​មក​ច្បាំង​ទៀត​ទេ រហូត​ដល់​ដប់​ឆ្នាំ​បាន​កន្លង​ផុត​ទៅ។ ហើយ​មើល​ចុះ ខ្ញុំ​បាន​ចាត់​ឲ្យ​ប្រជាជន​ខ្ញុំ គឺ​សាសន៍​នីហ្វៃ ឲ្យ​ធ្វើ​ការ​ដើម្បី​រៀបចំ​ដែនដី​របស់​គេ និង​គ្រឿង​សស្ត្រាវុធ​របស់​គេ​សម្រាប់​ពេល​មាន​ចម្បាំង។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ព្រះ​អម្ចាស់​ទ្រង់​បាន​មាន​បន្ទូល​មក​ខ្ញុំ​ថា ៖ ចូរ​ស្រែក​ទៅ​កាន់​ប្រជាជន​នេះ​ថា — ចូរ​អ្នក​រាល់​គ្នា​ប្រែ​ចិត្ត​ចុះ ហើយ​មក​រក​យើង ហើយ​ចូរ​អ្នក​រាល់​គ្នា​ទទួល​បុណ្យ​ជ្រមុជ​ទឹក ហើយ​ស្ថាបនា​សាសនាចក្រ​របស់​យើង​ទៀត ហើយ​អ្នក​រាល់​គ្នា​នឹង​បាន​ជីវិត​រស់នៅ។

    ហើយ​ខ្ញុំ​បាន​ស្រែក​ប្រាប់​ប្រជាជន​នេះ តែ​គឺជា​ការ​ឥត​ប្រយោជន៍​ទៅ​វិញ ហើយ​ពួក​គេ​ពុំ​បាន​ដឹង​ថា គឺ​ព្រះ​អម្ចាស់​ដែល​បាន​ទុក​ជីវិត​ឲ្យ​ពួក​គេ ហើយ​បាន​អនុញ្ញាត​ឲ្យ​ពួក​គេ មាន​ឱកាស​មួយ​សម្រាប់​ការ​ប្រែ​ចិត្ត។ ហើយ​មើល​ចុះ ពួក​គេ​បាន​ធ្វើ​ចិត្ត​រឹងរូស​ទាស់​នឹង​ព្រះ​អម្ចាស់ ជា​ព្រះ​របស់​គេ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា បន្ទាប់​ពី​ឆ្នាំ​ទី​ដប់​នេះ​បាន​កន្លង​ផុត​ទៅ គឺ​បើ​គិត​ទាំង​ស្រុង គឺ​បី​រយ​ហុកសិប​ឆ្នាំ ចាប់​តាំង​ពី​ព្រះ​គ្រីស្ទ​ទ្រង់​បាន​យាង​មក នោះ​ស្ដេច​របស់​ពួក​សាសន៍​លេមិន​បាន​ផ្ញើ​សំបុត្រ​មួយ​ច្បាប់​មក​ខ្ញុំ ដែល​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ពួក​គេ​កំពុង​រៀបចំ​មក​ច្បាំងនឹង​ពួក​យើង​ទៀត។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​បាន​ឲ្យ​ប្រជាជន​ខ្ញុំ​ប្រមូល​គ្នា​មក នៅ​ឯ​ដែនដី​ចោល​ស្ងាត់​នៅ​ត្រង់​ទី​ក្រុង​មួយ ដែល​នៅ​ជិត​ព្រំប្រទល់ គឺ​នៅ​ជិត​ចន្លោះ​តូច ដែល​នាំ​ទៅ​កាន់​ដែនដី​ខាង​ត្បូង។

    ហើយ​នៅ​ទី​នោះ ពួក​យើង​បាន​ដាក់​ពល​ទ័ព​របស់​យើង ដើម្បី​ពួក​យើង​អាច​បញ្ឈប់​ពល​ទ័ព​សាសន៍​លេមិន ដើម្បី​កុំ​ឲ្យ​ពួក​គេ​អាច​ដណ្ដើមយក​ដែនដី​ណាមួយ​របស់​ពួក​យើង​បាន​ឡើយ ហេតុ​ដូច្នេះ​ហើយ ពួក​យើង​បាន​ពង្រឹង​កម្លាំង​ទាំង​អស់​តទល់​នឹង​ពួក​គេ។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​បី​រយ​ហុកសិប​មួយ នោះ​ទ័ព​លេមិន​បាន​ចុះ​មក​ទី​ក្រុង​ចោល​ស្ងាត់​ដើម្បី​ច្បាំង​នឹង​ពួក​យើង ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ឆ្នាំ​នោះ ពួក​យើង​បាន​វាយ​ឈ្នះ​ពួក​គេ ដរាប​ដល់​ធ្វើ​ឲ្យ​ពួក​គេ​ត្រឡប់​ទៅ​ឯ​ដែនដី​ផ្ទាល់​របស់​គេ​វិញ។

    ហើយ​នៅ​ក្នុង​ឆ្នាំ​ទី​បី​រយ​ហុកសិប​ពីរ នោះ​ពួក​គេ​បាន​ចុះ​មក​ច្បាំង​ទៀត។ ហើយ​ពួក​យើង​បាន​វាយ​ឈ្នះ​ពួក​គេ​ទៀត ហើយ​បាន​សម្លាប់​ពួក​គេ​អស់​ជា​ច្រើន ហើយ​សព​ពួក​គេ​ដែល​ស្លាប់ ត្រូវ​បោះ​ចោល​ទៅ​ក្នុង​សមុទ្រ។

    ហើយ​ឥឡូវ​នេះ ពី​ព្រោះ​មក​ពី​ការណ៍​ដ៏​ធំ​នេះ​ដែល​ប្រជាជន​ខ្ញុំ គឺ​សាសន៍​នីហ្វៃ​បាន​ធ្វើ នោះ​ពួក​គេ​បាន​ចាប់​ផ្ដើម​អួតអាង​ចំពោះ​កម្លាំង​របស់​ខ្លួន​ផ្ទាល់ ហើយ​ចាប់​ផ្ដើម​ស្បថ​ចំពោះ​ស្ថានសួគ៌​ថា ពួក​គេ​នឹង​សងសឹក​ដល់​ឈាម​របស់​ពួក​បង​ប្អូន​របស់​គេ ដែល​ត្រូវ​សម្លាប់​ចោល ដោយ​ពួក​ខ្មាំងសត្រូវ​របស់​គេ។

    ១០ហើយ​ពួក​គេ​បាន​ស្បថ​ដល់​ស្ថានសួគ៌ និង​ចំពោះ​បល្ល័ង្ក​នៃ​ព្រះ​ផង គឺ​ថា ពួក​គេ​នឹង​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ខ្មាំងសត្រូវ​របស់​គេ ហើយ​នឹង​កាត់​ពួក​គេ​ចេញ​ឲ្យ​អស់​ពីលើ​ផ្ទៃ​ដែនដី។

    ១១ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​មរមន បាន​ប្រកែក​ជាដាច់ខាត​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ ខ្ញុំ​មិន​ព្រម​ធ្វើ​ជា​មេបញ្ជាការ ហើយ​ជា​មេដឹកនាំ​របស់​ប្រជាជន​នេះ​ទេ ពី​ព្រោះ​មក​ពី​អំពើ​ទុច្ចរិត និង​អំពើ​គួរ​ខ្ពើម​ឆ្អើម​របស់​ពួក​គេ។

    ១២មើល​ចុះ ខ្ញុំ​បាន​ដឹកនាំ​ពួក​គេ ដោយ​មិន​គិត​ដល់​អំពើ​ទុច្ចរិត​របស់​ពួក​គេ​ឡើយ ខ្ញុំ​បាន​ដឹកនាំ​ពួក​គេ​ជា​ច្រើន​លើក​ទៅ​ច្បាំង ហើយ​បាន​ស្រឡាញ់​ពួក​គេ ស្រប​តាម​សេចក្ដី​ស្រឡាញ់​នៃ​ព្រះ ដែល​នៅ​ក្នុង​ខ្ញុំ​ដោយ​អស់​ពី​ដួង​ចិត្ត​ខ្ញុំ ហើយ​ព្រលឹង​ខ្ញុំ​បាន​ស្រោច​ចេញ នៅ​ក្នុង​ការ​អធិស្ឋាន​ដល់​ព្រះ​របស់​ខ្ញុំ​ពេញ​ទាំង​មួយ​ថ្ងៃ​ដើម្បី​ពួក​គេ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​ការណ៍​នេះ​គ្មាន​សេចក្ដី​ជំនឿ​សោះ ពី​ព្រោះ​មក​ពី​ភាព​រឹងរូស​នៃ​ចិត្ត​របស់​គេ។

    ១៣ហើយ​ខ្ញុំ​បាន​ដោះ​លែង​ពួក​គេ​បី​ដង ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​នៃ​ពួក​ខ្មាំងសត្រូវ​របស់​គេ ហើយ​ពួក​គេ​ពុំ​បាន​ប្រែ​ចិត្ត​ពី​អំពើ​បាប​ទាំង​ឡាយ​របស់​គេ​សោះ។

    ១៤ហើយ​កាល​ពួក​គេ​បាន​ស្បថ​ចំពោះ​អ្វីៗ​ទាំង​អស់ ដែល​ត្រូវ​បាន​ហាមប្រាម​ដល់​ពួក​គេ ដោយ​ព្រះ​អម្ចាស់ និង​ព្រះ​អង្គ​សង្គ្រោះ​យេស៊ូវ​គ្រីស្ទ​របស់​យើង គឺ​ស្បថ​ថា ពួក​គេ​នឹង​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ខ្មាំងសត្រូវ​របស់​គេ ហើយ​សងសឹក​ឲ្យ​ឈាម​នៃ​ពួក​បង​ប្អូន​របស់​គេ មើល​ចុះ សំឡេង​នៃ​ព្រះ​អម្ចាស់​បាន​បន្លឺ​មក​ខ្ញុំ​ថា ៖

    ១៥ការ​សងសឹក​គឺជា​របស់​យើង ហើយ​យើង​នឹង​សង ហើយ​ពី​ព្រោះ​មក​ពី​ប្រជាជន​នេះ​ពុំ​ប្រែ​ចិត្ត បន្ទាប់​ពី​យើង​បាន​ដោះ​លែង​ពួក​គេ​ឲ្យ​រួច មើល​ចុះ ពួក​គេ​នឹង​ត្រូវ​កាត់​ចេញ​ពីលើ​ផ្ទៃ​ផែនដី​នេះ​ទៅ។

    ១៦ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ខ្ញុំ​ប្រកែក​ជាដាច់ខាត​ថា ខ្ញុំ​មិន​ព្រម​ឡើង​ទៅ​ច្បាំង​នឹង​ពួក​ខ្មាំងសត្រូវ​របស់​ខ្ញុំ​ទេ ហើយ​ខ្ញុំ​បាន​ធ្វើ​ដូចដែល​ព្រះ​ទ្រង់​បាន​បញ្ជា​ខ្ញុំ ហើយ​ខ្ញុំ​បាន​ឈរ​ធ្វើ​ជា​សាក្សី​មួយ​គត់ ដើម្បី​សម្ដែង​ប្រាប់​ដល់​មនុស្ស​លោក​នូវ​ការណ៍​ទាំង​ឡាយ ដែល​ខ្ញុំ​បាន​ឃើញ ហើយ​បាន​ឮ ស្រប​តាម​ការ​បើក​សម្ដែង​នៃ​ព្រះ​វិញ្ញាណ ដែល​បាន​ធ្វើ​បន្ទាល់​ដល់​ការណ៍​ទាំង​ឡាយ​ដែល​នឹង​កើត​ឡើង។

    ១៧ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​សរសេរ​ទៅ​កាន់​អ្នក ឱ​ពួក​សាសន៍​ដទៃ​អើយ និង​ទៅ​កាន់​អ្នក​រាល់​គ្នា​ផង ឱ​វង្ស​អ៊ីស្រាអែល​អើយ ថា​កាល​ណា​កិច្ចការ​នោះ​ចាប់​ផ្ដើម​ឡើង នោះ​អ្នក​រាល់​គ្នា​ជិត​រៀបចំ​ត្រឡប់​ទៅ​ឯ​ដែនដី​នៃ​កេរ្តិ៍​អាករ​របស់​អ្នក​វិញ។

    ១៨មែន​ហើយ មើល​ចុះ ខ្ញុំ​សរសេរ​ទៅ​កាន់​អស់​អ្នក ដែល​នៅ​គ្រប់​ទិសទី​លើ​ផែនដី មែន​ហើយ ទៅ​កាន់​អ្នក​រាល់​គ្នា​ជា​ពូជ​អំបូរ​ទាំង​១២​របស់​អ៊ីស្រាអែល ដែល​នឹង​បាន​ទទួល​ការ​ជំនុំ​ជំរះ ស្រប​តាម​កិច្ចការ​ទាំង​ឡាយ​របស់​អ្នក​ពី​ពួក​១២​នាក់ ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​រើស ឲ្យ​ធ្វើ​ជា​សាវក​របស់​ទ្រង់ នៅ​ដែនដី​យេរូសាឡិម។

    ១៩ហើយ​ខ្ញុំ​សរសេរ​ទៅ​កាន់​សំណល់​នៃ​ប្រជាជន​នេះ​ផង ដែល​នឹង​បាន​ទទួល​ការ​ជំនុំ​ជំរះ​ពី​ពួក​១២​នាក់ ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​រើស​នៅ​ដែនដី​នេះ​ដែរ ហើយ​ពួក​គេ​នឹង​បាន​ទទួល​ការ​ជំនុំ​ជំរះ​ពី​ពួក​១២​នាក់​ទៀត ដែល​ព្រះ​យេស៊ូវ​ទ្រង់​បាន​រើស​នៅ​ដែនដី​យេរូសាឡិម។

    ២០ហើយ​ការណ៍​ទាំង​នេះ​ហើយ​ដែល​ព្រះ​វិញ្ញាណ​សម្ដែង​ដល់​ខ្ញុំ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា។ ហើយ​ដោយ​ហេតុ​នេះ ទើប​ខ្ញុំ​សរសេរ​ទៅ​កាន់​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​ដឹង​ថា អ្នក​រាល់​គ្នា​ត្រូវ​ឈរ​នៅ​ចំពោះ​វេទិកា​ជំនុំ​ជំរះ​នៃ​ព្រះ​គ្រីស្ទ មែន​ហើយ គឺ​មនុស្ស​រាល់​រូប ដែល​នៅ​ក្នុង​គ្រួសារ​មនុស្ស​ជាតិ​ទាំង​មូល​របស់​លោក​អ័ដាម ហើយ​អ្នក​រាល់​គ្នា​ត្រូវ​ឈរ ដើម្បី​ទទួល​ការ​ជំនុំ​ជំរះ​ចំពោះ​កិច្ចការ​ទាំង​ឡាយ​របស់​អ្នក ដើម្បី​ឲ្យ​ឃើញ​ថា ពួក​គេ​ល្អ ឬ​ក៏​ពួក​គេ​អាក្រក់

    ២១ហើយ​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា អាច​ជឿ​ដល់​ដំណឹង​ល្អ​នៃ​ព្រះ​យេស៊ូវ​គ្រីស្ទ​ផង​ដែល​អ្នក​រាល់​គ្នា​នឹង​មាន​នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ហើយ​ដើម្បី​ឲ្យ​ពួក​សាសន៍​យូដា​ផង ដែល​ជា​រាស្ត្រ​នៅ​ក្នុង​សេចក្ដី​សញ្ញា​នៃ​ព្រះ​អម្ចាស់​មាន​សាក្សី​ផ្សេង​ទៀត ក្រៅ​ពី​ទ្រង់​ដែល​ពួក​គេ​បាន​ឃើញ ហើយ​បាន​ឮ​ថា​ព្រះ​យេស៊ូវ ដែល​ពួក​គេ​បាន​ធ្វើ​គត​នោះ គឺជា​ព្រះ​គ្រីស្ទ ហើយ​ជា​ព្រះ​នោះ​ពិត។

    ២២ហើយ​ខ្ញុំ​សង្ឃឹម​ថា ខ្ញុំ​អាច​បញ្ចុះ​បញ្ចូល​អស់​អ្នក​រាល់​គ្នា​នៅ​ចុង​ផែនដី​ឲ្យ​ប្រែ​ចិត្ត ហើយ​ប្រុងប្រៀប​ឈរ​នៅ​ចំពោះ​វេទិកា​ជំនុំ​ជំរះ​នៃ​ព្រះ​គ្រីស្ទ៕