មរមន 4
    Footnotes

    ជំពូក​ទី ៤

    សង្គ្រាម និង​ការ​កាប់​សម្លាប់​មាន​ត​ទៅ — ពួក​ទុច្ចរិត​ធ្វើ​ទោស​ដល់​ពួក​ទុច្ចរិត — អំពើ​ទុច្ចរិត​ដ៏​ធំ​លើសលែង​ទៅ​ទៀត​ស្ថិត​នៅ​លើ​ពួក​អ៊ីស្រាអែល​ទាំង​ស្រុង — ពួក​ស្ត្រី និង​ក្មេងៗ​ត្រូវ​យក​ទៅ​បូជា​ថ្វាយ​រូប​ព្រះ​ទាំង​ឡាយ — ពួក​សាសន៍​លេមិន​ចាប់​ផ្ដើម​កម្ចាត់ ពួក​សាសន៍​នីហ្វៃ​ចេញ​ពី​មុខ។ ប្រមាណ​ជា​ឆ្នាំ ៣៦៣–៣៧៥ គ.ស.។

    ហើយ​ឥឡូវ​នេះ ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​បី​រយ​ហុកសិប​បី នោះ​ពួក​សាសន៍​នីហ្វៃ​បាន​នាំ​ពល​ទ័ព​ឡើង​ទៅ​ច្បាំង​នឹង​ពួក​សាសន៍​លេមិន​ចេញ​ពី​ដែនដី​ចោល​ស្ងាត់។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពល​ទ័ព​សាសន៍​នីហ្វៃ ត្រូវ​វាយតប​ឲ្យ​ត្រឡប់​ថយ​មក​ដែនដី​ចោល​ស្ងាត់​វិញ។ ហើយ​នៅ​ពេល​ពួក​គេ​កំពុង​នឿយហត់​នៅ​ឡើយ នោះ​កងទ័ព​សាសន៍​លេមិន​ដ៏​ថ្មី​មួយ​កង​បាន​មក​វាយ​ពួក​គេ ហើយ​ពួក​គេ​បាន​ច្បាំង​យ៉ាង​សាហាវ ដរាប​ដល់​ទ័ព​លេមិន​បាន​ដណ្ដើមយក​ទី​ក្រុង​ចោល​ស្ងាត់​បាន ហើយ​បាន​សម្លាប់​ពួក​នីហ្វៃ​ជា​ច្រើន ហើយ​បាន​ចាប់​មនុស្ស​ជា​ច្រើន​យក​ទៅ​ជា​ឈ្លើយ។

    ហើយ​អ្នក​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន​បាន​រត់​គេច​ចេញ ហើយ​បាន​ចូល​រួម​ជាមួយ​នឹង​បណ្ដាជន​នៃ​ទី​ក្រុង​ទីអានគុម។ ឥឡូវ​នេះ ទី​ក្រុង​ទីអានគុម​នេះ​នៅ​ត្រង់​ជាយដែន​ជាប់​នឹង​សមុទ្រ ហើយ​នៅ​ជិត​ទី​ក្រុង​ចោល​ស្ងាត់​ដែរ។

    ដោយ​មក​ពី​ពល​ទ័ព​សាសន៍​នីហ្វៃ បាន​ឡើង​ទៅ​រក​វាយ​ពួក​លេមិន បាន​ជា​ពួក​គេ​ត្រូវ​បរាជ័យ បើ​ពុំ​នោះ​សោត​ទេ ពួក​លេមិន​ពុំ​អាច​មាន​អំណាច​អ្វី​មក​លើ​ពួក​គេ​បាន​ឡើយ។

    ប៉ុន្តែ​មើល​ចុះ សេចក្ដី​ជំនុំ​ជំរះ​ទាំង​ឡាយ​នៃ​ព្រះ​នឹង​ដេញទាន់​ពួក​ទុច្ចរិត ហើយ​ពួក​ទុច្ចរិត​នឹង​ត្រូវ​ធ្វើ​ទោស​ដោយ​ពួក​ទុច្ចរិត ត្បិត​ពួក​ទុច្ចរិត​នេះ​ហើយ​ដែល​បាន​ចាក់​រុក​ចិត្ត​កូន​ចៅ​មនុស្ស​ឲ្យ​មាន​ការ​ខ្ចាយ​ឈាម។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​លេមិន​បាន​ធ្វើ​ការ​រៀបចំ​ដើម្បី​មក​ប្រឆាំង​នឹង​ទី​ក្រុង​ទីអានគុម។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​បី​រយ​ហុកសិប​បួន នោះ​ពួក​សាសន៍​លេមិន​បាន​មក​ប្រឆាំង​នឹង​ទី​ក្រុង​ទីអានគុម ដើម្បី​គេ​អាច​ដណ្ដើមយក​ទី​ក្រុង​ទីអានគុម​ផង។

    ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​គេ​ត្រូវ​បាន​រុញច្រាន​ឲ្យ​ថយ​ទៅ​ក្រោយ​វិញ ដោយ​ពួក​នីហ្វៃ។ ហើយ​កាល​ពួក​នីហ្វៃ​បាន​ឃើញ​ថា ពួក​គេ​បាន​រុញច្រាន​ពួក​លេមិន​ឲ្យ​ថយ​ក្រោយ នោះ​ពួក​គេ​ក៏​អួតអាង​ចំពោះ​កម្លាំង​របស់​ខ្លួន​ទៀត ហើយ​ពួក​គេ​បាន​ចេញ​ទៅ​នៅ​ក្នុង​សមត្ថ​ភាព​របស់​ខ្លួន ដើម្បី​ទៅ​ដណ្ដើមយក​ទី​ក្រុង​ចោល​ស្ងាត់​មក​វិញ។

    ឥឡូវ​នេះ រឿង​ទាំង​អស់​នេះ​ក៏​បាន​កើត​ឡើង​រួច​ហើយ ហើយ​ទាំង​សង​ខាង​មាន​មនុស្ស​ស្លាប់​រាប់​ពាន់​អ្នក គឺ​ទាំង​ពួក​នីហ្វៃ និង​ពួក​លេមិន។

    ១០ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ឆ្នាំ​ទី​បី​រយ​ហុកសិប​ប្រាំមួយ​បាន​កន្លង​ផុត​ទៅ ហើយ​ពួក​លេមិន​បាន​នាំ​គ្នា​មក​ច្បាំង​នឹង​ពួក​នីហ្វៃ​ទៀត ក៏​ប៉ុន្តែ​ពួក​នីហ្វៃ​ពុំ​ប្រែ​ចិត្ត​ចេញ​ពី​ការ​អាក្រក់​ដែល​គេ​បាន​ធ្វើ​ឡើយ ហើយ​នៅ​តែ​បន្ត​អំពើ​ទុច្ចរិត​របស់​ខ្លួន​ទៅ​ទៀត។

    ១១ហើយ​គ្មាន​អណ្ដាត​ឯណា​អាច​អធិប្បាយ​បាន ឬ​ក៏​គ្មាន​មនុស្ស​ណា​អាច​សរសេរ​ការ​អធិប្បាយ​ដោយ​ឥត​ខ្ចោះ​នូវ​ទិដ្ឋភាព​ដ៏​ស្ញែង​អស្ចារ្យ​នៃ​ការ​ខ្ចាយ​ឈាម និង​ការ​កាប់​សម្លាប់​ដែល​មាន​នៅ​ក្នុង​ចំណោម​ប្រជាជន ទាំង​ពួក​សាសន៍​នីហ្វៃ និង​ពួក​សាសន៍​លេមិន​បាន​ឡើយ ហើយ​ចិត្ត​របស់​គេ​រាល់​គ្នា​សុទ្ធ​តែ​រឹងរូស ម្ល៉ោះ​ហើយ​បាន​ជា​គេ​សប្បាយ​ចិត្ត​ក្នុង​ការ​ខ្ចាយ​ឈាម​គ្នា​មិន​ចេះ​ចប់​សោះ។

    ១២ហើយ​ពុំ​ដែល​មាន​អំពើ​ទុច្ចរិត​ដ៏​ធំ​បែប​នេះ នៅ​ក្នុង​ចំណោម​អស់​ទាំង​កូន​ចៅ​របស់​លីហៃ ឬ​ក៏​នៅ​ក្នុង​ចំណោម​វង្ស​អ៊ីស្រាអែល ដូច​ជា​នៅ​ក្នុង​ចំណោម​ប្រជាជន​នេះ​ឡើយ ស្រប​តាម​ព្រះ​បន្ទូល​នៃ​ព្រះ។

    ១៣ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​លេមិន​ក៏​ដណ្ដើមយក​ទី​ក្រុង​ចោល​ស្ងាត់​បាន ហើយ​ការណ៍​នេះ​គឺ​ដោយ​សារ​ពួក​គេ​មាន​ចំនួន​ច្រើន​ជាង​ពួក​នីហ្វៃ។

    ១៤ហើយ​ពួក​គេ​បាន​លើក​ទៅ​វាយ​យក​ទី​ក្រុង​ទីអានគុម​ទៀត ហើយ​បាន​បណ្ដេញ​បណ្ដាជន ចេញ​ពី​ទី​ក្រុង​នោះ ហើយ​បាន​យក​មនុស្ស​ជា​ច្រើន​ធ្វើ​ជា​ឈ្លើយ មាន​ទាំង​ពួក​ស្ត្រី និង​កូន​ក្មេង ហើយ​បាន​ចាប់​យក​ពួក​នេះ​ទៅ​ប្រហារជីវិត បូជា​ថ្វាយ​រូប​ព្រះ​ទាំង​ឡាយ​របស់​គេ។

    ១៥ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា នៅ​ក្នុង​ឆ្នាំ​ទី​បី​រយ​ហុកសិប​ប្រាំពីរ នោះ​ពួក​សាសន៍​នីហ្វៃ​បាន​ក្រេវក្រោធ ពី​ព្រោះ​ពួក​សាសន៍​លេមិន​បាន​បូជា​ពួក​ស្ត្រី និង​កូន​ក្មេង​របស់​ពួក​នីហ្វៃ បាន​ជា​ពួក​គេ​លើក​ទ័ព​ទៅ​វាយប្រហារ​ពួក​លេមិន​ដោយ​សេចក្ដី​ក្រេវក្រោធ​ជា​អតិបរមា ដរាប​ដល់​ពួក​គេ​មាន​ជ័យ​ជម្នះ​លើ​ពួក​លេមិន ហើយ​បាន​រុញច្រាន​ពួក​នេះ​ចេញ​ពី​ដែនដី​របស់​គេ​ទៅ។

    ១៦ហើយ​ពួក​លេមិន​ពុំ​បាន​ត្រឡប់​មក​ច្បាំង​នឹង​ពួក​នីហ្វៃ​ទៀត​ទេ រហូត​ដល់​ឆ្នាំ​ទី​បី​រយ​ចិតសិប​ប្រាំ។

    ១៧ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ ពួក​គេ​បាន​ចុះ​មក​ច្បាំង​ជាមួយ​នឹង​ពួក​សាសន៍​នីហ្វៃ​ដោយ​អស់​សមត្ថ​ភាព​របស់​គេ ហើយ​ពួក​គេ​ពុំ​អាច​រាប់​ចំនួន​ទេ ពី​ព្រោះ​មក​ពី​ពួក​នោះ​មាន​គ្នា​ច្រើន​ឥត​គណនា។

    ១៨ហើយ​ចាប់​ពី​ពេល​នោះ​មក ពួក​សាសន៍​នីហ្វៃ​ពុំ​មាន​អំណាច​អ្វី​ទៅ​លើ​ពួក​លេមិន​បាន​ឡើយ ប៉ុន្តែ​បាន​ចាប់​ផ្ដើម​កម្ចាត់​ចេញ​ដោយ​ពួក​លេមិន ហាក់​បីដូច​ដំណក់​សន្សើម​នៅ​ចំពោះ​ព្រះ​អាទិត្យ។

    ១៩ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​សាសន៍​លេមិន​បាន​ចុះ​មក​ប្រឆាំង​ទី​ក្រុង​ចោល​ស្ងាត់ ហើយ​មាន​ចម្បាំង​មួយ​ដ៏​ឃោរឃៅបំផុត ដែល​បាន​ច្បាំង​នៅ​លើ​ដែនដី​ចោល​ស្ងាត់ ជា​ចម្បាំង​ដែល​ពួក​គេ​បាន​ឈ្នះ​ពួក​នីហ្វៃ។

    ២០ហើយ​ទ័ព​នីហ្វៃ​បាន​រត់គេច​ចេញ​ពី​ពួក​គេ​ទៀត ហើយ​ពួក​គេ​បាន​មក​ឯ​ទី​ក្រុង​បូអូស នៅ​ទី​នោះ​ពួក​គេ​បាន​ទប់​ទល់​នឹង​សាសន៍​លេមិន​ដោយ​ក្លាហាន ដរាប​ដល់​សាសន៍​លេមិន​ពុំ​បាន​ឈ្នះ​ពួក​គេ​ទេ រហូត​ដល់​ពួក​គេ​ត្រឡប់​មក​ជា​លើក​ទី​ពីរ​ទៀត។

    ២១ហើយ​កាល​ពួក​គេ​មក​ជា​លើក​ទី​ពីរ នោះ​ពួក​សាសន៍​នីហ្វៃ​ត្រូវ​បាន​រុញច្រាន ហើយ​ត្រូវ​សម្លាប់​ដោយ​ការ​កាប់​សម្លាប់​មួយ​ដ៏​ធំ ឯ​ពួក​ស្ត្រី​របស់​គេ និង​កូន​ក្មេង​របស់​គេ​ត្រូវ​ចាប់​មក​ប្រហារជីវិត​បូជា​ថ្វាយ​រូប​ព្រះ​ទាំង​ឡាយ​ទៀត។

    ២២ហើយ​ហេតុការណ៍​បាន​កើត​ឡើង​ថា ពួក​នីហ្វៃ​បាន​រត់គេច​ចេញ​ពី​ពួក​គេ​ទៀត ដោយ​បាន​នាំ​បណ្ដាជន​ទាំង​អស់​ទៅ​ជា​មួយ​ពួក​គេ ទាំង​នៅ​ក្នុង​ទី​ក្រុង និង​នៅ​ក្នុង​ភូមិ​ទាំង​ឡាយ​ផង។

    ២៣ហើយ​ឥឡូវ​នេះ ខ្ញុំ​មរមន ដោយ​បាន​ឃើញ​ថា ពួក​សាសន៍​លេមិន​ជិត​យក​ដែនដី​បាន​ហើយ ហេតុ​ដូច្នេះ​ហើយ ខ្ញុំ​បាន​ទៅ​ឯ​ភ្នំ​ស៊ិម ហើយ​បាន​យក​បញ្ជី​ទាំង​អស់ ដែល​អាំម៉ារ៉ុន​បាន​លាក់​ទុក​ថ្វាយ​ព្រះ​អម្ចាស់៕