មេរៀនទី 21 ៖ ថ្ងៃទី 4
អាលម៉ា 59–63
សេចក្តីផ្ដើម
ហេលេមិនបានសរសេរសំបុត្រមួយទៅកាន់មេទ័ពមរ៉ូណៃ ដោយប្រាប់លោកអំពីការប្រឹងប្រែងរបស់ពលទ័ព ហើយសុំជំនួយពីរដ្ឋាភិបាលសាសន៍នីហ្វៃ ។ មេទ័ពមរ៉ូណៃមានសេចក្ដីត្រេកអរដែលបានដឹងពីភាពជោគជ័យរបស់ហេលេមិន ប៉ុន្តែលោកខឹងនឹងរដ្ឋាភិបាលដែលមិនអើពើក្នុងការបញ្ជូនជំនួយមក ។ មេទ័ពមរ៉ូណៃបានសរសេរសំបុត្រស្ដីបន្ទោសមួយទៅកាន់ពេហូរ៉ានជាមេចៅក្រម ។ នៅក្នុងការឆ្លើយតបរបស់លោក ពេហូរ៉ានបានប្រាប់ពីការបះបោរមួយទាស់នឹងរដ្ឋាភិបាល ។ មរ៉ូណៃបានជួយវាយយកឈ្នះពួកបះបោរ ។ បន្ទាប់មកពលទ័ពទាំងឡាយរបស់សាសន៍នីហ្វៃ ដោយភាពសាមគ្គី អាចវាយឈ្នះពួកសាសន៍លេមិន ។ បន្ទាប់ពីសង្គ្រាមអស់រយៈពេល 14 ឆ្នាំ ពួកសាសន៍នីហ្វៃបានមានសន្តិភាពជាថ្មីម្ដងទៀតនៅក្នុងដែនដី ធ្វើឲ្យហេលេមិន និង បងប្អូនរបស់លោកអាចផ្ដោតលើការស្ថាបនាសាសនាចក្រ ។
អាលម៉ា 59
ពួកសាសន៍នីហ្វៃបាត់បង់តំបន់ការពារមួយ ហើយមេទ័ពមរ៉ូណៃសោកសង្រេងដោយសារភាពទុច្ចរិតរបស់ប្រជាជន
ពេលដែលមេទ័ពមរ៉ូណៃបានទទួលសំបុត្រពីហេលេមិន ដែលពិពណ៌នាពីភាពជោគជ័យរបស់ពលទ័ពលោក មរ៉ូណៃ និង ប្រជាជនរបស់លោកមានសេចក្ដីត្រេកអរ ។ បន្ទាប់មក មរ៉ូណៃបានផ្ញើសំបុត្រមួយទៅកាន់ពេហូរ៉ាន ជាអ្នកដឹកនាំសាសន៍នីហ្វៃនៅក្នុងសារ៉ាហិមឡា ដោយសុំឲ្យលោកបញ្ជូនទ័ពជំនួយ និង ស្បៀងទៅហេលេមិន ។ ប៉ុន្តែពុំមានទ័ពជំនួយដែលត្រូវបានបញ្ជូនទៅនោះទេ ។ ហេតុដូច្នោះហើយ ពេលពួកលេមិនបានវាយប្រហារទីក្រុងនីហ្វៃហា ប្រជាជននីហ្វៃហាត្រូវបានបង្ខំឲ្យរត់ភៀសខ្លួន ហើយពួកលេមិនដណ្ដើមបានទីក្រុងនោះ ។
សូមអាន អាលម៉ា 59:9–12 ដើម្បីរៀនពីប្រតិកម្មរបស់មរ៉ូណៃចំពោះជ័យជំនះរបស់ពួកលេមិន ។ សូមពិចារណាក្នុងការគូសចំណាំនៅក្នុងព្រះគម្ពីររបស់អ្នកនូវឃ្លានេះដែលនៅក្នុង អាលម៉ា 59:9 ៖ « ជាការងាយក្នុងការរក្សាកុំឲ្យទីក្រុងនោះធ្លាក់ទៅក្នុងកណ្ដាប់ដៃនៃពួកសាសន៍លេមិន ជាងវាយយកវាពីពួកគេមកវិញ » ។ ចេញពីឃ្លានេះ យើងអាចរៀនពីគោលការណ៍នេះ ៖ វាងាយជាង និង ល្អជាងក្នុងការរក្សាការស្មោះត្រង់ ជាងការបែរត្រឡប់មករកសេចក្ដីជំនឿវិញ បន្ទាប់ពីបានវង្វេងហើយ ។
-
សូមសិក្សាឃ្លាដែលអ្នកបានគូសចំណាំនៅក្នុង អាលម៉ា 59:9 និង គោលការណ៍ដែលមានអក្សរដិតនៅកថាខណ្ឌពីមុន ។ សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
ហេតុអ្វីវាងាយក្នុងការចៀសវាងពីការញៀននឹងសារធាតុដែលគ្រោះថ្នាក់ ជាងការយកឈ្នះការញៀន ?
-
ហេតុអ្វីវាងាយក្នុងការរក្សាទីបន្ទាល់ ជាងការទទួលបានវាមកវិញ បន្ទាប់ពីបាត់បង់វាហើយនោះ ?
-
ហេតុអ្វីវាអាចជាការងាយសម្រាប់មនុស្សម្នាក់ក្នុងការបន្តសកម្មនៅក្នុងសាសនាចក្រ ជាងការត្រឡប់មកកាន់សាសនាចក្រពីការអសកម្មវិញនោះ ?
-
អាលម៉ា 60–62
មរ៉ូណៃសួរពេហូរ៉ានអំពីបុព្វហេតុនៃការមិនអើពើរបស់ពួកមេដឹកនាំ
បន្ទាប់ពីទីក្រុងនីហ្វៃហាត្រូវកាន់កាប់ដោយពួកសាសន៍លេមិនហើយ មេទ័ពមរ៉ូណៃបានសម្រេចចិត្តសរសេរសំបុត្រអំពាវនាវមួយទៅកាន់ពេហូរ៉ាន ដែលជាមេចៅក្រមដែលនៅក្នុងទីក្រុងសារ៉ាហិមឡា ។ សូមអាន អាលម៉ា 60:17–24 ហើយរកមើលពីការចោទប្រកាន់ទាំងឡាយដែលមរ៉ូណៃបានធ្វើឡើងចំពោះពេហូរ៉ាន និង ប្រជាជននៅក្នុងទីក្រុងសារ៉ាហិមឡា ។
សូមអាន អាលម៉ា 60:23 ម្ដងទៀត ហើយកត់ចំណាំពីអ្វីដែលមរ៉ូណៃសំដៅទៅដល់ ការសម្អាត « ខាងក្នុងប្រដាប់ » ជាមុនសិននោះ ។ លោកសំដៅលើសេចក្ដីត្រូវការក្នុងការលុបបំបាត់នូវអំពើពុករលួយពីរដ្ឋាភិបាល និង ប្រជាជនរបស់សាសន៍នីហ្វៃ ។ ទោះយ៉ាងណា ខនេះអាចអនុវត្តបានចំពោះជីវិតយើងផងដែរ ។ សូមស្រមៃពីការដាក់ធូលី ឬ ភក់នៅខាងក្នុងពែងមួយ ។ សូម្បីបើអ្នកបានលាងផ្នែកខាងក្រៅរបស់ពែងហើយក៏ដោយ តើអ្នកមានអារម្មណ៍ស្និតនឹងផឹកពីពែងនោះទេ ?
-
សូមឆ្លើយសំណួរខាងក្រោមនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
បើយើងគិតពីខ្លួនយើងថាជា « ពែង » តើអ្នកគិតថា សម្អាតខាងក្នុងពែងមានន័យយ៉ាងណា ?
-
ហេតុអ្វីការសម្អាតផ្នែកខាងក្នុងនៃពែងរបស់យើង ជាការបម្រើកាន់តែធំធេងនៅក្នុងនគររបស់ព្រះដូច្នេះ ?
-
ដូចមានកត់ត្រានៅក្នុង អាលម៉ា 60:33–36 មេទ័ពមរ៉ូណៃបានប្រាប់ពេហូរ៉ាន ឲ្យបញ្ជូនពួកបុរសៗ និង ស្បៀងទៅពលទ័ពរបស់លោក និង ពលទ័ពរបស់ហេលេមិនជាប្រញាប់ ។ បើសិនពេហូរ៉ាណមិនធ្វើដូច្នោះទេ មរ៉ូណៃបាននិយាយថា លោកនឹងដឹកនាំកម្លាំងទាហានទៅសារ៉ាហិមឡា ហើយបង្ខំលោកឲ្យធ្វើការណ៍ទាំងនេះ ។ ពេហូរ៉ានបានទទួលសំបុត្ររបស់មរ៉ូណៃ ហើយបានសរសេរតបទៅលោកវិញជាប្រញាប់ ។ សូមអាន អាលម៉ា 61:1–5 ដើម្បីរកមើលពីអ្វីដែលកំពុងកើតឡើងនៅទីក្រុងសារ៉ាហិមឡា ។
សូមអាន អាលម៉ា 61:9–14 ហើយគិតអំពីរបៀបដែលពេហូរ៉ានបានឆ្លើយតបចំពោះការចោទប្រកាន់របស់មរ៉ូណៃ ។ សូមពិចារណាក្នុងការគូសចំណាំសេចក្ដីថ្លែងទាំងនោះ ដែលបង្ហាញពីភាពអស្ចារ្យនៃចរិតលក្ខណៈរបស់ពេហូរ៉ាន ។ ជំនួសឲ្យការអាក់អន់ចិត្ត ពេហូរ៉ាណបានអញ្ជើញមរ៉ូណៃឲ្យរួបរួមនឹងលោកក្នុងកម្លាំងនៃព្រះអម្ចាស់ ដើម្បីប្រយុទ្ធនឹងពួកសត្រូវ ។ សូមអាន អាលម៉ា 62:1 ដើម្បីរកមើលថាតើមរ៉ូណៃបានមានអារម្មណ៍យ៉ាងណា ពេលលោកបានទទួលសំបុត្រឆ្លើយតបពីពេហូរ៉ាន ។
សូមពិចារណាក្នុងការសរសេរសេចក្ដីពិតតទៅនេះនៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ យើងអាចជ្រើសរើសមិនអាក់អន់ចិត្តដោយសារពាក្យសម្ដី ឬ ទង្វើរបស់មនុស្សដទៃទៀត ។ ពេលយើងរួបរួមជាមួយអ្នកដទៃទៀតនៅក្នុងភាពសុចរិត នោះយើងកាន់តែរឹងមាំនៅក្នុងចម្បាំងទប់ទល់នឹងអំពើអាក្រក់ ។
អែលឌើរ ដាវីឌ អេ. បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា ៖
« តាមរយៈអំណាចនៃការពង្រឹងនៃដង្វាយធួនរបស់ព្រះយេស៊ូវគ្រីស្ទ នោះអ្នក និង ខ្ញុំ អាចត្រូវបានប្រទានពរឲ្យចៀសវាង និង យកឈ្នះលើការអាក់អន់ចិត្ត ។ ‹ ពួកអ្នកដែលស្រឡាញ់ក្រិត្យវិន័យទ្រង់ នោះមានសេចក្ដីសុខដ៏លើសលុប ហើយគ្មានហេតុនឹងចំពប់ដួលឡើយ › ( ទំនុកដំកើង 119:165 ) ។ …
« … មរ៉ូណៃ … បានសរសេរទៅពេហូរ៉ាន ‹ ទុកជាការកាត់ទោស › ( អាលម៉ា 60:2 ) ហើយបានចោទប្រកាន់លោកដោយសាហាវ ពីការមិនគិតគូរ ភាពខ្ជិលច្រអូស និង ការមិនអើពើ ។ ពេហូរ៉ានអាចអន់ចិត្តនឹងមរ៉ូណៃ និង សារលិខិតរបស់លោកដោយងាយ ប៉ុន្តែលោកជ្រើសរើសមិនអន់ចិត្តវិញ ។ …
« ចំណុចដ៏សំខាន់បំផុតមួយដែលបង្ហាញពីភាពចាស់ទុំខាងវិញ្ញាណរបស់យើងផ្ទាល់ គឺត្រូវបានបង្ហាញឲ្យឃើញនៅក្នុងរបៀបដែលយើងឆ្លើយតបចំពោះភាពទន់ខ្សោយ ការខ្វះបទពិសោធន៍ និង សកម្មភាពដែលអាចធ្វើឲ្យអាក់អន់ចិត្តរបស់អ្នកដទៃទៀត ។ របស់មួយ ព្រឹត្តិការណ៍មួយ ឬ ការបង្ហាញមួយ អាចធ្វើឲ្យអាក់អន់ចិត្ត ប៉ុន្តែអ្នក និង ខ្ញុំ អាចជ្រើសរើសដើម្បីមិនអន់ចិត្ត—ហើយនិយាយជាមួយនឹងពេហូរ៉ានថា ‹ វាមិនជាអ្វីទេ › [ អាលម៉ា 61:9 ] ( “And Nothing Shall Offend Them” Ensign ឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ 2006 ទំព័រ 90–91 ) ។
-
សូមគិតអំពីពេលមួយដែលអ្នកជ្រើសរើសមិនអាក់អន់ចិត្តដោយសារពាក្យសម្ដី ឬ សកម្មភាពរបស់អ្នកផ្សេង ។ សូមសរសេរកថាខណ្ឌខ្លីមួយ អំពីសារៈសំខាន់នៃការជ្រើសរើសមិនអាក់អន់ចិត្ត ។
ដូចមានកត់ត្រានៅក្នុង អាលម៉ា 62 មេទ័ពមរ៉ូណៃបាននាំពលទ័ពរបស់លោកទៅកាន់សារ៉ាហិមឡា ដើម្បីជួយពេហូរ៉ានផ្ដួលរំលំពួកអ្នកនិយមស្ដេច—ជាពួកសាសន៍នីហ្វៃដែលបែកចេញ ដើម្បីទៅបង្កើតស្ដេច និង ចូលទៅរួមសម្ព័ន្ធភាពនឹងពួកសាសន៍លេមិន ។ ពួកអ្នកនិយមស្ដេចបានរារាំងពេហូរ៉ានពីការបញ្ជូនពួកបុរសៗ និង សម្ភារទៅផ្ដល់ជំនួយដល់មរ៉ូណៃ និង ហេលេមិន ។ បន្ទាប់មក មរ៉ូណៃ និង ពេហូរ៉ាន បានរួបរួមកម្លាំងគ្នា ហើយទទួលបានជំនួយពីពលទ័ពសាសន៍នីហ្វៃផ្សេងទៀត ដើម្បីដេញពួកសាសន៍លេមិនចេញពីដែនដី ។ អំឡុងពេលនេះ មានពួកលេមិនជាច្រើនបានប្រែចិត្ត ហើយចូលរួមនឹងប្រជាជនអាំម៉ូន ។
សូមស្រមៃពីឧបសគ្គមួយចំនួនដែលអាចមានចំពោះក្រុមគ្រួសារ និង បុគ្គលទាំងឡាយ នៅពេលចប់សង្គ្រាមបែបនេះ ។ សូមអាន អាលម៉ា 62:39–41 ដើម្បីឃើញពីរបៀបដែលសាសន៍នីហ្វៃ ត្រូវរងប៉ះពាល់ដោយសារការលំបាកទាំងឡាយនៃសង្គ្រាម ។ ពេលអ្នកអាន សូមរកមើលសេចក្ដីពិតទាំងឡាយដែលអ្នកអាចរកឃើញនៅក្នុងខទាំងនេះ ។
សូមសរសេរគោលការណ៍ ឬ សេចក្ដីពិតតទៅនេះនៅក្នុងព្រះគម្ពីររបស់អ្នកនៅក្បែរ អាលម៉ា 62: 39–41 ឬ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖ យើងអាចឈានទៅកាន់តែជិតព្រះអម្ចាស់ អំឡុងពេលនៃការលំបាករបស់យើង ។
-
សូមសរសេរចម្លើយចំពោះសំណួរទាំងឡាយខាងក្រោមនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
-
តើអ្នកគិតថា ហេតុអ្វីបានជាមនុស្សមួយចំនួនឈានកាន់តែជិតព្រះអម្ចាស់ ពេលប្រឈមនឹងការលំបាក ខណៈដែលអ្នកផ្សេងទៀតបែរចេញពីទ្រង់ដូច្នេះទៅវិញ ?
-
តើជំពូកទាំងឡាយស្ដីអំពីសង្គ្រាមបានបង្រៀនអ្នកអ្វីខ្លះ អំពីការធ្វើជាសិស្សរបស់ព្រះយេស៊ូវគ្រីស្ទ នៅក្នុងគ្រាដ៏លំបាកទាំងឡាយ ?
-
អាលម៉ា 63
ពួកសាសន៍នីហ្វៃជាច្រើនធ្វើដំណើរទៅកាន់ដែនដីនៅទិសខាងជើង
បន្ទាប់ពីហេលេមិនបានស្លាប់ទៅ ( សូមមើល អាលម៉ា 62:52 ) ស៊ីបឡុន ជាប្អូនប្រុសលោកបានទទួលរក្សាបញ្ជីពិសិដ្ឋទាំងឡាយ ។ សូមអាន អាលម៉ា 63:1–2 ដើម្បីឃើញថា ស៊ីបឡុនជាមនុស្សរបៀបណា ។ ដូចមានកត់ត្រានៅក្នុង អាលម៉ា 63 មរ៉ូណៃ និង ស៊ីបឡុនបានស្លាប់ទៅ ហើយមរ៉ូណៃហា ជាកូនប្រុសរបស់មរ៉ូណៃបានកាន់កាប់ពលទ័ពសាសន៍នីហ្វៃ ។
សូមអាន អាលម៉ា 63:10–13 ។ មុនពេលលោកស្លាប់ ស៊ីបឡុនបានប្រគល់ដល់ហេលេមិន ដែលជាកូនប្រុសរបស់ហេលេមិន នូវការទទួលខុសត្រូវលើបញ្ជីពិសិដ្ឋទាំងឡាយ ។ ហេលេមិនបានរក្សាបញ្ជីដែលបានសរសេររួចហើយនោះ និង បានចាប់ផ្ដើមរក្សាបញ្ជីដែលក្រោយមកក្លាយជាគម្ពីរហេលេមិន ។
អាលម៉ា 63:5–8 កត់ត្រាថា ពួកសាសន៍នីហ្វៃជាច្រើនបានធ្វើដំណើរដោយនាវាទៅកាន់ដែនដីនៅទិសខាងជើង ហើយមិនដែលបានឮពីពួកគេទៀតឡើយ ។ មួយវិញទៀត នៅចុងបញ្ចប់នៃ អាលម៉ា 63 បង្ហាញថា មានការចាប់ផ្ដើមនូវការទាស់ទែងជាថ្មីម្ដងទៀត រវាងពួកសាសន៍លេមិន និង ពួកសាសន៍នីហ្វៃ ហើយគម្ពីរអាលម៉ាដ៏វែង និង ពោរពេញដោយការបំផុសគំនិតបានបញ្ចប់ដោយយ៉ាងដូច្នោះឯង ។
-
សូមសរសេរអ្វីដែលនៅខាងក្រោមនេះ ពីខាងក្រោមកិច្ចការថ្ងៃនេះ នៅក្នុងសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់អ្នក ៖
ខ្ញុំបានសិក្សា អាលម៉ា 59–63 ហើយបានបញ្ចប់មេរៀននេះនៅ ( កាលបរិច្ឆេទ ) ។
សំណួរ គំនិត និង ការយល់ដឹងបន្ថែម ដែលខ្ញុំចង់ចែកចាយជាមួយគ្រូរបស់ខ្ញុំ ៖