ព្រះគម្ពីរ
អាលម៉ា 40
កំណត់ចំណាំ​នៅ​បាត

Hide Footnotes

បាវចនា

ជំពូក​ទី ៤០

ព្រះ​គ្រីស្ទ​នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ទាំង​អស់ — ពួក​សុចរិត​ដែល​បាន​ស្លាប់​ទៅ​នឹង​ទៅ​ឯ​ស្ថាន​បរមសុខ ឯ​ពួក​ទុច្ចរិត​នឹង​ទៅ​ឯ​ភាព​ងងឹត​ខាង​ក្រៅ ដើម្បី​រង់ចាំ​ថ្ងៃ​នៃ​ដំណើរ​រស់​ឡើង​វិញ — នៅ​ក្នុង​ដំណើរ​រស់​ឡើង​វិញ នោះ​អ្វីៗ​ទាំង​អស់​នឹង​បាន​សាង​ទៅ​ជា​រូបរាង​ដ៏​ត្រឹម​ត្រូវ និង​ល្អ​ឥត​ខ្ចោះ​ឡើង​វិញ។ ប្រមាណ​ជា​ឆ្នាំ ៧៤ ម.គ.ស.។

ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ចង់​និយាយ​នឹង​កូន​ថែម​ទៀត ព្រោះ​ឪពុក​យល់​ឃើញ​ថា កូន​កំពុង​ខ្វល់​នៅ​ក្នុង​គំនិត​អំពី​ដំណើរ​រស់​ឡើង​វិញ​នៃ​មនុស្ស​ស្លាប់។

មើល​ចុះ ឪពុក​ប្រាប់​កូន​ថា គ្មាន​ដំណើរ​រស់​ឡើង​វិញ​ទេ ឬ​ក៏​ឪពុក​ចង់​និយាយ​ម្យ៉ាង​ទៀត​ថា រូប​កាយ​ដែល​រមែង​ស្លាប់​នេះ ពុំ​អាច​ប្រដាប់​ដោយ​អមតភាព​បាន​ឡើយ ឯ​រូប​កាយ​ដ៏​ពុករលួយ​នេះ ក៏​ពុំ​អាច​ប្រដាប់​ដោយ​ភាព​មិន​ពុករលួយ​បាន​ដែរ — រហូត​ដល់​ពេល​ក្រោយ ព្រះ​គ្រីស្ទ​យាង​មក​សិន។

មើល​ចុះ ទ្រង់​នឹង​នាំ​មក​នូវ​ដំណើរ​រស់​ឡើង​វិញ​ដល់​មនុស្ស​ស្លាប់។ ប៉ុន្តែ​មើល​ចុះ កូន​ប្រុស​របស់​ឪពុក​អើយ ដំណើរ​រស់​ឡើង​វិញ នោះ​ពុំ​ទាន់​មក​ដល់​ទេ។ ឥឡូវ​នេះ ឪពុក​បើក​ប្រាប់​កូន​នូវ​ការ​អាថ៌កំបាំង​មួយ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ គង់តែ​មាន​ការ​អាថ៌កំបាំង​ជា ច្រើន​ដែល​ត្រូវ​រក្សាទុក​ដែល​គ្មាន​នរណា​ដឹង​ក្រៅ​ពី​ព្រះ​ប៉ុណ្ណោះ។ ប៉ុន្តែ ឪពុក​បង្ហាញ​ដល់​កូន​នូវ​ការណ៍​មួយ ដែល​ឪពុក​បាន​ព្យាយាម​សាកសួរ​ដល់​ព្រះ ដើម្បី​ឲ្យ​ឪពុក​បាន​ដឹង — គឺ​អំពី​ដំណើរ​រស់​ឡើង​វិញ។

មើល​ចុះ មាន​ពេល​មួយ​ដែល​បាន​កំណត់​ទុក សម្រាប់​មនុស្ស​ទាំង​អស់ នឹង​បាន​រស់​ពី​ស្លាប់​ឡើង​វិញ។ ឥឡូវ​នេះ កាលណា​ពេល​នោះ​នឹង​មក​ដល់ នោះ​គ្មាន​នរណា​ដឹង​ទេ ប៉ុន្តែ​ព្រះ​ទ្រង់​ជ្រាប​នូវ​ពេល​ដែល​កំណត់ទុក។

ឥឡូវ​នេះ ទោះ​បី​ពេល​ដែល​បាន​កំណត់​ទុក​នោះ មាន​ម្ដង ពីរ​ដង ឬ​បី​ដង ដើម្បី​មនុស្ស​អាច​រស់​ពី​ស្លាប់ វា​ពុំ​មែន​ជា​ការណ៍​អ្វី​ទេ ព្រោះ​ព្រះ​ទ្រង់​ជ្រាប​នូវ​ការណ៍​អស់​ទាំង​នេះ​ហើយ ហើយ​ឪពុក​គ្រាន់តែ​ដឹង​ថា ការណ៍​នោះ​មែនពិត ក៏​ជា​ការ​គ្រប់​គ្រាន់​ហើយ — គឺ​ថា មាន​ពេល​មួយ​ដែល​បាន​កំណត់​ទុក ដើម្បី​ឲ្យ​មនុស្ស​ទាំង​អស់​អាច​រស់​ពី​ស្លាប់​ឡើង​វិញ។

ឥឡូវ​នេះ ត្រូវ​តែ​មាន​ចន្លោះ​មួយ រវាង​ពេល​នៃ​សេចក្ដី​ស្លាប់​នឹង​ពេល​នៃ​ដំណើរ​រស់​ឡើង​វិញ។

ហើយ​ឥឡូវ​នេះ ឪពុក​សួរ​ថា តើ​ព្រលឹង​របស់​មនុស្សនៅ​ក្នុង​ស្ថានភាព​ណា ចាប់​ពី​ពេល​នៃ​សេចក្ដី​ស្លាប់​នេះ ទៅ​ដល់​ពេល​ដែល​បាន​កំណត់​ទុក​សម្រាប់​ដំណើរ​រស់​ឡើង​វិញ?

ឥឡូវ​នេះ ទោះ​បី​ពេល​ដែល​បាន​កំណត់​ទុក​សម្រាប់​មនុស្ស​រស់​ឡើង​វិញ​នោះ មាន​ច្រើន​ជាង​មួយ​ដង ក៏​វា​ពុំ​ជា​ការណ៍​អ្វី​ដែរ ព្រោះ​មនុស្ស​ទាំង​អស់ ពុំ​មែន​ស្លាប់​ព្រម​គ្នា​តែ​ម្ដង​ទេ ហើយ​នេះ​ក៏​ពុំ​ជា​ការណ៍​អ្វី​ដែរ ទាំង​អស់​នេះ​ទុក​ដូច​ជា​មួយ​ថ្ងៃ​សម្រាប់​ព្រះ ឯ​ពេល​វេលា​រាប់​សម្រាប់​តែ​មនុស្ស​ទេ។

ហេតុ​ដូច្នេះ​ហើយ មាន​ពេល​មួយ​ដែល​បាន​កំណត់​ទុក​ដល់​មនុស្ស ដើម្បី​ឲ្យ​គេ​រស់​ពី​ស្លាប់​ឡើង​វិញ ហើយ​មាន​ចន្លោះ​រវាង​ពេល​នៃ​សេចក្ដី​ស្លាប់​នឹង​ដំណើរ​រស់​ឡើង​វិញ។ ហើយ​ឥឡូវ​នេះ នៅ​ក្នុង​រយៈ​ពេល​នោះ តើ​ព្រលឹង​មនុស្ស​នឹង​នៅ​ក្នុង​ស​ភាព​ណា នោះ​ជា​រឿង​ដែល​ឪពុក​បាន​សូម​ដល់​ព្រះ​អម្ចាស់​យ៉ាង​ព្យាយាម ដើម្បី​ឲ្យ​បាន​ដឹង ហើយ​នេះ​គឺជា​រឿង​ដែល​ឪពុក​ដឹង។

១០ហើយ​កាលណា​ដល់​ពេល ដែល​មនុស្ស​ទាំង​អស់​ត្រូវ​រស់​ឡើង​វិញ ខណៈ​នោះ គេ​នឹង​ដឹង​ថា ព្រះ​ទ្រង់​ជ្រាប​ពេល​ទាំង​អស់ ដែល​បាន​កំណត់​ដល់​មនុស្ស។

១១ឥឡូវ​នេះ ស្ដី​អំពី​ស្ថានភាព​នៃ​ព្រលឹង​នៅ​ក្នុង​ចន្លោះ រវាង​សេចក្ដី​ស្លាប់​នឹង​ដំណើរ​រស់​ឡើង​វិញ — មើល​ចុះ មាន​ទេវតា​បាន​ប្រាប់​ឲ្យ​ឪពុក​ដឹង​ថា វិញ្ញាណ​របស់​មនុស្ស​ទាំង​អស់​នៅ​មួយ​រំពេច​ដែល​ចាក​ចេញ​ពី​រូប​កាយ​សាច់ឈាម​នេះ​ទៅ មែន​ហើយ វិញ្ញាណ​របស់​មនុស្ស​ទាំង​អស់ ទោះ​គេ​ល្អ ឬ​អាក្រក់​ក្ដី នឹង​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ គឺ​ទៅ​ជួប​នឹង​ព្រះ​ដែល​ទ្រង់​បាន​ប្រទាន​ជីវិត​ដល់​គេ។

១២ហើយ​បន្ទាប់​មក ហេតុការណ៍​នឹង​កើត​ឡើង​ថា វិញ្ញាណ​របស់​ពួក​សុចរិត នឹង​បាន​ទទួល​ស្ថានភាព​នៃ​សុភមង្គល ដែល​ជាស្ថាន​បរមសុខ ដែល​ជា​ស្ថានភាព​ឈប់​សម្រាក ស្ថានភាព​សុខសាន្ត ជា​កន្លែង​ដែល​គេ​នឹង​បាន​សម្រាក​ពី​អស់​ទាំង​កង្វល់ ពី​អស់​ទាំង​ការ​បារម្ភ និង​ពី​ទុក្ខ​ព្រួយ។

១៣ហើយ​បន្ទាប់​មក ហេតុការណ៍​នឹង​កើត​ឡើង​ថា វិញ្ញាណ​នៃ​ពួក​ទុច្ចរិត មែន​ហើយ គឺជា​មនុស្ស​អាក្រក់ — ត្បិត​មើល​ចុះ ពួក​គេ​ពុំ​មាន​ចំណែក ឬ​នៃ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​អម្ចាស់​បន្តិចបន្តួច​សោះ ត្បិត​មើល​ចុះ គេ​បាន​រើស​អំពើ​អាក្រក់​ជាង​អំពើ​ល្អ ហេតុដូច្នេះ​ហើយ វិញ្ញាណ​របស់​អារក្ស​បាន​ចូល​ក្នុង​ពួក​គេ ហើយ​ធ្វើ​ជា​ម្ចាស់​នៃ​ផ្ទះ​របស់​គេ — ហើយ​ពួក​មនុស្ស​ទាំង​នេះ នឹង​ត្រូវ​បោះ​ចោល​ទៅ​ភាព​ងងឹត​ខាង​ក្រៅ នៅ​ទី​នោះ​នឹង​មាន​ការ​យំសោក ការ​ថ្ងូរ និង​ការ​សង្កៀត​ធ្មេញ ហើយ​នេះ​គឺ​ដោយ​ព្រោះ​អំពើ​ទុច្ចរិត​របស់​ពួក​គេ​ផ្ទាល់ ដែល​ទុក​ឲ្យ​អារក្ស​ដឹក​នាំ​ទៅ​ជាប់​ឃុំ​ឃាំង​ដោយ​ទំនើង​ចិត្ត​វា។

១៤ឥឡូវ​នេះ នេះ​ហើយ​គឺជា​ស្ថានភាព​នៃ​ព្រលឹង​របស់​ពួក​ទុច្ចរិត មែន​ហើយ គឺ​នៅ​ក្នុង​សេចក្ដី​ងងឹត និង​ជា​ស្ថានភាព​ដ៏​ស្ញើប​ស្ញែង រង់ចាំ​យ៉ាង​ភ័យខ្លាច​នៃ​សេចក្ដី​គ្នាន់ក្នាញ់​ដ៏​ឆួល​ឆាប​នូវ​ការ​ពិរោធ​របស់​ព្រះ​មក​លើ​ពួក​គេ ពួក​គេ​ត្រូវ​ស្ថិតនៅ​ក្នុង​ស្ថានភាព​បែប​នេះ នៅ​ពេល​ដែល​ពួក​សុចរិត​នៅ​ក្នុង​ស្ថាន​បរមសុខ រហូត​ដល់​ពេល​នៃ​ដំណើរ​រស់​ឡើង​វិញ​របស់​គេ។

១៥ឥឡូវ​នេះ មនុស្ស​ខ្លះ​បាន​យល់​ថា ស្ថានភាព​នៃ​សុភមង្គល និង​ស្ថានភាព​វេទនា​នៃ​ព្រលឹង​នេះ​នៅ​មុន​ដំណើរ​រស់​ឡើង​វិញ គឺជា​ដំណើរ​រស់​ឡើង​វិញ​ទី​មួយ។ មែន​ហើយ ឪពុក​ក៏​ទទួល​ស្គាល់​ថា នេះ​គួរតែ​ហៅ​ថា ដំណើរ​រស់​ឡើង​វិញ​បាន គឺ​ការ​ប្រោស​វិញ្ញាណ ឬ​ព្រលឹង និង​ភាព​រស់នៅ ទៅ​ដល់​សុភមង្គល ឬ​សេចក្ដី​វេទនា ស្រប​តាម​ពាក្យ​ទាំង​ឡាយ​ដែល​បាន​និយាយ​មក។

១៦ហើយ​មើល​ចុះ ដូចដែល​បាន​និយាយ​ហើយ​ថា មាន​ដំណើរ​រស់​ឡើង​វិញ​ជា​លើក​ទី​មួយ គឺជា​ដំណើរ​រស់​ឡើង​វិញ​ដល់​ជន​ណា​ដែល​បាន​រស់នៅ កំពុង​រស់នៅ ឬ​នឹង​រស់នៅ​ក្នុង​ពេល​អនាគត រហូត​ដល់​ដំណើរ​រស់​ឡើង​វិញ នៃ​ព្រះ​គ្រីស្ទ​ពី​សេចក្ដី​ស្លាប់។

១៧ឥឡូវ​នេះ យើង​ពុំ​សន្និដ្ឋាន​ថា ដំណើរ​រស់​ឡើង​វិញ​លើក​ទី​មួយ តាម​របៀប​ដែល​ទើប​និយាយ​មក​នេះ​ជា​ដំណើរ​រស់​ឡើង​វិញ​នៃ​ព្រលឹង និង​ភាព​រស់នៅ ទៅ​ដល់​សុភមង្គល ឬ​សេចក្ដី​វេទនា​ទេ។ កូន​ពុំ​អាច​សន្និដ្ឋាន​ថា ការណ៍​នេះ​មាន​ន័យ​ដូច្នោះ​ឡើយ។

១៨មើល​ចុះ ឪពុក​និយាយ​នឹង​កូន​ថា ទេ ប៉ុន្តែ​វា​មាន​ន័យ​ថា ការ​ជួបជុំ​នៃ​ព្រលឹង​នឹង​រូប​កាយ​នៃ​ជន​ទាំង​ឡាយ ចាប់​តាំង​ពី​ជំនាន់​លោក​អ័ដាម រហូត​ដល់​ដំណើរ​រស់​ឡើង​វិញ​នៃ​ព្រះ​គ្រីស្ទ​ម្ល៉េះ។

១៩ឥឡូវ​នេះ ទោះ​បី​ព្រលឹង និង​រាងកាយ​នៃ​ជន​ទាំង​ឡាយ ដែល​បាន​និយាយ​ដល់ នឹង​បាន​ជួប​គ្នា​ឡើង​វិញ​ភ្លាម​ឬ​ទេ ពួក​ទុច្ចរិត ក៏​ដូច​ជា​ពួក​សុចរិត នោះ​ឪពុក​ពុំ​បាច់​និយាយ​ទេ ឪពុក​គ្រាន់តែ​និយាយ​ថា មនុស្ស​ទាំង​អស់​នឹង​រស់​ឡើង​វិញ ឬ​និយាយ​ម្យ៉ាង​ទៀត​ថា ដំណើរ​រស់​ឡើង​វិញ​របស់​អ្នក​ទាំង​នេះ​នឹង​កើត​ឡើង មុន​ពេល​ដំណើរ​រស់​ឡើង​វិញ សម្រាប់​ជន​ទាំង​ឡាយ​ដែល​ស្លាប់​ក្រោយ​ដំណើរ​រស់​ឡើង​វិញ​នៃ​ព្រះ​គ្រីស្ទ។

២០ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ ឪពុក​ពុំ​និយាយ​ថា ដំណើរ​រស់​ឡើង​វិញ​ដល់​គេ នឹង​កើត​ឡើង​ព្រម​គ្នា​នឹង​ដំណើរ​រស់​ឡើង​វិញ​នៃ​ព្រះ​គ្រីស្ទ​ទេ ប៉ុន្តែ​មើល​ចុះ ឪពុក​ឲ្យ​យោបល់​ថា ព្រលឹង និង​រាងកាយ​នៃ​ពួក​សុចរិត នឹង​បាន​រួបរួម​គ្នា​វិញ ព្រម​គ្នា​នឹង​ដំណើរ​រស់​ឡើង​វិញ​នៃ​ព្រះ​គ្រីស្ទ និង​ការ​យាង​ទៅ​ស្ថានសួគ៌​របស់​ទ្រង់​វិញ។

២១ប៉ុន្តែ ទោះ​បី​នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នឹង​ដំណើរ​រស់​ឡើង​វិញ​របស់​ទ្រង់ ឬ​ក្រោយ​ក្ដី នោះ​ឪពុក​ពុំ​និយាយ​ទេ ប៉ុន្តែ​ឪពុក​និយាយ​តែប៉ុណ្ណោះ​ថា មាន​ចន្លោះ​ពេល​មួយ រវាង​សេចក្ដី​ស្លាប់​នឹង​ដំណើរ​រស់​ឡើង​វិញ​នៃ​រាងកាយ និង​ស្ថានភាព​នៃ​ព្រលឹង​ក្នុង​សុភមង្គល ឬ​ក្នុង​សេចក្ដី​វេទនា រហូត​ដល់​ពេល​ដែល​បាន​កំណត់​ទុក​ដោយ​ព្រះ​ថា មនុស្ស​ស្លាប់​នឹង​រស់​ឡើង​វិញ ហើយ​ព្រលឹង និង​រាងកាយ​នឹង​បាន​ជួបជុំ​គ្នា​ឡើង​វិញ នឹង​ត្រូវ​នាំ​ទៅ​ឈរ​នៅ​ចំពោះ​ព្រះ ហើយ​ទទួល​ការ​ជំនុំ​ជំរះ ស្រប​តាម​កិច្ចការ​របស់​ខ្លួន។

២២មែន​ហើយ ការណ៍​នេះ​នាំ​មក​នូវ​ការ​សាង​ឡើង​វិញ​នូវ​អ្វីៗ​ដែល​បាន​និយាយ​ចេញ​ពី​មាត់​នៃ​ពួក​ព្យាការី។

២៣ព្រលឹង​នឹង​បាន​ផ្គុំ​ចូល​ទៅ​ក្នុង​រាងកាយ ឯ​រាងកាយ ក៏​នឹង​បាន​ផ្គុំ​ទៅ​នឹង​ព្រលឹង មែន​ហើយ អវយវៈ​ទាំង​អស់ និង​គ្រប់​សន្លាក់​ឆ្អឹង ត្រូវ​បាន​ផ្គុំ​ទៅ​នឹង​រាងកាយ​វិញ មែន​ហើយ ទាំង​សក់​មួយ​សរសៃ​នៅ​លើ​ក្បាល​ក៏​ពុំ​បាត់​ដែរ ហើយ​អ្វីៗ​ទាំង​អស់​នឹង​បាន​សាង​ទៅ​ជា​រូប​រាង​ដ៏​ត្រឹម​ត្រូវ និង​ល្អ​ឥត​ខ្ចោះ​ឡើង​វិញ។

២៤ហើយ​ឥឡូវ​នេះ ឱ​កូន​ប្រុស​របស់​ឪពុក​អើយ នេះ​ហើយ​គឺ​ការ​សាង​ឡើង​វិញ ដូចដែល​បាន​និយាយ​ចេញ​ពី​មាត់​នៃ​ពួក​ព្យាការី —

២៥ហើយ​បន្ទាប់​មក មនុស្ស​សុចរិត​នឹង​ចែងចាំង​នៅ​ក្នុង​នគរ​ព្រះ។

២៦ប៉ុន្តែ​មើល​ចុះ សេចក្ដី​ស្លាប់​ដ៏​គួរ​ស្ញែង​ខ្លាច នឹង​មក​ដល់​ពួក​ទុច្ចរិត ព្រោះ​ពួក​គេ​ស្លាប់​ចំពោះ​អ្វីៗ​ដែល​ទាក់​ទង​ទៅ​នឹង​សេចក្ដី​សុចរិត ព្រោះ​ពួក​គេ​ឥត​ស្អាត ហើយ​គ្មាន​អ្វី​ដែល​ឥត​ស្អាត អាច​គ្រង​នគរ​ព្រះ​ទុកជា​មរតក​បាន​ឡើយ ប៉ុន្តែ​គេ​នឹង​ត្រូវ​បណ្ដេញ​ចេញ ហើយ​ត្រូវ​ផ្ដន្ទា​ទោស​ឲ្យ​ទទួល​នូវ​ផល​ទាំង​ឡាយ​នៃ​កិច្ចការ​ទាំង​ឡាយ ឬ​ការងារ​ទាំង​ឡាយ​របស់​ខ្លួន ដែល​ជា​កិច្ចការ​អាក្រក់ ហើយ​គេ​នឹង​ផឹក​នូវ​កាក​នៃ​ពែង​ល្វីង​ជូរចត់៕