មេរៀនទី ៨៣
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៨-៨០
បុព្វកថា
នៅថ្ងៃទី ១ ខែ មិនា ឆ្នាំ ១៨៣២ ព្រះអម្ចាស់បានបើកសម្ដែងដល់ យ៉ូសែប ស៊្មីធ នូវវិវរណៈ ដែលឥឡូវនេះត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨។ នៅក្នុងវិវរណៈនេះ ព្រះអម្ចាស់បានដឹកនាំព្យាការីឲ្យបង្កើតក្រុមហ៊ុនមួយ ( ដែលក្រោយមកត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុនសហរដ្ឋ ) ដើម្បីគ្រប់គ្រងឃ្លាំងទាំងឡាយ និងគ្រប់គ្រងកិច្ចខិតខំបោះពុម្ពផ្សាយរបស់សាសនាចក្រ ។ ព្រះអម្ចាស់ក៏បានពិពណ៌នាអំពីពរជ័យទាំងឡាយដែលពួកបរិសុទ្ធនឹងទទួលផងដែរ បើពួកគេបានគោរពដល់បទបញ្ញត្តិដើម្បីរៀបចំបង្កើតក្រុមហ៊ុននេះ ។ នៅក្នុងកិច្ចខិតខំដើម្បីការពារដល់ដំណើរការក្រុមហ៊ុនរបស់សាសនាចក្រនេះពីមារសត្រូវនោះភាសាមួយចំនួននៃវិវរណៈនេះ ត្រូវបានផ្លាស់ប្ដូរ នៅពេលដែលវាត្រូវបានបោះពុម្ពលើកដំបូងក្នុងឆ្នាំ ១៨៣៥ ការបោះពុម្ពនៃគោលលទ្ធិ និងសេចក្ដីសញ្ញា ។ ឧទាហរណ៍ ក្រុមហ៊ុនសហភាព គឺសំដៅថាជា « របៀប » ឬ « របៀបរួម » ។ ក្នុងពេលដំណាលគ្នា ដែលព្រះអម្ចាស់បានបញ្ជា យ៉ូសែប ស៊្មីធ ឲ្យបង្កើតក្រុមហ៊ុនសហភាព នោះព្រះអម្ចាស់បានប្រទានវិវរណៈដែលត្រូវបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៩-៨០។ នៅក្នុងវិវរណៈទាំងនេះ ព្រះអម្ចាស់បានហៅយ៉ារេឌ ខារតើរ, ស្ទេផាន ប៊ើរណែត និង អេដែន ស្ម៊ីធ ដើម្បីបម្រើជាពួកអ្នកផ្សព្វផ្សាយសាសនា ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១-១៦
ព្រះអម្ចាស់បញ្ជាព្យាការី យ៉ូសែប ស៊្មីធ ដើម្បីរៀបចំក្រុមហ៊ុនសហភាព ។
សូមលើកក្រដាសប្រាក់ប៉ុន្នានសន្លឹកឡើង ហើយសួរសំណួរដូចខាងក្រោម ៖
-
តើប្រាក់អាចត្រូវបានប្រើសម្រាប់គោលបំណងអាក្រក់យ៉ាងដូចម្ដេច ?
-
តើប្រាក់អាចត្រូវបានប្រើដើម្បីពន្លឿនបុព្វហេតុល្អយ៉ាងដូចម្ដេច ?
បន្ទាប់ពីសិស្សឆ្លើយតប ចូរពន្យល់ថា នៅក្នុងខែ ឧសភា ឆ្នាំ ១៨៣១ ព្រះអម្ចាស់បានបញ្ជាថា ឃ្លាំងមួយ ត្រូវស្ថាបនាឡើង ដើម្បីប្រមូលផលិតផល និងប្រាក់កាស សម្រាប់ជាប្រយោជន៍ដល់អ្នកក្រីក្រ ( សូមមើលគ. និង ស. ៥១) ។ ក្រោយមកឃ្លាំងពីរ ត្រូវបានបង្កើតឡើង ៖ ឃ្លាំងមួយដំណើរការដោយ ស៊ីឌនី ហ្គីលប៊ើត នៅ អ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ហើយមួយទៀតបានដំណើរការដោយ នូវែល ឃេ វីតនី នៅក្រុងខឺតឡង់ រដ្ឋ អូហៃអូ ។ នៅក្នុងទំនួលខុសត្រូវនេះ បងប្រុស ហ្គីលប៊ើត និង បងប្រុស វីតនី បានធ្វើជាភ្នាក់ងារសម្រាប់សាសនាចក្រ ។ ឃ្លាំងទាំងនេះ ផ្គត់ផ្គង់របស់របបដែលចាំបាច់ដល់ពួកបរិសុទ្ធ ខណៈពេលបង្កើតមូលនិធិដើម្បីទិញដី និងដើម្បីផ្គង់ផ្គង់ហិរញ្ញវត្ថុដល់ការបោះពុម្ពវិវរណៈ ដែលយ៉ូសែប ស្ម៊ីធ បានទទួលផងដែរ ។ ឃ្លាំងទាំងនេះ ក៏ត្រូវជួយដល់អ្នកទាំងឡាយដែលខ្វះខាតផងដែរ ( សូមមើលគ. និង ស. ៧២:១០-១២) ។
ដើម្បីជួយសិស្សយល់អំពីបរិបទនៃ វិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីណែនាំចំពោះកណ្ឌនោះ នៅក្នុងការបោះពុម្ពព្រះគម្ពីរ ឆ្នាំ ២០១៣ ថា ៖
« ពីដើមឡើយ វិវរណៈនេះបានណែនាំដល់ព្យាការី ស៊ីឌនី រិកដុន និង នូវែល ខេ វីតនី ឲ្យធ្វើដំណើរទៅរដ្ឋ មិសសួរី ហើយរៀបចំការបោះពុម្ព និងអាជីវកម្មរបស់សាសនាចក្រ ដោយការបង្កើតជា « ក្រុមហ៊ុន » មួយ ដែលនឹងមើលខុសត្រូវលើកិច្ចខិតខំទាំងនេះ ដោយការបង្កើតមូលនិធិសម្រាប់ការស្ថាបនាស៊ីយ៉ូន និងសម្រាប់ជាប្រយោជន៍ដល់ជនក្រីក្រ ។ ក្រុមហ៊ុននេះ ត្រូវបានស្គាល់ថា ក្រុមហ៊ុនសហភាព ត្រូវបានរៀបចំឡើងនៅខែមេសា ឆ្នាំ ១៨៣២ ហើយបានបញ្ឈប់ទៅវិញនៅឆ្នាំ ១៨៣៤ ( សូមមើលកណ្ឌ ៨២) ។ ពេលមួយបន្ទាប់ពីវាបានបញ្ឈប់ទៅ ក្រោមការដឹកនាំរបស់ យ៉ូសែប ស៊្មីធ ឃ្លា ‹ កិច្ចការនៃឃ្លាំងសម្រាប់ជនក្រីក្រ › បានជំនួសពាក្យ « ការស្ថាបនាការបោះពុម្ព និងអាជីវកម្ម » នៅក្នុងវិវរណៈ ហើយពាក្យ « របៀប » បានជំនួសពាក្យ ‹ ក្រុមហ៊ុន › » ។
សូមប្រាកដថា សិស្សយល់ថានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨ពាក្យរបៀប( សូមមើលខ ៤ សំដៅទៅលើសហសមាគម ។ សូមឲ្យសិស្សម្នាក់អានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:៣-៤ឲ្យឮៗ ហើយអញ្ជើញសិស្សក្នុងថ្នាក់ឲ្យរកមើលថាក្រុមហ៊ុន ឬរបៀប ដែលអនុញ្ញាតឲ្យពួកបរិសុទ្ធធ្វើ ។
-
ស្របតាមខ ៤តើបុព្វហេតុអ្វីដែលព្រះអម្ចាស់ចង់ឲ្យរីកចម្រើនតាមរយៈការស្ថាបនាក្រុមហ៊ុននេះ ? ( សេចក្ដីសង្គ្រោះនៃមនុស្សលោក ) ។
-
តើវិធីមួយចំនួនដែលប្រាក់អាចត្រូវបានយកមកប្រើប្រាស់ដើម្បីចម្រើនបុព្វហេតុនៃសេចក្ដីសង្គ្រោះមានអ្វីខ្លះ ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:៥-៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុថាហេតុអ្វីព្រះអម្ចាស់បានបញ្ជាឲ្យពួកបរិសុទ្ធរបស់ទ្រង់ជួយ « មនុស្សទ័លក្រក្នុងរាស្ត្រ [របស់ទ្រង់] » (គ. និង ស. ៧៨:៣) ។ សូមឲ្យសិស្សរាយការណ៍អំពីការរកឃើញរបស់ពួកគេ។
-
តើការជួយដល់មនុស្សទ័លក្រ នឹងជួយឲ្យពួកបរិសុទ្ធក្លាយជា « បានស្មើគ្នានៅក្នុងអ្វីៗខាងផែនដី » យ៉ាងដូចម្ដេច ?
អ្នកអាចនឹងចាំបាច់រំឭកដល់សិស្សថា នៅក្នុងវិវរណៈមុនមួយ ដែលព្រះអម្ចាស់បានកំណត់ពីភាពដូចគ្នា តាមស្ថានភាព តម្រូវការ និងចំណង់របស់គ្រួសារ ( សូមមើល គ. និង ស. ៥១:៣) ។ ហេតុដូច្នោះហើយ បទបញ្ជាឲ្យបានស្មើគ្នាចំពោះអ្វីៗខាងផែនដី ពុំថ្លែងបញ្ជាក់ថា មនុស្សគ្រប់រូបនឹងមានចំនួនធនធានស្មើគ្នាទាំងស្រុងនោះទេ ប៉ុន្តែថា គ្រប់គ្រួសារនឹងមានគ្រប់គ្រាន់សម្រាប់តម្រូវការ និងចំណង់របស់ពួកគេ ស្របតាមស្ថានភាពនិមួយៗរបស់ពួកគេ ។
សូមចង្អុលបង្ហាញថា ឃ្លា « អ្វីៗខាងស្ថានសួគ៌ » នៅក្នុងខ ៥-៦។
-
តើ « អ្វីៗខាងស្ថានសួគ៌ » អ្វីខ្លះ ដែលអ្នកគិតថា ព្រះអម្ចាស់សព្វព្រះទ័យឲ្យយើងមានភាពស្មើគ្នា ?
-
តើការមានភាពស្មើគ្នាចំពោះអ្វីៗខាងផែនដី អាចអនុញ្ញាតឲ្យយើងស្មើគ្នានៅក្នុងការទទួលបានអ្វីៗខាងស្ថានសួគ៌យ៉ាងដូចម្ដេច ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយរកមើលមូលហេតុបន្ថែមមួយថា ហេតុអ្វីព្រះអម្ចាស់បានបញ្ជាឲ្យពួកបរិសុទ្ធមើលថែដល់មនុស្សទ័លក្រ ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
-
តើអ្នកគិតថា ការមើលថែដល់ជនទ័លក្រ នឹងរៀបចំពួកបរិសុទ្ធឲ្យគ្រងនគរសេឡេស្ទាលតាមវិធីណាខ្លះ ?
-
តើគោលការណ៍អ្វីខ្លះ ដែលយើងអាចរៀនមកពីខគម្ពីរនេះ ដែលអនុវត្តចំពោះយើងសព្វថ្ងៃនេះ ? ( សិស្សអាចប្រើពាក្យផ្សេងៗ ប៉ុន្តែចម្លើយរបស់ពួកគេគួរតែឆ្លុះបញ្ចាំងនូវគោលការណ៍ដូចខាងក្រោម ៖ការគោរពប្រតិបត្តិចំពោះបទបញ្ញត្តិរបស់ព្រះអម្ចាស់ រៀបចំយើងសម្រាប់កន្លែងមួយនៅក្នុងនគរសេឡេស្ទាល )។
សូមឲ្យសិស្សសរសេរបទបញ្ញត្តិរបស់ព្រះអម្ចាស់ឲ្យបានច្រើនតាមដែលគេអាចធ្វើទៅបាននៅក្នុងមួយនាទី ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន។ សូមអញ្ជើញសិស្សឲ្យជ្រើសរើសបទបញ្ញត្តិមួយដែលបានសរសេរនៅលើក្ដារខៀន ហើយសរសេរនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់រៀន ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ នូវប្រយោគពីរបី ដែលពន្យល់អំពីរបៀបដែលការគោរពតាមបទបញ្ញតិ្តនោះ នឹងជួយរៀបចំពួកគេសម្រាប់នគរសេឡេស្ទាល ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានសរសេរ ។
ដើម្បីជួយសិស្សឲ្យកាន់តែយល់បន្ថែមអំពីគោលបំណងរបស់ព្រះអម្ចាស់ចំពោះការប្រទានដល់យើងនូវបទបញ្ញត្តិទាំងឡាយ សូមសិស្សម្នាក់ឲ្យអានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« វាមិនគ្រប់គ្រាន់ទេសម្រាប់នរណាម្នាក់ដែលគ្រាន់តែធ្វើអ្វីមួយទៅតាមតែអារម្មណ៍នោះ ។ ព្រះបញ្ញាត្តិ ពិធីបរិសុទ្ធ និង សេចក្តីសញ្ញាទំាងឡាយ នៃ ដំណឹងល្អ គឺមិនមែនជាបញ្ជីនៃការដាក់ប្រាក់ ដែលតម្រូវឲ្យធ្វើនៅក្នុងគណនីសួគ៌ាមួយចំនួននោះទេ ។ ដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ គឺជាផែនការមួយដែលបង្ហាញយើងពីរបៀបដើម្បីប្រែក្លាយជាអ្វីដែលព្រះវរបិតាសួគ៌សព្វព្រះទ័យឲ្យយើងប្រែក្លាយ » (The Challenge to Become,»Ensign, ខែ វិច្ឆិកា ឆ្នាំ ២០០០, ទំព័រ ៣២ ) ។
-
តើការយល់ពីគោលបំណងរបស់ព្រះអម្ចាស់ក្នុងការប្រទានបទបញ្ញត្តិទាំងឡាយដល់យើង អាចជួយយើងឲ្យគោរពដល់ទ្រង់កាន់តែស្មោះត្រង់ខ្លាំងឡើងយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សពីរនាក់ឆ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:៨-៩ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ដោយរកមើលឈ្មោះនៃអ្នកទាំងឡាយដែលព្រះអម្ចាស់បានតែងតាំងឲ្យរៀបចំសហសមាគមនោះឡើង។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ ។
-
ស្របតាមខ ៩តើបុរសទាំងបីរូបនេះ បានបញ្ជាឲ្យអង្គុយជាមួយនរណានៅក្នុងការប្រឹក្សា ? ( សូមជួយសិស្សឲ្យយល់ថា ឃ្លា « ពួកបរិសុទ្ធ … នៅក្នុងស៊ីយ៉ូន » សំដៅទៅលើសមាជិកសាសនាចក្រនៅអ៊ិនឌីប៉ែនដែនស៍ រដ្ឋ មិសសួរី ) ។
ចូរពន្យល់ថា យ៉ូសែប ស្ម៊ីធ, នូវល ខេ វិតនី, ស៊ីឌនី រិកដុន, ពេត្រុស វិតមើរ ជុញ្ញ័រ និង ចែស៊ី កស បានគោរពតាមបទបញ្ញត្តិនេះ ហើយបានធ្វើដំណើរទៅរដ្ឋ មិសសួរី ក្នុងខែ មេសា ឆ្នាំ ១៨៣២ ។ មិនយូរប៉ុន្មានបន្ទាប់ពីការមកដល់របស់ពួកគាត់ បុរសទាំងបីរូបបានមានក្រុមប្រឹក្សាមួយ ដែលពួកគេបានរៀបចំក្រុមហ៊ុនសហភាព ស្របតាមការដឹកនាំនៅក្នុងវិវរណៈនេះ ។ ក្រុមហ៊ុននោះ មានសមាសភាព យ៉ូសែប ស៊្មីធ, ស៊ីឌនី រិកដុន, នូវល ខេ វិតនី, អែតវើត ប៉ាទ្រិច, ស៊ីឌនី ហ្គីលប៊ើត, អូលីវើរ ខៅឌើរី, យ៉ូហាន វិតមើរ, វិលាម ដ័បុលយូ ហ្វែប្ស និង ម៉ាទីន ហារិស ។
សូមសង្ខេបគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១០-១៦ដោយការពន្យល់ថា នៅក្នុងគម្ពីរទាំងនេះ ព្រះអម្ចាស់បានគូសបញ្ជាក់ថា សមាជិកនៃក្រុមហ៊ុន គួរតែចងផ្អោបខ្លួនរួមគ្នាតាមរយៈសេចក្ដីសញ្ញាមួយដើម្បីគ្រប់គ្រងសហគ្រាសរបស់សាសនាចក្រ ។ ដោយការស្មោះត្រង់ចំពោះសេចក្ដីសញ្ញានេះ ពួកគេនឹងមានជំនួយរបស់ព្រះអម្ចាស់នៅក្នុងការសម្រេចនូវបទបញ្ញត្តិរបស់ទ្រង់ ។ ព្រះអម្ចាស់ក៏បានពន្យល់ផងដែរថា បើពួកបរិសុទ្ធបានធ្វើតាមការណែនាំរបស់ទ្រង់ នោះសាសនាចក្រនឹងអាចឈរដោយឯករាជ្យពីអង្គភាពនានាផ្សេងទៀតនៅលើផែនដីទាំងអស់ ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៧-២២
ព្រះអម្ចាស់បានពិពណ៌នាអំពីពរជ័យនានាដែលមានសម្រាប់អ្នកទាំងឡាយដែលរក្សាបទបញ្ញត្តិទាំងឡាយរបស់ទ្រង់
សូមសួរដល់សិស្សឲ្យរៀបរាប់នូវអំណោយ ឬពរជ័យមួយចំនួនដែលពួកគេបានទទួល នៅពេលពួកគេនៅក្មេង ដែលពួកគេមានអំណរគុណកាន់តែខ្លាំងនៅពេលនេះ កាលដែលពួកគេកាន់តែធំដឹងក្ដី ។
-
ហេតុអ្វីក៏អ្នកមានអំណរគុណចំពោះ អំណោយ ឬពរជ័យទាំងឡាយនេះកាន់តែច្រើននាពេលឥឡូវនេះ ?
-
តើអ្នកគិតថា ការណ៍នេះអាចទាក់ទងនឹងពរជ័យដែលព្រះវរបិតាសួគ៌របស់យើងបានរៀបចំសម្រាប់យើងយ៉ាងដូចម្ដេច ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៧-១៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ពីរបៀបដែលពួកបរិសុទ្ធប្រៀបដូចជាកុមារតូចៗ ។
-
ហេតុអ្វីក៏ពេលខ្លះវាពិបាកសម្រាប់យើងដើម្បីយល់អំពីពរជ័យទាំងឡាយដែលព្រះអម្ចាស់បានមាននៅក្នុងឃ្លាំងសម្រាប់យើង ?
-
ទោះជាយើងមិនអាចយល់ ឬទ្រាំទ្រនូវរឿងគ្រប់យ៉ាងក្ដី តើព្រះអម្ចាស់បានផ្ដល់ការអញ្ជើញអ្វីខ្លះដល់យើង ? ( សូមមានចិត្តរីករាយចុះ ) ។
-
តើការដឹងថា ព្រះអម្ចាស់ « នឹងដឹកនាំ [យើង] រាល់គ្នា » (គ. និង ស. ៧៨:១៨) ឆ្លងកាត់នូវរឿងទាំងឡាយដែលយើងមិនអាចយល់ ឬទ្រាំទ្រ អាចជួយយើងឲ្យមានចិត្តអរសប្បាយយ៉ាងដូចម្ដេច ?
សូមសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:១៩ដោយស្ងាត់ស្ងៀមរកមើលការដឹកនាំរបស់ព្រះអម្ចាស់ប្រទានទៅដល់ពួកបរិសុទ្ធ ។ បន្ទាប់មក សូមឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេបានរៀន ។
-
តើព្រះអម្ចាស់បានមានបន្ទូលអ្វីខ្លះនឹងកើតឡើងសម្រាប់អ្នកទាំងឡាយដែលជ្រើសរើសដើម្បីទទួលនូវគ្រប់ការណ៍ទាំងអស់ដោយក្ដីអំណរគុណនោះ ? ( សិស្សគួរតែប្រាប់នូវគោលការណ៍មួយស្រដៀងគ្នានឹងគោលការណ៍ដូចខាងក្រោម ៖បើសិនជាយើងទទួលគ្រប់ការណ៍ទាំងអស់ដោយមានអំណរគុណ នោះព្រះអម្ចាស់នឹងប្រទានពរជ័យដល់យើងទ្វេដង )។
-
ហេតុអ្វីក៏អ្នកគិតថា ព្រះអម្ចាស់នឹងប្រទានពរជ័យទ្វេដងដល់អ្នកទាំងឡាយដែលទទួលគ្រប់ការណ៍ទាំងអស់ដោយអំណរគុណយ៉ាងដូច្នេះ ?
-
តើការជ្រើសរើសដើម្បីទទួលគ្រប់ការណ៍ទាំងអស់ដោយអំណរគុណ ក៏អាចជួយយើងឲ្យមានចិត្តរីករាយយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីរបៀបដែលពួកគេអាចទទួលនូវគ្រប់ការណ៍ទាំងអស់ដោយមានអំណរគុណកាន់តែពេញលេញយ៉ាងណា។
សូមឲ្យសិស្សអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៨:២០-២២ដោយស្ងាត់ស្ងៀម រកមើលនូវអ្វីដែលព្រះអម្ចាស់បានមានបន្ទូលថា យើងគួរតែធ្វើ ដើម្បីមានលទ្ធផលមួយនៃការយល់ដឹងអំពីការសន្យាទាំងឡាយដែលបានពិពណ៌នានៅក្នុងខ ១៩។ សូមឲ្យសិស្សចែកចាយពីអ្វីដែលពួកគេបានរកឃើញ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ៧៩-៨០
យ៉ារេដ ខារតើរ, ស្ទេផាន ប៊ើរណែត និង អេដែន ស្ម៊ីធ ត្រូវបានហៅឲ្យបម្រើបេសកកម្ម
សូមប្រាប់សិស្សឲ្យដឹងថា នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៩និង៨០ ព្រះអម្ចាស់បានហៅបុរសបីនាក់ឲ្យបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ សូមចាត់ឲ្យសិស្សធ្វើការជាដៃគូ ។ សូមឲ្យដៃគូម្នាក់សិក្សាគោលលទ្ធិ និង សេចក្ដីសញ្ញា ៧៩ហើយសុំឲ្យដៃគូម្នាក់ទៀតសិក្សាគោលលទ្ធិ និង សេចក្តីសញ្ញា ៨០។ សូមអញ្ជើញពួកគេឲ្យរកមើលគោលការណ៍ទាំងឡាយដែលអនុវត្តចំពោះកិច្ចការផ្សព្វផ្សាយសាសនា នៅពេលពួកគេសិក្សាកណ្ឌដែលបានចាត់ឲ្យពួកគេនោះ ។
បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយ សូមសិស្សឲ្យចែកចាយជាមួយនឹងដៃគូរបស់ពួកគេអំពីគោលការណ៍ទាំងឡាយដែលពួកគេបានរកឃើញ។ បន្ទាប់មក សូមសុំឲ្យសិស្សសរសេរនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់រៀន ឬសៀវភៅកំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេនូវគោលការណ៍មួយដែលពួកគេបានរៀន ។ សូមអញ្ជើញពួកគេឲ្យសរសេរប្រយោគពីរបីអំពីរបៀបដែលពួកគេអាចប្រើគោលការណ៍នោះ ដើម្បីចែកចាយដំណឹងល្អជាមួយនរណាម្នាក់ដែលពួកគេស្គាល់ ។
សូមបញ្ចប់មេរៀននេះដោយការថ្លែងទីបន្ទាល់របស់អ្នកអំពីគោលលទ្ធិ និងគោលការណ៍ទាំងឡាយដែលអ្នកបានពិភាក្សានៅក្នុងថ្នាក់ថ្ងៃនេះ ។