ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ១៥៣ ៖ សេចក្ដី​ប្រកាស​ជាផ្លូវការ​ទី ១ និង​ការ​អភិវឌ្ឍ​កិច្ចការ​ព្រះវិហារបរិសុទ្ធ​ជា​បន្ដបន្ទាប់


មេរៀនទី ១៥៣

សេចក្ដីប្រកាស​ជា​ផ្លូវការ​ទី ១និង​ការ​អភិវឌ្ឍ​កិច្ចការ​ព្រះវិហារបរិសុទ្ធ​ជា​បន្ដបន្ទាប់

បុព្វកថា

បន្ទាប់ពី​ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​ដើម្បីដឹកនាំ​លោក​ឲ្យ​បង្រៀន​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព នោះ​សមាជិក​សាសនាចក្រ​មួយចំនួន បាន​ចាប់​ផ្ដើម​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព នៅក្រោម​ការ​ដឹកនាំ​របស់​លោក​នៅដើម​ឆ្នាំ ១៨៤០ ។​ នៅអំឡុង​ជាច្រើន​ទស្សវត្សរ៍​ក្រោយមក សាសនាចក្រ​បាន​ទទួល​បទពិសោធន៍​នៃ​ការ​ប្រឆាំងជំទាស់​ជាសាធារណៈ ដោយសារ​តែ​ការ​អនុវត្ត​នេះ ។ « បន្ទាប់ពី​ការ​ទទួលបាន​វិវរណៈ នោះ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​ចេញ…​ [សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១] ដែល​ត្រូវ​បាន​ទទួល​យក​ដោយសាសនាចក្រ ជា​ការអនុញ្ញាត​ជាផ្លូវការ ហើយ​គោរពតាម នៅថ្ងៃទី ៦ ខែ​តុលា ឆ្នាំ ១៨៩០ ។ សេចក្ដី​ថ្លែងការណ៍​នេះ បាននាំ​ទៅរក​ការ​បញ្ចប់នូវ​ការអនុវត្តន៍​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ​ក្នុង​សាសនាចក្រ ( សេចក្ដី​ប្រកាស​ជា​ផ្លូវការ​ទី ១ បុព្វកថា ) ។ ទោះជា​ពួកបរិសុទ្ធ​បានជួប​នឹង​ការ​ជំទាស់​ក្ដី ក៏ពួកគេ​បាន​ធ្វើ​ការ​ដោយឧស្សាហ៍ព្យាយាម​ដើម្បី​សាងសង់​ព្រះវិហារបរិសុទ្ធ ជាកន្លែង​ដែលពួកគេ​បានទទួល​ពីធីបរិសុទ្ធ​នៃ​សេចក្ដីសង្គ្រោះ​សម្រាប់​ខ្លួនគេ និង​សម្រាប់មរណជន ។ ពួកគេ​បាន​សាងសង់ ហើយបាន​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ​ចំនួន​ប្រាំ នៅ​ចន្លោះ​ឆ្នាំ ១៨៤៦ និង ១៨៩៣ ។

យោបល់​សម្រាប់​ការបង្រៀន

ព្រះអម្ចាស់​បាន​បើកបង្ហាញ​ថា ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​គួរតែ​បញ្ឈប់​នូវ​ការអនុវត្តន៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព

សូម​ឲ្យ​សិស្ស​ប្រាប់​ឈ្មោះ​មនុស្ស​សុចរិត​នៅក្នុងគម្ពីរ ដែល​ត្រូវ​បាន​ចាប់​ខ្លួន ឬ​ដាក់គុគ​ ដោយសារតែ​បានធ្វើតាម​អ្វី​ដែលព្រះ បានបញ្ជា​ពួកគេ​ឲ្យធ្វើ ។ ( ចម្លើយ​ទាំងឡាយ​អាច​រួមមាន ដានីយ៉ែល អាប៊ីណាដៃ ពេត្រុស យ៉ូសែប ស៊្មីធ និង​ព្រះអង្គសង្គ្រោះ ) ។

សូម​ពន្យល់​ថា មានបុរសៗ​ថ្ងៃចុងក្រោយជាច្រើនរូប ត្រូវ​បាន​ចាប់​ខ្លួន ហើយ​ដាក់គុក ដោយសារ​តែ​ពួកគេ​បាន​បន្ដ​គោរព​បទបញ្ញត្តិ​ដើម្បី​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព បន្ទាប់ពី​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បានអនុម័ត​ច្បាប់​ ធ្វើ​ឲ្យ​ការ​អនុវត្តនេះ​ខុស​ច្បាប់ ។ ស្ត្រី​មួយចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ផងដែរ ជាធម្មតា​ដោយសារ​តែ​ពួកគេ​ពុំ​ព្រម​ប្រាប់​ពី​កន្លែង​លាក់ខ្លួន​របស់​ប្ដី​ពួកគេ ដែល​បាន​រត់ទៅ​លាក់​ខ្លួន​ពីការ​តាមចាប់​នោះ ។

សូម​ឲ្យ​សិស្ស​សង្ខេប​អំពី​របៀប​ដែល​ការ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព បាន​ចាប់​ផ្ដើម​មាន​នៅក្នុង​ចំណោម​សមាជិក​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ( ព្យាការី យ៉ូសែប ស៊្មីធ បានទទួល​វិវរណៈ​អំពី​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ហើយ​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ត្រូវ​បាន​ស្ថាបនាឡើង​នៅក្នុង​ចំណោម​សមាជិក​សាសនាចក្រ នៅ​ដើម​ឆ្នាំ ១៨៤០ ជា​ការ​ឆ្លើយ​តបចំពោះ​បទបញ្ជា​របស់ព្រះអម្ចាស់ [សូមមើលគ. និង ស. ១៣២]) ។

សូម​អញ្ជើញសិស្ស​ម្នាក់ឲ្យ​អាន​កថាខណ្ឌ​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់មើល​នូវ​ការលំបាកៗ​ដែល​សមាជិក​សាសនាចក្រ​មួយចំនួន បានជួប​ប្រទះ នៅពេលពួកគេ​បាន​គោរព​តាម​បទបញ្ជា​របស់ព្រះអម្ចាស់​ដើម្បី​អនុវត្តអាពាហ៍ពិពាហ៍​ពហុពន្ធភាព ។

នៅ​ខែ​សីហា ឆ្នាំ ១៨៥២ ជា​ចំណែក​នៃ​សន្និសីទ​មួយ​នៅក្នុង​ទីក្រុង សលត៍ លេក អែលឌើរ អួរសុន ប្រាត្ត បានប្រកាសជាសាធារណៈថា នៅក្នុងការ​គោរពតាម​បទបញ្ញត្តិ​មួយ​មកពី​ព្រះ នោះសមាជិក​សាសនាចក្រ​មួយចំនួន កំពុងតែអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ។ អែលឌើរ ប្រាត្ត បាន​ធ្វើសេចក្ដីប្រកាស​នេះ នៅក្រោម​ការ​ដឹកនាំ​របស់​ប្រធាន ព្រិកហាំ យ៉ង់ ។ មាន​អ្នកដឹកនាំ​សាសនា និង​អ្នកដឹកនាំ​នយោបាយ​ជាច្រើន​នៅក្នុង​សហរដ្ឋ បាន​ប្រឆាំង​ទៅ​នឹង​ប្រព័ន្ធ​អាពាហ៍ពិពាហ៍​បែបនោះ ដែល​ពួកគេ​ចាត់ទុកថា​ប្រព័ន្ធ​នេះ​គឺ​អសីលធម៌ និង​គ្មាន​អរិយធម៌ ។ ពួក​បរិសុទ្ធ​ថ្ងៃចុងក្រោយ​ជាច្រើន​រូប​ត្រូវ​បាន​គេ​សើច​ចំអក​ក្នុង​ទីសាធារណៈនៅក្នុងសុន្ទរកថា សៀវភៅ ទស្សនាវដ្ដី និង កាសែត​នានា ។ សភា​សហរដ្ឋ​បាន​ចេញ​ច្បាប់​ជាច្រើន​ដែល​ដាក់កម្រិត​ដល់​សេរីភាព​របស់​សមាជិក​សាសនាចក្រ ហើយ​បាន​សង្កត់សង្កិនដល់​សាសនាចក្រ​ខាង​សេដ្ឋកិច្ច​ដោយ​រឹតបន្ដឹង​ចំនួន​អចលនទ្រព្យ​ដែល​សាសនាចក្រ​អាច​កាន់កាប់​បាន ។ ច្បាប់​ទាំងនេះ នៅទីបំផុត​នាំ​ទៅរក​ការ​ចាប់​ខ្លួន និង​ការ​ដាក់គុគ​បុរសៗ​ដែល​មាន​ប្រពន្ធ​ច្រើនជាង​មួយ ។ បុរស​ទាំងនេះ​ត្រូវ​បាន​គេបដិសេធ « មិនឲ្យ​មានសិទ្ធិ​បោះឆ្នោត គ្មានសិទ្ធិ​ឯកជន​នៅក្នុងផ្ទះ​របស់ពួកគេ ហើយ​គ្មានសិទ្ធិ​រីករាយ​នឹង​សេរីភាព​ស៊ីវិល​ដទៃទៀតឡើយ » (កេរដំណែល​របស់​យើង ៖ ប្រវត្តិ​សង្ខេប​របស់​សាសនាចក្រ​នៃ​ព្រះ យេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃចុង​ក្រោយ [ឆ្នាំ ១៩៩៦] ទំព័រ ៩៧ ) ។ នៅ​ត្រឹម​ឆ្នាំ ១៨៩០ មាន​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដ៏​ស្មោះត្រង់​ជាច្រើន​រយ​នាក់​បាន​ជាប់​គុក ។ អ្នកផ្សេង​ទៀត​បាន​រត់​ពួន​ដើម្បី​ចៀសវាង​ពី​ការចាប់ខ្លួន និង​ដាក់គុក ។ នៅក្នុង​ស្ថានភាព​បែបនេះ មាន​គ្រួសារ​ជាច្រើន​បាន​រងទុក្ខ​ដោយភាពតានតឹង ទុក្ខសោក ភាពក្រីក្រ និង ការអត់ឃ្លាន ។

បន្ទាប់ពី​សេចក្ដីប្រកាស​នៅ​ឆ្នាំ ១៨៥២ អាពាហ៍ពិពាហ៍​ពហុពន្ធភាព​បានប្រែទៅជាមានភាព​រីករាល​ដាល​កាន់តែ​ខ្លាំង​ឡើង ហើយ​បុរស និងស្ត្រី​រាប់ពាន់​នាក់ ត្រូ​វ​បានផ្សារភ្ជាប់នៅក្នុង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព នៅក្រោម​ការ​ដឹកនាំ​របស់​ពួកអ្នកដឹកនាំ​បព្វជិតភាព ។ ទោះបីជា​ពិភពលោក​បាន​ចំអក​ឡកឡឺយ​ដល់​ពួកគេ​ដោយសារ​ការអនុវត្តន៍​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​ក្ដី ក៏​មាន​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ដ៏​ស្មោះត្រង់​ជាច្រើន​បាន​ទ្រទ្រង់ក្នុង​ការអនុវត្តន៍​នេះ និង​បាន​ថ្លែងទីបន្ទាល់​ថា ពួកគេ​បាន​ដឹង​ថា វា​ត្រូវបាន​បើកបង្ហាញ​មកពី​ព្រះ តាមរយៈ​ព្យាការី យ៉ូសែប ស្ម៊ីធ ។

  • តើ​យើង​នឹង សង្ខេប​អំពីភាព​លំបាក​វេទនា​របស់​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​កាលពី​ជំនាន់​ដើម​ ដែល​បាន​ជួបផលលំបាក ដោយសារ​តែ​ពួកគេ​បាន​គោរព​តាមការដឹកនាំ​របស់​ព្រះអម្ចាស់​ក្នុង​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាពនេះ​យ៉ាង​ដូចម្ដេច ?

រូបភាព
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

សូម​ពន្យល់​ថា ស្ថានភាព​ដ៏​លំបាក​ទាំងនេះ​បាន​នាំ​ឲ្យ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ស្វែងរក​ដោយការ​អធិស្ឋាន​ទូលសូមការដឹកនាំ​ពី​ព្រះអម្ចាស់​ទាក់ទង​ទៅនឹង​ការអនុវត្តន៍​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​របស់​ពួកបរិសុទ្ធ​ទាំងឡាយ ។ នៅក្នុង​ឆ្នាំ ១៨៨៩ ប្រធាន វូដដ្រុព្វ បាន​ណែនាំ​អ្នក​ដឹកនាំ​សាសនាចក្រ​ទាំងឡាយ​ឲ្យ​បញ្ឈប់​ការបង្រៀន​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​នេះ​ទៀត ។ នៅ​ត្រឹមឆ្នាំ ១៨៩០ មាន​តែ​អាពាហ៍ពិពាហ៍​ពហុ​ពន្ធភាព​ពីរ​បី​ប៉ុណ្ណោះ​ដែល​កើតមាន​ឡើង ហើយ​ការណ៍​នេះ​ត្រូវបាន​ធ្វើ​ឡើង​ដើម្បី​ប្រឆាំង​នឹង​ការទូន្មាន​របស់​ប្រធាន វួឌដ្រុព្វ ។ ទោះជាយ៉ាង​ណា​ក៏​ដោយ ក៏​មាន​មនុស្ស​ខ្លះ​បាន​បោះពុម្ភចេញផ្សាយ​របាយការណ៍​ជាច្រើន​ថា សាសនាចក្រ​នៅតែ​បន្ដ​ឲ្យ​មាន​ការអនុវត្តន៍​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ដដែល ។ របាយការណ៍​ទាំងនេះ បាន​បង្កើត​ជា​ការរុកគួន​ដល់​សាសនាចក្រ ។ នៅខែ កញ្ញា ឆ្នាំ ១៨៩០ ប្រធាន វូឌ ដ្រុព្វ បាន​ចេញ​ជា​សេចក្ដីប្រកាស​មួយ​ដែលក្នុង​ពេលនេះ​ត្រូវបាន​គេ​ស្គាល់​ថា​ជាសេចក្ដីប្រកាស​ជា​ផ្លូវការ​ទី ១ដែល​មាន​នៅក្នុង​គោលលទ្ធិ និង​សេចក្ដីសញ្ញា ។

សូម​សង្ខេប​កថាកណ្ឌ​បី​ដំបូង​នៃសេចក្ដីប្រកាស​ជា​ផ្លូវការ​ទី ១ដោយ​ពន្យល់​ថា ប្រធាន វូឌដ្រុព្វ បាន​អះអាង​ថា របាយការណ៍ចោទ​ប្រកាន់ថា សាសនាចក្រនៅ​តែ​លើក​ទឹកចិត្ត​ឲ្យ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព គឺជា​រឿង​មិនត្រឹមត្រូវ ។ បន្ទាប់មក អញ្ជើញ​សិស្ស​បីនាក់​ឲ្យ​ផ្លាស់​វេន​គ្នា​អាន​ឮៗ​នូវកថាកណ្ឌ​ទីបួន និងទីប្រាំនៃសេចក្ដីប្រកាស​ជាផ្លូវ​ការ​ទី ១ ( ចាប់​ផ្ដើម​នៅត្រង់ « ដរាបណា​ដែលមាន​ច្បាប់ » ) និង​សេចក្ដីថ្លែង​ការណ៍​ជា​បន្ដបន្ទាប់​ដោយ​ប្រធាន ឡូរែនសូ ស្នូ ដែលពេល​នោះ​ជា​ប្រធាន​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយរកមើល​នូវអ្វី​ដែលប្រធាន វូឌដ្រុព្វ បានណែនាំ​ដល់ពួកបរិសុទ្ធ​ឲ្យធ្វើ ។

  • តើ​ពួកបរិសុទ្ធ​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( ចៀសវាង​ពី​ការ​ចុះកិច្ចព្រមព្រៀង ឬ​ការ​បង្កើត​នូវ​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​គ្រប់ប្រភេទ ) ។

  • យោងតាម​សេចក្ដីថ្លែងការណ៍ដោយប្រធាន ឡូរែនសូ ស្នូ ហេតុអ្វី​ក៏​វា​សំខាន់​ដែល​ការ​ដឹកនាំ​ឲ្យ​ចៀសវាង​ពី​ការ​ចុះកិច្ចព្រមព្រៀង​លើ​អាពាហ៍ពិពាហ៍​ពហុពន្ធភាពតទៅទៀត ត្រូវ​ចេញ​មក​ពី​ប្រធាន​នៃ​សាសនាចក្រ ? ( ដោយសារ​លោក​គឺជា​មនុស្ស​តែ​ម្នាក់គត់​នៅលើ​ផែនដី ដែល​កាន់​កូនសោ​នៃ​អំណាច​ផ្សារភ្ជាប់ ។ អ្នកអាច​នឹង​ចង់​រំឭក​សិស្ស​ថា អាពាហ៍ពិពាហ៍​ពហុពន្ធភាព អាច​ត្រូវ​បាន​អនុញ្ញាត​តែ​តាម​រយៈ​កូនសោបព្វជិតភាព ដែល​ត្រូវ​បាន​ប្រទាន​ឲ្យ​ប្រធាន​នៃ​សាសនាចក្រ​តែប៉ុណ្ណោះ [សូមមើលគ. និង ស. ១៣២:៧, ៤៨ ] ) ។

សូម​អញ្ជើញសិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវកថាកណ្ឌ​ទីមួយ​នៃ « ការដកស្រង់​មកពី​ប្រសាសន៍​ចំនួនបី ដោយ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ទាក់ទង​នឹង​គោលនយោបាយ » ដែលយក​តាម​អត្ថបទ​នៃ​គោលនយោបាយ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើលគោលការណ៍​មួយ​ ដែល​ប្រធាន វូឌដ្រុព្វ​បានបង្រៀន​ដល់ពួកបរិសុទ្ធ ។

  • តើ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ​បាន​បង្រៀន​ដល់ពួកបរិសុទ្ធ​អ្វីខ្លះ ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​សរសេរ​គោលលទ្ធិ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ព្រះអម្ចាស់​នឹង​ពុំ​ដែលអនុញ្ញាត​ឲ្យ​ប្រធាន​នៃ​សាសនាចក្រ​ដឹកនាំ​សាសនាចក្រ​ឲ្យ​វង្វេងឡើយ ។ អ្នក​អាច​នឹង​ចង់​អញ្ជើញ​សិស្ស​ឲ្យ​គូស​ចំណាំពាក្យ ឬ ឃ្លា​នៅក្នុង​គម្ពីរ​របស់ពួកគេ​ដែល​បង្រៀន​អំពី​គោលលទ្ធិ​នេះ ) ។

  • តើគោលការណ៍​នេះ អាច​ជួយ​យើង​នៅសព្វ​ថ្ងៃ​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា សមាជិក​សាសនាចក្រ​មួយចំនួន បានងឿង​ឆ្ងល់​ថា​ហេតុអ្វី​ក៏​ពួកគេ​ត្រូវ​បាន​ដឹកនាំ​ឲ្យ​រស់នៅ​តាម​គោលការណ៍​នៃ​អាពាហ៍ពិពាហ៍ពហុពន្ធភាព​ហើយ បែរ​ជាមក​ដឹកនាំ​ឲ្យ​បញ្ឈប់ទៅវិញដូច្នេះ ។ ព្រះអម្ចាស់​បានដឹកនាំ​ប្រធាន វូឌដ្រុព្វ ឲ្យ​សួរ​សំណួរ​ដល់​ពួកបរិសុទ្ធ ។ សូម​អញ្ជើញ​សិស្ស​បីនាក់​ឲ្យផ្លាស់វេន​គ្នា​អាន​ឮៗ​នូវ​កថាកណ្ឌ​ទីបី ទីបួន និង​ទីប្រាំ​នៃ « ការដកស្រង់​ចេញមកពី​សុន្ទរកថាបី​របស់​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ » ( ចាប់​ផ្ដើម​ត្រង់ « ខ្ញុំ​មានវិវរណៈ​មួយចំនួន » ) ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម​ រកមើលសំណួរ​ដែល​ប្រធាន វូឌដ្រុព្វ​បានសួរ​ដល់ពួកបរិសុទ្ធ ។

  • តើ​អ្នក​នឹង​សង្ខេប​សំណួរ​របស់​ប្រធាន វូឌដ្រុព្វ ដែលត្រូវ​បាន​បំផុស​ឲ្យ​សួរ​ដល់ពួកបរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

សូម​ពន្យល់​ថា ពួកបរិសុទ្ធ​គឺស្ថិត​នៅក្នុងភាព​គ្រោះ​ថ្នាក់​នៃ​ការ​បាត់បង់​ព្រះវិហារ​បរិសុទ្ធ​សេន្ដ ចច យូថាហ៍ ព្រះវិហារបរិសុទ្ធឡូហ្គិន យូថាហ៍ ព្រះវិហារបរិសុទ្ធ​ម៉ាន់ថៃ​យូថាហ៍ និង​ព្រះវិហារបរិសុទ្ធ​សលត៍ លេក​ដែល​ហៀប​នឹង​សាងសង់បញ្ចប់នោះ ។ ( បើ​អាច​ធ្វើទៅបាន អ្នក​អាច​នឹង​ចង់​ដាក់​តាំង​រូបភាព​ព្រះវិហារបរិសុទ្ធ​ទាំងនេះ ) ។

  • តើ​កិច្ចការ​សំខាន់​អ្វីខ្លះ នឹង​ត្រូវ​បញ្ចប់ បើ​ព្រះវិហារបរិសុទ្ធ​ត្រូវ​បាន​រឹបអូស​យកនោះ ?

សូម​ឲ្យសិស្ស​ម្នាក់អាន​ឮៗ​នូវ​កថាកណ្ឌទី​ប្រាំ​ពីរ​នៃ «ការដកស្រង់​ចេញមកពី​ប្រសាសន៍​ទាំងបី​របស់​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ » ( ចាប់​ផ្ដើម​ត្រង់ « ខ្ញុំ​បានឃើញ​យ៉ាង​ច្បាស់ » ) ។ សូម​អញ្ជើញ​សិស្ស​ក្នុងថ្នាក់​ឲ្យ​ផ្ទៀងតាម រកមើល​នូវអ្វី​ដែល​ប្រធាន វូឌដ្រុព្វ នឹង​បាន​ធ្វើ បើ​ព្រះ​ពុំ​បាន​បញ្ជា​លោក​ឲ្យណែនាំ​ដល់​ពួកអ្នកដឹកនាំ​សាសនាចក្រ​ឲ្យ​បញ្ឈប់​ការ​អនុវត្ត​នូវការធ្វើពិធីអាពាហ៍ពិពាហ៍​ពហុពន្ធភាព​នោះ ។

  • តើប្រធាន វូឌដ្រុព្វ គួរបានធ្វើអ្វីខ្លះ ?

  • តើយើងអាច​រៀនអ្វីខ្លះមកពីសេចក្ដីថ្លែងការណ៍​របស់​ប្រធាន វូឌដ្រុព្វ « ខ្ញុំ​បានសរសេរ​នូវ​អ្វី​ដែលព្រះអម្ចាស់​បានប្រាប់​ឲ្យ​ខ្ញុំ​សរសេរ ? » ( បន្ទាប់ពី​សិស្ស​ឆ្លើយតប អ្នកអាច​នឹង​ចង់​សរសេរ​នូវ​គោលលទ្ធិ​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ព្រះអម្ចាស់​ដឹកនាំ​សាសនាចក្រ​របស់ទ្រង់​តាមរយៈ​វិវរណៈ​ទៅ​ដល់ប្រធាន​សាសនាចក្រ )

  • តើគោលលទ្ធិ​នេះបាន​ជះឥទ្ធិពល​លើ​អ្នក​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​ចែកចាយ​ទីបន្ទាល់​របស់ពួកគេ​អំពី​សេចក្ដីពិត​ដែលអ្នកបាន​សរសេរ​នៅលើ​ក្ដារខៀន ។ អ្នក​ក៏​អាច​ចែកចាយ​ទីបន្ទាល់របស់​អ្នក​ផង​ដែរ ។

រូបភាព
ប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ

សូម​ពន្យល់​ថា ពួកបរិសុទ្ធថ្ងៃ​ចុង​ក្រោយ​មួយ​ចំនួនតូច បាន​បន្ដ​ចូល​ទៅក្នុង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ថ្មី បន្ទាប់ពី​ត្រូវ​បាន​ប្រគល់​ឲ្យ​នូវគោលនយោបាយ​នោះ ។ នៅក្នុងឆ្នាំ ១៩០៤ ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ បាន​ប្រកាស « ថា​រាល់​អាពាហ៍ពិពាហ៍ [ពហុពន្ធភាព] គឺត្រូវ​បាន​ហាមឃាត់ ហើយ​បើ​មាន​អ្នកកាន់​តំណែង​ណា​មួយ ឬ​សមាជិក​នៃ​សាសនាចក្រ​ណា​ម្នាក់ ទទួលយក​ដោយគោរព ឬ​ចូល​ទៅក្នុងអាពាហ៍ពិពាហ៍​ប្រភេទ​នេះ នោះ​គាត់នឹង​ត្រូវ… កាត់កាល​ចេញ​ពី​សាសនាចក្រ » ( នៅក្នុង Conference Report, ខែ មេសា ឆ្នាំ ១៩០៤, ទំព័រ ៧៥) ។ គោលនយោបាយ​នេះ​បន្ដ​នៅ​មាន​សព្វថ្ងៃនេះ ។

  • ផ្អែក​ទៅលើ​អ្វី​ដែល​អ្នក​បាន​រៀន តើ​អ្នក​នឹង​ឆ្លើយតប​យ៉ាង​ដូចម្ដេច បើសិនជា​នរណាម្នាក់​បាន​សួរ​ថា​តើ​ពួកបរិសុទ្ធ​ថ្ងៃចុងក្រោយ​ពិតជា​បាន​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​មែន​ដែរឬទេ ? ( សូម​ជួយសិស្ស​ឲ្យ​យល់​ថា សមាជិក​សាសនាចក្រ​បាន​អនុវត្ត​អាពាហ៍ពិពាហ៍ពហុពន្ធភាព​មួយរយៈ ក្នុងការ​គោរព​តាម​បញ្ជា​របស់ព្រះអម្ចាស់ ប៉ុន្តែ​ការ​អនុវត្ត​នោះ​បានបញ្ឈប់​ជា​យូរ​លង់មកហើយ ស្របតាម​បញ្ជា​របស់ព្រះអម្ចាស់​ផងដែរ ។ អាពាហ៍ពិពាហ៍​រវាង​បុរសម្នាក់ និង ស្ត្រី​ម្នាក់ គឺជា​បទដ្ឋានអាពាហ៍​ពិពាហ៍របស់ព្រះ​ លុះត្រា​តែ​គាត់ប្រកាស​តាម​របៀប​ផ្សេង​ទៀត​ប៉ុណ្ណោះ ( សូមមើល យ៉ាកុប ២:២៧-៣០ ] ) ។

ព្រះអម្ចាស់​បាន​បើក​សម្ដែង​ថា ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​គប្បី​ផ្សារភ្ជាប់​សមាជិ​ក​ក្រុម​គ្រួសារ​របស់ពួកគេ ។

សូម​ពន្យល់​ថា បន្ទាប់​ពី​គោលនយោបាយ​ត្រូវ​បាន​ប្រគល់​ឲ្យ​មក ការគម្រាម​គំហែងរឹបអូស​យក​ព្រះវិហារបរិសុទ្ធ​របស់​រដ្ឋាភិបាល​សហព័ន្ធ និង​សម្បត្តិ​របស់សាសនាចក្រ​ត្រូវ​បាន​បញ្ចប់ ។ បើគ្មាន​ការ​រំខាន​ដូច្នោះទេ នោះពួក​បរិសុទ្ធ​អាច​នឹង​ត្រូវ​បាន​ផ្ដោត​អារម្មណ៍​កាន់តែ​ខ្លាំង​ទៅលើ​កិច្ចការ​ព្រះវិហារបរិសុទ្ធ។ នៅថ្ងៃទី ៦ ខែ​មេសា ឆ្នាំ ១៨៩៣ រយៈពេល​សែសិប​ឆ្នាំ បន្ទាប់ពី​ថ្មជ្រុង​នៃ​ព្រះវិហារបរិសុទ្ធ​សលត៍ លេក​ត្រូវ​បាន​បញ្ចុះ ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ​នោះ ដោយ​នាំ​ឲ្យ​មាន​ព្រះវិហារបរិសុទ្ធ​មានដំណើរ​ការ​បាន​ចំនួនបួន ។​

នៅ​ខែ​មេសា ឆ្នាំ ១៩៨៩៤ រយៈពេល​មួយឆ្នាំ បន្ទាប់ពី​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារបរិសុទ្ធ​សលត៍ លេក ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​ប្រកាស​ថា លោក​បាន​ទទួលវិវរណៈ​មួយ ។ មុន​ពេល​វិវរណៈ​នេះ សមាជិក​សាសនាចក្រ បាន​ធ្វើតាម​ចំណេះ​ដឹង​ដែលពួកគេ​មាន ដែល​ពួកគេ​បាន​ផ្សារភ្ជាប់​ខ្លួនពួកគេ ឬ « បានធ្វើ​ជា​សាច់ញាតិ​ចិញ្ចឹម » ទៅនឹង​អ្នកដឹកនាំ​សាសនាចក្រ ដូចជា យ៉ូសែប ស៊្មីធ ឬ ព្រិកហាំ យ៉ង់ ជាជាង​ផ្សារភ្ជាប់​ទៅនឹង​ឪពុក​ម្ដាយ​ផ្ទាល់​ខ្លួន​របស់ពួកគេ ។ ប៉ុន្តែប្រធាន វូឌដ្រុព្វ បាន​ដឹង​តាមវិវរណៈ​ថា លោក​គួរ​តែ​ដឹកនាំ​ពួកបរិសុទ្ធ​ « ឲ្យ​សរសេរ​ពង្សប្រវត្តិ​របស់ពួកគេ​ឲ្យ​បាន​ច្រើន​តាមដែលអាច​ធ្វើទៅបាន ហើយ​ត្រូវ​ផ្សារភ្ជាប់​ទៅនឹង​ឪពុក និង​ម្ដាយ​របស់ពួកគេ ។ សូម​ឲ្យ​កូនៗ​ផ្សារភ្ជាប់​នឹង​ឪពុក​ម្ដាយ​របស់​ពួកគេ ហើយ​ប្រើ​ការ​តជាខ្សែរតំណរ​នេះ ទៅ​កាន់​ជំនាន់​ដើម​តាម​ដែល​អ្នក​អាច​រក​បាន ។… នេះ​គឺ​ជា​ព្រះទ័យ​របស់​ព្រះអម្ចាស់​ចំពោះ​រាស្ត្រ​របស់ទ្រង់ » (នៅក្នុង James R. Clark, ចងក្រង Messages of the First Presidency of The Church of Jesus Christ of Latter-day Saints,វ៉ុលទី ៦ [ឆ្នាំ ១៩៦៥–៧៥], ៣:២៥៦–២៥៧; សូមមើល​ផងដែរ Teachings of Presidents of the Church: Wilford Woodruff២០០៤ ], xxxiii–xxxv) ។

  • តើ​អ្នក​ណា​ខ្លះ​ដែល​យើង​អាច​ត្រូវ​បាន​ផ្សារភ្ជាប់​តាមរយៈ​ពិធី​បរិសុទ្ធ​ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​តប សូម​សរសេរ​សេចក្ដីពិតនៅ​លើ​ក្ដារខៀន ៖យើង​អាច​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​សមាជិក​គ្រួសារ​របស់​យើង រួមមាន​ទាំង​អស់​អ្នកដែល​បានទទួល​មរណភាព និង​អ្នកដែល​មក​ក្រោយ​យើង តាមរយៈ​អំណាច​នៃ​ការ​ផ្សារភ្ជាប់ ) ។

  • តើអ្នក​មានអារម្មណ៍​យ៉ាងណា​អំពី​ការ​ដឹង​ថា អ្នក​អាច​ត្រូវ​បាន​ផ្សារភ្ជាប់​ទៅនឹង​សមាជិក​គ្រួសារ​របស់អ្នក ?

សូមបញ្ចប់​ដោយ​ការ​ថ្លែងទីបន្ទាល់អំពី​អំណាច​នៃ​ការ​ផ្សារភ្ជាប់ និង​សារៈសំខាន់​នៃ​ការ​តភ្ជាប់​ខ្លួន​យើង​ទៅនឹង​ជំនាន់​នៃ​គ្រួសារ​របស់​យើង​តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​ព្រះវិហារបរិសុទ្ធ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

សេចក្តី​ប្រកាស​ជា​ផ្លូវការទី ១ ។ ជីវប្រវត្តិ បាន​ដាក់បញ្ចូល​នៅក្នុងកំណែថ្មី​នៃ​ព្រះគម្ពីរ​ក្នុង​ឆ្នាំ ២០១៣

សេចក្ដី​ថ្លែងការ​ដូច​ខាងក្រោម ដែល​ធ្វើជាសេចក្ដីផ្ដើម​ចំពោះ​សេចក្ដីប្រកាស​ជាផ្លូវការ​ទី ១នៅក្នុងកំណែថ្មី​នៃ​ព្រះគម្ពីរ​ ឆ្នាំ ២០១៣ អាច​ជួយ​សិស្ស​ឲ្យ​ឆ្លើយ​សំណួរ​អំពី​ការអនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​របស់ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​នៅ​ឆ្នាំ ១៨០០ ។ អ្នកអាច​នឹង​ចង់​បោះពុម្ពច្បាប់​នៃ​សេចក្ដីថ្លែងការណ៍នេះហើយចែកដល់សិស្ស​ដែលពុំ​ទាន់មានកំណែថ្មី​នៃ​ព្រះគម្ពីរ​ឆ្នាំ ២០១៣ ។

« ព្រះគម្ពីរ​ប៊ីប និង ព្រះគម្ពីរ​មរមន បង្រៀន​ថា ការ​រៀបការ​ដែលមាន​ស្វាមីម្នាក់ និងភរិយា​ម្នាក់ គឺ​ជា​បទដ្ឋាន​របស់ព្រះ​សម្រាប់​អាពាហ៍ពិពាហ៍ លើក​លែង​តែទ្រង់​បាន​ប្រកាស​ផ្សេងពីនោះ ( សូមមើលសាំយូអែលទី ២ ១២:៧-៨និងយ៉ាកុប ២:២៧, ៣០) ។ នៅបន្ទាប់​នឹង​វិវរណៈ​មួយ​ទៅកាន់ យ៉ូសែប ស៊្មីធ ការ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ត្រូវ​បាន​ធ្វើឡើង​នៅក្នុង​ចំណោម​សមាជិក​សាសនាចក្រ​នៅ​ដើមនៃអំឡុង​ឆ្នាំ ១៨៤០ ( សូម មើលកណ្ឌ ១៣២) ។ ចាប់តាំង​ពី​ឆ្នាំ ១៨៦០ ដល់​ឆ្នាំ ១៨៨០ រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក បាន​បង្កើត​ច្បាប់​ទាំងឡាយ​ដែល​ធ្វើ​ឲ្យ​ការ​អនុវត្ត​ខាង​សាសនា​នេះ​ខុស​ច្បាប់ ។ ទីបំផុត ច្បាប់​ទាំងនេះ​ត្រូវ​បាន​គាំទ្រ ដោយ​តុលាការ​កំពូល​ស.រ.អា ។ បន្ទាប់ពី​ទទួលបាន​វិវរណៈ នោះ​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បាន​ចេញ​គោលនយោបាយ​ខាង​ក្រោម ដែល​ត្រូវ​បាន​ទទួល​យក​ដោយ​សាសនាចក្រ ជា​ការអនុញ្ញាត​ជា​ផ្លូវការ ហើយ​គោរពតាម នៅ​ថ្ងៃ​ទី ៦ ខែ តុលា ឆ្នាំ ១៨៩០ ។ សេចក្ដី​ថ្លែងការណ៍​នេះ បាន​បញ្ចប់នូវ​ការអនុវត្តន៍​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​នៅ​ក្នុង​សាសនាចក្រ » ។

សេចក្តី​ប្រកាស​ជា​ផ្លូវការទី ១ ។ តើ​ការ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ត្រូវ​បាន​បញ្ចប់​មួយរំពេច​ បន្ទាប់ពីចេញ​គោលនយោបាយដែរឬទេ ?

សមាជិក​សាសនាចក្រ​មួយចំនួន​បានបន្ដ​មានអាពាហ៍ពិពាហ៍​ពហុពន្ធភាព បន្ទាប់ពី​ចេញ​នូវ​គោលនយោបាយ​នៅក្នុង​ឆ្នាំ ១៨៩០ ។ អែលឌើរ ដាល្លិន អេក អូក នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរ​នាក់ បាន​ពន្យល់​ថា ៖

រូបភាព
អែលឌើរ ដាល្លិន អេក អូក

« ពហុពន្ធភាព ពុំ​ត្រូវ​បានបញ្ចប់​ភ្លាមៗ​ពេលចេញ​គោលនយោបាយ​ក្នុង​ឆ្នាំ ១៨៩០ នោះទេ ។ ទំនាក់ទំនង​ពហុពន្ធភាពដែល​បាន​ផ្សារ​ភ្ជាប់​ពីមុន​វិវរណៈ​នោះ ត្រូវ​បាន​ប្រកាស បាន​នៅ​បន្ដ​សម្រាប់​មួយជំនាន់ ។ ការ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ក៏​បាន​បន្ដ​សម្រាប់​មួយរយៈពេល នៅក្រៅ​សហរដ្ឋអាមេរិក​ផងដែរ ជា​កន្លែង​ដែល​ការ​អនុវត្ត​គោលនយោបាយ​នោះ ពុំត្រូវ​បានប្រាប់​ឲ្យ​ដឹង​ច្បាស់លាស់ពេល​ខ្លះ ។ វា​បាន​បង្ហាញ​ថា អាពាហ៍ពិពាហ៍​ពហុពន្ធភាព បាន​នៅ​បន្ដ​មាន​ប្រមាណជា​មួយទស្សវត្សរ៍​នៅក្នុង​តំបន់​ខ្លះ​ ក្នុងចំណោម​អ្នកដឹកនាំ និង​សមាជិក​ដែល​បាន​ទទួល​អាជ្ញាបនប័ត្រ​ចេញពី​ភាពស្រពិច​ស្រពិល និង​សម្ពាធ​ដែលបាន​បង្កើត​ឡើង​ដោយ​ការ​ប្រឆាំង​ជំទាស់​នឹងរដ្ឋាភិបាលជាន់ខ្ពស់ រវាងការ​អាក់អន់​ចិត្ត​នឹង​ច្បាប់​ និងការ​គោរព​តាម​គោលលទ្ធិទាំងឡាយ ។…

« ដួងចិត្ត​របស់​ខ្ញុំ​ត្រូវ​បាន​ខ្ទេចខ្ទាំ នៅពេល​ខ្ញុំ​ដឹង​ពី​ស្ថានភាព​ទាំងឡាយ ដែល​ភរិយា និង​កូនៗ ត្រូវ​បានបង្ហាញ​ពី​ជម្រើសដ៏គួរ​ឲ្យភ័យខ្លាច​នៃ​ការនិយាយកុហក អំពីកន្លែងលាក់ខ្លួន ឬវត្តមានរបស់ស្វាមី ឬឪពុក ឬក៏ត្រូវប្រាប់សេចក្ដីពិត ហើយមើល​ឃើញ​គាត់​ត្រូវ​ចូល​ទៅ​ក្នុង​គុក ។… ឪពុក​ក្នុង​គុក​ម្នាក់ បានដកអាហារចេញពីតុ ហើយដុតកម្ដៅ ។ ជម្រើសដ៏លំបាកទាំងនោះ​មានជាប់ទាក់ទងនឹងការប៉ះទង្គិច​រវាងអារម្មណ៍ និង​សេចក្ដីត្រូវការជាចម្បង​ទាំងឡាយ ដូច​ជា​ការ​តាំងចិត្ត​មួយ​ចំពោះ​សេចក្ដីពិត មក​ប្រៀបធៀប​នឹង​តម្រូវការ​សម្រាប់​ភាព​ជា​ដៃគូ​ស្នេហា និង​ការ​សង្គ្រោះ​ពី​ភាព​ត្រជាក់ និង​ក្ដីស្រេកឃ្លាន ។

« ដួងចិត្ត​របស់​ខ្ញុំ​ក៏អាណិត​អាសូរ​ដល់​ពួក​អ្នកដឹកនាំ​សាសនាចក្រ ដែល​ត្រូវ​គាប​សង្កត់​ឲ្យ​ជ្រើសរើស​រវាង​ការ​លះបង់​ចំពោះ​សេចក្ដីពិត និងការ​លះបង់របស់​ពួកគេ​ចំពោះភរិយា និង​កូនៗរបស់​ពួកគេ និង​ចំពោះ​គ្នា​ទៅវិញទៅមក ។ ដើម្បី​ប្រាប់​សេចក្ដីពិត អាច​មានន័យ​ថាជាការទម្លាយ​អាថ៌កំបាំង ឬ​បុព្វហេតុ​មួយ ឬបញ្ជូន​បងប្អូន​ប្រុស​ម្នាក់ទៅ​ដាក់គុក ។…

« ខ្ញុំ​មិនដឹងថានឹងគិតដូចម្តេចចំពោះអ្វីៗទាំងអស់​នេះ​ទេ តែ​ខ្ញុំ​មានចិត្ត​រីករាយ​ដែល​ខ្ញុំ​ពុំ​ត្រូវ​ប្រឈម​មុខ​នឹង​សម្ពាធ​ទាំងឡាយ​ដែល​មនុស្ស​ល្អ​ទាំង​នោះ​បាន​ប្រឈម​មុខ ។ ដួងចិត្ត​របស់​ខ្ញុំ​អាសូរ​ដល់​ពួកគេ​ចំពោះ​ភាព​ក្លាហាន និង​ការ​ពលិកម្ម​របស់ពួកគាត់ ដែល​ខ្ញុំ​បាន​ទទួលប្រយោជន៍​ដោយ​ផ្ទាល់​នោះ ។ ខ្ញុំ​នឹង​មិន​វិនិច្ឆ័យ​ពួកគេឡើយ ។ ការ​វិនិច្ឆ័យ​នោះ​ជា​របស់​ផង​ព្រះអម្ចាស់ ដែលញាណ​ដឹង​គ្រប់​ស្ថានភាព​ទាំងអស់ ហើយញាណ​ដឹង​ពី​ដួងចិត្ត​របស់​អ្នកចូលរួម​ទាំងឡាយ ជា​កម្រិត​នៃ​ការ​យល់ដឹង និង​ប្រាជ្ញា​ដែល​គ្មាន​អ្វី​អាច​យល់ដល់ ទោះជា​ពួក​អ្នកប្រវត្តិសាស្ត្រ​ចេះដឹង​ដ៏ច្រើនបំផុត​ក្ដី » («Gospel Teachings about LyingClark Memorandum[Brigham Young University J. Reuben Clark Law School periodical], និទារឃរដូវ ឆ្នាំ ១៩៩៤,ទំព័រ ១៦–១៧) ។

ចាប់តាំង​ពី​ឆ្នាំ ១៩០៤ សាសនាចក្រ​ត្រូវ​បាន​កាត់កាល​សមាជិក​ដែល​ធ្វើ ឬ​ចូល​ទៅ​ក្នុង​អាពាហ៍ពិពាហ៍​ពហុពន្ធភាព ( សូមមើល Conference Report, ខែ មេសា ឆ្នាំ ១៩០៤, ទំព័រ ៧៥) ។ នៅឆ្នាំ ១៩៩៨ ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី បានថ្លែង​អំពី​ជំហរ​របស់​សាសនាចក្រ​នៅ​ក្នុង​ការ​អនុវត្ត​អាពាហ៍ពិពាហ៍​ពហុពន្ធភាព​ថា ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« សាសនាចក្រ​នេះ ពុំ​មាន​អ្វី​ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​ពហុពន្ធភាព​ទាំង​នោះ​ឡើយ ។… ប្រសិន​បើ​សមាជិក​យើង​ណា​ម្នាក់​ត្រូវ​គេ​រកឃើញ​ថា​បាន​អនុវត្ត​ពហុអាពាហ៍ពិពាហ៍ ពួកគេ​នឹង​ត្រូវ​កាត់កាលចេញ ជា​ការដាក់ទោស​ដ៏​ធ្ងន់ធ្ងរ​បំផុត​មួយ​ដែល​សាសនាចក្រ​អាច​ដាក់​នោះ ។ អ្នក​ទាំងឡាយ​នោះ​មិន​មែន​ត្រឹមតែ​ទាក់ទង​នឹង​ការបំពានលើ​ច្បាប់​ស៊ីវិល​ដោយ​ផ្ទាល់​នោះ​ទេ តែ​ពួកគេគឺ​ស្ថិត​នៅក្នុង​ការ​បំពានលើ​ច្បាប់​នៃ​សាសនាចក្រ​នេះផងដែរ » (What Are People Asking about Us?» ខែ វិច្ឆិកា ឆ្នាំ ១៩៩៨ ទំព័រ ៧១ ) ។

ប្រសាសន៍​របស់​ប្រធាន វិលហ្វូឌ វូឌដ្រុព្វ ។ ព្រះអម្ចាស់​នឹង​ពុំ​ដែលអនុញ្ញាត​ឲ្យ​ប្រធាន​នៃ​សាសនាចក្រ​ដឹកនាំ​សាសនាចក្រ​ឲ្យ​វង្វេងឡើយ

ប្រធាន ម៉ារ៉ុន ជី រ៉មនី នៃ​គណៈប្រធានទីមួយ បានប្រាប់​អំពី​បទពិសោធន៍​មួយ ដែល​លោក​មាន​ជាមួយ​នឹង​ប្រធាន ហ៊ីប៊ើរ ចេ ក្រាន្ត ដែលជា​ប្រធាន​នៃ​សាសនាចក្រ​នៅគ្រា​នោះ​ថា ៖

រូបភាព
ប្រធាន ម៉ារុន ជី រ៉មនី

« ពេល​ឈរ​នៅជិត​ខ្ញុំ លោក​បាន​ដាក់ដៃ​មក​លើ​ស្មា​របស់ខ្ញុំ ហើយ​មានប្រសាសន៍​ថា ៖ ‹ ប្អូនប្រុស សូម​ប្អូន​បន្ដ​រក្សា​ទំនុកចិត្ត​របស់​ប្អូន​ទៅ​លើ​ប្រធាន​សាសនាចក្រ​ជានិច្ច ហើយ​បើ​លោក​ប្រាប់​ប្អូន​ឲ្យ​ធ្វើ​អ្វីមួយ ហើយ​វា​ខុស តែ​អ្នកបាន​ធ្វើ​តាម​ នោះព្រះអម្ចាស់​នឹង​ប្រទានពរ​ដល់អ្នក​ចំពោះ​កិច្ចការ​នោះ › ។ បន្ទាប់មក​លោក​បាន​ព្រិចភ្នែក​ រួច​មានប្រសាសន៍​ថា ‹ ប៉ុន្ដែ​ប្អូន​ពុំ​ចាំបាច់​ត្រូវ​បារម្ភឡើយ ។ ព្រះអម្ចាស់​នឹង​ពុំ​ដែល​ទុក​ឲ្យ​អ្នក​នាំ​ពាក្យ​របស់ទ្រង់ ដឹកនាំ​មនុស្ស​ឲ្យ​វង្វេង​នោះទេ › » ( នៅក្នុង Conference Report, ខែ តុលា ឆ្នាំ ១៩៦០ ទំព័រ ៧៨ ) ។

សេចក្តី​ប្រកាស​ជា​ផ្លូវការទី ១ ។ សម្រាប់ព័ត៌មានបន្ថែម

សម្រាប់​ព័ត៌មាន​បន្ថែម​អំពី សេចក្ដីប្រកាស​ជាផ្លូវការ​ទី ១សូមចូលទៅកាន់​ប្រធានបទ​ដំណឹងល្អ​នៅ LDS.orgហើយស្រាវជ្រាវ​រក​ពាក្យ«អាពាហ៍ពិពាហ៍ពហុពន្ធភាព» ឬ «ពហុពន្ធភាព » ។