ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅ​ផ្ទះ ៖ កន្លែង​កណ្ដាល​នៃ​ស៊ីយ៉ូន; គោលលទ្ធិ និង សេចក្តីសញ្ញា ៥៧-៥៩ ( មេរៀន​ទី ១៣ )


មេរៀន​សិក្សា​នៅ​ផ្ទះ

កន្លែង​កណ្ដាល​នៃ​ស៊ីយ៉ូន គោលលទ្ធិ និង សេចក្តីសញ្ញា ៥៧-៥៩ ( មេរៀន​ទី ១៣ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាង​ក្រោម នេះ​គឺ​ជា​សេចក្តីសង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅ​ពេល​ពួកគេ​បាន​សិក្សា « កន្លែង​កណ្តាល​នៃ​ស៊ីយ៉ូន » គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៧-៥៩ ( មេរៀន​ទី ១៣) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃទី ១ ( កន្លែង​កណ្ដាល​នៃ​ស៊ីយ៉ូន )

នៅក្នុង​មេរៀន​នេះ​សិស្ស​បាន​ទទួល​ទស្សនៈ​នៃ​ការយល់​ដឹង​មួយ​អំពី​ទីក្រុងស៊ីយ៉ូន ។ ពួកគេ​បាន​ឃើញ​ថា​ទីក្រុង​ស៊ីយ៉ូន សំដៅលើ​ទឹក​ដី​ និង ទីក្រុង​មួយ​ព្រមទាំង​មនុស្ស​មួយ​ក្រុម​ដែល​មាន​ដួងចិត្ត​បរិសុទ្ធ ។ សិស្ស​បាន​រៀន​ផងដែរ​អំពី​ទីតាំង​នៃ​ទីក្រុង​ស៊ីយ៉ូន ហើយ​ថាទីក្រុង​ស៊ីយ៉ូន​ត្រូវតែ​សាងសង់​លើ​គោលការណ៍​នៃសេចក្តីសុចរិត ។ សិស្ស​ក៏​បាន​សិក្សា​ផងដែរ​ អំពីឧបសគ្គ​នានា​ដែល​ពួកបរិសុទ្ធ​បាន​ជួប​ប្រទះ នៅពេល​ពួកគេ​បាន​ព្យាយាម​ស្ថាបនា​ទីក្រុង​ស៊ីយ៉ូន​នៅ​ឃុំ​ចាកសុន រដ្ឋ​មីសសួរី ។

ថ្ងៃ​ទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៥៧)

ជាផ្នែក​មួយ​នៃ​មេរៀន​នេះ សិស្ស​បាន​រៀន​ថា​ទីក្រុង​ស៊ីយ៉ូន​នឹង​ត្រូវបាន​បោះទីតាំង​នៅក្នុង ក្រុង​អ៊ិនឌីប៉ែនដែនស៍ ឃុំ​ចាកសុន រដ្ឋ​មិសសួរី ហើយ​ព្រះវិហារ​បរិសុទ្ធ​មួយ​នឹង​ត្រូវបាន​សាងសង់​ឡើង​នៅ​ទីនោះ ។ ព្រះអម្ចាស់​បាន​ផ្តល់​ការណែនាំ​ដល់​បុគ្គល​ម្នាក់ៗ ដែល​ត្រូវបាន​ហៅ​ដើម្បី​ស្ថាបនា​ក្រុង​ស៊ីយ៉ូន​ឡើង ។ នៅពេល​សិស្ស​បាន​រៀន​អំពី​បុគ្គល​ទាំង​នេះ នោះពួកគេ​បាន​ឃើញ​ថា យើង​គួរតែ​ប្រើ​កម្លាំង​ផ្ទាល់ខ្លួន​យើង​ម្នាក់ៗ​ដើម្បីជួយ​ស្ថាបនា​នគរ​របស់ព្រះអម្ចាស់ នៅពេល​ទ្រង់​ហៅ​យើង​ឲ្យ​ធ្វើ​ដូច្នោះ ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨)

តាមរយៈ​ការសិក្សា​ព្រះឱវាទ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​ពួកអែលឌើរ ដែលជួប​នឹង​កិច្ចការ​ដ៏​អស្ចារ្យ​នៃ​ការស្ថាបនា​ទីក្រុង​ស៊ីយ៉ូន នោះ​សិស្ស​បាន​ឃើញ​ពី​គោលការណ៍​ខាង​ក្រោម ៖ យើង​នឹង​ត្រូវបាន​ប្រទាន​ពរ​ប្រសិនបើ​យើង​គោរព​តាម​ព្រះបញ្ញត្តិ​របស់​ព្រះអម្ចាស់ រង្វាន់​អស់​កល្បជានិច្ច​របស់​យើង​នឹងកាន់តែ​មហិមា ប្រសិនបើ​យើង​នៅតែ​បន្ត​ស្មោះត្រង់​នៅក្នុងទុក្ខលំបាក​របស់​យើង ហើយ​ប្រសិនបើ​យើង​ប្រើ​សិទ្ធ​ជ្រើសរើស​របស់​យើង​ធ្វើ​នូវអ្វីៗ​ដែល​នាំមកនូវ​សេចក្តីសុចរិត នោះ​យើង​នឹងទទួល​រង្វាន់ ។ សិស្ស​ក៏​បាន​គិត​អំពី​ការសន្យា​របស់​ព្រះអម្ចាស់​ថា បើ​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់យើង នោះ​ទ្រង់​នឹង​អភ័យទោសដល់​យើង ហើយ​ពុំចងចាំ​អំពើបាប​របស់យើង​ទៀតឡើយ ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ៥៩)

តាមរយៈការសិក្សា​ការណែនាំ​របស់​ព្រះអម្ចាស់​ដល់​ពួក​បរិសុទ្ធដែល​បាន​ធ្វើ​ដំណើរ​ទៅ​រដ្ឋ មិសសួរី នោះ​សិស្ស​បាន​រៀន​ថា យើង​ត្រូវតែ​ស្រឡាញ់​ព្រះ​ឲ្យ​អស់​ពី​ចិត្ត ពលំ គំនិត និង កម្លាំង​របស់​យើង ហើយ​ថា​ប្រសិនបើ​យើង​គោរព​ថ្ងៃ​ឈប់​សម្រាក​ទុក​ជាបរិសុទ្ធ នោះ​វា​នឹង​ជួយ​យើង​ឲ្យ​ទប់ទល់​នឹង​ការល្បួង ហើយ​យក​ឈ្នះ​លើ​អំពើ​បាប ។ ពួកគេ​ក៏​បាន​រៀន​ផងដែរ​ថា យើង​ជំទាស់​នឹង​ព្រះ នៅពេល​យើង​ពុំ​បង្ហាញ​អំណរគុណ​ចំពោះ​ទ្រង់ ហើយ​រក្សា​បទបញ្ញត្តិ​របស់ទ្រង់​នោះ ។ សិស្ស​ក៏​បានរកឃើញពរជ័យ​នានា​ដែល​ពួកគេ​ទទួល​បាន ប្រសិនបើ​ពួកគេ​គោរពបទបញ្ញត្តិ​របស់ព្រះអម្ចាស់ ។

សេចក្តីផ្ដើម

មេរៀន​នេះ​អាច​ជួយ​សិស្ស​ឲ្យ ​យល់​គោលការណ៍នៃ​ការប្រែចិត្ត​នេះ​ឲ្យ​បាន​កាន់តែ​ប្រសើរឡើង ។ នៅពេល​សិស្ស​រៀន​ពី​គោលការណ៍​ទាំង​នេះ នោះពួកគេ​អាច​ពិចារណា​ពី​អ្វី​ដែល​ពួកគេ​ត្រូវតែ​ធ្វើ​ដើម្បី​ប្រែចិត្ត និង របៀប​ដែល​ការសន្យានៃ​អភ័យទោស​របស់​ព្រះអម្ចាស់​អាច​ប្រទាន​ពរជ័យ​ដល់​ជីវិត​របស់​ពួកគេ ។ ដូចដែល​ចំណុច​មួយ​ចំនួន​នេះ​ត្រូវបាន​រៀបរាប់​នៅក្នុង​មេរៀន​ប្រចាំថ្ងៃ នោះ​មេរៀន​នេះ​ផ្តល់​ឱកាស​ដល់​អ្នក​ឲ្យជួយ​សិស្ស​របស់​ខ្លួន​យល់​កាន់តែ​ប្រសើរ​ឡើង នូវ​គោលការណ៍​នានា​នៃ​ការប្រែចិត្ត និង របៀប​ដើម្បី​អនុវត្ត​គោលការណ៍​នោះ​នៅក្នុង​ជីវិត​ខ្លួន ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៥៨:៣៤-៤៣

ព្រះអម្ចាស់​បាន​ប្រទាន​ការណែនាំ​ស្ដីអំពី​ស៊ីយ៉ូន ហើយ​បង្រៀន​គោលការណ៍​នៃ​ការ​ប្រែចិត្ត

មុនពេល​ចាប់​ផ្ដើម​ថ្នាក់ សូម​សរសេរ​សំណួរ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តើ​ការប្រែចិត្ត​មានន័យ​ដូចម្តេច ? តើ​ខ្ញុំ​អាច​ដឹង​ថា ខ្ញុំ​បាន​ប្រែចិត្ត​ទាំងស្រុង​ដោយ​របៀប​ណា ? នៅ​ពេល​ចាប់​ផ្ដើម​ថ្នាក់ សូម​សួរ​សិស្ស​ពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរ​ទាំង​នោះ ។

សូមសរសេរ​ឈ្មោះ​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ ម៉ាទីន ហារិស, វិលាម ដ័បុលយូ ហ្វែប្ស និង សេបា ភីតើសុន ។

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៣៨–៤១, ៦០ ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់​ផ្ទៀងតាម រកមើល​ព្រះឱវាទ​ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ដល់​បុរស​ទាំង​នោះ នៅពេលពួកគេ​បាន​រៀបចំ​ដើម្បីស្ថាបនា​ក្រុងស៊ីយ៉ូន ។ នៅពេលសិស្ស​ឆ្លើយ​តប​ចំពោះសំណួរ​ដូច​ខាង​ក្រោម សូមសរសេរ​ចម្លើយ​របស់ពួកគេ​នៅ​ក្រោម​ឈ្មោះ​ត្រឹមត្រូវ​នៅលើ​ក្ដារខៀន ។

  • តើ​អំពើបាប​អ្វី​ខ្លះ​ដែលព្រះអម្ចាស់​មានបន្ទូលថាជាកំហុស​របស់ ម៉ាទីន ហារីស ? តើ​ព្រះអម្ចាស់ប្រាប់​គាត់​ឲ្យ​ធ្វើ​អ្វីខ្លះ ?

  • តើ​អំពើបាប​អ្វី​ខ្លះ ដែល​ព្រះអម្ចាស់​មានបន្ទូលថាជា​កំហុស​របស់ វិលាម ដ័បុលយូ ហ្វែប្ស ? តើ​ព្រះអម្ចាស់ប្រាប់​គាត់​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( អ្នកអាច​ចាំបាច់​ត្រូវ​ពន្យល់​ថា ឃ្លា « ស្វែងរក​ដើម្បីតម្កើង​ខ្ពស់ » [ខ ៤១] ពុំ​មានន័យ​ថា​ធ្វើ ឬ​ព្យាយាម​ដើម្បី​កែលម្អ​ដោយអស់ពី​លទ្ធភាព​របស់​យើង​ទេ ។ តែ​ឃ្លានេះ​ចង់​សំដៅ​ទៅលើ​បំណង​ប្រាថ្នា​ឥតសុចរិត និង​ប្រកប​ដោយ​អំនួត ដើម្បី​បង្ហាញថា​ល្អ​ប្រសើរ ឬ​សំខាន់ជាង​មនុស្ស​ដទៃទៀត ) ។

  • តើ​សេបា ភីតើសុន ព្យាយាម​ធ្វើ​អ្វីខ្លះ​ជាមួយ​នឹង​អំពើ​បាប​របស់គាត់ ?

សូម​ចង្អុល​បង្ហាញ​ថា អំពើបាប​ទាំងឡាយ​របស់​មនុស្សទាំងនេះ​បានគំរាម​គំហែង​ដើម្បី​រារាំងពួក​គេ​ពីការ​ជួយ​ស្ថាបនា​ស៊ីយ៉ូន ។

  • តើ​អំពើបាប​របស់យើង​អាច​នឹង​ដាក់​កំហិត​លើ​សមត្ថភាព​របស់យើង​ដើម្បីបម្រើ​ព្រះអម្ចាស់​តាម​វិធី​មួយចំនួន​ណា​ខ្លះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៤២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលអ្វី​ដែល​ព្រះអម្ចាស់​បានបង្រៀន​អំពីការ​ប្រែចិត្ត ។

  • យោងតាម​ខគម្ពីរ​នេះ តើ​ព្រះអម្ចាស់​បាន​សន្យា​អ្វីខ្លះដល់យើង បើ​យើង​ប្រែចិត្តពី​អំពើបាប​របស់​យើង ? ( សិស្ស​គួរ​តែ​ប្រាប់​អំពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​ប្រែចិត្ត​ពី​អំពើបាប​របស់យើង នោះ​ព្រះអម្ចាស់​នឹង​អភ័យទោសដល់​យើង ហើយ​ពុំចងចាំ​អំពើបាប​របស់យើង​ទៀត​ឡើយ ។ សូម​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ។ អ្នក​ក៏អាច​ឲ្យ​យោបល់​សិស្សឲ្យ​គូសចំណាំ​ឃ្លា​ដែល​បង្រៀន​គោលលទ្ធិ​ទាំង​នេះ​នៅក្នុង ខ ៤២ ) ។

  • តើ​អំពើបាប​របស់យើង​មួយ​ណា ដែល​ការ​សន្យា​នេះ​ត្រូវ​បាន​អនុវត្ត ? ( អំពើបាប​ទាំងអស់ ) ។

​សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ អាន​សេចក្ដីថ្លែងការណ៍​ខាងក្រោម​ដោយ​ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃ​កូរ៉ុមនៃ​ពួក​សាវក​ដប់​ពីរនាក់ឲ្យ​ឮៗ ៖ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រកពាក្យ ឬ​ឃ្លា​ដែលទាក់ទង​ទៅនឹង​គោលការណ៍​ដែល​បាន​សរសេរ​នៅលើ​ក្ដារខៀន ។

រូបភាព
ប្រធាន ប៊យដ៏ ឃេ ផាកកឺ

« មិន​ថា​ការរំលង​របស់​យើង​ជាអ្វី​នោះ​ទេ មិន​ថា​សកម្មភាព​របស់​យើង​ធ្វើ​ឲ្យ​អ្នកដទៃ​ឈឺ​ចាប់​យ៉ាង​ណា​ទេ កំហុស​ទាំងនោះ​អាច​ត្រូវ​បាន​លុបចោល ។ ចំពោះ​ខ្ញុំ ឃ្លា​ដែល​ល្អ​បំផុត​នៅក្នុងបទគម្ពីរ​ស្ទើរទាំងអស់ គឺ​នៅពេល​ព្រះអម្ចាស់​មានបន្ទូល​ថា ‹ មើល​ចុះ អ្នក​ណា​ដែល​ប្រែចិត្ត​ពី​អំពើបាប​ទាំងឡាយ​របស់​ខ្លួន អ្នក​នោះ​ឈ្មោះថា​បាន​អត់ទោស​ឲ្យ​ហើយ ហើយ​យើង​ជា​ព្រះអម្ចាស់ មិន​ចាំ​ពី​អំពើ​បាប​ទាំង​នោះ​ទៀត​ទេ › ។ [គ. និង ស. ៥៨:៤២] ។

« នោះ​គឺ​ជា​ការ​សន្យា​នៃ​ដំណឹងល្អ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ និង​ដង្វាយធួន » (« The Atonement, » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៧៧ ) ។

  • តើ​ការ​ដឹង​ថា​អ្នកអាច​ត្រូវ​បាន​អភ័យ​ទោស​ចំពោះ​អំពើបាប​របស់​អ្នក​ទាំងអស់ ប្រទាន​ពរដល់ជីវិត​របស់អ្នក​យ៉ាង​ដូចម្ដេច ?

សូមពន្យល់​ថា មនុស្សមួយចំនួនបានគិត​ដោយ​ខុសឆ្គង​ថា បើ​ពួកគេ​អាច​នៅតែ​ចងចាំ​អំពើ​បាប​របស់ខ្លួន នោះ​ពួកគេ​ពុំ​ទាន់​បាន​ប្រែចិត្ត​ពេញលេញ​នៅឡើយ ។ សូម​ប្រាកដ​ថា​ការចងចាំ​ពី​អំពើ​បាប​របស់​ខ្លួន អាចជួយ​ពួកគេ​ចៀសវាង​ពី​ការ​ធ្វើ​នូវ​កំហុស​ដដែល​នោះ​ម្តង​ទៀត ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម ដោយ​ប្រធាន​ ហារ៉ូល ប៊ី លី ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​នូវ​អ្វីដែល​លោក​បាន​បង្រៀន អំពីភាពសុខសាន្ត​នៃ​សតិសម្បជញ្ញៈ ដែល​បាន​ទទួល​តាមរយៈ​ការប្រែចិត្ត ។

រូបភាព
ប្រធាន ហារ៉ូល ប៊ី លី

« ប្រសិនបើ​ពេល​នោះ​មកដល់ នៅពេល​អ្នក​បាន​ធ្វើ​នូវ​អ្វីៗ​ទាំងអស់​ដែល​អ្នក​អាច​ធ្វើ​ដើម្បី​ប្រែចិត្ត​ចេញ​ពី​អំពើបាប​របស់​អ្នក មិនថា​អ្នកជា​នរណា អ្នកនៅ​កន្លែងណា ហើយ​បាន​ធ្វើ​ការសងថ្លៃ និង ការជួសជុលសងវិញ​អស់​ពី​សមត្ថភាព​របស់​អ្នក ប្រសិនបើ​វា​ជា​អ្វី​មួយ​ដែល​ប៉ះពាល់​ដល់​សមាជិកភាព​របស់​អ្នក​នៅក្នុង​សាសនាចក្រ​ហើយ​អ្នក​បាន​ទៅរក​អ្នកមាន​សិទ្ធិ​អំណាច​ត្រឹមត្រូវ បន្ទាប់​មក​ អ្នក​នឹង​ចង់​បាន​ចម្លើយ​នៃ​ការបញ្ជាក់​នោះ ថាតើ​ព្រះអម្ចាស់​បាន​ទទួល​យក​អ្នក​ឬ​ក៏​អត់ ។ នៅក្នុង​ព្រលឹង​ដែល​ខ្វាយខ្វល់​របស់​អ្នក ប្រសិនបើ​អ្នក​ស្វែង​រក ហើយ​អ្នក​រកឃើញ​សេចក្ដីសុខ​សាន្ដ​ក្នុង​សតិសម្បជញ្ញៈ ដោយ​ការបញ្ជាក់​នោះ អ្នក​អាច​ដឹង​ថា ព្រះអម្ចាស់​បាន​ទទួល​យក​ការប្រែ​ចិត្ត​របស់​អ្នក » (Stand Ye in Holy Places [ ឆ្នាំ ១៩៧៤ ] ទំព័រ ១៨៥ ) ។

សូម​ចង្អុលបង្ហាញ​ថា ការសន្យា​ដែលបាន​សរសេរ​នៅលើ​ក្ដារខៀន គឺ​មានលក្ខខណ្ឌ ។ យើង​អាច​ទទួល​បាន​ការ​អភ័យទោស​ពី​ព្រះអម្ចាស់ ​ប្រសិនបើជា​យើង​ធ្វើ​នូវអ្វីៗ​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើបាន ដើម្បីប្រែចិត្ត​ពី​អំពើបាប​របស់​យើង​ដោយពេញ​លេញ​តែប៉ុណ្ណោះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​សេចក្ដីថ្លែង​ការ​ណ៍​ដូច​ខាង​ក្រោម​មកពីកូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្សក្នុង​ថ្នាក់​ស្ដាប់​រក​មើល​ចំណុច​នានា ដែល​ពួកគេ​អាច​រៀនអំពី​អត្ថន័យ​នៃ​ការ​ប្រែចិត្ត ។

« ការ​ប្រែចិត្ត​គឺ​សំខាន់​ជាង​ការ​ទទួល​ស្គាល់​កំហុស​ដ៏​សាមញ្ញ ។ វា​ជា​ការផ្លាស់ប្តូរ​នៃគំនិត និង ដួងចិត្ត ។ វា​រួម​មាន​ការ​បែរ​ចេញ​ពី​អំពើ​បាប​ ហើយ​បែរ​ទៅ​រក​ព្រះ​សម្រាប់​ការ​អភ័យ​ទោស ។ វា​ត្រូវបាន​ជម្រុញ​ដោយ​សេចក្ដីស្រឡាញ់​ដល់​ព្រះ និង បំណង​ដ៏​ស្មោះត្រង់​ក្នុង​ការគោរព​តាម​ព្រះបញ្ញត្តិ​របស់​ទ្រង់ » (ដើម្បី​កម្លាំង​នៃ​យុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ] ទំព័រ ២៨ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៥៨:៤៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​រឿង​ពី​រយ៉ាង​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បីប្រែចិត្ត​យ៉ាងពេញ​លេញ​ពី​អំពើបាប​របស់​យើង ។

  • យោងតាមខគម្ពីរ​នេះ តើចំណុច​ពីរ​យ៉ាង​ដែល​យើង​ត្រូវ​ធ្វើ​ដើម្បីប្រែចិត្ត​ពី​អំពើបាប​របស់​យើង​ទាំងស្រុង​មានអ្វីខ្លះ ? ( សូម​សរសេរ​គោលលទ្ធិ​ខាង​ក្រោម​នេះ​លើ​ក្តារខៀន ៖ ដើម្បី​ប្រែចិត្ត យើងត្រូវ​តែ​សារភាព ហើយលះបង់ចោល​នូវអំពើបាប​ទាំងឡាយ​របស់យើង) ។

  • តើ​គោលលទ្ធិ​នេះ​ជួយយើង​ឲ្យឆ្លើយ​ចំពោះសំណួរថា « តើ​យើង​អាច​ដឹង​ថា​យើង​បាន​ប្រែចិត្ត​បាន​ទាំងស្រុង​ដោយ​របៀប​ណា ? » ( សូម​ជួយសិស្ស​ឲ្យយល់​ថា ការសារភាព និង​ការលះបង់​ចោល​អំពើបាប​ទាំងឡាយ គឺ​សំខាន់​ចំពោះ​ការ​ប្រែចិត្ត​ទាំងស្រុង ) ។

  • តើ​ការសារភាព​អំពើបាប​របស់​យើងមានន័យដូចម្ដេច ?

ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​កាន់តែ​ប្រសើរ​អំពី​អត្ថន័យ​នៃការសារភាព​អំពើបាប​របស់យើង សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការណ៍​ដូច​ខាង​ក្រោម ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ការ​សារភាព និង​ការ​លះបង់​ចោល គឺ​ជា​គោលគំនិត​ដ៏​មានអានុភាព ។ វា​មាន​ន័យ​ច្រើន​ជាង​ពាក្យថា ‹ ខ្ញុំព្រមទទួលកំហុស ខ្ញុំសូមទោស › ។ ការ​សារភាព គឺជា​ការ​ទទួលស្គាល់ដោយអស់ពីចិត្ត ពេល​ខ្លះ ដោយការឈឺចាប់​ចំពោះកំហុស និង​ការធ្វើទាស់​នឹង​ព្រះ និង​មនុស្ស » (« The Divine Gift of Repentance » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ៤០ ) ។

  • តើ​ការ​សារភាព​អំពើបាប​របស់​យើង​ជួយយើង​ងាក​ចេញពី​អំពើបាប ហើយ​បែរ​ទៅរក​ព្រះ​សុំ​ការ​អភ័យ​ទោសយ៉ាង​ដូចម្ដេច ?

ជា​ចំណែក​នៃ​ការ​ពិភាក្សា​នេះ សិស្ស​អាច​នឹង​ងឿង​ឆ្ងល់ថា អំពើបាបអ្វីខ្លះ​ដែលចាំបាច់​ត្រូវ​សារភាព ហើយ​ត្រូវ​សារភាព​ដល់នរណា ។ សូមពន្យល់​ថា យើងចាំបាច់​ត្រូវ​សារភាព​អំពើ​បាប​ទាំងអស់​របស់យើង​ចំពោះ​ព្រះវរបិតា​សួគ៌ ។ អំពើ​បាប​ធ្ងន់ធ្ងរ ដូចជា​អំពើ​រំលង​ខាង​ផ្លូវភេទ ( រួម​មាន​ការប្រើប្រាស់​ការណ៍​អាសគ្រាម ) គួរ​តែ​ត្រូវ​សារភាព​ដល់​ប៊ីស្សព ឬ​ប្រធាន​សាខាផងដែរ ។

សូម​នាំ​សិស្ស​ទៅកាន់​គោលលទ្ធិ​ចុង​ក្រោយ​ដែល​អ្នកបាន​សរសេរ​នៅលើ​ក្ដារខៀន ។

  • តើ​ការលះបង់​ចោល​អំពើបាប​របស់​យើងមានន័យដូចម្ដេច ? ( ដើម្បី​ងាក​ចេញពី​អំពើបាប​ទាំង​ស្រុង ហើយ​ឈប់​ធ្វើ​វា​តទៅទៀត ) ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​ដង្វាយធួន​របស់​ព្រះអង្គសង្គ្រោះ និង​គោលការណ៍​នានា​នៃ​ការ​ប្រែចិត្ត និង​ការ​អភ័យទោស​ដែល​អ្នក​បាន​ពិភាក្សា ។ សូម​អញ្ជើញ​សិស្សឲ្យ​ពិចារណា​ថា តើ​ពួកគេ​មានអំពើបាប​ណាដែល​ពួកគេ​ចាំបាច់​ត្រូវ​ប្រែចិត្ត​ឬទេ ហើយ​លើក​ទឹកចិត្ត​ពួកគេ​ឲ្យ​ប្រែចិត្ត​ដោយ​ការ​ធ្វើ​តា​សេចក្ដីពិត​ដែល​ពួកគេ​បាន​រៀន ។

សូម​រំឭក​សិស្ស​ថា គោលលទ្ធិ និង សេចក្តីសញ្ញា ៥៨:៤២-៤៣ គឺ​ជាវគ្គ​ចំណេះចំណាន​ខគម្ពីរ​មួយ ។ សូម​អញ្ជើញ​ពួកគេ​ឲ្យរាយការណ៍​ពី​របៀប​ដែល​ពួកគេ​កំពុង​ធ្វើ​ក្នុង​កិច្ចខិតខំ​របស់​ខ្លួន​ដើម្បី​ទន្ទេញ​ចាំ​វា ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៦០-៦៤)

ដើម្បី​រៀបចំ​សិស្ស​សម្រាប់​ការសិក្សា​របស់​ខ្លួន​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៦០-៦៤, អ្នក​ក៏​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​សំណួរ​ខាង​ក្រោម ៖ ប្រសិនបើ​មនុស្ស​ម្នាក់​ពុំ​បាន​អភ័យ​ទោស​ឲ្យ​បុគ្គល​ម្នាក់​ទៀត​ចំពោះ​កំហុស​ដែល​គាត់​បាន​ធ្វើ​នោះ តើ​នរណា​គេ​គឺ​ជា​អ្នក​មាន​ទោសនៃ​អំពើ​បាប​ខ្លាំង​ជាង​គេ ? សូម​អញ្ជើញ​សិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែលពួកគេ​ឆ្លើយ​តប នៅពេល​ពួកគេ​មាន​ការឈើចាប់​ដោយសារ​សកម្មភាព ឬ ពាក្យ​សម្តី​របស់​បុគ្គល​ណា​ម្នាក់ ។ ទោះបី​ជា​មាន​ករណី​ខុសឆ្គង​ដ៏​ធ្ងន់ធ្ងរ​ក្តី តើ​យើង​តម្រូវ​ឲ្យ​សុំ​ការអភ័យ​ទោស​ពី​នរណា ? សូម​ពន្យល់​ថា​នៅក្នុង​មេរៀន​បន្ទាប់ សិស្ស​នឹង​បាន​រៀន​ពី​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន​អំពី​បញ្ហា​នេះ និង របៀប​ដើម្បី​ឆ្លើយតប​ចំពោះការរវាតចិត្ត​ដោយសារ​តែ​មនុស្ស​ដទៃ ។