មេរៀនទី ១៥៥
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៧-៦០
បុព្វកថា
មេរៀននេះ គឺជាមេរៀនទីពីរអំពីវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨។ នៅពេលប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានពិចារណាអំពីបទគម្ពីរមួយចំនួននៅក្នុងគម្ពីរសញ្ញាថ្មី លោកបានមើលឃើញការនិមិត្តមួយ អំពីពិភពវិញ្ញាណ និងអំពីវិញ្ញាណជនសុចរិតដែលរង់ចាំសេចក្ដីរំដោះ ឲ្យរួចពីចំណងនៃសេចក្ដីស្លាប់ ។ ប្រធាន ស៊្មីធ ក៏បានមើលឃើញផងដែរថា ព្រះយេស៊ូវគ្រីស្ទ បានរៀបចំ និងអនុញ្ញាតឲ្យពួកអ្នកបម្រើសុចរិតបង្រៀនដំណឹងល្អដល់ពួកវិញ្ញាណដែលនៅក្នុងស្ថានឃុំព្រលឹង នៅចន្លោះពេលនៃការសុគត និងការរស់ឡើងវិញរបស់ទ្រង់ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៧-៣៧
ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានរៀនអំពីរបៀបដែលដំណឹងល្អត្រូវបានផ្សាយនៅក្នុងពិភពវិញ្ញាណ
សូមប្រាប់សិស្សថាមនុស្សនៅទូទាំងពិភពលោកប្រកាន់ជំនឿផ្សេងៗគ្នា អំពីអ្វីដែលកើតឡើងចំពោះពួកយើងបន្ទាប់ពីយើងស្លាប់ ។ សូមសួរ ប្រសិនបើសិស្សធ្លាប់ជួបនរណាម្នាក់ដែលមានជំនឿផ្សេង ដែលទាក់ទងនឹងអ្វីដែលកើតឡើងចំពោះពួកយើងបន្ទាប់ពីយើងស្លាប់ ។ សូមអញ្ចើញសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍របស់ខ្លួន ។ ( សូមប្រយ័ត្នកុំនិយាយអវិជ្ជមាន ឬ និយាយមើលងាយដល់ជំនឿរបស់សាសនាដទៃឡើយ ) ។
-
តើយើងអាចដឹងយ៉ាងដូចម្ដេចថា ជំនឿណាមួយអំពីជីវិតបន្ទាប់ពីសេចក្ដីស្លាប់ថាត្រឹមត្រូវ ? ( អ្នកអាចអាចនឹងចង្អុលបង្ហាញថា ទោះជាពួកបរិសុទ្ធថ្ងៃចុងក្រោយមួយចំនួន ក៏អាចមានជំនឿពុំត្រឹមត្រូវអំពីជីវិតបន្ទាប់ពីសេចក្ដីស្លាប់ដែរ ) ។
ដើម្បីបន្ថែមដល់ចម្លើយរបស់សិស្ស សូមសិស្សម្នាក់អានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយអែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
« បទគម្ពីរគឺជាថ្មសាកមាស ដើម្បីវាស់នូវភាពត្រឹមត្រូវ និងភាពពិត » (The Blessing of Scripture»Ensignឬលីអាហូណាខែ ឧសភា ឆ្នាំ ២០១០ ទំព័រ ៣៤ ) ។
សូមបញ្ជាក់ថា យើងអាចដឹងពីភាពត្រឹមត្រូវនៃជំនឿផ្សេងៗ អំពីជីវិតបន្ទាប់ពីសេចក្ដីស្លាប់ ដោយការប្រៀបធៀបជំនឿទាំងនោះជាមួយនឹងសេចក្ដីពិតទាំងឡាយ ដែលព្រះអម្ចាស់បានបើកសម្ដែងនៅក្នុងបទគម្ពីរ ដូចជានៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨។
សូមគូស ឌីយ៉ាក្រាមដែលអមមកជាមួយ នៅលើក្ដារខៀន ។ អ្នកអាចពន្យល់ខ្លីៗថា តាមរបៀបមួយចំនួននៅក្នុងពិភពវិញ្ញាណទាំងមូលអាចចាត់ទុកថាជាស្ថានឃុំវិញ្ញាណ ដោយសារសូម្បីតែពួកសុចរិតបានគិតថាការបែកចេញពីរាងកាយរបស់ខ្លួននោះគឺជាសេវកភាព ( សូមមើល គ. និង ស. ១៣៨:៤៩–៥០) ។
ដើម្បីជួយសិស្សរំឭកដោយសង្ខេបអំពីសេចក្ដីពិត ដែលពួកគេបានរៀននៅក្នុងមេរៀនមុននៅកណ្ឌ ១៣៨ ដោយចាត់ឲ្យសិស្សពាក់កណ្ដាលថ្នាក់ស្រាវជ្រាវនៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:១២-១៥, ២២ នូវព័ត៌មានលម្អិត អំពីអ្នកដែលនឹងទៅស្ថានបរមសុខពេលស្លាប់ទៅ និងស្ថានភាពនានាដែលពួកគេនឹងជួបប្រទះនៅទីនោះ ។ សូមចាត់សិស្សពាក់កណ្ដាលថ្នាក់ទៀតស្រាវជ្រាវគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:២០-២២ រកព័ត៌មានលម្អិតអំពីអ្នកដែលនឹងទៅស្ថានឃុំព្រលឹង បន្ទាប់ពីស្លាប់ទៅ និងស្ថានភាពនានាដែលពួកគេនឹងជួប ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមចង្អុលបង្ហាញថា ពុំមែនមានតែពួកមនុស្សទុច្ចរិត និងមនុស្សប្រព្រឹត្តិល្មើសលើបញ្ញត្តិប៉ុណ្ណោះទេ ដែលទៅស្ថានឃុំព្រលឹងនៅពេលពួកគេស្លាប់ទៅនោះ ប៉ុន្តែក៏មានអ្នកទាំងឡាយដែលស្លាប់ទៅនៅក្នុងអំពើបាបរបស់ពួកគេ ដោយគ្មានចំណេះដឹងនៃដំណឹងល្អផងដែរ ( សូមមើលគ. និង ស. ១៣៨:៣២) ។ សូមរំឭកសិស្សថា ខណៈដែលប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ ពិចារណាអំពីខគម្ពីរនៅក្នុងពេត្រុសទី ១ នោះព្រះអម្ចាស់បានបើកសម្ដែងដល់លោកអំពីរបៀបដែលអ្នកនៅក្នុងស្ថានឃុំព្រលឹងនឹងមានឱកាសដើម្បីទទួលពរជ័យទាំងឡាយនៃដំណឹងល្អ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៧-១០ ឲ្យឮៗ ។ សូមដល់សិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយរកមើលនូវអ្វីដែលពេត្រុសបានថ្លែងអំពីអ្វីដែលព្រះយេស៊ូវបានធ្វើ បន្ទាប់ពីទ្រង់ត្រូវបាន «គេធ្វើគតខាងសាច់ឈាម » ។
-
តើពេត្រុសបានថ្លែងថាព្រះអង្គសង្គ្រោះបានធ្វើអ្វីខ្លះ នៅពេលទ្រង់យាងទៅពិភពវិញ្ញាណ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:២៥-២៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ពីអ្វីដែលប្រធាន ស្ម៊ីធ បានងឿងឆ្ងល់ នៅពេលលោកបាននឹកគិតអំពីកិច្ចការរបស់ព្រះអម្ចាស់នៅក្នុងពិភពវិញ្ញាណនោះ ។
-
តើប្រធានស្ម៊ីធមានចម្ងល់អ្វីខ្លះ ? ( នៅពេលសិស្សឆ្លើយតប អ្នកអាចនឹងចង់សរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖ តើវាអាចធ្វើទៅបានដោយរបៀបណា ដើម្បីឲ្យព្រះអម្ចាស់ផ្សាយដំណឹងល្អទៅកាន់អស់អ្នកដែលស្ថិតនៅក្នុងស្ថានឃុំព្រលឹងត្រឹមតែបីថ្ងៃនោះ ? )
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:២៩-៣២ ឲ្យឮៗ ហើយសុំដល់សិស្សក្នុងថ្នាក់ឲ្យរកមើល ចម្លើយដែលប្រធាន ស្ម៊ីធ បានទទួលនៅពេលលោកបានគិតពិចារណា ។
-
តើព្រះអង្គសង្គ្រោះផ្សាយដំណឹងល្អដល់អ្នកទាំងឡាយដែលស្ថិតនៅក្នុងស្ថានឃុំវិញ្ញាណ ក្នុងរយៈពេលដ៏ខ្លីដូច្នេះដោយរបៀបណា ?
សូមឲ្យសិស្សប្រើនូវអ្វីដែលពួកគេបានរៀននៅក្នុង ខ ២៩-៣២ ដើម្បីថ្លែងពីសេចក្ដីពិតអំពីរបៀបដែលដំណឹងល្អត្រូវបានបង្រៀននៅក្នុងពិភពវិញ្ញាណ ។ ពួកគេគប្បីប្រាប់អ្វីខ្លះដែលស្រដៀងគ្នាទៅនឹងសេចក្ដីពិតដូចខាងក្រោម ៖ នៅក្រោមការដឹកនាំរបស់ព្រះយេស៊ូវគ្រីស្ទ សារទូតសុចរិតបង្រៀនដំណឹងល្អដល់អ្នកទាំងឡាយដែលស្ថិតនៅស្ថានឃុំព្រលឹង ។ អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យគូសចំណាំឃ្លានៅក្នុងខ ៣០ដែលបង្រៀនពីសេចក្តីពិតនេះ ។
ក្នុងតារាងនៅលើក្ដារខៀន សូមគូរូបព្រួញមួយមកពីស្ថានបរមសុខ ទៅកាន់ស្ថានឃុំព្រលឹងដើម្បីតំណាងឲ្យពួកសារទូតសុចរិតរបស់ព្រះអម្ចាស់ ដែលកំពុងផ្សាយដំណឹងល្អនៅក្នុងស្ថានឃុំព្រលឹង ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៣៣-៣៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វី ដែលពួកសារទូតសុចរិតរបស់ព្រះអម្ចាស់បានបង្រៀនដល់ពួក វិញ្ញាណក្នុងស្ថានឃុំព្រលឹង ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
តើការបង្រៀនទាំងនេះប្រៀបធៀបនឹងអ្វីដែលមនុស្សត្រូវបានបង្រៀន នៅពេលពួកគេត្រៀមខ្លួនដើម្បីធ្វើបុណ្យជ្រមុជទឹកនៅក្នុងជីវិតរមែងស្លាប់ដោយរបៀបណា ?
-
តើ « បុណ្យជ្រមុជទឹកជំនួស » គឺជាអ្វី ?
-
ស្របតាមខ ៣៤ហេតុអ្វីក៏គោលការណ៍នៃដំណឹងល្អទាំងនេះចាំបាច់ ដើម្បីផ្សាយទៅកាន់អ្នកទាំងឡាយដែលស្ថិតនៅក្នុងស្ថានឃុំព្រលឹងដូច្នេះ ? (អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ដោយ « ត្រូវបានជំនុំជំរះតាមមនុស្សក្នុងសាច់ឈាម » មានន័យថា កូនចៅរបស់ព្រះទាំងអស់ ទាំងរស់ ឬទាំងស្លាប់ ចាំបាច់ត្រូវមាននូវឱកាសដើម្បីរៀនអំពីការទទួលយកដំណឹងល្អ ដើម្បីពួកគេអាចត្រូវបានជំនុំជំរះតាមបទដ្ឋានដូចគ្នា ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៣៥-៣៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវរបៀបដែលពួកវិញ្ញាណជាច្រើន នឹងមានឱកាសមួយ ដើម្បីទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ។
-
ហេតុអ្វីអ្នកគិតថា វាសំខាន់អ្វីម្ល៉េះ ដើម្បីដឹងថា កូនចៅទាំងអស់របស់ព្រះវរបិតាសួគ៌ នឹងមានឱកាសដើម្បីស្ដាប់ឮ ហើយទទួលយកដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទដូច្នេះ ?
ដើម្បីជួយសិស្សយល់អំពីរបៀបដែលមនុស្សគ្រប់រូបនឹងស្ដាប់ឮដំណឹងល្អ សូមពន្យល់ថា ទោះជាព្រះអង្គសង្គ្រោះបានយាងទៅពិភពវិញ្ញាណសម្រាប់រយៈពេលខ្លីបន្ទាប់ពីការសុគតរបស់ទ្រង់ក្ដី ក៏ទ្រង់បានរៀបចំពួកវិញ្ញាណសុចរិតឲ្យផ្សាយដំណឹងល្អដល់អ្នកដែលនៅក្នុងស្ថានឃុំព្រលឹងផងដែរ ។ កិច្ចការនេះនៅតែបន្តនាពេលបច្ចុប្បន្ននេះ ។ នៅពេលមនុស្សពុំបានស្ដាប់ឮ ឬទទួលយកដំណឹងល្អនៅក្នុងជីវិតរបស់យើង ពេលស្លាប់ទៅ នោះពួកគេក៏នឹងមានឱកាសដើម្បីស្ដាប់ឮ ហើយទទួលយកដំណឹងល្អ នៅក្នុងពិភពវិញ្ញាណផងដែរ ។
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៨:៣៨-៦០
ប្រធាន ស៊្មីធ បានមើលឃើញក្រុមវិញ្ញាណថ្លៃថ្នូ និងអស្ចារ្យ ដែលនឹងផ្សាយដំណឹងល្អនៅក្នុងស្ថានឃុំព្រលឹង ។
សូមឲ្យសិស្សគិតអំពីសមាជិកគ្រួសារ ឬជីដូនជីតាសុចរិតរបស់ពួកគេដែលបានស្លាប់ទៅ ។
-
តើអ្នកធ្លាប់ងឿងឆ្ងល់អំពីអ្វីដែលពួកគេកំពុងធ្វើនៅក្នុងពិភពវិញ្ញាណដែរឬទេ ?
សូមរំឭកសិស្សថានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៣៨-៤៩ប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានរៀបរាប់ឈ្មោះនៃពួកវិញ្ញាណ « ដែលជាពួកអ្នកធំ និងពូកែ » ដែលលោកបានឃើញនៅក្នុងពិភពវិញ្ញាណដែលកំពុងរង់ចាំព្រះអង្គសង្គ្រោះ ដើម្បីលេចមកជួបពួកគេបន្ទាប់ពីការសុគតរបស់ទ្រង់នៅលើឈើឆ្កាង ។ ពួកវិញ្ញាណមួយចំនួន ដែលព្រះអង្គសង្គ្រោះបានយាងទៅជួបគឺពួកព្យាការីគម្ពីរសញ្ញាចាស់ និងគម្ពីរមរមន ។ នៅសេចក្តីផ្តើម ខ ៥៣យើងអានថា ប្រធាន ស្ម៊ីធ ក៏បានមើលឃើញពួកវិញ្ញាណជម្រើសផងដែរ ដែលនឹងមកនៅក្នុងថ្ងៃចុងក្រោយ រួមមានទាំងព្យាការី យ៉ូសែប ស៊្មីធ ( ឪពុកមារបស់លោក ) និង ហៃរុម ស្ម៊ីធ ( ឪពុករបស់លោក ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៥៣-៥៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពីរបៀបដែលបុគ្គលទាំងនេះបានរួមចំណែក អំឡុងពេលពួកគេបានមានជីវិតនៅលើផែនដីដើម្បីសេចក្តីសង្គ្រោះ នៃអស់អ្នកដែលនៅក្នុងស្ថានឃុំវិញ្ញាណ ។
-
តើថ្នាក់ដឹកនាំសាសនាចក្រថ្ងៃចុងក្រោយនេះ បានជួយវិញ្ញាណនៅក្នុងស្ថានឃុំវិញ្ញាណដោយរបៀបណា ?
បន្ទាប់ពីសិស្សបានរកឃើញ ពួកព្យាការីថ្ងៃចុងក្រោយដែលបានជួយនៅក្នុងការប្រោសលោះដល់មរណជន តាមរយៈការសាងសង់ព្រះវិហារបរិសុទ្ធ និងការបម្រើពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ សម្រាប់មរណជន សូមដាក់តាំង ឬគូរូបភាពព្រះវិហារបរិសុទ្ធមួយនៅជិតនឹងតារាងនៅលើក្ដារខៀន ។
-
ស្របតាមខ ៥៥-៥៦តើពួកអ្នកដឹកនាំទាំងនេះចាប់ផ្ដើមរៀបចំសម្រាប់កិច្ចការ ដែលពួកគេនឹងធ្វើនៅទីនេះលើផែនដីនៅពេលណា ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៥៧ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលនូវអ្វីដែលពួកអែលឌើរសុចរិតនឹងបន្ដធ្វើបន្ទាប់ពីពួកគេបានស្លាប់ទៅ ។
-
តើពួកអែលឌើរស្មោះត្រង់នឹងបន្ដធ្វើអ្វីខ្លះ បន្ទាប់ពីពួកគេបានស្លាប់ទៅ ?
ដើម្បីបញ្ជាក់ថា កិច្ចការនៅក្នុងពិភពវិញ្ញាណ គឺពុំមានលក្ខខណ្ឌដាក់កំហិតចំពោះអ្នកទាំងឡាយដែលកាន់បព្វជិតភាពមិលគីស្សាដែក សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន យ៉ូសែប អែហ្វ ស៊្មីធ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្តាប់មើលនូវអ្វីដែលស្ត្រីស្មោះត្រង់ធ្វើនៅក្នុងពិភពវិញ្ញាណ ៖
រូបភាពប្រធាន យ៉ូសែប អេហ្វ ស្ម៊ីធ« ស្ត្រីល្អៗទាំងនេះ ត្រូវបានញែកចេញ តែងតាំងចំពោះកិច្ចការ… នឹងត្រូវបានផ្ដល់សិទ្ធិ និងអំណាចពេញលេញ ដើម្បីផ្សាយដំណឹងល្អ ហើយបម្រើដល់ស្ត្រីៗ ខណៈដែលពួកអែលឌើរ និង ពួកព្យាការី កំពុងផ្សាយដំណឹងល្អទៅដល់បុរសៗ » (Gospel Doctrineបោះពុម្ពលើកទី ៥ [ឆ្នាំ ១៩៣៩] ទំព័រ ៤៦១ ) ។
អ្នកអាចនឹងចង់អញ្ជើញសិស្សឲ្យគូសចំណាំឃ្លានៅក្នុង ខ ៥៧ ដែលបង្រៀនសេចក្ដីពិតដូចខាងក្រោម ៖ បន្ទាប់ពីចាកចេញពីជីវិតរមែងស្លាប់ នោះពួកបរិសុទ្ធស្មោះត្រង់ នឹងបន្ដកិច្ចការរបស់ពួកគេនៅក្នុងការផ្សាយដំណឹងល្អ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៥៨-៥៩ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាមរកមើល អ្វីដែលមរណជនត្រូវតែធ្វើដើម្បីត្រូវបានប្រោសលោះ ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
-
តើមានអ្វីខ្លះនឹងកើតឡើងចំពោះអ្នកទាំងឡាយដែលប្រែចិត្តនៅក្នុងពិភពវិញ្ញាណ ? ( សិស្សអាចប្រើពាក្យផ្សេងៗគ្នា ប៉ុន្តែពួកគេគួរតែរកឃើញគោលលទ្ធិខាងក្រោម ៖ វិញ្ញាណដែលប្រែចិត្តនឹងត្រូវបានប្រោសលោះ តាមរយៈការគោរពប្រតិបត្តិតាមពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ត្រូវបានជ្រះស្អាតតាមរយៈដង្វាយធួន ហើយបានទទួលរង្វាន់របស់ខ្លួន) ។
-
តើយើងអាចជួយនៅក្នុងកិច្ចការនៃសេចក្ដីសង្គ្រោះសម្រាប់មរណជន តាមរបៀបណាអំឡុងពេលយើងនៅទីនេះលើផែនដី ? ( ដោយការបញ្ចប់កិច្ចការពង្សប្រវត្តិ ហើយចូលរួមនៅក្នុងពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធសម្រាប់មរណជន ) ។
ជាចំណែកនៃការពិភាក្សានេះ អ្នកអាចនឹងចង់អញ្ជើញសិស្សម្នាក់ឲ្យអានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោម ដោយប្រធាន ប្រធាន រីឆាដ ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖
រូបភាពអែលឌើរ រីឆាដ ជី ស្កត« កិច្ចការអ្វីដែលអ្នកធ្វើនៅក្នុងព្រះវិហារបរិសុទ្ធ គឺចំណាយពេលបានល្អ ប៉ុន្ដែការទទួលពិធីបរិសុទ្ធ ជំនួសជីដូនជីតាផ្ទាល់ខ្លួនរបស់អ្នក នឹងធ្វើឲ្យពេលវេលាក្នុងព្រះវិហារបរិសុទ្ធកាន់តែពិសិដ្ឋ ហើយទទួលបានពរជ័យកាន់តែធំអស្ចារ្យថែមទៀតផង » (The Joy of Redeeming the Dead,»Ensignឬលីអាហូណា,ខែ វិច្ឆិកា ឆ្នាំ ២០១២, ទំព័រ ៩៣–៩៤) ។
សូមចង្អុលទៅរូបភាពនៃព្រះវិហារបរិសុទ្ធនៅលើក្តារខៀន ។ សូមថ្លែងទីបន្ទាល់ថានៅពេលយើងទៅព្រះវិហារបរិសុទ្ធ ដើម្បីធ្វើពិធីបរិសុទ្ធសម្រាប់អស់អ្នកដែលបានចែកឋានទៅ នោះយើងជួយពួកគេ—ប្រសិនបើពួកគេជ្រើសរើសទទួលពិធីបរិសុទ្ធទាំងនោះ—ដើម្បីត្រូវបានប្រោសលោះចេញពីស្ថានឃុំវិញ្ញាណ ហើយចូលរួមជាមួយវិញ្ញាណសុចរិតនៅស្ថានបរមសុខ ។
លើរូបនៅលើក្តារខៀន សូមគូរសញ្ញាព្រួញមួយចេញពីស្ថានឃុំវិញ្ញាណទៅស្ថានបរមសុខ ដើម្បីតំណាងពីការប្រោសលោះនៃវិញ្ញាណដែលប្រែចិត្តពីស្ថានឃុំវិញ្ញាណ ។
-
តើចំណេះដឹងនេះ អាចមានឥទ្ធិពលចំពោះបទពិសោធន៍របស់អ្នក នៅក្នុងការធ្វើកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិយ៉ាងដូចម្ដេច ?
-
តើអ្នកបានទទួលពរជ័យដោយសារការចូលរួមក្នុងកិច្ចការពង្សប្រវត្តិ និង កិច្ចការព្រះវិហារបរិសុទ្ធយ៉ាងដូចម្តេច ? ( អ្នកក៏អាចចែកចាយពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់អ្នកផងដែរ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៦០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្អៀងតាម រកមើលទីបន្ទាល់របស់ប្រធានយ៉ូសែប អែហ្វ ស្ម៊ីធអំពីសេចក្តីពិតដែលលោកបានកត់ត្រា ។
សូមលើកទឹកចិត្តសិស្សឲ្យដាក់កាលវិភាគធ្វើកិច្ចការពង្សប្រវត្តិ ឬ កិច្ចការព្រះវិហារបរិសុទ្ធនៅពីរបីសប្តាហ៍ខាងមុខទៀត ។
សូមបញ្ចប់ដោយការចែកចាយទីបន្ទាល់របស់អ្នកអំពី ព្រះអម្ចាស់ ព្រះយេស៊ូវគ្រីស្ទ និងពរជ័យទាំងឡាយនៃដង្វាយធួន មានចំពោះទាំងអ្នកនៅរស់ និងមរណជន ។
សេចក្តីពន្យល់ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៨:៥៨ ។ ពរជ័យទាំងឡាយនៃការចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធ
អែលឌើរ រីឆាដ ជី ស្កត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានសន្យាដូចខាងក្រោមចំពោះយុវវ័យ ដែលចូលរួមនៅក្នុងកិច្ចការពង្សប្រវត្តិ និងកិច្ចការព្រះវិហារបរិសុទ្ធថា ៖
រូបភាពអែលឌើរ រីឆាដ ជី ស្កត« តើមនុស្សវ័យក្មេងដូចជាអ្នកចង់បានវិធីដ៏ប្រាកដមួយ ដើម្បីលុបបំបាត់ឥទ្ធិពលរបស់មារសត្រូវមានក្នុងជីវិតរបស់អ្នកឬទេ ? សូមជ្រមុជខ្លួនអ្នកទៅក្នុងការស្រាវជ្រាវរកជីដូនជីតាអ្នក រៀបចំឈ្មោះរបស់ពួកគាត់សម្រាប់ពិធីបរិសុទ្ធជំនួសដ៏ពិសិដ្ឋដែលមាននៅក្នុងព្រះវិហារបរិសុទ្ធ រួចហើយទៅព្រះវិហារបរិសុទ្ធ ដើម្បីឈរជាអ្នកទទួលពិធីបរិសុទ្ធនៃពិធីបុណ្យជ្រមុជទឹក និងអំណោយទាននៃព្រះវិញ្ញាណបរិសុទ្ធជំនួសពួកគាត់ ។ នៅពេលអ្នកធំឡើង អ្នកនឹងអាចចូលរួមក្នុងការទទួលពិធីបរិសុទ្ធផ្សេងទៀតផងដែរ ។ ខ្ញុំគិតមិនឃើញថា មាននូវកិច្ចការពារពីឥទ្ធិពលរបស់មារសត្រូវណាអស្ចារ្យជាងនេះ ក្នុងជីវិតរបស់អ្នកនោះឡើយ » (The Joy of Redeeming the Dead »Ensignឬ លីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១២ ទំព័រ ៩៤ ) ។