មេរៀនទី ១៣៩
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣-៣៣
បុព្វកថា
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ មានវិវរណៈមួយអំពីសេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចខាងអាពាហ៍ពិពាហ៍ ។ ទោះបីជាវិវរណៈនេះត្រូវបានកត់ត្រាទុកនៅថ្ងៃទី ១២ ខែ កក្កដា ឆ្នាំ ១៨៤៣ ក្តីសេចក្តីពិតមួយចំនួននៅក្នុងវិវរណៈនេះត្រូវបានទទួលស្គាល់ ហើយបង្រៀនដោយព្យាការី យ៉ូសែប ស៊្មីធនៅដើមឆ្នាំ ១៨៣១ ។ វិវរណៈនេះនឹងត្រូវបានពិភាក្សាជាពីរមេរៀន ។ មេរៀននេះពិភាក្សាអំពីលក្ខខណ្ឌនៃសេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចខាងអាពាហ៍ពិពាហ៍ និង ការសន្យាដែលប្រទានដល់អស់អ្នកដែលគោរពដល់វា ។ មេរៀនបន្ទាប់នឹងពិភាក្សាពីគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាព ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣-១៨
ព្រះអម្ចាស់កំណត់ពីលក្ខខណ្ឌនៃសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ។
កំណត់ចំណាំ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:១–២ គឺមាននៅក្នុងមេរៀនទី ១៤០ ជាផ្នែកមួយនៃការពិភាក្សាអំពីអាពាហ៍ពិពាហ៍ពហុពន្ធភាព ។
ពីមុនចាប់ផ្តើមថ្នាក់សូមសរសេរ សំណួរខាងក្រោមនេះ នៅលើក្តារខៀន ៖
ហេតុអ្វីអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចសំខាន់ចំពោះអ្នក ?
ដោយចាប់ផ្តើមពីថ្ងៃនេះ តើអ្នកនឹងធ្វើអ្វីខ្លះដើម្បីរៀបចំខ្លួនចូលទៅព្រះវិហារបរិសុទ្ធ ហើយរៀបអាពាហ៍ពិពាហ៍ចំពោះវេលាកាល និង ភាពអស់កល្បជានិច្ច ?
តើពរជ័យអ្វីខ្លះដែលអាចត្រូវបានទទួលនៅក្នុងជីវិតនេះចំពោះអស់អ្នកដែលធ្វើតាមក្រឹត្យវិន័យរបស់ព្រះ ដើម្បីត្រូវបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធ ?
សូមអញ្ជើញសិស្សឲ្យពិចារណាពីសំណួរទាំងនេះនៅពេលពួកគេសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២ ថ្ងៃនេះ ។
សូមចាប់ផ្ដើមដោយសួរសំណួរខាងក្រោមនេះ ៖
-
តើសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចនោះជាអ្វី ?
ដើម្បីជួយសិស្សឲ្យយល់អត្ថន័យនៃឃ្លា « សេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច » សូមអានសេចក្តីថ្លែងការណ៍ខាងក្រោមដោយប្រធាន យ៉ូសែប ហ្វីលឌិង ស៊្មីធ ៖
« ឥឡូវនេះមាននិយមន័យដ៏ច្បាស់មួយយ៉ាងលម្អិតអំពីសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ។ វាគឺជាអ្វីគ្រប់យ៉ាង—ភាពពោរពេញនៃដំណឹងល្អ ។ ដូច្នេះអាពាហ៍ពិពាហ៍ត្រឹមត្រូវត្រូវបានធ្វើឡើង ពិធីបុណជ្រមុជទឹក ពិធីតែងតាំងបព្វជិតភាព អ្វីគ្រប់យ៉ាងផ្សេងទៀត—គ្រប់កិច្ចសន្យា កាតព្វកិច្ច ការធ្វើពិធី នានាដែលទាក់ទងនឹងដំណឹងល្អរបស់ព្រះយេស៊ូវគ្រីស្ទ ដែលត្រូវបានផ្សារភ្ជាប់ដោយព្រះវិញ្ញាណបរិសុទ្ធ នៃសេចក្តីសន្យាយោងតាមក្រឹត្យវិន័យរបស់ទ្រង់ដែលបានប្រទានមក គឺជាផ្នែកមួយនៃសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច » (Doctrines of Salvation, និពន្ធដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ភាគទី ៣. [ ឆ្នាំ ១៩៥៤–៥៦ ], ១:១៥៨ បានដកអក្សរទ្រេតចេញ ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣-៥ ដោយស្ងៀមស្ងាត់ រកមើលលទ្ធផលនៃការបដិសេធទៅនឹងសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ដែលរួមមានសេចក្តីសញ្ញានៃអាពាហ៍ពិពាហ៍សេឡេស្ទាល ។
-
តើមានលទ្ធផលអ្វីខ្លះចំពោះការបដិសេធទៅនឹងសេចក្តីសញ្ញាថ្មី និងអស់កល្បអស់កាលជានិច្ច ? ( នៅពេលសិស្សឆ្លើយសំណួរនេះ អ្នកអាចពន្យល់ថាពាក្យ ជាប់ទោស មានន័យថាបុគ្គលម្នាក់ត្រូវបានបញ្ឈប់នៅក្នុងដំណើរការដ៏អស់កល្បរបស់ខ្លួន ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពរជ័យដែលព្រះអម្ចាស់សន្យាដល់អស់អ្នកដែលស្មោះត្រង់ចំពោះសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ។
-
យោងតាម ខ ៦,តើយើងទទួលអ្វីខ្លះបើសិនយើងស្មោះត្រង់ចំពោះ សេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ? ( នៅពេលសិស្សឆ្លើយសំណួរនេះ អ្នកអាចចង់ចង្អុលបង្ហាញពីភាពផ្ទុយគ្នារវាងការជាប់ទោស ឬ រារាំងមិនឲ្យរីកចម្រើន និង ការទទួល « ភាពពោរពេញនៃសិរីល្អ [ របស់ព្រះអម្ចាស់ ] » ) ។
សូមចង្អុលបង្ហាញថាជាញឹកញាប់មនុស្សធ្វើកិច្ចសន្យា ឬ កិច្ចព្រមព្រៀងជាមួយគ្នាទៅវិញទៅមក ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៧ ឲ្យឮៗ ។ សូមចាត់តាំងសិស្សពាក់កណ្ដាលថ្នាក់ ឲ្យរកមើលអ្វីដែលកើតឡើងលើមនុស្សដែលចុះកិច្ចសន្យានៅពេលពួកគេស្លាប់ ។ សូមអញ្ជើញសិស្សពាក់កណ្ដាលថ្នាក់ទៀត ស្វែងរកលក្ខខណ្ឌពីរសម្រាប់សេចក្តីសញ្ញាដែលត្រូវបានភ្ជាប់បន្ទាប់ពីយើងស្លាប់ ។
-
តើមានអ្វីកើតឡើង ចំពោះមនុស្សដែលធ្វើកិច្ចសន្យានោះ ? ( ពួកគេបានបញ្ចប់នៅពេលស្លាប់ ) ។
-
យោងតាម ខ ៧, តើចំណុចពីរយ៉ាងដែលត្រូវតែកើតឡើងសម្រាប់សេចក្តីសញ្ញាដើម្បីត្រូវបានភ្ជាប់បន្ទាប់ពីយើងស្លាប់នោះជាអ្វី ? ( វាត្រូវតែបានធ្វើឡើងតាមរយៈសិទ្ធិអំណាចបព្វជិតភាព ហើយវាត្រូវតែ « ចូល ហើយភ្ជាប់ដោយព្រះវិញ្ញាណបរិសុទ្ធនៃសេចក្តីសន្យា » ) ។
សូមពន្យល់ថា « ព្រះវិញ្ញាណបរិសុទ្ធគឺជាព្រះវិញ្ញាណបរិសុទ្ធនៃសេចក្តីសន្យា ។… ព្រះវិញ្ញាណបរិសុទ្ធនៃសេចក្ដីសន្យាធ្វើជាសាក្សីដល់ព្រះវរបិតាថា ពិធីបរិសុទ្ធនៃសេចក្ដីសង្គ្រោះត្រូវបានធ្វើឡើងយ៉ាងត្រឹមត្រូវ ហើយថាសេចក្ដីសញ្ញាដែលបានទាក់ទងជាមួយនឹងពួកគេត្រូវបានរក្សាទុក » ( សេចក្ដីណែនាំដល់បទគម្ពីរទាំងឡាយ ព្រះវិញ្ញាណនៃសេចក្តីសន្យា » scriptures.lds.org ) ។ បន្ទាប់មកសូមអញ្ជើញសិស្សឲ្យអាន ខ ៧ ម្តងទៀត ហើយសង្ខេបវាជាសេចក្តីថ្លែងការណ៍មួយនៃគោលលទ្ធិ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។ ឧទាហរណ៍ អ្នកអាចសរសេរសេចក្តីថ្លែងការណ៍ដែលស្រដៀងគ្នានេះ ទៅនឹងសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ៖ មានតែសេចក្តីសញ្ញាដែលត្រូវបានធ្វើឡើងតាមរយៈសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវប៉ុណ្ណោះ និង ត្រូវបានផ្សារភ្ជាប់ដោយព្រះវិញ្ញាណបរិសុទ្ធនៃសេចក្តីសន្យា បើមិនដូច្នេះទេ វានឹងត្រូវបញ្ចប់នៅពេលស្លាប់ ។
ដើម្បីជួយសិស្សឲ្យពង្រីកការយល់ដឹងអំពីគោលលទ្ធិនេះ សូមឲ្យពួកគេនិយាយម្តងទៀតជាឃ្លាស្របវិញ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្ដារខៀន ។ ឧទាហរណ៍ អ្នកអាចសរសេរសេចក្តីថ្លែងការណ៍ដែលស្រដៀងគ្នានេះ ទៅនឹងសេចក្តីថ្លែងការណ៍ខាងក្រោមនេះ ៖ នៅពេលសេចក្តីសញ្ញាត្រូវបានធ្វើឡើងតាមរយៈសិទ្ធិអំណាចបព្វជិតភាពត្រឹមត្រូវ និង ត្រូវបានផ្សារភ្ជាប់ដោយព្រះវិញ្ញាណបរិសុទ្ធនៃសេចក្តីសញ្ញា វានឹងនៅជាប់ជានិរន្តរ៍ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៨-១៤ ដោយពន្យល់ថា ព្រះអម្ចាស់បានបន្តកំណត់លក្ខខណ្ឌនានានៃក្រឹត្យវិន័យ និង ពិធីបរិសុទ្ធរបស់ទ្រង់ ។ ទ្រង់បានប្រកាសថា អ្វីគ្រប់យ៉ាងដែលទ្រង់បានបង្កើតឡើងនឹងបន្តនៅជានិរន្តរ៍ ប៉ុន្តែអ្វីផ្សេងទៀតនឹងត្រូវបំផ្លាញចោលនៅទីបញ្ចប់ ។
សូមអញ្ជើញសិស្សបួននាក់ឲ្យឆ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៥-១៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបពីយ៉ាងដែលបុរស និង ស្ត្រីអាចចូលទៅក្នុងអាពាហ៍ពិពាហ៍ជាមួយគ្នា ។ បន្ទាប់មកសូមអានឧទាហរណ៍ខាងក្រោមនេះឲ្យឮៗ ។ បន្ទាប់ពីឧទាហរណ៍និមួយៗ សូមសួរសិស្សថាតើមានសេចក្តីពិតអ្វីខ្លះដែលបានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៥-១៨ អនុវត្តនៅក្នុងស្ថានភាពនោះ ។
ឧទាហរណ៍ ទី១ ៖ បុរស និង ស្ត្រីមួយគូស្រឡាញ់គ្នាគោរពច្បាប់ព្រហ្មចារីភាព ហើយរៀបការយ៉ាងរីករាយដោយអ្នកដឹកនាំរដ្ឋាភិបាលក្នុងមូលដ្ឋាន ។ ពួកគេពុំបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធឡើយ ។ ពិធីរៀបអាពាហ៍ពិពាហ៍របស់ពួកគេមានពាក្យ « រហូតទាល់តែសេចក្ដីស្លាប់បំបែកអ្នកចេញ » ។ ពីរបីឆ្នាំក្រោយមក ស្វាមីម្នាក់នោះបានស្លាប់ដោយគ្រោះថ្នាក់ចររាចរណ៍ ។ តើសេចក្តីពិតណាខ្លះដែលបានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៥-១៧ អនុវត្តចំពោះរឿងនេះ ? ( ស្វាមី និង ភរិយានេះពុំបាននៅតែរៀបការជាមួយគ្នាទៀតឡើយ ) ។
ឧទាហរណ៍ទី ២ ៖ បុរស និង ស្ត្រីមួយគូបានរៀបការហើយ ។ ពួកគេសន្យានឹងគ្នាថា ពួកគេនឹងស្រឡាញ់គ្នាជានិច្ច ហើយថាពួកគេនឹងនៅជាមួយគ្នារហូត ប៉ុន្តែពួកគេពុំបានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធឡើយ ។ ពួកគេជឿថា ដោយសារសេចក្តីស្រឡាញ់របស់ពួកគេ នោះព្រះនឹងអនុញ្ញាតឲ្យពួកគេនៅជាមួយគ្នាជានិរន្តរ៍ ។ តើសេចក្តីពិតណាខ្លះដែលបានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៨ អនុវត្តចំពោះរឿងនេះ ? ( អាពាហ៍ពិពាហ៍របស់ពួកគេនឹងមិនបន្តទៀតឡើយបន្ទាប់ពីពួកគេស្លាប់ទៅ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៩-៣៣
ព្រះអម្ចាស់សន្យាប្រទានពរជ័យដល់អស់អ្នកដែលគោរពតាមក្រឹត្យវិន័យនៃអាពាហ៍ពិពាហ៍សេឡេស្ទាល
សូមអញ្ជើញសិស្សម្នាក់ឲ្យអានបទពិសោធន៍ខាងក្រោម ដែលបានចែកចាយដោយអែលឌើរ អែនរីក អ័រ ហ្វាឡាប៊ែឡានៃពួកចិតសិបនាក់ ។ សូមឲ្យសិស្សក្នុងថា្នក់ស្ដាប់រកមើលអ្វីដែលធ្វើឲ្យអែលឌើរ និង ស៊ិស្ទើរ ហ្វាឡាប៊ែឡា កើតទុក្ខ ហើយអ្វីដែលធ្វើឲ្យពួកគាត់រីករាយ ។
« នៅពេលខ្ញុំត្រឡប់មកពីបេសកកម្មវិញ ខ្ញុំបានជួបនឹងយុវនារីដ៏ស្រស់ស្អាតម្នាក់ ។… នាងបានធ្វើឲ្យខ្ញុំជាប់ចិត្ត តាំងពីគ្រាដំបូងដែលខ្ញុំបានជួបនាង ។
« ភរិយារបស់ខ្ញុំ បានដាក់គោលដៅរៀបការនៅព្រះវិហារបរិសុទ្ធ ទោះជាកាលនោះព្រះវិហារបរិសុទ្ធដែលជិតបំផុតតម្រូវឲ្យយើងធ្វើដំណើរច្រើនជាង ៦៤០០ គីឡូម៉ែត្រក៏ដោយ ។
« ពិធីរៀបការស៊ីវិលរបស់យើងមានទាំងរឿងរីករាយ និង កើតទុក្ខ ដ្បិតយើងបានរៀបការដែលមានកាលបរិច្ឆេទពេលយើងបញ្ចប់ជីវិតនេះ ។ មន្ត្រីនោះបានប្រកាសពាក្យថា ‹ ហើយឥឡូវនេះខ្ញុំសូមប្រកាសថាអ្នកគឺជាស្វាមី និង ភរិយា › ប៉ុន្តែបន្តិចក្រោយមកគាត់បាននិយាយថា ‹ ដល់ពេលស្លាប់អ្នកនឹងបែកគ្នា › ។
« ដូច្នេះដោយមានការលះបង់នោះយើងបានទិញសំបុត្រយន្តហោះទៅព្រះវិហារបរិសុទ្ធ មេសា អារីហ្សូណា ។
« នៅពេលយើងលុតជង្គង់ចុះលើអាសនានៃព្រះវិហារបរិសុទ្ធ អ្នកបម្រើដែលមានសិទ្ធិអំណាចម្នាក់បានប្រកាសពាក្យដែលខ្ញុំចង់ស្តាប់យូរមកហើយ ដែលបានប្រកាសថាពួកយើងគឺជាស្វាមី និង ភរិយាសម្រាប់វេលាកាលនេះ និង រហូតដល់ភាពអស់កល្បជានិច្ច » (« The Home: The School of Life, » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០១៣ ទំព័រ ១០២ ) ។
-
ហេតុអ្វីគ្រួសារហ្វាឡាប៊ែឡា ពុំពេញចិត្តជាមួយនឹងអាពាហ៍ពិពាហ៍ស៊ីវិលរបស់ពួកគេ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៩-២១ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលពរជ័យដែលព្រះអម្ចាស់សន្យាដល់អស់អ្នកដែលពិតចំពោះសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ។ ដោយសារវគ្គព្រះគម្ពីរនេះវែងហើយពិបាកយល់ នោះអ្នកអាចចាំបាច់ឈប់ពីរបីដងដើម្បីពន្យល់ ហើយឆ្លើយសំណួរ ។ ព័ត៌មានខាងក្រោមនេះអាចជួយដល់អ្នកបានដែរ ៖
ពាក្យ នៅជាប់ មានន័យថាទទួល ឬ បន្ត ដូច្នេះឃ្លា « នៅជាប់ក្នុងសេចក្តីសញ្ញារបស់យើង » (ខ ១៩) និង « នៅជាប់នឹងក្រឹត្យវិន័យរបស់យើង »(ខ ២១) មានន័យថាបន្តនៅពិតចំពោះសេចក្តីសញ្ញា និង ក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ។
ខ ១៩ មានការសន្យាដែលថា បើសិនបុរស និង ស្ត្រីរៀបការនៅក្នុង « សេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច » ហើយ « សេចក្តីសញ្ញានោះបានភ្ជាប់ដល់ពួកគេដោយព្រះវិញ្ញាណបរិសុទ្ធនៃសេចក្តីសន្យា » នោះ ពួកគេ « នឹងត្រូវបានក្រោកឡើងនៅក្នុងដំណើររស់ឡើងវិញលើកទីមួយ ហើយ…គ្រងបល្ល័ង្កទាំងឡាយ នគរទាំងឡាយ ក្សត្របុរីទាំងឡាយ និង អំណាចទាំងឡាយ » ដរាបណាពួកគេ « នៅជាប់ក្នុងសេចក្តីសញ្ញារបស់យើង ហើយមិនប្រព្រឹត្តិឃាតកម្ម ដោយការកំចាយឈាមអ្នកដែលគ្មានទោសឡើយ » ។ ( សូមមើលផងដរ គ. និង ស. ១៣២:២៧) ។
ឃ្លា « ពូជដ៏បរិបូរ និង បន្តបន្ទាប់ជារៀងដរាបតទៅ » (ខ ១៩) និង « ពួកគេមានបន្តទៅ » (ខ ២០) សំដៅលើការសន្យាដែលគ្រួសារ និង ពូជពង្សរបស់យើងអាចបន្តរហូតអស់កល្បជានិច្ច ។
សូមសរសេរ បើសិន នោះ នៅលើក្តារខៀន ។ សូមអញ្ជើញសិស្សឲ្យបំពេញចន្លោះដើម្បី សង្ខេបការសន្យាដែលបានផ្តល់ឲ្យនៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៩-២១ ។ សូមសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។ ពួកគេអាចរកឃើញគោលការណ៍ដូចខាងក្រោមនេះ ៖
បើសិនបុរសម្នាក់ និងស្រ្តីម្នាក់រស់នៅតាមសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍ នោះពួកគេនឹងទទួលបានភាពតម្កើងឡើង និងសិរីល្អ ។
បើសិនបុរសម្នាក់ និងស្រ្តីម្នាក់នៅជាប់នឹងសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍ នោះពួកគេនឹងមានការកើនឡើងនៃពូជពង្សដ៏អស់កល្បជានិច្ច ។
បើសិនបុរសម្នាក់ និងស្រ្តីម្នាក់នៅជាប់នឹងសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍ នោះអាពាហ៍ពិពាហ៍របស់ពួកគេនឹងមានប្រសិទ្ធិភាពរហូតដល់អស់កល្បអស់កាលជានិច្ច ។
បើសិនបុរសម្នាក់ និងស្រ្តីម្នាក់នៅជាប់នឹងសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចនៃអាពាហ៍ពិពាហ៍ នោះពួកគេនឹងប្រែក្លាយដូចជាព្រះ ។
សូមអានឧទាហរណ៍ខាងក្រោមនេះ ៖
ឧទាហរណ៍ទី៣ ៖ យុវជន និង យុវនារីម្នាក់បានផ្សារភ្ជាប់នៅក្នុងព្រះវិហារបរិសុទ្ធដោយសិទ្ធិអំណាចបព្វជិតភាព ។ ពួកគេទាំងពីររស់នៅដោយស្មោះត្រង់ ហើយគោរពសេចក្តីសញ្ញារបស់ខ្លួន ។ តើសេចក្តីពិតណាខ្លះដែលបានបង្រៀននៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៩-២១ អនុវត្តចំពោះរឿងនេះបន្ទាប់ពីពួកគេស្លាប់ទៅនោះ ? ( អាពាហ៍ពិពាហ៍របស់ពួកគេបន្តជានិរន្តរ៍ ។ ពួកគេនឹងក្លាយដូចជាព្រះវរបិតាដែលគង់នៅឋានសួគ៌ ហើយនឹងត្រូវបានប្រទានពរជាមួយនឹងសិរីល្អ ភាពតម្កើងឡើង និង គ្រួសារអស់កល្បជានិច្ច ) ។
-
តើអ្នកគិតថាស្វាមី និង ភរិយាត្រូវតែធ្វើអ្វីខ្លះដើម្បីនៅជាប់នឹងសេចក្តីសញ្ញានៃអាពាហ៍ពិពាហ៍ ? ( ចម្លើយអាចរួមមានរស់នៅតាមព្រះបន្ទូលរបស់ព្រះ គោរពប្រតិបត្តិតាមគ្រប់អស់ទាំងពិធីបរិសុទ្ធនៃសេចក្តីសង្គ្រោះ មានគុណធម៌ និង សក្តិសម ស្រឡាញ់គ្នា ធ្វើការរួមគ្នាដើម្បីធ្វើជាឪពុកម្តាយល្អ ចិញ្ចឹមកូនចៅដោយសេចក្តីស្រឡាញ់ និង សុចរិត ហើយត្រឡប់ទៅព្រះវិហារបរិសុទ្ធជាមួយគ្នាជាទៀងទាត់ ) ។
សូមឲ្យសិស្សអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:២២-២៥ ដោយស្ងៀមស្ងាត់ដោយផ្តោតយកចិត្តទុកដាក់ជាពិសេសចំពោះ ការពិពណ៌នារបស់ព្រះអម្ចាស់អំពីពាក្យ « ទ្វារ » និង ពាក្យ « ផ្លូវ » ដែលនាំទៅកាន់ភាពតម្កើងឡើង ។ ពីមុនពួកគេអានសូមពន្យល់ថាពាក្យ ចង្អៀត នៅក្នុង ខ ២២ មានន័យថាតូច ឬ យ៉ាងប្រិតប្រៀនដែលមិនឲ្យអ្វីមួយឆ្លងកាត់បាន ។
-
តើរូបភាពនៃទ្វារដ៏ធំ និង ផ្លូវដ៏ទូលាយអាចតំណាងឲ្យទស្សនៈនៅក្នុងសង្គមបច្ចុប្បន្នអំពីទំនាក់ទំនងគូស្វាមីភរិយា និង អាពាហ៍ពិពាហ៍តាមរបៀបណាខ្លះ ? តើទស្សនៈទាំងនេះផ្ទុយទៅនឹងសេចក្ដីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ចខាងអាពាហ៍ពិពាហ៍យ៉ាងដូចម្តេច ?
-
យោងតាម ខ ២២ និង ខ ២៥, ហេតុអ្វីមានមនុស្សជាច្រើនបានបរាជ័យក្នុងការចូលតាមផ្លូវចង្អៀតដែលនាំទៅរកភាពតម្កើងឡើងយ៉ាងដូច្នេះ ? ( ពួកគេពុំទទួលព្រះយេស៊ូវគ្រីស្ទ ពុំចង់ស្គាល់ទ្រង់ ឬ ពុំនៅជាប់នៅក្នុងក្រឹត្យវិន័យទ្រង់ ) ។
-
យោងតាម ខ ២១–២៤, តើយើងចាំបាច់ត្រូវធ្វើអ្វីខ្លះដើម្បីទទួលជីវិតដ៏នៅអស់កល្បជានិច្ច ? ( សូមសង្ខេបចម្លើយរបស់សិស្ស ដោយសរសេរនូវគោលការណ៍ខាងក្រោមនេះលើក្ដារខៀន ៖ ដើម្បីទទួលបានភាពតម្កើងឡើង និង ជីវិតអស់កល្បជានិច្ចយើងត្រូវតែស្គាល់ព្រះវរបិតា និង ព្រះយេស៊ូវគ្រីស្ទ ប្រែក្លាយដូចជាពួកទ្រង់ ហើយនៅជាប់ជាមួយក្រឹត្យវិន័យរបស់ទ្រង់) ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:២៩-៣៣ ដោយពន្យល់ថា អ័ប្រាហាំស្មោះត្រង់ និង គោរពតាមក្រឹត្យវិន័យនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ចរបស់ព្រះអម្ចាស់ ហើយថាលោកបានទទួលការសន្យានៃការកើនឡើងនៃពូជពង្សដ៏នៅអស់កល្បជានិច្ច ។
សូមថ្លែងទីបន្ទាល់ថា នៅពេលយើងធ្វើតាមក្រឹត្យវិន័យរបស់ព្រះ នោះយើងអាចរស់នៅជាមួយទ្រង់ ហើយទទួលបានជីវិតដ៏នៅអស់កល្បជានិច្ច ។
សូមមើលសំណួរដែលអ្នកបានសរសេរនៅលើក្ដារខៀនពីមុនចាប់ផ្ដើមថ្នាក់រៀន ។ សូមអញ្ជើញសិស្សឲ្យឆ្លើយសំណួរទាំងនេះ ក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។ បន្ទាប់ពីទុកពេលគ្រប់គ្រាន់ហើយ អ្នកអាចចង់អញ្ជើញសិស្សម្នាក់ ឬ ពីរនាក់ចែកចាយអារម្មណ៍របស់ពួកគេជាមួយសិស្សក្នុងថ្នាក់ទាំងមូល ។
សូមបញ្ចប់ដោយបង្ហាញរូបភាពក្រុមគ្រួសាររបស់អ្នក ។ សូមចែកចាយអារម្មណ៍ និង ទីបន្ទាល់របស់អ្នកអំពីពរជ័យនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច ។ សូមលើកទឹកចិត្តសិស្សឲ្យរៀបចំខ្លួនក្នុងពេលឥឡូវនេះ ដើម្បីទៅព្រះវិហារបរិសុទ្ធ ហើយរៀបអាពាហ៍ពិពាហ៏សម្រាប់ភាពអស់កល្បជានិច្ច ។ សូមចែកចាយទីបន្ទាល់របស់អ្នកអំពីពរជ័យដែលបានសន្យានៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ និង សេចក្តីអំណរដែលបានមកពីការរៀបចំខ្លួនសម្រាប់អាពាហ៏ពិពាហ៏ក្នុងព្រះវិហារបរិសុទ្ធ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៥ ។ អាពាហ៍ពិពាហ៍ត្រូវបាន « បង្កើតឡើងតាំងពីមុនកំណើតលោកិយមកម្ល៉េះ »
អែលឌើរ រ័សុល អិម ណិលសុន នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានចែកចាយសេចក្តីពិតខាងក្រោមអំពីអាពាហ៍ពិពាហ៍ និង គ្រួសារ ៖
« ផែនដីនេះត្រូវបានបង្តើត ហើយសាសនាចក្រនេះត្រូវបានស្តារឡើងវិញ ដូច្នេះក្រុមគ្រួសារត្រូវបានបង្កើតឡើង ត្រូវបានផ្សារភ្ជាប់ និង ត្រូវបានតម្កើងឡើងដ៏អស់កល្បជានិច្ច ។…
« … អាពាហ៌ពិពាហ៌ក្នុងព្រះវិហារបរិសុទ្ធគឺមិនគ្រាន់តែរវាងស្វាមី និង ភរិយាប៉ុណ្នោះទេ វារួមទាំងមានភាពជាដៃគូជាមួយព្រះ ។
« … ពេលគ្រួសារមួយ ត្រូវបានផ្សារភ្ជាប់ក្នុងព្រះវិហារបរិសុទ្ធ គ្រួសារនោះអាចប្រែក្លាយជាអស់កល្បជានិច្ចដូចនឹងនគរព្រះផងដែរ » (Celestial Marriage » Ensignឬ Liahona, ខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៩៣ ) ។
អែលឌើរ ណិលសុន បានបង្រៀនផងដែរ ៖
« អាពាហ៍ពិពាហ៍នាំមកនូវលទ្ធភាពដែលកាន់តែមហិមាដើម្បីមានសុភមង្គល ជាងទំនាក់ទំនងនានាទាំងអស់របស់មនុស្សយើង ។…
« អាពាហ៍ពិពាហ៍គឺជាប្រភពនៃសណ្តាប់ធ្នាប់សង្គម ប្រភពនៃគុណធម៌ និង ប្រភពសម្រាប់ភាពតម្តើងឡើងអស់កល្បជានិច្ច » (Nurturing Marriage » Ensign ឬ Liahona, ខែ ឧសភា ឆ្នាំ ២០០៦ ទំព័រ ៣៦ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៧ ។ ព្រះវិញ្ញាណបរិសុទ្ធនៃសេចក្តីសន្យា
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានថ្លែងថា ៖
« ព្រះវិញ្ញាណបរិសុទ្ធនៃសេចក្តីសន្យាគឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលបោះត្រាអនុញ្ញាតលើគ្រប់ពិធីបរិសុទ្ធដូចជា ៖ ពិធីបុណ្យជ្រមុជទឹក ពិធីបញ្ជាក់ ពិធីតែងតាំង និងពិធីរៀបអាពាហ៍ពិពាហ៍ ។ ការសន្យានេះគឺថា ពរជ័យនេះនឹងត្រូវបានទទួលតាមរយៈភាពស្មោះត្រង់ ។
« បើសិនមនុស្សម្នាក់រំលងសេចក្តីសញ្ញា ទោះវាជាបុណ្យជ្រមុជទឹក ពិធីតែងតាំង និងពិធីអាពាហ៍ពិពាហ៍ ឬអ្វីផ្សេងទៀតក្តី នោះព្រះវិញ្ញាណនឹងដកត្រានៃការអនុម័តចេញ ហើយពរជ័យនឹងមិនត្រូវបានទទួលទៀតឡើយ ។
« គ្រប់ពិធីតែងតាំងគឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងការសន្យានៃរង្វាន់ ដោយផ្អែកទៅលើភាពស្មោះត្រង់ ។ ព្រះវិញ្ញាណបរិសុទ្ធដកត្រានៃការយល់ព្រមចេញនៅពេលសេចក្តីសញ្ញាត្រូវបានរំលង [ សូមមើល គ. និង ស. ៧៦:៥២–៥៣; ១៣២:៧] » (Doctrines of Salvation, និពន្ធដោយ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ភាគទី ៣ [ ឆ្នាំ ១៩៥៤–៥៦ ] ១:៤៥ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១៩-២០ ។ « នោះពួកគេនឹងទៅជាព្រះ…ពីព្រោះពួកគេមានបន្តទៅ »
អែលឌើរ ប៉ាលី ភី ប្រាត្ត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រាប់អំពីរបៀបដែលជីវិតរបស់លោកបានផ្លាស់ប្តូរ នៅពេលលោកបានទទួលការយល់ដឹងពីគោលលទ្ធិនៃអាពាហ៍ពិពាហ៍ដ៏នៅអស់កល្បជានិច្ច ៖
« យ៉ូសែប ស៊្មីធ គឺជាអ្នកដែលបានបង្រៀនខ្ញុំអំពីរបៀបដើម្បីឲ្យតម្លៃលើទំនាក់ទំនងដ៏គួរឲ្យពេញចិត្តរបស់ឪពុក និង ម្តាយ ស្វាមី និង ភរិយា បងប្អូនប្រុស និង បងប្អូនស្រី កូនប្រុស និង កូនស្រី ។
« វាចេញពីលោកដែលខ្ញុំបានរៀនថា ភរិយាជាទីស្រឡាញ់អស់ពីបេះដូងរបស់ខ្ញុំអាចបាននៅ ជាប់នឹងខ្ញុំសម្រាប់ពេលនេះ និងអស់កល្បអស់កាលជានិច្ច ហើយថាការអាណិតអាសូរ និង សេចក្តីស្រឡាញ់បរិសុទ្ធដែលធ្វើឲ្យយើងស្រឡាញ់គ្នាបញ្ជូនមកពីប្រភពនៃសេចក្តីស្រឡាញ់អស់កល្បដ៏ទេវភាព ។ វាចេញពីលោកដែលខ្ញុំបានរៀនថា យើងអាចបណ្ដុះនូវសេចក្ដីស្រឡាញ់ទាំងនេះ ហើយវាលូតលាស់ និងរីកចម្រើនឡើងដូចគ្នានៅក្នុងពេលអស់កល្បអស់កាលជានិច្ច ខណៈលទ្ធផលនៃការរួមគ្នាដ៏មិនចេះចប់របស់យើងនឹងបង្កបង្កើតជាកូនជាចៅរាប់មិនអស់ដូចផ្កាយនៅលើស្ថានសួគ៌ ឬខ្សាច់នៅលើឆ្នេរសមុទ្រ ។
« វាចេញមកពីលោកដែលខ្ញុំបានរៀនពីសេចក្តីពិតនៃសេចក្តីថ្លៃថ្នូរ និង ជោគវាសនានៃបុត្រាម្នាក់របស់ព្រះ ត្រូវបានផ្តល់ឲ្យជាមួយបព្វជិតភាពដ៏អស់កល្បជានិច្ច ក្នុងនាមជាលោកអយ្យកោ និង មហាក្សត្ររបស់កូនចៅដ៏ច្រើនរាប់មិនអស់របស់ខ្លួន ។ វាចេញមកពីលោកដែលខ្ញុំបានរៀនថា សេចក្តីថ្លៃថ្នូរដ៏ខ្ពស់បំផុតរបស់ភាពជាស្ត្រី គឺ ឈរជាម្ចាស់ក្សត្រី និង ជាស្ត្រីដ៏បរិសុទ្ធសម្រាប់ស្វាមីខ្លួន ហើយសោយរាជ្យជានិរន្តរ៍ក្នុងនាមជាម្ចាស់ក្សត្រីរបស់កូនចៅដ៏ច្រើនឥតគណនា និង មានកូនចៅកាន់តែច្រើនឡើងៗ ។
« ខ្ញុំមានសេចក្តីស្រឡាញ់ពីមុន តែខ្ញុំមិនយល់ពីមូលហេតុវាឡើយ ។ ប៉ុន្ដែឥឡូវនេះខ្ញុំបានស្រឡាញ់—ដោយភាពបរិសុទ្ធ—ជាកម្លាំងនៃអារម្មណ៍ដែលបានតម្កើងឡើង និងលើកឡើងខ្ពស់ដែលនឹងលើកព្រលឹងខ្ញុំឡើងពីអ្វីៗដែលមិនឋិតថេរនៃពិភពលោកយើងនេះ ព្រមទាំងពង្រីកសេចក្តីស្រឡាញ់នេះដូចជាមហាសាគរ ។ ខ្ញុំមានអារម្មណ៍យ៉ាងពិតប្រាកដថាព្រះគឺជាព្រះវរបិតាសួគ៌ ហើយថាព្រះយេស៊ូវគឺជាបងប្រុសរបស់យើង ហើយថាភរិយាជាទីស្រឡាញ់ពេញបេះដូងរបស់ខ្ញុំគឺជាដៃគូអមត អស់កល្ប ជាទេវតាបម្រើមួយដ៏មានសន្តានចិត្តល្អ ដែលបានប្រទានដល់ខ្ញុំធ្វើជាអ្នកលួងលោម ហើយជាមកុដនៃសិរីល្អជានិរន្តរ៍ ។ សរុបមក ពេលនេះខ្ញុំអាចបានស្រឡាញ់ដោយវិញ្ញាណ និងដោយការយល់ដឹងផងដែរ ។
« …យ៉ូសែប ស្ម៊ីធ … បានបើកវាំងននម្ខាង ហើយ [ បានផ្តល់ ] ឲ្យខ្ញុំមើលឃើញទាំងស្រុងឆ្ពោះទៅភាពអស់កល្បជានិច្ច » (Autobiography of Parley P. Pratt, កែសម្រួលដោយ ប៉ាលី ភី ប្រាត្ត ជុញ្ញ័រ [ ឆ្នាំ ១៩៣៨ ] ទំព័រ ២៩៧–៩៨ ) ។
នៅឆ្នាំ ១៩១៦ ប្រធាន យ៉ូសែប អែហ្វ ស្ម៊ីធ ទីប្រឹក្សារបស់លោកក្នុងគណៈប្រធានទីមួយ និង សមាជិកនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់បានប្រកាស ៖
« ដើម្បីបង្កើនកម្រិតនៃការរីកចម្រើនអស់កល្ប និង សមិទ្ធិផលដែលបានធ្វើឲ្យស្គាល់តាមរយៈវិវរណៈដ៏ទេវភាព នោះយើងត្រូវយល់ថាមានតែការរស់ឡើងវិញ និង រូបកាយដ៏មានសិរីរុងរឿងតែប៉ុណ្ណោះ ដែលអាចក្លាយជាឪពុកម្តាយនៃកូនចៅវិញ្ញាណបាន ។ មានតែព្រលឹងដែលបានតម្កើងឡើងបែបនោះប៉ុណ្ណោះ ដែលអាចឈានដល់ភាពចាស់ទុំនៅក្នុងដំណើរការដែលបានកំណត់ទុកនៃជីវិតដ៏នៅអស់កល្បជានិច្ច ហើយវិញ្ញាណដែលកើតមកពី ពួកគេនៅក្នុងពិភពអស់កល្បជានិច្ចនានា នឹង បន្តតាមលំដាប់លំដោយតាមពេលវេលាជាច្រើនតំណាក់កាល ឬ ច្រើនសណ្ឋានដែលឪពុកម្តាយដ៏មានសិរីរុងរឿងនោះបានទទួលភាពតម្កើងឡើង »(The Father and the Son: A Doctrinal Exposition by the First Presidency and the Quorum of the Twelve Apostles, »ការដកស្រង់នៅក្នុង Ensign, ខែ មេសា ឆ្នាំ ២០០២ ទំព័រ ១៨ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:២២-២៥ ។ តើ « ភាពបន្តជីវិតទាំងឡាយ » និង « សេចក្តីស្លាប់ » គឺជាអ្វី ?
អែលឌើរ ប្រ៊ូស អរ ម៉ាក់ខនឃី បានបង្រៀន ៖
« អស់អ្នកដែលទទួលជីវិតដ៏នៅអស់កល្បជានិច្ច ( ភាពតម្កើងឡើង ) ក៏នឹងទទួល ជីវិតដ៏នៅអស់កល្បជានិច្ចនានា, មានន័យថានៅពេលរស់ឡើងវិញពួកគេមាន ‹ ការរីកចម្រើនអស់កល្ប › ‹ ពូជដែលមានជាបន្តបន្ទាប់ › ‹ ភាពបន្តជីវិតទាំងឡាយ › ។ កូនចៅខាងវិញ្ញាណរបស់ពួកគេ នឹង ‹ ច្រើនឥតគណនាដូចជាផ្កាយដែរ ឬ ម្យ៉ាងទៀតបើសិនជាអ្នករាល់គ្នាអាចរាប់ខ្សាច់នៅលើឆ្នេរសមុទ្របាន ក៏អ្នកពុំអាចរាប់ពួកគេអស់ដែរ › ។ (គ. និង ស. ១៣១:១–៤; ១៣២:១៩–២៥, ៣០, ៥៥) » ។ (Mormon Doctrine, ការបោះពុម្ពលើកទី ២. [ ឆ្នាំ ១៩៦៦ ] ទំព័រ ២៣៨ សូមមើលផងដែរ Doctrine and Covenants Student Manual, ការបោះពុម្ពលើកទី ២ [ Church Educational System manual, ឆ្នាំ ២០០១ ] ទំព័រ ៣៣០ ) ។
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បានពន្យល់ ៖
« ពាក្យ ‹ សេចក្តីស្លាប់ › ដែលមាននៅទីនេះ [ នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:២៥] សំដៅលើការកាត់ចេញនៃអស់អ្នកទាំងឡាយណាដែលបដិសេធសេចក្តីសញ្ញានៃអាពាហ៍ពិពាហ៍អស់កល្បជានិច្ចនេះ ហេតុដូច្នោះហើយពួកគេបដិសេធអំណាចនៃភាពតម្កើងឡើង និង មានពូជពង្សជាបន្តបន្ទាប់ទៀត ។ ការបដិសេធពូជពង្ស និង អង្គការគ្រួសារនាំទៅរក ‹ សេចក្តីស្លាប់ › ឬ បញ្ចប់ការរីកចម្រើននៅក្នុងជីវិតបន្ទាប់ » (Church History and Modern Revelation, វគ្គទី ២. [ ឆ្នាំ ១៩៥៣ ] ២:៣៦០សូមមើលផងដែរ Doctrine and Covenants Student Manual, ទំព័រ ៣៣០ ) ។