មេរៀនទី ៨៨
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦២-១២០
បុព្វកថា
នៅខែ កញ្ញា ឆ្នាំ ១៨៣២ បន្ទាប់ពីការបើកសម្ដែងសេចក្ដីពិតអំពីបព្វជិតភាព និងសារៈសំខាន់នៃការប្រុងស្ដាប់តាមព្រះបន្ទូលទ្រង់ ព្រះអម្ចាស់បានគូសបញ្ជាក់អំពីការបញ្ជាឲ្យពួកសាវក និងពួកអ្នកកាន់បព្វជិតភាពដទៃទៀតឲ្យផ្សាយដំណឹងល្អនៅទូទាំងពិភពលោក ។ វិវរណៈនេះបានសង្កត់ធ្ងន់ទៅលើ ការផ្សាយដំណឹងល្អ និងផ្ដល់ការណែនាំស្រដៀងគ្នាទៅដល់អ្នកទាំងឡាយដែលព្រះយេស៊ូវគ្រីស្ទបានប្រគល់ទៅឲ្យពួកសាវកបន្ទាប់ពីការរស់ឡើងវិញរបស់ទ្រង់ ។ ព្រះអម្ចាស់ក៏បានពន្យល់ផងដែរអំពីរបៀបដែលកិច្ចការនេះត្រូវសម្រេច រួមទាំងរបៀបដែលអ្នកទាំងឡាយចូលរួមក្នុងកិច្ចការនេះ នឹងត្រូវបានគាំទ្រ និងបន្ដនៅក្នុងកិច្ចខិតខំរបស់ពួកគេ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦២-៧៦
ព្រះអម្ចាស់បានចេញការហៅមួយឲ្យពួកបរិសុទ្ធថ្លែងទីបន្ទាល់អំពីគោលការណ៍ និងពិធីបរិសុទ្ធទាំងឡាយនៃដំណឹងល្អ
សូមអញ្ជើញសិស្សឲ្យគិតអំពីនរណាម្នាក់ដែលពួកគេស្គាល់ ដែលថ្មីៗនេះ បានទទួលការហៅបម្រើបេសកកម្ម ឬបានចាកចេញទៅបេសកកម្ម ។ សូមឲ្យសិស្សប្រាប់ដល់សិស្សក្នុងថ្នាក់ពីទីកន្លែងដែលអ្នកផ្សព្វផ្សាយសាសនាទាំងឡាយត្រូវបានហៅឲ្យបម្រើ ។ សូមពិចារណាប្រើភូគោលផែនដី ឬផែនទី ដើម្បីជួយសិស្សមើលឃើញពីទីកន្លែងដែលព្រះអម្ចាស់បានហៅពួកអ្នកផ្សព្វផ្សាយសាសនាទាំងនេះ ។
សូមពន្យល់ថា មនុស្សម្នាក់ៗចាំបាច់ត្រូវមានឱកាសដើម្បីរៀនដំណឹងល្អ ។ សូមប្រាប់ពីចំនួនប្រជាជននៅលើផែនដីបច្ចុប្បន្ននេះ ( ប្រហែលជា ៧ កោដ ) ហើយពន្យល់ថា វានឹងមិនអាចទៅរួចទេ ដែលគណៈប្រធានទីមួយ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ និង ពួកចិតសិបនាក់ និងអស់អ្នកដែលកាន់តំណែងនានា ក្នុងការប្រកាសដំណឹងល្អដល់គ្រប់ជាតិសាសន៍ គ្រប់ទីកន្លែង និងបង្រៀនដល់មនុស្សគ្រប់គ្នាបាននោះទេ ។
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦២ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់រកមើលទិសដៅដែលព្រះអម្ចាស់បានប្រទានដល់អ្នកទាំងឡាយដែលមានទំនួលខុសត្រូវក្នុងការផ្សាយដំណឹងល្អ ។
-
ស្របតាម ខ ៦២ តើពួកអ្នកបម្រើរបស់ព្រះអម្ចាស់ត្រូវផ្សាយដំណឹងល្អនៅកន្លែងណាខ្លះ ?
-
បន្ថែមពីលើពួកអ្នកដឹកនាំបព្វជិតភាព តើនរណាផ្សេងទៀតដែលមានទំនួលខុសត្រូវដើម្បីចែកចាយដំណឹងល្អនៅទូទាំងពិភពលោក ? ( សូមជួយសិស្សឲ្យយល់ថា ទោះជាការបម្រើផ្សព្វផ្សាយសាសនាពេញម៉ោងភាគច្រើនត្រូវបានធ្វើឡើងដោយយុវជន យុវនារី និងពួករៀមច្បងក្ដី ក៏ ពួកបរិសុទ្ធថ្ងៃចុងក្រោយទាំងអស់ មានទំនួលខុសត្រូវដើម្បីពាំនាំដំណឹងល្អទៅកាន់ពិភពលោកទាំងមូលផងដែរ )។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖
« បទគម្ពីរជាច្រើនបានថ្លែងយ៉ាងច្បាស់ថា សមាជិកនៃសាសនាចក្រគ្រប់រូប មានទំនួលខុសត្រូវដើម្បីធ្វើកិច្ចការផ្សព្វផ្សាយសាសនា ។…
« ពួកព្យាការីក្នុងគ្រាកាន់កាប់ត្រួតត្រានេះ ក៏បានបង្រៀនយ៉ាងច្បាស់អំពីបរិបទដែលថា ការងារផ្សព្វផ្សាយសាសនាគឺជាការទទួលខុសត្រូវរបស់សមាជិកទាំងអស់ដែរ ។ ប្រធាន ដេវីឌ អូ មិកឃេ បានបង្រៀនអំពីគោលការណ៍នេះ ដោយមានប្រសាសន៍អញ្ជើញថា ‹ សមាជិកគ្រប់រូបគឺជាអ្នកផ្សព្វផ្សាយសាសនា ! › ( សូមមើល របាយការណ៍សន្និសីទ ខែ មេសា ឆ្នាំ ១៩៥៩ ទំព័រ ១២២ ) » « It Becometh Every Man, »Ensign, ខែ តុលា ឆ្នាំ ១៩៧៧,ទំព័រ ៣ ) ។
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់អំពីអ្វីដែលអ្នកទាំងឡាយជឿ ហើយត្រូវបានទទួលបុណ្យជ្រមុជទឹក អាចទទួលបាន ។ សូមអញ្ជើញសិស្សឲ្យរៀបរាប់ អំពីចម្លើយរបស់ពួកគេ ។
-
ហេតុអ្វីក៏វាសំខាន់សម្រាប់មនុស្សទទួលយកដំណឹងល្អ ទទួលបុណ្យជ្រមុជទឹក និងទទួលព្រះវិញ្ញាណបរិសុទ្ធ ? ( យើងត្រូវតែទទួលបុណ្យជ្រមុជទឹក ហើយទទួលព្រះវិញ្ញាណបរិសុទ្ធដើម្បីចូលទៅក្នុងនគរនៃព្រះ ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៦៥–៧៣ ដោយស្ងាត់ស្ងៀម ហើយប្រាប់ពីអ្វីដែលព្រះអម្ចាស់បានសន្យាដល់អ្នកទាំងឡាយដែលជឿដល់ពួកអ្នកបម្រើទ្រង់ ហើយត្រូវបានជ្រមុជទឹក ។ សូមឲ្យសិស្សរាយការណ៍អំពីការរកឃើញរបស់ពួកគេដល់សិស្សក្នុងថ្នាក់ ។
-
ហេតុអ្វីអ្នកគិតថាអំណោយទានទាំងនេះ នឹងសំខាន់សម្រាប់អ្នកទាំងឡាយដែលផ្សាយ និងអ្នកទាំងឡាយដែលជឿដំណឹងល្អយ៉ាងដូច្នេះ ?
-
តើបទបញ្ញត្តិអ្វីដែលព្រះអម្ចាស់បានប្រទានឲ្យនៅក្នុងខ ៧៣ ?
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៧៤-៧៦ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយប្រាប់ពីអ្វីដែលបានកើតឡើងដល់បុគ្គលម្នាក់ៗដែលជ្រើសរើសមិនជឿដំណឹងល្អ ហើយមិនទទួលបុណ្យជ្រមុជទឹក ។
-
តើមានអ្វីកើតឡើងដល់អ្នកទាំងឡាយដែលជ្រើសរើសមិនជឿ និងមិនព្រមទទួលបុណ្យជ្រមុជទឹក ?
-
ផ្អែកទៅលើអ្វីដែលអ្នកបានអានមកពី គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤ តើអ្នកនឹងសង្ខេបអំពីសារៈសំខាន់នៃការបង្រៀនអ្នកដទៃអំពីដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទយ៉ាងដូចម្ដេច ?
គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៧៧-១២០
ព្រះអម្ចាស់ប្រទានការណែនាំដល់អ្នកទាំងឡាយដែលត្រូវបានហៅឲ្យផ្សាយដំណឹងល្អរបស់ទ្រង់
-
តើមានអ្វីខ្លះដែលបណ្ដាលឲ្យមនុស្សម្នាក់ស្ទាក់ស្ទើរពុំបម្រើព្រះអម្ចាស់ក្នុងនាមជាអ្នកផ្សព្វផ្សាយសាសនាម្នាក់ ? ( ចម្លើយអាចរួមមាន ការភ័យខ្លាចក្នុងការចាកចេញពីផ្ទះ និងគ្រួសារ ការលះបង់ពេលវេលា និងឱកាស ឧបសគ្គខាងហិរញ្ញវត្ថុ ឧបសគ្គក្នុងការនិយាយទៅកាន់មនុស្សចម្លែកអំពីដំណឹងល្អ និង បារម្ភអំពីការរៀនភាសាថ្មី ) ។
សូមពន្យល់ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៧៧-៨៨ កត់ត្រាអំពីការអះអាងរបស់ព្រះអម្ចាស់ចំពោះអ្នកផ្សព្វផ្សាយសាសនាថា ទ្រង់នឹងមើលថែតម្រូវការរបស់ពួកគេ ។ ទ្រង់ក៏បានសន្យានឹងពួកគេផងដែរនូវពរជ័យផ្សេងទៀត បើពួកគេនឹងបំពេញទំនួលខុសត្រូវរបស់ពួកគេដើម្បីផ្សាយដំណឹងល្អ ។
សូមថតចម្លង តារាងដូចខាងក្រោម នៅលើក្ដារខៀន ហើយសុំឲ្យសិស្សចម្លងវាចូលទៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬកំណត់ហេតុការសិក្សាព្រះគម្ពីរ ៖
ការបម្រើបេសកកម្ម | |
---|---|
ទំនួលខុសត្រូវ |
ពរជ័យទាំងឡាយ |
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៨០, ៨៥, ៨៧–៨៨ ហើយរកមើលទំនួលខុសត្រូវ និងពរជ័យទាំងឡាយនៃការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ។ ( អ្នកអាចនឹងចង់សរសេរសេចក្ដីយោងបទគម្ពីរនេះនៅលើក្ដារខៀន ) ។ អ្នកអាចនឹងផ្ដល់យោបល់ឲ្យសិស្សអាន ជាគូៗ ដោយសិស្សម្នាក់រកមើលទំនួលខុសត្រូវ ហើយសិស្សម្នាក់ទៀតប្រាប់អំពីពរជ័យទាំងឡាយ ។ សូមសិស្សឲ្យសរសេរអំពីការរកឃើញរបស់ពួកគេនៅក្នុងកូឡោនត្រឹមត្រូវក្នុងតារាងរបស់ពួកគេ ។
ក្រោយពីទុកពេលគ្រប់គ្រាន់ហើយ សូមសួរសំណួរដូចខាងក្រោម ៖
-
តើអ្នករៀនបានអ្វីខ្លះ អំពីទំនួលខុសត្រូវនៃការបម្រើជាអ្នកផ្សព្វផ្សាយសាសនា ? ( អ្នកអាចនឹងចាំបាច់ត្រូវពន្យល់ថា ពួកអ្នកផ្សព្វផ្សាយសាសនា « ចេញទៅស្ដីបន្ទោសមនុស្សលោក » (គ. និង ស. ៨៤:៨៧) ដោយការបង្រៀនអ្នកដទៃអំពីគោលលទ្ធិនៃដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ និងដោយការអញ្ជើញពួកគេឲ្យប្រែចិត្ត ហើយរស់នៅតាមគោលលទ្ធិទាំងនោះដោយសុទ្ធចិត្ត ) ។
-
តើព្រះអម្ចាស់នឹងប្រទានពរដល់យើងយ៉ាងដូចម្ដេច នៅពេលយើងចែកចាយដំណឹងល្អជាមួយអ្នកដទៃ ? ( សិស្សអាចប្រើពាក្យផ្សេង ប៉ុន្តែចម្លើយរបស់ពួកគេគួរតែឆ្លុះបញ្ចាំងនូវគោលការណ៍ដូចខាងក្រោម ៖ព្រះអម្ចាស់នឹងពង្រឹងយើង ហើយគង់នៅជាមួយយើង នៅពេលយើងចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។ អ្នកអាចសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើការសន្យាដែលបានថ្លែងនៅក្នុងគោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៨០, ៨៥, និង ៨៨ អាចមានឥទ្ធិពលដល់បំណងប្រាថ្នា និងលទ្ធភាពរបស់បុគ្គលម្នាក់ៗ ដើម្បីចែកចាយដំណឹងល្អយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សម្នាក់អានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយប្រធាន ហិនរី ប៊ី អាវរិង នៃគណៈប្រធានទីមួយ ៖
« យើងពុំចាំបាច់ព្រួយចិត្តថា យើងនៅឯកកោ និងគ្មានក្ដីស្រឡាញ់នៅក្នុងការបម្រើរបស់ព្រះអម្ចាស់នោះទេ ពីព្រោះ យើងពុំមែនបែបនោះទេ ។ យើងអាចទទួលអារម្មណ៍ពីក្ដីស្រឡាញ់របស់ព្រះ ។ ព្រះអង្គសង្គ្រោះបានសន្យាថាពួកទេវតានឹងនៅខាងឆ្វេងយើង និងខាងស្ដាំយើងដើម្បីលើកទ្រយើងឡើង ។ ( សូមមើល គ. និង ស. ៨៤:៨៨) ។ ហើយទ្រង់តែងតែរក្សានូវព្រះបន្ទូលទ្រង់ » (Mountains to Climb »Ensignឬលីអាហូណាខែ ឧសភា ឆ្នាំ ២០១២ ទំព័រ ២៦ ) ។
ថ្លែងទីបន្ទាល់ថា ព្រះអម្ចាស់នឹងពង្រឹងយើង ហើយគង់នៅជាមួយយើង នៅពេលយើងចែកចាយដំណឹងល្អជាមួយអ្នកដទៃ ។ អ្នកក៏អាចនឹងចង់ចែកចាយបទពិសោធន៍មួយចេញពីជីវិតផ្ទាល់របស់អ្នកដែលបង្ហាញពីគោលការណ៍នេះ ។
សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖ ខ្ញុំនឹងបំពេញទំនួលខុសត្រូវរបស់ខ្ញុំដើម្បីចែកចាយដំណឹងល្អដោយ …
សូមអញ្ជើញពួកគេឲ្យបំពេញសេចក្ដីថ្លែងការណ៍នៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីររបស់ពួកគេ ។ ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយពីអ្វីដែលពួកគេបានសរសេរ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៨៩–៩៧ ដោយការពន្យល់ថា ព្រះអម្ចាស់បញ្ជាក់ថា អ្នកទាំងឡាយដែលទទួលអ្នកផ្សព្វផ្សាយសាសនារបស់ទ្រង់ ក៏ទទួលយកទ្រង់ដែរ ហើយនឹងត្រូវបានប្រទានពរ ។ ផ្ទុយទៅវិញ អ្នកទាំងឡាយដែលបដិសេធពួកអ្នកបម្រើរបស់ព្រះ និងព្រះបន្ទូលរបស់ទ្រង់ នឹងបាត់បង់ពរជ័យ ហើយនឹងត្រូវបណ្ដាសា ។
ចូរពន្យល់ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៩៨-១០២ មាននូវទំនុកចម្រៀងនៃក្ដីអំណរ និងការសរសើរ ទាក់ទងនឹងការប្រោសលោះនៃស៊ីយ៉ូន ។ ឃ្លា « ការប្រោសលោះនៃស៊ីយ៉ូន » សំដៅទៅលើស្ថានភាពដែលរាស្ត្រនៃសេចក្ដីសញ្ញារបស់ព្រះ នៅថ្ងៃមួយនឹងរីករាយ ដោយសារពួកគេបានជ្រើសរើសមករកទ្រង់ ហើយទទួលរាល់ពិធីបរិសុទ្ធ និងពរជ័យនៃដំណឹងល្អ ។ សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:៩៨ ឲ្យឮៗ ។ សូមចង្អុលបង្ហាញថា ចម្រៀងនៃការប្រោសលោះនៃស៊ីយ៉ូន នឹងត្រូវបានច្រៀងបន្ទាប់ពីការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ នៅពេលមនុស្សទាំងអស់ដែលនៅលើផែនដីនឹងមកស្គាល់ទ្រង់ ។
សូមបង្ហាញរូបភាពនៃដៃគូអ្នកផ្សព្វផ្សាយសាសនាមួយគូ ។ ( បើអ្នកបានបម្រើជាអ្នកផ្សព្វផ្សាយសាសនា អ្នកអាចនឹងចង់បង្ហាញដល់សិស្សនូវរូបភាពមួយអំពីខ្លួនអ្នកជាមួយនឹងដៃគូ ដែលជាប្រភពនៃកម្លាំងចំពោះអ្នក ) ។
-
ហេតុអ្វីអ្នកគិតថា ព្រះអម្ចាស់ហៅអ្នកផ្សព្វផ្សាយសាសនាឲ្យបម្រើជាដៃគូដូច្នេះ ?
-
តើការហៅមួយចំនួនទៀតនៅក្នុងសាសនាចក្រដែលយើងបម្រើជាមួយនឹងមនុស្សផ្សេងទៀតមានអ្វីខ្លះ ? ( ចម្លើយអាចរួមមាន គណៈប្រធាន ដៃគូបង្រៀនតាមផ្ទះ និងដៃគូសួរសុខទុក្ខតាមផ្ទះ និងគណៈកម្មការនានា ) ។
សូមឲ្យសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១០៦ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម ហើយប្រាប់នូវអ្វីដែលព្រះអម្ចាស់បានណែនាំដល់សមាជិកសាសនាចក្រឲ្យធ្វើដើម្បីពង្រឹងដល់គ្នាទៅវិញទៅមក ។
-
តើព្រះអម្ចាស់ប្រាប់ឲ្យសមាជិកសាសនាចក្រធ្វើអ្វីខ្លះ ដើម្បីពង្រឹងដល់គ្នាទៅវិញទៅមក? ( សិស្សគួរតែប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ អ្នកទាំងឡាយដែលរឹងមាំនៅក្នុងព្រះវិញ្ញាណ គឺត្រូវស្អាងដល់អ្នកទាំងឡាយដែលទន់ខ្សោយ )។
-
តើអ្នកគិតថា « រឹងមាំនៅក្នុងព្រះវិញ្ញាណ » វាមានន័យយ៉ាងណា ? តើនៅពេលណាដែលអ្នកត្រូវបានលើកតម្កើងតាមរយៈការធ្វើការជាមួយនរណាម្នាក់ដែលរឹងមាំនៅក្នុងព្រះវិញ្ញាណ ? ( បន្ទាប់ពីសិស្សឆ្លើយតប អ្នកអាចនឹងចង់ចែកចាយបទពិសោធន៍មួយ ។ បើអ្នកមានរូបថតខ្លួនឯង និងដៃគូផ្សព្វផ្សាយសាសនា មកដាក់តាំង នោះអ្នកអាចពន្យល់អំពីរបៀបដែលដៃគូនេះបានជួយពង្រឹងដល់អ្នក) ។
សូមឲ្យសិស្សពិចារណាអំពីស្ថានភាពខាងវិញ្ញាណបច្ចុប្បន្នរបស់ពួកគេ ។ សូមអញ្ជើញអ្នកទាំងឡាយដែលគិតថាខ្លួនឯងទន់ខ្សោយខាងវិញ្ញាណឲ្យគិតអំពីនរណាម្នាក់ ដែលពួកគេស្គាល់ ដែលរឹងមាំខាងវិញ្ញាណ ហើយស្វែងរកឱកាសដើម្បីរៀនមកពីបុគ្គលនេះ ។ សូមអញ្ជើញអ្នកទាំងឡាយដែលគិតថា ខ្លួនគេរឹងមាំខាងវិញ្ញាណឲ្យស្វែងរកវិធីដើម្បីលើកទឹកចិត្ត និងពង្រឹងដល់អ្នកដទៃ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១០៩–១១០ ដោយស្ងាត់ស្ងៀម ហើយរកមើលអ្វីមួយទៀត ដែលសមាជិកនៃសាសនាចក្រអាចធ្វើដើម្បីពង្រឹងដល់គ្នាទៅវិញទៅមក ។
-
នៅក្នុងខគម្ពីរទាំងនេះ តើចំណែកផ្សេងៗនៃរូបកាយតំណាងឲ្យអ្វី ? ( សមាជិកទាំងឡាយនៃសាសនាចក្រ ) ។ តើនិមិត្តរូបនេះអាចបង្រៀនយើងអំពីការពង្រឹងដល់គ្នាទៅវិញទៅមកយ៉ាងណាខ្លះ ? ( យើងចាំបាច់ត្រូវចងចាំអំពីតម្លៃ និងសារៈសំខាន់នៃសមាជិកម្នាក់ៗក្នុងសាសនាចក្រ ) ។
សូមបញ្ជាក់ថា ព្រះអម្ចាស់ស្រឡាញ់យើងម្នាក់ៗ ហើយបានប្រទានដល់យើងម្នាក់ៗនូវទេពកោសល្យផ្សេងៗគ្នា ដែលយើងអាចប្រើដើម្បីបម្រើដល់អ្នកដទៃ ។
សូមពន្យល់ថា បន្ទាប់ពីការផ្ដល់ការណែនាំខ្លះៗដល់ ប៊ីស្សព នូវល ខេ វីតនី និង អ្នកកាន់បព្វជិតភាពដទៃទៀត ( សូមមើលគ. និង ស. ៨៤:១១១–១១៧) ព្រះអម្ចាស់បានធ្វើសេចក្ដីសន្យាមួយដល់ពួកអ្នកបម្រើរបស់ទ្រង់ដែលបានចេញទៅដោយសេចក្ដីជំនឿ ។ សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៤:១១៨-១១៩ ឲ្យឮៗ ។ សូមសិស្សក្នុងថ្នាក់ឲ្យផ្ទៀងតាម រកមើលអ្វី ដែលព្រះអម្ចាស់បានសន្យា ។
-
ស្របតាមខគម្ពីរទាំងនេះ តើព្រះអម្ចាស់បានសន្យាដល់ ពួកអ្នកបម្រើស្មោះត្រង់របស់ទ្រង់ថា មើលឃើញអ្វីខ្លះ ? តើអ្នកបានមើលឃើញព្រះអម្ចាស់ប្រើព្រះចេស្ដានៃស្ថានសួគ៌នៅក្នុងជំនាន់របស់យើងយ៉ាងដូចម្ដេច ?
សូមថ្លែងទីបន្ទាល់ថា ទោះជាមនុស្សមួយចំនួនក្នុងពិភពលោក ពុំអាចមើលឃើញព្រះចេស្ដារបស់ព្រះអម្ចាស់ក្ដី ក៏ថ្ងៃមួយនឹងមកដល់ ពេលដែលមនុស្សទាំងអស់នឹងមើលឃើញទ្រង់ ហើយស្គាល់ថាទ្រង់ជានរណា ។