មេរៀនទី ១៥៨
ការពន្លឿនកិច្ចការនៃសេចក្ដីសង្គ្រោះ
បុព្វកថា
តាំងពីការចាប់ផ្ដើមនៃការស្ដារឡើងវិញ កិច្ចការនៃព្រះអម្ចាស់បានពង្រីកទៅទូទាំងពិភពលោក ។ យើងរស់នៅក្នុងជំនាន់មួយ ដែលព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ ។ យុវវ័យនៃសាសនាចក្រមានធនធាន និងឱកាសជាច្រើនដើម្បីរួមចំណែកចំពោះការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ។
យោបល់សម្រាប់ការបង្រៀន
ព្រះអម្ចាស់ កំពុងពន្លឿនកិច្ចការរបស់ទ្រង់
សូមអញ្ជើញសិស្សឲ្យដើរពីជ្រុងម្ខាងទៅជ្រុងម្ខាងទៀតនៃបន្ទប់ថ្នាក់រៀនដោយល្បឿនធម្មតា ។ បន្ទាប់មកសុំសិស្សឲ្យដើរឆ្លងកាត់បន្ទប់ម្ដងទៀត ហើយដើរក្នុងដំណើរលឿន ឬបង្កើនល្បឿន ។ ខណៈដែលសិស្សកំពុងដើរឆ្លងកាត់បន្ទប់ជាលើកទីពីរ សូមសួរដល់សិស្សក្នុងថ្នាក់នូវសំណួរដូចខាងក្រោម ៖
-
តើការពន្លឿនអ្វីមួយមានន័យយ៉ាងណា ? ( បង្កើនល្បឿនវា ) ។ តើមានមូលហេតុបែបណាខ្លះដែលមនុស្សអាចនឹងពន្លឿន ឬបង្កើនល្បឿនការងារនោះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៣ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ស្វែងរកអ្វី ដែលព្រះអម្ចាស់បានមានបន្ទូលថា ទ្រង់នឹងពន្លឿន ។ សូមឲ្យសិស្សរៀបរាប់ពីអ្វីដែលពួកគេរកឃើញ ។
-
តើអ្នកគិតថាការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ មានន័យយ៉ាងណាចំពោះទ្រង់ ?
យោងទៅលើ គោលលទ្ធិ និង សេចក្ដីសញ្ញា ៨៨:៧៣អែលឌើរ រ័សុល អិម ណិលសុន បានមានប្រសាសន៍ថា « ពេលវេលានៃការពន្លឿននោះ គឺជាពេលឥឡូវនេះហើយ » («Thus Shall My Church Be Called» Ensign ខែ ឧសភា ឆ្នាំ ១៩៩០ ទំព័រ ១៧ ) ។ សូមសរសេរនូវគោលលទ្ធិដូចខាងក្រោមនៅលើក្ដារខៀន ៖យើងរស់នៅក្នុងគ្រាមួយដែលព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ ។
-
តើអ្នកបានធ្វើជាសាក្សីថា ព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ តាមរបៀបណាខ្លះ ?
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣៣:១០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ស្វែងរកនូវអ្វីដែលខគម្ពីរនេះ ផ្ដល់យោបល់អំពីមូលហេតុដែលព្រះអម្ចាស់នឹងពន្លឿនកិច្ចការរបស់ទ្រង់ ។
-
តើខគម្ពីរនេះផ្ដល់យោបល់ដូចម្តេចខ្លះ អំពីមូលហេតុដែលព្រះអម្ចាស់នឹងពន្លឿនកិច្ចការរបស់ទ្រង់ ? ( ដើម្បីជួយមនុស្សត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ) ។
សូមដាក់បង្ហាញរូបភាព ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល (សៀវភៅសិល្បៈដំណឹងល្អ [ឆ្នាំ ២០០៩ ] ទំព័រ ១៣៣, សូមមើលផងដែរ LDS.org) ។ សូមពន្យល់ថា អំឡុងពេលការបម្រើរបស់ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ក្នុងនាមជាប្រធានសាសនាចក្រ ព្រះអម្ចាស់បានពន្លឿនកិច្ចការរបស់ទ្រង់ ។ ឧទាហរណ៍ កិច្ចការផ្សព្វផ្សាយសាសនាបានពង្រីក ហើយសាសនាចក្របានបោះពុម្ពកំណែថ្មីនៃព្រះគម្ពីរ ។ នៅពេលលោកលើកទឹកចិត្តដល់សមាជិកសាសនាចក្រឲ្យបោះជំហានឆ្ពោះទៅមុខ នោះប្រធាន ឃឹមបឹលបានមានប្រសាសន៍ថា សាសនាចក្រ « បានបញ្ឈប់ជំហាននៅត្រង់កន្លែងខ្លះ យូរល្មមគ្រប់គ្រាន់ហើយ » ( «Let Us Move Forward and Upward» Ensign ខែ ឧសភា ឆ្នាំ ១៩៧៩ ទំព័រ ៨២ ) ។ លោកក៏បានបង្រៀនផងដែរថា « យើងត្រូវតែពង្រីកការបោះជំហានរបស់យើង ហើយត្រូវតែធ្វើវាឥឡូវនេះ » (Always a Convert Church: Some Lessons to Learn and Apply This Year » Ensign ខែកញ្ញា ឆ្នាំ ១៩៧៥ ទំព័រ ៣ ) ។
-
តើអ្នកគិតថាប្រធាន ឃឹមបឹល ចង់មានន័យយ៉ាងណា នៅពេលលោកមានប្រសាសន៍ថា យើងត្រូវតែ « ពង្រីកការបោះជំហានរបស់យើង » ?
ដើម្បីជួយសិស្សយល់អំពីរបៀបមួយចំនួន ដែលព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់បច្ចុប្បន្ននេះ និងរបៀបមួយចំនួនដែលពួកគេអាចចូលរួមនៅក្នុងកិច្ចការរបស់ទ្រង់ សូមធ្វើសកម្មភាពដូចខាងក្រោម ៖
សូមបំបែកសិស្សជាបីក្រុម ហើយផ្ដល់ដល់សិស្សក្នុងក្រុមនិមួយៗនូវ ច្បាប់ចម្លងនៃកិច្ចការបង្រៀនមួយដូចខាងក្រោម។ សូមផ្ដល់ដល់សិស្សនូវរយៈពេលពីរបីនាទីដើម្បីសិក្សា និងត្រៀមខ្លួនដើម្បីបង្រៀនតាមកិច្ចការរបស់ពួកគេដល់មិត្តរួមថ្នាក់ ។ បន្ទាប់ពីផ្ដល់ពេលគ្រប់គ្រាន់ហើយនោះ សូមរៀបចំសិស្សជាក្រុមៗដែលមានបីនាក់ ដោយមានសិស្សម្នាក់ពីក្រុមដើមនិមួយៗ ។ សូមអញ្ជើញសិស្សឲ្យផ្លាស់វេនគ្នាង្រៀនក្រុមរបស់ពួកគេ អំពីរបៀបដែលព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ និងរបៀបដែលពួកគេអាចចូលរួមក្នុងកិច្ចការនោះ ។
កិច្ចការបង្រៀនទី ១ ៖ ការពន្លឿនកិច្ចការផ្សព្វផ្សាយសាសនា
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានប្រាប់ពួកបរិសុទ្ធថា ព្រះអម្ចាស់បានរៀបចំ ដើម្បីបើកទ្វាសម្រាប់ពួកគេឲ្យចែកចាយដំណឹងល្អ រួមទាំងនៅក្នុងជាតិសាសន៍ដែលពុំអនុញ្ញាតឲ្យមានកិច្ចការផ្សព្វផ្សាយសាសនាផងដែរ ។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានមានប្រសាសន៍ថា ពួកបរិសុទ្ធចាំបាច់ត្រូវត្រៀមខ្លួនឯងដើម្បីទទួលយកឱកាសនោះផងដែរ ។ ប្រធាន ឃឹមបឹលក៏បានថ្លែងទីបន្ទាល់ថា បើយុវជនគ្រប់រូបត្រៀមខ្លួនបម្រើបេសកកម្មពេញម៉ោង នោះព្រះអម្ចាស់នឹងបើកទ្វា ហើយផ្ដល់មធ្យោបាយមួយសម្រាប់កិច្ចការផ្សព្វផ្សាយសាសនា ដើម្បីចេញទៅពេញពិភពលោកទាំងមូល ។ លោកបានប្រកាសថា ៖
« ខ្ញុំដឹងថា ពួកគេមានវាំងនន ដូចជាវាំងននដែក និងវាំងននឬស្សី ។ ខ្ញុំដឹងថាវាលំបាកខ្លាំង ដោយសារយើងបានខិតខំបញ្ចេញសមត្ថភាពខ្លះហើយ ។… « ប៉ុន្តែខ្ញុំអាចមើលឃើញថា វាគ្មានហេតុផលល្អទេ ដែលព្រះអម្ចាស់នឹងបើកទ្វារ ដែលយើងពុំបានត្រៀមខ្លួនដើរចូលទៅនោះ ។ ហេតុអ្វីក៏ទ្រង់គប្បីបំបាក់វាំងននដែក ឬវាំងននឬស្សី ឬវាំងននផ្សេងទៀត បើយើងពុំត្រៀមខ្លួនដើម្បីដើរចូលផងនោះ ? «When the World Will Be Converted,»Ensignខែ តុលា ឆ្នាំ ១៩៧៤ ទំព័រ ៥, ៧ ) ។
សមាជិកនៃសាសនាចក្របានធ្វើតាមការទូន្មានរបស់ប្រធាន ឃឹមបឹល ហើយបានត្រៀមខ្លួនដើម្បីចែកចាយដំណឹងល្អ ។ អំឡុងការដឹកនាំរបស់ប្រធាន ឃឹមបឹល នោះចំនួនអ្នកផ្សព្វផ្សាយសាសនាពេញម៉ោង បានកើនឡើងច្រើនជាង ៥០ ភាគរយ ។ នៅចុងឆ្នាំ ១៩៨០ និងដើមឆ្នាំ ១៩៩០ រដ្ឋាភិបាលអាល្លឺម៉ង់ខាងកើត ប្រទេសជាតិទាំងឡាយនៅក្នុងសហភាពសូវៀតពីដើម និងប្រទេសជាតិនានាឯទៀត ជាទីកន្លែងដែលកិច្ចការផ្សព្វផ្សាយសាសនាត្រូវបានដាក់កំហិតពីមុននោះ បានចាប់ផ្ដើមអនុញ្ញាតឲ្យអ្នកផ្សព្វផ្សាយសាសនាចូលទៅចែកចាយដំណឹងល្អនៅក្នុងប្រទេសទាំងនេះ ។ ការព្យាករណ៍របស់ប្រធាន ឃឹមបឹល ត្រូវបានបំពេញ ។
នៅក្នុងខែតុលា ឆ្នាំ ២០០៨ ប្រធាន ថូម៉ាស អេស ម៉នសុន បានថ្លែងបញ្ជាក់ឡើងវិញនូវដំបូន្មានដែលប្រធាន ឃឹមបឹល បានផ្ដល់ឲ្យថា ៖
« នៅមាន …តំបន់ជាច្រើននៅក្នុងពិភពលោកដែលឥទ្ធិពលរបស់យើងនៅមានកម្រិត ហើយជាកន្លែងដែលយើងពុំត្រូវបានអនុញ្ញាតឲ្យចែកចាយដំណឹងល្អដោយសេរី ។ ក៏ដូចជាប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល កាលពី ៣២ ឆ្នាំមុន ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យអធិស្ឋានសុំការបើកតំបន់ទាំងនោះ ដើម្បីយើងអាចចែកចាយជាមួយពួកគេនូវសេចក្ដីអំណរនៃដំណឹងល្អ ។ នៅពេលយើងបានអធិស្ឋានក្នុងការឆ្លើយតបចំពោះការអង្វរកររបស់ប្រធាន ឃឹមបឹល នោះយើងបានឃើញអព្ភូតហេតុបើកសម្ដែងពីប្រទេសមួយទៅប្រទេសមួយ ដែលកាលពីមុនបានបិទទ្វារចំពោះសាសនាចក្រ ត្រូវបានបើកទ្វារឲ្យសាសនាចក្រចូលវិញ ។ ការណ៍ដូច្នេះ នឹងកើតឡើងម្ដងទៀត នៅពេលយើងអធិស្ឋានដោយសេចក្ដីជំនឿ (« Welcome to Conference»Ensignឬ លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០០៨ ទំព័រ ៦ ) ។
សូមចង្អុលបង្ហាញថា នៅពេលប្រធាន ឃឹមបឹល បានលើកទឹកចិត្តដល់សមាជិកសាសនាចក្រឲ្យពង្រីកជំហានរបស់ពួកគេ នោះលោកបានបញ្ជាក់អំពីទំនួលខុសត្រូវមួយរបស់យុវជនគ្រប់រូបក្នុងសាសនាចក្រ ។ សូមអញ្ជើញសមាជិកម្នាក់ពីក្រុមរបស់អ្នកឲ្យអាននូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមឲ្យឮៗ ៖
« សំណួរត្រូវបានសួរជារឿយៗថា ៖ តើយុវជនគ្រប់រូបគួរតែបំពេញបេសកកម្មដែរឬទេ ? ហើយចម្លើយត្រូវបានប្រទានឲ្យដោយព្រះអម្ចាស់ ។ គឺ ‹ពិតមែនហើយ› ។ យុវជនគ្រប់រូបគប្បីបំពេញបេសកកម្ម » («When the World Will Be Converted» ទំព័រ ៨ )។
សូមរំឮកសមាជិកនៃក្រុមរបស់អ្នកថា ពួកព្យាការីបានបន្ដលើកទឹកចិត្តយុវជនដែលសក្ដិសម និងមានសមត្ថភាពគ្រប់រូប បម្រើបេសកកម្មពេញម៉ោង ។ ពួកព្យាការីក៏ស្វាគមន៍ដល់យុវនារីឲ្យបម្រើបេសកកម្មពេញម៉ោងផងដែរ បើពួកគេមានបំណងចង់ធ្វើ ។ នៅខែតុលា ឆ្នាំ ២០១២ ប្រធាន ថូម៉ាស អេស ម៉នសុន បានប្រកាសអំពីការផ្លាស់ប្ដូរអាយុដែលតម្រូវឲ្យចេញផ្សព្វផ្សាយសាសនា ដោយអនុញ្ញាតឲ្យយុវជនចាប់ផ្ដើមការបម្រើនៅវ័យ ១៨ ឆ្នាំ ហើយយុវនារីនៅវ័យ ១៩ ឆ្នាំ ។
សូមពិភាក្សាសំណួរខាងក្រោមនេះជាក្រុម ៖
-
ស្របតាមពួកព្យាការីថ្ងៃចុងក្រោយ តើការរំពឹងទុកអ្វីខ្លះដែលព្រះអម្ចាស់មានចំពោះយុវជន ទាក់ទងនឹងកិច្ចការផ្សព្វផ្សាយសាសនាពេញម៉ោង ? ( ទោះសមាជិកក្រុមអាចប្រើពាក្យផ្សេងក្ដី ក៏ចម្លើយរបស់ពួគគេគប្បីឆ្លុះបញ្ចាំងនូវគោលការណ៍ដូចខាងក្រោម ៖យុវជនគ្រប់រូបគប្បីត្រៀមខ្លួនបម្រើបេសកកម្មពេញម៉ោង ហើយរក្សាខ្លួនឲ្យបានសក្ដិសមដើម្បីបម្រើ )។
-
ហេតុអ្វីក៏យុវជនគ្រប់រូបគប្បីត្រៀមខ្លួនបម្រើបេសកកម្មពេញម៉ោងយ៉ាងដូច្នេះ ?
-
តើការត្រៀមខ្លួនសម្រាប់បេសកកម្មនាពេលឥឡូវនេះ អាចជួយអ្នករួមចំណែកចំពោះកិច្ចការរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
-
តើអ្នកគិតថា ការផ្លាស់ប្ដូរចំពោះតម្រូវការអាយុសម្រាប់ការចេញផ្សព្វផ្សាយសាសនាពេញម៉ោងដ៏បំផុសគំនិត បានរួចចំណែកចំពោះការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
កិច្ចការបង្រៀនទី ២ ៖ កំណែថ្មីនៃព្រះគម្ពីរ
សូមឲ្យសមាជិកក្រុមរបស់អ្នកពិចារណាអំពីអ្វីដែលពួកគេនឹងធ្វើ បើមានមិត្តជិតស្និតម្នាក់សួរដល់ពួកគេថា « ខ្ញុំចង់ខិតទៅកាន់តែជិតព្រះ ។ តើខ្ញុំគួរតែធ្វើយ៉ាងដូចម្តេច ? » បន្ទាប់មកសូមសួរសំណួរខាងក្រោមនេះ ៖
-
តើអ្នកនឹងនិយាយទៅកាន់មិត្តភក្តិរបស់អ្នកយ៉ាងដូចម្តេច ?
សូមអានសេចក្ដីថ្លែងការណ៍ខាងក្រោមនេះដោយ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ៖
«ខ្ញុំរកឃើញថា ពេលខ្ញុំបង្ហាញនូវទំនាក់ទំនងមិនសូវហ្មត់ចត់ជាមួយនឹងព្រះអាទិទេព ហើយកាលវាហាក់ដូចជាគ្មានព្រះ កំពុងស្តាប់ ហើយមានបន្ទូលមកកាន់ខ្ញុំ នោះខ្ញុំឃ្លាតពីទ្រង់កាន់តែឆ្ងាយហើយ។ បើសិនខ្ញុំផ្តោតយកចិត្តទុកដាក់ទាំងស្រុងលើព្រះគម្ពីរ ចន្លោះរវាងខ្ញុំនឹងព្រះ ត្រូវបានបង្រួមឲ្យតូច ជីវភាពខាងវិញ្ញាណមានត្រឡប់មកវិញ » (Teachings of Spencer W. Kimball បានបោះពុម្ពដោយ អែតវើត អិល ឃឹមបឹល [ឆ្នាំ ១៩៨២ ]ទំព័រ ១៣៥ ) ។
សូមជូនដំណឹងល្អដល់សមាជិកក្រុមរបស់អ្នកថា សេចក្ដីថ្លែងការណ៍របស់ប្រធាន ឃឹមបឹល ពន្យល់អំពីតម្រូវការដ៏ខ្លាំង ចំពោះយើងដើម្បីមានព្រះគម្ពីរ ។ សូមអញ្ជើញសមាជិកក្រុមរបស់អ្នកម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៤:៥៨-៥៩ ឲ្យឮៗ ។ សូមឲ្យក្រុមផ្ទៀងតាម ហើយប្រាប់ថាហេតុអ្វីព្រះអម្ចាស់ចង់ឲ្យអ្នកដឹកនាំសាសនាចក្របោះពុម្ពវិវរណៈទាំងឡាយ ។
-
តើការសិក្សាព្រះគម្ពីរអាចជួយយើងពង្រីកជំហានរបស់យើង ហើយរួមចំណែកក្នុងការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
សូមពន្យល់ថា នៅដើមឆ្នាំ ១៩៧០ អ្នកដឹកនាំសាសនាចក្រទទួលស្គាល់ពីតម្រូវការ ដែលសមាជិកសាសនាចក្រត្រូវចេះបទគម្ពីរឲ្យបានកាន់តែស្ទាត់ជំនាញ ហើយឲ្យមានកំណែថ្មីនៃព្រះគម្ពីរប៊ីបជាបទដ្ឋានមួយដើម្បីសិក្សា និងបង្រៀន ។ នៅឆ្នាំ ១៩៧៩ បន្ទាប់ពីរយៈពេលជាច្រើនឆ្នាំនៃកិច្ចខិតខំ ដ៏បំផុសគំនិត និងឧស្សាហ៍ព្យាយាម នោះសាសនាចក្រ បានបោះពុម្ពកំណែថ្មីនៃព្រះគម្ពីរប៊ីប របស់ស្តេចជេមស៍ អិល.ឌី.អេស ជាផ្លូវការជាភាសាអង់គ្លេស ។ គម្ពីរប៊ីបនេះ មាននូវជំនួយការសិក្សាដ៏ច្រើន ដែលពុំធ្លាប់មានពីមុន រួមមានទាំងលេខយោងជាមួយនឹងសេចក្ដីយោងបទគម្ពីរ និងជំនួយដទៃៗទៀតត្រូវបានពង្រីកកាន់តែច្រើន ហើយបានកែលម្អដើមជំពូក ដកស្រង់ចេញមកពីការបកប្រែរបស់យ៉ូសែប ស្ម៊ីធ Topical Guide និង Bible Dictionary ។ នៅឆ្នាំ ១៩៨១ សាសនាចក្របានបោះពុម្ពកំណែថ្មី នៃបណ្ដុំព្រះគម្ពីរទាំងបីជាភាសាអង់គ្លេស ដែលរួមមានទាំងការកែលម្អលេខយោង ដើមជំពូក ផែនទី និងមាតិកា ។ នៅឆ្នាំ ២០០៩ សាសនាចក្របានបោះពុម្ពកំណែថ្មីនៃព្រះគម្ពីរប៊ីបនៃ វីណា វ៉ាឡេរ៉ា អិល.ឌី.អេស ជាភាសាអេស្ប៉ាញ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ដែលបានធ្វើឡើង នៅរយៈពេលមួយឆ្នាំ បន្ទាប់ពីបានចេញបណ្ដុំព្រះគម្ពីរទាំងបីជាភាសាអង់គ្លេសនៅឆ្នាំ ១៩៨១ ។ សូមឲ្យសិស្សស្ដាប់អំពីរបៀបដែលលោកបានមើលឃើញជាមុនថា កំណែថ្មីនៃព្រះគម្ពីរទាំងនេះ នឹងប្រទានពរដល់ជីវិតជាច្រើន ហើយកំរិកកិច្ចការរបស់ព្រះឆ្ពោះទៅមុខ ។
« រយៈពេលជាច្រើនឆ្នាំបានកន្លងផុតទៅ ព្រះគម្ពីរទាំងនេះនឹងបង្កើតផលជាជំនាន់នៃពួកគ្រីស្ទានស្មោះត្រង់ជាបន្ដបន្ទាប់ ដែលស្គាល់ព្រះអម្ចាស់ព្រះយេស៊ូវគ្រីស្ទ ហើយដែលចង់គោរពតាមព្រះទ័យទ្រង់ ។
« … ពួកគេនឹងអភិវឌ្ឍចំណេះវិជ្ជាដំណឹងល្អ លើសហួសជីដូនជីតារបស់ពួកគេអាចសម្រេច ។ ពួកគេនឹងមានទីបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ហើយអាចប្រកាសអំពីទ្រង់ និងការពារទ្រង់ » (Scriptures »Ensignខែ វិច្ឆិកា ឆ្នាំ ១៩៨២ ទំព័រ ៥៣ ) ។
សូមចែកចាយទីបន្ទាល់របស់អ្នកថា បទគម្ពីរថ្លែងទីបន្ទាល់ថា ព្រះយេស៊ូវគឺជាព្រះគ្រីស្ទ ។ ការសិក្សាបទគម្ពីរអាចជួយយើងទទួលបានទីបន្ទាល់អំពី ព្រះយេស៊ូវគ្រីស្ទ ហើយជួយបំពេញជីវិតរបស់យើងដោយព្រះវិញ្ញាណបរិសុទ្ធ ។
សូមពន្យល់ថា កិច្ចខិតខំដ៏អស្ចារ្យ បានមាន និងបន្ដធ្វើឡើងដើម្បីផ្ដល់ឲ្យសមាជិកសាសនាចក្រនូវព្រះគម្ពីរ ហើយជំនួយសម្រាប់ការសិក្សាជាភាសារបស់ពួកគេ ។
សូមពិភាក្សាសំណួរខាងក្រោមនេះជាក្រុម ៖
-
ហេតុអ្វីក៏ការសិក្សាព្រះគម្ពីរប្រចាំថ្ងៃសំខាន់ ?
-
តើការសិក្សាព្រះគម្ពីរផ្ទាល់ខ្លួនរបស់អ្នក បានជួយអ្នក ឲ្យជួយក្នុងកិច្ចការរបស់ព្រះអម្ចាស់យ៉ាងដូចម្ដេច ?
កិច្ចការបង្រៀនទី ៣ ៖ ការពន្លឿនកិច្ចការព្រះវិហារបរិសុទ្ធ និងកិច្ចការពង្សប្រវត្តិ
សូមក្រុមរបស់អ្នកឲ្យប៉ាន់ស្មានថាមានព្រះវិហារបរិសុទ្ធចំនួនប៉ុន្មាន ត្រូវបានសាងសង់ក្នុងរយៈពេល ១៤៣ ឆ្នាំ ចន្លោះការរៀបចំសាសនាចក្រនៅក្នុងឆ្នាំ ១៨៣០ និងការហៅរបស់ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល នៅឆ្នាំ ១៩៧៣ ( ១៧ ព្រះវិហារបរិសុទ្ធ ) ។ បន្ទាប់មកសូមក្រុមឲ្យស្មានថាមានព្រះវិហារបរិសុទ្ធចំនួនប៉ុន្មានដែលត្រូវបានប្រកាស ឬបានសាងសង់នៅក្នុង ៤០ ឆ្នាំ ចន្លោះឆ្នាំ ១៩៧៣ និង ឆ្នាំ ២០១៣ ( ១៥៣ ព្រះវិហារបរិសុទ្ធ ) ។
សូមពន្យល់ថាការសាងសង់សង់ព្រះវិហារបរិសុទ្ធបានកើនឡើងយ៉ាងច្រើនក្រៃលែង នៅក្រោមការដឹកនាំរបស់ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូមអញ្ជើញនរណាម្នាក់ពីក្នុងក្រុមរបស់អ្នកឲ្យអាននូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ៖
« ខ្ញុំមានបំណងប្រាថ្នាដ៏ឆេះឆួលឡើងមួយថា ព្រះវិហារបរិសុទ្ធមួយ ត្រូវស្ថាបនានៅក្នុងកន្លែងដែលស្ថិតនៅក្បែរពួកបរិសុទ្ធថ្ងៃចុងក្រោយ នៅទូទាំងពិភពលោក ។… កិច្ចការកំពុងឆ្ពោះទៅមុខយ៉ាងលឿនតាមដែលយើងអាចធ្វើទៅបាន ។ វាគឺជាការអធិស្ឋានដ៏ខ្ជាប់ខ្ជួនរបស់ខ្ញុំសុំឲ្យវាអាចត្រូវបានពន្លឿនល្បឿនឡើង ដើម្បីឲ្យប្រជាជនរបស់យើងកាន់តែច្រើននាក់ អាចចូលទៅក្នុងដំណាក់ដ៏ពិសិដ្ឋរបស់ព្រះអម្ចាស់បានកាន់តែងាយស្រួល » (Of Missions, Temples, and Stewardship»Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៥ ទំព័រ ៥២, ៥៣ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១២៨:១៥, ១៧ ឲ្យឮៗ ។ សូមឲ្យក្រុមផ្ទៀងតាម រកមើលទំនួលខុសត្រូវដែលយើងមានចំពោះជីដូនជីតារបស់យើង ។ បន្ទាប់មក សូមអានឮៗនូវសេចក្ដីថ្លែងការណ៍នៃគោលលទ្ធិដូចខាងក្រោមដែលបានផ្ដល់ឲ្យដោយ អែលឌើរ ដាវីឌ អេ បែដណា នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ៖ យើងមានទំនួលខុសត្រូវក្នុងសេចក្ដីសញ្ញា ដើម្បីស្រាវជ្រាវរកជីដូនជីតារបស់យើង ហើយផ្ដល់ដល់ពួកគេនូវពិធីបរិសុទ្ធនៃដំណឹងល្អសម្រាប់ការសង្គ្រោះ»The Hearts of the Children Shall Turn,»Ensignឬ លីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៥ ) ។
សូមចង្អុលបង្ហាញថា សំណង់ព្រះវិហារបរិសុទ្ធ និងការរីកចម្រើននៃកិច្ចការពង្សប្រវត្តិ គឺជាភស្ដុតាងដែលព្រះកំពុងពន្លឿនកិច្ចការរបស់ទ្រង់ នៅផ្នែកម្ខាងទៀតនៃវាំងនន ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ បែដណា ។ សូមឲ្យក្រុមស្ដាប់មើលរបៀបដែលពួកគេអាចរួមចំណែកចំពោះកិច្ចការរបស់ព្រះអម្ចាស់ ។
« វាពុំមែនជាព្រឹត្តិការណ៍ចៃដន្យដែល កម្មវិធី FamilySearch និងឧបករណ៍ដទៃទៀត បានចេញមកនៅគ្រាមួយដែលយុវវ័យ ចេះយ៉ាងស្ទាត់ជំនាញជាមួយនឹងបច្ចេកវិទ្យាព័ត៌មានដ៏ទូលំទូលាយ និងទំនាក់ទំនងនោះទេ ។ ម្រាមដៃរបស់អ្នកត្រូវបានបង្រៀនឲ្យវាយសារ និងធ្វីតដើម្បីបង្កើនល្បឿន និងចម្រើនកិច្ចការរបស់ព្រះអម្ចាស់--ពុំគ្រាន់តែទំនាក់ទំនងបានឆាប់ជាមួយមិត្តរបស់អ្នកប៉ុណ្ណោះទេ ។ ជំនាញ និងសមត្ថភាព ដែលជាភស្ដុតាងនៅក្នុងចំណោមមនុស្សវ័យក្មេងជាច្រើនសព្វថ្ងៃនេះ គឺជាការរៀបចំមួយដើម្បីរួមចំណែកចំពោះកិច្ចការនៃសេចក្ដីសង្គ្រោះ » (« The Hearts of the Children Shall Turn »Ensignឬលីអាហូណាខែ វិច្ឆិកា ឆ្នាំ ២០១១ ទំព័រ ២៦ ) ។
សូមពិភាក្សាសំណួរខាងក្រោមនេះជាមួយក្រុមរបស់អ្នក ៖
-
តើបទពិសោធន៍វិជ្ជមានអ្វីខ្លះដែលអ្នកមាន នៅក្នុងការធ្វើកិច្ចការពង្សប្រវត្តិរបស់អ្នក ឬការទៅព្រះវិហារបរិសុទ្ធដើម្បីចូលរួមក្នុងពិធីបរិសុទ្ធសម្រាប់មរណជន ?
ទំនួលខុសត្រូវរបស់យើងនៅក្នុងការជម្រុញកិច្ចការឲ្យឆ្ពោះទៅមុខ
បន្ទាប់ពីសិស្សបានបញ្ចប់ការបង្រៀនរបស់ពួកគេនៅក្នុងក្រុមតូចៗហើយ អញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយគំនិត និងអារម្មណ៍របស់ពួកគេ អំពីការពន្លឿនកិច្ចការនៃព្រះអម្ចាស់ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាននូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដេវីឌ អេ. ហេត នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់ ហើយស្វែងរកនូវអ្វីដែលអាចកើតមានឡើង នៅពេលយើងមានចំណែកនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ។
« បងប្អូនប្រុសស្រី ព្រះអម្ចាស់កំពុងបើកផ្លូវ ហើយធ្វើឲ្យមានលទ្ធភាពដើម្បីពង្រីកកិច្ចការរបស់ទ្រង់នៅទូទាំងពិភពលោក ហើយនោះជាពរជ័យមួយសម្រាប់យើងទាំងអស់គ្នា-- ដែលបុគ្គលម្នាក់ៗត្រូវចូលរួមចំណែក--តាមរបៀបផ្ទាល់ខ្លួន ។…
« តើមាននរណាក្រៅពីពួកព្យាការីនៃព្រះ អាចមើលឃើញជាមុនអំពីអព្ភូតហេតុនៃការរីកចម្រើនយ៉ាងលឿននៃកិច្ចការរបស់ព្រះអម្ចាស់ ? ពិតណាស់ ដូចដែលព្រះអម្ចាស់បានប្រាប់ជាមុននៅក្នុងកណ្ឌ ៨៨ អំពី គោលលទ្ធិ និង សេចក្ដីសញ្ញា នោះទ្រង់កំពុងពន្លឿនកិច្ចការរបស់ទ្រង់តាមពេលវា ( សូមមើលគ. និង ស. ៨៨:៧៣Missionary Work—Our Responsibility,»Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩៣, ទំព័រ ៦១, ៦២ ) ។
-
ស្របតាមអែលឌើរ ហេត តើមានអ្វីខ្លះអាចកើតឡើង នៅពេលយើងមានចំណែកនៅក្នុងកិច្ចការរបស់ព្រះអម្ចាស់ ? ( នៅពេលសិស្សឆ្លើយ សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖យើងអាចត្រូវបានប្រទានពរដោយការចូលរួមចំណែកនៅក្នុងការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ) ។
-
តើពរជ័យអ្វីខ្លះដែលអ្នកបានទទួលពិសោធន៍ នៅពេលអ្នកបានចូលរួមក្នុងការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ?
សូមអញ្ជើញសិស្សឲ្យពិចារណាអំពីឱកាសទាំងឡាយ ដែលពួកគេត្រូវរួមចំណែកដើម្បីពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ ។ សូមឲ្យសិស្សឆ្លើយនឹងសំណួរខាងក្រោម នៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់របស់ពួកគេ ឬសៀវភៅកំណត់ហេតុសិក្សាព្រះគម្ពីររបស់ពួកគេ ។
-
តើមានវិធីមួយចំនួនណាខ្លះ ដែលអ្នកអាចរួមចំណែកដើម្បីពន្លឿនដល់កិច្ចការរបស់ព្រះអម្ចាស់ ?
បន្ទាប់ពីផ្ដល់ពេលវេលាគ្រប់គ្រាន់ហើយ សូមអញ្ជើញសិស្សឲ្យដាក់គោលដៅមួយដើម្បីធ្វើតាមអ្វីដែលពួកគេបានសរសេរ ។ សូមបញ្ចប់ដោយការថ្លែងទីបន្ទាល់អំពីការពន្លឿនកិច្ចការរបស់ព្រះអម្ចាស់ និងទំនួលខុសត្រូវ និងឱកាសរបស់យើងដើម្បីចូលរួមនៅក្នុងកិច្ចការរបស់ទ្រង់ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
« យើងត្រូវតែពង្រីកជំហានរបស់យើង »
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានបង្រៀនថា ៖
« តើយើងមានអ្វីមួយដែលយើងចាំបាច់ត្រូវចែកចាយដែរឬទេ ? » មាន ! យើងមានដំណឹងល្អនៃព្រះយេស៊ូវគ្រីស្ទ ដំណឹងល្អនៃសេចក្ដីសុខសាន្ដ ដំណឹងល្អនៃសេចក្ដីអំណរ ។ យើងមានសេចក្ដីពិតដែលអាចធ្វើឲ្យនរណាម្នាក់បានល្អប្រសើរ និងកាន់តែពេញលេញ អាចធ្វើឲ្យអាពាហ៍ពិពាហ៍កាន់តែមានសុភមង្គល និងកាន់តែផ្អែមល្ហែម អាចធ្វើឲ្យគេហដ្ឋានកាន់តែដូចជាស្ថានសួគ៌ ។ យើងមានអំណាចបព្វជិតភាពនៃព្រះ ដើម្បីប្រទានពរដល់គេហដ្ឋាន និងជីវិតរបស់យើង និងជីវិតរបស់អ្នកដទៃ ។ មែនហើយ វាគឺចំពោះខ្លួនយើង គេហដ្ឋានរបស់យើង កូរ៉ុមរបស់យើង ថ្នាក់រៀនរបស់យើង កិច្ចការសាសនាចក្ររបស់យើង ដែលយើងត្រូវតែអនុវត្តឲ្យកាន់តែក្លៀវក្លានូវរឿងទាំងឡាយដែលយើងបានទទួល ។ ហើយឥឡូវយើងត្រូវបានសុំឲ្យ ‹ផ្ដល់នូវអ្វីដែលយើងមាន› ចំពោះអ្នកជិតខាងដែលពុំមែនជាសមាជិករបស់យើង និងសហការីរបស់យើងផងដែរ ។ ព្រះអម្ចាស់បានបញ្ជាយើងឲ្យធ្វើដូច្នោះ ។ យើងត្រូវតែពង្រីកជំហានរបស់យើង ហើយត្រូវតែធ្វើវាឥឡូវនេះ » (Always a Convert Church: Some Lessons to Learn and Apply This Year»Ensignខែកញ្ញា ឆ្នាំ ១៩៧៥ ទំព័រ ៣ ) ។
កូរ៉ុមនៃពួកចិតសិបនាក់
ការពង្រីកនៃករ៉ុមនៃពួកចិតសិបនាក់ គឺជាភស្ដុតាងដែលព្រះអម្ចាស់កំពុងពន្លឿនកិច្ចការរបស់ទ្រង់ ។
នៅឆ្នាំ ១៩៧៦ ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានរៀបចំកូរ៉ុមទីមួយនៃពួកចិតសិបនាក់ និងកូរ៉ុមបន្ថែមទៀតនៃពួកចិតសិបនាក់ ត្រូវបានបន្ថែម នៅពេលសាសនាចក្របានរីកចម្រើន ។ ចំនួននៃកូរ៉ុមអាចបន្ដពង្រីកតាមដែលចាំបាច់ ។
« [ នៅឆ្នាំ ២០១៤ ] មាន … កូរ៉ុម នៃពួកចិតសិបនាក់ចំនួនប្រាំបី ។ កូរ៉ុមនីមួយៗ អាចមានចំនួនសមាជិកដល់ទៅ ៧០ នាក់ ។ សមាជិកនៃកូរ៉ុមនៃពួកចិតសិបនាក់ ជាញឹកញាប់ត្រូវបានហៅជាសាមញ្ញថា ‹ ពួកចិតសិបនាក់ › ។ ពួកចិតសិបនាក់ ត្រូវបានហៅឲ្យប្រកាសដំណឹងល្អ និងស្ថាបនាសាសនាចក្រ ។ ពួកគេធ្វើការនៅក្រោមការដឹកនាំនៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ និងគណៈប្រធាននៃពួកចិតសិបនាក់ ។…
« … សមាជិកនៃកូរ៉ូមទីមួយ និងទីពីរនៃពួកចិតសិបនាក់ ត្រូវបានចាត់ទុកជាពួកអ្នកមានសិទ្ធិអំណាចទូទៅ មានន័យថា ពួកគេមានសិទ្ធិអំណាចដើម្បីបម្រើនៅគ្រប់ទីកន្លែងក្នុងពិភពលោក ។ សមាជិកនៃកូរ៉ុមផ្សេងទៀត ត្រូវបានហៅថាពួកចិតសិបនាក់ប្រចាំតំបន់ ហើយសិទ្ធិអំណាចរបស់ពួកគេ ត្រូវបានកំណត់តាមតំបន់ដែលពួកគេបម្រើ » («Quorums of the Seventy,» LDS.org) ។