មេរៀនទី ៥២
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១៦-៥៩
បុព្វកថា
ព្រះគម្ពីរប៊ីប និងព្រះគម្ពីរមរមន ព្យាករអំពីស្ថានភាព និងព្រឹត្តការណ៍ទាំងឡាយ ដែលនឹងកើតមានឡើងពីមុនការយាងមកជាលើកទីពីររបស់ព្រះយេស៊ូវគ្រីស្ទ ។ មិនយូរប៉ុន្មាន បន្ទាប់ពីសាសនាចក្របានផ្លាស់ពីរដ្ឋនូវ យ៉ោក ទៅរដ្ឋ អូហៃអូ នោះយ៉ូសែប ស្ម៊ីធ បានទទួលវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥ ។ នៅក្នុងចំណែកនៃវិវរណៈ ដែលត្រូវបានគ្របដណ្ដប់នៅក្នុងមេរៀននេះ ព្រះអង្គសង្គ្រោះ បានផ្ដល់នូវរឿងលម្អិតអំពី គ្រាដែលកើតមានពីមុនការយាងមកជាលើកទីពីរ ។ ទ្រង់បានលាតសន្ធឹងសេចក្ដីពិត ដែលទ្រង់បានបង្រៀនដល់ពួកសិស្សរបស់ទ្រង់នៅលើភ្នំអូលីវ ( សូមមើលម៉ាថាយ ២៤ ) ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១៦-៤៦
ព្រះអង្គសង្គ្រោះ បើកសម្ដែងទីសម្គាល់ទាំងឡាយ ដែលនឹងកើតមានពីមុនការយាងមកជាលើកទីពីររបស់ទ្រង់
សូមចាប់ផ្ដើមមេរៀនដោយការសួរសិស្សនូវសំណួរខាងក្រោមនេះ ៖
-
តើអ្នកអាចប្រាប់ពីពេល ដែលអាចនឹងមានភ្លៀងធ្លាក់យ៉ាងដូចម្ដេច ?
សូមពន្យល់ថា ក៏ដូចជាឧបករណ៏ឧតុនិយម ជួយយើងឲ្យដឹងថា ពេលណាភ្លៀងនឹងបង្អុរចុះមក នោះក៏មានឧបករណ៏ឧតុនិយម ឬទីសម្គាល់ ដែលជួយយើងឲ្យដឹងថា ពេលណាដែលការយាងមកជាលើកទីពីរនៃព្រះយេស៊ូវគ្រីស្ទ នឹងកើតឡើងផងដែរ ។
សូមសរសេរឃ្លាខាងក្រោមនៅលើក្ដារខៀន ៖ ទីសម្គាល់នៃការយាងមកជាលើកទីពីរ ។
សូមពន្យល់ថា នៅក្នុងវិវរណៈដែលបានកត់ត្រានៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥ព្រះអម្ចាស់ បានពិពណ៌នាអំពីទីសម្គាល់មួយចំនួនដែលនឹងប្រាប់យើងជាមុន អំពីការមកដល់ជាលើកទីពីររបស់ទ្រង់ ។
សូមអញ្ជើញសិស្សឲ្យអានគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១៦-១៧ ដោយស្ងាត់ស្ងៀម រកមើលនូវអ្វីដែលពួកសិស្សរបស់ព្រះអម្ចាស់ បានសួរទ្រង់ និងអ្វីដែលទ្រង់បានមានបន្ទូលថានឹងបង្ហាញដល់ពួកគេ ។
-
តើពួកសិស្សបានសូមដល់ព្រះអម្ចាស់ឲ្យបង្រៀនពួកគេអំពីអ្វីខ្លះ ?
-
តើព្រះអម្ចាស់មានបន្ទូលថា ទ្រង់នឹងបង្ហាញដល់ពួកសិស្សរបស់ទ្រង់អ្វីខ្លះ ? ( តើថ្ងៃនៃការប្រោសលោះនឹងមកដល់របៀបណា ហើយការប្រមូលពួកសាសន៍អ៊ីស្រាអែលដែលបានខ្ចាត់ព្រាត់ដោយរបៀបណា ) ។
ដើម្បីជួយសិស្សឲ្យប្រាប់ពីទីសម្គាល់ទាំងឡាយ ដែលព្រះអម្ចាស់បានមានបន្ទូលថានឹងកើតមាននៅពីមុនការយាងមកជាលើកទីពីររបស់ទ្រង់ សូមសរសេរសេចក្ដីយោងដូចខាងក្រោមនៅលើក្ដារខៀន ៖
សូមបែងចែកសិស្សជាគូរៗ ហើយចាត់ឲ្យគូនិមួយៗនូវវគ្គបទគម្ពីរមួយនៅលើក្ដារខៀន ។ សូមសុំឲ្យពួកគេអានខទាំងឡាយជាមួយគ្នា រកមើលទីសម្គាល់ដែលបានប្រាប់នៅក្នុងខគម្ពីរទាំងនោះ ។ ពីមុនពួកគេចាប់ផ្ដើម អ្នកអាចចង្អុលបង្ហាញថា ទីសម្គាល់មួយចំនួនត្រូវបានបំពេញរួចទៅហើយ ។
បន្ទាប់ពីផ្ដល់ពេលវេលាគ្រប់គ្រាន់ហើយ សូមឲ្យដៃគូនិមួយៗ រៀបរាប់អំពីការរកឃើញរបស់ពួកគេដល់សិស្សក្នុងថ្នាក់ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យសរសេរចម្លើយរបស់ពួកគេនៅខាងក្រោមក្បាលរឿង « ទីសម្គាល់នៃការយាងមកជាលើកទីពីរ » នៅលើក្ដារខៀន ។ បើចាំបាច់ សូមប្រើព័ត៌មាននៅក្នុងកថាកណ្ឌពីរបន្ទាប់ដើម្បីជួយសិស្សយល់អំពីការព្យាករណ៍ទាំងឡាយ ។
នៅក្នុងគោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:១៨-២៤ យើងអានអំពីការព្យាករណ៍ទាំងឡាយដែលត្រូវបានបំពេញរួចហើយនោះ ។ ព្រឹត្តការណ៍ទាំងឡាយដែលបានព្យាករនៅក្នុងខគម្ពីរទាំងនេះ បានកើតឡើងនៅក្នុងពេលមិនយូរប៉ុន្មានបន្ទាប់ពីការសុគត និងការរស់ឡើងវិញរបស់ព្រះអង្គសង្គ្រោះ ។ សូមកត់ចំណាំថាខ ២០ សំដៅទៅលើព្រះវិហារបរិសុទ្ធ ដែលបានសង់ឡើងដោយស្ដេចហេរ៉ូឌ នៅក្នុងក្រុងយេរូសាឡិម ។ វាត្រូវបានបំផ្លាញដោយជនជាតិរ៉ូម នៅ គ.ស ឆ្នាំ ៧០ ។
នៅក្នុង គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:២៥-៤៦ យើងអានអំពីការព្យាករណ៍ទាំងឡាយដែលបានបំពេញនៅក្នុងគ្រាកាន់កាប់ត្រួតត្រានេះ មុនពេលការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ នៅក្នុងវគ្គបទគម្ពីរនេះ ឃ្លាថា « ពេលវេលានៃពួកសាសន៍ដទៃ » (គ. និង ស. ៤៥:២៥,២៨, ៣០) សំដៅទៅលើដំណឹងល្អដែលត្រូវបានផ្សាយជាលើកដំបូងទៅកាន់សាសន៍ដទៃនៅក្នុងថ្ងៃចុងក្រោយ ។ អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្រៀនថា យ៉ូសែប ស៊្មីធ « គឺជាសាសន៍ដទៃមានន័យថា លោកគឺជាពលរដ្ឋនៃជាតិសាសន៍ដទៃ ហើយលោកក៏ពុំមែនជាពួកសាសន៏យូដាដែរ ។… ប្រាកដណាស់ ដំណឹងល្អបានលេចចេញមកនៅថ្ងៃចុងក្រោយនៅ ជំនាន់នៃពួកសាសន៍ដទៃ ហើយ នឹងមិនទៅកាន់ពួកយូដាទេ ទាល់តែ ពួកសាសន៍ដទៃទាំងអស់ មកកាន់ដំណឹងល្អសិន (គ និង ស. ៤៥:២៨–៣០) » ។ ( Mormon Doctrine កំណែលើកទីពីរ [ ឆ្នាំ ១៩៦៦ ] ទំព័រ ៣១១ ) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣៤ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលរបៀបដែលពួកសិស្សនៅក្នុងជំនាន់របស់ព្រះយេស៊ូវគ្រីស្ទមានអារម្មណ៍យ៉ាងដូចម្ដេច នៅពេលទ្រង់បានប្រាប់ពួកគេអំពីទីសម្គាល់នៃការយាងមកជាលើកទីពីររបស់ទ្រង់ ។
-
តើអ្នកមានអារម្មណ៍យ៉ាងដូចម្ដេច នៅពេលអ្នកគិតពិចារណាអំពីទីសម្គាល់ទាំងឡាយនៃការយាងមកជាលើកទីពីរ ?
សូមពន្យល់ថា ការដឹងអំពីទីសម្គាល់ទាំងឡាយនៃការយាងមកជាលើកទីពីរ អាចជួយយើងរស់នៅដោយគ្មានភាពភ័យខ្លាច ភាពសង្ស័យ ឬភាពរន្ធត់ឡើយ ។ សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣៥-៣៨ដោយស្ងាត់ស្ងៀម ដើម្បីរៀនពីមូលហេតុដែលព្រះអម្ចាស់ប្រទាននូវទីសម្គាល់ទាំងនេះ ។ ( ពីមុនសិស្សអាន អ្នកអាចនឹងចង់ពន្យល់ថា នៅក្នុងអ៊ីស្រាអែល ដើមល្វាគឺជាដើមឈើចុងក្រោយគេបំផុត ដែលនឹងដុះត្រួយនៅនិទាឃរដូវ ហើយលាស់ត្រួយនៅចុងរដូវ ) ។
-
ហេតុអ្វីក៏វាសំខាន់ដើម្បីអាចស្គាល់អំពីពេលវេលា « ម៉ោងជិតដល់ហើយ » ឬថាការយាងមកជាលើកទីពីរនឹងមកដល់ជាប្រាកដនោះ ?
សូមសរសេរនៅលើក្ដារខៀន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣២, ៣៩ ។ សូមអញ្ជើញសិស្សឲ្យអានខគម្ពីរទាំងនេះជាមួយនឹងដៃគូរបស់ពួកគេ ហើយពិពណ៌នានូវអ្វីដែលពួកអ្នកដើរតាមព្រះយេស៊ូវគ្រីស្ទនឹងធ្វើ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមករបស់ទ្រង់ ។
-
តើយើងអាចធ្វើអ្វីខ្លះ ដើម្បីត្រៀមខ្លួនសម្រាប់ការយាងមករបស់ព្រះអម្ចាស់ ?
សូមសរសេរសេចក្ដីថ្លែងការណ៍ពុំពេញលេញដូចខាងក្រោមនៅលើក្ដារខៀន ៖ បើសិនជាយើងឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ ហើយទន្ទឹងចាំទីសម្គាល់ នោះយើងនឹង …
-
ផ្អែកទៅលើអ្វីដែលយើងបានសិក្សាកន្លងមក តើអ្នកនឹងបំពេញសេចក្ដីថ្លែងការណ៍នេះយ៉ាងដូចម្ដេច ? ( នៅខាងក្រោមនេះ គឺជាវិធីមួយដែលសិស្សអាចបំពេញនូវគោលការណ៍នោះ ៖ បើសិនជាយើងឈរនៅក្នុងទីបរិសុទ្ធទាំងឡាយ ហើយទន្ទឹងចាំទីសម្គាល់ នោះយើងនឹងត្រៀមខ្លួនជាស្រេចសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ ។ សូមបញ្ចប់ការសរសេរគោលការណ៍នេះនៅលើក្ដារខៀន ) ។
-
តើអ្នកគិតថា អ្នកដើរតាមព្រះយេស៊ូវគ្រីស្ទ អាច « ឈរនៅក្នុងទីបរិសុទ្ធ » យ៉ាងដូចម្ដេច ? តើទីកន្លែងណាខ្លះនៅក្នុងជីវិតរបស់អ្នក ដែលអ្នកគិតថាជា « ទីបរិសុទ្ធ » ?
ដើម្បីជួយសិស្សបង្កើនការយល់ដឹងរបស់ពួកគេអំពីអ្វីដែលជាអត្ថន័យដើម្បីឈរនៅក្នុងទីបរិសុទ្ធ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមឲ្យឮៗ ។ សូមលើកទឹកចិត្តសិស្សក្នុងថ្នាក់ឲ្យស្ដាប់នូវអ្វីដែលជាអត្ថន័យដើម្បីឈរនៅក្នុងទីបរិសុទ្ធ ៖
« ‹ ទីបរិសុទ្ធ › អាចមានកត្តាជាច្រើនតម្រូវឲ្យធ្វើជាមួយនឹង របៀប ដែលបុគ្គលម្នាក់រស់នៅ ប្រសើរជាង ទីកន្លែង ដែលបុគ្គលនោះរស់នៅ ។ ប្រសិនបើយើងរស់នៅដោយសា្អតស្អំដោយមានដៃគូជាព្រះវិញ្ញាណបរិសុទ្ធឥតដាច់នោះ យើងនឹងឈរនៅក្នុងទីបរិសុទ្ធមួយហើយ ។… « ទីបរិសុទ្ធស្ថិតនៅគ្រប់ទីកន្លែងទាំងអស់ ជាទីដែលបុគ្គលម្នាក់រីករាយនឹងព្រះវិញ្ញាណនៃព្រះ » (គោលលទ្ធិ និង សេចក្តីសញ្ញា សៀវភៅសិក្សារបស់សិស្ស ការបោះពុម្ពជាលើកទី ២ [ សៀវភៅសិក្សារបស់ប្រព័ន្ធអប់រំសាសនាចក្រ ឆ្នាំ ២០០១ ] ទំព័រ ១៩៦ ) ។
-
តើយើងអាចឈរនៅក្នុងទីបរិសុទ្ធ ខណៈដែលយើងត្រូវបានហ៊ុំព័ទ្ធដោយសេចក្ដីទុច្ចរិតនៃលោកិយបានយ៉ាងដូចម្ដេច ?
សូមពិចារណាធ្វើការដាក់បង្ហាញរូបភាពការយាងមកជាលើកទីពីរ(សៀវភៅសិល្បៈដំណឹងល្អ [ ឆ្នាំ ២០០៩ ] ទំព័រ ៦៦, សូមមើលផងដែរLDS.org)។ សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៤៤-៤៦ ដោយការពន្យល់ថា អ្នកទាំងឡាយដែលត្រូវបានត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរ នឹងបានឃើញទ្រង់យាងមកក្នុងសិរីល្អ ។ មនុស្សសុចរិត ដែលបានស្លាប់ទៅមុនពេលការយាងមករបស់ទ្រង់ នឹងត្រូវបានរស់ឡើងវិញ ហើយក្រោកឡើងមកជួបនឹងទ្រង់ ។ ពួកបរិសុទ្ធស្មោះត្រង់ដែលនៅរស់នៅលើផែនដី ក៏នឹងត្រូវបាននាំយកទៅជួបនឹងទ្រង់ផងដែរ ( សូមមើល គ. និង ស. ៨៨:៩៦-៩៨) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៤៧-៥៩
ព្រះអង្គសង្គ្រោះបើកសម្ដែងទីសម្គាល់ និង ការអស្ចារ្យជាច្រើន ដែលនឹងមានចំណែកក្នុងការយាងមកជាលើកទីពីររបស់ទ្រង់ ។
សូមដាក់តាំង ឬអញ្ជើញសិស្សឲ្យបើកទៅទំព័រ ផែនទី ១ ( « Physical Map of the Holy Land » ) នៅក្នុងវគ្គផែនទីក្នុងព្រះគម្ពីរប៊ីបរបស់ពួកគេ ។ សូមចង្អុលបង្ហាញពីទីតាំងដែលភ្នំអូលីវ គឺនៅជិតនឹងទីក្រុងយេរូសាឡិម ហើយពន្យល់ថា គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៤៨ សំដៅទៅលើទីកន្លែងសំខាន់នេះនៅក្នុងអ៊ីស្រាអែល ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៤៨ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលអ្វីដែលនឹងកើតឡើងចំពោះភ្នំនេះ និងចំពោះផែនដី នៅពេលព្រះអង្គសង្គ្រោះយាងត្រឡប់មកវិញ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៤៩-៥០ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយស្វែងរកមើលអ្វីផ្សេងទៀត ដែលនឹងកើតមានឡើងនៅក្នុងការយាងមកជាលើកទីពីរ ។
-
តើនឹងមានអ្វីកើតឡើងចំពោះសាសន៍ទាំងឡាយនៃផែនដី នៅគ្រានៃការយាងមកជាលើកទីពីរ ?
-
តើនរណាដែលអ្នកគិតថាសំដៅទៅលើ « ពួកគេដែលបានសើចដាក់ » នោះ ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៥១-៥៣ ដោយស្ងាត់ស្ងៀម រកមើលរបៀបដែលពួកសាសន៍យូដានឹងឆ្លើយតប នៅពេលព្រះអម្ចាស់យាងមកភ្នំអូលីវ ។
-
ហេតុអ្វីបានជាពួកសាសន៍យូដានឹងយំ នៅពេលព្រះអម្ចាស់យាងត្រឡប់មកវិញ ?
ដើម្បីជួយសិស្សយល់របៀបបន្ថែមទៀតដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីររបស់ព្រះអម្ចាស់ សូមបង្ហាញរូបភាព រឿងប្រៀបធៀបនៃស្ត្រីព្រហ្មចារីដប់នាក់ (សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ ២០០៩ ] លេខ ៥៣ សូមមើលផងដែរ LDS.org) ។ សូមសួរដល់សិស្សបើមាននរណាម្នាក់ អាចរៀបរាប់ឡើងវិញអំពីរឿងប្រៀបធៀបនៃស្ត្រីព្រហ្មចារីដប់នាក់បានទេ ។ បើចាំបាច់ សូមអញ្ជើញសិស្សម្នាក់ឲ្យអានរឿងប្រៀបធៀបនោះឲ្យឮៗ ចេញមកពី ម៉ាថាយ ២៥:១-១៣ ។
-
តើស្ត្រីព្រហ្មចារីយ ប្រាំនាក់មានគំនិតដូចម្តេចខ្លះ ?
-
តើរឿងប្រៀបធៀបនេះ ទាក់ទងនឹងការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះយ៉ាងដូចម្ដេច ?
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៥៦-៥៧ ដោយស្ងាត់ស្ងៀម រកមើលរបៀបដែលរឿងប្រៀបធៀបនៃស្ត្រីព្រហ្មចារីយដប់នាក់ នឹងបំពេញយ៉ាងដូចម្ដេចខ្លះ ។
-
តើរឿងប្រៀបធៀបនេះនឹងត្រូវបានបំពេញនៅក្នុងការយាងមកជាលើកទីពីរយ៉ាងដូចម្ដេច ?
ដើម្បីជួយសិស្សឲ្យកាន់តែយល់បន្ថែមអំពីអត្ថន័យនៃរឿងប្រៀបធៀបស្ត្រីព្រហ្មចារីយដប់នាក់នេះ សូមអញ្ជើញសិស្សម្នាក់ឲ្យអានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ខាងក្រោមដោយអែលឌើរ ដាល្លិន អេក អូក នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់នូវអ្វីដែលស្ត្រីព្រហ្មចារីយដប់នាក់តំណាងឲ្យ ៖
« ការគិតអំពីរឿងប្រៀបធៀបនេះ គឺព្រឺសម្បុរ ។ ស្រីព្រហ្មចារីទាំងដប់នាក់ ពិតជាតំណាងឲ្យសមាជិកនៃសាសនាចក្ររបស់ព្រះគ្រីស្ទ ដោយសារមនុស្សទាំងអស់ត្រូវបានអញ្ជើញឲ្យមកពិធីមង្គលការ ហើយមនុស្សទាំងអស់បានដឹងពីតម្រូវការដើម្បីបានចូល នៅពេលកូនកំលោះបានមក ។ ប៉ុន្តែមានតែសមាជិកពាក់កណ្ដាលប៉ុណ្ណោះ ដែលត្រៀមខ្លួនជាស្រេច នៅពេលកូនកម្លោះបានមកដល់នោះ » ( Preparation for the Second Coming, » Ensign ឬ Liahona ខែ ឧសភា ឆ្នាំ ២០០៤ ទំព័រ ៨ ) ។
-
យោងតាម ខ ៥៧ តើយើងត្រូវធ្វើអ្វីខ្លះ ដើម្បីបានត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទីពីរ ? ( សិស្សគួរតែពិពណ៌នាប្រាប់នូវគោលការណ៍ដូចខាងក្រោម ៖ បើយើងទទួលសេចក្ដីពិត ហើយទទួលយកព្រះវិញ្ញាណបរិសុទ្ធធ្វើជាអង្គដឹកនាំយើង នោះយើងនឹងនៅខ្ជាប់ខ្ជួនក្នុងការយាងមកជាលើកទីពីររបស់ព្រះអង្គសង្គ្រោះ ។ សូមសរសេរគោលការណ៍នៅលើក្តារខៀន។
សូមអញ្ជើញសិស្សឲ្យគិតអំពី គោលការណ៍នៅលើក្ដារខៀន ហើយពិចារណាអំពីពេលវេលា ដែលពួកគេបានទទួលសេចក្ដីពិត ឬបានធ្វើតាមព្រះវិញ្ញាណបរិសុទ្ធ ។ សូមអញ្ជើញសិស្សពីរបីនាក់ឲ្យចែកចាយបទពិសោធន៍របស់ពួកគេ ។
-
តើអ្នកគិតថាបទពិសោធន៍របស់អ្នកជាមួយនឹងការទទួលយកសេចក្ដីពិត និងការធ្វើតាមព្រះវិញ្ញាណបរិសុទ្ធ អាចជួយអ្នកត្រៀមខ្លួនដើម្បីជួបនឹងព្រះអម្ចាស់ នៅក្នុងការយាងមកជាលើកទីពីររបស់ទ្រង់ឬទេ ?
សូមអញ្ជើញសិស្សឲ្យប្រើគោលការណ៍ទាំងឡាយដែលបានសរសេរនៅលើក្ដារខៀន ដើម្បីដាក់គោលដៅមួយ ដែលនឹងជួយពួកគេត្រៀមខ្លួនសម្រាប់ការយាងមករបស់ព្រះអង្គសង្គ្រោះ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៥៥, ៥៨-៥៩ដោយស្ងាត់ស្ងៀម ដើម្បីរកមើលពរជ័យបន្ថែមដែលនឹងកើតមានមកលើអ្នកទាំងឡាយណាដែលបានត្រៀមខ្លួន ហើយនៅខ្ជាប់ខ្ជួនក្នុងថ្ងៃនៃការយាងមកជាលើកទីពីរនោះ ។ សូមឲ្យពួកគេរៀបរាប់ពីអ្វីដែលពួកគេបានរកឃើញ។
សូមពន្យល់ថា ប្រធាន ប៊យដ៏ ឃេ ផាកកឺ នៃពួកសាវកដប់ពីរនាក់ បានគូសបញ្ជាក់ អំពីសារៈសំខាន់នៃការមានព្រះវិញ្ញាណគង់នៅជាមួយក្នុងគ្រាលំបាក ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអាននូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមឲ្យឮៗ ហើយអញ្ជើញសិស្សក្នុងថ្នាក់ឲ្យស្ដាប់អំពីរបៀបដែលប្រធាន ផាកកឺ បានមានប្រសាសន៍ ដើម្បីយើងអាចដឹងអំពីការរស់នៅក្នុងគ្រាដែលនឹងកើតមានមុនការយាងមកជាលើកទីពីរ ៖
« យើងរស់នៅក្នុងគ្រាដ៏លំបាក—ដែលជាគ្រាដ៏លំបាកពេកពន់ ។ យើងសង្ឃឹម យើងអធិស្ឋាន សូមឲ្យស្ថានភាពកាន់តែប្រសើរឡើង ។ ប៉ុន្ដែការណ៍នោះមិនកើតឡើងទាល់តែសោះ ។ ការព្យាករណ៍បានប្រាប់យើងថាដូច្នោះ ។ យើងនឹងមិនធ្វើជាមនុស្ស ក្រុមគ្រួសារ ឬ បុគ្គល ដែលរួចចាកផុតពីការសាកល្បងដែលនឹងកើតឡើងនោះទេ ។…
« យើងមិនត្រូវរស់នៅដោយភិតភ័យនឹងអនាគតឡើយ ។ យើងមានគ្រប់ហេតុផលដើម្បីបានរីករាយ និង ហេតុផលតូចបំផុតដើម្បីនឹងភិតភ័យ ។ បើយើងធ្វើតាមការបំផុសគំនិតពីព្រះវិញ្ញាណ នោះយើងនឹងមានសុខសុវត្ថិភាព ទោះជាអនាគតទៅជាយ៉ាងក៏ដោយ ។ យើងនឹងត្រូវបានបង្ហាញនូវអ្វីដែលត្រូវធ្វើ » ( « The Cloven Tongues of Fire,» Ensign ខែ ឧសភា ឆ្នាំ ២០០០ ទំព័រ ៨ ) ។
សូមឲ្យសិស្សចែកចាយនូវអ្វីមួយដែលពួកគេបានរៀនអំពីការយាងមកជាលើកទីពីរចេញមកពីមេរៀននេះ ។ អ្នកអាចចង់ចែកចាយពីអារម្មណ៍របស់អ្នកផងដែរ ។
សេចក្តីអធិប្បាយ និង ព័ត៌មានសាច់រឿង
គោលលទ្ធិ និង សេចក្ដី សញ្ញា ៤៥។ អត្ថបទអំពីការយាងមកជាលើកទីពីរ
អែលឌើរ អិម រ័សុល បាឡឺដ នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបង្ហាញពីទស្សនៈវិស័យដ៏ទូលំទូលាយមួយអំពីព្រឹត្តការណ៍ទាំងឡាយនៃការយាងមកជាលើកទីពីរនៅក្នុងអត្ថបទមួយដែលមានចំណងជើងថា « When Shall These Things Be? » ( តើពេលណានឹងកើតមាននូវរឿងទាំងអស់នេះ ? ) អត្ថបទបានលេចឡើងនៅក្នុងទស្សនាវដ្ដី Ensign ខែ ធ្នូ ឆ្នាំ ១៩៩៦ ។ វាមាននៅក្នុង LDS.org
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:២៥-២៨ ។ « ពេលវេលារបស់ពួកសាសន៍ដទៃ »
អែលឌើរ ប្រ៊ូស អ័រ ម៉ាក់ខន់ឃី ក្នុងកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ដូចនេះ ៖
« ពេលវេលារបស់ពួកសាសន៍ដទៃ គឺជាគ្រានោះ ឬយុគ្គសម័យនោះ ជាពេលវេលា ឬឆ្នាំនោះ អំឡុងពេលដែលដំណឹងល្អផ្សាយទៅកាន់ពួកសាសន៍ដទៃនៅលើមូលដ្ឋានអនុគ្រោះមួយ ។ នៅជំនាន់របស់ព្រះយេស៊ូវ ដំណឹងល្អត្រូវបានផ្ដល់ទៅឲ្យពួកសាសន៍យូដាជាសាច់ញាតិរបស់ទ្រង់ដំបូងគេ ដែលក្រោយមកត្រូវបានផ្សាយទៅកាន់ពួកសាសន៍យូដា ។ នៅក្នុងជំនាន់របស់យើង វាត្រូវបានស្ដារឡើងវិញចំពោះពួកសាសន៍ដទៃ មានន័យថា ពុំមែនជាប្រជាជនយូដា -- តែទោះជាយ៉ាងណា គឺជាមនុស្សដែលមកពីផ្ទះនៃអ៊ីស្រាអែល ។ ឥឡូវនេះ វាត្រូវបានបង្រៀននៅលើមូលដ្ឋានអនុគ្រោះមួយចំពោះពួកសាសន៍ដទៃ ឬមនុស្សដែលពុំមែនជាសាសន៍យូដា ដ្បិតដូចប៉ុលបានមានប្រសាសន៍ថា ‹ សាសន៍អ៊ីស្រាអែល កើតមានសេចក្ដីរឹងបឹងប៉ុន្មានភាគនេះទៅហើយ ទាល់តែសាសន៍ដទៃទាំងប៉ុន្មានបានចូលជឿគ្រប់ចំនួន › ។ ((រ៉ូម ១១:២៥) ។
« ការស្ដារឡើងវិញនៃដំណឹងល្អ ប្រាប់ទុកជាមុនអំពីចុងបញ្ចប់នៃយុគ្គសម័យនៃសាសន៍ដទៃ ហើយកំពុងនាំចូលមកនូវយុគ្គសម័យនៃសាសន៍យូដា ។ វិវរណៈរបស់យើង បានថ្លែងថា បន្ទាប់ពីសំណល់ពួកសាសន៍យូដាត្រូវបានខ្ចាត់ព្រាត់ទៅគ្រប់ជាតិសាសន៍ហើយ នោះមានព្រឹត្តការណ៍មួយដែលមានជាយូរលង់ បានកើតឡើង ‹ ពួកគេនឹងត្រូវបានប្រមូលមកវិញម្ដងទៀត › ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេគឺត្រូវស្ថិតនៅក្នុងស្ថានភាពខ្ចាត់ព្រាត់របស់ពួកគេ ‹ នៅរហូតដល់ពេលវេលានៃសាសន៍ដទៃនឹងត្រូវបានសម្រេច ។… ហើយកាលណាពេលវេលារបស់ពួកសាសន៍ដទៃបានមកដល់ នោះពន្លឺនឹងចែងចាំងមកក្នុងចំណោមពួកគេ ដែលអង្គុយក្នុងសេចក្ដីងងឹត ហើយនឹងបានទៅជាភាពពោរពេញនៃដំណឹងល្អរបស់យើង ។ ប៉ុន្តែពួកគេ [ សំដៅទៅលើពួកសាសន៍យូដាដែលខ្ចាត់ព្រាត់ ] មិនទទួលយកភាពពោរពេញនៃដំណឹងល្អរបស់យើងឡើយ ដ្បិតពួកគេមើលមិនឃើញពន្លឺនោះទេ ហើយពួកគេបែរចិត្តគេចេញពីយើង ពីព្រោះតែសិក្ខាបទនៃមនុស្សលោក ។ ហើយនៅក្នុងតំណមនុស្សនោះ នោះពេលវេលានៃពួកសាសន៍ដទៃ នឹងត្រូវបានសម្រេច › ។ (គ. និង ស. ៤៥:២៤-២៩ ) ។ ថាពួកសាសន៍យូដា មួយចំនួនតូច ឥឡូវកំពុងចាប់ផ្ដើមជឿទៅលើដំណឹងល្អដែលបានស្ដារឡើងវិញ ហើយកំពុងតែត្រឡប់មករកព្រះមែស៊ីដ៏ពិតរបស់ពួកគេ គឺត្រូវបានគេដឹងសុះសាយ ។ ពេលវេលារបស់ពួកសាសន៍ដទៃ នឹងត្រូវបានបំពេញក្នុងពេលឆាប់ៗ ហើយពេលវេលារបស់ពួកសាសន៍យូដា នឹងមកដល់ជាថ្មីម្ដងទៀត » (The Mortal Messiah: From Bethlehem to Calvary, វ៉ុល ៤ [ឆ្នាំ ១៩៧៩–៨១ ], ១:៩៧ ) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ៤៥:៣៥-៣៨ ។ « ជិតដល់ម៉ោងហើយ »
អែលឌើរ នែល អេ ម៉ាក់ស្វែល នៃកូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានពន្យល់ថា ព្រឹត្តការណ៍ទាំងឡាយដែលកើតមានឡើងមុនពេលការយាងមកជាលើកទីពីរ អាចនឹងកើតមានឡើងយ៉ាងឆាប់ ៖
« តើមានពេលប៉ុន្មានពីមុនការយាងមកជាលើកទីពីរ ? ដោយសារតែពួកទេវតា ឬការបញ្ជាក់ច្បាស់ពីបុគ្គលណាម្នាក់ មិនដឹងពីថ្ងៃ ឬម៉ោង ( ឬឆ្នាំណា ? ) ផង ដូច្នេះគ្មានយើងណាម្នាក់បានដឹងនោះទេ ។ ទោះជាយើងពុំត្រូវបានដឹងជាក់លាក់ក្ដី ក៏យើងអាចនៅតែសង្កេតមើលទៅស្លឹកល្វា និងទីសម្គាល់ដែលបានព្យាករអំពីពេលវេលាបានដែរ ។ ផ្ទុយទៅវិញ មានអ្វីៗជាច្រើនដែលមិនទាន់កើតឡើងនៅឡើយ ៖ ទីមួយ ដំណឹងល្អនឹងត្រូវផ្សាយទៅដល់គ្រប់ជាតិសាសន៍ដើម្បីធ្វើជាសាក្សី ( សូមមើលម៉ាថាយ ២៤:១៤) ។ ប៉ុន្ដែផ្ទុយទៅវិញ មានព្រឹត្តការណ៍ជាច្រើន អាចត្រូវបានច្របាច់បញ្ចូលទៅក្នុងពេលវេលាដ៏ខ្លីមួយ (ឧទាហរណ៍ ការបើកទ្វាចូលទៅកាន់ជាតិសាសន៍ ដែលបានបិទទ្វាក្នុងពេលឥឡូវនេះជាដើម ) »That Ye May Believeឆ្នាំ ១៩៩២ ] ទំព័រ ៧ ។