ថ្នាក់​សិក្ខាសាលា
មេរៀនទី ១៤៦ ៖ ការស្នង​តំណែងបន្ត​នៅក្នុង​គណៈប្រធាន​ទីមួយ


មេរៀនទី ១៤៦

ការស្នងតំណែងបន្ត​នៅក្នុង​គណៈប្រធាន​ទីមួយ

បុព្វកថា

បន្ទាប់ពី​ទុក្ករកម្ម​របស់ព្យាការី យ៉ូសែប ស៊្មីធ និង បងប្រុស​របស់​លោក ហៃរុម នៅថ្ងៃទី ២៧ ខែ​មិថុនា ឆ្នាំ ១៨៤៤មក មនុស្ស​មួយចំនួន​បាន​ច្របូក​ច្របល់​ក្នុងចិត្តថា ​តើនរណា​នឹង​ដឹកនាំ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។ ប៉ុន្តែ​មុនពេលលោក​ស្លាប់ ព្យាការី​បាន​រៀបចំ​សម្រាប់ការ​ផ្ទេរ​នូវ​ភាព​ជា​អ្នកដឹកនាំ​នេះ​ដោយការ​ប្រគល់​កូនសោ និង​អំណាច​នៃ​បព្វជិតភាព​ទាំងអស់​ទៅ​ឲ្យ​កូរ៉ូម​នៃ​ពួក​សាវកដប់ពីរ​នាក់ ។ នៅពេល​ ព្រិកហាំ យ៉ង់ ដែលជា​ប្រធាន​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ថ្លែង​ទៅកាន់​ពួកបរិសុទ្ធ​នៅថ្ងៃទី ៨ ខែ​សីហា ឆ្នាំ ១៨៤៤ ថា មានសមាជិក​សាសនាចក្រ​ជាច្រើន​បាន​ទទួល​សាក្សី​ខាង​វិញ្ញាណ​មួយថា ​លោក​ត្រូវ​បាន​ហៅ និង​រៀបចំ​ដោយព្រះដើម្បីដឹកនាំ​សាសនា​ចក្រ ។

យោបល់​សម្រាប់​ការបង្រៀន

បន្ទាប់ពី​ទុក្ករកម្ម​របស់​យ៉ូសែប និង ហៃរុម ស្ម៊ីធ មនុស្ស​មួយចំនួន​បាន​អះអាង​សិទ្ធិ​ដឹកនាំ​សាសនាចក្រ

ពីមុន​ថ្នាក់​ចាប់​ផ្ដើម ​សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន​ ៖

នៅ​ពេល​ដែល​ប្រធាន​នៃ​សាសនាចក្របច្ចុប្បន្ន​ស្លាប់ទៅ តើ​នរណា​នឹង​ក្លាយ​ជា​ប្រធាន​នៃ​សាសនាចក្របន្ទាប់ទៀត ? តើ​លោក​នឹង​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​ដូចម្ដេច ?

តើ​ប្រធាន​នៃ​សាសនាចក្រ​ទទួល​សិទ្ធិអំណាច​បព្វជិតភាពចាំបាច់ ​ដើម្បី​ធ្វើជាអធិបតី​លើ​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញសិស្ស​ឲ្យ​ពិចារណា​អំពី​របៀប​ដែល​ពួកគេ​នឹង​ឆ្លើយ​សំណួរ​នៅលើ​ក្ដារខៀន ។ សូម​លើក​ទឹកចិត្ត​ពួកគេ​ឲ្យស្ដាប់​ចម្លើយ​ចំពោះសំណួរ​ទាំងនេះ​នៅថ្ងៃនេះ ពេល​ពួកគេ​រៀនអំពី​ការ​ផ្លាស់​ប្ដូរ​នៅក្នុង​ថ្នាក់ដឹកនាំ​នៃ​សាសនាចក្រ ដែលកើត​មានឡើង​បន្ទាប់ពី​ការ​ស្លាប់​របស់​ព្យាការី យ៉ូសែប ស៊្មីធ និង បងប្រុស​លោក ហៃរុម ។

សូមពន្យល់​ថា បន្ទាប់ពី​ យ៉ូសែប និង ហៃរុម ស្ម៊ីធ ត្រូវ​បាន​ធ្វើ​ទុក្ករកម្ម នោះពួកបរិសុទ្ធ​បាន​ជួប​នឹង​ការ​ទុក្ខសោកយ៉ាង​ខ្លាំង ។ ពួកគេ​មួយចំនួន​ក៏​បានភាន់ច្រឡំ​ផងដែរ​អំពី​នរណា​នឹង​ត្រូវ​ដឹកនាំ​សាសនាចក្រ ។ ពេលអ​វត្តមាន​ប្រធានសាសនាចក្រ នោះ​មនុស្ស​មួយចំនួនបាន​យល់​ថា ភាព​ជា​អ្នកដឹកនាំ​ត្រូវ​ធ្លាក់ទៅលើ​កូរ៉ុម​នៃ​ពួកសាវកដប់ពីរ​នាក់​ដោយ​ត្រឹមត្រូវ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ មនុស្ស​មួយចំនួន​បានដាក់​នូវកា​រអះអាងខុស​ឆ្គងថា ពួកគេ​មានសិទ្ធិ​ដើម្បីដឹកនាំ​សាសនាចក្រ ។ នៅក្នុង​ចំណោម​ពួកគេ​គឺ​មាន ស៊ីឌនី រិកដុន និង ជេម ស្ទ្រាង ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​កថាខណ្ឌចំនួន​បី​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុងថ្នាក់ស្តាប់ និងស្វែងរក​មូលហេតុ​ដែល ស៊ីឌនី រិកដុន ដែលបានធ្វើ​ជា​អ្នកដឹកនាំ​ដ៏​សំខាន់​មួយរូប​នៅក្នុង​សាសនាចក្រ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ បានគិត​ថា គាត់​គួរ​តែ​ដឹកនាំ​សាសនាចក្រ ។

« ស៊ីឌនី រិកដុន ជា​ទីប្រឹក្សា​ទីមួយ​នៅក្នុង​គណៈប្រធាន​ទីមួយ បាន​មកដល់ [​ទីក្រុង​ណៅវូ] ​ពី​ភិតស្បឺក រដ្ឋផែនសីលវេញ៉ា នៅថ្ងៃទី ៣ ខែ សីហា ឆ្នាំ ១៨៤៤ ។ នៅក្នុង​ឆ្នាំ​មុននេះ គាត់បាន​ចាប់​ផ្ដើម​ដើរ​ផ្លូវ​ទាស់​នឹង​ការប្រឹក្សា​របស់​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​បាន​បំបែក​ខ្លួន​ចេញពី​សាសនាចក្រ ។ គាត់​បាន​បដិសេធ​មិន​ជួប​ជាមួយ​សមាជិក​បី​រូប​នៃ​ពួក​ដប់ពីរ​នាក់​រួច​ទៅ​ហើយ កាល​នៅ​ទីក្រុង ណៅវូ ហើយ​ជំនួស​ឲ្យ​ការ​មក​ជួប​នោះ គាត់​បែរ​ជា​ទៅ​ថ្លែង​ទៅ​កាន់​ពួកបរិសុទ្ធ​មួយ​ក្រុម​ធំ ដែល​មក​ជួប​ជុំ​គ្នា​ថ្វាយ​បង្គំ​នៅ​ថ្ងៃ​អាទិត្យ » (កេរដំណែល​របស់​យើង ៖ ប្រវត្តិ​សង្ខេប​របស់​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយឆ្នាំ ១៩៩៦ ] ទំព័រ ៦៦ ) ។

ស៊ីឌនី រិកដុន បាន​កោះហៅ​ឲ្យ​មាន​ការប្រជុំ​ជាពិសេស​មួយ​នៅ​ថ្ងៃអង្គារ ទី ៦ ខែ សីហា ដើម្បី​ឲ្យ​សមាជិក​សាសនាចក្រ​អាច​ជ្រើសរើស​អ្នក​គាំពារ​សាសនាចក្រ​ម្នាក់ ។ វា​មើល​ទៅ​ហាក់ដូចជា ស៊ីឌនី រិកដុន បាន​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​ការប្រជុំ​នេះ​មាន​សមាជិក​សាសនាចក្រ​អនុម័ត​ឲ្យ​គាត់​មាន​តំណែង​ជា​អ្នកគាំពារ​សាសនាចក្រ មុនពេល​ពួកសាវក​ដប់ពីរ​នាក់​ទាំងអស់ ​បាន​ត្រឡប់​មកពី​បេសកកម្ម​របស់​ពួកគេ​ពី​ភាគខាងកើតនៃ​សហរដ្ឋ​អាមេរិកវិញ​ ។ ពួកអ្នកដឹកនាំ​សាសនាចក្រ​មួយចំនួន បាន​ដឹង​ថា បងប្រុស រិកដុន អាច​នឹង​គ្រោង « ឈ្លាត​យក​ឱកាស​ពី​ស្ថានភាព​របស់​ពួកបរិសុទ្ធ » (History of the Church៧:២២៥ ) ។ ជាអកុសល ដោយសារតែ​ការខិតខំ​របស់​អែលឌើរ វិលឡឺឌ រីឆាដ និង​អែលឌើរ ប៉ាលី ភី ប្រាត្ត ការប្រជុំ​នោះ​ត្រូវ​លើកទៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ ខែ សីហា ឆ្នាំ ១៨៤៤ ដែល​ជា​ពេល​ដែល​ពួកសាវក​ភាគច្រើន​បាន​ត្រឡប់មក​ដល់​ទីក្រុង​ណៅវូ​វិញ ។

ស៊ីឌនី រិកដុន បានទាមទារ​ថា ដោយសារ​គាត់​ត្រូវបាន​ហៅ និង​តែងតាំង​ជា​អ្នក​នាំ​ពាក្យ​របស់​យ៉ូសែប ស្ម៊ីធ ពីមុន​មក ( សូមមើលគ. និង ស. ១០០:៩នោះ​វា​ជា​ទំនួលខុសត្រូវ​របស់​គាត់​ដើម្បី « មើល​ថា សាសនាចក្រ​នេះ​ត្រូវបានដឹកនាំ​តាម​របៀប​ត្រឹមត្រូវ​ » ( នៅក្នុងHistory of the Church៧:២២៩ ) ។ គាត់​ក៏​បានអះអាង​ថា គាត់គួរ​តែ​ជា « អ្នកគាំពារ​ដល់​ប្រជាជន » ហើយ​ថា​នៅក្នុង​ការបំពេញ​នូវ​ទំនួលខុសត្រូវ​នេះ នោះ​គាត់​កំពុង​ធ្វើនូវ​អ្វី​ដែល​ព្រះ​បាន​បញ្ជា​គាត់​ឲ្យធ្វើ ( សូមមើល​History of the Church៧:២៣០ ) ។

  • បើ​អ្នក​បាន​ទៅ​ទីក្រុង ណៅវូ ក្នុង​គ្រា​នោះ តើ​អ្នក​គិត​ថា​ការ​អះអាង​របស់ ស៊ីឌនី​ រិកដុន​យ៉ាងណា​ដែរ ? តើ​អ្នក​អាច​នឹង​មាន​ការ​បារម្ភអ្វីខ្លះ អំពីបងប្រុស រិកដុន ?​

សូមអញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​កថាខណ្ឌ​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្សក្នុង​ថ្នាក់​ស្ដាប់​រកពីមូលហេតុ​ដែល ​ជេម ស្ទ្រាង បាន​និយាយ​ថា គាត់គួរ​តែ​ដឹក​នាំ​សាសនាចក្រ ។

​ជេម ស្ទ្រាង ដែល​បាន​ទទួលបុណ្យជ្រមុជទឹក​នៅ​ខែ​កុម្ភៈ ឆ្នាំ ១៨៤៤ បានរក​ឃើញ​ទីតាំង​មួយ សម្រាប់​ពួកបរិសុទ្ធ​នៅ រដ្ឋវីស្កុនស៊ីន​ ក្នុង​និទារឃរដូវ​ឆ្នាំ ១៨៤៤ ។ បន្ទាប់ពី​ទុក្ករកម្ម​ នោះ​ជេម ស្ទ្រាង បានអះអាង​ថា បានទទួល​សំបុត្រ​មួយមកពី យ៉ូសែប ស៊្មីធ ដោយថ្លែង​ថា គាត់​ត្រូវ​បាន​តែងតាំង​ឲ្យធ្វើ​ជា​អ្នក​ស្នង​តំណែងយ៉ូសែប ។ សំបុត្រ​របស់ ជេម ស្ទ្រាង ដែលគាត់បានបង្ហាញ​ដល់សមាជិក​សាសនាចក្រ បាន​មាននូវ​ហត្ថលេខា​របស់ យ៉ូសែប ស៊្មីធ ។ ជេម ស្ទ្រាង បានអះអាង​ឲ្យធ្វើជា​ព្យាការី​បន្ទាប់ ហើយបាន​ប្រកាស​តំណែង​របស់គាត់​នៅក្នុង​សន្និសីទ​មួយ​របស់​សាសនាចក្រ នៅ​ទីក្រុងមីឈីហ្គែន នៅថ្ងៃទី ៥ ខែ​សីហា ឆ្នាំ ១៨៤៤ ។

  • បើអ្នក​បាននៅជាមួយ​នឹង​ពួកបរិសុទ្ធ​នៅ ទីក្រុងមីឈីហ្គែន តើអ្នកគិត​ថា​អ្នក​នឹង​ជឿ​ទៅលើការ​អះអាង​របស់ ជេម​ ស្ទ្រាង ដែរ​ឬទេ ? តើ​អ្នក​អាច​នឹង​មាន​ការ​បារម្ភអ្វីខ្លះ អំពីការ​អះអាង​ទាំងនេះ ?​

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន​កថាខណ្ឌ​ចំនួន​ប្រាំ​ដូច​ខាង​ក្រោម​ឲ្យ​ឮៗ ។ សូម​ឲ្យសិស្ស​ស្ដាប់​នូវអ្វី​ដែល ព្រិកហាំ យ៉ង់ បាន​ប្រាប់​ដល់អ្នកដឹក​នាំ​បព្វជិតភាព​ដទៃទៀត ដោយ​រួម​ទាំង​សមាជិក​នៃ​កូរ៉ូមនៃ​ពួកសាវក​ដប់ពីរ​នាក់ ដែល​នៅ​ទីក្រុង ណៅវូ អំពី​នរណា​គួរ​តែ​ដឹកនាំ​សាសនាចក្រ ៖

អែលឌើរ យ៉ូហាន ថេលើរ, វិលឡឺដ រីឆាដ, ប៉ាលី ភី ប្រាត្ត គឺ​បាននៅក្នុង​ទីក្រុង​ណៅវូ​ស្រាប់ នៅពេល​ស៊ីឌនី រិកដុន បាន​មកដល់ ។ ពួកសាវក​ឯ​ទៀត​ភាគច្រើន​ព្រម​ទាំង ព្រិកហាំ យ៉ង់ បាន​ត្រឡប់​មក​ដល់​ទីក្រុង ណៅវូ វិញ​នា​ល្ងាច​ថ្ងៃទី ៦ ខែ សីហា ឆ្នាំ ១៨៤៤ ។ នៅ​ថ្ងៃ​បន្ទាប់ ថ្ងៃទី ៧ ខែ សីហា ពួកសាវក​បាន​ជួប​ជុំ​ក្រុមប្រឹក្សា​នៅផ្ទះ​របស់​យ៉ូហាន ថេលើរ ។ នា​ពេល​រសៀល​នៅថ្ងៃនោះ ពួកសាវក​ដប់ពីរនាក់ ក្រុមប្រឹក្សា​ជាន់ខ្ពស់ និង​ពួកសង្ឃ​ជាន់ខ្ពស់​បាន​ជួប​ជុំ​គ្នា ។ ប្រធាន យ៉ង់ បានសួរ​ដល់​ស៊ីឌនី រិកដុន ឲ្យ​ថ្លែងប្រាប់​ពី​សារលិខិត​របស់គាត់​ដល់​ពួកបរិសុទ្ធ ។ ស៊ីឌនី រិកដុន បាន​ប្រកាស​ដោយ​អង់អាច​ថា គាត់​បាន​ឃើញ​ការនិមិត្ត​មួយ ហើយ​ថា​គ្មាន​បុរស​ណា​អាច​បន្ត​តំណែង យ៉ូសែប ស្ម៊ីធ ជា​ប្រធាន​នៃ​សាសនាចក្រ​ទេ ។ ភ្លាម​នោះ​លោក​បាន​ស្នើ​ថា លោក​ត្រូវបាន​តែងតាំង​ជា​អាណាព្យាបាល​នៃ​ប្រជាជន​នេះ ។

ក្រោយ​ពី ស៊ីឌនី រិកដុន បាន​បញ្ចប់​សុន្ទរកថា​របស់​គាត់ ព្រិកហាំ យ៉ង់ បានមានប្រសាសន៍ ៖

រូបភាព
ប្រធាន ព្រិកហាំ យ៉ង់

« ខ្ញុំ​មិន​ខ្វល់​ថា​នរណា​ដឹកនាំ​សាសនាចក្រ​នោះ​ទេ … ប៉ុន្ដែ​មាន​រឿង​មួយ​ដែល​ខ្ញុំ​ត្រូវតែ​ដឹង ហើយ​ថា​នោះ​ជា​អ្វី​ដែល​ព្រះ​មាន​បន្ទូល​អំពី​វា ។ ខ្ញុំ​មាន​កូនសោ និង មាន​វិធី​ជាច្រើនក្នុង​ការទទួល​បាន​ព្រះឆន្ទៈ​នៃ​ព្រះ​លើ​ការងារ​នេះ ។…

« យ៉ូសែប បាន​ប្រគល់​មក​លើ​ក្បាល​យើង [សំដៅទៅលើ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់] នូវកូនសោ និង​អំណាច​ទាំងអស់ ដែល​ជា​របស់​ផង​សាវក ដែល​លោក​ផ្ទាល់​បានកាន់ មុន​ពេល​លោក​ត្រូវ​បាន​នាំយកទៅ ។…

« តើ​យ៉ូសែប បាន​និយាយ​ប៉ុន្មាន​ដង​ដល់​ពួកសាវក​ថា ‹ ខ្ញុំបានដាក់គ្រឹះ ហើយ​អ្នក​ត្រូវតែ​សាងនៅ​លើ​វា ដ្បិត​នៅលើ​ស្មា​អ្នក នោះ​នគរ​នឹង​សម្រាក › » ( នៅក្នុងHistory of the Church៧:២៣០ ) ។

  • ហេតុអ្វីបានជា​ទីបន្ទាល់​របស់​ព្រិកហាំ យ៉ង់ អំពី​កូនសោ​នៃបព្វជិតភាពសំខាន់ម្ល៉េះ ? ( បន្ទាប់ពី​សិស្ស​ឆ្លើយ​តប សូម​សរសេរ​សេចក្ដីពិត​ដូច​ខាង​ក្រោម​នៅលើ​ក្ដារ​ខៀន ៖​ពួកសាវក​កាន់​កូនសោ​ទាំងអស់​នៃ​អំណាច​បព្វជិតភាព​ដែល​ចាំបាច់​ដើម្បីធ្វើជា​អធិបតី​ដល់​សាសនាចក្រ) ។

សូម​ពន្យល់​ថា នៅពេល​សាវក​ម្នាក់​ត្រូវ​បាន​តែងតាំង នោះ​លោក​ត្រូវ​បាន​ប្រគល់​ឲ្យ​នូវ​កូនសោ​ចាំបាច់​ទាំងអស់​នៃ​បព្វជិតភាព​នៅលើ​ផែនដី​នេះ ( សូមមើលគ. និង ស. ១១២:៣០-៣២) ប៉ុន្តែ​សិទ្ធិអំណាច​ដើម្បី​អនុវត្ត​កូនសោ​ទាំងនោះ ត្រូវ​បាន​កំណត់​ចំពោះ​តែ​សាវក​រៀមច្បង ប្រធាននៃ​សាសនាចក្រ​តែប៉ុណ្ណោះ ។

សូមអានឲ្យ​ឮៗ​នូវ​សេចក្ដីណែនាំ​ដូច​ខាង​ក្រោម​ ដែល​បាន​ផ្តល់ឲ្យ ដោយ​ យ៉ូសែប ស៊្មីធ ទៅកាន់ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៅ​ខែ​មករា ឆ្នាំ ១៨៣៦ មានរយៈពេល​ច្រើនជាង​ប្រាំបី​ឆ្នាំ មុន​ពេល​លោក​បាន​ស្លាប់ ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ពួកដប់ពីរ​នាក់ ពុំ​ស្ថិត​នៅក្រោមអ្នក​ផ្សេង​ក្រៅ​ពី គណៈ​ប្រធាន​ទី​មួយ នោះឡើយ… ‹ ហើយ​កន្លែង​ណា​បើ​គ្មានខ្ញុំ នោះ​គ្មានគណៈ​ប្រធាន​ទីមួយ ធ្វើ​ជាអធិបតី​លើ​ពួកដប់ពីរ​នាក់ឡើយ ›» ( នៅក្នុង ​History of the Church២:៣៧៤ ) ។

  • ផ្អែកទៅលើ​សេចក្ដីថ្លែង​ការណ៍នេះ តើ​មានអ្វីកើតឡើង​ចំពោះ​គណៈប្រធាន​ទីមួយ នៅពេល​ប្រធាន​សាសនាចក្រ​ស្លាប់ ? តើ​នរណា​ដឹកនាំ​សាសនាចក្រ ? ( បន្ទាប់ពីសិស្ស​ឆ្លើយ​តប សូម​សរសេរ​គោលលទ្ធិ​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖នៅពេល​ប្រធាន​នៃ​សាសនាចក្រ​ស្លាប់ទៅ នោះគណៈប្រធាន​ទី​មួយ ត្រូវ​បាន​រំលាយ ហើយ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បាន​ក្លាយជា​កូរ៉ុម​ជា​អធិបតី ) ។

សូម​ពន្យល់​ថា នៅពេល​ប្រធាន​សាសនាចក្រ​ស្លាប់ នោះទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​ទីមួយ នឹង​ត្រឡប់ទៅ​តំណែង​ពួក​លោកម្ដង​ទៀត​ក្នុង​នាម​ជា​សមាជិក​ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់​ពីរនាក់​ ដោយ​ផ្អែក​លើ​ភាព​ជា​សិស្ស​ច្បង​របស់​ខ្លួន​នៅ​ក្នុង​កូរ៉ុម ។ នៅពេល​កូរ៉ុម​ត្រូវ​បានប​ង្កើត​ឡើងដំបូង​នៅ​ក្នុង​ឆ្នាំ ១៨៣៥ នោះ​ភាព​ជារៀមច្បង គឺ​ត្រូវ​បាន​សម្រេច​ដោយវ័យ ។ ឥឡូវ ភាព​ជា​រៀមច្បង គឺ​ត្រូវ​បាន​កំណត់​ដោយ​កាលបរិច្ឆេទ​ដែល​បុរស​ម្នាក់​បាន​ក្លាយទៅជា​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១២៤:១២៧-១២៨ ឲ្យឮៗ ហើយ​សុំ​ដល់​សិស្ស​ក្នុង​ថ្នាក់​រកមើល​ថា​តើនរណា គឺជា​សាវក​រៀម​ច្បង​ និង​ជា​ប្រធាន​នៃ​កូរ៉ុមនៃ​ពួកសាវក​ដប់ពីរ​នាក់ នៅ​គ្រា​ដែល​យ៉ូសែប ស្ម៊ីធ ស្លាប់ ។ សូម​ឲ្យ​ពួកគេ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បានរៀន ។

  • ផ្អែកទៅលើ​អ្វី​ដែលអ្នកបាន​រៀន ហេតុអ្វី​បានជាអ្នក​ស្ម័គ្រចិត្ត​ធ្វើតាម​ ព្រិកហាំ យ៉ង់ បន្ទាប់ពី​ការ​ស្លាប់​របស់ ព្យាការី​យ៉ូសែប ស្ម៊ីធ ?

សូមបំពេញ​គោលលទ្ធិ​នៅលើ​ក្ដារខៀន​ដោយបន្ថែម​នូវ​ផ្នែក​ដែល​បាន​គូស​បន្ទាត់ពី​ក្រោម ៖​នៅពេល​ប្រធាន​នៃ​សាសនាចក្រ​ស្លាប់ នោះ​គណៈប្រធានទីមួយ ត្រូវ​បានរំលាយ ហើយ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ បាន​ក្លាយទៅ​ជា​កូរ៉ុម​ជា​អធិបតី នៅ​ក្រោម​ការ​ដឹកនាំ​របស់​សាវក​រៀម​ច្បង ។

ពួកបរិសុទ្ធ​ជាច្រើន បានទទួលសាក្សី​មួយថា ព្រិកហាំ យ៉ង់ គួរ​តែ​ដឹកនាំ​សាសនាចក្រ

សូម​ពន្យល់​ថា ​នៅ​ថ្ងៃទី ៨ ខែ សីហា ឆ្នាំ ១៨៤៤ ពួកបរិសុទ្ធ​នៅ​ទីក្រុង​ណៅវូ​បាន​ប្រជុំ​គ្នានៅ​ម៉ោង ១០ ព្រឹក ដើម្បី​ស្ដាប់ ស៊ីឌនី រិកដុន ធ្វើការ​អះអាង​ខ្លួនថា​ជា​អ្នកគាំពារ​សាសនាចក្រ ។ ដោយសារ​តែ​ខ្យល់​បាន​បោកបក់ទៅ​ចំ​វេទិកា នោះ ស៊ីឌនី រិកដុន បាន​នៅ​ត្រង់​កន្លែងក្នុង​រទេះ​សេះ​មួយ ពីខាង​ក្រោយ​ក្រុមជំនុំ​ដែល​បាន​ជួបជុំគ្នា ដូច្នេះ​ប្រជាជន​ពុំ​អាច​ឮ​សំឡេ​គាត់ច្បាស់ឡើយ ។ ដែលក្រុមជំនុំ​ត្រូវ​បែរ​ក្រោយ​ដើម្បី​ពួកគេ​អាច​មើល​ឃើញ​ស៊ីឌនី រិកដុន នៅពេល​គាត់និយាយ ។ គាត់​បាន​និយាយ​ដល់​ពួកបរិសុទ្ធ​ដែល​មក​ប្រជុំ​រាប់ពាន់​នាក់​ អស់រយៈ​ពេល​មួយ​ម៉ោង​កន្លះ ដោយ​ពន្យល់​ពី​មូលហេតុ​ដែល​គាត់​គួរតែ​ក្លាយជា​អ្នក​គាំពារ​សាសនាចក្រ ។ មនុស្ស​បីបួន​នាក់​បាន​និយាយ​ថា សុន្ទរកថា​របស់​គាត់​មិនមែន​ជា​ការបំផុស​គំនិត​នោះ​ទេ ។

ប្រធាន ព្រិកហាំ យ៉ង់ និង អ្នក​ដឹកនាំ​សាសនាចក្រ​ដទៃទៀត បាន​មក​ចូលរួម ហើយ​អង្គុយ​នៅ​លើ​វេទិកា​ប្រទល់​មុខ​នឹង ស៊ីឌនី រិកដុន ដែល​កំពុង​តែ​ថ្លែង​នោះ ។ ខ្យល់​បាន​ស្ងប់​ទៅវិញ​ ត្រង់ពេលនេះ ។ បន្ទាប់ពី ស៊ីឌនី រិកដុន​បាន​បញ្ចប់ ប្រធាន ព្រិកហាំ យ៉ង់ បាន​មានប្រសាសន៍ ។ បណ្តាជនទាំងឡាយ​បាន​ងាក​ត្រឡប់មក​ស្ដាប់ ព្រិកហាំ យ៉ង់ មានប្រសាសន៍ ហើយ​បែរខ្នង​ទៅ​រទេះ​សេះ​ដែល​ស៊ីនឌី រិកដុន​ស្ថិត​នៅ​នោះ​វិញ ។ ( សូមមើល George Q. Cannon, « Discourse, » Deseret News, ថ្ងៃទី ២១ ខែ​កុម្ភៈ ឆ្នាំ ១៨៨៣, ៦៧ ) ។ ប្រធាន ព្រិកហាំ យ៉ង់ បាន​និយាយ​ដោយខ្លី ហើយ​បាន​ថ្លែង​ថា លោក​ចង់​ត្រឡប់​មក​ក្រុង​ណៅវូ​ ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ដល់​ព្យាការី ជាជាង​ដើម្បីមក​តែងតាំង​អ្នកដឹកនាំថ្មីមួយ ។ លោក​បាន​ប្រកាស​ថា ការប្រមូលផ្តុំ​នៃ​ថ្នាក់ដឹកនាំ និង​សមាជិក​នឹង​ធ្វើ​ឡើង​ពេល​ក្រោយ​នៅ​ថ្ងៃ​នោះ​វេលា​ម៉ោង ២ រសៀល ។ ក្រោយមក​សមាជិក​មួយ​ចំនួន​របស់​សាសនាចក្រ​បាន​ថ្លែង​ទីបន្ទាល់​ថា ពេល​ប្រធាន ព្រិកហាំ យ៉ង បាន​មាន​ប្រសាសន៍ នោះ​ពួកគេ​បាន​ឃើញ​ថា​ទឹកមុខ​របស់​លោក​បាន​ផ្លាស់ប្តូរ ហើយ​បាន​ឮ​សំឡេង​របស់​លោក​បាន​ផ្លាស់ប្តូរ ហើយ​លោក​បាន​បាន​មាន​ទឹកមុខ និង​សំឡេង​ដូច​នឹង​ព្យាការី យ៉ូសែប ស៊្មីធ ។ ព្រឹត្តការណ៍​ដ៏​អព្ភូតហេតុ​នេះ បានជួយ​ឲ្យពួកបរិសុទ្ធ​ជា​ច្រើន​បានដឹងថា ព្រះអម្ចាស់​សព្វព្រះទ័យ​ឲ្យ ព្រិកហាំ យ៉ង់ ដឹកនាំ​សាសនាចក្រ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវ​ឧទាហរណ៍​ដូច​ខាង​ក្រោម​អំពី​អ្វី​ដែលពួកបរិសុទ្ធ​ជាច្រើន​បាន​មើលឃើញ និង​បានស្ដាប់​ឮៗ ៖

រូបភាព
បេនយ៉ាមីន អេហ្វ ចនសុន

បេនយ៉ាមីន អេហ្វ ចនសុន បាន​រំឭក​ថា « រំពេច​ដែល​លោក [ព្រិកហាំ យ៉ង់] មានប្រសាសន៍​ភ្លាម នោះ​ខ្ញុំ​បាន​ក្រោកឈរ​ឡើង ដ្បិតវា​គឺ​ជា​សំឡេង​របស់ យ៉ូសែប ​គ្រប់ពាក្យ ហើយ​រូបរាង​លោក​ផ្ទាល់ ទាំង​អាកប្បកិរិយា សម្លៀក​បំពាក់ និង​រូបរាង គឺ​ដូចជា​ យ៉ូសែបផ្ទាល់ នៅរស់រវើក ហើយ​ខ្ញុំ​ដឹង​មួយរំពេច​នោះ​ថា ព្រះវិញ្ញាណ និងមានជារូប​របស់​យ៉ូសែប​មក​គ្របលើ​លោក » (My Life’s Review១០៤ ដូច​បានដកស្រង់​នៅក្នុងChurch History in the Fulness of Times Student Manual,បោះពុម្ពជាលើក​ទីពីរ [Church Educational System manual, ឆ្នាំ ២០០៣], ទំព័រ ២៩១) ។

វិលលាម ស៊ី ស្តេន បានពិពណ៌នា​ថា ព្រិកហាំ យ៉ង់ នៅពេល​កំពុង​តែ​និយាយ « សំឡេង​លោក​គឺ​ដូចជា​សំឡេង​របស់ ព្យាការី​យ៉ូសែប ។ ខ្ញុំ​បានគិត​វា ជា​យ៉ូសែប ហើយ​មានមនុស្ស​រាប់ពាន់​បាន​ស្ដាប់​ឮ​ដូចគ្នានេះដែរ » (​នៅក្នុងHistory of the Church៧:២៣៦ ) ។

រូបភាព
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

វិលហ្វូឌ វូឌដ្រុព្វ បាន​សរសេរ​ថា « បើ​ខ្ញុំ​ពុំ​ធ្លាប់​បាន​ឃើញ ព្រិកហាំ យ៉ង់ ដោយ​ផ្ទាល់​ភ្នែក​របស់​ខ្ញុំ​ទេ នោះ​គ្មាន​នរណា​ម្នាក់ ដែល​អាច​មក​បញ្ចុះបញ្ចូល​ខ្ញុំ​ឲ្យ​ជឿ​ថា​អ្នក​ដែល​ឡើង​និយាយ​នោះ​ពុំ​មែន​ជា យ៉ូសែប ស៊្មីធ នោះ​ឡើយ ហើយ​មនុស្ស​គ្រប់រូប​ដែល​បាន​ស្គាល់​បុរស​ទាំងពីរ​រូប​នេះ អាច​ថ្លែង​ទីបន្ទាល់​ចំពោះ​ព្រឹត្តិការណ៍​នេះ​បាន ( នៅ​ក្នុង History of the Church៧:២៣៦ ) ។

សូម​ពន្យល់​ថា អំឡុង​ការ​ប្រជុំ​បានធ្វើ​ឡើង​ក្រោយមក​នៅ​ថ្ងៃ​នោះ វេលា​ម៉ោង ២:០០ រសៀល នោះ​ ព្រិកហាំ យ៉ង់ និង​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ផ្សេងទៀត​បាន​មាន​ប្រសាសន៍ ។ នៅពេល​លោក​បាន​និយាយ​នា​រសៀល​នោះ មាន​ពួកបរិសុទ្ធ​ជាច្រើន​បាន​និយាយ​ថា ព្រិកហាំ យ៉ង់ បានមើលទៅ និង​ស្ដាប់​ទៅឮ​ដូចជា​យ៉ូសែប ស្ម៊ីធ ។ ចច ឃ្យូ ខានុន ដែល​មាន​អាយុ ១៧ ឆ្នាំ​នា​គ្រា​នោះ បានចងចាំ​ថា « វា​គឺជា​សំឡេង​របស់ យ៉ូសែប ផ្ទាល់​មែន ។… វា​ហាក់ដូចជា​នៅក្នុងភ្នែករបស់​មនុស្ស​ដែល​នៅទីនោះ មើលឃើញ​ថាជា​យ៉ូសែប ដែល​កំពុង​ឈរ​នៅចំពោះ​មុខពួកគេនោះ » ( នៅក្នុង History of the Church,៧:២៣៦; សូមមើល​ផងដែរ Edward William Tullidge, Life of Brigham Youngឆ្នាំ ១៨៧៧], ទំព័រ ១១៥) ។ បន្ថែមលើ​អព្ភូតហេតុ​នោះ ពួកបរិសុទ្ធ​ជាច្រើន​ក៏​បាន​មាន​អារម្មណ៍​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ​ធ្វើ​ជាសាក្សី​ដល់​ពួកគេ​ថា ព្រិកហាំ យ៉ង់ និង​កូរ៉ុម​នៃ​ពួកដប់ពីរ​នាក់​ត្រូវបាន​ហៅ​ដោយ​ព្រះ​ដើម្បី​ដឹកនាំ​សាសនាចក្រ ។ នៅពេល​បញ្ចប់​នៃ​ការប្រជុំ​នេះ ពួកបរិសុទ្ធ​នៅទីក្រុង​ណៅវូ​បានបោះឆ្នោតដោយអនាមិក​ដើម្បីគាំទ្រដល់​កូរ៉ុមនៃពួកសាវកដប់ពីរ​នាក់ ដោយ​មាន​ព្រិកហាំ យ៉ង់ ជា​ប្រធាន​ដើម្បី​ដឹកនាំ​សាសនាចក្រ ។ ទោះជាយ៉ាងណាក្ដី ពុំមែនសមាជិកគ្រប់រូប​នៃ​សាសនាចក្រ​បាន​ជ្រើសរើស​ដើម្បី​ធ្វើតាម​ពួកសាវក​នៅទីបញ្ចប់​នោះទេ ។ ប្រជាជន​ខ្លះ​បាន​ជ្រើសរើស​ធ្វើតាម​បុគ្គលនានា​ដូចជា ស៊ីឌនី រិកដុន និង​ជេម ស្ទ្រាង ដែល​បាន​បង្កើត​សាសនាចក្រ​ផ្ទាល់ខ្លួន​របស់​ពួកគេ​ទៅ​វិញ ។

  • តើ​ព្រះអម្ចាស់​បាន​ប្រទានពរ​ដល់​ពួកបរិសុទ្ធ​ឲ្យ​ដឹង​ថា តើ​នរណា​ដែល​ទ្រង់​បាន​ចាត់តាំង​ឲ្យ​ដឹកនាំ​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

  • តើ​យើង​អាច​ដឹង​ថា អ្នកដឹកនាំ​សាសនាចក្រ​សព្វថ្ងៃនេះ​ត្រូវបាន​ហៅដោយ​ព្រះ​ដោយ​របៀប​ណា ? ( នៅពេល​សិស្ស​ឆ្លើយតប សូម​សរសេរ​នូវ​គោលការណ៍​ដូចខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ តាមរយៈ​ព្រះវិញ្ញាណ​បរិសុទ្ធ យើង​អាច​ទទួល​បាន​សាក្សី​មួយ​ថា អស់​អ្នកដែល​ដឹកនាំ​សាសនាចក្រ​ត្រូវបាន​ហៅ​បម្រើ​ដោយ​ព្រះ ) ។

  • ហេតុអ្វី​អ្នកគិត​ថា វា​សំខាន់​ដើម្បី​ទទួលទីបន្ទាល់​មួយថា អ្នកដឹកនាំ​សាសនាចក្រ​របស់​យើង ត្រូវ​បាន​ហៅ​ពីព្រះ ?

  • តើ​នៅពេលណា ដែលអ្នកបានទទួលសាក្សី​មួយ​ថា អ្នកដឹកនាំ​នៃ​សាសនាចក្រ​ម្នាក់ ត្រូវ​បាន​ហៅពី​ព្រះ​ ? តើ​អ្នក​បាន​ធ្វើ​អ្វី​ខ្លះ ដើម្បី​ទទួល​បាន​សាក្សីនោះ ?

សូម​ពន្យល់​ថា នៅពេល​យ៉ូសែប ស្ម៊ីធ បាន​ស្លាប់​ទៅ សាវក​រៀម​ច្បង (ព្រិកហាំ យ៉ង់ ) គឺ​អាច​អនុវត្ត​កូនសោ​អំណាច​បព្វជិតភាព​ទាំងអស់​បាន​ភ្លាមៗ ។ លោក​មានសិទ្ធិ​ដើម្បី​ទទួល​វិវរណៈ​ស្ដីអំពី​ពេលវេលាណា​ ​ដើម្បី​រៀបចំ​គណៈប្រធានទីមួយ​ថ្មី ។ នៅក្នុង​ឆ្នាំ ១៨៤៧ -- មានរយៈពេលច្រើនជាងពីរឆ្នាំ បន្ទាប់ពីការធ្វើទុក្ករកម្ម-- ព្រិកហាំ យ៉ង់ ត្រូវបានបំផុសគំនិតឲ្យរៀបចំគណៈប្រធាន​ទីមួយម្តងទៀត ជាជាង​បន្ដ​ដឹកនាំ​សាសនាចក្រ​ក្នុង​នាមជា​ប្រធាន​នៃ​ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។

សូម​បង្ហាញ​រូបភាព​នៃ​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ពេលបច្ចុប្បន្ន ។ ដើម្បី​ផ្ដល់​ឱកាស​ដល់សិស្ស​សង្ខេប​នូវ​អ្វី​ដែលពួកគេបានរៀន សូមឲ្យ​ពួកគេ​ពន្យល់​នូវ​អ្វី​ដែល​បាន​កើតឡើង​ចំពោះ​គណៈប្រធាន​ទីមួយ និង កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ នៅពេល​ប្រធាន​នៃ​សាសនាចក្រ​ស្លាប់ ។ សូម​ឲ្យពួកគេ​ប្រាប់​ថា នរណា​នឹង​ក្លាយជា​ប្រធាន​សាសនាចក្រ ឬ​សាវក​រៀមច្បង​ បើ​ប្រធាន​សាសនាចក្រ​បច្ចុប្បន្ន​ស្លាប់​នៅ​ថ្ងៃ​នេះ​នោះ ។

អ្នក​អាច​នឹង​ចង់​បញ្ចប់​មេរៀន​នេះដោយ​ការថ្លែង​ទីបន្ទាល់​ថា កូនសោ និង​អំណាច​បព្វជិតភាព​ដូចគ្នា​ដែល​យ៉ូសែប ស្ម៊ីធ បានប្រគល់ដល់​ព្រិកហាំ យ៉ង់ និង​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់​ ត្រូវបាន​កាន់​នៅថ្ងៃនេះ​ដោយ​ប្រធាន​នៃ​សាសនាចក្រ ទីប្រឹក្សា​របស់​លោក​នៅក្នុង​គណៈប្រធាន​ទីមួយ និង​សមាជិក​នៃ​កូរ៉ុម​នៃ​ពួកសាវក​ដប់ពីរ​នាក់ ។ អ្នក​ក៏​អាច​ចែកចាយ​ផងដែរពី​របៀប​ដែល​អ្នក​ទទួល​បាន​ទីបន្ទាល់​ថា អ្នកដឹកនាំ​សាសនាចក្រ​ត្រូវបាន​ហៅ​ដោយ​ព្រះ ។ សូម​អញ្ជើញ​សិស្ស​ឲ្យ​ស្វែងរក​ប្រកបដោយ​ការអធិស្ឋាន​ដើម្បី​ទទួល​បាន ឬ​ពង្រឹង​ដល់​ទីបន្ទាល់​របស់​ពួកគេ​អំពី​សេចក្ដីពិត ដែល​ពួកគេ​បាន​ពិភាក្សា​ថ្ងៃនេះ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

កាលវេលា​នៃ​ការ​ស្នងតំណែង​បន្ត​នៅក្នុង​គណៈប្រធានបន្ទាប់ពីការធ្វើទុក្ករកម្ម​របស់ យ៉ូសែប ស៊្មីធ

កាលបរិច្ឆេទ

ថ្ងៃទី ២៧ មិថុនា ឆ្នាំ ១៨៤៤

យ៉ូសែប និង ហៃរុម ស្ម៊ីធ ត្រូវ​បានគេធ្វើ​ទុក្ករកម្ម ។

ថ្ងៃទី ២៩ ខែ មិថុនា ឆ្នាំ ១៨៤៤

ពិធី​បើក​មុខ​សាកសព​ជា​សាធារណៈ​របស់ យ៉ូសែប និង ហៃរុម ស្ម៊ីធ ។

ថ្ងៃទី ២៧ ខែ​មិថុនា ដល់​ថ្ងៃទី ៧ ខែ​កក្កដា ឆ្នាំ ១៨៤៤

វិលឡឺដ រីឆាដ និង យ៉ូហាន ថេលើរ ដែល​រងរបួស គឺជា​សាវក​តែពីរ​នាក់គត់​ដែល​នៅទីក្រុង ណៅវូ

ថ្ងៃទី ៨ ខែ កក្កដា ឆ្នាំ ១៨៤៤

ប៉ាលី ភី ប្រាត្ត ត្រឡប់​ទៅ​ទីក្រុង ណៅវូ វិញ ហើយ​បាន​ជួយ វិលឡឺដ រិចឺត្ស និង យ៉ូហាន ថេលើរ រក្សា​របៀប​រៀបរយ​នៅ​ក្នុង​សាសនាចក្រ ។

ថ្ងៃទី ៣ ខែសីហា ឆ្នាំ ១៨៤៤

ស៊ីឌនី រិកដុន បាន​ទៅដល់ទីក្រុង ណៅវូ ពីភិតស្បឺក រដ្ឋផែនសីលវេញ៉ា ។

ថ្ងៃទី ៤ ខែសីហា ឆ្នាំ ១៨៤៤

ស៊ីឌនី រិកដុន បាន​ប្រាប់​ដល់​ពួកបរិសុទ្ធ​មួយ​ក្រុម​ថា គាត់​គួរតែ​ធ្វើការ​ជា​អាណាព្យាបាល​របស់​សាសនាចក្រ ហើយ​ចង់​មាន​ការប្រជុំ​ពិសេស​មួយ​ត្រូវ​ធ្វើឡើង​នៅ​ថ្ងៃទី ៦ ខែ សីហា ដើម្បី​អនុមតិ​ដល់​ការតែងតាំង​របស់​គាត់ ។ ការប្រជុំ​ត្រូវបាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី ៨ ខែ សីហា ។

ថ្ងៃ​ទី ៦ ខែ សីហា ឆ្នាំ ១៨៤៤

ពួកសាវក​ផ្សេង​ទៀត​ភាគច្រើន​ព្រមទាំង ព្រិកហាំ យ៉ង់ បាន​ត្រឡប់​មក​ទីក្រុង ណៅវូ ពី​បេសកកម្ម​របស់​ខ្លួន ។

ថ្ងៃ​ទី ៧ ខែ សីហា ឆ្នាំ ១៨៤៤

លុះព្រឹកឡើង ពួកសាវក​បាន​ជួបជុំគ្នា​នៅក្នុង​ផ្ទះ​របស់ យ៉ូហាន ថេលើរ ដែល​រងរបួស​នោះ ។

នៅការ​ប្រជុំ​ពេលរសៀល​មួយ​របស់ពួក​សាវក ក្រុមប្រឹក្សា​ជាន់ខ្ពស់ និង​សង្ឃជាន់ខ្ពស់ ស៊ីឌនី រិកដុន បាន​អះអាង​ជាថ្មី​ម្ដងទៀត​ថា គាត់​គួរតែ​ជា​អ្នកគាំពារ​សាសនាចក្រ ។ ព្រិកហាំ យ៉ង់ បាន​ថ្លែង​ថា លោក [ព្រិកហាំ យ៉ង់] ​កាន់កូនសោ​ទាំងឡាយ ហើយ​ចង់ធ្វើ​តាម​ព្រះហឬទ័យ​របស់​ព្រះអម្ចាស់​នៅក្នុង​រឿង​សំខាន់នេះ ។

ថ្ងៃទី ៨ ខែសីហា ឆ្នាំ ១៨៤៤

អំឡុង​ការ​ប្រជុំ​នៅ​ម៉ោង ១០ ព្រឹក ស៊ីឌនី​ រិកដុន បាន​និយាយ​រយៈពេល​មួយ​ម៉ោង​កន្លះ​ទៅកាន់​ពួកបរិសុទ្ធ​រាប់ពាន់​នាក់ ដែល​កំពុង​ជួបជុំគ្នា ដោយពន្យល់​ថា ហេតុអ្វី​គាត់គួរ​តែ​ជា​អ្នកគាំពារសាសនាចក្រ ។ ព្រិកហាំ យ៉ង់ ក៏​បាន​ថ្លែង​ផង​ដែរ ហើយ​បាន​ហៅ​ពួកបរិសុទ្ធ​មក​ជួបជុំ​គ្នា​ម្ដងទៀត ដើម្បី​ធ្វើ​ការប្រជុំ​នៅ​ម៉ោង ២ រសៀល ។ អំឡុង​ការប្រជុំ​ទាំង​ពីរ​លើក​នោះ ពួក​បរិសុទ្ធ​ជា​ច្រើន​បាន​ឃើញ ព្រិកហាំ យ៉ង់ បង្ហាញ​រូបរាង និង សំឡេង​ដូចជា​ព្យាការី យ៉ូសែប ស៊្មីធ ។

អំឡុង​ការប្រជុំ​ម៉ោង ២ រសៀល ពួកបរិសុទ្ធ​បានគាំទ្រ ព្រិកហាំ យ៉ង់ និង ពួក​សាវក​ដប់ពីរ​នាក់ ជា​អ្នកដឹកនាំ​សាសនាចក្រ ។ មានសមាជិកនៃ​សាសនាចក្រ​ជាច្រើន បានធ្វើជា​សាក្សី​អំពីរូប​របស់​ព្យាការី យ៉ូសែប ស៊្មីធ មកគ្របបាំង​លើ ព្រិកហាំ យ៉ង់ ដែល ​បានមាន​រូបរាង និងសំឡេង​ដូចជា យ៉ូសែប ស្ម៊ីធ ​ក្នុង​ពេលបណ្ដោះអាសន្ន ។

ការ​ស្នង​តំណែង​បន្តនៅក្នុងគណៈប្រធាន​នៃ​សាសនាចក្រ ត្រូវ​បាន​បង្កើតឡើង​ដោយព្រះអម្ចាស់

ការ​ស្នងតំណែង​បន្ត​នៅក្នុងគណៈប្រធាន​នៃ​សាសនាចក្រ ត្រូវ​បាន​បង្កើតឡើង​ដោយព្រះអម្ចាស់ ។ សាសនាចក្រ​ពុំដែលគ្មាន​អ្នកដឹកនាំ​ដ៏បំផុសគំនិត​ទេ ហើយគ្មានមូលហេតុ​ណា​ដែល​ត្រូវ​មានពាក្យ​ចចាមអារាម ឬ​ទំនាស់អំពី​នរណា​នឹង​ក្លាយជា​ប្រធាន​សាសនាចក្រ​បន្ទាប់​នោះទេ ។

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​បង្រៀន​ថា « ព្រះទ្រង់​ញាណ​ដឹង​រឿងគ្រប់យ៉ាង តាំង​ពី​ពេល​ចាប់​ផ្ដើមដល់​ចុង​បញ្ចប់ ហើយ​គ្មាន​មនុស្ស​ណា​អាច​ក្លាយជា​ប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវ ដោយ​ចៃដន្យ​នោះទេ ឬ​បាន​បន្តនៅទីនោះ​ដោយ​ចៃដន្យ​ ឬ​ត្រូវ​បាន​ហៅ​ត្រឡប់ទៅផ្ទះ​ដោយចៃដន្យ​នោះដែរ » («Jesus Christ—Gifts and Expectations,»New Eraខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ១៦-១៧ ) ។

ការ​ប្រគល់​កូនសោ​នៃ​នគរ​មកលើ​ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​របស់​យ៉ូសែប ស៊្មីធ

វិលហ្វូឌ វូឌដ្រុព្វ ដែលជា​សមាជិក​មួយរូប​នៃ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ បានកត់ត្រា​នូវ​អ្វី​ដែលបានកើតឡើង​នៅក្នុង​ខែ មិនា ឆ្នាំ ១៨៤៤ ពីមុនពេល យ៉ូសែប ស៊្មីធ ត្រូវ​គេ​សម្លាប់ថា ៖

រូបភាព
ប្រធាន វិលហ្វូឌ វូឌដ្រុព្វ

« លោក​បាន​ឈរ​រយៈពេល​បីម៉ោង​នៅក្នុង​បន្ទប់មួយ ថ្លែង​មក​កាន់​យើង​នូវ​ការ​បង្រៀន​ចុង​ក្រោយ​របស់​លោក ។ នៅក្នុង​បន្ទប់មានពេញ​ទៅដោយ​ពន្លឺរស្មី ។​ ផ្ទៃ​មុខ​របស់​លោក​រស្មី​ភ្លឺថ្លា សម្ដីរបស់លោក​គឺ​ថ្លែង​យ៉ាង​ច្បាស់ៗ​ដូច​ជា​ផ្លេក​បន្ទោរ​មក​កាន់​យើង ។​ គ្រប់​ពាក្យបាន​ចាក់ចូល​ក្នុងគ្រប់ផ្នែក​នៃ​រូបកាយ​របស់​យើង ចាប់​តាំង​ពី​ក្បាល​រហូត​ដល់​ចុង​ជើង ។ លោក​មានប្រសាសន៍​ថា ‹ បងប្អូន​ប្រុស​អើយ ព្រះអម្ចាស់​ដ៏​មាន​មហិទ្ធិឬទ្ធិ បាន​ផ្សារភ្ជាប់មក​លើ​ក្បាល​ខ្ញុំ​នូវ​គ្រប់បព្វជិតភាព គ្រប់កូនសោ គ្រប់អំណាច គ្រប់គោលការណ៍​ដែល​ជារបស់​ផង​នៃ​គ្រា​កាន់កាប់​ត្រួតត្រា​ចុង​ក្រោយ​នៃ​ពេល​ដ៏ពេញ​កំណត់ និង​ដើម្បី​ស្ថាបនា​ឡើង​នៃ​នគរ​ព្រះ ។ ខ្ញុំ​បាន​ផ្សារភ្ជាប់​នៅលើ​ក្បាល​របស់បងប្អូន​នូវគ្រប់​គោលការណ៍ គ្រប់​បព្វជិតភាព គ្រប់​ភាព​ជា​សាវក និងកូនសោ​ទាំងឡាយនោះ​នៃ​នគរ​ព្រះ ហើយ​ឥឡូវ​នេះ អ្នកត្រូវ​ត្រៀម​ស្មាដើម្បីទទួល​ខុស​ត្រូវ​ចំពោះ​នគរ​នេះ បើ​មិនដូច្នោះ​អ្នក​នឹង​ត្រូវ​បណ្ដាសារ ›» (Teachings of Presidents of the Church: Wilford Woodruff[ ឆ្នាំ ២០០៤]xxxii) ។