ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៨៤ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៨១


មេរៀន​ទី ៨៤

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១

បុព្វកថា

នៅថ្ងៃ​ទី ៨ ខែ មិនា ឆ្នាំ ១៨៣២ ព្រះអម្ចាស់​បាន​ហៅ ចែស៊ី កស និង ស៊ីឌនី រិកដុន ឲ្យ​បម្រើ​ជា​ទីប្រឹក្សា​របស់ យ៉ូសែប ស៊្មីធ ។ នៅ​មួយ​សប្ដាហ៍​ក្រោយមក នៅថ្ងៃទី ១៥ ខែ មិនា ឆ្នាំ ១៨៣២ ព្រះអម្ចាស់​បាន​ប្រទាន​វិវរណៈ​ដែលបាន​កត់ត្រា​នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១។ នៅ​ក្នុងវិវរណៈ​នេះ ទ្រង់​បាន​ពិពណ៌នា​អំពី​តួនាទី​របស់​ទីប្រឹក្សា​ទៅកាន់​ប្រធាន​សាសនាចក្រ និង​បានចែង​ពី​ពរជ័យ​ទាំងឡាយ​សម្រាប់អ្នក​ទាំងឡាយ​ដែល​ស្មោះត្រង់​នៅក្នុង​ការ​បម្រើ​របស់ពួកគេ ។ ចែស៊ី កស ពុំ​បន្ដ​នៅ​ស្មោះត្រង់​ទេ រួច​ព្រះអម្ចាស់​បាន​ហៅ ហ្រ្វែឌើរិក ជី វិលលាម្ស ដែល​ឥឡូវ​មាន​ឈ្មោះ​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១ឲ្យ​ជំនួស​តំណែង​របស់ កស នៅ​ក្នុង​គណៈប្រធាន ។ នៅ​គ្រា​នៃ​វិវរណៈ​នេះ ប្រធាន​នៃ​សាសនាចក្រ និង​ទីប្រឹក្សា​របស់​លោក ត្រូវ​បាន​ហៅ​ជា​គណៈប្រធាន​នៃ​បព្វជិតភាព​ជាន់ខ្ពស់ ។ ចាប់​ផ្ដើម​នៅ​ក្នុ​ង​ឆ្នាំ ១៨៣៤ វិវរណៈ​សំដៅទៅលើ​ប្រធាន និង​ទីប្រឹក្សា​របស់​លោក ក្នុង​នាមជា​គណៈប្រធានទីមួយ ( សូមមើលគ. និង ស. ១០២:២៦-២៨) ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:១-៧

ព្រះអម្ចាស់ពិពណ៌នា​អំពី​តួនាទី​នៃ​ទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​ទីមួយ

ពីមុន​ថ្នាក់​ចាប់​ផ្ដើម សូម​សរសេរ​សំណួរ​ខាងក្រោម​នៅលើ​ក្ដារខៀន​ ៖

ហេតុអ្វី​ព្រះអម្ចាស់​ប្រទាន​ដល់យើង​នូវ​ការ​ហៅ​បម្រើ​នៅក្នុង​សាសនាចក្រ​របស់​ទ្រង់ ?

តើ​ពរជ័យ​នៃ​ការបំពេញ​ការហៅ​បម្រើ​ដោយ​ស្មោះត្រង់ មាន​អ្វី​ខ្លះ ?

ចុះបើនរណា​ម្នាក់​ជ្រើស​រើស​មិន​បំពេញ​ការហៅ​បម្រើ​របស់ពួកគេ​ដោយស្មោះត្រង់​វិញ​នោះ ?

សូម​ចាប់ផ្ដើម​ដោយ​ការអញ្ជើញ​សិស្ស​ឲ្យ​ឆ្លើយតប​នឹង​សំណួរ​នៅលើ​ក្ដារខៀន ។ ជា​ចំណែក​នៃ​ការ​ពិភាក្សា អ្នកអាច​ពន្យល់​ថា ទោះជា​អ្នកដឹកនាំ​សាសនាចក្រម្នាក់ អាច​នឹង​ទទួលការ​បំផុសគំនិត​ដើម្បី​ហៅ​សមាជិក​នៃ​សាសនាចក្រ​ម្នាក់​ផ្តល់នូវតំណែង​ជាក់​លាក់​មួយក្ដី ក៏​វា​គឺ​អាស្រ័យ​ទៅលើ​បុគ្គល​ដែល​ទទួល​ការ​ហៅ​ឲ្យ​ឆ្លើយតប​ចំពោះ​ការ​ហៅ​ដោយស្មោះត្រង់ ។

សូមអញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ​នូវ​ការណែនាំ​ក្បាលកណ្ឌ​នៃគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​គំរូមួយ​របស់​មនុស្ស​ម្នាក់​ដែលបាន​ហៅ​ដោយព្រះអម្ចាស់ ប៉ុន្តែ​ពុំ​បាន​ធ្វើ​ការ​ហៅ​របស់គាត់​ដោយ​ស្មោះត្រង់ ។

  • តើ​នរណា​ដែលព្រះអម្ចាស់​បាន​ហៅ​ដំបូងគេ​ឲ្យ​បម្រើ​ជា​ទីប្រឹក្សា​ដល់ យ៉ូសែប ស៊្មីធ នៅក្នុង​គណៈ​ប្រធាន​នៃ​បព្វជិតភាព​ជាន់ខ្ពស់ ?

  • ហេតុអ្វី ចែស៊ី កស បាត់បង់​ការ​ហៅ​របស់គាត់ ?

សូម​ពន្យល់​ថា ចែស៊ី កស ត្រូវ​បាន​ហៅ​ឲ្យធ្វើជា​ទីប្រឹក្សា​ម្នាក់​នៅក្នុង​គណៈ​ប្រធាន​នៃ​បព្វជិតភាព​ជាន់ខ្ពស់ នៅខែ​មិនា ឆ្នាំ ១៨៣២ ។ នៅ​ក្នុង​ថ្ងៃទី ១ ខែ​សីហា ឆ្នាំ ១៨៣២ គាត់​បាន​ចេញ​ដំណើរ​ទៅបេសកកម្ម​មួយ​ជាមួយ ស៊ីប៊ីឌី ខូល​ទ្រីន ។ ខណៈ​ដែល​នៅ​ក្នុងបេសកកម្ម​នេះ បងប្រុស កស បាន​ជួប​នឹង​ភរិយា​របស់គាត់ ហើយ​បាន​ព្យាយាម​ដើម្បី​បញ្ចុះ​បញ្ចូល​នាង​អំពី​សេចក្ដីពិត ប៉ុន្តែ​នាង​បដិសេធ​មិន​ចូល​រួម​ក្នុង​សាសនាចក្រ ។ មិន​យូរ​ប៉ុន្មាន​ក្រោយមក បងប្រុស ខូលទ្រីន បានឈឺ​ជា​ទម្ងន់ រួច​បាន​ត្រឡប់ទៅ​ខឺតឡង់​វិញ ។ ជាអកុសល បងប្រុស កស ពុំ​បាន​បញ្ចប់​បេសកកម្ម​របស់គាត់ ហើយ​ពុំ​បាន​នៅ​ស្មោះត្រង់​នៅក្នុង​សាសនាចក្រ​ទេ ។

  • ស្របតាម​សេចក្ដីណែនាំ​កណ្ឌ តើ​ព្រះអម្ចាស់​បានហៅ​នរណា​ឲ្យជំនួស ចែស៊ី កស ?

អ្នកអាច​នឹង​ចង់ឲ្យផ្តល់​យោបល់​ថា សិស្ស​គូស​ចំណាំ​នូវ​ឃ្លា​ដូច​ខាង​ក្រោម នៅក្នុង​សេចក្ដីណែនាំ​កណ្ឌ ៖ « វិវរណៈ… គួរ​តែ​ទុក​ជា​ជំហាន​មួយ​ដើម្បី​រៀបចំ​ជាផ្លូវការ​នូ​វគណៈប្រធាន​ទីមួយ » ។ សូម​ពន្យល់​ថា ប្រធាននៃ​សាសនាចក្រ និង​ទីប្រឹក្សា​របស់លោក ( គណៈ​ប្រធាន​នៃ​បព្វជិតភាព​ជាន់ខ្ពស់ ) នឹង​ពុំ​សំដៅ​ជា « គណៈប្រធានទីមួយ » ទេ រហូត​ដល់​ឆ្នាំ ១៨៣៤ ( សូមមើល គ. និង ស. ១០២:២៦-២៨) ។ ព្រះអម្ចាស់​ពុំ​បើក​សម្ដែង​នូវ​ការ​រៀបចំ​ពេញលេញ​នៃ​សាសនាចក្រ​របស់ទ្រង់​ដល់​ព្យាការី​ទាំងអស់​ក្នុង​ពេល​តែម្ដង​នោះទេ ។ ទ្រង់​បាន​បើក​សម្ដែង​ផ្នែក​ផ្សេង​គ្នា​នៃ​ការ​រៀបចំ​នៅពេល​ដែលតម្រូវការ​កើតមាន​ឡើង និង​ពេល​ពួកបរិសុទ្ធ​ត្រៀម​ខ្លួនជា​ស្រេច​ដើម្បីទទួល​យក ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១:១-២ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀង​តាម រក​មើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​បង្រៀន ហ្រ្វែឌើរិក ជី វិលលាម្ស អំពី​គណៈប្រធាន​នៃ​បព្វជិតភាព​ជាន់ខ្ពស់ ។

  • ស្របតាម​ខ ២តើ​គណៈប្រធាន​កាន់​អ្វីខ្លះ ? ( សិស្ស​គួរ​តែស្គាល់​នូវ​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖គណៈ​ប្រធាន​នៃ​បព្វជិតភាព​ជាន់ខ្ពស់ កាន់​កូនសោ​នៃនគរ​របស់ព្រះ​នៅលើ​ផែនដី ។ អ្នក​អាច​នឹង​ចង់​ឲ្យ​យោបល់​សិស្ស​គូស​ចំណាំពាក្យ និង​ឃ្លា​នានា​ដែល​​បង្រៀន​ពី​សេចក្ដីពិត​នេះ ) ។

ដើម្បីជួយ​សិស្ស​យល់​នូវគោលលទ្ធិ​នេះ សូម​រំឭក​ពួកគេ​ថា « កូនសោ​បព្វជិតភាព​គឺ​ជា​សិទ្ធិ​អំណាច​ព្រះ ដែល​បាន​ប្រទាន​ដល់​អ្នក​ដឹកនាំ​បព្វជិតភាពទាំងឡាយ​ដើម្បី ដឹកនាំ គ្រប់គ្រង និង ត្រួតត្រា​ការប្រើប្រាស់​បព្វជិតភាព​របស់​ទ្រង់​នៅ​លើ​ផែនដី ។ ការ​អនុវត្ត​សិទ្ធិអំណាច​នៃ​បព្វជិតភាព គឺ​ត្រូវ​បាន​គ្រប់គ្រង​ដោយអ្នកទាំងឡាយ​ដែល​កាន់​កូនសោ ( សូមមើលគ. និង ស. ៦៥:២,៨១:២,១២៤:១២៣) ។ អ្នកទាំងឡាយ​ដែល​កាន់កូនសោ​មានសិទ្ធិ​ដើម្បី​ធ្វើ​ជា​អធិបតី និង​ដឹកនាំ​សាសនាចក្រ​នៅក្នុង​ដែន​កំណត់​មួយ ។

« ព្រះយេស៊ូវគ្រីស្ទ​បាន​កាន់​កូនសោ​បព្វជិតភាព​ទាំងអស់​សម្រាប់​សាសនាចក្រ​របស់​ទ្រង់ ។ ទ្រង់​បាន​ប្រគល់​ឲ្យ​ពួក​សាវក​របស់​ទ្រង់​ម្នាក់ៗ​នូវ​រាល់​កូនសោ ដែល​មាន​សម្រាប់​នគរ​ព្រះ​នៅ​លើ​ផែនដី ។ សាវក​ច្បង​ដែល​នៅរស់ ជា​ប្រធាន​សាសនាចក្រ គឺ​ជា​បុគ្គល​តែ​ម្នាក់​គត់​នៅ​លើ​ផែនដី​ដែល​ត្រូវ​បាន​ផ្ដល់​សិទ្ធិ​អំណាច​ឲ្យ​ដើម្បី​អនុវត្ត​រាល់​កូន​សោ​បព្វជិតភាព (ក្បួន​ខ្នាត​ភាគ ២ ៖ ការ​គ្រប់គ្រង​សាសនាចក្រ [ ឆ្នាំ ២០១០ ], ២.១.១ ) ។

  • តើ​កូនសោនៃ​បព្វជិតភាព​អាច​ជួយ​ឲ្យ​គណៈប្រធានទីមួយ​ធ្វើ​អ្វីខ្លះ ? ( ដឹកនាំ​កិច្ចការ​ព្រះអម្ចាស់​នៅលើ​ផែនដី ) ។

សូម​បង្ហាញ​រូបភាព​មួយ​របស់គណៈប្រធានទីមួយ​បច្ចុប្បន្ន ឬ​រូបភាព​ផ្សេងៗគ្នា​នៃ​សមាជិក​នៃគណៈប្រធាន ) ។ សូម​សួរ​ដល់​សិស្ស បើ​ពួកគេ​អាចរៀប​រាប់​ឈ្មោះរបស់​គណៈប្រធានទីមួយ ។

សូម​សរសេរក្បាលរឿង​ដូច​ខាង​ក្រោម​នៅលើ​ក្ដារខៀន ៖ទីប្រឹក្សា​ម្នាក់​នៅក្នុង​គណៈប្រធានទីមួយ ។

រូបភាព
គណៈប្រធាន​ទីមួយ
  • តាម​ការ​យល់​ដឹង​របស់អ្នក តើ​កាតព្វកិច្ច និង​ការ​ទទួលខុសត្រូវ​របស់​ទីប្រឹក្សា​នៅក្នុង​គណៈប្រធានទីមួយមានអ្វីខ្លះ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១:៣ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀងតាម រកមើល​ការ​ណែនាំ​ដែលព្រះអម្ចាស់​បាន​ប្រទាន​ដល់ហ្រ្វែឌើរិក ជី វិលលាម្ស អំពី​ការ​ហៅ​របស់​លោក​ក្នុងនាម​ជា​ទីប្រឹក្សា​ម្នាក់ នៅក្នុងគណៈប្រធានទីមួយ ។

  • ស្របតាមខ ៣តើ​ហ្រ្វែឌើរិក ជី វិលលាម្ស ត្រូវ​ធ្វើ​អ្វីខ្លះ ក្នុង​នាមជា​ទីប្រឹក្សា​ម្នាក់​នៅក្នុង គណៈ​ប្រធាន​ទី​មួយ ? ( សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​ចម្លើយ​របស់ពួកគេ​នៅលើ​ក្ដារខៀន ក្រោម​ក្បាល​រឿង​។ អ្នកអាច​នឹង​ចង់​ពន្យល់​ថា ទីប្រឹក្សា​នៅក្នុងគណៈប្រធានទីមួយ គាំទ្រ និង​ពង្រឹង​ដល់​ប្រធាន ) ។

  • តើអ្នកគិត​ថា​វា​មានន័យ​យ៉ា​ងណា ដើម្បី​ឲ្យទីប្រឹក្សា​ម្នាក់ « ស្មោះត្រង់នៅក្នុង​ការ​ប្រឹក្សា » ទៅដល់ប្រធាន ?

ដើម្បីជួយសិស្ស​ឲ្យ​យល់បានកាន់តែល្អ​ប្រសើរ​ពី​អត្ថន័យនៅ​ស្មោះត្រង់​នៅក្នុង​ការ​ប្រឹក្សា សូម​អញ្ជើញ​សិស្ស​ម្នាក់​អាន​ឮៗ​នូវ​សេចក្ដីថ្លែងការ​ដូច​ខាង​ក្រោម ដោយ​ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ស្ដាប់​នូវ​របៀប​ដែលទីប្រឹក្សាម្នាក់នៅក្នុង​គណៈប្រធាន គួរ​តែ​ប្រឹក្សា​ជាមួយ​ប្រធាន ។

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« [ ទីប្រឹក្សា​ម្នាក់ ] គឺ​ជា ជំនួយការ​នៃ​ប្រធាន​របស់​គាត់ ។

« ក្នុង​នាម​ជា​ជំនួយការ​ម្នាក់ នោះ​ទីប្រឹក្សា​មិនមែន​ជា​ប្រធាន​ឡើយ ។ គាត់​មិន​អាច​សន្មត់​អំពី​ការទទួល​ខុសត្រូវ ហើយ​នាំ​មុខ​ប្រធាន​របស់​ខ្លួន​នោះ​ទេ ។

« នៅ​ក្នុង​ការប្រជុំ​គណៈប្រធាន ទីប្រឹក្សា​ម្នាក់ៗ​មាន​សេរីភាព​បញ្ចេញ​មតិ​របស់​ខ្លួន ទៅ​លើ​បញ្ហា​ដែល​មាន​ចំពោះ​មុខ​គណៈប្រធាន ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​គឺ​ជា​បុព្វសិទ្ធិ​របស់​ប្រធាន​ដើម្បី​ធ្វើ​ការសម្រេចចិត្ត ហើយ​វា​គឺ​ជា​ករណីយកិច្ច​របស់​ទីប្រឹក្សា ដែល​ត្រូវ​គាំទ្រ​លោក​លើ​ការសម្រេចចិត្ត​នោះ ។ ការ​សម្រេចចិត្ត​របស់លោក បន្ទាប់មក​ក្លាយជាការ​សម្រេចចិត្ត​របស់​ពួកគេ មិន​ថា​គំនិត​ពីមុន​របស់ពួកគេ​យ៉ាង​ណា​ទេ » (In … Counsellors There Is Safety » Ensign, ខែ វិច្ឆិកា ឆ្នាំ ១៩៩០ ទំព័រ ៤៩ ) ។

  • ស្របតាម​ប្រធាន ហ៊ិងគ្លី តើទីប្រឹក្សា​ម្នាក់​នៅក្នុងគណៈប្រធាន​មួយ គួរ​ប្រឹក្សា​ជាមួយ​ប្រធាន​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​យល់ដឹង​អំពី​របៀប​ដើម្បី​ស្មោះត្រង់នៅក្នុង​ការ​ប្រឹក្សា​ជួយ​នរណា​ម្នាក់ ដែល​កំពុង​បម្រើ​ជា​ទីប្រឹក្សា​ម្នាក់​នៅក្នុងគណៈប្រធាន​ក្នុង​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យគិត​អំពី​គ្រា​ដែល​ពួកគេ​បាន​បម្រើ ( ឬ​បានឃើញ​អ្នកដទៃ​បម្រើ ) នៅក្នុងគណៈប្រធាន​នៅក្នុង​សាសនាចក្រ ។ (​ អ្នកអាច​នឹង​ចង់​ចង្អុល​បង្ហាញថា គណៈប៊ីស្សព​ធ្វើជា​គណៈប្រធានមួយ​ក្នុងវួដ ) ។ សូម​ឲ្យពួកគេ​ពិចារណាអំពីអ្វីដែលពួកគេ ឬអ្នកដទៃបានធ្វើ​ដើម្បីផ្ដល់ការ​គាំទ្រ​ដោយ​មានប្រសិទ្ធភាព​នៅក្នុង​គណៈប្រធាន​ក្នុង​កូរ៉ូម​បព្វជិតភាព​របស់ពួកគេ ឬ​ថ្នាក់យុវនារី ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់ ឲ្យ​ចែកចាយ​គំនិតរបស់​ពួកគេ​ជា​មួយសិស្ស​នៅក្នុង​ថ្នាក់ ។

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១:៤ដោយ​ស្ងាត់​ស្ងៀម ដើម្បី​រកមើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​សន្យានឹង ហ្រ្វែឌើរិក ជី វិលលាម្ស បើ​លោក​នឹង​ស្មោះត្រង់​នៅក្នុងការហៅ​របស់​លោក​នោះ ។ អ្នកអាច​នឹង​ចង់​ពន្យល់​ថា ឃ្លា « តម្កើង​សិរីល្អ​ដល់​ព្រះអម្ចាស់​របស់អ្នក … » នៅក្នុង​បរិបទ​នេះ អនុវត្ត​ថា ដោយ​ការ​ស្មោះត្រង់នៅក្នុង​ការហៅ​របស់យើង នោះ​យើងអាច​ជួយដឹក​នាំ​មនុស្ស​ឲ្យគោរព និង​ថ្វាយបង្គំ​ដល់ព្រះអម្ចាស់ ។

  • ស្របតាមខ ៤តើ​យើងអាច​ធ្វើអ្វីខ្លះ បើ​យើង​ស្មោះត្រង់​នៅក្នុង​ការហៅ​របស់​យើង ? (ទោះជា​សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេង​ក្ដី ក៏​ចម្លើយ​របស់ពួកគេ​គួរ​តែ​ឆ្លុះ​បញ្ចាំង​នូវគោលការណ៍​ដូច​ខាង​ក្រោម ៖បើ​យើង​ស្មោះត្រង់នៅក្នុង​ការ​ហៅ​របស់​យើង នោះ​យើង​អាច​ធ្វើ​ការល្អអស្ចារ្យ​ចំពោះអ្នកដទៃ ហើយ​តម្កើង​សិរីល្អ​ថ្វាយព្រះ ។ សូម​ប្រើ​ពាក្យ​របស់សិស្ស សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​ការ​បម្រើ​ដោយ​ស្មោះត្រង់នៅ​ក្នុង​ការ​ហៅ​បម្រើ​ក្នុង​សាសនាចក្រ​របស់​យើង ជួយ​យើង​ឲ្យធ្វើ​ការ​ល្អអស្ចារ្យ​ចំពោះ​មនុស្ស​ដទៃ​យ៉ាង​ដូចម្ដេច ?

  • តើ​ការ​បម្រើ​ដោយ​ស្មោះត្រង់​នៅក្នុង​ការ​ហៅ​បម្រើ​ក្នុង​សាសនាចក្រ​របស់​យើង ជួយ​តម្កើង​សិរីល្អ​ថ្វាយ​ព្រះ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យគិត​អំពីគ្រា​មួយ ដែលពួកគេ​បាន​ឃើញ​បុគ្គល​ម្នាក់​ធ្វើ​រឿង​ល្អអស្ចារ្យ​ចំពោះ​អ្នកដទៃ ដោយការ​បម្រើ​ដោយ​ស្មោះត្រង់នៅក្នុងការ​ហៅបម្រើ​របស់ពួកគេ​នោះ ។ សូម​អញ្ជើញ​សិស្ស​ពីរ​បីនាក់ ឲ្យ​ចែកចាយ​ការសង្កេត​ឃើញ​របស់​ពួកគេ​ជា​មួយសិស្ស​នៅក្នុង​ថ្នាក់ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១:៥ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលការ​ប្រឹក្សាបន្ថែម ដែល​ព្រះអម្ចាស់​បានប្រទាន​ឲ្យ ហ្រ្វែឌើរិក ជី វិលលាម្ស ។

  • ផ្ដោត​ទៅលើ​អ្វី​ដែលព្រះអម្ចាស់​បាន​ប្រាប់​ដល់​ហ្រ្វែឌើរិក ជី វិលលាម្ស នៅក្នុង​ខ ៥តើ​យើងអាច​រៀន​អ្វីខ្លះ អំពី​ការ​ស្មោះត្រង់​នៅក្នុង​ការហៅ​បម្រើ​ក្នុង​សាសនាចក្រ​របស់​យើង ឬ​ការ​ធ្វើជា​សមាជិក​នៃ​សាសនាចក្រដ៏​ស្មោះត្រង់ ?

  • តើ​អ្នកគិត​ថា​ការ «ជួយ​អ្នកទន់ខ្សោយ លើកដៃ​ដែល​រោយ ហើយចម្រើន​កម្លាំង​ដល់​ក្បាលជង្គង់​ដែល​ញ័រ​ផង» មានន័យ​ដូចម្ដេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន​សេចក្ដីថ្លែងការណ៍​ខាង​ក្រោម​ដោយ​អែលឌើរ ម៉ាវិន ជេ អាស្តុន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ឲ្យ​ឮៗ ។ សូម​ឲ្យសិស្ស​ក្នុង​ថ្នាក់​ស្ដាប់​រក​គំនិតដែលជួយ​បំភ្លឺពី​អត្ថន័យ​នៃ​ឃ្លា​ទាំងនេះ ។

រូបភាព
អែលឌើរ ម៉ាវីន ជេ អាស្តុន

« នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១:៥ខ​នេះ​អាច​ត្រូវ​បាន​បក​ប្រែ​ជា​ការ​ជម្រុញ​របស់ព្រះអម្ចាស់ដល់ហ្រ្វែឌើរិក ជី វិលលាម្ស ផ្ដល់កម្លាំង​ដល់​មនុស្ស​ទន់​ខ្សោយ (ជួយ​អ្នកទន់ខ្សោយ) ផ្ដល់​ការ​លើក​ទឹកចិត្ត​ដល់​អ្នកទាំងឡាយ​ដែល​នឿយហត់ ឬ​បាក់​ទឹកចិត្ត ( លើកដៃ​ដែល​រោយ) ហើយ​ផ្ដល់​ភាព​ក្លាហាន និង​កម្លាំង​ដល់​អ្នកទាំងឡាយ​ដែល​មាន​ក្បាល​ជង្គង់​ញ័រ និង​ដួង​ចិត្ត​ភ័យខ្លាច » (​Strengthen the Feeble Knees,»Ensignខែ វិច្ឆិកា ឆ្នាំ ១៩៩១ ទំព័រ ៧០ ) ។

  • តើ​វិធីមួយចំនួន​ដែល​យើង​អាច «ជួយ​អ្នកទន់ខ្សោយ លើកដៃ​ដែល​រោយ ហើយ​ចំរើន​កម្លាំង​ដល់​ក្បាលជង្គង់​ដែល​ញ័រ​ផង» មានអ្វីខ្លះ ? ( សូម​សរសេរ​ចម្លើយ​របស់​សិស្ស​នៅលើ​ក្ដារខៀន ) ។

  • តើ​អ្នកបាន​លើកទឹកចិត្ត ឬ​ពង្រឹង​ដល់នរណា​ម្នាក់ នៅពេល​ណា ?​

សូម​សំណូមពរ​ដល់សិស្ស​ឲ្យ​រើស​យក​វត្ថុ​មួយ​ចេញពី​បញ្ជី​ចម្លើយ​នៅលើ​ក្ដារខៀន ហើយ​ស្វែងរក​ឱកាស​ដើម្បី​ជួយ​អ្នកទាំងឡាយ​ដែល​នៅ​ជុំ​វិញ​ពួកគេ ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨១:៦-៧ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពរជ័យ​ទាំងឡាយ​ដែល​ព្រះអម្ចាស់បានសន្យាដល់ហ្រ្វែឌើរិក ជី វិលលាម្ស បើលោក​នឹង​ស្មោះត្រង់រហូត​ដល់​ទីបញ្ចប់ ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រក​ឃើញ ។

សូម​ថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​ការបន្ត​នៅ​ស្មោះត្រង់​នៅក្នុង​ការ​ហៅ​របស់​យើង និង​ការ​ជួយ​ដល់​អ្នកទាំងឡាយ​ដែល​នៅជុំវិញ​យើង ដើម្បីពួកគេ​អាច​សក្ដិសម​សម្រាប់ជីវិត​ដ៏នៅអស់កល្បជានិច្ច​ផងដែរ ។

សេចក្តីអធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដីសញ្ញា ៨១:១។ ទីប្រឹក្សា​នៅ​ក្នុង​គណៈប្រធាន​ទី​មួយ​​

ប្រធាន ហារ៉ូល ប៊ី លី បានពន្យល់​អំពីសារៈសំខាន់​នៃ​តូនាទី​របស់ទីប្រឹក្សា​នៅក្នុង​គណៈប្រធាន​ទីមួយ​ថា ៖

រូបភាព
ប្រធាន ហារ៉ូល ប៊ី លី

« នៅពេល​ខ្ញុំ​គិត​អំពី​តួនាទី​របស់​ប្រធាន ថានណឺ និង​ខ្លួន​ខ្ញុំ​ផ្ទាល់ ក្នុង​នាម​ជា​ទីប្រឹក្សា​របស់ [ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ] ខ្ញុំ​បាន​គិត​អំពី​ស្ថានភាព​នៅក្នុង​ជីវិត​របស់​ម៉ូសេ នៅពេល​មារសត្រូវ​នៃ​សាសនាចក្រ​នៅក្នុងជំនាន់នោះ គឺ​ដូចជាមាននៅជំនាន់នេះដែរ។ ពួកគេ​កំពុងគម្រាមគំហែង​ដើម្បី​យកឈ្នះ ឬ​ហែកហួរ និង​បញ្ឈប់​កិច្ចការ​នៃ​ព្រះវិហារ ។ នៅពេល​ម៉ូសេ​អង្គុយ​នៅលើ​កូនភ្នំមួយ ហើយ​បាន​លើក​រំពាត់​នៃ​សិទ្ធិអំណាច​របស់លោក ឬ​កូនសោ​នៃ​បព្វជិតភាព​របស់លោក នោះ​ពួក​អ៊ីស្រាអែល​បាន​យកឈ្នះលើ​មារសត្រូវ​របស់ពួកគេ ប៉ុន្តែ​នៅពេល​ថ្ងៃ​បានបន្ដ​យូរៗទៅ នោះ​ដៃ​របស់​លោកកាន់តែចុក​រោយ ហើយ​បាន​ទម្លាក់ចុះ​នៅចំហៀង​លោក ។​

« ដូច្នេះ [ អើរ៉ុន និង ហឺ] បាន​ជួយ​លើក​ដៃ​លោក​ឡើង ដូច្នេះ​ពួកលោក នឹង​ពុំ​ត្រូវ​នឿយ​ហត់ ហើយមិនបានដាក់រំពាត់ចុះឡើយ។ លោក​នឹង​ត្រូវ​បាន​គាំទ្រ ដើម្បី​កុំ​ឲ្យ​មារសត្រូវ​របស់​ព្រះវិហារ​ត្រូវ​យកឈ្នះលើ​ពួកបរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត​ឡើយ ។ ( សូម​មើល និក្ខមនំ ១៧:៨-១២) ។

« ខ្ញុំ​គិត​ថា​នោះ​គឺ​ជា​តួនាទី​ដែល​ប្រធាន ថានណឺ និង​ខ្ញុំ​ត្រូវ​បំពេញ ។ ដៃ​របស់ប្រធាន​ស្ម៊ីធ​អាច​នឹង​ទន់ខ្សោយ ។ ដៃលោក​អាច​នឹង​ដាក់ចុះ​នៅពេលណាមួយ ដោយ​សារ​តែ​ទំនួល​ខុស​ត្រូវ​ដ៏ធ្ងន់ធ្ងរ​របស់​លោក ប៉ុន្តែ​នៅពេល​យើង​លើក​ដៃ​របស់​លោកឡើង ហើយ​នៅពេល​យើង​បាន​ដឹកនាំ​ក្រោមការ​ដឹកនាំ​របស់លោក នៅចំហៀង​លោក នោះ​ច្រក​ទ្វារ​នៃ​ស្ថាននរក​នឹង​ពុំ​យកឈ្នះលើ​អ្នក និង​ពួកអ៊ីស្រាអែល​ឡើយ » ( នៅក្នុង Conference Report ខែ តុលា ឆ្នាំ ១៩៧០ ទំព័រ ១៥៣ ) ។

នៅក្នុង​សន្និសីទ​ទូទៅ​នៃ​សាសនាចក្រ ខែ មេសា ឆ្នាំ ១៩៩៤ ប្រធាន ហ្គដិន ប៊ី ហ៊ីងគ្លី ដែលពេល​នោះ​បម្រើ​ជា​ទីប្រឹក្សា​ទីមួយនៅក្នុង​គណៈប្រធាន​ទីមួយ បាន​ទទួលស្គាល់​ថា ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ជា​ប្រធាន​សាសនាចក្រ​នា​ពេល​នោះ គឺ « បាន​រងទុក្ខ​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​វ័យ​ចាស់ជរា និងជំងឺ ហើយ​ពុំ​អាច​បំពេញ​តួនាទី​សំខាន់​ៗ​នៃ​តំណែង​ដ៏ពិសិដ្ឋ​របស់​លោកបា​នទេ » ។ នោះ​ប្រធាន ហ៊ិងគ្លី បាន​ពន្យល់​ថា ៖

រូបភាព
ប្រធាន ហ្គរដុន ប៊ី ហ៊ិងគ្លី

« នៅពេល​ប្រធាន​ឈឺ ឬ​ពុំ​អាច​ធ្វើការ​បាន​ពេញលេញ​ក្នុង​គ្រប់​កាតព្វកិច្ច​នៃ​តំណែង​របស់លោក នោះទីប្រឹក្សា​ទាំង​ពីរ​នាក់ រួមគ្នា​ជា​កូរ៉ុម​នៃ​គណៈប្រធានទីមួយ ។ ពួកលោកបន្ដធ្វើកិច្ចការ​នៃ​គណៈប្រធាន​​ពីមួយថ្ងៃទៅមួយថ្ងៃ ។ នៅក្នុង​ស្ថានភាព​ពិសេស នៅពេល​មាន​តែ​ម្នាក់​អាច​ធ្វើការ​បាន នោះ​លោក​អាច​នឹង​ធ្វើកិច្ចការ​នៅ​ក្នុង​សិទ្ធិ​អំណាច​នៃ​តំណែង​នៃ​គណៈប្រធាន ដូច​បាន​ចែង​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០២ ខ ១០-១១God Is at the Helm » Ensign ខែ ឧសភា ឆ្នាំ ១៩៩៤ ទំព័រ ៥៤ ) ។