ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ២៩ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ២១


មេរៀន​ទី ២៩

គោលលទ្ធិ និង សេចក្ដីសញ្ញា ២១

បុព្វកថា

នៅ​ក្រោម​ការ​ដឹក​នាំ​របស់​ព្យាការី យ៉ូសែប ស៊្មីធ សាសនាចក្រ នៃព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ត្រូវ​បាន​រៀបចំ​ឡើង​ជាផ្លូវការ​នៅ​ថ្ងៃ​ទី ៦ ខែ មេសា ឆ្នាំ ១៨៣០ នៅ​ផ្ទះ​របស់​ ពេត្រុស វិតមើរ ស៊ីញ្ញ័រ ក្នុង​ហ្វាយ៉ែត រដ្ឋ​នូវយ៉ោក ។ មាន​មនុស្ស​ជិត ៦០ នាក់​បាន​មក​ចូលរួម​ការ​ប្រជុំ ដែល​មាន​ការ​អធិស្ឋាន ការគាំទ្រ ការ​តែងតាំង ការ​បម្រើ​សាក្រាម៉ង់ និង​ពិធីបញ្ជាក់ ។ នៅក្នុង​ការ​ប្រជុំ​នេះ យ៉ូសែប ស្ម៊ីធ បាន​ទទួលវិវរណៈ ដែលឥឡូវ បានកត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១ ។ នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ប្រកាស​អំពី ការ​ហៅបម្រើ និង​ទំនួល​ខុសត្រូវ​របស់ យ៉ូសែប ស៊្មីធ ហើយ​បាន​ណែនាំ​ដល់​សមាជិក​សាសនាចក្រ​ឲ្យ​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​លោក ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:១-៣

យ៉ូសែប ស៊្មីធ ត្រូវ​បាន​តាំង​ឲ្យ​ធ្វើជា​ព្យាការី និង​អ្នក​មើល​ឆុត​នៃ​សាសនាចក្រ

សូម​គិត​សុំសិស្ស​ក្នុង​ថ្នាក់​ឲ្យ​ច្រៀង​បទ « យើង​សូម​អរគុណ​ទ្រង់​ចំពោះព្យាការី » ( ទំនុក​តម្កើង លេខ ១៩ ) ជា​ផ្នែក​នៃ​ការ​ប្រជុំ​ធម្មនិដ្ឋាន​ប្រចាំ​ថ្ងៃ ។ នៅពេល​អ្នកចាប់​ផ្ដើម​មេរៀន សូម​ប្រាប់អំពី​ទំនុកតម្កើង​នេះ ហើយ​សួរ​សំណួរ​ដូចខាង​ក្រោម ៖

  • តើ​មូលហេតុ​មួយ​ចំនួន​អ្វីខ្លះ ដែល​អ្នក​មាន​អារម្មណ៍​ថ្លែង​អំណរគុណ​ចំពោះ​ព្យាការី​ម្នាក់ ?

សូម​ពន្យល់​ដល់សិស្ស​ថា នៅក្នុង​ការ​សិក្សា​របស់ពួកគេ​អំពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១ ពួកគេ​នឹង​រៀន​ពី​សេចក្ដីពិត ដែលអាច​បង្កើន​ការ​យល់​ដឹង​របស់ពួកគេ​អំពី​តួនាទី​របស់ពួក​ព្យាការី ។ ដើម្បី​ផ្ដល់​ដល់សិស្ស​នូវ​បរិបទ​ជា​ប្រវត្តិសាស្ត្រ​មួយចំនួន​សម្រាប់​វិវរណៈ​នេះ សូម​សង្ខេប​ព័ត៌មាន​ដែលបាន​ផ្ដល់​ឲ្យ​នៅក្នុង​បុព្វកថា​មេរៀន​នេះ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:១ ឮៗ ។ សូម​ឲ្យ​សិស្ស​ផ្ទៀង​តាម រកមើល​តំណែង ដែល​ យ៉ូសែបស៊្មីធ នឹង​ត្រូវ​បាន​គេ​ស្គាល់ ។ បន្ទាប់​មក​សូម​អញ្ជើញ​​សិស្ស​​ឲ្យរាយការណ៍​នូវ​អ្វី​ដែល​ពួកគេ​រកឃើញ ។

  • តើ​វា​មានន័យ​យ៉ាង​ណា ដែល​ព្រះអម្ចាស់​បាន​ហៅ​យ៉ូសែប ស្ម៊ីធ ឲ្យ​ធ្វើ​ជា​អ្នក​មើល​ឆុត​នោះ ?

  • តើ​វា​មានន័យ​យ៉ាង​ណា ដែល​ព្រះអម្ចាស់​បាន​ហៅ​យ៉ូសែប ស្ម៊ីធ ឲ្យ​ធ្វើ​ជា​ព្យាការី​នោះ ?

ដើម្បី​ជួយ​សិស្ស​យល់​នូវ​តំណែង​ទាំងនេះ និង​ទំនួលខុសត្រូវ​ដែល​មាន​ក្នុង​នោះ សូម​អញ្ជើញ​សិស្ស​ពីរ​នាក់​ឲ្យ​អាន​ការពិពណ៌នា​អំពី​អ្នក​មើល​ឆុត និង​ព្យាការី​ម្នាក់ ដូច​ខាង​ក្រោម​នេះឲ្យ​ឮៗ ។ សូម​ឲ្យ​ពួកគេ​អាន​សេចក្ដី​ថ្លែងការណ៍​និមួយៗ​យឺតៗ ឈប់បន្ដិច​នៅ​ពេល​បញ្ចប់​ប្រយោគ​នីមួយៗ​ ។ សូម​សិស្ស​ផ្សេងទៀត​ក្នុង​ថ្នាក់​ឲ្យ​ស្ដាប់​មើល​ប្រយោគ​ទាំងឡាយ ដែល​មាន​អត្ថន័យ​ដល់​ពួកគេ ហើយ​ត្រៀម​ខ្លួន​ដើម្បី​ពន្យល់​ពី​មូលហេតុ ។

រូបភាព
អែលឌើរ ចន អេ វិតសូ

« អ្នកមើលឆុត គឺជា​អ្នក​ដែល​មើលឃើញ​ដោយ​ភ្នែក​ខាង​វិញ្ញាណ ។ លោក​ដឹង​ពី​អត្ថន័យ​​នៃ​អ្វី​ដែល​ហាក់ដូចជា [ ស្រពិចស្រពិល​ ឬលាក់កំបាំង ] ចំពោះ​អ្នកដទៃ ហេតុដូច្នេះហើយលោក​គឺជា​អ្នកបកប្រែ និង អ្នកបញ្ជាក់​ពី​សេចក្ដីពិត​ដ៏​អស់កល្ប​ជានិច្ច ។ គាត់​ព្យាករណ៍​អនាគតកាល​ពី​អតីតកាល និង បច្ចុប្បន្នកាល ។ ការណ៍​នេះ គាត់​ធ្វើ​ដោយ​អំណាច​នៃ​ព្រះអម្ចាស់​ដែល​ប្រតិបត្តិការ​តាមរយៈ​គាត់​ដោយ​ផ្ទាល់ ឬ មិន​ផ្ទាល់​ជាមួយ​នឹង​ជំនួយ​នៃ​ឧបករណ៍​ដ៏​ទេវភាព​ដូចជា យូរីម និង ធូមីម ។ និយាយ​រួម លោក​គឺ​ជា​មនុស្ស​ម្នាក់​ដែល​មើល​ឃើញ ដែល​ដើរនៅក្នុង​​ពន្លឺ​របស់ព្រះអម្ចាស់ ទាំង​បើក​ភ្នែក​ » ( John A. Widtsoe, Evidences and Reconciliations, arr. G. Homer Durham,vols. in ១ [ ១៩៦០ ], ២៥៨ ) ។

ព្យាការី គឺជា « បុរស​ម្នាក់​ដែល​ត្រូវបាន​ហៅ​ដោយ​ព្រះ ដើម្បី​និយាយ​ជំនួស ព្រះ ។ ក្នុងនាម​ជា​សារទូត​របស់ព្រះ ព្យាការី​ម្នាក់ ទទួល​បទបញ្ញត្តិ ព្យាករ ហើយ​ទទួលវិវរណៈ​មកពីព្រះ ។ ទំនួលខុសត្រូវ​របស់លោក គឺ​ដើម្បី​បង្ហាញ​ពី​ព្រះហឬទ័យ​របស់ព្រះ និង​លក្ខណៈ​ពិត​របស់ព្រះ​ចំពោះ​មនុស្ស​លោក ហើយ​បង្ហាញ​ពី​អត្ថន័យ​នៃ​ការ​ទំនាក់ទំនង​របស់​ទ្រង់​ជាមួយ​ពួកគេ ។ ព្យាការី​ម្នាក់ ប្រកាស​បដិសេធ​អំពើបាបទាំង​ស្រុង ហើយ​ទាយ​ទុក​ពី​ផលវិបាក​របស់​វា ។ លោកគឺ​ជា​អ្នក​ផ្សាយ​អំពី​សេចក្ដីសុចរិត ។ ក្នុងឱកាស​ខ្លះ ពួកព្យាការី​អាច​នឹងត្រូវ​បាន​បំផុសគំនិត​ឲ្យ​ទាយទុក​ជាមុន​អំពី អនាគតកាល​សម្រាប់​ជា​ប្រយោជន៍​ដល់មនុស្ស​លោក ។ ទោះជាយ៉ាងណា ទំនួលខុសត្រូវ​ចម្បង​របស់លោក គឺ​ត្រូវ​ថ្លែង​ជា​សាក្សី​អំពីព្រះគ្រីស្ទ » ( សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « ព្យាការី » scriptures.lds.org ) ។

បន្ទាប់ពី​និយមន័យ​នីមួយៗ​បាន​អាន​ហើយ សូម​អញ្ជើញ​សិស្ស​មួយចំនួន​ឲ្យ​ពន្យល់​ថា​ប្រយោគណា​ដែលពួកគេ​មាន​​ចំណាប់អារម្មណ៍ ។

មុន​ពេល​បន្ដ វា​អាច​នឹង​ជា​ប្រយោជន៍​ដើម្បី​ពិភាក្សា​ជាមួយ​សិស្ស​ដោយសង្ខេប​អំពី​និយមន័យ​នៃ​តំណែង​ផ្សេងៗ​ទៀតដូចខាង​ក្រោម ដែលបាន​ផ្ដល់​ឲ្យ​នៅក្នុង​ខទីមួយ​នៃ គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១ ៖

អ្នក​បកប្រែ ៖ ជា​មនុស្ស​ម្នាក់​ដែល (១) បកប្រែពាក្យ​សម្ដី​ក្នុង​​ការសរសេរ ឬ​ការ​និយាយ ទៅជា​ភាសា​ផ្សេង​ទៀត ឬ (២) ផ្ដល់​អត្ថន័យ​កាន់តែច្បាស់​ចំពោះ​ការ​បកប្រែ​រួចហើយ តាមរយៈ​ការ​កែលម្អ ឬ​ការ​កែតម្រូវ​បា ឬ​ដោយ​ការ​ស្ដារ​នូវ​ឯកសារ​ដែលបាន​បាត់បង់ទៅ ( សូមមើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ,« ការបកប្រែ »scriptures.lds.org ) ។

ពួក​សាវក ៖ ជាសាក្សីពិសេស​ម្នាក់​របស់ព្រះយេស៊ូវ​គ្រីស្ទ ដល់ពិភពលោក ( សូមមើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ« សាវក » ) ។

អែលឌើរ ៖ « ជា​តំណែង​ត្រឹមត្រូវ ដែល​បាន​ផ្ដល់​ទៅ​ឲ្យ​អ្នក​កាន់បព្វជិតភាព​មិលគីស្សា​ដែក​ទាំងអស់ » និង​ផ្ដល់​ចំពោះ​នរណា​ម្នាក់ ដែលត្រូវ​បាន​ហៅ​ឲ្យ​បម្រើកិច្ចការ​ព្រះយេស៊ូវ​គ្រីស្ទ​​ពេញម៉ោង​ ( សូមមើល សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ « អែលឌើរ » ) ។

  • តើ​តំណែង​ដែលបាន​ផ្ដល់​ទៅ​ឲ្យ យ៉ូសែប ស៊្មីធ ជួយអ្នក​យល់​អំពី​តួនាទីសំខាន់​របស់​លោក​ក្នុង​ការ​ស្ដារឡើងវិញ​យ៉ាង​ដូចម្ដេច ?

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:២–៣ ដោយ​ស្ងាត់ស្ងៀម រកមើល​នូវ​អ្វី​ដែលព្រះ​បាន​បំផុសគំនិត​ដល់ យ៉ូសែប ស៊្មីធ ឲ្យ​ធ្វើ ។ សូម​សិស្ស​ឲ្យ​ប្រាប់​ពី​អ្វី​ដែល​ពួកគេ​បាន​រៀន ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​បានរៀន ។ ( សិស្ស​គួរ​តែ​បង្ហាញ​ពី​សេចក្ដីពិត​ថា ព្រះ​បាន​ដឹកនាំ​ យ៉ូសែប ស៊្មីធ ឲ្យ​ស្ដារ​សាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទ​ឡើងវិញ ) ។

  • ហេតុអ្វី​ក៏អ្នក​គិត​ថា វាសំខាន់​សម្រាប់​យើង​ដើម្បី​ដឹងថា យ៉ូសែប ស៊្មីធ ត្រូវ​បាន​ហៅ​ដោយព្រះ ដើម្បីស្ដារ​ឡើងវិញ និង​ដឹកនាំ​សាសនាចក្រ​របស់ព្រះយេស៊ូវគ្រីស្ទ​ដូច្នេះ ?

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

សូម​បង្ហាញ​ដល់សិស្ស​នូវរូបភាព បងប្រុស យ៉ូសែប ( សៀវភៅ​សិល្បៈ​នៃដំណឹងល្អ [ ឆ្នាំ ២០០៩ ], លេខ ៨៦; សូមមើល​ផងដែរ LDS.org) ហើយ​ថ្លែង​ទីបន្ទាល់​អំពី សេចក្ដីពិត ដែល​អ្នកបាន​ពិភាក្សា​ខាង​លើ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៤-៩

សមាជិក​នៃ​សាសនាចក្រ​ គួរ​តែ​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់ យ៉ូសែប ស៊្មីធ

សូម​រំឭក​សិស្ស​ថា ព្រះអម្ចាស់ បាន​ប្រទាន​វិវរណៈ​នេះ​នៅ​ថ្ងៃ​ដែល​សាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង ។ វិវរណៈនេះ ត្រូវ​បាន​ប្រគល់​ឲ្យ​នៅ​ថ្ងៃ​ពិសេស​នេះ គឺ​ផ្ដល់​នូវ​ភាពសំខាន់​ជាពិសេស​អំពី​វា ។

សូម​សរសេរ​នូវ​ពាក្យ ឬ​ឃ្លា​ទាំងឡាយ​ដូច​ខាង​ក្រោម​ដក​ស្រង់​ពី គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:៤–៥ នៅលើ​ក្ដារខៀន ( សូមកុំ​ដាក់បញ្ចូល​ទាំង​និយមន័យ​នៅក្នុង​វង់​ក្រចក​នោះឡើយ)៖

សាសនាចក្រ ( សមាជិក​​នៃសាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទ​​នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ នៅក្នុង​ជំនាន់​របស់​ យ៉ូសែប ស៊្មីធ ក៏ដូចជា​នៅក្នុង​ជំនាន់​យើង​ផ្ទាល់​ផងដែរ ) ។

របស់លោក ( ជាពិសេស​ចំពោះ យ៉ូសែប ស៊្មីធ ប៉ុន្តែ​ក៏​អាច​សំដៅ​ទៅលើ​ប្រធាន​សាសនាចក្រ​បច្ចុប្បន្ន​ផងដែរ )

ពាក្យ​សម្ដី និង​បញ្ញត្តិ​ទាំងឡាយ ( អាច​សំដៅ​ទៅលើ​ការ​បង្រៀន និង​ដំបូន្មាន​របស់ព្យាការីម្នាក់ រួមមាន​ទាំង​ការណែនាំ​ជាក់លាក់ ដែលត្រូវ​បាន​ប្រទាន​ឲ្យ​ដោយព្រះអម្ចាស់ តាមរយៈ​ព្យាការី ផងដែរ)

ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដីជំនឿ​គ្រប់យ៉ាង ( អាច​មានន័យ​ថា យើង​អាច​ទុកចិត្ត​ទាំងស្រុង​ទៅលើ​ការបង្រៀន​របស់ព្យាការី ថា​យើង​ពុំគួរ​រិះគន់​លោក ថា​យើង​គួរ​តែ​ធ្វើតាម​ដំបូន្មាន​របស់​លោក ដោយពុំគិត​អំពី​ការ​ធ្លាក់ចុះ​ផ្ទាល់ខ្លួន ដែល​លោក​អាច​មាន ហើយ​ថា​យើង​គួរ​តែ​រង់ចាំ​ពរជ័យ​ដែល​បាន​សន្យា​ដោយ​អត់ធន់ )

សូម​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:៤–៥ ដោយ​ស្ងាត់ស្ងៀម ហើយ​ពិចារណា​អំពី​អត្ថន័យ​នៃ​ពាក្យ ឬ​ឃ្លា​នៅលើ​ក្ដារខៀន ។ បន្ទាប់ពី​ផ្ដល់ពេល​គ្រប់គ្រាន់ហើយ សូម​សួរ​ដល់​សិស្ស​ថា តើ​ពួកគេ​នឹង​កំណត់​ពាក្យ និង​ឃ្លា​ទាំង​នេះ​យ៉ាង​ដូច​ម្ដេច ។ អ្នកអាច​នឹង​ចង់​ប្រើ​និយម​ន័យ​នៅក្នុង​រង្វង់​ក្រចក​ដើម្បី​ដឹកនាំ​ការ​ពិភាក្សា ។ បន្ទាប់មក សូម​សួរ​សំណួរ​ដូច​ខាងក្រោម​នេះ ៖

  • យោង​តាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:៤–៥ តើ​ការ​បង្រៀន​របស់ព្យាការី​ណា​មួយ ដែល​យើង​ត្រូវ​ស្ដាប់ ? ( យើង​ត្រូវ​ស្ដាប់ « រាល់​ពាក្យ​សម្ដីរបស់​លោក និង​បទបញ្ញត្តិទាំងឡាយ​ » ) ។

  • ហេតុអ្វី​ពេល​ខ្លះ​វា​តម្រូវ​ឲ្យ​មាន​ការ​អត់ធន់ និង​សេចក្ដីជំនឿ​ដើម្បី​ស្ដាប់​ពាក្យ​សម្ដី​របស់ព្យាការី ?

  • តើ​ការ​ដឹង​ថា ព្យាការី ទទួល​បានដំបូន្មាន និង​បទបញ្ញត្តិ​មកពីព្រះអម្ចាស់ ជួយ​ដល់អ្នក​ទទួល​យកពាក្យ​សម្ដី​របស់លោក « ដោយ​សេចក្ដីអត់ធន់ និង​សេចក្ដី​ជំនឿ​គ្រប់យ៉ាង » តាមរបៀប​ណា ? ( គ. និង ស. ២១:៥ ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ៗ​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:6 ដោយ​ស្ងាត់ស្ងៀម រកមើល​ពរជ័យ​បីយ៉ាង​ដែលបាន​ផ្ដល់ដល់​អ្នកទាំងឡាយ ដែល​ទទួលបាន​ពាក្យសម្ដី​របស់ព្យាការី​ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដីជំនឿ ។ ( អ្នកអាច​ពន្យល់​ថា អត្ថន័យ​មួយ​នៃពាក្យ ញាប់ញ័រ គឺ​ធ្វើ​ឲ្យ​របូត ឬដាច់​ចេញពីអ្វីមួយ​ដែល​ទ្រទ្រង់វា ឬដាច់ចេញ​​ពី​ប្រអប់មួយ ។ ដូច្នេះ​ការ​បកប្រែមួយ​នៃ​ខគម្ពីរ​នេះ អាច​ថា នៅពេល​ស្ថានសួគ៌​ញាប់ញ័រ « ដើម្បី​សេចក្ដីល្អ​ដល់ [ យើង ] » នោះ​វិវរណៈ និងពរជ័យ​ទាំងឡាយ គឺត្រូវ​បាន​ « ដាច់ចេញមក » ហើយ​ចាក់​ស្រោច​មកលើ​អ្នកទាំងឡាយ​ដែល​ធ្វើតាម​ពួក​ព្យាការី​នៅរស់ ) ។

  • តើ​អ្នកនឹង​​សង្ខេប​ការ​សន្យា​ដែលបាន​ប្រទាន​ឲ្យ​ដល់អ្នកទាំងឡាយ​ណា​ដែល​បាន​ស្ដាប់​តាម​ពាក្យ​សម្ដី​របស់​ព្យាការី​យ៉ាង​ដូចម្ដេច ? ( សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេងគ្នា ប៉ុន្តែ​ពួកគេ​គួរ​តែ​បង្ហាញ​ពី​គោលការណ៍​ដូច​ខាង​ក្រោម ៖ បើ​យើង​ស្ដាប់តាម​ពាក្យ​សម្ដី​របស់ព្យាការី នោះ​យើង​នឹង​ត្រូវ​បាន​ការ​ពារ​ទាស់​នឹង​មារសត្រូវ ។ អ្នក​អាច​នឹង​ចង់​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

  • តើ​ការ​ស្ដាប់​តាមពាក្យ​សម្ដី​របស់ព្យាការី « កម្ចាត់អំណាច​នៃ​សេចក្ដីងងឹត​ចេញ » យ៉ាង​ដូចម្ដេច ?

ដើម្បីជួយ​សិស្ស​យល់​គោលការណ៍ ដែលពួកគេ​ទើបនឹង​បាន​ប្រាប់ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន​ឮៗ នូវ​ការ​ដកស្រង់​ដូច​ខាង​ក្រោម​នេះ ស្ដីអំពី​ ការ​ដើរលេង​ជាគូ ( ឬ​ការ​ដក​ស្រង់មួយ​ទៀត អំពី ជម្រើស​របស់អ្នក ) ចេញមកពី​កូនសៀវភៅ ដើម្បី​កម្លាំង​នៃ​យុវជន ។ សូម​ឲ្យ​សិស្ស​ផ្សេង​​ទៀត​ក្នុង​ថ្នាក់​ស្ដាប់​ដោយ​យកចិត្ត​ទុកដាក់ ហើយ​ប្រាប់​អំពី​ដំបូន្មានរបស់ព្យាការី​ និង​ពរជ័យ​ដែលបាន​សន្យា ។ បន្ទាប់ពីសិស្ស​បាន​បញ្ចប់ការ​អាន​រួចហើយ សូម​អញ្ជើញ​សិស្ស​ឲ្យ​រាយការណ៍​នូវ​អ្វី​ដែលពួកគេ​បាន​ប្រាប់ ។

« ការ​ដើរ​លេង​ជា​គូ គឺ​ជា​សកម្មភាព​មួយ​ដែល​បាន​ដាក់ ដើម្បី​អនុញ្ញាត​ឲ្យ​យុវជន​ម្នាក់ និង យុវនារី​ម្នាក់ ចាប់​ផ្តើម​ស្គាល់​គ្នា​បាន​ប្រសើរ​ជាង ។ នៅ​ក្នុង​វប្បធម៌ ដែល​ការ​ដើរ​លេង​ជា​គូ អាច​ទទួល​យក​បាន វា​អាច​ជួយ​អ្នក​ឲ្យ​រៀន និង អនុវត្ត​នូវ​ជំនាញ​ខាង​សង្គម អភិវឌ្ឍ​មិត្តភាព មាន​ភាព​សប្បាយ​រីករាយ និង ទីបំផុត​​រក​ឃើញ​ដៃ​គូ​ដ៏​អស់កល្ប​ជានិច្ច​ម្នាក់ ។

« អ្នក​មិន​គួរ​ដើរ​លេង​ជា​គូ​ឡើយ រហូត​ដល់​អ្នក​មាន​អាយុ​យ៉ាងតិច ១៦ ឆ្នាំសិន ។ នៅ​ពេល​ដែល​អ្នក​ចាប់ផ្តើម​ដើរ​លេង​ជា​គូ សូម​ទៅ​ជាមួយ​នឹង​គូ​ផ្សេង​ទៀត ។ សូម​ចៀសវាង​ពី​ការ​ដើរ​លេង​ជា​គូ ញឹកញាប់​ជាមួយ​នឹង​ដៃ​គូ​ដដែលៗ ។ ការអភិវឌ្ឍន៍​ទំនាក់ទំនង​ស៊ីជម្រៅ​តាំង​ពី​វ័យក្មេង​ពេក អាច​រារាំង​អ្នក​មិន​ឲ្យ​មាន​ឱកាសស្គាល់​មនុស្ស​ផ្សេង​ទៀត ដែល​អ្នក​ជួប ហើយ​ប្រហែល​ជា​អាច​នាំ​ទៅ​រក​ភាព​អសីលធម៌ ។ សូម​អញ្ជើញ​ឪពុកម្តាយ​របស់​អ្នក​ឲ្យស្គាល់មនុស្ស ដែល​អ្នក​ដើរ​លេង​ជា​គូ​ជាមួយ ។

« សូម​ជ្រើសរើស​ដើរលេង​តែ​ជាមួយ​អ្នក​ទាំងឡាយ​ណា ដែលមាន​បទដ្ឋាន​សីលធម៌​ខ្ពស់ ហើយ​នឹង​នៅ​ក្នុង​ក្រុម ដែល​អ្នក​អាច​រក្សា​នូវ​បទដ្ឋាន​របស់​អ្នក​បាន ។ សូម​ចងចាំ​ថា យុវជន​ម្នាក់ និងយុវនារី​ម្នាក់ដើរ​លេង​ជា​គូ គឺ​មាន​ទំនួល​ខុសត្រូវ​ដើម្បី​ការ​ពារ​កិត្តិយស និង​គុណធម៌​ឲ្យ​គ្នា​ទៅវិញទៅមក » ( ដើម្បី​កម្លាំង​នៃ​យុវជន [ កូនសៀវភៅ ឆ្នាំ ២០១១ ], ; សូម​មើល​ផងដែរ LDS.org) ។

  • តើអ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់ ទទួលបាន​ពរជ័យ​ពីការ​ស្ដាប់​តាម​ពាក្យសម្ដី និង​បទបញ្ញត្តិ​ទាំងឡាយ​នៃ​ព្យាការី​នៅរស់​នៅ​ពេល​ណា ?

សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ពិចារណា​អំពី​អ្វី​ដែលពួកគេ​ត្រូវ​ធ្វើ ដើម្បី​ប្រកាស​អំពីពរជ័យ​ដែលបាន​សន្យា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:៦ ។ សូម​អះអាង​នឹង​ពួកគេ​ថា នៅពេល​ពួកគេ​ស្ដាប់​តាមពាក្យសម្ដី​របស់ព្យាការី​ដោយ​យកចិត្តទុកដាក់ នោះ​ពួកគេ​នឹង​ទទួលបាន​ពរជ័យ​ដ៏​អស្ចារ្យ​ក្នុង​ពេល​នេះ និង​ដ៏អស់កល្បជានិច្ច ។

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៧-៩ ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់ផ្ទៀង​តាម រកមើល​នូវ​បំណងប្រាថ្នា និង​ឥរិយាបទ​សុចរិត​របស់ព្យាការី យ៉ូសែប ស៊្មីធ ។

  • តើ​យើង​រៀនបាន​អ្វី​ខ្លះ​អំពីព្យាការី យ៉ូសែប ស៊្មីធ ចេញ​​មកពី​ខគម្ពីរ​ទាំងនេះ ?

  • តើ​អ្នក​គិត​ថា ខគម្ពីរទាំង​នេះ​ក៏​អាច​អនុវត្ត​ចំពោះប្រធាន​​នៃ​សាសនាចក្រ​នៃព្រះយេស៊ូវ​គ្រីស្ទ នៃ​ពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​បច្ចុប្បន្ន​នេះ​យ៉ាង​ដូចម្ដេច ?

គោលលទ្ធិ និង សេចក្ដី​សញ្ញា ២០:១០–១២

អូលីវើរ​ ខៅឌើរី ត្រូវ​បាន​ទទួលស្គាល់​ជា​អែលឌើរ និង​អ្នក​ផ្សាយ​ម្នាក់

សូម​ប្រាប់​សិស្ស​ថា នៅ​ក្នុងការ​ប្រជុំ​ដំបូង​របស់​សាសនាចក្រ អូលីវើរ ខៅឌើរី ត្រូវ​បាន​តែងតាំង​ជា​អែលឌើរ​ម្នាក់ ដោយ​ព្យាការី យ៉ូសែប ស៊្មីធ ហើយ​ព្យាការី ត្រូវ​បាន​តែងតាំងជា​​អែលឌើរ ដោយអូលីវើរ ខៅឌើរី ។ សូម​អញ្ជើញ​សិស្ស​ពីរបីនាក់​ឲ្យ​ផ្លាស់​វេណ​គ្នា​អាន​ឮៗ​គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:១០-១២ ។

អ្នក​ក៏អាច​ចង់​ចង្អុល​បង្ហាញ​ថា នៅក្នុង​ខ ១០ ព្រះអម្ចាស់​សំដៅ​ទៅលើ អូលីវើរ ខៅឌើរី ថាជា «សាវក​របស់​យើង » ( សូមមើល​ផងដែរគ. និង ស. ២០:២–៣ ) ។ សូម​ពន្យល់​ថា នៅក្នុង​ភាសា​ក្រិច ពាក្យ​ថា សាវក មានន័យ​ថា « ជាមនុស្ស​ម្នាក់​ដែលត្រូវបាន​បញ្ជូន » ( សេចក្តីណែនាំ​ដល់​បទគម្ពីរ​ទាំងឡាយ« សាវក » scriptures.lds.org ) ។ អូលីវើរ ខៅឌើរី ត្រូវ​បាន​បញ្ជូន​មកដោយព្រះយេស៊ូវគ្រីស្ទ ហើយ​បាន​បញ្ជា​ឲ្យ​ថ្លែង​ទីបន្ទាល់អំពី​ព្រះអង្គសង្គ្រោះ ។ ទោះបីជា​អូលីវើរ ត្រូវ​បាន​ផ្ដល់​ឲ្យ​នូវ​ទំនួល​ខុសត្រូវ​ជា​សាវក​ក្ដី ក៏​លោក​ពុំ​មែន​ជា​សមាជិក​នៃ​ កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​ដែរ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក​បាន​ជួយ​នៅក្នុង​ការ​ស្វែងរក​បុរស ដែល​ត្រូវ​បាន​ហៅ​ថា​ជា​សមាជិក​នៃ​កូរ៉ូម​នោះ ពេល​វា​ត្រូវ​បាន​រៀបចំឡើង​នៅ​ក្នុង​ឆ្នាំ ១៨៣៥ ។

  • យោង​តាម គោលលទ្ធិ និង សេចក្ដី​សញ្ញា ២១:១១ តើ​អូលីវើរ ខៅឌើរី ត្រូវ​​បាន​សុំ​ឲ្យ​ធ្វើ​អ្វីខ្លះ ? ( ថ្លែង​ពីព្រះនាម​របស់ព្រះអម្ចាស់ ) ។

  • តើ​ការ​ថ្លែងអំ​ពីព្រះនាម​របស់ព្រះអម្ចាស់ មានន័យ​យ៉ាង​ណា​ចំពោះ​អ្នក ?

សូម​បញ្ចប់​មេរៀន​ថ្ងៃ​នេះ ដោយ​ការ​លើក​ទឹក​ចិត្ត​សិស្ស​ឲ្យ​ធ្វើ​តាម​ការ​បំផុសគំនិត ដែលពួកគេ​បាន​ទទួល​ស្ដីអំពី​របៀប​ ដែលពួកគេ​អាច​ថ្លែង​ពីព្រះនាម​របស់ព្រះអម្ចាស់ ហើយ​ធ្វើជា​តំណាង​ឲ្យ​សាសនាចក្រ នៅក្នុង​គ្រួសារ​របស់ពួកគេ សហគមន៍របស់ពួកគេ និង​ពិភពលោក​ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្ដី សញ្ញា ២១ ។ ការ​ពិពណ៌នា​របស់​ យ៉ូសែប ស៊្មីធ អំពី​ថ្ងៃទី ៦ ខែ​មេសា ឆ្នាំ ១៨៣០

ទាក់ទង​នឹង​ព្រឹត្តការណ៍​នានា​នៃ​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ១៨៣០ ជា​ពេល​ដែលសាសនាចក្រ​ត្រូវ​បាន​រៀបចំ​ឡើង​ជា​ផ្លូវការ ព្យាការី​យ៉ូសែប ស្ម៊ីធ មានប្រសាសន៍​ថា ៖

រូបភាព
ព្យាការី យ៉ូសែប ស្ម៊ីធ

« ព្រះវិញ្ញាណ​បរិសុទ្ធ បាន​ចាក់​ស្រោច​មក​លើ​យើង​យ៉ាង​ច្រើន​មហិមា-- មាន​មនុស្ស​មួយចំនួន​បាន​ព្យាករ យើង​ទាំងអស់គ្នា​បាន​សរសើរ​ថ្វាយព្រះអម្ចាស់ ហើយ​រីករាយ​ជា​អនេក » ( Teachings of Presidents of the Church: Joseph Smith[ ឆ្នាំ ២០០៧ ],១៣៨ ) ។

គោលលទ្ធិ និង សេចក្ដី សញ្ញា ២១ ។ ការ​នឹកចាំ​របស់ យ៉ូសែប ណៃត អំពី​ថ្ងៃ​ទី ៦ ខែ​មេសា ឆ្នាំ ១៨៣០

យ៉ូសែប ណៃត ស៊ីញ្ញ័រ បានកត់ត្រា​ក្ដីអំណរ​ដែល​ ព្យាការី​យ៉ូសែប ស្ម៊ីធ បានទទួល​ក្នុង​ថ្ងៃ​ដ៏គួរ​ចងចាំ​នេះ នៅពេល​ឪពុក​របស់លោក យ៉ូសែប ស៊្មីធ ស៊ីញ្ញ័រ បាន​ទទួលបុណ្យជ្រមុជទឹក៖

« មាន​រឿង​មួយដែល​ខ្ញុំ​នឹង​ប្រាប់ [ អំពី ] ល្ងាច​នោះ [ នៅពេល​ ] ដែល​បងប្រុស ស៊្មីធ វ័យ​ចំណាស់ម្នាក់​នោះ និង ម៉ាទីន ហារិស [ បាន​ ] ទទួល​បុណ្យជ្រមុជទឹក ។ យ៉ូសែប មានពោរពេញ​ដោយព្រះវិញ្ញាណ​ដ៏អស្ចារ្យ​មួយ ដើម្បី​មើល​ឃើញ​ឪពុក​របស់លោក និង​ លោក ហារិស ដែល… លោក​បាន​ [ ស្រែក ] ឡើង​…ដោយ​ក្ដីអំណរ ហើយ​ហាក់​ដូចជា​ពិភព​លោក ពុំ​អាច​ទប់លោកជាប់ឡើយ ។ នៅពេល​លោក​ចេញទៅ​ចម្ការ ដោយ​មិន​ចង់​ឲ្យ​អ្នកដទៃ​ឃើញ លោក​បាន​យំខ្សឹកខ្សួល ហើយ​ហាក់ដូចជា​ពោរពេញដោយ​អំណរ​​យ៉ាង​ខ្លាំង ដែល​លោក​ស្ទើរ​តែ​ផុត​ជីវិត ។… លោក​គឺ​ជា​មនុស្ស​ដ៏មានឥទ្ធិពល​បំផុត ដែល​ខ្ញុំ​ធ្លាប់​ឃើញ​ ។ ប៉ុន្តែក្ដីអំណរ​របស់លោក ហាក់ដូចជា​ពោរពេញ​ខ្លាំងណាស់ ។ ខ្ញុំ​គិត​ថា លោក​បាន​ឃើញ​ពីកិច្ចការ​ដ៏អស្ចារ្យ ដែល​លោកបានចាប់​ផ្ដើម ហើយ​មានបំណងប្រាថ្នា​ដើម្បី​អនុវត្ត​វា » (បានដកស្រង់​នៅក្នុង Dean Jessee, « Joseph Knight’s Recollection of Early Mormon History, »BYU Studies វ៉ុលទី. ១៧, no. ១ [ ឆ្នាំ ១៩៧៦ ], ទំព័រ ៣៧; ការ​ប្រកប​ពាក្យ និង​ការ​ដាក់អក្សរធំ ត្រូវ​បាន​ធ្វើឡើង​តាមបទដ្ឋាន ) ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ២១:៥ ។ « ពាក្យសម្ដី​របស់​លោក​នោះ​ហើយ អ្នក​នឹង​បាន​ទទួល ហាក់​ដូច​ជា​បាន មកពី​ព្រះឱស្ឋ​របស់​យើង​ផ្ទាល់ »

ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន បាន​គូសបញ្ជាក់​អំពី​សារៈសំខាន់​នៃ​ព្យាការីនៅរស់ និង​ប្រធាន​នៃ​សាសនាចក្រថា ៖

រូបភាព
ប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន

« ដើម្បីជួយ​អ្នក​ឆ្លង​កាត់​ការ​សាកល្បង​ដ៏សំខាន់​ដែល​នៅខាង​មុខ​អ្នក ខ្ញុំ​នឹង​ផ្ដល់​ដល់​អ្នកនៅថ្ងៃ​នេះ នូវទិដ្ឋភាព​ជាច្រើន​អំពី​គន្លឹះ​ដ៏​ចម្បង​មួយ បើ​អ្នក​នឹង​គោរព​តាម​វា នោះ​អ្នក​នឹង​ពាក់មកុដ​ដោយសិរីល្អ​នៃព្រះ ហើយ​នាំ​អ្នក​ចេញ​ទៅ​ដោយជោគជ័យ ពី​អំពើ​អាក្រក់​របស់សាតាំង ។

« … នេះ​គឺ​ជា​គន្លឹះ​ចម្បង-- ធ្វើតាម​ព្យាការី-- ហើយ​ឥឡូវ​នេះ គឺជា​គ្រឹះ​ចំនួន​ដប់បួនក្នុងកា​រ​ធ្វើតាម​ព្យាការី ជាប្រធាន​នៃ​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ​នៃពួកបរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ ។

« ទីមួយ ៖ ព្យាការី គឺ​ជា​បុរស​តែម្នាក់គត់ ដែល​និយាយ​ជំនួស​ព្រះអម្ចាស់​ក្នុង​រឿងគ្រប់យ៉ាង ។

« ទីពីរ ៖ ព្យាការី​នៅរស់ គឺ​សំខាន់​ណាស់​ចំពោះ​យើង​ខ្លាំង​ជាង​គម្ពីរ​​បទដ្ឋាននានា ។

« ទីបី ៖ ព្យាការី​នៅរស់ គឺ​សំខាន់​ចំពោះ​យើង​ខ្លាំង​ជាង​ព្យាការី​ដែល​បាន​ស្លាប់​ទៅហើយ ។

« ទីបួន ៖ ព្យាការី នឹង​ពុំ​ដែល​ដឹកនាំ​សាសនាចក្រ​ឲ្យ​វង្វេង​ឡើយ ។

« ទីប្រាំ ៖ ព្យាការី ពុំ​តម្រូវ​ឲ្យ​មាន​ការ​បំពាក់បំប៉ន ឬ​លិខិត​តាំង​​ខាង​លោកិយ​ជាក់លាក់​ណាមួយ ដើម្បី​និយាយ​អំពី​ប្រធានបទ ឬ​មាត្រា​ណា ស្ដីអំពី​បញ្ហា​នានា​នៅ​គ្រប់ពេលណាមួយឡើយ ។

« ទីប្រាំមួយ ៖ ព្យាការី ពុំ​ចាំបាច់​ត្រូវនិយាយ​ថា ‹ ហេតុដូច្នេះ​ហើយ តាមបន្ទូល​របស់​ព្រះអម្ចាស់ › ប្រទានដល់យើង​ព្រះគម្ពីរ​នោះទេ ។

« ទីប្រាំពីរ ៖ ព្យាការី ប្រាប់យើង​ពីអ្វី​ដែល​យើង​ចាំបាច់​ត្រូវ​ដឹង ពុំ​មែន​អ្វី​ដែល​យើង​ចង់​ដឹង​ជានិច្ចកាល​នោះទេ ។

« ទីប្រាំ​បី ៖ ព្យាការី ពុំ​កំណត់​ដោយ​មូលហេតុ​របស់​មនុស្ស​ណាឡើយ ។

« ទីប្រាំបួន ៖ ព្យាការី អាច​ទទួលវិវរណៈ​អំពី​រឿង​គ្រប់យ៉ាង ទាំងខាង​សាច់ឈាម ឬ​ខាង​វិញ្ញាណ ។

« ទីដប់ ៖ ព្យាការី អាច​ចូលរួម​ក្នុង​បញ្ហា​សង្គម ។

« ទីដប់មួយ ៖ មនុស្ស​ពីរ​ក្រុម​ដែល​ពិបាក​បំផុត​ដើម្បី​ធ្វើតាម​ព្យាការី គឺ មនុស្ស​ឆ្មើង​ឆ្មៃ ដែល​រៀនចេះដឹង និង​មនុស្ស​ឆ្មើង​ឆ្មៃ ដែល​មានទ្រព្យសម្បត្តិ ។

« ទីដប់ពីរ ៖ ព្យាការី នឹង​ពុំ​ចាំបាច់​មាន​ប្រជាប្រិយភាព​ជាមួយ​ពិភពលោក ឬ​ខាង​លោកិយឡើយ ។

« ទីដប់បីរ ៖ ព្យាការី និង​ទីប្រឹក្សា​របស់​លោក បង្កើត​ជា​គណៈប្រធានទីមួយ-- កូរ៉ុម​ខ្ពស់បំផុត​ក្នុង​សាសនាចក្រ ។

« ទី​ដប់បួន ៖ ព្យាការី និង​គណៈប្រធាន -- ព្យាការី​នៅរស់ និង​គណៈប្រធាន​ទីមួយ -- បើ​ធ្វើ​តាម​ពួកលោក នោះ​នឹង​​ត្រូវ​បាន​ទទួល​ពរជ័យ បើ​បដិសេធ​ពួកលោក នោះ​នឹង​រងទុក្ខ » ( « Fourteen Fundamentals in Following the Prophet » [ Brigham Young University fireside address, ថ្ងៃទី ២៦​ ខែ កុម្ភៈ ឆ្នាំ ១៩៨០ ], ១, ៦speeches.byu.edu ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ២១:៥-៦ ។ « ដោយ​សេចក្ដី​អត់ធន់ និង​សេចក្ដីជំនឿ​គ្រប់​យ៉ាង »

ប្រធាន ហារ៉ូល ប៊ី លី បាន​ពន្យល់​អំពី​តម្លៃ​នៃ​ការ​ស្ដាប់​តាម​ពាក្យ​ទូន្មាន​របស់​ព្យាការី ទោះ​ជា​ពេល​ដែល​ទស្សនៈ​ផ្ទាល់ខ្លួន​យើង​​ខុស​ពី​ពាក្យ​ទូន្មាន​នោះក្ដី ។

រូបភាព
ប្រធាន ហារ៉ូល ប៊ី លី

« សុវត្ថិភាព​តែមួយគត់ ដែល​យើង​មាន ក្នុង​នាម​ជា​សមាជិក​នៃ​សាសនាចក្រ​នេះ គឺ​ដើម្បី​ធ្វើ​ឲ្យ​ដូច​​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​មាន​បន្ទូល​មក​កាន់​សាសនាចក្រ​នៅជំនាន់​នោះ ពេល​សាសនាចក្រ​ត្រូវ​បាន​រៀបចំឡើង ។ យើង​ត្រូវ​តែ​រៀន​ស្ដាប់​តាមពាក្យសម្ដី និង​បទបញ្ញត្តិ​ទាំងឡាយ ដែល​ព្រះអម្ចាស់​បាន​ប្រទាន​ឲ្យ តាមរយៈ​ព្យាការី​របស់ទ្រង់ ‹នៅពេល​លោក​បាន​ទទួល​ពាក្យ​ទាំងនេះ ដោយ​ដើរ​ក្នុង​បរិសុទ្ធភាព​ទាំងអស់ នៅចំពោះ​យើង…ហាក់ក់​ដូចជា​បាន​មកពីព្រះឱស្ឋ​របស់​យើង​ផ្ទាល់ ដោយ​សេចក្ដីអត់ធន់ និង​សេចក្ដីជំនឿ​គ្រប់យ៉ាង›គ. និង ស. ២១:៤-៥ ) ។ មាន​រឿង​ខ្លះ​នឹង​ត្រូវការ​ភាពអត់ធ្មត់ និង ក្ដីជំនឿ ។ អ្នក​អាច​នឹង​មិន​ចូលចិត្ត​នូវ​អ្វី​ដែល​ចេញ​មកពី​អ្នកមានសិទ្ធិអំណាច​នៃ​សាសនាចក្រ ។ វា​អាច​នឹង​ផ្ទុយ​ពី​ទស្សនៈ​ខាង​នយោបាយ​របស់អ្នក ។ វា​អាច​នឹង​ផ្ទុយ​ពី​ទស្សនៈ​ខាងសង្គម​របស់អ្នក ។ វា​អាច​នឹង​ជ្រៀតជ្រែក​ក្នុង​ជីវិត​សង្គម​មួយ​ចំនួន​របស់​អ្នក ។ ប៉ុន្តែ​បើអ្នកស្ដាប់​តាម​រឿង​ទាំងនេះ ដូច​ជា​មកពី​ព្រះឱស្ឋ​របស់​ព្រះអម្ចាស់​ផ្ទាល់ ដោយ​សេចក្ដីអត់ធន់ និង​សេចក្ដីជំនឿ នោះ​ការ​សន្យា​គឺថា ‹ ទ្វារ​ស្ថាន​នរក​នឹង​ពុំ​ដែលឈ្នះ​អ្នកឡើយ មែនហើយ ហើយ​ព្រះអម្ចាស់​ដ៏​ជា​ព្រះ ទ្រង់​នឹង​កំចាត់​អំណាច​នៃ​សេចក្ដីងងឹត​ចេញពី​អ្នកទៅ ហើយ​នឹង​បណ្ដាល​ឲ្យ​ផ្ទៃ​មេឃ​ញាប់ញ័រ ដើម្បីសេចក្ដីល្អ​ដល់​អ្នក និង​សិរីល្អ​ដល់ព្រះនាម​របស់​ទ្រង់› ( គ. និង ស. 2១:៦) » (Teachings of Presidents of the Church: Harold B. Lee [ ឆ្នាំ ២០០០ ],៨៤–៨៥ សូមមើល​ផងដែរ Doctrine and Covenants Student Manual, 2nd ed. [ Church Educational System manual, ឆ្នាំ ២០០១ ], ៤៥ ) ។

អែលឌើរ អិម រ័សុល បាឡឺដ នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖

រូបភាព
អែលឌើរ អិម រ័សុល បាឡឺដ

« បងប្អូន​ប្រុសស្រី វា​ពុំ​មែន​ជា​រឿង​តូចតាច​ទេ ដើម្បី​មាន​ព្យាការី​ម្នាក់​របស់​ព្រះ​ក្នុង​ចំណោម​ពួកយើង​នោះ ។ ពរជ័យ គឺ​មហិមា និង​អស្ចារ្យ​ណាស់ ដែល​កើត​មាន​ក្នុង​ជីវិត​របស់​យើង ពេល​យើង​ស្ដាប់​ព្រះបន្ទូល​របស់ព្រះអម្ចាស់ ដែលបាន​ប្រទានដល់​យើង តាមរយៈរូបលោក​នោះ ។ ដូច​គ្នា​នោះ​ដែរ ពេល​ដឹង​ថា [ ប្រធាន នៃ​សាសនាចក្របច្ចុប្បន្ន ] គឺ​ជា​ព្យាការីរបស់ព្រះ ក៏បាន​ប្រទានដល់​យើង​នូវការ​ទទួលខុសត្រូវផង​ដែរ ។ នៅពេល​យើង​ស្ដាប់​តាម​ការ​ទូន្មាន​របស់ព្រះអម្ចាស់ ដែល​បង្ហាញ​តាមរយៈ​ពាក្យសម្ដី​របស់​ប្រធាន​នៃ​សាសនាចក្រ នោះ​ការ​ឆ្លើយ​តប​របស់យើង​គួរ​តែ​​វិជ្ជមាន និងធ្វើ​ឲ្យ​បាន​ឆាប់ ។ ប្រវត្តិសាស្ត្រ បាន​បង្ហាញ​ថា មានសុវត្ថិភាព សន្ដិភាព ភាពរុងរឿង និង​សុភមង្គល នៅក្នុង​ការ​ឆ្លើយតប​ចំពោះ​ដំបូន្មាន​របស់ព្យាការី ដូច​នីហ្វៃពីជំនាន់​ដើម​ថា ៖ ‹ ខ្ញុំ​នឹង​ទៅ ហើយ​ធ្វើ​នូវ​អ្វី​ៗ​ដែល​ព្រះអម្ចាស់​ទ្រង់​បាន​បញ្ជា › » His Word Ye Shall Receive, » Ensign ខែ ឧសភា ឆ្នាំ ២០០១ ទំព័រ ៦៥ ) ។