ថ្នាក់​សិក្ខាសាលា
មេរៀន​ទី ៤៨ ៖ គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:៣០-៤២


មេរៀន​ទី ៤៨

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០-៤២

បុព្វកថា

នៅ​ដើម​ឆ្នាំ ១៨៣១ ពួកបរិសុទ្ធ​ភាគ​ច្រើន​ដែល​រស់នៅ​ក្នុង​រដ្ឋ​នូវយ៉ោក រួម​ទាំង យ៉ូសែប ស៊្មីធ បាន​ផ្លាស់ទីលំនៅ​ទៅកាន់​រដ្ឋ ហូហៃអូ ដើម្បី​ចូលរួម​នឹង​ក្រុម​ធំមួយ ដែល​បាន​ផ្លាស់ប្រែចិត្តជឿ​ទទួលបុណ្យជ្រមុជទឹក​ថ្មីៗ​នៅ​ទីនោះ ។ អ្នកដឹកនាំ​សាសនាចក្រ ស្វែង​រក​ការ​ដឹកនាំ​មកពី​ព្រះអម្ចាស់ ទាក់ទង​នឹង​ការ​រីកចម្រើន​នៃសាសនាចក្រ ។ ព្យាការី យ៉ូសែប ស៊្មីធ បាន​ទទួល​វិវរណៈ​មួយ ដែល​ឥឡូវ​ត្រូវ​បាន​កត់ត្រា​នៅក្នុងគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:១-៧៣នៅក្នុង​វត្តមាន​នៃពួក​អែលឌើរ ១២ នាក់ ។ នៅក្នុង​វិវរណៈ​នេះ ព្រះអម្ចាស់​បាន​ណែនាំ​អំពី​ក្រឹត្យវិន័យ​ខាង​វិញ្ញាណ ខាង​សេដ្ឋកិច្ច និង​ខាង​សាច់ឈាម ដើម្បីដឹកនាំ​សមាជិក​សាសនាចក្រ ឲ្យ​ជួយ​ដល់អ្នក​ក្រីក្រ ផ្ដល់​ហិរញ្ញវត្ថុ​សម្រាប់​បន្ទុក​ផ្សេងៗ​ក្នុង​សាសនាចក្រ ហើយ​ជួយ​ដល់ពួកបរិសុទ្ធ​ផ្សេង​ទៀត​ដែល​មកដល់​រដ្ឋ អូហៃអូ ។

យោបល់​សម្រាប់ការ​បង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣០-៤២

ព្រះអម្ចាស់​បាន​ដាក់​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ​

មុនពេល​ចាប់​ផ្ដើម​ថ្នាក់​រៀន សូម​ប្រើ​បង់​ស្អិត ឬ​ហ្វឺត ដើម្បី​គូសបន្ទាត់មួយ នៅលើ​កែវទឹក​ថ្លា​ចំនួន​ប្រាំមួយ ។ សូម​គូស​បន្ទាត់​ក្នុង​កម្រិត​កម្ពស់​ផ្សេងៗគ្នា​នៅ​លើ​កែវទឹកនិមួយៗ ។ សូម​យក​កែវទឹក​មក​ថ្នាក់រៀន ។ សូម​នាំ​យក​ថូទឹក​មួយ​ដែល​មានទឹក​ច្រើន​ល្មម​គ្រប់គ្រាន់ដើម្បី​ចាក់​បំពេញ​ក្នុង​កែវ​ទឹក​ទាំងអស់​ត្រឹម​បន្ទាត់​ដែល​បាន​គូស​នៅលើ​កែវទឹក​ទាំងនោះ ។ ( អ្នកអាច​នឹង​ចង់​លាយ​ពណ៌​នៅក្នុង​ទឹក ដើម្បី​សិស្ស​នឹង​អាច​មើល​ឃើញ​វា​ដោយ​ងាយ ) ។

នៅ​ដើម​មេរៀន សូម​បង្ហាញ​ថូទឹក ។ សូម​ប្រាប់​ដល់សិស្ស​ថា ទឹក​តំណាង​ឲ្យ​ទ្រព្យសម្បត្តិ និង​ធនធាន​ទាំងអស់​ក្នុង​សហគម​ន៍​មួយ ។

សូម​ពន្យល់​ថា នៅក្នុង​ខែ​កុម្ភៈ ឆ្នាំ ១៨៣១ សមាជិក​នៃ​សាសនាចក្រ​នៅ​ទីក្រុង​ខឺតឡង់ រដ្ឋ អូហៃអូ បានត្រូវការ​ជំនួយ​ដើម្បីមើល​ថែ​ដល់​អ្នកទាល់​ក្រ ជួយ​ដល់អ្នក​មក​តាំង​លំនៅថ្មី ដែល​បាន​លះបង់​យ៉ាង​ច្រើន ដើម្បី​មក​ប្រមូល​ផ្ដុំ​នៅ​រដ្ឋ អូហៃអូ ហើយ​ជួយ​ផ្នែកហិរញ្ញវត្ថុ​ដើម្បីប្រតិបត្តិការ​លើសាសនាចក្រ​ផងដែរ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៣០ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើលបទបញ្ញតិ្ត ដែល​ព្រះអម្ចាស់​បាន​បើក​សម្ដែង​ទាក់ទង​នឹង​អ្នក​ទាល់ក្រ ។

  • តើ​អ្នក​គិត​ថា « សូមនឹក​ដល់​មនុស្ស​ទាល់ក្រ » មានន័យ​យ៉ាង​ណា ?

សូម​ចង្អុល​បង្ហាញ​ថា ព្រះអម្ចាស់​បាន​បញ្ជា​ដល់ពួក​បរិសុទ្ធ​ឲ្យ​ថ្វាយ​ទ្រព្យ​សម្បត្តិ​របស់ពួកគេ ដើម្បីគាំទ្រ​ដល់​មនុស្ស​ទាល់ក្រ ។ សូមសរសេរ​ពាក្យការ​ថ្វាយ​នៅលើ​ក្ដារខៀន ។ សូម​ឲ្យ​សិស្ស​សញ្ជឹងគិត​ចំពោះ​សំណួរ​ខាងក្រោម ៖

  • តើ​អ្នក​គិត​ថា ការ​ថ្វាយ​មានន័យ​ដូច​ម្ដេច ?

សូមសរសេរ​នៅលើ​ក្ដារខៀន​នូវ​និយមន័យ​ដូច​ខាង​ក្រោម​នៃ​ពាក្យ​ការ​ថ្វាយ ដែល​បាន​ផ្ដល់​ឲ្យ​ដោយ​អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ។ អ្នកអាច​នឹង​ចង់ស្នើរ​ឲ្យ​សិស្ស​សរសេរ​និយម​ន័យ​នេះ​នៅក្នុង​គែម​ទំព័រ​នៃ​បទ​គម្ពីរ​របស់ពួកគេ នៅជិត​នឹ​ង ខ ៣០ ។

រូបភាព
អែលឌើរ ឌី ថត គ្រីស្តូហ្វឺសិន

« ដើម្បី​ថ្វាយ គឺ​ញែក​ចេញ ឬ​លះបង់អ្វី​មួយ​ដើម្បីគោលបំណង​បរិសុទ្ធ ពិសិដ្ឋ ដោយលះបង់ » (Reflections on a Consecrated Life, » Ensignលីអាហូណា ខែ វិច្ឆិកា ឆ្នាំ ២០១០, ទំព័រ ១៦ ) ។

  • តើ​អ្នកគិត​ថា​និយមន័យ​នេះ ទាក់ទង​នឹង​ទង្វើ​នៃ​ការ​ផ្ដល់​អ្វីមួយ​ដើម្បី​ជួយ​ដល់​មនុស្ស​ដែល​ខ្វះខាត​យ៉ាង​ដូចម្ដេច ?

  • តើ​អ្នក​អាច​សង្ខេប​បទបញ្ញត្តិ​របស់ព្រះអម្ចាស់ នៅក្នុងខ ៣០ ទាក់ទង​នឹង​មនុស្ស​ទាល់​ក្រ​យ៉ាង​ដូចម្ដេច ? ( ទោះជា​សិស្ស​អាច​ប្រើពាក្យ​ផ្សេង​ក្ដី ក៏​ចម្លើយ​របស់ពួកគេ គួរ​តែ​បង្ហាញ​ពី​គោលលទ្ធិ​ដូច​ខាង​ក្រោម ៖ ព្រះអម្ចាស់ បញ្ជា​ឲ្យ​យើង​មើល​ថែ​ដល់​អ្នក​ទាល់ក្រ និងអ្នកខ្វះខាត ។ ជាចំណែក​នៃ​ការពិភាក្សា​នេះ អ្នក​នឹង​ចង់​អាច​អញ្ជើញ​សិស្ស​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៣៨: ១៦, ៣៤-៣៦ ) ។

សូម​ពន្យល់​ថាគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២​មាន​គោលការណ៍​នៃ​ក្រឹត្យវិន័យ​មួយ ដែល​ហៅ​ថា ក្រឹត្យវិន័យនៃ​ការ​ថ្វាយ ។ ដើម្បីជួយ​សិស្ស​យល់​អំពី​គោលការណ៍​មូលដ្ឋានគ្រឹះ​ទាំងនេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យអាន​ឮៗ​នូវការ​ពន្យល់​ដូច​ខាង​ក្រោម ដោយ​ប្រធាន ម៉ារុន ជី រ៉ូមនី នៃ​គណៈ​ប្រធានទីមួយ ។

រូបភាព
ប្រធាន ម៉ារុន ជី រ៉មនី

« គោលការណ៍​គ្រឹះ និង​ការ​កែ​សម្រួល​សម្រាប់​ក្រឹត្យវិន័យ​នៃការ​ថ្វាយ ‹ គឺ​ថា​អ្វីៗគ្រប់​យ៉ាង​ដែល​យើង​មាន​ជា​របស់​ផង​ព្រះអម្ចាស់ ហេតុដូច្នោះ​ហើយ ព្រះអម្ចាស់​អាច​ហៅ​ឲ្យ​យើងលះបង់​រាល់​ទ្រព្យសម្បត្តិ​ដែល​យើង​មាន ដោយ​សារ​វា​ជា​របស់​ផង​ទ្រង់ ។ គ. និង ស. ១០៤:១៤–១៧, ៥៤–៥៧J. Reuben Clark, Jr., in Conference Report, ខែ តុលា ឆ្នាំ ១៩៤២, ទំព័រ ៥៥ » ) (Living the Principles of the Law of Consecration, »Ensignខែ កុម្ភៈ ឆ្នាំ ១៩៧៩, ទំព័រ ៣ ) ។

កំណត់ចំណាំ ៖ ឧបករណ៍​សម្រាប់​មេរៀន​ដូច​ខាង​ក្រោម គឺ​ជា​ការ​សម្រាយ​មួយ​អំពី​ក្រឹត្យវិន័យ​នៃការ​ថ្វាយ ដូច​ដែល​មាន​នៅ​ក្នុង​សាសនាចក្រ​ប្រហែល​នៅ​ឆ្នាំ ១៨៣៣ ។ បន្ទាប់ពីគ្រានេះ​មក សាសនាចក្រ​បាន​កែ​ការ​អនុវត្ត​នេះ ។ មាន​ឃ្លា​មួយចំនួន​នៃ​ការ​អនុវត្ត​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ និង​ការ​កែ​សម្រួល​ការ​អនុវត្ត​នៅ​ក្នុង​ឆ្នាំ​ក្រោយៗមកទៀត ។

សូមអញ្ជើញ​ឲ្យ​សិស្ស​ប្រាំមួយ​នាក់ឡើង​មក​ខាងមុខ​ថ្នាក់ ។ សូម​ឲ្យ​ពួកគេ​ម្នាក់ៗ​កាន់​កែវទឹក​ទំនេរ​មួយ ។ សូម​ចាក់ទឹក​ពី​ក្នុង​ថូ​ចូល​ក្នុង​កែវ ។ សូម​បំពេញ​កែវទឹក​មួយ​ដល់​ត្រឹម​ខ្សែបន្ទាត់ ដែល​អ្នកបានគូស ហើយ​សូម​បំពេញ​កែវទឹក​បី​ទៀតនៅ​ខាង​លើ​បន្ទាត់​ដែលអ្នកបានគូស ហើយ​បំពេញ​កែវ​ទឹក​ពីរ​ទៀត​នៅ​ខាង​ក្រោម​បន្ទាត់​ដែលអ្នកបានគូស ។ សូម​ពន្យល់​ថា កែវទឹក​និមួយៗ​តំណាង​ឲ្យ​គ្រួសារ​មួយ ហើយ​ថា​បន្ទាត់​នៅលើ​កែវទឹក​និមួយៗ​តំណាង​ឲ្យ​សេចក្ដីត្រូវការ និង​បំណង​ប្រាថ្នា​សុចរិត​របស់​គ្រួសារ​នោះ ។ កែវទឹក​ដែលមាន​ទឹក​នៅខាង​ក្រោម​បន្ទាត់ តំណាង​ឲ្យ​គ្រួសារ​ដែល​ពុំ​មាន​ប្រាក់កាស​គ្រប់គ្រាន់ ឬ​សម្ភារ​ដើម្បី​ផ្គត់ផ្គង់​តម្រូវ​ការ​របស់ពួកគេ ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៣១ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្សក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ជំហាន​ទីមួយ ដែលពួកបរិសុទ្ធ​ទាំងនេះ បាន​ចាប់​ផ្ដើម​ដើម្បីរស់នៅតាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ ។

  • សម្រាប់ពួកបរិសុទ្ធ​ទាំងនេះ តើ​ជំហានទីមួយ​នៅក្នុង​ការ​រស់នៅតាម​ក្រឹត្យវិន័យ​នៃការ​ថ្វាយ​គឺ​ជា​អ្វី ? ( សម្ភារ​របស់ពួកគេ គឺ​ត្រូវ​បាន « ដាក់​ទ្រព្យ​ទាំង​នោះ​នៅចំពោះ​មុខ​ប៊ីស្សព​នៃ​សាសនាចក្រ និង​ទីប្រឹក្សាទាំងឡាយ​របស់​គាត់ » ។ ជា​ពាក្យ​ម្យ៉ាងទៀត​ថា ពួក​គេ​ត្រូវ​បង្ហាញ​នូវ​ការ​ស្ម័គ្រ​ចិត្ត​របស់ពួកគេ​ដើម្បី​ថ្វាយ​ប្រាក់ និង​ទ្រព្យសម្បត្តិ​របស់ពួកគេ​ដល់​សាសនាចក្រ ) ។

  • តើ​ប៊ីស្សព​តំណាង​ឲ្យ​នរណា ? ( ព្រះអម្ចាស់ ) ។

ដើម្បី​ជា​តំណាង​ឲ្យ​សាសនាចក្រ នោះសមាជិក​បាន​ថ្វាយ​ទ្រព្យ​របស់​ខ្លួន​ដល់​សាសនាចក្រ សូម​ឲ្យ​សិស្ស​ប្រាំមួយ​នាក់​មក​ចាក់ទឹក​ចេញពីកែវ​របស់ពួកគេ​ចូល​ទៅ​ក្នុង​ថូ ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៣២ឲ្យឮៗ ហើយ​សុំ​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​រក​មើលជំហាន​ទីពីរ ដែល​ពួកបរិសុទ្ធ​ទាំងនេះ ត្រូវ​ធ្វើ​ដើម្បី​រស់នៅ​តាមក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ ។

សូម​ពន្យល់​ថា គ្រប់គ្រួសារ​បាន​ធ្វើការ​ជាមួយ​ប៊ីស្សព និង​បាន​ទទួល​នូវ​អ្វីដែល​ហៅ​ថា « ការ​កាន់កាប់ត្រួត​ត្រា » (គ. និង ស. ៤២:៧២) ។ នេះ​មានន័យ​ថា គ្រួសារ​និមួយៗ​ត្រូវ​បាន​ប្រគល់​ទ្រព្យ និង​ធនធាន​នានា​មក​ពី​ព្រះអម្ចាស់ ។ ក្រុមគ្រួសារ មាន​ឯកសិទ្ធិ​ធ្វើជា​ម្ចាស់​លើ​ទ្រព្យ​សម្បត្តិ និង​ធនធាន​នានា ដែលពួកគេ​បាន​ទទួល ហើយ​ពួកគេ​ត្រូវ​ប្រើ​សិទ្ធិ​ជ្រើសរើស​របស់ពួកគេ ដើម្បី​គ្រប់គ្រង​លើ​ការ​កាន់កាប់ត្រួត​ត្រា​របស់ពួកគេ ។ ក្នុងនាម​ជា​អ្នក​កាន់កាប់ត្រួតត្រា​ទ្រព្យសម្បត្តិ និង​ធនធាន​នានា​របស់ព្រះអម្ចាស់ នោះ​ពួកគេ​មាន​ទំនួលខុសត្រូវ​ចំពោះ​ទ្រង់ ហើយ​ទទួលខុសត្រូវ​ទាំងស្រុង​ចំពោះ​អ្វី​ដែលទ្រង់​បាន​ប្រគល់​ដល់ពួកគេ ។

សូម​ចាក់ទឹក​ចេញពី​ថូ បំពេញ​ក្នុង​កែវទឹក​និមួយៗ​ត្រឹម​បន្ទាត់​ដែលគូសនោះ ។

ដើម្បីជួយសិស្ស​ឲ្យ​យល់​អំពី​របៀប​ដែល​ប៊ីស្សព​ចែក​ធនធាន​ដល់​ក្រុម​គ្រួសារ សូម​ឲ្យ​សិស្ស​ម្នាក់​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៥១:៣ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពីរបៀប​ដែល​ប៊ីស្សព ( ដែលនៅក្នុង​ករណី​នេះ គឺជា អែតវឹត ប៉ាទ្រិច ) បានប្រគល់​ចំណែក​មួយ​ដល់គ្រួសារ​និមួយៗ ។ អ្នក​ក៏​អាច​នឹង​ចង់​ឲ្យ​យោបល់ដល់​សិស្ស​ឲ្យ​សរសេរគ. និង ស. ៥១:៣នៅ​ក្នុង​គម្ពីរ​របស់ពួកគេ​ជិត​នឹង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៣៣ ។

  • តើ​ប៊ីស្សព​ប្រគល់​ចំណែក​មួយ​ដល់គ្រប់​ក្រុមគ្រួសារ​យ៉ាង​ដូចម្ដេច ? ( ការ​ចែក​ចំណែក គឺ​អាស្រ័យ​ទៅលើ​ស្ថានភាព ចំណង់ និង​តម្រូវ​ការ​របស់​គ្រួសារ​និមួយៗ ) ។

សូមអញ្ជើញ​សិស្ស​ម្នាក់ទៀត​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៨២:១៧ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​របៀប​ដែល​ព្រះអម្ចាស់​កំណត់​អំពី​ចំណង់ និង​តម្រូវ​ការ​របស់​មនុស្ស​តាម​របៀប​ណា ។ អ្នក​ក៏​អាច​នឹង​ចង់​ឲ្យ​យោបល់ដល់​សិស្ស​ឲ្យ​សរសេរគ. និង ស. ៨២:១៧ នៅក្នុង​បទគម្ពីរ​របស់ពួកគេ ជិត​នឹង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៣៣

  • យោង​តាម​ខ​នេះ តើ​ព្រះអម្ចាស់មានតម្រូវការ​អ្វីខ្លះ​ពី​រាស្ត្រ ដែល​ប្រកាស​ពី​បំណងប្រាថ្នា និង​តម្រូវការ​របស់ពួកគេ​ចំពោះ​ប៊ីស្សព​នោះ ? ( ពួកគេ​ត្រូវ​មាន​យុត្តិធម៌ ឬ​ជា​ពាក្យម្យ៉ាង​ទៀត​ថា ស្មើភាព និង​ទៀងត្រង់ ) ។

សូម​បង្ហាញទឹក​ដែល​នៅសល់​ក្នុង​ថូ​ដល់​សិស្ស ។ សូមអញ្ជើញ​សិស្ស​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៣៣-៣៦ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​នូវ​អ្វី​ដែល​ព្រះអម្ចាស់​បាន​ណែនាំ​ដល់​ពួកបរិសុទ្ធ​ឲ្យ​ធ្វើ​ជាមួយ​នឹង​ទ្រព្យ​សម្បត្តិ​ដែល​បាន​ថ្វាយ ដែល​នៅសេសសល់​បន្ទាប់ពី​ចែក​ឲ្យកាន់កាប់​ត្រួត​ត្រា​ហើយ​នោះ ។

  • តើ​ព្រះអម្ចាស់​បាន​មាន​ព្រះបន្ទូល​ណែនាំ​ពួក​បរិសុទ្ធ​ឲ្យ​ធ្វើ​អ្វី​ខ្លះ ជាមួយ​នឹង​ទ្រព្យសម្បត្តិ​ដែល​នៅ​សល់ ឬ « របស់​ដែល​នៅ​សល់​ទាំង​ប៉ុន្មាន » នោះ ? ( ពួកគេ​គឺត្រូវ​ប្រើ​ដើម្បី​ជួយ​ដល់​អ្នក​ទាល់ក្រ ផ្ដល់​ហិរញ្ញវត្ថុ​ដល់​ការសាងសង់​សាសនាចក្រ និង​ជួយ​សមាជិក​ដែល​ខ្វះខាត ) ។ តើ​អ្នក​គិត​ថា ថូ តំណាង​ឲ្យ​អ្វី នៅក្នុង​ខទាំងនេះ ? ( ឃ្លាំង ) ។

  • តើ​ការ​ថ្វាយ​ជួយ​ក្នុងការ​មើល​ថែ​ដល់​មនុស្ស​ទាល់​ក្រ និង​អ្នកទាំងឡាយ​ដែល​ខ្វះខាត​យ៉ាង​ដូចម្ដេច ?

  • តើ​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ អាច​ជាពរជ័យ​មួយ​ដល់​សាសនាចក្រ​យ៉ាង​ដូចម្ដេច ?

  • តើ​វា​នឹង​លំបាក​យ៉ាងណា ដើម្បី​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃការ​ថ្វាយ​នោះ ?

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៣៨ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម ហើយ​រក​មើល​គោលការណ៍​មួយ ដែល​ព្រះអម្ចាស់​បង្រៀន​ទាក់ទង​នឹង​ការ​ធ្វើ​ល្អ​ចំពោះអ្នកដទៃ ។

  • តើ​គោលការណ៍​អ្វីខ្លះ​ដែលព្រះអម្ចាស់​បាន​បង្រៀន​អំពី​ការ​ធ្វើ​ល្អ​ដល់អ្នក​ដទៃ ? ( សិស្ស​គួរតែ​បង្ហាញ​ថានៅពេល​យើង​ធ្វើ​ល្អ​ដល់អ្នកដទៃ ក៏​ដូចជា​យើង​ធ្វើ​ល្អ​ដល់​ព្រះអម្ចាស់​ដែរ ។ សូមសរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារ​ខៀន ) ។

  • តើ​សេចក្ដីពិតនេះ បានជួយ​ដល់ពួកបរិសុទ្ធ មាន​ឆន្ទៈ​ដើម្បី​លះបង់​ទ្រព្យសម្បត្តិ​របស់ពួកគេ​យ៉ាង​ដូចម្ដេច ? តើ​ការ​ចងចាំ​សេចក្ដីពិត​នេះ ជួយអ្នក​យ៉ាង​ដូចម្ដេច ?

  • តើ​នៅពេល​ណា ដែល​អ្នក​បានដឹង​ថា អ្នក​កំពុង​បម្រើ​ព្រះអម្ចាស់ នៅពេល​អ្នកបាន​ធ្វើ​អ្វី​មួយ​ដើម្បី​ជួយ​ដល់​អ្នកដទៃ​នោះ ?

សូមអញ្ជើញ​សិស្សម្នាក់​ឲ្យ​អានគោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៤០-៤២ឲ្យ​ឮៗ ។ សូម​ឲ្យ​សិស្សក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​លក្ខណៈ​របស់​មនុស្ស​ម្នាក់ ត្រូវ​តែមាន ដើម្បី​រស់នៅតាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ ។ ( ដើម្បីជួយ​សិស្ស​យល់​អំពី​របៀប​ដែល​ខ ៤០ អនុវត្ត​នៅក្នុង​ជីវិត​របស់ពួកគេ នោះ​អ្នកអាច​នឹង​ចាំបាច់​ត្រូវ​ពន្យល់​ថា ព្រះអម្ចាស់ ពុំ​រំពឹង​ឲ្យ​យើងដេរ​ខោអាវខ្លួន​យើង​ទេ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ទ្រង់​ចង់ឲ្យ​យើង​មានភាព​ស្អាតបាត និង​ស្អាត​ខាង​រាងកាយ​របស់​យើងផង ) ។

  • នៅក្នុង​គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៤២ពាក្យខ្ជិលច្រអូសមានន័យ​ថាខ្ជិល ។ ហេតុអ្វី​ក៏​វាពិបាក​សម្រាប់​មនុស្ស​ខ្ជិល​ម្នាក់​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃការ​ថ្វាយ ?

សូម​បែងចែក​សិស្ស​ជា​ក្រុមៗ ដែល​មានគ្នា​ពីរ ឬ​បីនាក់​ក្នុងមួយ​ក្រុមៗ ។ សូម​ពន្យល់​ថា ទោះ​បីជា​យើង​ពុំ​បាន​បញ្ជា​ឲ្យ​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ​តាម​របៀប​ដូចគ្នា​នឹង​ពួកបរិសុទ្ធជំនាន់​មុន​ក្ដី ក៏​ក្រឹត្យវិន័យ​គឺ​នៅ​តែ​មានសម្រាប់ពេលសព្វថ្ងៃ​នេះផងដែរ ។ សូម​អញ្ជើញ​ក្រុម​និមួយៗ​អាន​នូវ​សេចក្ដីថ្លែងការ​ណ៍​ដូច​ខាង​ក្រោម​ដោយ​អេលឌើរ ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល ឲ្យ​ឮៗ ហើយ​ស្ដាប់​នូវអត្ថន័យ​ដែល​វា​មានចំពោះ​យើងនា​សព្វ​ថ្ងៃ​នេះ ដើម្បី​រស់នៅ​តាម​ក្រឹត្យវិន័យ​នៃការ​ថ្វាយ ។ បន្ទាប់​មក​អញ្ជើញ​សមាជិក​ក្រុម​និមួយៗ​ពិភាក្សា​ចម្លើយ​របស់ពួកគេ​ចំពោះ​សំណួរ​ដែល​មាន​តាម​ក្រោយ​សេចក្ដីថ្លែង​ការណ៍នោះ ។ ( អ្នក​អាច​នឹង​ចង់ផ្ដល់​យោបល់​ឲ្យ​សិស្ស​សរសេរ​សេចក្ដីថ្លែង​ការណ៍​នេះ​នៅគែម​ព្រះគម្ពីរ​របស់​ពួកគេជិតខ ៣០ ) ។

រូបភាព
ប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល

« ការ​ថ្វាយ​គឺ​ជា​ការ​ផ្ដល់​ពេលវេលា ទេពកោសល្យ និង​ធម្យោបាយ​នានា​របស់​មនុស្ស​ម្នាក់ ដើម្បី​មើល​ថែ​ដល់អ្នក​ទាំងឡាយ​ដែល​ខ្វះខាត-- ទោះជា​ខាង​វិញ្ញាណ ឬ​ខាង​សាច់​ឈាម​ក្ដី-- ហើយ​នៅក្នុង​ការ​ស្ថាបនា​នគរ​របស់ព្រះអម្ចាស់ » (Welfare Services: The Gospel in Action, » Ensign ខែ វិច្ឆិកា ឆ្នាំ ១៩៧៧, ទំព័រ ៧៨ ) ។

  • តើ​មនុស្សម្នាក់​ដែល​នៅជិត​អ្នក អាចនឹង​ខ្វះខាតតាម​មធ្យោបាយ​មួយចំនួន ( ​ក្រៅពី​ហិរញ្ញវត្ថុ ) មានអ្វីខ្លះ ?

  • តើ​ពេលវេលា ទេពកោសល្យ និង​មធ្យោបាយ នានាអ្វី​ខ្លះ ដែល​អ្នក​មាន ដែល​អាច​ប្រើ​ដើម្បី​ជួយដល់អ្នកទាំងឡាយ​ដែល​ខ្វះខាត ?

  • តើ​ពេលណា​ដែលអ្នក​ត្រូវ​បាន​ប្រទាន​ពរ ដោយ​មនុស្ស​ម្នាក់​ផ្សេងទៀត ដែល​បាន​លះបង់​ពេលវេលា ទេពកោសល្យ ឬ​មធ្យោបាយ​របស់ពួកគេ​ដើម្បីជួយ​អ្នក​នោះ ?

សូម​បញ្ចប់​ដោយ​ការចែកចាយ​ទីបន្ទាល់​របស់​អ្នក​អំពី​គោលការណ៍​ទាំងឡាយ​ដែល​បាន​ពិភាក្សា​នៅក្នុង​មេរៀន​នេះ ។

សេចក្តី​អធិប្បាយ និង ព័ត៌មាន​សាច់រឿង

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:៣០-៣៤។ ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ

រូបភាព
ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ

ប្រធាន យ៉ូសែប ហ្វីលឌីង ស្ម៊ីធ បាន​ពន្យល់​ថា « សណ្ដាប់ធ្នាប់​រួម ឬ​ក្រឹត្យវិន័យ​នៃការ​ថ្វាយ ពុំ​គិត​បម្រុង​ឲ្យ​មនុស្ស​ខ្ជិល​ច្រអូស​បរិភោគ​អាហារ​របស់​អ្នក​ធ្វើការ​នោះ​ទេ ។ ខណៈ​ដែល​មនុស្ស​ទាំងអស់បាន​ចំណែក​ដូចៗ​គ្នា ហើយ​គ្មាន​នរណា​ម្នាក់​នឹង​ទទួលបាន​ច្រើន​ជាង​អ្នក​ណា នោះ​មនុស្ស​ទាំងអស់​ត្រូវ​តែ​ផ្ដល់​ការ​បម្រើ និង​ធ្វើ​កិច្ចការ​សម្រាប់​ជាប្រយោជន៍​នៃ​មនុស្ស​ទាំងអស់ » (Church History and Modern Revelationវ៉ុលទី ២ [ឆ្នាំ ១៩៥៣] ១:២០៥ ) ។

គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២:៣០-៣៤ ។ ក្រឹត្យវិន័យ​នៃការ​ថ្វាយ​របស់ព្រះអម្ចាស់ ដែល​បានប្រៀបធៀប​ទៅនឹង​កម្មវិធី​សង្គម

មនុស្ស​មួយចំនួន​បាន​ផ្ដល់​យោបល់​ថា ការ​អនុវត្ត​ក្រឹត្យវិន័យ​នៃការ​ថ្វាយ និង​ប្រព័ន្ធ​នៃ​សណ្ដាប់ធ្នាប់​រួម គឺសម្រាប់​តែ​ខាង​សាសនា ជា​ប្រភេទ​នៃ​សង្គម​និយម ឬ​លទ្ធិ​កុម្មុយនិស្ដប៉ុណ្ណោះ។ មាន​ការ​អះអាង​ផ្សេង​ទៀតថា វាគឺ​ជា​ការ​អភិវឌ្ឍ​មួយ អាច​មកពី​ទស្សនសេដ្ឋកិច្ច​ក្នុង​ជំនាន់របស់​យ៉ូសែប ស្ម៊ីធ ឬ​អាចមកពី​ការធ្វើពិសោធន៍​ជា​សហគមន៍​នៅក្នុង​សាសនាថ្មី ។ ការ​គិត​ស្មាន​ដូច្នេះ គឺ​ខុស​ស្រឡះ ។ នៅក្នុង​ជំនាន់​ថ្មីៗ ប្រធាន ម៉ារុន ជី រ៉មនី នៃ​គណៈប្រធានទីមួយ បាន​ចែក​ប្រព័ន្ធ​បើកសម្ដែង​អំពី​សណ្ដាប់ធ្នាប់​រួម​ថា ៖

រូបភាព
ប្រធាន ម៉ារុន ជី រ៉មនី

« (១) សិលា​គ្រឹះ​នៃ​សណ្ដាប់ធ្នាប់​រួម គឺ​ជាជំនឿ​លើ​ព្រះ និង ការ​ទទួល​យក​ទ្រង់ ជា​ព្រះអម្ចាស់​នៃ​ផែនដី និង​ជា​អ្នក​និពន្ធ​សណ្ដាប់ធ្នាប់​រួម ។…

« (២) សណ្ដាប់ធ្នាប់រួម គឺ​ត្រូវ​បាន​អនុវត្ត​ដោយ​ទង្វើ​ស្ម័គ្រ​ចេញ​ពី​ចិត្ត​របស់​មនុស្ស ជាភស្ដុតាង​តាមរយៈ​ការ​ថ្វាយ​ទ្រព្យសម្បត្តិ​របស់ពួកគេ​ទាំងអស់​ដល់​សាសនាចក្រ​របស់ព្រះ ។…

« (៣) … សណ្ដាប់ធ្នាប់រួម គឺ​ត្រូវ​បាន​ប្រតិបត្តិការ​ឡើ​ង​នៅលើ​គោលការណ៍​នៃ​ភាព​ជា​ម្ចាស់​ឯកជន និង​ការ​គ្រប់​គ្រង​ជាឯកជន ។…

« (៤) សណ្ដាប់ធ្នាប់រួម គឺ​ពុំ​មែន​ជា​នយោបាយ​ទេ ។…

« (៥) មនុស្ស​សុចរិត គឺ​ជា​លក្ខខណ្ឌ​មួយ​ដំបូងចំពោះ​សណ្ដាប់ធ្នាប់​រួម ។…

« សណ្ដាប់ធ្នាប់រួម ជួយ​លើក​តម្កើង​អ្នក​ទាល់ក្រ ហើយ​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​រាបសា ។ នៅក្នុង​ដំណើរ​ការ​ទាំងពីរ​នេះ គឺ​ត្រូវ​បាន​ធ្វើ​ឲ្យ​បរិសុទ្ធ ។ មនុស្ស​ទាល់ក្រ ត្រូវ​បាន​ដោះ​ចេញ​ពី​ទាសភាព និងកម្រិតការ​អាម៉ាស​នៃភាពក្រីក្រ ជួយ​រំដោះមនុស្ស​ឲ្យ​ងើប​ឡើង​ដល់​សក្ដានុពល​ពេញលេញ​របស់ពួកគេ ទាំង​ខាង​សាច់ឈាម និង​ខាង​វិញ្ញាណ ។ អ្នកមាន តាមរយៈ​ការ​ថ្វាយ និង​តាមរយៈ​ការ​ចែក​នូវ​ចំណែក​ដែល​មាន​ច្រើន​លើស​លប់​របស់ពួកគេ​ដើម្បី​ជា​ប្រយោជន៍​ដល់​អ្នក​ទាល់​ក្រ ពុំ​មែន​ដោយ​ការ​បង្ខំ ប៉ុន្តែ​ដោយ​ការ​ស្ម័គ្រចិត្ត ជា​ទង្វើ​ស្ម័គ្រ​ចេញពីចិត្ត ជាភស្ដុតាង​ថា សប្បុរសធម៌​ចំពោះ​បងប្អូន​របស់ពួកគេ ដែលជាចរិកលក្ខណៈរបស់​មរមនគឺ​ថាជា ‹ សេចក្ដីស្រឡាញ់​សុទ្ធសាធ​របស់ព្រះគ្រីស្ទ › ។ (មរ៉ូណៃ ៧:៤៧) » ។ ( ក្នុង Conference Report ខែមេសា ឆ្នាំ ១៩៦៦ ទំព័រ ៩៧ ) ។

រូបភាព
ប្រធាន ជេ រ៉ូប៊ីន ក្លាក

ប្រធាន ជេ រ៉ូប៊ីន ក្លាក ជុញ្ញ័រ នៃ​គណៈប្រធានទីមួយ បាន​មានប្រសាសន៍​ថា ៖ « សណ្ដាប់ធ្នាប់​រួម ពុំ​ត្រូវ​បាន​គេ​យល់​ដឹង​ជាទូទៅ​នោះទេ ។ [ វា ] ពុំ​មែន​ជា​ប្រព័ន្ធ​ជា​សហគមន៍​មួយ​នោះ​ទេ ។… សណ្ដាប់ធ្នាប់រួម និង​លទ្ធិ​កុម្មុយនីស្ដ គឺ​ពុំ​មែន​មានន័យដូចគ្នា​នោះ​ទេ » ( នៅក្នុង Conference Report, ខែ តុលា ឆ្នាំ ១៩៤៣,ទំព័រ ១១ ) ។

ប្រធាន រ៉មនី បាន​ពន្យល់​ថា យើង​ចាំបាច់​ត្រូវ​មានទំនួលខុសត្រូវ​ផ្ទាល់ខ្លួន​ចំពោះ​ការ​មើល​ថែ​ដល់​អ្នក​ក្រីក្រ និង​អ្នក​ដែលខ្វះខាត ៖ « នៅក្នុង​ពិភពលោក​សម័យទំនើប​នេះ ត្រូវ​បានរុកគួនដោយ​ការ​ក្លែង​បន្លំ​ចំពោះផែនការ​របស់ព្រះអម្ចាស់ យើង​មិន​ត្រូវ​ឲ្យ​គេ​នាំ​យើង​យល់​ខុស ដោយ​ស្មាន​ថា យើង​អាចគេច​វេស​ពីកាតព្វកិច្ច​របស់​យើង​ចំពោះ​ជន​ទាល់​ក្រ និង​ខ្វះខាត ដោយ​ការ​បង្វែរ​ទំនួលខុសត្រូវ​ទៅ​ឲ្យ​ខាង​រដ្ឋាភិបាល ឬ​ភ្នាក់ងារ​សាធារណៈ​ផ្សេង​ទៀត​ឡើយ ។ មាន​តែ​តាមរយៈ​ការ​ផ្ដល់ឲ្យដោយ​សេចក្ដី​ស្រឡាញ់ដ៏ច្រើន​ពន្លឹក​ដល់អ្នកជិត​ខាង​យើង​ដោយ​ស្ម័គ្រចិត្ត​ប៉ុណ្ណោះ ទើប​យើង​អាច​អភិវឌ្ឍ​នូវ​លក្ខណៈ​នៃ​សេចក្ដី​សប្បុរស ដូច​ដែល​មរមន បាន​ថ្លែង​ថាជា ‹ សេចក្ដីស្រឡាញ់​ដ៏​សុទ្ធសាធ​របស់​ព្រះគ្រីស្ទ › នោះ​បាន ។ (មរ៉ូណៃ ៧:៤៧ ) » ។ « Caring for the Poor and Needy, » Ensign ខែ មករា ឆ្នាំ ១៩៧៣, ទំព័រ ៩៨ ) ។

ប្រធាន ក្លាក បាន​ធ្វើ​សេចក្ដីថ្លែង​ការណ៍​ដូចខាង​ក្រោម​អំពី​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋាភិបាលថា ៖

រូបភាព
ប្រធាន ជេ រ៉ូប៊ីន ក្លាក

« ការចែកចាយនៃ​ចំនួន​ប្រាក់ឧបត្ថម្ភ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទាំងនេះ បាន​បង្កើត​នៅក្នុង​គំនិត​របស់មនុស្ស​រាប់​រយពាន់នាក់--​បើ​មិន​រាប់លាន​នាក់ទេ​នោះ… ឲ្យ​ចូលចិត្ត​ភាព​ខ្ជិល​ច្រអូស ជា​អារម្មណ៍​មួយដែល​ថា ពិភពលោក​ត្រូវ​ចិញ្ចឹម​ពួកគេ ។ វា​បាន​បង្កើត​ជា​គ្រឹះសម្រាប់​គោលលទ្ធិ​ខាង​នយោបាយ​ដែល​វាប្រកប​ដោយការ​បំផ្លិច​បំផ្លាញដ៏ខ្លាំងក្លា តាម​ដែលធ្លាប់​ឃើញ … ហើយ​ខ្ញុំ​គិត​ថា​វា​អាច​ដឹកនាំ​យើង​ចូល​ទៅរក​បញ្ហា​ខាង​នយោបាយ​កាន់តែ​ធ្ងន់ធ្ងរ » ( បានដកស្រង់ចេញ​មកពី ម៉ារុន ជី រ៉មនី « Church Welfare Services’ Basic Principles »Ensignខែ ឧសភា ឆ្នាំ ១៩៧៦, ទំព័រ ១២១ ) ។

រូបភាព
ប្រធាន ជេ រ៉ូប៊ីន ក្លាក

« សង្គម​គ្មានជំពាក់​ជីវិត​ខ្ជិល​ច្រអូសមនុស្ស​ណា​ម្នាក់​ឡើយ មិន​ថា​ក្នុងវ័យ​ណា​ក៏ដោយ ។ ខ្ញុំ​ពុំ​ដែល​ធ្លាប់​ឃើញ​មាន​ឃ្លា​ណា​ក្នុង​ព្រះគម្ពីរ​បរិសុទ្ធ​ដែល​អំពាវនាវ ឬ​លើក​ទឹកចិត្ត​ការណ៍​នេះ​នោះទេ ។ កាលពីអតីតកាល គ្មាន​សង្គម​សេរីណា ដែល​គាំទ្រ​ដល់​ក្រុម​មនុស្ស​ដែល​រស់នៅ​ក្នុងភាព​ខ្ជិល​ច្រអូស ហើយ​រស់នៅ​ដោយ​ឥត​គិត​ថ្លៃ​នោះទេ » ( នៅក្នុង Conference Report ខែ មេសា ឆ្នាំ ១៩៣៨, ទំព័រ ១០៧ ) ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៤២:៣០-៣៤, ៥៤-៥៥ ។ ក្នុង​ប្រព័ន្ធ​សហគមន៍​ពីជំនាន់​ដើម បានមានមុន​វិវរណៈ​នៃក្រឹត្យវិន័យ​នៃការ​ថ្វាយ

អំឡុង​ជំនាន់​របស់ យ៉ូសែប ស៊្មីធ ក្រុម​មនុស្ស​មួយចំនួន បាន​ព្យាយាម​ដើម្បី​បង្កើត​ប្រព័ន្ធ​សហគមន៍ ដែល​ក្រុម​គេ បាន​ចែកចាយ​ភាព​ជា​ម្ចាស់​លើ​ទ្រព្យសម្បត្តិ និង​ធនធាន​ទាំងអស់ ។ ពីមុនមាន​វិវរណៈ​អំពីក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ នោះ​មាន​សមាជិក​សាសនាចក្រ​មួយចំនួន​នៅ​ទីក្រុង អូហៃអូ បាន​ស្ថាបនាក្រុមនេះ​ឡើង។ ការ​អនុវត្ត​មួយចំនួន​របស់​ពួកគេ​គឺមាន​នូវ​បញ្ហា ៖

« នៅពេល [ យ៉ូសែប ស៊្មីធ ] បាន​មក​ដល់ អូហៃអូ [ លោក ] បាន​រក​ឃើញ​ក្រុម​មួយ​ដែ​លមាន​គ្នា​ប្រហែលជា​ហាសិប​នាក់ ដែលបាន​បង្កើត​ជាក្រុម​សហការរួម ដែល​ផ្អែក​ទៅលើ​ការ​បកប្រែ​របស់​ពួកគេ​អំពី​សេចក្ដីថ្លែង​ការ​ណ៍នៅក្នុងគម្ពីរ​កិច្ចការ ដែលពិពណ៌នា​អំពី​ពួកបរិសុទ្ធ​ពីជំនាន់​ដើម បាន​មានអ្វីៗ​ទាំងអស់​រួមគ្នា ( សូមមើល​កិច្ចការ ២:៤៤-៤៥,៤:៣២ ) ។ ក្រុម​នេះ​ត្រូវ​បាន​ស្គាល់​ថា​ជា ‹ គ្រួសារ › … គឺ​ជា​សមាជិក​សាសនាចក្រ​ដែល​រស់នៅ​លើ​កសិដ្ឋាន​របស់ អ៊ីសាក ម៉ូលី នៅជិត​នឹង​ភូមិ​ខឺតឡង់ ។ នៅពេល យ៉ូហាន វិតមើរ បាន​មក​ដល់ នៅពាក់កណ្ដាល​ខែ​មករា នោះ​គាត់​បាន​កត់សម្គាល់ឃើញថា​អ្វី​ដែល​ពួកគេ​កំពុង​ធ្វើ បាន​បង្កើត​នូវ​បញ្ហា​ជា​ច្រើន ។ ឧទាហរណ៍ ហីមាន បាសេត បាន​យក​នាឡិកា​ដាក់ហោប៉ៅ​មួយ​ដែល​ជា​កម្មសិទ្ធិ​របស់ លេវី ហានខក់ ទៅលក់ ។ នៅពេល​គេសួរ​គាត់​ថា ហេតុអ្វី​បាន​ធ្វើ​ដូច្នេះ នោះ ហីមាន បាន​តប​ថា ‹ អូ៎ ខ្ញុំ​គិត​ថា​វា​ជា​របស់​រួម › ។ លេវី បាន​តប​ថា គាត់​ពុំ​ចូលចិត្ត ‹ ការ​ធ្វើ​ជា​គ្រួសាររួម › ដូច្នេះ​ទេ ហើយ​នឹង​ឈប់​ស៊ូទ្រាំ​ទៀត​ហើយ ។ [Levi W. Hancock, « Levi Hancock Journal, » LDS Historical Department, Salt Lake City, ទំព័រ ៨១ ] » ។

« ព្យាការី យ៉ូសែប … បាន​ដឹង​ថា មាន​តម្រូវការ​ដើម្បីបង្កើត​ប្រព័ន្ធ​កាន់តែ​ឥតខ្ចោះ​មួយ ដើម្បី​បំពេញ​តាម​តម្រូវ​ការ​សេដ្ឋកិច្ចរីកចម្រើនរបស់​សាសនាចក្រ ។ ប្រាក់ចំណូល គឺ​តម្រូវ​ឲ្យ​ផ្ដល់​ជា​ហិរញ្ញវត្ថុ​ដល់​កិច្ចការ​សាសនាចក្រ​ផ្សេងៗ​ដូច​ជា ការ​បោះពុម្ព​វិវរណៈ និង​បោះពុម្ព​ខិត្តប័ណ្ណ​ផ្សព្វផ្សាយសាសនា​ជាដើម ។… ប្រាក់កាស, ទំនិញ, និង​ទ្រព្យ​សម្បត្តិ គឺ​ត្រូវការ​ជាចាំបាច់​ដើម្បី​ជួយ​ដល់​ជនទាល់ក្រ និង​ដើម្បី​ជួយ​ជន​ធ្វើ​អន្ដោប្រវេសន្ដ៍ ដែល​បាន​លះបង់​យ៉ាង​ច្រើន​ដើម្បី​មក​ប្រមូល​គ្នី​គ្នា​នៅរដ្ឋ អូហៃអូ ដូច្នេះ យ៉ូសែប បាន​ទូល​សូមសួរ​ដល់ព្រះអម្ចាស់ » (Church History in the Fulness of Times Student Manual,បោះពុម្ពជាលើក​ទី ២ [Church Educational System manual, ឆ្នាំ ២០០៣ ], ទំព័រ ៩៥ ) ។

វិវរណៈ​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៤២ ដែល​បាន​បើក​សម្ដែង​អំពី​ក្រឹត្យវិន័យ​នៃ​ការ​ថ្វាយ​របស់ព្រះអម្ចាស់ គឺ​ជា​វិវរណៈ​មួយ​នៃ​វិវរណៈ​ជាច្រើន​ដែល​ទទួល​បាន ក្នុង​ការ​ឆ្លើយ​តប​ចំពោះ​សំណួរ​បស់​យ៉ូសែប ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ៤២:៣៤, ៥៥ ។ ឃ្លាំង​របស់ប៊ីស្សព

« នៅក្នុង​ឆ្នាំ ១៨៣១ ព្រះអម្ចាស់​បាន​បើក​សម្ដែង​ដល់​ព្យាការី យ៉ូសែប ស៊្មីធ ថា សមាជិក​នៃ​សាសនាចក្រ គួរតែ ‹ ចែក​រំលែក​ទ្រព្យ [ របស់​ពួកគេ ] ដល់​មនុស្ស​ទាល់ក្រ … ហើយ​ពួកគេ​ដាក់​ទ្រព្យ​ទាំងនោះ​នៅ​ខាង​មុខ​ប៊ីស្សព​… [ហើយ] រក្សាទុក​នៅក្នុង​ឃ្លាំង​របស់​យើង ដើម្បី​ឧបត្ថម្ភ​ចែក​ដល់​មនុស្ស​ទាល់​ក្រ និង​មនុស្ស​កំសត់​ទុគ៌ត › (គ. និង ស. ៤២:៣១, ៣៤) ។

« ច្រើន​ជាង ១៨០ ឆ្នាំ​ក្រោយមក ឃ្លាំង​របស់​ប៊ីស្សព​នៅជុំ​វិញពិភព​លោក បន្ដ​នៅ​គាំទ្រ​ដល់​ប៊ីស្សព​ទាំងឡាយ​នៅ​ក្នុង​ការហៅឲ្យ ‹ មាន​ចិត្ត​ស្មោះត្រង់ ឈរ​នៅក្នុង​តំណែង​ដែល [ ព្រះអម្ចាស់ ] បាន​តែងតាំង​ដល់ [ ពួកគាត់ ] ជួយ​អ្នក​ទន់​ខ្សោយ លើក​ដៃ​ដែលរោយ ចម្រើន​កម្លាំង​ដល់​ក្បាល​ជង្គង់​ដែល​ញ័រ​ផង › (គ. និង ស. ៨១:៥ ) ។

« ទោះ​ជា​វា​គឺ​ជា​អគារ​មួយ​ដែល​មាន​ផ្ទុក​ម្ហូបអាហារ និង​សម្ភារ​ផ្សេងទៀត ឬ​ធនធាន​ទាំងឡាយ​នៅក្នុង​វួដ ដែល​ប៊ីស្សព​អាច​បើក​យកមក​ក្ដី ក៏​ឃ្លាំង​របស់ប៊ីស្សព គឺ​ត្រូវ​បាន​ប្រើ​ដើម្បី​មើល​ថែ​ដល់អ្នកទាំងឡាយ​ដែល​ខ្វះខាត ។ 

« សៀវភៅ​សិក្សា​របស់សាសនាចក្រ ចំណង​ជើង​ថាBasic Principles of Welfare and Self-Reliance ( គោលការណ៍​សុខុមាលភាព​ជាមូលដ្ឋាន និង​ភាព​ខ្លួនទីពឹង​ខ្លួន ) (ឆ្នាំ ២០០៩ ) បាន​ចែង​ថា ‹ ឃ្លាំង​របស់ព្រះអម្ចាស់ គឺ​មាន​សម្រាប់​ប៊ីស្សព​គ្រប់រូប ហើយ​មាន​នៅក្នុង​គ្រប់​វួដ​ទាំងអស់ ។ ជាការ​ផ្ទុយទៅនឹង​ប្រាជ្ញាតាម​ធម្មតា នោះ​ឃ្លាំង​របស់ព្រះអម្ចាស់​គឺ​មិន​ត្រូវ​បាន​កំណត់តាម​អគារ​មួយ ឬ​ឃ្លាំង​មួយ ដែល​ពេញ​ដោយ​សម្ភារ​ដែលរង់ចាំ​ដើម្បី​ចែកចាយ​នោះឡើយ › ។

« នៅកន្លែង​ណា​ដែល​គ្មាន​ឃ្លាំង នោះ​ប៊ីស្សព អាច​ទិញ​ផលិតផល​ដែល​ចាំបាច់​មកពី​អ្នក​លក់​ទំនិញ​ក្នុង​មូលដ្ឋាន ដោយ​ប្រើដង្វាយ​តមអាហារ » (Bishops’ Storehouse Opens the Windows of Heaven, » Church News and Events, ថ្ងៃទី ២០ ខែ​ឧសភា ឆ្នាំ ២០១១, LDS.org ) ។