មេរៀនទី ១៦០
ព្យាការីនៅរស់
បុព្វកថា
សមាជិកសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ បានប្រទានពរដែលត្រូវបានដឹកនាំដោយព្យាការីនៅរស់ ជាអ្នកមើលឆុត និងអ្នកទទួលវិវរណៈ ។ នៅជំនាន់បុរាណ ពួកព្យាការី ត្រូវបានជ្រើសរើសដោយព្រះអម្ចាស់ និងបានអនុញ្ញាតឲ្យនិយាយជំនួសទ្រង់ ។ ដូចគ្នានេះដែរ នៅជំនាន់របស់យើង ពាក្យសម្ដីរបស់ព្យាការីនៅរស់ តំណាងឲ្យសំឡេងរបស់ព្រះអម្ចាស់មកកាន់យើង និងទៅកាន់ពិភពលោក ( សូមមើល គ. និង ស. ១:៣៧-៣៨) ។ នៅក្នុងមេរៀននេះ សិស្សនឹងសិក្សាពីដំបូន្មានថ្មីៗមកពីប្រធាន សាសនាចក្រ ជាព្យាការីជម្រើសរបស់ព្រះអម្ចាស់ ។
យោបល់សម្រាប់ការបង្រៀន
ការបន្ដមានវិវរណៈតាមរយៈព្យាការីនៅរស់
សូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖ តើនរណាជាព្យាការីសំខាន់បំផុតចំពោះអ្នក ?
សូមអញ្ជើញសិស្សក្នុងថ្នាក់ឲ្យពិចារណាសំណួរនេះ ហើយស្ដាប់មើលចម្លើយ នៅពេលពួកគេអានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន អ៊ែសរ៉ា ថាហ្វ ប៊ែនសឹន ។
« ព្យាការីសំខាន់បំផុតចំពោះយើងរាល់គ្នាក្នុងពេលនេះនោះគឺជាព្យាការីម្នាក់ដែលកំពុងតែនៅរស់ក្នុងសម័យ និង ជំនាន់របស់យើងនេះឯង » (Jesus Christ—Gifts and Expectations »New Era, ខែ ឧសភា ឆ្នាំ ១៩៧៥ ទំព័រ ១៧ ) ។
-
ហេតុអ្វីអ្នកគិតថាព្យាការីនៅរស់ គឺជាព្យាការីសំខាន់បំផុតសម្រាប់យើង ?
បន្ទាប់ពីសិស្សឆ្លើយរួចហើយ សូមបន្តអានសេចក្តីថ្លែងការណ៍របស់ប្រធានប៊ែនសឹន ៖
« នេះគឺជាព្យាការីដែលមាននូវសេចក្តីណែនាំនាសម័យនេះ ពីព្រះសម្រាប់យើង ។… គ្រប់ជំនាន់ មានតម្រូវការចាំបាច់នូវបទគម្ពីរពីបុរាណ បូករួមទាំងគម្ពីរបច្ចុប្បន្នកាលមកពីព្យាការីនៅរស់ ។ ហេតុដូច្នោះហើយ ការអាន និងការពិចារណាដ៏សំខាន់បំផុតដែលអ្នកគប្បីធ្វើ នោះគឺពាក្យពេចន៍ដ៏បំផុសគំនិតថ្មីៗបំផុតមកពីមាត់នៃអ្នកនាំពាក្យរបស់ព្រះអម្ចាស់ ។ នោះហើយជាមូលហេតុចាំបាច់ដែលអ្នកមានសិទ្ធិ និង អានដោយយកចិត្តទុកដាក់នូវពាក្យរបស់លោក នៅក្នុងទស្សនាវដ្តីប្រចាំខែរបស់សាសនាចក្រ » (Jesus Christ—Gifts and Expectations » ទំព័រ ១៧ ) ។
សូមពន្យល់ថា យើងគាំទ្រសមាជិកទាំអស់នៃគណៈប្រធានទីមួយ និង កូរ៉ុមនៃពួកសាវកដប់ពីរនាក់ជាព្យាការី អ្នកមើលឆុត និង អ្នកទទួលវិវរណៈ ។ ប៉ុន្តែ ប្រធានសាសនាចក្រគឺជាបុគ្គលតែម្នាក់គត់ដែលមានសិទ្ធិអំណាច ដើម្បីអនុវត្តកូនសោបព្វជិតភាពទាំងអស់នៅលើផែនដីនេះ ហើយជាបុគ្គលតែម្នាក់គត់ដែលមានសិទ្ធិអំណាចដើម្បីទទួល និង ប្រកាសវិវរណៈសម្រាប់សាសនាចក្រទាំងមូល ។
-
យោងតាមអ្វីដែលបានរៀននៅក្នុងមេរៀនថ្មីៗនេះ តើពេលណាដែលប្រធានសាសនាចក្របានប្រកាសវិវរណៈសម្រាប់សាសនាចក្រទាំងមូល ឬ ប្រកាសពីការផ្លាស់ប្តូរពិសេសៗនៅក្នុងដំណើរការនានានៃសាសនាចក្រ ? ( ចម្លើយអាចរួមមាន ប្រធាន វិលហ្វូឌ វូឌដ្រុព្វ បានចេញនូវគោលនយោបាយស្ដីអំពីអាពាហ៍ពិពាហ៍ពហុពន្ធភាព [ សូមមើល សេចក្ដីប្រកាសជាផ្លូវការទី ១] នៅពេលប្រធាន យ៉ូសែប អេហ្វ ស៊្មីធ បានប្រកាសកាលពីមុនអំពីសេចក្ដីពិតដែលពុំបានដឹងឮពីមុនមក អំពីពិភពវិញ្ញាណក្រោយជីវិតរមែងស្លាប់ [សូមមើល គ. និង ស. ១៣៨] និងនៅពេលដែលប្រធាន ស្ពែនស៊ើរ ដបុលយូ ឃឹមបឹល បានប្រកាសថា ពរជ័យនៃបព្វជិតភាព ត្រូវបានធ្វើឡើងឲ្យមានសម្រាប់សមាជិកសក្ដិសមទាំងអស់នៃសាសនាចក្រ [សូមមើល សេចក្ដីប្រកាសជាផ្លូវការទី ២]) ។
សូមអញ្ជើញសិស្សម្នាក់អានសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ឌៀថើរ អេស្វ អុជដូហ្វ ឲ្យឮៗ ។ សូមអញ្ជើញសិស្សក្នុងថ្នាក់ស្ដាប់មើលសេចក្ដីពិតមួយ ស្ដីអំពីវិវរណៈនៅក្នុងជំនាន់របស់យើង ។
« សារដំណឹងដ៏រុងរឿងមួយនៃការស្តារឡើងវិញនូវសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិសុទ្ធថ្ងៃចុងក្រោយគឺថា ព្រះទ្រង់បន្តមានបន្ទូលមកកាន់កូនចៅរបស់ទ្រង់ ! ទ្រង់មិនលាក់ទុកនៅក្នុងស្ថានសួគ៌ឡើយ ប៉ុន្តែមានព្រះបន្ទូលនៅសម័យនេះដូចដែលទ្រង់បានធ្វើនៅក្នុងសម័យបុរាណដែរ ។
« ដំបូន្មានដែលមិនអាចកាត់ថ្លៃបានរបស់ព្រះចំពោះមនុស្សលោកគឺ ត្រូវបានរកឃើញនៅក្នុងព្រះគម្ពីរប៊ីប ព្រះគម្ពីរមរមនគោលលទ្ធិ និង សេចក្តីសញ្ញា និង មុក្ដាដ៏មានតម្លៃមហិមា ។ ជាងនោះទៀត ព្រះអម្ចាស់មានបន្ទូលតាមរយៈអ្នកបម្រើទាំងឡាយរបស់ទ្រង់ ដូចដែលទ្រង់នឹងធ្វើម្តងទៀតនៅឯ… សន្និសីទទូទៅ » (« Why Do We Need Prophets ? » Ensign, ខែ មិនា ឆ្នាំ ២០១២ ទំព័រ ៤ ) ។
-
តើគោលលទ្ធិអ្វីខ្លះ ស្ដីអំពីវិវរណៈដែលប្រធាន អុជដូហ្វ បង្រៀនដល់យើង ? ( សិស្សអាចនឹងប្រើពាក្យផ្សេង ប៉ុន្តែពួកគេគួរប្រាប់អ្វីស្រដៀងគ្នាទៅនឹងសេចក្ដីថ្លែងការណ៍ខាងគោលលទ្ធិដូចខាងក្រោម ៖ ព្រះអម្ចាស់បន្ដមានបន្ទូលមកកាន់យើងនៅសព្វថ្ងៃនេះ តាមរយៈព្យាការីនៅរស់របស់ទ្រង់ ។ អ្នកអាចនឹងចង់សរសេរគោលលទ្ធិនេះនៅលើក្ដារខៀន ) ។
-
តើយើងអាចស្វែងរកពាក្យសម្ដីរបស់ពួកព្យាការីនៅរស់នៅទីណា ? ( ចម្លើយអាចរួមមានសន្និសីទទូទៅ ទស្សនាវដ្តីនៃសាសនាចក្រ គេហទំព័រ, LDS.orgនិង mormonchannel.org) ។
ដើម្បីជួយសិស្សឲ្យយល់ពីសារៈសំខាន់ ដែលព្រះអម្ចាស់បន្តមានបន្ទូលមកកាន់ព្យាការីនៅរស់របស់ទ្រង់ សូមអញ្ជើញសិស្សម្នាក់ឲ្យអានសេចក្តីថ្លែងការណ៍ខាងក្រោមនេះដោយប្រធាន យ៉ូហាន ថេលើរ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមូលហេតុ ដែលវិវរណៈបន្តមានតាមរយៈព្យាការីនោះសំខាន់អ្វីម្ល៉េះ ។
« យើងតម្រូវឲ្យមានដើមឈើដែលមានជីវិត—ប្រភពទឹករស់—បញ្ញាដែលរស់រវើក ដែលចេញមកពីបព្វជិតភាពដែលកំពុងមានជីវិតនៅឋានសួគ៌ តាមរយៈបព្វជិតភាពដែលកំពុងនៅរស់នៅលើផែនដីនេះ ។… ហើយចាប់តាំងពីពេលដែលអ័ដាមបានទទួលទំនាក់ទំនងដំបូងជាមួយព្រះ … វាត្រូវបានតម្រូវឲ្យមានវិវរណៈថ្មីៗ សមស្របទៅនឹងកាលៈទេសៈពិសេសេៗនេះដែលសាសនាចក្រ ឬ បុគ្គលម្នាក់ៗត្រូវបានដាក់ឲ្យរស់នៅនោះ ។ វិវរណៈរបស់អ័ដាមពុំបានណែនាំណូអេឲ្យសង់សំពៅទេ ហើយវិវរណៈរបស់ណូអេ ពុំបានប្រាប់ឡុតឲ្យបោះបង់ចោលទីក្រុងសូដុំមដែរ ហើយវិវរណៈទាំងនេះក៏ពុំបាននិយាយអំពីការធ្វើដំណើររបស់កូនចៅអ៊ីស្រាអែលឲ្យចាកចេញពីអេស៊ីព្ទដែរ » ( នៅក្នុង The Gospel Kingdomជ្រើសរើសចេញដោយ G. Homer Durham [ ឆ្នាំ ១៩៨៧ ] ទំព័រ ៣៤ ) ។
-
យោងតាមប្រធានថេលើរហេតុអ្វីយើងត្រូវការព្យាការីនៅរស់ ? ( តាមរយៈព្យាការីនៅរស់ នោះព្រះបានប្រទានការណែនាំជាក់លាក់ចំពោះសេចក្តីត្រូវការ និង កាលៈទេសៈតាមកាលវេលា ) ។
-
តើការយល់ដឹងពីភាពចាំបាច់នៃការបន្តមានវិវរណៈ អាចជះឥទ្ធិពលលើរបៀបដែលអ្នកស្តាប់ ឬ អានប្រសាសន៍របស់ព្យាការីនៅរស់យ៉ាងដូចម្តេច ?
ធ្វើតាមការទូន្មានរបស់ព្យាការីនៅរស់
ដើម្បីជួយសិស្សឲ្យពិភាក្សាគ្នាពីការទូន្មានរបស់ព្យាការីនៅរស់ សូមជ្រើសរើសយកសុន្ទរកថាសន្និសីទទូទៅមួយ ឬ ច្រើនជាងនេះដែលបានផ្តល់ឲ្យដោយប្រធានសាសនាចក្រកាលពីឆ្នាំមុន ។ សូមផ្ដល់ច្បាប់ចម្លងនៃសុន្ទរកថានោះទៅសិស្សម្នាក់មួយច្បាប់ ។ សូមទុកពេលឲ្យសិស្សស្វែងរកគោលលទ្ធិ និង គោលការណ៍ដែលព្យាការីនៅរស់កំពុងបង្រៀនបច្ចុប្បន្ននេះ ។
បន្ទាប់ពីសិស្សមានពេលគ្រប់គ្រាន់ដើម្បីអានហើយ សូមឲ្យពួកគេធ្វើជាបញ្ជីគោលលទ្ធិ និង គោលការណ៍ដែលប្រធានសាសនាចក្រកំពុងបង្រៀន ។ សូមគិតពីការអញ្ជើញសិស្សម្នាក់ឲ្យសរសេរចម្លើយរបស់ពួកគេនៅលើក្តារខៀន ។
ដើម្បីជួយសិស្សយល់ និង ដឹងពីសារៈសំខាន់នៃគោលលទ្ធិ និង គោលការណ៍ទាំងនេះដែលពួកគេបានរកឃើញ សូមសួរសំណួរមួយចំនួន ឬ ទាំងអស់ដូចខាងក្រោម ៖
-
តើគោលការណ៍ ឬ គោលលទ្ធិណាមួយដែលអ្នកទទួលអារម្មណ៍ថាវាទាក់ទងយ៉ាងពិសេសជាមួយនឹងអ្នក ? ហេតុអ្វី ?
-
តើអ្នក និង គ្រួសាររបស់អ្នកកំពុងព្យាយាមធ្វើតាមការទូន្មានរបស់ព្យាការីតាមរបៀបណាខ្លះ ?
-
ហេតុអ្វីអ្នកគិតថាវាសំខាន់ ដែលយើងត្រូវសិក្សា ហើយអនុវត្តនូវអ្វីដែលប្រធានសាសនាចក្របច្ចុប្បន្ននេះកំពុងបង្រៀន ?
សូមសរសេរ សំណួរខាងក្រោម នៅលើក្ដារខៀន ហើយអញ្ជើញសិស្សឲ្យឆ្លើយសំណួរទាំងនេះនៅក្នុងសៀវភៅកំណត់ចំណាំក្នុងថ្នាក់ ឬ កំណត់ហេតុការសិក្សាព្រះគម្ពីររបស់ពួកគេ ៖
សូមលើកទឹកចិត្តសិស្សឲ្យអនុវត្តអ្វីដែលពួកគេបានសរសេរ ។ សូមថ្លែងទីបន្ទាល់ថានៅពេលពួកគេធ្វើដូច្នេះ នោះពួកគេអាចមានទំនុកចិត្តថាព្រះវរបិតាសួគ៌នឹងប្រទានពរដល់ពួកគេ ។ សូមលើកទឹកចិត្តសិស្សឲ្យបន្តសិក្សា និង អនុវត្តការបង្រៀននានារបស់ព្យាការីនៅរស់ឲ្យបានជាប់លាប់ ។
សូមអញ្ជើញសិស្សឲ្យចែកចាយទីបន្ទាល់របស់ពួកគេអំពីព្យាការីនៅរស់ ។
នៅពេលបញ្ចប់ថ្នាក់សិក្ខាសាលាឆ្នាំសិក្សានេះ សូមលើកទឹកចិត្តសិស្សឲ្យបន្តសិក្សាព្រះគម្ពីររៀងរាល់ថ្ងៃ ។ បើពួកគេនឹងចូលរៀនថ្នាក់សិក្ខាសាលាវគ្គក្រោយទៀត អ្នកអាចនឹងផ្ដល់យោបល់ថា ពួកគេចាប់ផ្ដើមការសិក្សាព្រះគម្ពីរសញ្ញាចាស់ ។ អ្នកអាចនឹងអញ្ជើញសិស្សម្នាក់ឲ្យថ្លែងទីបន្ទាល់អំពីពរជ័យដែលគាត់បានទទួលដោយ បន្ដការអានព្រះគម្ពីរប្រចាំថ្ងៃ ទោះជាពេលដែលថ្នាក់សិក្ខាសាលាពុំមានក្នុងរដូវកាលនោះក្ដី ។