មេរៀនសិក្សានៅផ្ទះ
គោលលទ្ធិ និង សេចក្តីសញ្ញា ១២៩-១៣១; ១៣២:១–៣៣ ( មេរៀនទី ២៨)
សេចក្តីផ្ដើម
សិស្សបានសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១-៣៣ នៅក្នុងមេរៀនរបស់ខ្លួននៅថ្ងៃទី ៤ ។ មេរៀនថ្ងៃនេះអាចជួយពួកគេឲ្យយល់បានកាន់តែប្រសើរឡើងពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ ទាំងអស់ និង គោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ សិស្សនឹងបង្កើនការយល់ដឹងរបស់ខ្លួនអំពីមូលហេតុ ដែលអាពាហ៍ពិពាហ៍ពហុពន្ធភាពត្រូវបានអនុវត្តកាលពីសម័យមុន ។
កំណត់ចំណាំ ៖ សិស្សបានរៀនវគ្គចំណេះចំណានខគម្ពីរពីរនៅក្នុងមេរៀននេះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១៣០:២២–២៣ និង គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣១:១–៤។ នៅពេលចាប់ផ្តើមមេរៀននេះ សូមគិតពីការអញ្ជើញសិស្សពាក់កណ្តាលថ្នាក់ឲ្យពន្យល់អ្វីដែលពួកគេបានរៀនមកពីវគ្គបទគម្ពីរទីមួយ ហើយសិស្សពាក់កណ្តាលថ្នាក់ទៀតពន្យល់ពីអ្វីដែលពួកគេបានរៀនពីវគ្គបទគម្ពីរទីពីរ ។
យោបល់សម្រាប់ការបង្រៀន
គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៣-៦, ៣៤-៤៨
ព្រះអម្ចាស់កំណត់ពីលក្ខខណ្ឌនៃសេចក្តីសញ្ញាថ្មី ហើយអស់កល្បអស់កាលជានិច្ច ហើយបើកសម្តែងគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាព
ពីមុនថ្នាក់ចាប់ផ្ដើម សូមសរសេរ សំណួរខាងក្រោម នៅលើក្ដារខៀន ៖
សូមអញ្ជើញសិស្សឲ្យពិចារណាពីសំណួរទាំងនេះនៅពេលពួកគេសិក្សា គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២ ថ្ងៃនេះ ។
សូមពន្យល់ថាខណៈដែលយ៉ូសែប ស្ម៊ីធ កំពុងធ្វើការបកប្រែដ៏បំផុសគំនិតនៃព្រះគម្ពីរសញ្ញាចាស់នៅក្នុងឆ្នាំ ១៨៣១ នោះលោកបានអានអំពីការអនុវត្តនៃអាពាហ៍ពិពាហ៍ពហុពន្ធភាពរបស់ព្យាការីសម័យបុរាណ ( ក៏ត្រូវបានហៅពហុពន្ធភាពផងដែរ ) ។ ក្នុងការអនុវត្តនេះ បុរសម្នាក់ត្រូវបានរៀបការជាមួយភរិយាដែលកំពុងនៅរស់ច្រើនជាងម្នាក់ ។ ព្យាការីបានសិក្សាព្រះគម្ពីរ ពិចារណាពីអ្វីដែលបានរៀន ហើយទីបំផុតបានយកសំណួរអំពីអាពាហ៍ពិពាហ៍ពហុពន្ធភាពសួរដល់ព្រះវរបិតាដោយការអធិស្ឋាន ។
សូមសរសេរ លោកុប្បត្តិ ១៦:១–៣ នៅលើក្តារខៀន ។ សូមពន្យល់ថាខគម្ពីរទាំងនេះ ពិពណ៌នាអំពីសកម្មភាពរបស់សារ៉ាយ និង អាប់រ៉ាមដែលក្រោយមកហៅថា សារ៉ា និង អ័ប្រាហាំ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានខគម្ពីរទាំងនេះឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម ហើយគិតអំពីសំណួរនានាដែលពួកគេអាចមានអំពីព្រឹត្តិការណ៍នៅក្នុងជីវិតរបស់អាប់រ៉ាម និង សារ៉ាយ ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:១ ដោយស្ងាត់ស្ងៀម រកមើលអ្វីដែលព្យាការីយ៉ូសែប ស្ម៊ីធ បានសួរនៅពេលលោកបានសិក្សាវគ្គបទគម្ពីរនៅក្នុងព្រះគម្ពីរសញ្ញាចាស់ ទាក់ទងនឹងការអនុវត្តនៃអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។ ( អ្នកអាចចង់ពន្យល់ថាពាក្យ ប្រពន្ធចុង គឺជាពាក្យមួយដែលត្រូវបានប្រើដើម្បីប្រាប់ពីស្ត្រីនៅក្នុងព្រះគម្ពីរសញ្ញាចាស់ដែលនៅសម័យ និង វប្បធម៌ដែលពួកគេបានរស់នៅ ដែលជាស្ត្រីដែលបានរៀបការពេញច្បាប់នឹងបុរសម្នាក់ ប៉ុន្តែមានឋានៈក្នុងសង្គម និង ស្របច្បាប់ទាបជាងប្រពន្ធ ។ ប្រពន្ធចុងមិនមែនជាផ្នែកនៃការអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព នៅក្នុងសម័យកាន់កាប់ត្រួតត្រារបស់យើងឡើយ ) ។
សូមសរសេរសំណួរខាងក្រោមនៅលើក្ដារខៀន ៖ ហេតុអ្វីបានជាព្រះអម្ចាស់បញ្ជាបុរស និង ស្ត្រីសុចរិតទាំងនោះ ឲ្យធ្វើតាមគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនៅជំនាន់នោះ ?
សូមពន្យល់ថានៅក្នុងការសិក្សាររបស់ពួកគេអំពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២, សិស្សអាចរកឃើញចម្លើយចំពោះសំណួរលើក្តារខៀន និង សំណួរផ្សេងទៀតដែលពួកគេអាចមានទាក់ទងនឹងអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ សូមអញ្ជើញពួកគេឲ្យសរសេរសេចក្តីពិតដែលពួកគេរកឃើញអំឡុងពេលការសិក្សាររបស់ពួកគេថ្ងៃនេះ ។
សូមអញ្ជើញសិស្សពីរបីនាក់ឲ្យឆ្លាស់វេនគ្នាអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣៤-៣៦ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលមូលហេតុដែលអ័ប្រាហាំ និងសារ៉ាបានចាប់ផ្ដើមអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ។
-
យោងតាម ខ ៣៤, ហេតុអ្វីក៏សារ៉ាអនុញ្ញាតឲ្យអ័ប្រាហាំយកភរិយាមួយទៀត ? តើការណ៍នេះបង្រៀនយើងអ្វីខ្លះ អំពីគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាព ? ( នៅពេលសិស្សឆ្លើយ សូមសរសេរគោលការណ៍ខាងក្រោមនេះនៅលើក្ដារខៀន ៖ អាពាហ៍ពិពាហ៍ពហុពន្ធភាពត្រូវបានអនុមតិពីព្រះអម្ចាស់ តែនៅពេលដែលទ្រង់បញ្ជាឲ្យធ្វើតែប៉ុណ្ណោះ ។ ដើម្បីជួយសិស្សឲ្យយល់គោលការណ៍នេះ នោះអ្នកអាចសូមឲ្យពួកគេអាន យ៉ាកុប ២:២៧, ៣០។ អ្នកអាចផ្តល់យោបល់ឲ្យសិស្សថា ពួកគេអាចសរសេរសេចក្តីយោងនេះនៅក្នុងគម្ពីររបស់ពួកគេក្បែរ គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣៤) ។
សូមអញ្ជើញសិស្សម្នាក់អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣៧-៣៨ ឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលឃ្លាដែលពិពណ៌នាអំពីឧទាហរណ៍នានាពេលដែលព្រះអម្ចាស់បានបញ្ជាឲ្យអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៣៩, ៤១–៤៣ ដោយពន្យល់ថា ព្រះអម្ចាស់បានបញ្ជាក់ថានៅពេលមនុស្សអនុវត្តគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពអាស្រ័យលើបទបញ្ជារបស់ទ្រង់ នោះពួកគេពុំមានកំហុសនឹងអំពើបាបនៃអំពើកំផិតឡើយ ។ ទោះជាយ៉ាងណាក្ដី ប្រសិនបើនរណាម្នាក់ដែលអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពក្នុងលក្ខខណ្ឌណាមួយដែលព្រះអម្ចាស់ពុំបានបញ្ជា នោះពួកគេធ្វើខុសនឹងអំពើកំផិតហើយ ។ ( សូមកត់ចំណាំថាពាក្យ ត្រូវបំផ្លាញចោល នៅក្នុង ខ ៤១ បង្ហាញថា អស់អ្នកដែលរំលងសេចក្ដីសញ្ញាដ៏ពិសិដ្ឋរបស់ខ្លួន នោះនឹងត្រូវបំបែកចេញពី ព្រះ និងពីរាស្ត្រនៃសេចក្ដីសញ្ញារបស់ទ្រង់ [ សូមប្រៀបធៀប កិច្ចការ ៣:២២–២៣; នីហ្វៃទី ១ ២២:២០] ) ។
សូមអញ្ជើញសិស្សឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៤០ យស្ងៀមស្ងាត់ រកមើលអ្វីដែលព្រះអម្ចាស់បានមានព្រះបន្ទូលថាទ្រង់នឹងធ្វើវា ។ សូមឲ្យសិស្សរាយការណ៍ពីអ្វីដែលពួកគេរកឃើញ ។
សូមពន្យល់ថាពាក្យ « ការណ៍ទាំងឡាយ » សំដៅលើច្បាប់ និងពិធីបរិសុទ្ធនៃដំណឹងល្អនានាដែលត្រូវបានបើកសម្តែងនៅក្នុងសម័យកាន់កាប់ត្រួតត្រាមុនៗ ។ សូមសរសេរគោលការណ៍នេះនៅលើក្ដារខៀន ៖ បទបញ្ញត្តិដើម្បីរស់នៅតាមច្បាប់អាពាហ៍ពិពាហ៍ពហុពន្ធភាពនៅក្នុងថ្ងៃចុងក្រោយ គឺជាផ្នែកនៃការស្ដារឡើងវិញនៃការណ៍ទាំងឡាយ ។ ( សូមមើលផងដែរ កិច្ចការ ៣:២០–២១) ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៤៥, ៤៨ ឲ្យឮៗ ។
-
តើយើងរៀនអ្វីខ្លះចេញពីខគម្ពីរទាំងនេះអំពីអាពាហ៍ពិពាហ៍ពហុពន្ធភាព ? ( នៅពេលសិស្សឆ្លើយ សូមសរសេរគោលការណ៍ខាងក្រោមនេះលើក្តារខៀន ៖ អាពាហ៍ពិពាហ៍ពហុពន្ធភាពអាចត្រូវបានអនុញ្ញាតឲ្យមាន តែតាមរយៈកូនសោនៃបព្វជិតភាពដែលត្រូវបានប្រទានដល់ប្រធាននៃសាសនាចក្រតែប៉ុណ្ណោះ ) ។
សូមពន្យល់ថានៅដើមដំបូងនៃសម័យកាន់កាប់ត្រួតត្រានេះ ក្នុងផ្នែកមួយនៃការស្តារឡើងវិញនៃការណ៍ទាំងឡាយ ព្រះអម្ចាស់បានបញ្ជាដល់ពួកបរិសុទ្ធថ្ងៃចុងក្រោយជំនាន់ដើម មួយចំនួនឲ្យអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព តាមរយៈកូនសោបព្វជិតភាពដែលបានកាន់ដោយព្យាការីយ៉ូសែប ស្ម៊ីធ និង ប្រធានសាសនាចក្របន្តបន្ទាប់ទៀត—ព្រិកហាំ យ៉ង់ យ៉ូហាន ថេលើរ និង វិលហ្វូឌ វូឌដ្រុព្វ ។ នៅឆ្នាំ ១៨៩០ ប្រធាន វូឌដ្រុព្វ ដោយប្រើកូនសោបព្វជិតភាពដដែលនោះ បានទទួលវិវរណៈថាការអនុវត្តនៃអាពាហ៍ពិពាហ៍ពហុពន្ធភាពគួរតែបញ្ចប់ ( សូមមើល សេចក្ដីប្រកាសជាផ្លូវការទី ១) ។
គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៤៩-៦៦
ព្រះអម្ចាស់ប្រទានព្រះឱវាទដល់យ៉ូសែប និង អិមម៉ា ស្ម៊ីធ ទាក់ទងនឹងអាពាហ៍ពិពាហ៍ពហុពន្ធភាព
សូមពន្យល់ថា ព្យាការីយ៉ូសែប ស្ម៊ីធ មានការស្ទាក់ស្ទើរដើម្បីចាប់ផ្តើមអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ លោកបានថ្លែងថាលោកមិនបានចាប់ផ្តើមអនុវត្តវាឡើយ រហូតដល់លោកត្រូវបានព្រមានថាលោកនឹងត្រូវបំផ្លាញចោលប្រសិនបើលោកមិនគោរពធ្វើតាមទេនោះ ( សូមមើល « Plural Marriage » Historical Record, ខែ ឧសភា ឆ្នាំ ១៨៨៧ ទំព័រ ២២២ ) ។ ដោយសារការខ្វះឯកសារប្រវត្តិសាស្ត្រ នោះយើងដឹងបានតិចតួចបំផុតអំពីការខិតខំការពីដំបូងរបស់លោកដើម្បីធ្វើតាមព្រះបញ្ញត្តិនេះ ។ ទោះជាយ៉ាងណាក៏ដោយ នៅឆ្នាំ ១៨៤១ ព្យាការីបានគោរពធ្វើតាមព្រះបញ្ញត្តិនេះ ហើយបីឆ្នាំជាងក្រោយមក លោកបានរៀបការប្រពន្ធបន្ថែមទៀត ស្របទៅតាមការបញ្ជារបស់ព្រះអម្ចាស់ ។ ការគោរពប្រតិបត្តិតាមរបស់ព្យាការីយ៉ូសែប ស្ម៊ីធចំពោះព្រះបញ្ញត្តិរបស់ព្រះអម្ចាស់ដើម្បីអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព គឺជាការសាកល្បងមួយនៃសេចក្តីជំនឿសម្រាប់លោក និង អិមម៉ាដែលជាភរិយាលោកដែលលោកស្រឡាញ់យ៉ាងខ្លាំង ។
សូមសង្ខេប គោលលទ្ធិ និង សេចក្ដីសញ្ញា ១៣២:៤៩-៥៦ ដោយពន្យល់ថា ព្រះអម្ចាស់បានប្រទានព្រះឱវាទដល់យ៉ូសែប និង អិមម៉ា ស្ម៊ីធ ហើយបានសន្យាដល់ពួកគេនូវពរជ័យ ប្រសិនបើពួកគនឹងគោរពតាមគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ សូមពន្យល់ថានៅក្នុងឆ្នាំ ១៨៤១ ព្យាការីយ៉ូសែប ស្ម៊ីធ បានចាប់ផ្តើមបង្រៀនដល់បុរស និង ស្ត្រីស្មោះត្រង់ផ្សេងទៀតអំពីគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនេះ ។ ទោះបីជា សមាជិកសាសនាចក្រដ៏ស្មោះត្រង់ទាំងនេះ មានការស្ទាក់ស្ទើរ និង លំបាកចំពោះបទបញ្ញត្តិនេះនៅពេលដំបូងក៏ដោយ ក៏ពួកគេបានទទួលការបញ្ជាក់រៀងៗខ្លួនតាមរយៈព្រះវិញ្ញាណបរិសុទ្ធ ហើយទទួលយកគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនេះ ។
សូមអាន គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២:៦៣ ឲ្យឮដោយចាប់ផ្តើមជាមួយឃ្លា « ដ្បិតពួកគេត្រូវបានប្រគល់ដល់អ្នកនោះ » ។ ពីមុនអ្នកអាន សូមពន្យល់ថាខគម្ពីរនេះជួយយើងឲ្យយល់ពី ហេតុផលមួយដែលព្រះអម្ចាស់បានបញ្ជាយ៉ូសែប ស្ម៊ីធ និង មនុស្សដទៃផ្សេងទៀតដើម្បីអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាព ។ សូមឲ្យសិស្សក្នុងថ្នាក់ផ្ទៀងតាម រកមើលគោលបំណងពិសេសនោះ ។ ( បន្ទាប់ពីអ្នកអានហើយ សូមសរសេរគោលការណ៍ខាងក្រោមនៅលើក្ដារខៀន ៖ ព្រះអម្ចាស់បានបញ្ជាឲ្យអនុវត្តអាពាហ៍ពិពាហ៍ពហុពន្ធភាពដើម្បីផ្តល់ឱកាសបន្ថែមទៀតដល់ប្រជារាស្ត្ររបស់ទ្រង់ចិញ្ចឹមកូនចៅថ្វាយទ្រង់ ។ ( អ្នកអាចមើល យ៉ាកុប ២:៣០ម្តងទៀត ) ។
-
តើ « ឲ្យបង្កើតកូនជាច្រើនឡើង ហើយមានពេសពេញលើផែនដី » នោះមានន័យដូចម្តេច ? ( បង្កើតកូនចៅ ) ។
-
តើការមានកូនចៅធ្វើឲ្យឪពុកម្តាយក្លាយជាផ្នែកមួយនៃការបន្តកិច្ចការរបស់ព្រះវរបិតាសួគ៌យ៉ាងដូចម្តេច ?
សូមមើលសំណួរដែលអ្នកបានសរសេរលើក្ដារខៀននៅពេលជិតចាប់ផ្តើមថ្នាក់រៀន ៖ ហេតុអ្វីបានជាព្រះអម្ចាស់បញ្ជាឲ្យបុរស និង ស្ត្រីសុចរិតទាំងនោះឲ្យធ្វើតាមគោលការណ៍នៃអាពាហ៍ពិពាហ៍ពហុពន្ធភាពនៅជំនាន់នោះ ? អ្នកអាចអញ្ជើញសិស្សឲ្យសង្ខេបដល់សិស្សនៅក្នុងថ្នាក់អំពីអ្វី ដែលពួកគេបានរៀនពីការសិក្សារបស់ខ្លួនពី គោលលទ្ធិ និង សេចក្តីសញ្ញា ១៣២ និង យ៉ាកុប ២:២៧, ៣០ ដែលជួយពួកគេឲ្យឆ្លើយសំណួរនេះ ។
សូមបញ្ចប់ដោយចែកចាយទីបន្ទាល់របស់អ្នកអំពីព្យាការីយ៉ូសែប ស្ម៊ីធ ហើយថាលោកបានទទួល ព្រមទាំងគោរពតាមវិវរណៈពីព្រះ ( សូមមើល គ. និង ស. ១៣២:៣៧) ។
មេរៀនបន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៣-១៣៥)
សូមសួរសិស្សពីអ្វីដែលពួកគេនឹងធ្វើ ប្រសិនបើពួកគេត្រូវបានឲ្យជ្រើសរើសរវាងការស្លាប់ ឬ រត់គេចខ្លួនចេញពីអស់អ្នកដែលបានព្យាយាមសម្លាប់ពួកគេ ។ ចុះប្រសិនបើការជ្រើសរើសដើម្បីប្រឈមមុខនឹងសេចក្តីស្លាប់អាចសង្គ្រោះជីវិតរបស់ក្រុមគ្រួសារ មិត្តភក្ដិរបស់អ្នក និង មនុស្សដទៃរាប់រយអ្នកទៀតនោះ ? តើអ្នកនឹងធ្វើដូចម្តេច ? ព្យាការីយ៉ូសែប ស្ម៊ីធ មានឆន្ទៈជ្រើសរើសប្រឈមមុខនឹងសេចក្តីស្លាប់ដោយនិយាយថា « ខ្ញុំទៅដូចជាចៀមដឹកទៅសំឡាប់ ប៉ុន្តែខ្ញុំស្ងប់ចិត្តដូចជាព្រឹកព្រលឹមនារដូវក្តៅ » (គ. និង ស. ១៣៥:៤) ។ សិស្សនឹងអានអំពីទុក្ករកម្មរបស់ព្យាការី យ៉ូសែប ស្ម៊ីធនៅក្នុងមេរៀនបន្ទាប់ ។