មេរៀនទី ១៤៧
ការចាកចេញពីទីក្រុងណៅវូ
បុព្វកថា
បន្ទាប់ពីព្យាការី យ៉ូសែប ស៊្មីធ ត្រូវគេធ្វើទុក្ករកម្ម នោះកូរ៉ុមនៃពួកសាវកដប់ពីរនាក់ នៅក្រោមការដឹកនាំរបស់ប្រធានកូរ៉ុមពួកគេ គឺ ព្រិកហាំ យ៉ង់ បានដឹកនាំសាសនាចក្រ ហើយបន្ដធ្វើកិច្ចការរបស់ព្រះអម្ចាស់ ។ ពួកលោកបានលើកទឹកចិត្តពួកបរិសុទ្ធឲ្យបញ្ចប់ការសាងសង់ព្រះវិហារបរិសុទ្ធណៅវូ ។ ដោយសារតែមានការបៀតបៀនឥតឈប់ឈរ នោះពួកលោកបានប្រឹក្សាដល់ពួកបរិសុទ្ធឲ្យត្រៀមខ្លួនដើម្បីចេញដំណើរទៅទិសខាងលិចផងដែរ ។
យោបល់សម្រាប់ការបង្រៀន
ពួកបរិសុទ្ធបានធ្វើការដោយឧស្សាហ៍ព្យាយាម ដើម្បីទទួលពរជ័យនៃព្រះវិហារបរិសុទ្ធ
សូមឲ្យសិស្សគិតអំពីគ្រាមួយ ដែលពួកគេបានធ្វើអ្វីមួយដ៏លំបាក ដោយសារតែពួកគេបានដឹងថា លទ្ធផលនឹងមានតម្លៃក្នុងការខិតខំនោះ ។ សូមពិចារណាធ្វើការចែកចាយបទពិសោធន៍ផ្ទាល់ខ្លួនជាមួយសិស្សក្នុងថ្នាក់ ។ បន្ទាប់មកសូមអញ្ជើញសិស្សពីរបីនាក់ចែកចាយបទពិសោធន៍របស់ពួកគេ ។
សូមពន្យល់ថា បន្ទាប់ពីការស្លាប់របស់ព្យាការីយ៉ូសែប ស្ម៊ីធ នោះពួកបរិសុទ្ធមានការងារដ៏លំបាក ដើម្បីបញ្ចប់ការសាងសង់ព្រះវិហារបរិសុទ្ធណៅវូ ។
-
ហេតុអ្វីអ្នកគិតថា វាមានការលំបាកសម្រាប់ពួកបរិសុទ្ធដើម្បីបំពេញតាមបទបញ្ញត្តិមួយនេះ ដែលបានផ្ដល់ឲ្យតាមរយៈ យ៉ូសែប ស៊្មីធ ?
សូមបង្ហាញរូបភាព ព្រះវិហារបរិសុទ្ធណៅវូ អិលលីណោយ ដល់សិស្ស ( សូមមើល សៀវភៅរូបភាពដំណឹងល្អ [ ឆ្នាំ ២០០៩ ] លេខ ១១៨ សូមមើលផងដែរគេហទំព័រ LDS.org ) ។ សូមពន្យល់ថា វាត្រូវការពលិកម្មដ៏ខ្លាំងពីពួកបរិសុទ្ធដើម្បីសាងសង់ព្រះវិហារបរិសុទ្ធណៅវូ ។ សូមអញ្ជើញសិស្សម្នាក់ឲ្យអានកថាកណ្ឌដូចខាងក្រោមឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់មើលអំពីការពលិកម្មទាំងឡាយដែលពួកបរិសុទ្ធបានធ្វើការលះបង់ ដើម្បីសាងសង់ព្រះវិហារបរិសុទ្ធដំបូងនៅទីក្រុង ណៅវូ ។
នៅសន្និសីទទូទៅខែតុលា ឆ្នាំ ១៨៤៤ ប្រធាន ព្រិកហាំ យ៉ង់ បានសុំឲ្យពួកបរិសុទ្ធថ្វាយដង្វាយមួយភាគក្នុងដប់ និងដង្វាយផ្សេងៗរបស់ពួកគេដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ។ ក្នុងការឆ្លើយតប បងស្រីសមាគមសង្គ្រោះម្នាក់ៗ បានបរិច្ចាគប្រាក់មួយសេនរាល់សប្ដាហ៍ ដើម្បីផ្គត់ផ្គង់ដល់ការសាងសង់ ។ បុរសជាច្រើនបានថ្វាយដង្វាយមួយភាគដប់ជាពេលវេលារបស់ពួកគេ ដោយការធ្វើការសាងសង់ព្រះវិហារបរិសុទ្ធមួយថ្ងៃក្នុងរយៈពេលដប់ថ្ងៃ ។ អ្នកផ្សេងទៀតបានថ្វាយច្រើនជាងមួយភាគក្នុងដប់ទៅតាមមធ្យោបាយរបស់ពួកគេផ្ទាល់ ។ យ៉ូសែប តូរ៉ុនតូ បានប្រគល់ដល់ ព្រិកហាំ យ៉ង់ នូវមាសដែលមានតម្លៃស្មើរនឹងទឹកប្រាក់ចំនួន ២៥០០ ដុល្លា ហើយបាននិយាយថា គាត់ចង់ថ្វាយអ្វីៗទាំងអស់ដែលគាត់មាន ដើម្បីស្ថាបនានគរនៃព្រះ ។ (សូមមើល Church History in the Fulness of Times Student Manual, បានបោះពុម្ពជាលើកទី ២ [Church Educational System manual, ២០០៣], ៣០២; Our Heritage [១៩៩៦], ៥៩–៦០ ) ។
-
ហេតុអ្វីអ្នកគិតថា ពួកបរិសុទ្ធស្ម័គ្រចិត្តលះបង់យ៉ាងច្រើនដើម្បីសាងសង់ព្រះវិហារបរិសុទ្ធដូច្នេះ ?
បន្ទាប់ពីសិស្សពិភាក្សាសំណួរនេះហើយ សូមពន្យល់ថា ការបៀតបៀនបានធ្វើឲ្យមានការលំបាកក្នុងការសាងសង់ព្រះវិហារបរិសុទ្ធណៅវូឲ្យហើយ ។ មានមារសត្រូវរបស់សាសនាចក្រជាច្រើន បានគិតថា កាលណា យ៉ូសែប ស៊្មីធ ត្រូវគេសម្លាប់ហើយ នោះសាសនាចក្រនឹងត្រូវរលំចុះ ។ តែទោះជាយ៉ាងណា នៅពេលសាសនាចក្របន្ដរីកចម្រើន និងលូតលាស់ នោះពួកមារសត្រូវនៃសាសនាចក្របានបង្កើននូវការខិតខំរបស់ពួកគេដើម្បីបណ្ដេញពួកបរិសុទ្ធចេញពីរដ្ឋ អិលលីណោយ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានកថាកណ្ឌដូចខាងក្រោមឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមើលនូវអ្វីដែលពួកមារសត្រូវនៃសាសនាចក្របានធ្វើ ដើម្បីព្យាយាមបំផ្លាញសាសនាចក្រ ។
នៅក្នុងខែកញ្ញា ឆ្នាំ ១៨៤៤ វរសេនីឯក លេវី វិលលាម ជាមនុស្សម្នាក់នៃអ្នកទាំងនោះ ដែលក្រោយមកបានកាត់ទោសថាជាអ្នកសម្លាប់ យ៉ូសែប និង ហៃរុម ស្ម៊ីធ បានរៀបចំបង្កើតក្រុមកងទ័ពមួយដ៏ធំដើម្បីបង្ខំពួកបរិសុទ្ធថ្ងៃចុងក្រោយចេញពីរដ្ឋ អិលលីណោយ ។ វាត្រូវបានផ្សព្វផ្សាយសាសនាជា « ឆ្កែចចកដ៏ធំប្រមាញ់នៅក្នុងឃុំ ហែនខក » (David E. Miller and Della S. Miller,Nauvoo: The City of Joseph[ឆ្នាំ ១៩៧៤] ទំព័រ ១៨៦ ) ។ ពេលបានឮអំពីរឿងនេះ អភិបាល ថូម៉ាស ហ្វត នៃរដ្ឋ អិលលីណោយ បានបញ្ជូនឧត្តមសេនី ចន ហាឌីន នៃកងចល័តរដ្ឋឲ្យទៅកាន់ឃុំនោះ ដើម្បីរក្សាភាពសុខសាន្ដ ។ មួយឆ្នាំក្រោយមក នៅខែកញ្ញា ឆ្នាំ ១៨៤៥ វរសេនីឯក វិលលាម បានដឹកនាំក្រុមមនុស្សអាក្រក់មួយក្រុមដែលមានមនុស្ស ៣០០ នាក់ ទៅវាយប្រហារដល់ជម្រករបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយនៅតំបន់ជាយៗ ដោយការដុតផ្ទះជាច្រើនខ្នង និងដុតអគារកសិដ្ឋាន រោងកិនស្រូវ និងស្រូវអង្ករអស់ជាច្រើន ។ នៅពាក់កណ្ដាលខែកញ្ញា ប្រធាន ព្រិកហាំ យ៉ង់ បានស្វែងរកអ្នកស្ម័គ្រចិត្តដើម្បីទៅជួយសង្គ្រោះពួកបរិសុទ្ធទាំងនោះ ។ ពួកបរិសុទ្ធនៅទីក្រុង ណៅវូ បានត្រៀមរទេះសេះចំនួន ១៣៤ ដើម្បីដឹកក្រុមគ្រួសារដែលរស់នៅតំបន់ឆ្ងាយដាច់ស្រយាលមកទីក្រុង ណៅវូ ដែលជាទីជម្រកមានសុវត្ថិភាព ។ ( សូមមើលHistory of the Church៧:៤៥-៤៦Church History in the Fulness of Times Student Manual,ទំព័រ ៣០១ David E. Miller and Della S. Miller,Nauvoo: The City of Josephទំព័រ ១៨៥-៨៦ ) ។
-
តើការវាយប្រហារទាំងនេះ បានធ្វើឲ្យវាមានការលំបាកដើម្បីបន្ដធ្វើការសាងសង់ព្រះវិហារបរិសុទ្ធយ៉ាងដូចម្ដេច?
សូមពន្យល់ថា មានប្រជាជនរដ្ឋ អិលលីណោយ ជាច្រើនរូប បានភ័យខ្លាចថា វត្តមានរបស់ពួកបរិសុទ្ធថ្ងៃចុងក្រោយ អាចនាំឲ្យកើតមានសង្គ្រាមស៊ីវិល ។ ពួកគេបានសុំឲ្យពួកបរិសុទ្ធចាកចេញពីរដ្ឋ ។ នៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៨៤៥ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ បានបោះពុម្ពលិខិតមួយសន្យាថា សាសនាចក្រនឹងចាកចេញនៅនិទារឃរដូវក្រោយ ។
-
ហេតុអ្វីបានជាព្រឹត្តិការណ៍នេះក្លាយជាការសម្រេចចិត្តដ៏លំបាកយ៉ាងដូច្នេះ ?
-
តើអ្នកគិតថាការសម្រេចចិត្តចាកចេញពីទីក្រុងណៅវូ អាចប៉ះទង្គិចដល់ការខិតខំប្រឹងប្រែងរបស់ពួកបរិសុទ្ធ ដើម្បីបញ្ចប់ការសង់ព្រះវិហារបរិសុទ្ធយ៉ាងដូចម្ដេច ?
បន្ទាប់ពីសិស្សពិភាក្សាអំពីសំណួរនេះ ចូរពន្យល់ថា ទោះជាពួកបរិសុទ្ធបានដឹងថា ពួកគេត្រូវតែចាកចេញពីរដ្ឋ អិលលីណោយ ក្ដី ក៏ពួកគេបានបន្ដធ្វើការសាងសង់ព្រះវិហារបរិសុទ្ធ ។
-
តើអ្នកគិតថា ហេតុអ្វីពួកបរិសុទ្ធបានបន្ដធ្វើការសាងសង់ព្រះវិហារបរិសុទ្ធ ថ្វីបើពួកគេបានដឹងថា ពួកគេនឹងចាកចេញទៅក្ដី ?
សូមរំឭកសិស្សថា នៅគ្រានោះពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធ ដែលចាំបាច់សម្រាប់ការលើកតម្កើង ពុំទាន់មានចំពោះសមាជិកភាពទូទៅនៃសាសនាចក្រនៅឡើយ ។ នៅក្នុងវិវរណៈមួយក្នុងឆ្នាំ ១៨៤១ ព្រះអម្ចាស់បានសន្យានឹងពួកបរិសុទ្ធថា បើពួកគេសាងសង់ព្រះវិហារបរិសុទ្ធ ណៅវូ នោះពួកគេអាចនឹងទទួលបានពិធីបរិសុទ្ធទាំងនោះ ( សូមមើលគ. និង ស. ១២៤:២៧-៤៤) ។
-
តើយើងម្នាក់ៗអាចរៀនដូចម្តេចខ្លះ អំពីដំណើររឿងនៃការពលិកម្ម និងទុក្ខលំបាកទាំងឡាយរបស់ពួកបរិសុទ្ធដើម្បីសាងសង់ព្រះវិហារបរិសុទ្ធ ? ( សិស្សអាចរកឃើញគោលការណ៍ផ្សេងៗដូចខាងក្រោមនេះ ៖ ការទទួលពិធីបរិសុទ្ធនៃព្រះវិហារបរិសុទ្ធមានតម្លៃនឹងការខិតខំ និងពលិកម្មដ៏សុចរិតទាំងអស់របស់យើង ។ សូមសរសេរគោលការណ៍នេះ និងសេចក្ដីថ្លែងដទៃទៀតដែលសិស្សបានប្រាប់នៅលើក្ដារខៀន ) ។
សូមអញ្ជើញសិស្សម្នាក់អានឲ្យឮៗនូវសេចក្ដីថ្លែងការណ៍ដូចខាងក្រោមដោយប្រធាន ថូម៉ាស អេស. ម៉នសុន ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់រកមើលការពលិកម្មរបស់ពួកបរិសុទ្ធសម័យទំនើបមួយចំនួន ដែលពួកគេបានធ្វើដើម្បីទទួលបានពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
« អស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ ខ្ញុំបានអានអំពីក្រុមសមាជិកជាងមួយរយនាក់ ដែលបានចាកចេញពី មេណូស ដែលស្ថិតនៅកណ្តាលព្រៃលិចទឹកអាម៉ាហ្សូន ធ្វើដំណើរទៅកាន់ព្រះវិហារបរិសុទ្ធដែលនៅជិតបំផុត ស្ថិតនៅទីក្រុង សៅ ផាឡូ ប្រទេសប្រេស៊ីល -(ចម្ងាយប្រហែល ៤០០០ គីឡូម៉ែត្រ)ពី មេណូស។ ពួកបរិសុទ្ធស្មោះត្រង់ទាំងនោះ បានធ្វើដំណើរតាមទូកអស់រយៈពេលបួនថ្ងៃ តាមទន្លេអាម៉ាហ្សូន និង តាមដៃទន្លេ អាម៉ាស្សូន ។ បន្ទាប់ពីបានបញ្ចប់ការធ្វើដំណើរតាមទឹកនេះ ពួកគេបានឡើងជិះឡានក្រុង ធ្វើដំណើររយៈពេលបីថ្ងៃទៀត តាមផ្លូវរលាក់ ហើយមានអាហារបរិភោគបន្តិចបន្តួចប៉ុណ្ណោះ ហើយគ្មានកន្លែងសម្រាកស្រួលបួលនោះទេ ។ ប្រាំពីរយប់ប្រាំពីរថ្ងៃក្រោយមក ពួកគេបានមក ដល់ព្រះវិហារបរិសុទ្ធនៅ សៅ ផាឡូ ដែលនៅទីនោះពិធីបរិសុទ្ធដ៏អស់កល្បទាំងឡាយត្រូវបានធ្វើឡើង ។ ប្រាកដណាស់ ការធ្វើដំណើរត្រឡប់មកវិញរបស់ពួកគេ មានការលំបាកដូចនឹងពេលធ្វើដំណើរទៅដែរ ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេបានទទួលពិធីបរិសុទ្ធ និងពរជ័យនៃព្រះវិហារបរិសុទ្ធ ហើយទោះបីជាក្នុងសំពាយ របស់ពួកគេគ្មាននៅសល់ប្រាក់ក្តី ក៏ពួកគេបានពោរពេញទៅដោយអារម្មណ៍ នៃព្រះវិហារបរិសុទ្ធ ហើយមានអំណរ គុណចំពោះពរជ័យទាំងឡាយដែលពួកគេបានទទួលផងដែរ » (The Holy Temple—a Beacon to the World,» Ensign ឬ លីអាហូណា ខែ ឧសភា ឆ្នាំ ២០១១, ទំព័រ ៩១) ។
-
តើ ពួកបរិសុទ្ធមកពីមេណូសបានធ្វើពលិកម្មអ្វីខ្លះ ដើម្បីទទួលបានពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ?
សូមអញ្ជើញសិស្សបីនាក់ឲ្យមកខាងមុខសិស្សក្នុងថ្នាក់ ហើយអានដំណើររឿងដូចខាងក្រោមឲ្យឮៗ ។ សូមឲ្យសិស្សក្នុងថ្នាក់ស្ដាប់កិច្ចខិតខំដ៏សុចរិតរបស់ពួកបរិសុទ្ធ ណៅវូ ដើម្បីទទួលបានពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ។
-
តើអ្វីដែលពិតជាធ្វើឲ្យអ្នកចាប់អារម្មណ៍ អំពីកិច្ចខិតខំរបស់ពួកបរិសុទ្ធដើម្បីទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធ ?
ដើម្បីជួយសិស្សដឹងពីសេចក្ដីពិត និងសារៈសំខាន់នៃគោលការណ៍ទាំងឡាយ ដែលអ្នកបាន សរសេរនៅលើក្ដារខៀន និងដើម្បីជួយពួកគេអនុវត្តគោលការណ៍ទាំងនេះនៅក្នុងជីវិតរបស់ពួកគេ សូមអញ្ជើញពួកគេឲ្យឆ្លើយតបចំពោះសំណួរទាំងឡាយនៅក្នុងសៀវភៅកត់ចំណាំក្នុងថ្នាក់របស់ពួកគេឬសៀវភៅកំណត់ត្រាការសិក្សាព្រះគម្ពីរ របស់ពួកគេ ។ ( សូមសរសេរសំណួរនៅលើក្តារខៀន ) ។
ក្រោយពីមានពេលគ្រប់គ្រាន់ហើយ សូមឲ្យសិស្សពីរបីនាក់ស្ម័គ្រចិត្តចែកចាយចម្លើយរបស់ពួកគេចំពោះសំណួរទីពីរ ។
ពួកបរិសុទ្ធចាកចេញពីទីក្រុងណៅវូ
សូមពន្យល់ថា បន្ទាប់ពីបានទទួលពិធីបរិសុទ្ធក្នុងព្រះវិហារបរិសុទ្ធហើយ ពួកបរិសុទ្ធបានចាប់ផ្ដើមចាកចេញពីទីក្រុង ណៅវូ នៅខែកុម្ភៈ ឆ្នាំ ១៨៤៦ ។ ប៉ុន្មានខែក្រោយមក ពួកគេបានបន្ដចាកចេញពីទីក្រុង ណៅវូ ហើយមានក្រុមផ្សេងៗជាច្រើន បានបោះជម្រកបណ្ដោះអាសន្ននៅពេលឆ្លងកាត់រដ្ឋ អៃអូវ៉ា ។ មកដល់ត្រឹមចុងខែមេសា ពួកបរិសុទ្ធភាគច្រើនបានចាកចេញពីទីក្រុង ណៅវូ ។ ទោះជាយ៉ាងណាក៏ដោយ ពុំមែនសមាជិកសាសនាចក្រទាំងអស់អាចចាកចេញទៅបានទេ ។ មានមនុស្សមួយចំនួនតូច បានបន្ដនៅក្នុងទីក្រុង ណៅវូ អំឡុងរដូវក្ដៅឆ្នាំ ១៨៤៦ ដោយសារតែពួកគេឈឺធ្ងន់ពេក ក្រខ្លាំងពេក ឬខ្សោយខ្លាំងពេក ពុំអាចធ្វើដំណើរទៅបាន ។ មានមួយចំនួនតូចផ្សេងទៀត បានជ្រើសរើសនៅទីនោះ ។
សូមអញ្ជើញសិស្សម្នាក់ឲ្យអានឮៗនូវកថាកណ្ឌដូចខាងក្រោម ដែលទាក់ទងនឹងអ្វីបានកើតឡើងចំពោះមនុស្សជាច្រើនដែលមិនបានចាកចេញពីក្រុងនោះ ។
នៅខែកញ្ញា ឆ្នាំ ១៨៤៦ មានមនុស្សប្រហែលជា ៨០០ នាក់ បំពាក់ដោយកាំភ្លើងកាណុងធំប្រាំមួយ បានរៀបចំមកវាយប្រហារលើទីក្រុង ណៅវូ ។ ពួកបរិសុទ្ធដែលនៅសល់ និងពលរដ្ឋថ្មីៗមួយចំនួន ដែលមានបុរសចំនួនប្រហែលជា ១៥០ នាក់ បានត្រៀមខ្លួនដើម្បីប្រយុទ្ធការពារទីក្រុង ។ បន្ទាប់ពីមានការប្រយុទ្ធគ្នាអស់រយៈពេលពីរបីថ្ងៃ នោះពួកបរិសុទ្ធជាច្រើនត្រូវបានបង្ខំឲ្យចុះចាញ់ ហើយត្រូវបានប្រាប់ថា ឲ្យចាកចេញពីទីក្រុងជាបន្ទាន់ ។ បន្ទាប់មក ពួកមនុស្សអាក្រក់ បានចូលមកក្នុងទីក្រុង ឆក់ប្លន់តាមផ្ទះ ហើយបានបំផ្លាញព្រះវិហារបរិសុទ្ធចោល ។ ពួកបរិសុទ្ធមួយចំនួនដែលពុំអាចភៀសខ្លួនបានលឿន ត្រូវបានគេវាយធ្វើបាប ឬបោះចូលទៅក្នុងទន្លេម៊ីស៊ីស៊ីពី ។ បន្ទាប់ពីពួកបរិសុទ្ធដែលនៅសល់ទាំងនេះ ត្រូវបានគេបង្ខំឲ្យចេញពីទីក្រុង ណៅវូហើយ នោះពួកគេបានបោះជំរុំជនភៀសខ្លួន នៅតាមដងទន្លេរដ្ឋអៃអូវ៉ា ។ ពួកគេពុំមានអាហារ សម្ភារ ឬកម្លាំងខាងរាងកាយគ្រប់គ្រាន់ដើម្បីទ្រទ្រង់ខ្លួនទេ ។ ( សូមមើល Church History in the Fulness of Times Student Manual Religion ទំព័រ ៣១៨ ) ។
សូមពន្យល់ថា ពួកអ្នកដឹកនាំសាសនាចក្របានបញ្ជូនក្រុមជួយសង្គ្រោះឲ្យធ្វើដំណើរឆ្លងកាត់រដ្ឋ អៃអូវ៉ា ត្រឡប់មកជួយដល់ពួកបរិសុទ្ធដែលកំពុងរងទុក្ខ ។
-
តើអ្នកគិតថា អ្នកអាចមានអារម្មណ៍យ៉ាងណា បើអ្នកត្រូវបានហៅឲ្យត្រឡប់ទៅកាន់ទីក្រុង ណៅវូ វិញនោះ ?
សូមអញ្ជើញសិស្សម្នាក់អានឮៗនូវសាររបស់ ព្រិកហាំ យ៉ង់ បានបញ្ជូនទៅឲ្យបុរសៗដែលគ្រប់គ្រងក្នុងការជ្រើសរើសក្រុមជួយសង្គ្រោះ ៖
« សូមឲ្យភ្លើងនៃសេចក្ដីសញ្ញា ដែលអ្នកបានធ្វើនៅក្នុងដំណាក់នៃព្រះអម្ចាស់ បានដុតរោលរាលក្នុងដួងចិត្តអ្នក ដូចជាអណ្ដាតភ្លើងដែលពុំអាចពន្លត់បាន រហូតដល់អ្នកបាន … ជួយដល់មនុស្សគ្រប់រូប… ដែល [ អាចចាកចេញមកបាន ] ហើយចែកភ្លើងនោះទៅដល់ព្រលឹងរបស់គាត់ រហូតដល់គាត់អាចក្រោកឡើង… ហើយចេញទៅភ្លាម ហើយនាំក្រុមមនុស្សក្រីក្រចេញពីទីក្រុង ណៅវូ ។…
« … នេះគឺជាជំនាន់នៃការធ្វើសកម្មភាព » ( Journal History of The Church of Jesus Christ of Latter-day Saints, ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ១៨៤៦, ទំព័រ ៥–៦, Church History Library, Salt Lake City ) ។
-
តើសេចក្ដីថ្លែងការណ៍របស់ព្រិកហាំ យ៉ង់ បង្រៀនយើងអំពីសេចក្ដីសញ្ញាដែលយើងបានធ្វើអ្វីខ្លះ ? ( សូមប្រាកដថា សិស្សយល់ថា វាពុំគ្រប់គ្រាន់ទេ ដោយគ្រាន់តែធ្វើសេចក្ដីសញ្ញានោះ-- តែយើងចាំបាច់ត្រូវរក្សាសេចក្ដីសញ្ញាទាំងឡាយ ។ សូមសរសេរសេចក្ដីពិតដូចខាងក្រោមនៅលើក្ដារខៀន ៖ព្រះអម្ចាស់តម្រូវឲ្យយើងរស់នៅតាមសេចក្ដីសញ្ញាទាំងឡាយដែលយើងធ្វើ ) ។
សូមសរសេរសំណួរដូចខាងក្រោមនៅលើក្ដារខៀន ៖
សូមបំបែកសិស្សជាក្រុមៗ ហើយអញ្ជើញពួកគេឲ្យជ្រើសរើសសំណួរមួយនៃសំណួរទាំងឡាយ ហើយពិភាក្សាចម្លើយរបស់ពួកគេជាមួយនឹងដៃគូ ។ អ្នកអាចនឹងចង់អញ្ជើញឲ្យសិស្សពីរបីនាក់ ឲ្យចែកចាយការឆ្លើយតបរបស់ពួកគេជាមួយសិស្សក្នុងថ្នាក់ផងដែរ ។
សូមបញ្ចប់ដោយការសុំឲ្យសិស្សពិចារណាអំពីអ្វីដែលពួកគេចាំបាច់ត្រូវធ្វើដើម្បីរស់នៅតាមសេចក្ដីសញ្ញាទាំងឡាយដែលពួកគេបានធ្វើ ។ សូមថ្លែងទីបន្ទាល់អំពីពរជ័យទាំងឡាយចំពោះការរក្សាសេចក្ដីសញ្ញារបស់យើង ។