ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦-៨:១៣៧ ( មេរៀន​ទី ២៣ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦-១០៨; ១៣៧ ( មេរៀន​ទី ២៣ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាង​ក្រោមនេះ​គឺ​ជា​សេចក្ដី​សង្ខេប​នៃ​ព្រឹត្តិការណ៍ គោលលទ្ធិ និង គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៦-១០៨; ១៣៧ ( មេរៀន​ទី ២៣ ) មិនមែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់​សិស្ស ។

ថ្ងៃទី ១ ៖(គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦; ១០៧:១–២០)

តាមរយៈ​ការសិក្សា​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ចំពោះ វ៉ារិន ខៅឌើរី​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៦ សិស្ស​បាន​រៀន​ថា ប្រសិនបើយើងបន្ទាបខ្លួនចំពោះព្រះអម្ចាស់ នោះ​ទ្រង់នឹង​មាន​សេចក្តី​មេត្តាករុណា​មក​លើ​យើង លើក​យើង​ឡើង ហើយ​ផ្តល់​ព្រះគុណ និង ការធានាអះអាង​ដល់​យើង ។ សិស្ស​ក៏​បាន​ចាប់ផ្តើម​ការសិក្សា​របស់​ខ្លួន​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧ ដែលជាវិវរណៈមួយលើបព្វជិតភាព ។ ចេញពីកណ្ឌ​នេះ​ពួកគេ​បាន​រៀន​ថា បព្វជិតភាពមិលគីស្សាដែក​គឺ​តាម​របៀប​នៃព្រះរាជាបុត្រា​នៃ​ព្រះ ។ ពួកគេ​ក៏​បាន​សិក្សា​ផងដែរ​ពី​តំណែង និង ទំនួល​ខុសត្រូវ​នានា​នៃ​បព្វជិតភាព​អើរ៉ុន និង មិលគីស្សាដែក ។

ថ្ងៃទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:២១-៣៨)

នៅពេល​សិស្ស​បាន​បន្ត​ការសិក្សា​របស់​ខ្លួន​ពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧, នោះពួកគេបាន​រៀន​អំពី​ទំនួល​ខុសត្រូវ​នៃ​គណៈប្រធានកូរ៉ុម​នៃ​សាសនាចក្រ ៖ គណៈប្រធាន​ទីមួយ កូរ៉ុមនៃពួកសាវកដប់ពីរនាក់ និង កូរ៉ុមនៃពួកចិតសិបនាក់ ។ ពួកគេក៏​បាន​រៀន​ផងដែរ​ថា ការសម្រេចចិត្ត​នៃ​គណៈប្រធាន​កូរ៉ុម​ទាំង​នេះ​គឺ​ធ្វើ​ឡើង​ដោយ​សាមគ្គីភាព និង ដោយ​សេចក្តីសុចរិត ។

ថ្ងៃទី ៣ ៖ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៣៩-១០០១០៨)

ចេញពី គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧, សិស្ស​បាន​រៀន​ថា លោក​អយ្យកោ​ត្រូវបាន​ហៅ​តាមរយៈ​វិវរណៈ ហើយ​ត្រូវបាន​តែងតាំង​ឡើង​ក្រោមការដឹកនាំ​នៃ​ពួគ​សាវក​ដប់ពីរ​នាក់ ហើយ​ថា​ឪពុក​ដែល​កាន់​បព្វជិតភាព​មិលគីស្សាដែក​មាន​សិទ្ធិ​អំណាច​ប្រសិទ្ធិពរ​ដល់​កូនៗ​របស់​ខ្លួន ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​អំពី​ព្រះបន្ទូល​របស់​ព្រះអម្ចាស់​ចំពោះ ឡៃម៉ាន ស៊ើម៉ាននៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨។ ពួកគេ​បាន​ឃើញ​ថា​នៅពេល​យើង​គោរព​តាម​សំឡេង​របស់​ព្រះអម្ចាស់ នោះយើង​អញ្ជើញ​ការអភ័យទោស​របស់​ទ្រង់ ដែល​នាំសេចក្តី​សម្រាក​ដល់​ព្រលឹង​របស់​យើង ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ១៣៧)

នៅក្នុង​មេរៀន​នេះ សិស្ស​បាន​រៀន​អំពីការនិមិត្ត​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ​អំពី​នគរ​សេឡេស្ទាល និង មនុស្ស​ដែល​លោក​បាន​ឃើញ​នៅក្នុង​នគរ​នោះ ។ មេរៀន​នេះ​គូសបញ្ជាក់​ពី​គោលការណ៍​ខាងក្រោម​នេះ ៖ មនុស្ស​ទាំងអស់​ដែល​ស្លាប់​ដោយ​គ្មាន​ការចេះដឹង​ពី​ដំណឹង​ល្អ ដែល​នឹង​ទទួល​យក​ដំណឹង​ល្អ​ដោយ​អស់​ពី​ដួងចិត្ត​របស់​ខ្លួន នឹង​គ្រង​មរតក​នៃ​នគរសេឡេស្ទាល ព្រះអម្ចាស់​នឹង​ជំនុំជម្រះពួក​យើង តាម​រយៈ​កិច្ចការ និង បំណង​ប្រាថ្នា​នៃ​ដួងចិត្ត​របស់​យើង ហើយក្មេងៗ​ទាំងអស់​ដែល​ស្លាប់​ទៅ​ពីមុន​ពួកគេ​ចាប់ផ្តើមអាច​ទទួល​ខុសត្រូវ នឹង​ត្រូវបាន​សង្គ្រោះ​នៅក្នុង​នគរ​សេឡេស្ទាល ។

សេចក្តីផ្ដើម

នៅក្នុង​កិច្ចការ​ប្រចាំ​សប្តាហ៍​របស់​ពួកគេ សិស្ស​ពុំ​ត្រូវបាន​សុំ​ឲ្យ​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៧:៦០-១០០ ឲ្យ​ស៊ីជម្រៅ​នោះ​ទេ ។ មេរៀន​នេះ​នឹង​ផ្តល់​ឱកាស​នោះ​ដល់​ពួកគេ ។ វា​អាច​ជួយ​ពួកគេ​ឲ្យស្គាល់​តំណែង​បព្វជិតភាព ហើយ​យល់​កាន់តែ​ប្រសើរ​ឡើង​អំពី​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​សមាជិក​សាសនាចក្រ​នៃ​ព្រះយេស៊ូវគ្រីស្ទ ? សិស្ស​នឹង​រៀន​ផងដែរ​ពី​ព្រះឱវាទ​ដែល​បាន​ប្រទាន​ដល់​ឡៃម៉ាន ស៊ើម៉ានដែលបាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨

នៅក្នុង​ការសិក្សា​ពី​តំណែង​នៃ​បព្វជិតភាព​នៅក្នុង​មេរៀន​នេះ វា​សំខាន់​ដើម្បី​ជួយ​សិស្ស​ឲ្យ​យល់​ថា អំឡុង​ពេល​ដែល​បុរស​ជា​ច្រើន​រូប​បំពេញ​តំណែង​ផ្សេងៗ​ទាំង​នេះ ក្នុង​នាម​ជា​អ្នក​កាន់​បព្វជិតភាព នោះ​ពរជ័យ​នៃ​បព្វជិតភាព​នឹង​អាច​មាន​ដល់​មនុស្ស​គ្រប់​គ្នា ។ អែលឌើរ ដាល្លិន អេក អូក ក្នុង​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់​បាន​បង្រៀន ៖ « បព្វជិតភាព​គឺ​ជា​ព្រះចេស្តា​នៃ​ព្រះ​ដែល​បាន​ប្រើ​ដើម្បី​ប្រទាន​ពរ​ដល់​កូនចៅ​របស់​ទ្រង់​ទាំងអស់ ទាំង​ប្រុស​ទាំង​ស្រី ។ ការបង្ហាញ​ខ្លីៗ​របស់​យើង​មួយ​ចំនួន​ដូច​ជា ‹ ស្ត្រី និង បព្វជិតភាព › បង្ហាញ​ឲ្យ​ឃើញ​គំនិត​ខុសឆ្គង​មួយ ។ ពួក​បុរស​ពុំ​មែន​ជា ‹ បព្វជិតភាព › ទេ ។ ការប្រជុំបព្វជិតភាព​គឺ​ជា​ការប្រជុំ​មួយ​នៃ​អស់​អ្នក​ដែល​កាន់ និង អនុវត្ត​អំណាច​បព្វជិតភាព ។ ពរជ័យទាំងឡាយនៃបព្វជិតភាព ដូចជាពិធីបុណជ្រមុជទឹក ទទួល​អំណោយ​ទាន​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ អំណោយទានពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ និង អាពាហ៍ពិពាហ៍​ដ៏​នៅ​អស់កល្ប​ជានិច្ច គឺមាន​សម្រាប់​បុរស និង ស្ត្រី​ដូចគ្នា ។ សិទ្ធិអំណាច​នៃ​មុខងារ​បព្វជិតភាព​នៅក្នុង​គ្រួសារ និង សាសនាចក្រ ស្របតាម​គោលការណ៍​នានា​ដែល​ព្រះអម្ចាស់​បាន​បង្កើត​ឡើង » (« Priesthood Authority in the Family and the Church » EnsignLiahona, ខែ វិច្ឆិកា ឆ្នាំ ២០០៥ ទំព័រ ២៥–២៦ ) ។ បុរស និង ស្ត្រី​មាន​តួនាទីសំខាន់​ស្មើ​គ្នា​នៅក្នុង​ក្រុមគ្រួសារ និង សាសនាចក្រ ( សូមមើល « ក្រុម​គ្រួសារ ៖ ការប្រកាស​ដល់​ពិភពលោក » Ensign, ខែ វិច្ឆិកា ឆ្នាំ ២០១០ ទំព័រ ១២៩ ) ។

យោបល់​សម្រាប់​ការបង្រៀន

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៦០-១០០

ព្រះអម្ចាស់​បើក​សម្ដែង​ពី​កាតព្វកិច្ច​នៃប្រធាន​នៃ​កូរ៉ុម​បព្វជិតភាព

ជា​ការរំឭក​ខ្លី​មួយ សូម​សរសេរ​ពាក្យ បព្វជិតភាពមិលគីស្សាដែក និង បព្វជិតភាពអើរ៉ុន នៅលើ​ក្តារខៀន ។ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​សរសេរ​តំណែង​នានា​នៃ​បព្វជិតភាពឲ្យ​បាន​ត្រឹមត្រូវ​ខាង​ក្រោម​ពាក្យ​នោះ ។ សូម​ឲ្យ​សិស្ស​ម្នាក់​សរសេរ​តំណែង​មួយ​នៃ​បព្វជិតភាព ហើយ​បន្ទាប់មក​ហុច​ដីស ឬ ហ្វឺត​ឲ្យ​សិស្ស​ម្នាក់​ទៀត បន្ត​ដំណើរ​ការនេះ​រហូត​ដល់​សិស្ស​បាន​សរសេរ​គ្រប់អស់​ទាំង​តំណែង​នៃ​បព្វជិតភាព ។ សូម​លើក​ទឹកចិត្តសិស្ស​ឲ្យ​ជួយ​គ្នា​ទៅវិញ​ទៅមក​តាម​ការគួរ ។ ( តំណែង​នៃបព្វជិតភាព​មិលគីស្សាដែក​រួម​មាន អែលឌើរ សង្ឃ​ជាន់​ខ្ពស់ លោក​អយ្យកោ ពួក​ចិត​សិប​នាក់ និង សាវក ។ ​តំណែង​នៃ​បព្វជិតភាព​អើរ៉ុន​មាន ឌីកុន គ្រូ សង្ឃ និង ប៊ីស្សព ) ។

  • តើ​កូរ៉ុមនៃ​បព្វជិតភាព​គឺជា​អ្វី ? ( ជា​ក្រុម​ដែល​បាន​រៀបចំ​ឡើង​ដែល​មាន​បងប្អូន​ប្រុស​ដែល​កាន់​តំណែង​បព្វជិតភាព​ដូចគ្នា ) ។

សូម​អញ្ជើញ​សិស្ស​ម្នាក់​ឡើងមក​ក្ដារខៀន ហើយគូស​រង្វង់​លើ​តំណែង​បព្វជិតភាព​ណា​ដែល​ត្រូវបាន​រៀបចំ​ជា​កូរ៉ុម ។ សូម​លើក​ទឹកចិត្ត​សិស្ស​ឲ្យ​ជួយ​គ្នា​តាមការគួរ ។ ( តំណែង​ខាងក្រោម​នេះ​មាន​កូរ៉ុម ៖ សាវក ពួកចិតសិបនាក់ សង្ឃជាន់ខ្ពស់ អែលឌើរ សង្ឃ គ្រូ និង ឌីកុន ។ អ្នក​អាច​ពន្យល់​ថា ស្តេកនិមួយៗ​មាន​កូរ៉ុម​សង្ឃ​ជាន់ខ្ពស់​មួយ ដែល​មាន​ប្រធាន​ស្តេក​គឺ​ជា​ប្រធាន​កូរ៉ុមនោះ ។ នៅ​ក្នុង​វួដ​និមួយៗ ពួក​សង្ឃ​ជាន់​ខ្ពស់​ត្រូវ​បាន​រៀបចំ​ជា​ក្រុម​សង្ឃ​ជាន់​ខ្ពស់​មួយ ) ។

សូម​ឲ្យ​សិស្ស​ពីរបី​នាក់​ឆ្លាស់​វេន​គ្នា​អាន គោលលទ្ធិ និង សេចក្តីសញ្ញា ១០៧:៦០–៦៣, ៨៥–៨៩, ៩៣–៩៤ឲ្យ​ឮៗ ។ សូមអញ្ជើញ​សិស្សក្នុង​ថ្នាក់​ឲ្យ​ផ្ទៀងតាម ហើយ​រកមើល​ចំណុច​រួមមួយ​អំពីកូរ៉ុម​ទាំងនេះ​ដែលបាន​និយាយ​នៅក្នុង​ខគម្ពីរ​ទាំងនេះ ។

  • យោង​តាម​ខគម្ពីរ​ទាំងនេះ តើ​កូរ៉ុម​បព្វជិតភាព​ទាំង​នេះ មាន​អ្វី​ដែល​រួម​គ្នា ? ( សិស្ស​អាច​នឹង​ប្រើ​ពាក្យ​ផ្សេងៗគ្នា ប៉ុន្តែ​ត្រូវ​ប្រាកដ​ថា​ពួកគេ​រកឃើញ​សេចក្ដីពិត​ខាង​ក្រោម ៖ ប្រធាន​គឺ​ត្រូវបានតាំងឡើង​ដើម្បី​ត្រួតត្រា និង ដឹកនាំ​កិច្ច​ការ​នៃ​កូរ៉ុម​បព្វជិតភាពនិមួយ​ៗ) ។

  • យោង​តាម ខ ៨៧-៨៨តើ​កូរ៉ុម​សង្ឃ​ខុស​ពី​កូរ៉ុម​ឌីកុន និង កូរ៉ុម​គ្រូយ៉ាង​ដូចម្តេច​ខ្លះ ? ( ប៊ីស្សព​នៅ​វួដធ្វើជាអធិបតី​លើ​កូរ៉ុម​សង្ឃ ។ គាត់​ក៏​ធ្វើជាអធិបតីលើ​អ្នកកាន់​បព្វជិតភាព​អើរ៉ុន​ទាំងអស់​នៅក្នុង​វួដ​ផងដែរ ។ នៅក្នុង​សាខា ប្រធាន​សាខា​ដើរតួ​ជា​ប្រធាន​នៃ​កូរ៉ុម​សង្ឃ ) ។

  • ហេតុអ្វី​អ្នកគិត​ថា​វា​សំខាន់​ដែល​កូរ៉ុម​នៃ​បព្វជិតភាព​និមួយៗ​មាន​ប្រធាន​ម្នាក់ ? តើ​ប្រធាន​នៃ​កូរ៉ុម​នៃ​បព្វជិតភាព​អាចជួយ​សមាជិក​នៃ​កូរ៉ុម​របស់គាត់​យ៉ាង​ដូចម្តេច ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៦៥-៦៦ ឲ្យឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់ឲ្យផ្ទៀងតាម ហើយរកមើល​ថ្នាក់ដឹកនាំ​សាសនាចក្រ​ដែល​ត្រួតត្រា​លើ​អ្នក​កាន់បព្វជិតភាព​ទាំងអស់ ។ សូម​អញ្ជើញ​សិស្សឲ្យ​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ សូម​ប្រាកដ​ថា​សិស្សយល់​ថា​ខគម្ពីរ​ទាំង​នេះ​សំដៅលើ​ប្រធាន​នៃ​សាសនាចក្រ ។

សូម​ឲ្យ​សិស្ស​ម្នាក់​ទៀត​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៦៧, ៩១–៩២ ឲ្យ​ឮៗ ។ សូម​អញ្ជើញ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ពាក្យ និង ឃ្លា​នានា​ដែល​ពិពណ៌នា​អំពីសិទ្ធិ​អំណាច និង ទំនួល​ខុសត្រូវ​របស់​ប្រធាន​សាសនាចក្រ ។

  • ផ្អែក​ទៅលើ​អ្វី​ដែល​អ្នក​បាន​រៀន​ពី​ខគម្ពីរ​ទាំងនេះ តើ​អ្នក​នឹង​សង្ខេប​ពី​សិទ្ធិ​អំណាច និង ទំនួល​ខុស​ត្រូវ​របស់​ប្រធាន​សាសនាចក្រ​យ៉ាង​ដូចម្តេច ? ( ទោះ​ជា​សិស្ស​អាច​ប្រើ​ពាក្យ​ផ្សេង ប៉ុន្តែ​ពួកគេ​គួរ​តែ​ស្គាល់​សេចក្ដីពិត​ដូច​ខាង​ក្រោម ៖ ប្រធាន​សាសនាចក្រ​មាន​សិទ្ធិអំណាច​គ្រប់គ្រង​ពិធីបរិសុទ្ធ និង​ពរជ័យ​ទាំងអស់ ហើយ​ធ្វើ​ជា​អធិបតី​លើ​សាសនាចក្រ​ទាំងមូល ។ សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​សរសេរ​គោលការណ៍​នេះ​នៅលើ​ក្ដារខៀន ) ។

អ្នក​អាច​ពន្យល់​ពាក្យ​មួយ​ចំនួន​នៅក្នុង ខ ៩២ ឲ្យ​បាន​ច្បាស់​ជាមួយ​នឹង​និយមន័យ​ខាងក្រោម​មក​ពី​អែលឌើរ ចន អេ វីតសូរ​នៃ​កូរ៉ុម​នៃ​ពួក​សាវក​ដប់ពីរ​នាក់ ៖

រូបភាព
អែលឌើរ ចន អេ វិតសូ

« ព្យាការី​គឺជា​គ្រូបង្រៀន​អំពី​សេចក្ដីពិត​ម្នាក់ ជាអ្នកមើលឆុត​គឺជា​អ្នកយល់ដឹង​ដោយ​ញាណ​នូវ​សេចក្ដីពិត​ដែល​អាថ៌កំបាំង ជាអ្នកទទួល​វិវរណៈ​គឺជា​អ្នកទទួល​នូវ​សេចក្ដីពិត​ថ្មី ។ តាមន័យ​ដ៏​ទូលំទូលាយ ជា​ពាក្យ​ដែល​គេ​ប្រើ​យ៉ាងច្រើន​បំផុត គឺងារ​ព្យាការី​រួម​បញ្ចូល​ទាំង​ងារ​ផ្សេង​ទៀត » ( Evidences and Reconciliations, arr. G. Homer Durham, វ៉ុល ៣ នៅ​ក្នុង ១ [ ឆ្នាំ ១៩៦០ ] ទំព័រ ២៥៨ ) ។

សូម​បង្ហាញ​រូបភាព​មួយ​របស់​ព្យាការី​បច្ចុប្បន្ន​នៃសាសនាចក្រ ។

  • តើ​អ្នក​ត្រូវបាន​ប្រទាន​ពរជ័យ​តាមរបៀប​ណា​ខ្លះ​តាមរយៈ​សិទ្ធិ​អំណាច​បព្វជិតភាព ដែល​ត្រូវបាន​កាន់​ដោយ​ប្រធាន​នៃ​សាសនាចក្រ ?

សូម​ឲ្យ​សិស្ស​ម្នាក់​អាន គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៧:៩៩-១០០ ដោយស្ងៀមស្ងាត់ ។

  • ស្របតាម​ខគម្ពីរ​ទាំងនេះ តើ​យើងត្រូវ​ធ្វើ​អ្វី​ខ្លះ ដើម្បី​នឹង​ឈរដោយសក្តិ​សមនៅចំពោះ​ព្រះ​អម្ចាស់ ? ( សិស្ស​អាច​ប្រើ​ពាក្យ​ខុសៗគ្នា ប៉ុន្ដែ​ពួកគេ​គួរតែ​រកឃើញ​គោលការណ៍​ខាង​ក្រោម​នេះ ៖ ដើម្បី​ឈរដោយ​សក្តិសម​នៅចំពោះ​ព្រះអម្ចាស់ យើង​ត្រូវតែ​រៀន​ពី​កាតព្វកិច្ច​របស់​យើង ហើយ​ប្រតិបត្តិ​ដោយសេចក្តី​ឧស្សាហ៍គ្រប់​ជំពូក​ដើម្បី​បំពេញ​កាតព្វកិច្ច​នោះ​) ។

ទោះបី​ជា​ខគម្ពីរ​ទាំង​នេះ​និយាយ​ដោយ​ផ្ទាល់​ចំពោះ​អ្នក​កាន់​បព្វជិតភាព​ក្តី ក៏គោលការណ៍​ដែល​ខគម្ពីរ​នេះ​បង្រៀន​អនុវត្ត​ចំពោះ​សមាជិក​សាសនាចក្រ​គ្រប់​រូបផងដែរ ។

សូម​ចែក​សិស្ស​ជា​គូៗ ។ សូម​អញ្ជើញពួកគេ​ឲ្យ​ពិភាក្សា​ពី​សំណួរ​ខាងក្រោម ។ សូម​អាន​សំណួរ​មួយ​ម្តងៗ ឬ សរសេរ​វា​នៅលើ​ក្ដារខៀន ។

  • តើ​អ្នក​ធ្លាប់​បាន​ទទួល​ពរ​មក​ពី​ការ​បម្រើ នៃ​សមាជិក​សាសនាចក្រ​ម្នាក់​ដែល​បំពេញ​កាតព្វកិច្ច​របស់​គាត់​ដោយ​ឧស្សាហ៍​ព្យាយាម​ដែល​ឬ​ទេ ?

  • តើ​អ្នក​កំពុង​ធ្វើ​អ្វី​ខ្លះ​ដើម្បី​រៀន​ពី​កាតព្វកិច្ច​របស់អ្នក ហើយ​ប្រតិបត្តិ​ដោយសេចក្តី​ឧស្សាហ៍គ្រប់​ជំពូក​ដើម្បី​បំពេញ​កាតព្វកិច្ច​នោះ ?

សូម​ផ្ដល់​ឱកាស​ដល់​សិស្ស ដើម្បីថ្លែង​ទីបន្ទាល់​អំពី​សារៈសំខាន់​នៃ​ការធ្វើ​កាតព្វកិច្ច​របស់​ខ្លួន​នៅក្នុង​សាសនាចក្រ និង ក្រុមគ្រួសារ ។

គោលលទ្ធិ និង សេចក្ដីសញ្ញា ១០៨:៤-៨

ព្រះអម្ចាស់​ប្រទានព្រះ​ឱវាទ និង ការសន្យា​ដល់​ឡៃម៉ាន ស៊ើម៉ាន

សូម​រំឭក​សិស្ស​ថា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៨ មាន​នូវ​វិវរណៈ​មួយ​អំពី​ព្រះឆន្ទៈ​របស់​ព្រះអម្ចាស់​ចំពោះឡៃម៉ាន ស៊ើម៉ាន ដែល​បានមក​ជួប​ព្យាការី​យ៉ូសែប ស្ម៊ីធ ហើយ​ស្នើសុំ​ចង់ដឹង​បន្ថែម​ទៀត​ទាក់ទង​នឹង​កាតព្វកិច្ច​របស់​ខ្លួន ។

សូម​អញ្ជើញ​សិស្ស​ម្នាក់ឲ្យ​អាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៨:៧-៨ ឲ្យឮៗ ។ សូម​ឲ្យ​សិស្ស​ក្នុង​ថ្នាក់​ផ្ទៀង​តាម រកមើល​ការណែនាំ​របស់​ព្រះអម្ចាស់ដែល​បានប្រទាន​ដល់ឡៃម៉ាន ។ សូម​ឲ្យ​សិស្ស​រាយការណ៍​ពី​អ្វី​ដែល​ពួកគេ​រកឃើញ ។ អ្នក​ត្រូវ​ពន្យល់​ថា សេចក្តីដាស់តឿន គឺ​ជា​ពាក្យ​ទូន្មាន ឬ ការលើក​ទឹកចិត្ត ។

  • តើ​ព្រះអម្ចាស់​បានចង់​ឲ្យ​ឡៃម៉ាន ស៊ើម៉ាន​ពង្រឹង​បងប្អូន​ប្រុស​របស់​ខ្លួន​តាមរបៀប​ណា​ខ្លះ ?

សូម​ឲ្យ​សិស្ស​ស្វែងរក​គោលការណ៍​មួយ​ពី​ការណែនាំ​របស់​ព្រះអម្ចាស់​ចំពោះ ឡៃម៉ាន​នៅក្នុង ខ ៧–៨? ពួកគេ​អាច​រកឃើញ​គោលការណ៍​ផ្សេងៗ រួម​មាន​ដូច​ខាង​ក្រោម​នេះ ៖ យើង​ត្រូវ​ពង្រឹង​មនុស្ស​ដទៃ​តាម​គ្រប់​វាចា និង ការប្រព្រឹត្តិ​របស់​អ្នក ។ ( អ្នក​អាច​ផ្ដល់​យោបល់ដល់​សិស្សឲ្យ​គូស​ចំណាំគោលកាណ៍​នេះ​នៅក្នុង​ព្រះគម្ពីរ​របស់​ពួកគេ ) ។

  • តើ​អ្នក​អាច​ពង្រឹង​ដល់​អ្នកដែល​នៅជុំ​វិញ​ខ្លួន​របស់​អ្នក តាម​វាចា​របស់​អ្នក​យ៉ាង​ដូចម្តេច ?

  • តើ​អ្នក​អាច​ពង្រឹង​ដល់​អ្នក​ដែល​នៅជុំ​វិញ​ខ្លួន​របស់​អ្នក តាម​ការប្រព្រឹត្ត​របស់​អ្នក​យ៉ាង​ដូចម្តេច ?

​សូម​ឲ្យ​សិស្សពិពណ៌នា​ពី​បទពិសោធន​មួយ​ដែល​ពួកគេ​មាន នៅពេល​នរណាម្នាក់​បាន​ពង្រឹង​ពួកគេ​តាមរយៈ​ការធ្វើ​ទង្វើ​មួយ​ដែល​បាន​កត់ត្រា​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ១០៨ ។ សូម​គិតពីការចែកចាយនូវ​បទពិសោធន៍​ផ្ទាល់ខ្លួន​អ្នក ។ សូមអញ្ជើញ​សិស្ស​គិត​ពី​មនុស្ស​ម្នាក់​ដែល​ពួកគេពង្រឹង​នៅ​ថ្ងៃ​នេះ និង ទង្វើ​ជាក់​លាក់​មួយ​ដែលពួកគេ​នឹង​យក​ទៅ​ធ្វើ ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩-១១២)

ដើម្បី​ជួយ​សិស្ស​រៀបចំ​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ១០៩–១១២, សូម​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ពី​សំណួរ​ខាង​ក្រោម ៖ ហេតុអ្វី​បាន​ព្រះវិហារ​បរិសុទ្ធ​សំខាន់ ? តើ​អ្នក​ធ្លាប់​ចូលរួម​ការ​ឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ដែល​ឬ​ទេ ? សូម​ពន្យល់​ថា​នៅក្នុង​មេរៀន​បន្ទាប់ ពួកគេ​នឹង​រៀន​អំពី​ការឧទ្ទិស​ឆ្លង​ព្រះវិហារ​បរិសុទ្ធ​ខឺត​ឡង់ ។ ពួកគេ​នឹង​រៀន​បន្ថែម​ទៀត​អំពី​អ្វី​ដែល​បាន​កើត​ឡើង និង នរណា​ដែល​បាន​បង្ហាញ​ខ្លួន​នៅទីនោះ និង របៀប​ដែល​អ្វី​ដែល​បាន​បើក​សម្តែង​នៅ​ទីនោះអាច​ប្រទាន​ពរ​ដល់​ពួកគេ និង ក្រុមគ្រួសារ​របស់​ពួកគេ​ជារៀង​រហូត ។