ថ្នាក់​សិក្ខាសាលា
មេរៀន​សិក្សា​នៅផ្ទះ ៖ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤-៨៧ ( មេរៀន​ទី ១៨ )


មេរៀន​សិក្សា​នៅ​ផ្ទះ

គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤-៨៧ ( មេរៀន​ទី ១៨ )

ការរៀបចំ​សម្ភារសម្រាប់គ្រូបង្រៀនដល់សិស្សដែលសិក្សានៅផ្ទះ

សេចក្ដីសង្ខេបនៃមេរៀនសិក្សានៅផ្ទះប្រចាំថ្ងៃ

ខាង​ក្រោម នេះ​គឺ​ជា​សេចក្តីសង្ខេប​នៃគោលលទ្ធិ និង​គោលការណ៍​ដែល​សិស្ស​បាន​រៀន នៅពេល​ពួកគេ​បាន​សិក្សា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤-៨៧ ( មេរៀន​ទី ១៨ ) មិន​មែន​ត្រូវយក​មក​បង្រៀន​ជា​ផ្នែក​នៃ​មេរៀន​របស់​អ្នក​នោះ​ទេ ។ មេរៀន​ដែល​អ្នក​បង្រៀនផ្ដោត​លើ​គោលលទ្ធិ និង គោលការណ៍​តែពីរបី​ទាំង​នេះប៉ុណ្ណោះ ។ សូម​ធ្វើ​តាម​ការបំផុស​គំនិត​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ នៅពេល​អ្នក​គិត​ពី​តម្រូវការរបស់សិស្ស ។

ថ្ងៃទី ១ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:១-៤២)

សិស្ស​បាន​សិក្សា​ពី​វិវរណៈ​មួយ​អំពី​ព្រះវិហារ​បរិសុទ្ធ ដែល​ត្រូវបាន​សាងសង់​ឡើង​នៅក្នុង​ទីក្រុង​យេរ៉ូសាឡិមថ្មី ហើយ​ពួកគេ​ក៏​បាន​អាន​ផងដែរ​អំពី​កិច្ចខិតខំរបស់​ម៉ូសេ ដើម្បី​រៀបចំ​ប្រជាជន​របស់​លោក​ឲ្យ​ចូល​ទៅក្នុង​វត្តមាន​របស់​ព្រះ ។ សិស្ស​បាន​រៀន​គោលការណ៍​ខាង​ក្រោម ៖ ដើម្បី​ប្រែក្លាយ​ដូច​ជា​ព្រះ ហើយ​រស់នៅ​ក្នុង​វត្តមាន​របស់​ទ្រង់​បាន នោះ​យើង​ត្រូវតែ​ទទួល​ពិធីបរិសុទ្ធ​នានា​នៃ​បព្វជិតភាព​មិលគីស្សាដែក ហើយ​ប្រសិនបើ​អស់​អ្នក​ដែល​បាន​ទទួល​បព្វជិតភាព​តម្កើង​ការហៅបម្រើ​របស់​ខ្លួន នោះ​ព្រះនឹង​ញែក​ពួកគេ​ចេញ​ឲ្យបានបរិសុទ្ធ ហើយ​ប្រទាន​ដល់ពួកគេ​នូវអ្វីៗ​ទាំងអស់​ដែលទ្រង់​មាន ។

ថ្ងៃទី ២ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨៤:៤៣-១២០)

នៅក្នុង​មេរៀន​នេះ​សិស្ស​បាន​រៀន​អំពី​គោលការណ៏​ពីរ ដែល​អាច​ជួយ​ពួកគេ​ឲ្យ​ត្រឡប់​ទៅ​ក្នុង​វត្តមាន​របស់​ព្រះវិញ៖ ប្រសិនបើ​យើង​ព្យាយាម​ស្តាប់​តាម​ព្រះបន្ទូល​របស់​ព្រះ នោះ​យើង​នឹង​ត្រូវបានបំភ្លឺ​ដោយ​ព្រះវិញ្ញាណ​នៃ​ព្រះគ្រីស្ទ ហើយ​ប្រសិន​បើ​យើង​ស្តាប់​តាម​ព្រះវិញ្ញាណ​នៃ​ព្រះយេស៊ូវគ្រីស្ទ នោះយើង​នឹង​អាច​ទៅកាន់​ព្រះវរបិតា ។ សិស្ស​ក៏​បានរៀន​ផងដែរ​ថា​ដួងចិត្ត​របស់​យើង​នឹង​ត្រូវក្លាយ​ជា​ងងឹត ហើយ​យើង​នឹង​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ក្រោម​ការកាត់ទោស ប្រសិន​បើ​យើង​ចាត់ទុក​ព្រះបន្ទូល​នៃព្រះ​គ្មានប្រយោជន៍​នោះ ។ ព្រះឱវាទ​ឲ្យ​សិក្សា​ព្រះគម្ពីរ​ដោយ​ស្មោះត្រង់ ហើយ​រស់នៅតាម​អ្វី​ដែល​ពួកគេ​រៀន​ក៏​ត្រូវបានបញ្ជាក់​ម្តង​ទៀត​នៅក្នុង​មេរៀន​នេះ ។ លើសពីនោះ​ទៀត សិស្ស​បាន​រៀន​ថា​ពួក​បរិសុទ្ធ​ថ្ងៃ​ចុងក្រោយ​គ្រប់រូបមាន​ទំនួលខុសត្រូវ ដើម្បីធ្វើ​នូវ​ចំណែក​របស់​ខ្លួន ក្នុង​ការជួយ​ឲ្យ​ដំណឹង​ល្អឆ្ពោះ​ទៅកាន់​ពិភពលោក​ទាំងមូល ។

ថ្ងៃ​ទី ៣ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨៥-៨៦)

នៅក្នុង​មេរៀន​នេះ​សិស្ស​បាន​ពិចារណា​អំពី​សារៈសំខាន់​នៃ​កំណត់ត្រា​របស់​សាសនាចក្រ ។ ពួកគេ​បានរៀន​ថា ប្រសិន​បើ​យើងរស់នៅ​តាម​ក្រឹត្យវិន័យ​នៃ​ព្រះ នោះ​ឈ្មោះ​របស់​យើង​នឹង​ត្រូវ​បាន​សរសេរ​នៅក្នុង​កំណត់ត្រានៃ​សាសនាចក្រ​ក្នុងនាមជា​សមាជិក​ស្មោះត្រង់ ។ សិស្ស​ក៏​ទទួល​បាន​នូវ​ការយល់ដឹង​បន្ថែម​ទៀត​ផងដែរ​នៅក្នុង​ការប្រៀបធៀប​រវាង​ស្រូវ​សាលី និង ដើម​ស្រងែ ព្រមទាំង​បាន​ឃើញថា​ព្រះអម្ចាស់​នឹង​ប្រមូល​ពួកសុចរិត​អំឡុង​ពេល​ថ្ងៃ​ចុង​ក្រោយ ហើយ​បំផ្លាញ​ពួក​ទុច្ចរិត​នៅក្នុងការ​យាងមក​ជា​លើក​ទីពីរ​របស់ទ្រង់ ។ ក្រៅពី​នោះសិស្ស​បាន​រៀន​ថា យើងអាច​នាំ​សេចក្ដីសង្គ្រោះ​ដល់អ្នកដទៃ​ដោយ​ការ​ជួយពួកគេ​ឲ្យ​ទទួលពរជ័យ​នៃដំណឹង​ល្អ ។

ថ្ងៃ​ទី ៤ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧)

សិស្ស​បាន​សិក្សា​ការព្យាករ​របស់​ព្យាការី​យ៉ូសែប ស្ម៊ីធ​ទាក់ទង​នឹង​សង្គ្រាម​នៅក្នុង​ថ្ងៃ​ចុងក្រោយ ហើយ​បាន​រៀន​ថា ព្រះអម្ចាស់​អាច​បើក​សម្ដែង​អំពី​អនាគត​កាល​ដល់​យើង តាមរយៈ​ពួកព្យាការី​របស់​ទ្រង់ ។ សិស្ស​ក៏​បាន​រៀន​ផងដែរ​ថា ព្រះបន្ទូល​របស់​ព្រះអម្ចាស់​តាមរយៈ​ព្យាការី​យ៉ូសែប ស្ម៊ីធ ត្រូវបាន​បំពេញ និង អំពី​របៀប​ដែល​ព្រះបន្ទូល​ទាំង​នោះ​ត្រូវបាន​បំពេញ ។ ពួកគេ​ក៏គិត​ផងដែរ​ពី​សារៈសំខាន់​នៃ​ការ​ឈរ​នៅទីបរិសុទ្ធ​នានា ហើយ​កុំរើ​ឡើយ​រហូត​ដល់ព្រះ​អម្ចាស់​យាងមក ។

សេចក្តីផ្ដើម

មេរៀន​នេះ​នឹង​ជួយ​សិស្ស​ឲ្យ​យល់ និង ពន្យល់​កាន់តែ​ច្រើន​អំពី​គោលលទ្ធិ​នៃ​បព្វជិតភាព ។ មេរៀន​នេះក៏​ផ្តល់​ឱកាស​ឲ្យ​សិស្ស​ចែកចាយ​នូវ​អ្វី​ដែល​ពួកគេ​បាន​រៀន​នៅសប្តាហ៍​នេះ ពី​ការសិក្សា​របស់​ពួកគេស្តី​ពី​របៀប​ដែល​ពួកយើង​អាច​ធ្វើ​កាន់តែ​ប្រសើរ​ឡើង ក្នុង​នាម​ឧបករណ៍​នៃ​ព្រះ ហើយ​តម្កើង​បព្វជិតភាព​របស់​យើង ។

យោបល់​សម្រាប់​ការបង្រៀន

កំណត់ចំណាំ ៖ នៅក្នុង​ការរៀបចំ​សម្រាប់​មេរៀន​នេះ សូម​អញ្ជើញ​សិស្ស​ម្នាក់​ឲ្យ​យក​ក្រដាស​តំណនៃសិទ្ធិអំណាច​បព្វជិតភាព​មក​កាន់​ថ្នាក់​រៀន ( ជា​របស់​សមាជិក​គ្រួសារ ឬ ប្រហែល​ជា​របស់​ផ្ទាល់​ខ្លួន​ពួកគេ ) ។ ក្រដាសក្រដាស​តំណ​នៃសិទ្ធិអំណាច​បព្វជិតភាព​ផ្ទាល់ខ្លួន​របស់​សមាជិក​ម្នាក់ អាចទទួល​បាន​ពី​កំណត់ត្រា​សមាជិក និង ស្ថិតិ​នៃ​សាសនាចក្រ​ដោយ​អ៊ីម៉ែល​ស្នើសុំទៅ lineofauthority@ldschurch.org ជាមួយ PLA នៅក្នុង​បន្ទាត់​នៃ​ប្រធាន​បទ ។ សារឆ្លើយតប​ដោយ​ស្វ័យ​ប្រវត្តិមួយ​នឹង​ផ្ញើ​ទម្រង់​បែបបទ​មួយ​ដើម្បី​បំពេញ ហើយ​បញ្ជូន​ត្រឡប់​ទៅវិញ ។

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៤

ព្រះអម្ចាស់​ស្គាល់តំណបព្វជិតភាព​របស់​ម៉ូសេ

សូម​ជួយ​សិស្ស​ឲ្យ​រំឭកពីសារព័ន្ធសព្ទ​មួយ​ចំនួន​ដែល​ពួកគេ​បាន​រៀន​នៅ​សប្តាហ៍​នេះ ដោយ​ចែកសិស្ស​ជាគូៗ ។ ក្នុង​ដៃគូ​និមួយៗ សូម​ឲ្យ​សិស្ស​ម្នាក់បែរ​ចេញ​ពី​ក្តារខៀន ដើម្បីគាត់​ពុំ​អាច​ឃើញ​វា​ឡើយ ។ សូម​ពន្យល់​ថា​អ្នក​នឹង​សរសេរ​ពាក្យ​គន្លឹះ ឬ ឃ្លា​មួយ​នៅលើ​ក្តារខៀន​ទាក់ទង​នឹង​គោលលទ្ធិ​គ្រឹះ​នៃ​ដំណឹង​ល្អ ។ សិស្ស​ដែល​កំពុង​មើល​ទៅ​ក្តារខៀន​នឹង​ផ្តល់​និយមន័យ ឬ ពិពណ៌នា​ពាក្យគន្លឹះ ឬ ឃ្លា​នោះ​ស្ងាត់ៗ​ដល់​ដៃគូ​របស់​ខ្លួន ហើយ​ដៃគូ​របស់​គាត់​នឹង​ទាយ​ពី​ពាក្យ ឬ ឃ្លា​នោះ ។ ក្រោយមក​សិស្ស​នឹង​ផ្លាស់ប្តូរ​តួនាទី​គ្នា ហើយ​អ្នក​អាច​បន្ត​សកម្មភាពនេះដោយសរសេរពាក្យ ឬ ឃ្លា​ថ្មី​មួយនៅលើ​ក្តារខៀន ។

សូម​ចាប់ផ្ដើមសកម្មភាព ហើយ​សរសេរ​ពាក្យ បព្វជិតភាព នៅលើ​ក្តារខៀន ។ នៅពេល​សិស្ស​បាន​រកឃើញ​ពាក្យ​នេះ សូម​បន្ត​សកម្មភាព​នេះ​ដោយ​ប្រើពាក្យ និង ឃ្លា​ខាង​ក្រោម​នេះ ៖ ពិធីបរិសុទ្ធ បព្វជិតភាពអើរ៉ុន សេចក្តីសញ្ញា បព្វជិតភាពមិលគីស្សាដែក ពិធីបរិសុទ្ធ​នៃ​សេចក្តី​សង្គ្រោះ ។ ( ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​មាន​ប្រយោជន៍ អ្នក​អាច​ចង់​ឈប់​បន្ទាប់​ពីសិស្ស​បាន​រកឃើញ​ពាក្យ ឬ ឃ្លា​គន្លឹះ​នោះ ហើយ​រំឭកខ្លីៗ​ពី​និយមន័យ​របស់​វា​ជាមួយ​សិស្ស​ក្នុង​ថ្នាក់ ។ និយមន័យ​ខ្លីៗ​សម្រាប់​ពាក្យ​មួយ​ចំនួន​នេះ​មាន​នៅក្នុង​សកម្មភាព​ផ្គូរផ្គង​នៅក្នុង​មេរៀន​ទៅ ១៨ ៖ ថ្ងៃ​ទី ១ នៅក្នុង​សៀវភៅ​មគ្គុទេសន៍​ការសិក្សា​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សា​នៅ​ផ្ទះ ។ សម្រាប់​ការពន្យល់​កាន់តែ​ស៊ីជម្រៅ​សូមមើល « បព្វជិតភាព និង កូនសោ​បព្វជិតភាព » ឬ « ពិធី​បរិសុទ្ធ និង សេចក្តីសញ្ញា » នៅក្នុង​វគ្គ​គោលលទ្ធិ​គ្រឹះ​នៃ​ឧបសម័្ពន្ធនៅ​ចុងបញ្ចប់​នៃ​សៀវភៅ​សិក្សា​នេះ ) ។ បន្ទាប់​ពី​សកម្មភាព​បាន​ចប់​ហើយ សូម​សួរ​សំណួរ​ខាង​ក្រោម ៖

  • តើ​ពិធីបរិសុទ្ធ​ណា​មួយ​នៃ​ដំណឹង​ល្អ​គឺ​ជា​ពិធីបរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ ? ( នៅពេល​សិស្ស​ឆ្លើយ សូម​សរសេរ​ពិធី​បរិសុទ្ធខាង​ក្រោម​នេះ​នៅលើ​ក្តារខៀន ៖ បុណ្យ​ជ្រមុជទឹក ពិធីបញ្ជាក់ ការប្រគល់​បព្វជិតភាពមិលគីស្សាដែក [ សម្រាប់​បុរស ] អំណោយទានពិសិដ្ឋ​នៃ​ព្រះវិហារ​បរិសុទ្ធ, និង ការផ្សារភ្ជាប់​នៅក្នុង​ព្រះវិហារ​បរិសុទ្ធ) ។

សូម​ពន្យល់​ថា គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤ បង្រៀន​ថា​បំណង​ប្រាថ្នា​របស់​ព្យាការី​ម៉ូសេ គឺ​ជួយ​មនុស្ស​ដទៃ​ទៀត​ឲ្យ​ខិតកាន់តែ​ជិត​ព្រះ​តាមរយៈ​ពិធី​បរិសុទ្ធ​នៃ​សេចក្តីសង្គ្រោះ​នៃ​បព្វជិតភាព ។ សូមអញ្ជើញសិស្ស​ឲ្យ​មើល គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៦-១៧ ចុះឡើង ដើម្បី​រក​ឲ្យ​ឃើញពី​របៀប​ដែល​ម៉ូសេ​អាច​ប្រដេញ​រក​សិទ្ធិអំណាច​បព្វជិតភាព​របស់លោក​រហូតដល់អ័ដាម​ដែលជា​អ្នកដែល​បាន​ទទួល​វា​មក​ពី​ព្រះ ។

  • តើ​អ្នក​រៀន​អ្វី​ខ្លះអំពី​បព្វជិតភាពមក​ពី​ខគម្ពីរ​ទាំងនេះ ? ( សិស្ស​អាច​រកឃើញ​គោលការណ៍​ផ្សេងៗ​គ្នា ប៉ុន្តែ​ត្រូវគូសបញ្ជាក់ឲ្យ​បា្រកដនូវចំណុច​ខាង​ក្រោម​នេះ ៖ បព្វជិតភាព​មក​ពី​ព្រះ ហើយ​ត្រូវបាន​ប្រគល់​ឲ្យ​តាមរយៈ​ការដាក់ដៃ​លើ​ដោយ​អស់​អ្នក​ដែល​នៅក្នុង​សិទ្ធិ​អំណាច​នោះ) ។

ត្រង់​ចំណុច​នេះ​នៃ​មេរៀន សូម​អញ្ជើញ​សិស្ស​ឲ្យបង្ហាញ​គំរូ​នៃ​ខ្សែស្រឡាយ​នៃសិទ្ធិអំណាច​ដោយ​អាន​វា​ក៏​បាន ឬ សរសេរ​វានៅក្តារខៀន​ក៏​បាន ។ សូមជួយសិស្ស​ឲ្យ​យល់​ថា តំណនៃ​សិទ្ធិអំណាច​បព្វជិតភាព​បង្ហាញ​ពី​សិទ្ធិអំណាច​បព្វជិតភាពដែល​ត្រូវ​បាន​ប្រគល់ឲ្យ ពីសំណាក់អ្នក​កាន់បព្វជិតភាព​ម្នាក់​ទៅ​ដល់​ម្នាក់ទៀត ចាប់តាំង​ពី​ព្រះយេស៊ូវ​គ្រីស្ទ​ទៅ​ឲ្យ​អ្នកកាន់បព្វជិតភាព​នាសព្វថ្ងៃនេះ ។

  • ហេតុអ្វី​អ្នកគិត​ថា​វា​សំខាន់​ដែល​អ្នក​កាន់​បព្វជិតភាព​អាចប្រដេញ​រកសិទ្ធិអំណាច​បព្វជិតភាព​របស់​ខ្លួន​រហូត​ដល់​ព្រះវិញ​ដូច្នេះ ? ( សូម​មើល ហេព្រើរ ៥:៤ ) ។

  • តើ​អ្នក​ធ្លាប់​មានបទពិសោធន៍​អ្វីខ្លះ​ដែល​បាន​ពង្រឹង​ដល់​ទីបន្ទាល់​របស់​អ្នក​អំពី​បព្វជិតភាព ។

សូម​ឲ្យ​សិស្ស​ពីរបីនាក់​ឆ្លាស់​វេន​គ្នា​អានសម្បថ និង សេចក្តីសញ្ញា​នៃ​បព្វជិតភាព​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៤:៣៣-៤៤ឲ្យ​ឮៗ ។

  • តើ​ព្រះអម្ចាស់សន្យា​អ្វីខ្លះ​ចំពោះ​អ្នកទាំងឡាយ​ដែល​ទទួលបព្វជិតភាព ហើយ​តម្កើង​ការហៅ​របស់​ខ្លួន ? ( សិស្ស​គួរ​តែ​រកឃើញ​គោលការណ៍​ខាង​ក្រោមនេះ ៖ ប្រសិន​បើ​អ្នកទាំងឡាយណា​ដែល​ទទួលបព្វជិតភាព តម្កើង​ការ​ហៅ​របស់ខ្លួន នោះ​ព្រះនឹង​ញែក​ពួកគេ​ចេញ ហើយ​ប្រទាន​ដល់ពួកគេ​នូវអ្វីៗ​ទាំងអស់​ដែលទ្រង់​មាន) ។

  • តើ​មានវិធីមួយចំនួន​ណាខ្លះ ដែល​អ្នក​កាន់បព្វជិតភាព​អើរ៉ុន​តម្កើង​ការ​ហៅ​របស់ពួកគេ​ក្នុង​បព្វជិតភាព ?

  • តើ​នៅពេល​ណា​ដែល​អ្នក​ត្រូវបាន​ប្រទាន​ពរ​ដោយសារ​អ្នកកាន់បព្វជិតភាព​ម្នាក់បាន​តម្កើង​ការហៅ​របស់​ខ្លួន ?

ដើម្បី​ជួយ​សិស្ស​ឲ្យចែកចាយ​ការយល់​ដឹង​មួយ​ចំនួន​ដែល​ពួកគេ​បាន​ទទួល​អំឡុង​ពេល​ការសិក្សា​របស់​ពួកគេ​នៅ​សប្តាហ៍​នេះ អ្នក​អាច​សួរ​សំណួរ​មួយ​ចំនួន ឬ ទាំងអស់​ខាងក្រោម​នេះ ៖ (កំណត់ចំណាំ ៖ នៅពេល​អ្នក​រៀបចំ​ផ្នែក​នេះ​នៃ​មេរៀន អ្នក​អាច​រំឭក​ឡើង​វិញ​នូវ​ថ្ងៃ​ទី ២ នៃ​មេរៀន​នៅក្នុង​សៀវភៅ​មគ្គុទេសន៍​ការសិក្សា​សម្រាប់​សិស្ស​ថ្នាក់​សិក្ខាសាលា​ដែល​សិក្សា​នៅ​ផ្ទះ ) ។

  • តើ​អ្នក​បាន​រៀន​អ្វី​ខ្លះ​អំពី​សារៈសំខាន់​នៃ​ការព្យាយាម​ស្ដាប់​ព្រះបន្ទូល​របស់​ព្រះ ? ( សូម​មើល គ. និង ស. ៨៤:៤៣-៤៥, ៥៤-៥៨ ) ។

  • តើ​ការសិក្សា​ព្រះគម្ពីរ​ដោយ​ស្មោះត្រង់ និង ការអនុវត្តតាម​ព្រះបន្ទូល​នៃ​ព្រះ​បាន​ធ្វើ​ឲ្យ​ជិវិត​របស់​អ្នក​ផ្លាស់ប្តូរ​យ៉ាង​ណា​ខ្លះ ?

  • តើ​យើងមានទទួល​ខុសត្រូវ​អ្វីខ្លះចំពោះ​មនុស្សនៅលើ​ពិភពលោក​នេះ ។​ ( សូម​មើល គ. និង ស. ៨៤:៦១-៦២, ៨៥-៨៨) ។

  • តើ​អ្នក​អាច​ជួយ​បំពេញ​ករណីកិច្ច​ដើម្បី​នាំ​យក​ដំណឹង​ល្អ​ទៅ​កាន់​ពិភពលោក​ទាំង​មូល​ដោយ​របៀប​ណា ?

គោលលទ្ធិ និង សេចក្តី​សញ្ញា ៨៧

យ៉ូសែប ស្ម៊ីធព្យាករ​ថា​សង្គ្រាម​នឹង​ចាក់​ស្រោច​មក​លើ​គ្រប់ជាតិ​សាសន៍​ទាំងអស់

​សូម​ឲ្យ​សិស្សសង្ខេប​ពីអ្វី​ដែល​ពួក​គេ​បាន​រៀន​អំពី​ការព្យាករ​ដែល​មាន​នៅក្នុង គោល​លទ្ធិ និង សេចក្ដី​សញ្ញា ៨៧ ។

  • តើ​ការសិក្សា​របស់​អ្នក​អំពីវិវរណៈ​នេះបាន​ពង្រឹង​សេចក្តីជំនឿ​ដែល​ថា​ព្រះអម្ចាស់​អាច​បើក​សម្ដែង​ព្រឹត្តិការណ៍​នា​អនាគត​តាមរយៈ​ពួកព្យាការី​របស់​ទ្រង់​ដោយ​របៀប​ណា ?

  • តើ គោលលទ្ធិ និង សេចក្តីសញ្ញា ៨៧ ពង្រឹង​ទីបន្ទាល់​របស់​អ្នក​ថា​យ៉ូសែប ស្ម៊ីធ​គឺ​ជា​ព្យាការីពិត​យ៉ាង​ដូចម្តេច ?

សូមបញ្ជាក់ថា​គ្រប់ការព្យាករណ៍​នៅក្នុង គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧ ត្រូវ​បាន ឬ នឹង​ត្រូវ​បាន​បំពេញ ។ សូម​អញ្ជើញសិស្ស​ឲ្យអាន គោលលទ្ធិ និង សេចក្ដី​សញ្ញា ៨៧:៨ ដើម្បី​រៀនអំពី​អ្វី​ដែលព្រះ​បាន​ដឹកនាំ​យើង​ឲ្យ​ធ្វើ​ដូច្នោះ ដែល​យើង​នឹង​បាន​ត្រៀម​ខ្លួន​សម្រាប់​សង្គ្រាម និង គ្រោះ​មហន្ដរាយ​ដែលនឹង​កើត​មានចំពោះ​ផែនដី​នៅថ្ងៃ​ចុង​ក្រោយ ។

  • តើ​ព្រះ​អម្ចាស់​បាន​បញ្ជា​យើងឲ្យ​ធ្វើ​អ្វីខ្លះ ? ( សូម​ជួយ​ពួកគេរកឃើញគោលការណ៍​ខាង​ក្រោម​នេះ ៖ យើង​ត្រូវ​ឈរ​នៅទីបរិសុទ្ធ ហើយ​កុំរើ​ចេញឡើយ​រហូត​ដល់ព្រះអម្ចាស់​យាងមក) ។

  • តើ​ទីបរិសុទ្ធ​មួយចំនួន​ណា​ខ្លះ​ដែល​អាច​ផ្ដល់​សេចក្ដីសុខសាន្ដ និង សុវត្ថិភាព​ដល់​យើង​នោះ ?

  • តើ​អ្នក​មានអារម្មណ៍ថា​ត្រូវ​បាន​ប្រទានពរ​ឲ្យ​សេចក្ដីសុខសាន្ដ និង សុវត្ថិភាព​ដោយការឈរ​នៅទី​បរិសុទ្ធ​យ៉ាង​ដូចម្ដេច ?

សូម​បញ្ចប់មេរៀន​នេះ ដោយថ្លែងទីបន្ទាល់អំពី​សេចក្ដីពិត​ដែលអ្នក​បាន​ពិភាក្សា ។

មេរៀន​បន្ទាប់ (គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨-៨៩)

ដើម្បី​រៀបចំ​សិស្ស​សម្រាប់​ការសិក្សា​របស់​ខ្លួន​នៅក្នុង គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨-៨៩, អ្នក​អាច​អញ្ជើញ​ពួកគេ​ឲ្យ​ពិចារណា​ពី​សំណួរ​ខាង​ក្រោម ៖ តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា​ឯកោ ឬ ព្រួយ​បារម្ភ​ថា​ព្រះវរបិតាសួគ៌​ពុំ​ជ្រាបដឹង​ពី​កាលៈទេសៈ ឬ សេចក្តីត្រូវការ​ផ្ទាល់​ខ្លួន​របស់​អ្នក​ដែរ​ឬ​ទេ ? នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៨, សូម​ស្វែងរកចម្លើយ​របស់​ព្រះអម្ចាស់​ចំពោះ​អារម្មណ៍​បែប​នោះ ។ តើ​ពាក្យ « អំពើ​អាក្រក់ទាំងឡាយ និង ផែនការ​ទាំងឡាយ…ដែល​មាន​នៅក្នុង​ដួងចិត្ត​មនុស្សដែល​រួម​គំនិត​ប្រព្រឹត្តិអំពើ​ទុច្ចរិត (គ. និង ស. ៨៩:៤) នៅ​ថ្ងៃ​ចុងក្រោយ​បង្អស់​មាន​ន័យ​ដូចម្តេច ? នៅ​ពេល​អ្នក​សិក្សា គោលលទ្ធិ និង សេចក្តីសញ្ញា ៨៩, សូម​ស្វែងរក​ព្រះឱវាទ​របស់​ព្រះអម្ចាស់​ដែល​បាន​ប្រទាន​មក ដែល​អាច​ការពារ​អ្នក​ពី​អំពើ​អាក្រក់ និង ផែនការ​ទាំងនោះ ។